លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា!

ចូរគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា!

«ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព ពីព្រោះលោកបានបង្កើតអ្វីទាំងអស់»។—ការបើកបង្ហាញ ៤:១១

ចម្រៀងលេខ: ២, ៤៩

១, ២. តើយើងម្នាក់ត្រូវយល់យ៉ាងច្បាស់អំពីអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)

ដូចយើងបានពិចារណាក្នុងអត្ថបទមុន មេកំណាចអះអាងថាព្រះយេហូវ៉ាមិនសមនឹងគ្រប់គ្រងលើមនុស្សជាតិទេ។ វានិយាយថាការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺអយុត្ដិធម៌ ហើយថាមនុស្សនឹងមានជីវិតសប្បាយជាង បើពួកគេគ្រប់គ្រងខ្លួនឯង។ តើអ្វីដែលសាថាននិយាយគឺត្រឹមត្រូវទេ? ឧបមាថា បើមនុស្សអាចគ្រប់គ្រងខ្លួនឯង ហើយរស់នៅជារៀងរហូត តើពួកគេនឹងមានជីវិតសប្បាយជាងជីវិតនៅក្រោមការគ្រប់គ្រងរបស់ព្រះទេ? តើអ្នកនឹងសប្បាយជាងទេ បើអ្នកអាចរស់ជារៀងរហូតដោយមិនពឹងផ្អែកទៅលើព្រះទាល់តែសោះ?

គ្មានអ្នកណាម្នាក់អាចឆ្លើយសំណួរទាំងនេះសម្រាប់អ្នកបានទេ។ យើងម្នាក់ត្រូវគិតអំពីសំណួរទាំងនេះដោយយកចិត្ដទុកដាក់។ បន្ទាប់មក យើងនឹងឃើញច្បាស់ថារបៀបគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺល្អបំផុត ហើយថាលោកសមនឹងទទួលការគាំទ្រពីយើងដោយអស់ពីចិត្ដ។ យើងអាចមានទំនុកចិត្ដដូច្នេះដោយសារអ្វីដែលគម្ពីរចែង។ សូមយើងពិចារណាអំពីអ្វីដែលគម្ពីរចែងស្ដីអំពីសិទ្ធិរបស់ព្រះយេហូវ៉ាដើម្បីគ្រប់គ្រងលើសកលលោក។

ព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រង

. ហេតុអ្វីព្រះយេហូវ៉ាមានសិទ្ធិធ្វើជាអ្នកគ្រប់គ្រងលើសកលលោក?

មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសិទ្ធិគ្រប់គ្រងលើសកលលោក ពីព្រោះលោកជាព្រះដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតនិងជាអ្នកបង្កើត។ (របាក្សត្រទី១ ២៩:១១; សកម្មភាព ៤:២៤) ក្នុងអ្វីដែលបានត្រូវបើកបង្ហាញឲ្យឃើញអំពីស្ថានសួគ៌ ពួក១៤៤.០០០នាក់ដែលជាស្ដេចគ្រប់គ្រងជាមួយនឹងគ្រិស្ដបាននិយាយថា«ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព ពីព្រោះលោកបានបង្កើតអ្វីទាំងអស់ ហើយអ្វីទាំងអស់នោះបានកើតមក ក៏មាននៅផង ដោយសារបំណងប្រាថ្នារបស់លោក»។ (ការបើកបង្ហាញ ៤:១១) ព្រះយេហូវ៉ាបានបង្កើតអ្វីទាំងអស់ ដូច្នេះលោកមានសិទ្ធិគ្រប់គ្រងលើបុគ្គលគ្រប់រូប មិនថានៅផែនដីនៅស្ថានសួគ៌ឡើយ។

. ហេតុអ្វីការមានចិត្ដសេរីមិនមានន័យថាយើងមានសិទ្ធិបះបោរប្រឆាំងនឹងព្រះ?

សាថានមិនបានបង្កើតអ្វីទាល់តែសោះ។ ដូច្នេះ វាគ្មានសិទ្ធិគ្រប់គ្រងសកលលោកសោះឡើយ។ សាថាននិងមនុស្សពីរនាក់ដំបូងបានទៅជារឹងទទឹងនៅពេលដែលពួកគេបានបះបោរប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (យេរេមា ១០:២៣) ដោយសារពួកគេមានចិត្ដសេរី តើនេះមានន័យថាពួកគេមានសិទ្ធិមិនទទួលស្គាល់ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាទេ? មិនមែនទេ។ ចិត្ដសេរីមានន័យថាបុគ្គលម្នាក់មានសិទ្ធិធ្វើការជ្រើសរើសនិងធ្វើការសម្រេចចិត្ដ តែនេះមិនមានន័យថាអ្នកនោះមានសិទ្ធិបះបោរប្រឆាំងនឹងព្រះយេហូវ៉ាដែលជាអ្នកបង្កើតឡើយ។ ការបះបោរប្រឆាំងនឹងព្រះគឺជាការប្រើចិត្ដសេរីតាមរបៀបមិនត្រឹមត្រូវ។ មនុស្សត្រូវការការគ្រប់គ្រងនិងការណែនាំពីព្រះយេហូវ៉ា។

ច្បាប់ គោលការណ៍ និងការសម្រេចចិត្ដទាំងអស់ដែលមកពីព្រះយេហូវ៉ាគឺត្រឹមត្រូវ

. ហេតុអ្វីការសម្រេចចិត្ដរបស់ព្រះតែងតែត្រឹមត្រូវ?

សូមគិតអំពីមូលហេតុមួយទៀតដែលព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រង។ លោកប្រើអំណាចរបស់លោកដោយយុត្ដិធម៌យ៉ាងល្អឥតខ្ចោះ។ លោកប្រាប់យើងថា«អញជាព្រះយេហូវ៉ាដែលប្រោសផ្សាយសេចក្ដីសប្បុរស សេចក្ដីយុត្ដិធម៌ នឹងសេចក្ដីសុចរិតនៅផែនដី ដ្បិតអញរីករាយចិត្ដចំពោះសេចក្ដីទាំងនោះហើយ»។ (យេរេមា ៩:២៤) ព្រះយេហូវ៉ាមិនត្រូវការច្បាប់របស់មនុស្សដើម្បីជួយលោកឲ្យសម្រេចចិត្ដអំពីអ្វីដែលត្រឹមត្រូវនោះទេ។ ផ្ទុយទៅវិញ គោលការណ៍អំពីអ្វីដែលត្រឹមត្រូវគឺមកពីព្រះ។ ម្យ៉ាងទៀត ដោយមានមូលដ្ឋានលើសេចក្ដីយុត្ដិធម៌ដ៏ល្អឥតខ្ចោះរបស់លោក ព្រះយេហូវ៉ាបានដាក់ច្បាប់ដល់មនុស្ស។ អ្នកតែងទំនុកតម្កើងបាននិយាយថា«សេចក្ដីសុចរិតនឹងសេចក្ដីយុត្ដិធម៌ ជាជើងថ្កល់នៃបល្ល័ង្កទ្រង់»។ ដូច្នេះ ច្បាប់ គោលការណ៍ និងការសម្រេចចិត្ដទាំងអស់ដែលមកពីព្រះយេហូវ៉ាគឺត្រឹមត្រូវ។ (ទំនុកតម្កើង ៨៩:១៤; ១១៩:១២៨) សាថានអះអាងថាព្រះយេហូវ៉ាគ្រប់គ្រងដោយអយុត្ដិធម៌។ ក៏ប៉ុន្ដែ សាថានមិនអាចនាំមកនូវភាពយុត្ដិធម៌សម្រាប់ពិភពលោកបានឡើយ។

. តើអ្វីជាមូលហេតុមួយដែលព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រង?

មូលហេតុមួយទៀតដែលព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រងគឺលោកមានចំណេះនិងប្រាជ្ញាដែលសំខាន់ចាំបាច់ដើម្បីថែរក្សាសកលលោក។ យើងអាចឃើញដូច្នេះ ក្នុងការដែលលោកបានឲ្យបុត្ររបស់លោកមានសមត្ថភាពធ្វើឲ្យជាសះស្បើយនូវជំងឺដែលគ្មានគ្រូពេទ្យណាម្នាក់អាចព្យាបាលបានឡើយ។ (ម៉ាថាយ ៤:២៣, ២៤; ម៉ាកុស ៥:២៥-២៩) ទោះជាអ្វីទាំងនេះគឺជាអព្ភូតហេតុសម្រាប់យើងក៏ដោយ អ្វីទាំងនេះមិនមែនជាអព្ភូតហេតុសម្រាប់ព្រះយេហូវ៉ាទេ។ លោកយល់អំពីរបៀបដែលសារពាង្គកាយរបស់មនុស្សដំណើរការ ហើយអាចធ្វើឲ្យជានូវអ្វីណាក៏ដោយដែលខូចខាតក្នុងសារពាង្គកាយនោះ។ លោកក៏អាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយធ្វើឲ្យលែងមានគ្រោះមហន្ដរាយធម្មជាតិទៀតដែរ។

. ហេតុអ្វីព្រះយេហូវ៉ាមានប្រាជ្ញាជាងបុគ្គលគ្រប់រូបក្នុងពិភពលោករបស់សាថាន?

ពិភពលោកដែលគ្រប់គ្រងដោយសាថានមិនអាចនាំឲ្យមានសន្ដិភាពបានឡើយ មិនថាក្នុងប្រទេសតែមួយ ឬរវាងប្រទេសផ្សេងៗ។ មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលមានប្រាជ្ញាដើម្បីធ្វើឲ្យមានសន្ដិភាពពេញពិភពលោក។ (អេសាយ ២:៣, ៤; ៥៤:១៣) យើងមានអារម្មណ៍ដូចសាវ័កប៉ូលពេលដែលគាត់បាននិយាយថា«ពរ ប្រាជ្ញា និងចំណេះរបស់ព្រះគឺបរិបូរណាស់ហ្ន៎! ការវិនិច្ឆ័យរបស់លោកគ្មានអ្នកណាអាចស្វែងយល់បានទេ ហើយផ្លូវរបស់លោកគ្មានអ្នកណាអាចវាស់ស្ទង់បានឡើយ!»។—រ៉ូម ១១:៣៣

ការគ្រប់គ្រងរបស់ព្រះយេហូវ៉ា គឺល្អបំផុត

. តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះរបៀបគ្រប់គ្រងរបស់ព្រះយេហូវ៉ា?

ដូចដែលយើងបានរៀនខាងលើ គម្ពីរបង្ហាញយ៉ាងច្បាស់ថាព្រះយេហូវ៉ាមានសិទ្ធិគ្រប់គ្រង។ គម្ពីរក៏បង្ហាញដែរអំពីមូលហេតុដែលលោកគឺជាអ្នកគ្រប់គ្រងដ៏ល្អបំផុត។ មូលហេតុមួយគឺលោកគ្រប់គ្រងដោយសេចក្ដីស្រឡាញ់។ យើងមានអារម្មណ៍ជិតស្និទ្ធនឹងលោក ពេលយើងគិតអំពីលោកដែលជាព្រះដែល«មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរសនឹងសេចក្ដីទៀងត្រង់ជាបរិបូរ»។ (និក្ខមនំ ៣៤:៦) ព្រះប្រព្រឹត្ដមកលើយើងដោយភាពថ្លៃថ្នូរ។ លោកថែរក្សាយើងយ៉ាងល្អប្រសើរជាងយើងអាចថែរក្សាខ្លួនឯង។ មេកំណាចនិយាយថាព្រះយេហូវ៉ាលាក់អ្វីល្អពីអ្នកបម្រើរបស់លោក តែនេះគឺជាពាក្យកុហក។ ព្រះថែមទាំងបានឲ្យបុត្រជាទីស្រឡាញ់របស់លោកដើម្បីយើងអាចមានសេចក្ដីសង្ឃឹមរស់ជារៀងរហូត។—សូមអាន ទំនុកតម្កើង ៨៤:១១; រ៉ូម ៨:៣២

ព្រះយេហូវ៉ាថែរក្សាយើងយ៉ាងល្អប្រសើរជាងយើងថែរក្សាខ្លួនឯង

. តើតាមរបៀបណាយើងដឹងថាព្រះចាប់អារម្មណ៍នឹងយើងម្នាក់?

ព្រះយេហូវ៉ាស្រឡាញ់រាស្ដ្រទាំងអស់របស់លោកជាក្រុម។ ប៉ុន្ដែ លោកក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបុគ្គលម្នាក់ដែរ។ សូមគិតអំពីអ្វីដែលបានកើតឡើងនៅសម័យបុរាណ។ អស់រយៈពេលប្រហែលជា៣០០ឆ្នាំ ព្រះយេហូវ៉ាបានប្រើពួកចៅហ្វាយដើម្បីណែនាំប្រជាជាតិរបស់លោក ហើយដើម្បីឲ្យរាស្ដ្ររបស់លោកទទួលជ័យជម្នះលើសត្រូវរបស់ពួកគេ។ ប៉ុន្ដែក្នុងអំឡុងពេលនោះ ព្រះយេហូវ៉ានៅតែបានយកចិត្ដទុកដាក់ចំពោះបុគ្គលម្នាក់ៗ។ រូថគឺជាស្ដ្រីម្នាក់ក្នុងចំណោមបុគ្គលទាំងនោះ។ គាត់មិនមែនជាជនជាតិអ៊ីស្រាអែលទេ ហើយគាត់បានលះចោលអ្វីជាច្រើនដើម្បីទៅជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ លោកបានផ្ដល់រង្វាន់ឲ្យគាត់ដោយឲ្យគាត់នូវប្ដីម្នាក់និងកូនប្រុសមួយ។ ប៉ុន្ដែ ជាងនេះទៅទៀត មេស្ស៊ីបានលេចមកតាមរយៈវង្សត្រកូលរបស់កូនប្រុសរូថ។ ព្រះយេហូវ៉ាក៏បានបណ្ដាលឲ្យសរសេរទុកក្នុងគម្ពីរនូវបទពិសោធន៍របស់រូថ ក្នុងសៀវភៅមួយដែលបានត្រូវហៅតាមឈ្មោះរបស់គាត់។ តើអ្នកគិតថារូថនឹងមានអារម្មណ៍យ៉ាងណាពេលដែលគាត់ត្រូវប្រោសឲ្យរស់ឡើងវិញ ហើយដឹងអំពីអ្វីទាំងនេះ?—នាងរស់ ៤:១៣; ម៉ាថាយ ១:៥, ១៦

១០. ហេតុអ្វីយើងអាចនិយាយថាការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺមិនមែនដោយគ្មានមេត្ដា?

១០ ការគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺមិនមែនដោយគ្មានមេត្ដាឡើយ។ ផ្ទុយទៅវិញ ពួកអ្នកដែលស្តាប់បង្គាប់លោកមានសេរីភាពនិងអំណរ។ (កូរិនថូសទី២ ៣:១៧) ដាវីឌបាននិយាយអំពីព្រះយេហូវ៉ាថា«សេចក្ដីរុងរឿង ហើយសិរីលំអនោះនៅចំពោះទ្រង់ ឥទ្ធានុភាពនឹងសេចក្ដីអំណរក៏នៅទីកន្លែងរបស់ទ្រង់»។ (របាក្សត្រទី១ ១៦:៧, ២៧) អ្នកតែងទំនុកតម្កើងម្នាក់ឈ្មោះអេថានបានសរសេរអំពីព្រះយេហូវ៉ាថា«មានពរហើយ សាសន៍ណាដែលស្គាល់សំឡេងរីករាយនោះ។ ឱព្រះយេហូវ៉ាអើយ គេដើរនៅក្នុងពន្លឺនៃព្រះភក្ត្រទ្រង់។ គេមានចិត្ដរីករាយដោយព្រះនាមទ្រង់ជាដរាបរាល់ថ្ងៃ ហើយគេបានដំកើងឡើងដោយសេចក្ដីសុចរិតរបស់ទ្រង់»។—ទំនុកតម្កើង ៨៩:១៥, ១៦

១១. តើតាមរបៀបណាយើងអាចពង្រឹងការជឿជាក់របស់យើងថាសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាគឺល្អបំផុត?

១១ កាលដែលយើងរំពឹងគិតកាន់តែច្រើនទៅលើគុណធម៌របស់ព្រះយេហូវ៉ា នោះយើងកាន់តែជឿជាក់ថាការគ្រប់គ្រងរបស់លោកគឺល្អបំផុត។ យើងមានអារម្មណ៍ដូចអ្នកតែងទំនុកតម្កើងដែលបាននិយាយទៅព្រះថា«មួយថ្ងៃនៅក្នុងវិហាររបស់ព្រះអង្គប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត!»។ (ទំនុកតម្កើង ៨៤:១១, ខ.ស. [ទំនុកតម្កើង ៨៤:១០]) ព្រះយេហូវ៉ាបានបង្កើតយើង ដូច្នេះលោកដឹងច្បាស់អំពីអ្វីដែលនឹងធ្វើឲ្យយើងសប្បាយ។ អ្វីដែលលោកឲ្យយើងគឺច្រើនជាងអ្វីដែលយើងត្រូវការ។ អ្វីណាក៏ដោយដែលព្រះយេហូវ៉ាសុំឲ្យយើងធ្វើគឺដើម្បីជាប្រយោជន៍ដល់យើង។ ទោះជាយើងត្រូវធ្វើការលះបង់ខ្លះក៏ដោយ បើយើងស្តាប់បង្គាប់ព្រះយេហូវ៉ា យើងនឹងសប្បាយរីករាយជានិច្ច។—សូមអាន អេសាយ ៤៨:១៧

១២. តើអ្វីជាមូលហេតុដ៏សំខាន់ចម្បងដែលយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា?

១២ ក្នុងគម្ពីរយើងរៀនថាក្រោយពីការគ្រប់គ្រង១.០០០ឆ្នាំរបស់គ្រិស្ដ អ្នកខ្លះនឹងបះបោរប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ (ការបើកបង្ហាញ ២០:៧, ៨) តើអ្វីនឹងនាំឲ្យពួកគេធ្វើដូច្នេះ? នៅពេលនោះ មេកំណាចនឹងព្យាយាមធ្វើឲ្យមនុស្សប្រព្រឹត្ដដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន។ វាតែងតែធ្វើដូច្នេះ។ វាប្រហែលជានឹងព្យាយាមធ្វើឲ្យមនុស្សជឿជាក់ថាពួកគេអាចរស់ជារៀងរហូតដោយមិនចាំបាច់ស្តាប់បង្គាប់ព្រះយេហូវ៉ា។ ពាក្យនេះមិនអាចជាការពិតឡើយ។ ប៉ុន្ដែ យើងគួរសួរខ្លួនយើងថា ‹តើខ្ញុំនឹងជឿពាក្យកុហកបែបនេះទេ?›។ បើយើងពិតជាស្រឡាញ់ព្រះយេហូវ៉ានិងជឿជាក់ថាលោកគឺល្អ ហើយថាលោកមានសិទ្ធិគ្រប់គ្រងសកលលោក នោះយើងនឹងស្អប់ខ្ពើមពាក្យកុហកបែបនេះ។ យើងនឹងចង់រស់នៅក្រោមការគ្រប់គ្រងដែលប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាតែប៉ុណ្ណោះ។

ចូរគាំទ្រយ៉ាងស្មោះនូវសិទ្ធិគ្រប់គ្រងរបស់ព្រះ

១៣. តើតាមរបៀបណាយើងអាចបង្ហាញថាយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះ?

១៣ ព្រះយេហូវ៉ាពិតជាមានសិទ្ធិគ្រប់គ្រង ហើយរបៀបដែលលោកគ្រប់គ្រងគឺល្អបំផុត។ ការគ្រប់គ្រងរបស់លោកសមនឹងទទួលការគាំទ្រយ៉ាងស្មោះពីយើង។ យើងគាំទ្រការគ្រប់គ្រងនោះ ដោយយកតម្រាប់ព្រះយេហូវ៉ានិងដោយមានភក្ដីភាពចំពោះលោក។ ពេលយើងខំអស់ពីសមត្ថភាពដើម្បីប្រព្រឹត្ដដូចព្រះយេហូវ៉ា យើងបង្ហាញថាយើងស្រឡាញ់និងគាំទ្ររបៀបគ្រប់គ្រងរបស់លោក។—សូមអាន អេភេសូរ ៥:១, ២

១៤. តើប្រមុខគ្រួសារនិងពួកអ្នកចាស់ទុំអាចយកតម្រាប់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?

១៤ យើងរៀនពីគម្ពីរថាព្រះយេហូវ៉ាតែងតែប្រើឫទ្ធានុភាពរបស់លោកតាមរបៀបដែលប្រកបដោយសេចក្ដីស្រឡាញ់។ ប្រមុខគ្រួសារនិងពួកអ្នកចាស់ទុំដែលស្រឡាញ់ការគ្រប់គ្រងរបស់ព្រះយេហូវ៉ានឹងយកតម្រាប់លោក ហើយមិនប្រើអំណាចដើម្បីគ្រប់គ្រងលើអ្នកទៀតប្រព្រឹត្ដដោយគ្មានមេត្ដាទេ។ សាវ័កប៉ូលបានខំព្យាយាមយកតម្រាប់ព្រះនិងបុត្ររបស់លោក។ (កូរិនថូសទី១ ១១:១) គាត់មិនបានធ្វើឲ្យអ្នកទៀតខ្មាសគេ ឬបង្ខំពួកគេឲ្យធ្វើអ្វីដែលត្រឹមត្រូវឡើយ។ ផ្ទុយទៅវិញ ដោយសេចក្ដីសប្បុរស គាត់បានជំរុញចិត្ដពួកគេឲ្យធ្វើអ្វីដែលត្រឹមត្រូវ។ (រ៉ូម ១២:១; អេភេសូរ ៤:១; ភីលេម៉ូន ៨-១០) កាលដែលប៉ូលធ្វើដូច្នេះ គាត់កំពុងយកតម្រាប់ព្រះយេហូវ៉ា។ ពេលយើងប្រព្រឹត្ដទៅលើអ្នកទៀតដោយសេចក្ដីស្រឡាញ់ នោះយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។

១៥. តើតាមរបៀបណាយើងបង្ហាញថាយើងគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ា?

១៥ យើងក៏គាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ាដោយគោរពពួកអ្នកដែលបានទទួលអំណាចពីលោកនិងដោយសហការជាមួយនឹងពួកគាត់។ ទោះជាយើងមិនយល់ច្បាស់មិនយល់ស្របនឹងការសម្រេចចិត្ដណាមួយរបស់ពួកគាត់ក្ដី យើងនៅតែគាំទ្រពួកគាត់។ មនុស្សក្នុងពិភពលោកនេះមិនប្រព្រឹត្ដដូច្នេះទេ ប៉ុន្ដែនេះគឺជាអ្វីដែលយើងធ្វើពេលដែលយើងទទួលស្គាល់ព្រះយេហូវ៉ាជាអ្នកគ្រប់គ្រងរបស់យើង។ (អេភេសូរ ៥:២២, ២៣; ៦:១-៣; ហេប្រឺ ១៣:១៧) ម្យ៉ាងទៀត ការធ្វើដូច្នេះនាំឲ្យយើងសប្បាយចិត្ដ ដោយសារព្រះចង់ឲ្យយើងទទួលប្រយោជន៍ច្រើនបំផុត។

១៦. តើតាមរបៀបណាការសម្រេចចិត្ដរបស់យើងអាចបង្ហាញថាយើងគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា?

១៦ យើងក៏អាចគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះដោយការសម្រេចចិត្ដរបស់យើង។ ព្រះយេហូវ៉ាមិនឲ្យយើងនូវបង្គាប់ជាក់លាក់សម្រាប់ស្ថានភាពនីមួយក្នុងជីវិតឡើយ។ ផ្ទុយទៅវិញ លោកប្រាប់យើងអំពីទស្សនៈរបស់លោក។ នេះជួយយើងឲ្យយល់អំពីអ្វីដែលយើងគួរធ្វើ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាមិនបានឲ្យគ្រិស្ដសាសនិកនូវតារាងមួយស្ដីអំពីអ្វីដែលពួកគេគួរ ឬមិនគួរស្លៀកពាក់ទេ។ ផ្ទុយទៅវិញ លោកបានពន្យល់ថាក្នុងនាមជាសាក្សីរបស់លោក យើងគួរស្លៀកពាក់បែបរមទមនិងថ្លៃថ្នូរ។ (ធីម៉ូថេទី១ ២:៩, ១០) លោកចង់ឲ្យយើងគិតអំពីរបៀបដែលការសម្រេចចិត្ដរបស់យើងអាចមានឥទ្ធិពលទៅលើអ្នកទៀត។ (កូរិនថូសទី១ ១០:៣១-៣៣) ពេលយើងធ្វើការសម្រេចចិត្ដដែលមានមូលដ្ឋានលើទស្សនៈរបស់ព្រះយេហូវ៉ា យើងបង្ហាញថាយើងស្រឡាញ់និងគាំទ្ររបៀបគ្រប់គ្រងរបស់លោក។

ចូរគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាក្នុងការសម្រេចចិត្ដរបស់អ្នកនិងក្នុងសកម្មភាពរបស់ក្រុមគ្រួសារ (សូមមើលវគ្គ១៦-១៨)

១៧, ១៨. តើគូអាពាហ៍ពិពាហ៍អាចបង្ហាញយ៉ាងណាថាពួកគេគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា?

១៧ សូមពិចារណាអំពីរបៀបមួយដែលគ្រិស្ដសាសនិកដែលបានរៀបការ អាចគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ ប្រហែលជាអាពាហ៍ពិពាហ៍របស់ប្ដីប្រពន្ធមួយគូ មិនដូចអ្វីដែលពួកគេបានរំពឹងទុកទេ។ ប្រហែលជាពួកគេថែមទាំងមានបញ្ហាធ្ងន់ធ្ងរក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ បើដូច្នេះ ពួកគេអាចទទួលប្រយោជន៍ពីការពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានប្រព្រឹត្ដចំពោះប្រជាជាតិអ៊ីស្រាអែល។ ព្រះយេហូវ៉ាបានបញ្ជាក់ថាលោកគឺដូចជាប្ដីរបស់រាស្ដ្រលោក។ (អេសាយ ៥៤:៥; ៦២:៤) ជាច្រើនដង ប្រជាជាតិនោះបានធ្វើឲ្យព្រះយេហូវ៉ាខកចិត្ដ។ ទំនាក់ទំនងនោះគឺដូចជាអាពាហ៍ពិពាហ៍ដ៏ពិបាកមួយ។ ប៉ុន្ដែ ព្រះយេហូវ៉ាមិនបានឆាប់បោះបង់ចោលប្រជាជាតិអ៊ីស្រាអែលឡើយ។ ផ្ទុយទៅវិញ លោកបានអភ័យទោសឲ្យពួកគេម្ដងហើយម្ដងទៀត ហើយបានធ្វើតាមសេចក្ដីសន្យារបស់លោកចំពោះពួកគេ។—សូមអាន ទំនុកតម្កើង ១០៦:៤៣-៤៥

១៨ គ្រិស្ដសាសនិកដែលបានរៀបការ ហើយដែលស្រឡាញ់ព្រះយេហូវ៉ា ព្យាយាមយកតម្រាប់លោក។ ទោះជាមានបញ្ហាក្នុងអាពាហ៍ពិពាហ៍របស់ពួកគេក៏ដោយ ពួកគេមិនរកវិធីដែលគ្មានមូលដ្ឋានលើគម្ពីរដើម្បីផ្ដាច់ចំណងអាពាហ៍ពិពាហ៍នោះទេ។ ពួកគេដឹងថាព្រះយេហូវ៉ាចាត់ទុកថាពាក្យសម្បថក្នុងអាពាហ៍ពិពាហ៍ជាអ្វីដែលសំខាន់ ហើយថាលោកចង់ឲ្យប្ដីប្រពន្ធ«នៅជាប់»ជាមួយនឹងគ្នា។ អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទគឺជាមូលហេតុតែមួយគត់ដែលស្របតាមគម្ពីរដែលបុគ្គលណាម្នាក់អាចលែងលះនិងមានសិទ្ធិរៀបការម្ដងទៀត។ (ម៉ាថាយ ១៩:៥, ៦,) ពេលគ្រិស្ដសាសនិកខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យអាពាហ៍ពិពាហ៍របស់ពួកគេជោគជ័យ នោះពួកគេគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ា។

១៩. តើយើងគួរធ្វើអ្វីពេលដែលយើងធ្វើខុស?

១៩ យើងទាំងអស់គ្នាជាមនុស្សមិនល្អឥតខ្ចោះ ហើយជួនកាលយើងធ្វើអ្វីដែលនាំឲ្យព្រះយេហូវ៉ាខកចិត្ដ។ លោកដឹងអំពីរឿងនេះ ហើយនេះគឺជាមូលហេតុដែលលោកបានផ្ដល់ថ្លៃលោះរបស់គ្រិស្ដ។ ដូច្នេះ ពេលដែលយើងធ្វើខុស យើងគួរសុំព្រះយេហូវ៉ាអភ័យទោសឲ្យយើង។ (យ៉ូហានទី១ ២:១, ២) ជាជាងគ្រាន់តែស្តាយក្រោយចំពោះកំហុសរបស់យើងប៉ុណ្ណោះ យើងអាចព្យាយាមរៀនពីកំហុសនោះ។ យើងចង់រក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ាជាអ្នកដែលនឹងអភ័យទោសឲ្យយើង ជួយយើងឲ្យមានអារម្មណ៍ធូរស្រាលក្នុងចិត្ដ ហើយបន្ដបម្រើលោក។—ទំនុកតម្កើង ១០៣:៣

២០. ហេតុអ្វីយើងគួរគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ានៅឥឡូវនេះ?

២០ ក្នុងពិភពលោកថ្មី បុគ្គលគ្រប់រូបនឹងនៅក្រោមការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ហើយនឹងរៀនអំពីផ្លូវដ៏សុចរិតរបស់លោក។ (អេសាយ ១១:៩) ប៉ុន្ដែ សូម្បីតែនៅឥឡូវនេះ យើងអាចរៀនច្រើនអំពីទស្សនៈរបស់លោកនិងរបៀបដែលលោកចង់ឲ្យយើងប្រព្រឹត្ដ។ មិនយូរទៀត គ្មានអ្នកណាម្នាក់ដែលនឹងសង្ស័យអំពីសិទ្ធិគ្រប់គ្រងរបស់ព្រះទេ។ ដូច្នេះ នៅឥឡូវនេះ សូមយើងខំអស់ពីសមត្ថភាពដើម្បីគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ាដោយស្តាប់បង្គាប់លោក បម្រើលោកយ៉ាងស្មោះត្រង់ និងខំអស់ពីសមត្ថភាពដើម្បីយកតម្រាប់លោកក្នុងគ្រប់ការទាំងអស់។