លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គាត់​មាន​ឱកាស​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ

គាត់​មាន​ឱកាស​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ

យើង​បម្រើ​ព្រះ​យេហូវ៉ា ហើយ​ចង់​ទទួល​ការ​ពេញ​ចិត្ដ​និង​ពរ​ពី​លោក។ ប៉ុន្ដែ តើ​យើង​អាច​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ​តាម​របៀប​ណា? នៅ​សម័យ​គម្ពីរ មនុស្ស​ខ្លះ​ដែល​ធ្លាប់​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​បាន​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ​ឡើង​វិញ។ អ្នក​ខ្លះ​ទៀត​មាន​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ ប៉ុន្ដែ​នៅ​ទី​បំផុត​ពួក​គេ​លែង​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ។ ដូច្នេះ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ព្រះ​យេហូវ៉ា​កំពុង​រក​មើល​អ្វី​ខ្លះ​ក្នុង​ចិត្ដ​របស់​យើង​ម្នាក់​ៗ​?›។ គំរូ​របស់​រេហូបោម​ដែល​ជា​ស្ដេច​នៃ​ស្រុក​យូដា អាច​ជួយ​យើង​ឲ្យ​ទទួល​ចម្លើយ​ចំពោះ​សំណួរ​នេះ។

ការ​ចាប់​ផ្ដើម​មិន​ល្អ

សាឡូម៉ូន​ដែល​ជា​ឪ​ពុក​របស់​រេហូបោម បាន​គ្រប់​គ្រង​ជា​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល​អស់​រយៈ​ពេល​៤០​ឆ្នាំ។ (​ពង្សាវតារ​ក្សត្រ​ទី១ ១១:៤២​) ក្រោយ​ពី​សាឡូម៉ូន​បាន​ស្លាប់ រេហូបោម​បាន​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូសាឡិម​ទៅ​ក្រុង​ស៊ីគឹម​ដើម្បី​ទទួល​តំណែង​ជា​ស្ដេច។ (​របា​ក្សត្រ​ទី២ ១០:១​) តើ​គាត់​ភ័យ​ខ្លាច​ធ្វើ​ជា​ស្ដេច​បន្ទាប់​ឬ​ទេ? ប្រហែល​ជា​គាត់​ភ័យ​ខ្លាច​ដោយ​សារ​សាឡូម៉ូន​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នក​ដែល​មាន​ប្រាជ្ញា​ដ៏​ឧត្ដម។ មិន​យូរ​ក្រោយ​មក រេហូបោម​ត្រូវ​បង្ហាញ​ថា​គាត់​មាន​ប្រាជ្ញា​គ្រប់​គ្រាន់​ឬ​យ៉ាង​ណា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដ៏​ពិបាក​មួយ។

ជន​ជាតិ​អ៊ីស្រាអែល​មាន​អារម្មណ៍​ថា​ពួក​គេ​បាន​ត្រូវ​សង្កត់​សង្កិន ដូច្នេះ​ពួក​គេ​បាន​ចាត់​តំណាង​ឲ្យ​ទៅ​ប្រាប់​រេហូបោម​អំពី​អ្វី​ដែល​ពួក​គេ​ចង់​ឲ្យ​គាត់​ធ្វើ។ ពួក​គេ​បាន​និយាយ​ថា​៖ ​«​ព្រះ​បិតា​ទ្រង់​បាន​ធ្វើ​ឲ្យ​នឹម​យើង​ខ្ញុំ​ធ្ងន់​ពេក ដូច្នេះ​សូម​ទ្រង់​មេត្ដា​ប្រោស​ឲ្យ​ការ​តឹងរ៉ឹង​របស់​ព្រះ​បិតា​ទ្រង់​នឹង​នឹម​យ៉ាង​ធ្ងន់​ដែល​ទ្រង់​បាន​ដាក់​លើ​យើង​ខ្ញុំ​បាន​ស្រាល​ចេញ នោះ​យើង​ខ្ញុំ​នឹង​ប្រតិបត្ដិ​តាម​ទ្រង់​»។—របា​ក្សត្រ​ទី២ ១០:៣, ៤

រេហូបោម​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ពិបាក​មួយ។ បើ​គាត់​ធ្វើ​តាម​អ្វី​ដែល​បណ្ដា​ជន​ចង់​ឲ្យ​គាត់​ធ្វើ គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់ ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ក្នុង​វាំង​ប្រហែល​ជា​នឹង​ត្រូវ​កាត់​បន្ថយ​របស់​របរ​ខ្លះ​ដែល​ថ្លៃ​វិសេស។ ក៏​ប៉ុន្ដែ បើ​គាត់​មិន​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​បណ្ដា​ជន ពួក​គេ​ប្រហែល​ជា​នឹង​បះ​បោរ​ប្រឆាំង​គាត់។ តើ​គាត់​បាន​ធ្វើ​អ្វី? ដំបូង​គាត់​បាន​និយាយ​ជា​មួយ​នឹង​ពួក​បុរស​វ័យ​ចាស់​ដែល​បាន​ជួយ​ឪ​ពុក​របស់​គាត់។ ពួក​គេ​បាន​ប្រាប់​គាត់​ឲ្យ​ស្តាប់​តាម​បណ្ដា​ជន។ ប៉ុន្ដែ​ក្រោយ​មក រេហូបោម​បាន​និយាយ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​មាន​អាយុ​ស្រករ​គាត់ ហើយ​បាន​សម្រេច​ចិត្ដ​ប្រព្រឹត្ដ​ដោយ​គ្មាន​មេត្ដា​ទៅ​លើ​បណ្ដា​ជន។ គាត់​បាន​ប្រាប់​ពួក​គេ​ថា​៖ ​«​បិតា​យើង​បាន​ធ្វើ​ឲ្យ​នឹម​ឯង​រាល់​គ្នា​មាន​ទំងន់ តែ​យើង​នឹង​បន្ថែម​ឲ្យ​នឹម​ឯង​រាល់​គ្នា​បាន​ធ្ងន់​ជាង​ទៅ​ទៀត បិតា​យើង​បាន​វាយ​ផ្ចាល​ឯង​រាល់​គ្នា​ដោយ​រំពាត់ តែ​យើង​នឹង​វាយ​ផ្ចាល​ឯង​រាល់​គ្នា​ដោយ​ខ្យា​ដំរី​វិញ​»។—របា​ក្សត្រ​ទី២ ១០:៦​-​១៤

តើ​អ្នក​អាច​ទាញ​យក​មេ​រៀន​អ្វី? នៅ​សព្វ​ថ្ងៃ​នេះ យើង​មាន​បង​ប្អូន​វ័យ​ចាស់​ជា​ច្រើន​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ពួក​គេ​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ។ សូម​ឲ្យ​យើង​មាន​ប្រាជ្ញា​និង​ស្តាប់​ពួក​គេ។—យ៉ូប ១២:១២

‹ពួក​គេ​ស្តាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា›

រេហូបោម​បាន​ប្រមូល​កង​ទ័ព​របស់​គាត់​ឲ្យ​ទៅ​ច្បាំង​នឹង​កុលសម្ព័ន្ធ​ដែល​បះ​បោរ​នោះ។ ក៏​ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ចាត់​សេម៉ាយ៉ា​ដែល​ជា​អ្នក​ប្រកាសទំនាយ​ឲ្យ​ទៅ​ប្រាប់​ពួក​គេ​ថា​៖ ​«​កុំ​ឲ្យ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ឯ​ផ្ទះ​របស់​ឯង​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ​គឺ​អញ​បាន​បង្កើត​ឡើង​ទេ​»​ * (​សូម​មើល​កំណត់​សម្គាល់​)។—ពង្សាវតារ​ក្សត្រ​ទី១ ១២:២១​-​២៤

តើ​ការ​ធ្វើ​តាម​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​គឺ​ស្រួល​សម្រាប់​រេហូបោម​ឬ​ទេ? តើ​បណ្ដា​ជន​នឹង​គិត​យ៉ាង​ណា​ចំពោះ​ស្ដេច​ថ្មី​របស់​ពួក​គេ? គាត់​បាន​ប្រាប់​ពួក​គេ​ថា​គាត់​នឹង​ដាក់​ទោស​ពួក​គេ​«​ដោយ​ខ្យា​ដំរី​»​ ប៉ុន្ដែ​នៅ​ពេល​នោះ ទោះ​ជា​មាន​ការ​ប្រឆាំង​ដែល​គួរ​ឲ្យ​តក់​ស្លុត​ក្ដី គាត់​មិន​បាន​ធ្វើ​អ្វី​សោះ! (​សូម​ពិនិត្យ​បន្ថែម របា​ក្សត្រ​ទី២ ១៣:៧​) ស្ដេច​នោះ​មិន​បាន​ខ្វល់​ថា​បណ្ដា​ជន​គិត​យ៉ាង​ណា​អំពី​គាត់​ទេ តែ​គាត់​និង​កង​ទ័ព​របស់​គាត់​បាន​«​ស្តាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ​បន្ទូល​នៃ​ព្រះ​យេហូវ៉ា​»។

តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? ការ​ស្តាប់​បង្គាប់​ព្រះ​តែង​តែ​ជា​អ្វី​ដ៏​ឈ្លាស​វៃ ទោះ​ជា​មនុស្ស​សើច​ចំអក​យើង​ដោយ​សារ​យើង​ធ្វើ​ដូច្នេះ​ក៏​ដោយ។ ព្រះ​នឹង​តែង​តែ​ឲ្យ​ពរ​យើង​ពេល​យើង​ស្តាប់​បង្គាប់​លោក។—ចោទិយកថា ២៨:២

តើ​រេហូបោម​បាន​ទទួល​ពរ​ដោយ​សារ​គាត់​ស្តាប់​បង្គាប់​ព្រះ​ឬ​ទេ? រេហូបោម​នៅ​តែ​គ្រប់​គ្រង​លើ​កុលសម្ព័ន្ធ​យូដា​និង​បេនយ៉ាមីន ហើយ​គាត់​បាន​សម្រេច​ចិត្ដ​សង់​ក្រុង​ថ្មី​នៅ​ទឹក​ដី​របស់​ពួក​គេ។ គាត់​ក៏​បាន​ធ្វើ​ឲ្យ​ក្រុង​ខ្លះ​មាំ​មួន​ឡើង​ជា​«​ក្រៃ​លែង​»។ (​របា​ក្សត្រ​ទី២ ១១:៥​-​១២​) សំខាន់​ជាង​នេះ​ទៅ​ទៀត អស់​មួយ​រយៈ​ពេល​គាត់​បាន​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា។ កាល​ដែល​កុលសម្ព័ន្ធ​១០​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​បាន​ចាប់​ផ្ដើម​គោរព​បូជា​ព្រះ​មិន​ពិត មនុស្ស​ជា​ច្រើន​ដែល​នៅ​ទី​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​គាំ​ទ្រ​រេហូបោម​និង​ការ​គោរព​ប្រណិប័តន៍​ពិត។ (​របា​ក្សត្រ​ទី២ ១១:១៦, ១៧​) ដូច្នេះ ដោយ​សារ​រេហូបោម​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា រាជាណាចក្រ​របស់​គាត់​បាន​ទៅ​ជា​រឹង​មាំ​ជាង។

រេហូបោម​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ហើយ​បាន​ប្រែ​ចិត្ដ

ពេល​រាជា​ជា​ណា​ចក្រ​របស់​រេហូបោម​បាន​ទៅ​ជា​មាំ​មួន គាត់​បាន​ធ្វើ​អ្វី​មួយ​ដ៏​ចម្លែក។ គាត់​បាន​ឈប់​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ចាប់​ផ្ដើម​គោរព​បូជា​ព្រះ​មិន​ពិត! ហេតុ​អ្វី? តើ​ម្ដាយ​របស់​គាត់​ដែល​ជា​ជន​ជាតិ​អាំម៉ូន​បាន​ជះ​ឥទ្ធិពល​លើ​ការ​សម្រេច​ចិត្ដ​របស់​គាត់​ឬ​ទេ? (​ពង្សាវតារ​ក្សត្រ​ទី១ ១៤:២១​) យើង​មិន​ដឹង​ទេ ប៉ុន្ដែ​ប្រជាជន​បាន​ធ្វើ​តាម​គំរូ​អាក្រក់​របស់​គាត់។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​ស្ដេច​ស៊ី​សាក​នៃ​ស្រុក​អេស៊ីប​ទៅ​ចាប់​យក​ក្រុង​ជា​ច្រើន​នៅ​រាជាណាចក្រ​យូដា។ នេះ​បាន​កើត​ឡើង ទោះ​ជា​រេហូបោម​បាន​ធ្វើ​ឲ្យ​ក្រុង​ទាំង​នោះ​មាំ​មួន​ក៏​ដោយ!—ពង្សាវតារ​ក្សត្រ​ទី១ ១៤:២២​-​២៤; របា​ក្សត្រ​ទី២ ១២:១​-​៤

ស្ថានភាព​នេះ​កាន់​តែ​អាក្រក់​ទៅ ពេល​ដែល​ស៊ី​សាក​និង​កង​ទ័ព​របស់​គាត់​បាន​មក​វាយ​ប្រហារ​ក្រុង​យេរូសាឡិម ជា​កន្លែង​ដែល​រេហូបោម​គ្រប់​គ្រង។ នៅ​ពេល​នោះ សេម៉ាយ៉ា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ប្រាប់​រេហូបោម​និង​ពួក​មេ​នៃ​បណ្ដា​ជន​អំពី​ដំណឹង​ដែល​មក​ពី​ព្រះ ដែល​ថា​៖ ​«​ឯង​រាល់​គ្នា​បាន​បោះ​បង់​ចោល​អញ ហេតុ​នោះ​បាន​ជា​អញ​ទុក​ឯង​រាល់​គ្នា​ចោល​នៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស៊ី​សាក​»។ តើ​រេហូបោម​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ប្រៀន​ប្រដៅ​នេះ? ប្រតិកម្ម​របស់​គាត់​គឺ​ល្អ​ណាស់! គម្ពីរ​ចែង​ថា​៖ ​«​ពួក​មេ​នៃ​សាសន៍​អ៊ីស្រាអែល នឹង​ស្ដេច ក៏​បន្ទាប​ខ្លួន​ចុះ​ពោល​ថា​៖ ‹ព្រះ​យេហូវ៉ា​ទ្រង់​សុចរិត›​»។ ហេតុ​នេះ ព្រះ​យេហូវ៉ា​បាន​សង្គ្រោះ​រេហូបោម ហើយ​ក្រុង​យេរូសាឡិម​មិន​បាន​ត្រូវ​បំផ្លាញ​ឡើយ។—របា​ក្សត្រ​ទី២ ១២:៥​-​៧, ១២

ក្រោយ​ពី​នោះ រេហូបោម​បាន​បន្ដ​គ្រប់​គ្រង​លើ​រាជាណាចក្រ​យូដា។ មុន​គាត់​ស្លាប់ គាត់​បាន​ឲ្យ​អំណោយ​ជា​ច្រើន​ដល់​កូន​ប្រុស​ៗ​របស់​គាត់។ គាត់​ទំនង​ជា​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​នឹង​មិន​បះ​បោរ​ប្រឆាំង​នឹង​អាប៊ីយ៉ា​ដែល​ជា​បង​ប្អូន​នឹង​ពួក​គេ ហើយ​ជា​អ្នក​ដែល​នឹង​ទៅ​ជា​ស្ដេច​បន្ទាប់​ពី​គាត់។ (​របា​ក្សត្រ​ទី២ ១១:២១​-​២៣​) ដោយ​ធ្វើ​ដូច្នេះ រេហូបោម​បាន​ប្រព្រឹត្ដ​ដោយ​ឈ្លាស​វៃ លើស​ជាង​ពេល​គាត់​នៅ​ក្មេង។

តើ​រេហូបោម​ជា​មនុស្ស​ល្អ​ឬ​អាក្រក់?

ទោះ​ជា​រេហូបោម​បាន​ធ្វើ​អ្វី​ខ្លះ​ដ៏​ល្អ​ក៏​ដោយ គម្ពីរ​ចែង​អំពី​ការ​គ្រប់​គ្រង​របស់​គាត់​ថា​៖ ​«​ទ្រង់​បាន​ប្រព្រឹត្ដ​អំពើ​ដ៏​លាមក​អាក្រក់​»។ ហេតុ​អ្វី? ពី​ព្រោះ​«​ទ្រង់​មិន​បាន​តាំង​ព្រះ​ទ័យ​ស្វែង​រក​ព្រះ​យេហូវ៉ា​ឡើយ​»។ ដូច្នេះ ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ​នឹង​គាត់​ទេ។—របា​ក្សត្រ​ទី២ ១២:១៤

រេហូបោម​មិន​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដូច​ដាវីឌ​ឡើយ

តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ពី​ជីវិត​របស់​រេហូបោម? គាត់​បាន​ស្តាប់​បង្គាប់​ព្រះ​នៅ​ពេល​ខ្លះ។ ម្យ៉ាង​ទៀត គាត់​បាន​ធ្វើ​អ្វី​ខ្លះ​ដ៏​ល្អ​ចំពោះ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ គាត់​មិន​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ទេ ហើយ​គាត់​មិន​បាន​តាំង​ចិត្ដ​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ​ឡើយ។ ដូច្នេះ គាត់​បាន​ឈប់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ចាប់​ផ្ដើម​គោរព​បូជា​ព្រះ​មិន​ពិត។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ‹ពេល​រេហូបោម​ទទួល​យក​ការ​កែ​តម្រង់​ពី​ព្រះ​យេហូវ៉ា តើ​នេះ​ដោយ​សារ​គាត់​ពិត​ជា​ស្តាយ​ក្រោយ​យ៉ាង​ស្មោះ​ចំពោះ​កំហុស​របស់​គាត់ ហើយ​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​ឬ​ទេ? ឬ​តើ​នេះ​គ្រាន់​តែ​ដោយ​សារ​អ្វី​ដែល​អ្នក​ឯ​ទៀត​បាន​ប្រាប់​គាត់​ថា​គាត់​គួរ​ធ្វើ?›។ (​របា​ក្សត្រ​ទី២ ១១:៣, ៤; ១២:៦​) ពេល​គាត់​ចាស់​ជាង គាត់​បាន​ប្រព្រឹត្ដ​ការអាក្រក់​ម្ដង​ទៀត។ គាត់​ខុស​គ្នា​ឆ្ងាយ​ណាស់​ពី​ស្ដេច​ដាវីឌ​ដែល​ជា​ជីតា​របស់​គាត់! ពិត​មែន​ថា​ដាវីឌ​បាន​ធ្វើ​ខុស ប៉ុន្ដែ​គាត់​បាន​ប្រែ​ចិត្ដ​យ៉ាង​ស្មោះ​ពី​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ដែល​គាត់​បាន​ប្រព្រឹត្ដ។ ម្យ៉ាង​ទៀត ពេញ​មួយ​ជីវិត​របស់​គាត់ គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ការ​គោរព​ប្រណិប័តន៍​ពិត។—ពង្សាវតារ​ក្សត្រ​ទី១ ១៤:៨; ទំនុក​តម្កើង ៥១:១, ១៧; ៦៣:១

យើង​អាច​រៀន​ច្រើន​ពី​គំរូ​របស់​រេហូបោម។ ពិត​មែន​ថា​ការ​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ ហើយ​ការ​ធ្វើ​អ្វី​ៗ​ដ៏​ល្អ​ចំពោះ​អ្នក​ឯ​ទៀត​គឺ​ជា​អ្វី​ដែល​គួរ​ឲ្យ​សរសើរ តែ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា យើង​ត្រូវ​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ ហើយ​យើង​ក៏​ត្រូវ​មាន​ចំណង​មិត្ដភាព​រឹង​មាំ​ជា​មួយ​នឹង​លោក​ដែរ។

ដើម្បី​សម្រេច​គោល​ដៅ​នេះ យើង​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា។ ដូច​ភ្នក់​ភ្លើង​បន្ដ​ឆេះ​ដោយ​សារ​យើង​ដាក់​ឧស​បន្ថែម​លើ​វា យើង​រក្សា​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ដោយ​សិក្សា​បណ្ដាំ​របស់​លោក​ជា​ទៀង​ទាត់ រំពឹង​គិត​អំពី​បណ្ដាំ​នោះ និង​តស៊ូ​ក្នុង​ការ​អធិដ្ឋាន។ (​ទំនុក​តម្កើង ១:២; រ៉ូម ១២:១២​) សេចក្ដី​ស្រឡាញ់​នេះ នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​ខំ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ចំពោះ​គ្រប់​ការ​ទាំង​អស់​ដែល​យើង​ធ្វើ។ នេះ​ក៏​នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​មាន​អារម្មណ៍​ស្តាយ​ក្រោយ​យ៉ាង​ស្មោះ​ពេល​ដែល​យើង​ធ្វើ​ខុស ហើយ​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​យើង។ យ៉ាង​នេះ ផ្ទុយ​ពី​រេហូបោម យើង​នឹង​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ពិត។—យូដាស ២០, ២១

^ វគ្គ 9 ដោយ​សារ​សាឡូម៉ូន​មិន​ស្មោះ​ត្រង់ ព្រះ​បាន​មាន​ប្រសាសន៍​រួច​ហើយ​ថា​រាជាណាចក្រ​នោះ​នឹង​ត្រូវ​បែង​ចែក​ជា​ពីរ។—ពង្សាវតារ​ក្សត្រ​ទី១ ១១:៣១