លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក​»​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ

​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក​»​ដើម្បី​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ

​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក។ យ៉ាង​នោះ ពួក​គេ​នឹង​សរសើរ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​»។—ម៉ាថាយ ៥:១៦

ចម្រៀង​លេខ: ៧៧, ៥៩

១. តើ​យើង​មាន​មូលហេតុ​ពិសេស​អ្វី​ឲ្យ​សប្បាយ​រីក​រាយ?

យើង​រំភើប​ចិត្ដ​ណាស់​ពេល​ដែល​ដឹង​ថា​អ្នក​បម្រើ​របស់​ព្រះ​កំពុង​ឲ្យ​មនុស្ស​ឃើញ​ពន្លឺ​របស់​ពួក​គេ! កាល​ពី​ឆ្នាំ​មុន រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​បាន​បង្រៀន​គម្ពីរ​ដល់​មនុស្ស​ជាង​១០​លាន​នាក់។ ម្យ៉ាង​ទៀត អ្នក​ចាប់​អារម្មណ៍​រាប់​លាន​នាក់​បាន​មក​ពិធី​រំលឹក ហើយ​រៀន​អំពី​ថ្លៃ​លោះ​ដែល​ជា​អំណោយ​មួយ​ដែល​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា។—យ៉ូហាន​ទី១ ៤:៩

២, ៣. (​ក​) តើ​អ្វី​មិន​អាច​បញ្ឈប់​យើង​ពី​ការ​ធ្វើ​ជា​«​ពន្លឺ​ដែល​កំពុង​ភ្លឺ​»​ក្នុង​ពិភព​លោក​នេះ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

នៅ​ទូ​ទាំង​ពិភព​លោក សាក្សី​ព្រះ​យេហូវ៉ា​និយាយ​ភាសា​ផ្សេង​ៗ​ពី​គ្នា។ ប៉ុន្ដែ នេះ​មិន​បញ្ឈប់​យើង​ពី​ការ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​សាមគ្គី​ភាព​ទេ។ (​ការ​បើក​បង្ហាញ ៧:៩​) មិន​ថា​យើង​និយាយ​ភាសា​ណា​ឬ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ យើង​អាច​ធ្វើ​«​ជា​ពន្លឺ​ដែល​កំពុង​ភ្លឺ​»​ក្នុង​ពិភព​លោក​នេះ។—ភីលីព ២:១៥

កិច្ច​បម្រើ​ផ្សាយ​របស់​យើង សាមគ្គី​ភាព​របស់​យើង​ជា​គ្រិស្ដ​សាសនិក​ពិត និង​ការ​ចាត់​ទុក​គ្រា​នេះ​ថា​ជា​គ្រា​បន្ទាន់ ជា​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង។ តាម​រយៈ​អ្វី​បី​យ៉ាង​នេះ តើ​យើង​អាច​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​យើង​យ៉ាង​ដូច​ម្ដេច?—សូម​អាន ម៉ាថាយ ៥:១៤​-​១៦

ចូរ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា

៤, ៥. (​ក​) ក្រៅ​ពី​ការ​ផ្សព្វ​ផ្សាយ តើ​យើង​អាច​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​យើង​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​មាន​លទ្ធផល​ល្អ​អ្វី​ដែល​មក​ពី​ការ​បង្ហាញ​សេចក្ដី​សប្បុរស? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​ជួយ​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គឺ​ជា​របៀប​ដ៏​សំខាន់​ដែល​យើង​អាច​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​យើង។ (​ម៉ាថាយ ២៨:១៩, ២០​) អត្ថបទ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩២៥​ដែល​មាន​ចំណង​ជើង​ថា ​«​ពន្លឺ​ក្នុង​ភាព​ងងឹត​»​បាន​រៀប​រាប់​ថា ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ អ្នក​ណា​ដែល​មិន​ទុក​«​ឱកាស​ឲ្យ​មនុស្ស​ឃើញ​ពន្លឺ​របស់​គាត់​»​ អ្នក​នោះ​មិន​មែន​ជា​មនុស្ស​ស្មោះ​ត្រង់​នឹង​លោក​ម្ចាស់​ទេ។ បន្ទាប់​មក អត្ថបទ​នោះ​ក៏​រៀប​រាប់​ដែរ​ថា​៖ ​«​គាត់​ត្រូវ​ធ្វើ​ដូច្នេះ​ដោយ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​នៅ​ផែន​ដី ហើយ​មាន​របៀប​រស់​នៅ​ដែល​សម​ស្រប​តាម​ខ្នាត​តម្រា​ដ៏​សុចរិត​នៃ​ព្រះ​យេហូវ៉ា​»។ ក្រៅ​ពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ ការ​ប្រព្រឹត្ដ​របស់​យើង​ក៏​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង​ដែរ។ មនុស្ស​ជា​ច្រើន​កត់​សម្គាល់​ពេល​យើង​ផ្សព្វ​ផ្សាយ។ ពេល​យើង​ញញឹម​ដាក់​ពួក​គេ ហើយ​សួរ​សុខ​ទុក្ខ​ពួក​គេ​យ៉ាង​កក់​ក្ដៅ នេះ​ជួយ​ពួក​គេ​ឲ្យ​មាន​ទស្សនៈ​ល្អ​ចំពោះ​យើង​និង​ព្រះ​ដែល​យើង​គោរព​ប្រណិប័តន៍។

ការ​ផ្សព្វ​ផ្សាយ​និង​ការ​ប្រព្រឹត្ដ​របស់​យើង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង

លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង​ផ្ទះ​ណា​មួយ ចូរ​ជម្រាប​សួរ​អ្នក​ផ្ទះ​នោះ ហើយ​ជូន​ពរ​ឲ្យ​ពួក​គេ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។ (​ម៉ាថាយ ១០:១២​) នៅ​តំបន់​ដែល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ មនុស្ស​មាន​ទម្លាប់​អញ្ជើញ​គេ​ឲ្យ​ចូល​ផ្ទះ​របស់​ខ្លួន ទោះ​ជា​ពួក​គេ​មិន​ធ្លាប់​ស្គាល់​អ្នក​នោះ​ក៏​ដោយ។ សព្វ​ថ្ងៃ​នេះ​នៅ​កន្លែង​ជា​ច្រើន មនុស្ស​មិន​មាន​ទម្លាប់​នេះ​ទៀត​ទេ។ មនុស្ស​ច្រើន​តែ​ភ័យ​ខ្លាច​ឬ​ខឹង​ពេល​ពួក​គេ​ឃើញ​អ្នក​ដែល​ពួក​គេ​មិន​ស្គាល់​នៅ​មាត់​ទ្វារ​ផ្ទះ។ ប៉ុន្ដែ​បើ​យើង​បង្ហាញ​ភាព​រួស​រាយ​រាក់​ទាក់​និង​សេចក្ដី​សប្បុរស ពួក​គេ​ប្រហែល​ជា​មាន​អារម្មណ៍​ស្រួល​ជាង។ ពេល​អ្នក​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​សាធារណៈ​ដោយ​ប្រើ​រទេះ​ដាក់​តាំង​សៀវភៅ តើ​អ្នក​ធ្លាប់​កត់​សម្គាល់​ថា​បើ​អ្នក​ញញឹម​ឬ​សួរ​សុខ​ទុក្ខ​មនុស្ស​ដោយ​រួស​រាយ​រាក់​ទាក់ ពួក​គេ​មាន​អារម្មណ៍​ស្រួល​ជាង​ក្នុង​ការ​មក​យក​សៀវភៅ​របស់​យើង​ឬ​ទេ? ពួក​គេ​ប្រហែល​ជា​ថែម​ទាំង​ចង់​ចាប់​ផ្ដើម​និយាយ​ជា​មួយ​នឹង​យើង​ទៀត​ផង!

៦. តើ​អ្វី​ជួយ​ប្ដី​ប្រពន្ធ​វ័យ​ចាស់​មួយ​គូ​ឲ្យ​នៅ​តែ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

ប្ដី​ប្រពន្ធ​វ័យ​ចាស់​មួយ​គូ​នៅ​ប្រទេស​អង់គ្លេស​មិន​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដូច​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​ពី​មុន​ទេ ដោយ​សារ​សុខភាព​របស់​ពួក​គាត់​មិន​សូវ​ល្អ។ ដូច្នេះ ពួក​គាត់​រៀប​ចំ​តុ​មួយ​ដើម្បី​ដាក់​តាំង​សៀវភៅ​របស់​យើង​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​ពួក​គាត់។ ពួក​គាត់​រស់​នៅ​ជិត​សាលា​រៀន​មួយ ដូច្នេះ​ពួក​គាត់​ដាក់​តាំង​សៀវភៅ​ដែល​អាច​ទាក់​ទាញ​ចិត្ដ​ឪ​ពុក​ម្ដាយ​របស់​សិស្ស​ដែល​បាន​មក​យក​កូន​ចេញ​ពី​សាលា។ ឪ​ពុក​ម្ដាយ​ខ្លះ​បាន​យក​សៀវភៅ​ទាំង​នោះ ដែល​រួម​បញ្ចូល​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា សំណួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ និង​ចម្លើយ​ដែល​មាន​ប្រសិទ្ធភាព ក្បាល​ទី១​និង​ទី២ (​Questions Young People Ask—Answers That Work​)។ បង​ស្រី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​ច្រើន​តែ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នេះ​ជា​មួយ​នឹង​ប្ដី​ប្រពន្ធ​មួយ​គូ​នោះ។ ឪ​ពុក​ម្ដាយ​របស់​សិស្ស​បាន​កត់​សម្គាល់​ថា​បង​ស្រី​នោះ​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់ ហើយ​ថា​ប្ដី​ប្រពន្ធ​មួយ​គូ​នោះ​ពិត​ជា​ចង់​ជួយ​អ្នក​ឯ​ទៀត។ ឪ​ពុក​របស់​សិស្ស​ម្នាក់​ថែម​ទាំង​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ទៀត​ផង។

៧. តើ​អ្នក​អាច​ជួយ​ជន​ភៀស​ខ្លួន​ដែល​រស់​នៅ​ក្នុង​តំបន់​របស់​អ្នក​តាម​របៀប​ណា?

ថ្មី​ៗ​នេះ មនុស្ស​ជា​ច្រើន​ត្រូវ​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត ហើយ​ឥឡូវ​ពួក​គេ​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ដទៃ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ជន​ភៀស​ខ្លួន​នៅ​ក្នុង​តំបន់​របស់​អ្នក​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា? ដំបូង អ្នក​អាច​រៀន​អំពី​របៀប​សួរ​សុខ​ទុក្ខ​ពួក​គេ​ជា​ភាសា​របស់​ពួក​គេ។ បន្ថែម​ទៅ​ទៀត ដោយ​ប្រើ​កម្ម​វិធី​JW​ភាសា (​JW Language​) អ្នក​អាច​រៀន​ឃ្លា​ខ្លះ​ៗ​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ចង់​និយាយ​ជា​មួយ​នឹង​អ្នក។ ក្រោយ​មក អ្នក​អាច​បង្ហាញ​ពួក​គេ​នូវ​វីដេអូ​និង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ជា​ភាសា​របស់​ពួក​គេ​នៅ​ក្នុង​គេហទំព័រ​jw.org។—ចោទិយកថា ១០:១៩

៨, ៩. (​ក​) តើ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ឪ​ពុក​ម្ដាយ​អាច​ជួយ​កូន​ៗ​ឆ្លើយ​នៅ​កិច្ច​ប្រជុំ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​តាម​របៀប​ណា?

ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ផ្សព្វ​ផ្សាយ​ដោយ​មាន​ប្រសិទ្ធភាព។ ជា​ឧទាហរណ៍ អ្វី​ដែល​យើង​រៀន​នៅ​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ទំនុក​ចិត្ដ​ពេល​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​និង​ពេល​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ។

ពេល​អ្នក​ថ្មី​មក​កិច្ច​ប្រជុំ​របស់​យើង ពួក​គេ​ច្រើន​តែ​ភ្ញាក់​ផ្អើល​ចំពោះ​ចម្លើយ​របស់​កូន​ក្មេង។ អ្នក​អាច​បង្រៀន​កូន​របស់​អ្នក​ឲ្យ​ចេះ​ឆ្លើយ​អស់​ពី​ចិត្ដ។ មនុស្ស​ខ្លះ​បាន​ត្រូវ​ទាញ​នាំ​ឲ្យ​ចូល​ក្នុង​សេចក្ដី​ពិត​ពេល​ដែល​ពួក​គេ​ឮ​ចម្លើយ​ដ៏​ស្រួល​យល់​និង​ដែល​បង្ហាញ​ជំនឿ​ដ៏​ស្មោះ​អស់​ពី​ចិត្ដ​របស់​កូន​ក្មេង។—កូរិនថូស​ទី១ ១៤:២៥

ចូរ​ពង្រឹង​សាមគ្គី​ភាព

១០. តើ​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​អាច​ជួយ​ក្រុម​គ្រួសារ​ឲ្យ​កាន់​តែ​មាន​សាមគ្គី​ភាព​យ៉ាង​ដូច​ម្ដេច?

១០ ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង ពេល​យើង​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​និង​សន្ដិ​ភាព​ក្នុង​ក្រុម​គ្រួសារ​របស់​យើង។ ជា​ឧទាហរណ៍ បើ​អ្នក​ជា​ឪ​ពុក​ម្ដាយ សូម​រៀប​ចំ​ឲ្យមាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់។ ក្រុម​គ្រួសារ​ជា​ច្រើន​មើល​កម្ម​វិធី​JW​ទូរទស្សន៍​ជា​មួយ​គ្នា ហើយ​ក្រោយ​មក​ពួក​គេ​ពិគ្រោះ​គ្នា​អំពី​របៀប​ដែល​ពួក​គេ​អាច​អនុវត្ដ​អ្វី​ដែល​ពួក​គេ​បាន​រៀន។ សូម​ចាំ​ថា​ការ​ណែនាំ​ដែល​កូន​ក្មេង​ត្រូវ​ការ​គឺ​ខុស​គ្នា​ពី​ការ​ណែនាំ​ដែល​មនុស្ស​វ័យ​ជំទង់​ត្រូវ​ការ។ ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​សមាជិក​ម្នាក់​ៗ​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​ទទួល​ប្រយោជន៍​ពី​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ។—ទំនុក​តម្កើង ១៤៨:១២, ១៣

គឺ​ជា​ការ​ល្អ​ដែល​យើង​ចំណាយ​ពេល​ជា​មួយ​នឹង​បង​ប្អូន​វ័យ​ចាស់ (​សូម​មើល​វគ្គ​១១​)

១១​-​១៣. តើ​យើង​អាច​ជួយ​ក្រុម​ជំនុំ​របស់​យើង​ឲ្យ​កាន់​តែ​មាន​សាមគ្គី​ភាព​តាម​របៀប​ណា?

១១ សូម្បី​តែ​អ្នក​នៅ​ក្មេង អ្នក​ក៏​អាច​ជួយ​អស់​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​ឲ្យ​មាន​អារម្មណ៍​ថា​ពួក​គេ​មាន​តម្លៃ។ របៀប​មួយ​គឺ​ដោយ​ធ្វើ​ជា​មិត្ដ​ភក្ដិ​ជា​មួយ​នឹង​បង​ប្អូន​វ័យ​ចាស់។ សូម​សួរ​ពួក​គាត់​អំពី​អ្វី​ដែល​បាន​ជួយ​ពួក​គាត់​ឲ្យ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ។ អ្នក​អាច​រៀន​មេ​រៀន​ដ៏​មាន​តម្លៃ​ពី​ពួក​គាត់។ នេះ​នឹង​លើក​ទឹក​ចិត្ដ​អ្នក​និង​ពួក​គាត់​ដែរ! ម្យ៉ាង​ទៀត មិន​ថា​យើង​ជា​មនុស្ស​វ័យ​ក្មេង​ឬ​ចាស់​ក្ដី យើង​អាច​ធ្វើ​ឲ្យ​អ្នក​ដែល​មក​ក្រុម​ជំនុំ​របស់​យើង​មាន​អារម្មណ៍​កក់​ក្ដៅ។ យើង​អាច​សួរ​សុខ​ទុក្ខ​ពួក​គេ ញញឹម​ដាក់​ពួក​គេ ជួយ​ពួក​គេ​ឲ្យ​រក​កន្លែង​អង្គុយ និង​ណែនាំ​ពួក​គេ​ឲ្យ​ស្គាល់​អ្នក​ឯ​ទៀត។ សូម​ជួយ​ពួក​គេ​ឲ្យ​មាន​អារម្មណ៍​ស្រួល។

១២ បើ​អ្នក​មាន​ភារកិច្ច​ដឹក​នាំ​កិច្ច​ប្រជុំ​សម្រាប់​ផ្សព្វ​ផ្សាយ អ្នក​អាច​ជួយ​បង​ប្អូន​វ័យ​ចាស់​ឲ្យ​បន្ដ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​ពួក​គាត់។ សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គាត់​ទៅ​តំបន់​ផ្សាយ​ដែល​សម​រម្យ​សម្រាប់​ពួក​គាត់។ សូម​រៀប​ចំ​ឲ្យ​បង​ប្អូន​ដែល​មាន​វ័យ​ក្មេង​ជាង​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គាត់។ បង​ប្អូន​វ័យ​ចាស់​និង​បង​ប្អូន​ដែល​មាន​បញ្ហា​សុខភាព​ច្រើន​តែ​ធ្លាក់​ទឹក​ចិត្ដ​ដោយ​សារ​ពួក​គេ​មិន​អាច​ផ្សព្វ​ផ្សាយ​ច្រើន​ដូច​មុន។ ប៉ុន្ដែ​ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង​ពេល​ពួក​គេ​ដឹង​ថា​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គេ ហើយ​យល់​អំពី​ស្ថានភាព​របស់​ពួក​គេ។ ទោះ​ជា​ពួក​គេ​មាន​វ័យ​ចាស់​ឬ​ក្មេង ឬ​នៅ​ក្នុង​សេចក្ដី​ពិត​យូរ​យ៉ាង​ណា​ក៏​ដោយ សេចក្ដី​សប្បុរស​របស់​អ្នក​អាច​លើក​ទឹក​ចិត្ដ​ពួក​គេ​ឲ្យ​បន្ដ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង។—លេវីវិន័យ ១៩:៣២

តើ​អ្នក​អាច​ព្យាយាម​ស្គាល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ឲ្យ​បាន​ច្បាស់​ជាង​ឬ​ទេ?

១៣ ជន​ជាតិ​អ៊ីស្រាអែល​មាន​អំណរ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។ អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ថា​៖ ​«​មើល ដែល​បង​ប្អូន​នៅ​មូល​ជា​មួយ​គ្នា​ដោយ​ចិត្ដ​ព្រម​ព្រៀង នោះ​ជា​ការ​ល្អ ហើយ​សម​គួរ​យ៉ាង​ណា​ទៅ!​»។ (​សូម​អាន ទំនុក​តម្កើង ១៣៣:១, ២) គាត់​បាន​ប្រៀប​ប្រដូច​ការ​នៅ​មូល​គ្នា​ឬ​ការ​មាន​សាមគ្គី​ភាព ទៅ​នឹង​ប្រេង​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​តែង​តាំង​អ្នក​ណា​ម្នាក់។ ប្រេង​នោះ​ធ្វើ​ឲ្យ​ស្បែក​ស្រស់ថ្លា​និង​មាន​ក្លិន​ក្រអូប។ ជា​លទ្ធផល អ្នក​នោះ​មាន​អារម្មណ៍​ស្រស់ស្រាយ។ ស្រដៀង​គ្នា​ដែរ យើង​អាច​ជួយ​បង​ប្អូន​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​និង​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ ដោយ​បង្ហាញ​ចិត្ដ​សប្បុរស​និង​ភាព​រួស​រាយ​រាក់​ទាក់​ចំពោះ​ពួក​គេ។ នេះ​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​កាន់​តែ​មាន​សាមគ្គី​ភាព។ តើ​អ្នក​អាច​ព្យាយាម​ស្គាល់​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ឲ្យ​បាន​ច្បាស់​ជាង​ឬ​ទេ?—កូរិនថូស​ទី២ ៦:១១​-​១៣

១៤. តើ​អ្នក​អាច​ឲ្យ​មនុស្ស​ទាំង​អស់​ក្នុង​តំបន់​ដែល​អ្នក​រស់​នៅ​ឃើញ​ពន្លឺ​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

១៤ អ្នក​អាច​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក ទោះ​ជា​អ្នក​នៅ​ទី​ណា​ក៏​ដោយ។ ចិត្ដ​សប្បុរស​របស់​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ជិត​ខាង​ចង់​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​អ្នក​ជិត​ខាង​របស់​ខ្ញុំ​គិត​យ៉ាង​ណា​អំពី​ខ្ញុំ? តើ​ផ្ទះ​របស់​ខ្ញុំ​មាន​របៀប​រៀប​រយ​និង​ស្អាត​បាត​ឬ​ទេ? តើ​ផ្ទះ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ម្តុំ​ដែល​ខ្ញុំ​រស់​នៅ​មើល​ទៅ​ស្អាត​ឬ​ទេ? តើ​ខ្ញុំ​ជា​មនុស្ស​ដែល​ចេះ​ជួយ​យក​អាសា​អ្នក​ជិត​ខាង​ឬ​ទេ?›។ សូម​សួរ​សាក្សី​ឯ​ទៀត​អំពី​របៀប​ដែល​ចិត្ដ​សប្បុរស​និង​គំរូ​ល្អ​របស់​ពួក​គេ​មាន​ឥទ្ធិពល​ទៅ​លើ​សាច់​ញាតិ អ្នក​ជិត​ខាង អ្នក​រួម​ការ​ងារ ឬ​សិស្ស​រួម​ថ្នាក់​របស់​ពួក​គេ។—អេភេសូរ ៥:៩

ចូរ​ចាំ​យាម

១៥. ហេតុ​អ្វី​យើង​ត្រូវ​ចាំ​យាម?

១៥ បើ​យើង​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បន្ដ​ឃើញ​ពន្លឺ​របស់​យើង យើង​ត្រូវ​ដឹង​អំពី​គ្រា​ដែល​យើង​រស់​នៅ។ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ច្រើន​ដង​ថា​៖ ​«​ចូរ​ចាំ​យាម​»។ (​ម៉ាថាយ ២៤:៤២; ២៥:១៣; ២៦:៤១​) បើ​យើង​គិត​ថា​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​នៅ​យូរ​ទៀត យើង​នឹង​មិន​ប្រើ​គ្រប់​ឱកាស​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា​ទេ។ (​ម៉ាថាយ ២៤:២១​) យ៉ាង​នេះ ពន្លឺ​របស់​យើង​នឹង​ចុះ​ខ្សោយ​ទៅ​បន្ដិច​ម្ដង​ៗ ហើយ​ប្រហែល​ជា​ថែម​ទាំង​រលត់​ទៀត​ផង។

១៦, ១៧. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ចាត់​ទុក​គ្រា​នេះ​ថា​ជា​គ្រា​បន្ទាន់?

១៦ ឥឡូវ​នេះ​ជាង​ពេល​មុន​ទៅ​ទៀត យើង​ត្រូវ​ចាំ​យាម។ ស្ថានភាព​ពិភព​លោក​នេះ​កាន់​តែ​អាក្រក់​ទៅ​ៗ។ ប៉ុន្ដែ យើង​ដឹង​ថា​ទី​បញ្ចប់​នឹង​មក​ដល់​នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា។ (​ម៉ាថាយ ២៤:៤២​-​៤៤​) ទម្រាំ​ដល់​ពេល​នោះ យើង​ត្រូវ​មាន​ចិត្ដ​អត់​ធ្មត់ ហើយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​អនាគត។ ចូរ​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ហើយ​បន្ដ​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា។ (​ពេត្រុស​ទី១ ៤:៧​) សូម​រៀន​ពី​បង​ប្អូន​ដែល​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ។ ជា​ឧទាហរណ៍ អ្នក​អាច​អាន​នូវ​ជី​វប្រវត្ដិ​របស់​បង​ប្អូន​យើង ដូច​ជា​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​ចាប់​តោង​ជាយ​អាវ​សាសន៍​យូដា​ម្នាក់​អស់​៧០​ឆ្នាំ​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១២ ទំព័រ​១៨​-​២១

១៧ ចូរ​បន្ដ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ សូម​ធ្វើ​ល្អ​ដល់​មនុស្ស​ឯ​ទៀត ហើយ​សេពគប់​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ យ៉ាង​នេះ​អ្នក​នឹង​សប្បាយ​រីក​រាយ ហើយ​ពេល​វេលា​នឹង​មើល​ទៅ​ដូច​ជា​ដើរ​លឿន។ (​អេភេសូរ ៥:១៦​) ក្នុង​អំឡុង​១០០​ឆ្នាំ​ដែល​បាន​កន្លង​ទៅ​នេះ អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច​កិច្ច​ការ​ជា​ច្រើន។ នៅ​សព្វ​ថ្ងៃ​នេះ​យើង​រវល់​ជាង​ពេល​មុន​ទៅ​ទៀត។ កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​បាន​រីក​ចម្រើន​ច្រើន​ជាង​យើង​បាន​នឹក​ស្មាន។ យើង​កំពុង​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​យើង!

យើង​អាច​ទទួល​ប្រយោជន៍​ពី​ប្រាជ្ញា​របស់​ព្រះ ក្នុង​អំឡុង​ពេល​ដែល​អ្នក​ចាស់​ទុំ​មក​សួរ​សុខ​ទុក្ខ​យើង​ក្នុង​នាម​ជា​គង្វាល (​សូម​មើល​វគ្គ​១៨, ១៩​)

១៨, ១៩. តើ​អ្នក​ចាស់​ទុំ​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​ខ្នះ​ខ្នែង? សូម​ឲ្យ​ឧទាហរណ៍​មួយ។

១៨ ទោះ​ជា​យើង​ធ្វើ​ខុស​ជា​ច្រើន​ដង​ក្ដី ព្រះ​យេហូវ៉ា​អនុញ្ញាត​ឲ្យ​យើង​បម្រើ​លោក។ ដើម្បី​ជួយ​យើង លោក​ឲ្យ​យើង​នូវ​«​អំណោយ​ជា​មនុស្ស​»​ ពោល​គឺ​ពួក​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ។ (​សូម​អាន អេភេសូរ ៤:៨, ១១, ១២) ដូច្នេះ ពេល​អ្នក​ចាស់​ទុំ​មក​សួរ​សុខ​ទុក្ខ​អ្នក សូម​ស្តាប់​ពួក​គាត់​ដើម្បី​អ្នក​អាច​រៀន​ពី​ប្រាជ្ញា​និង​យោបល់​របស់​ពួក​គាត់។

១៩ ជា​ឧទាហរណ៍ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​រស់​នៅ​ប្រទេស​អង់គ្លេស​មាន​ការ​ពិបាក​ខ្លះ​ៗ​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍ ដូច្នេះ​ពួក​គេ​បាន​សុំ​ជំនួយ​ពី​អ្នក​ចាស់​ទុំ​ពីរ​នាក់។ ប្រពន្ធ​នោះ​មាន​អារម្មណ៍​ថា​ប្ដី​របស់​នាង​មិន​បាន​នាំ​មុខ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ទេ។ ប្ដី​របស់​នាង​មាន​អារម្មណ៍​ថា​គាត់​មិន​ពូកែ​បង្រៀន​ទេ ហើយ​គាត់​បាន​សារភាព​ថា​គាត់​មិន​បាន​រៀប​ចំ​ឲ្យ​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​ទៀង​ទាត់​ឡើយ។ អ្នក​ចាស់​ទុំ​បាន​ជួយ​ប្ដី​ប្រពន្ធ​មួយ​គូ​នោះ​ឲ្យ​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ។ ពួក​គាត់​បាន​លើក​ទឹក​ចិត្ដ​ប្ដី​ឲ្យ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ក្នុង​ការ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​កាន់​តាម​លោក។ ពួក​គាត់​បាន​លើក​ទឹក​ចិត្ដ​ប្រពន្ធ​ឲ្យ​មាន​ចិត្ដ​អត់​ធ្មត់​នឹង​ប្ដី​របស់​នាង។ ពួក​គាត់​ក៏​បាន​ផ្ដល់​យោបល់​ខ្លះ​ៗ​អំពី​របៀប​ដែល​ប្ដី​ប្រពន្ធ​នោះ​អាច​រៀប​ចំ​ឲ្យ​មាន​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​នឹង​កូន​ពីរ​នាក់​របស់​ពួក​គេ។ (​អេភេសូរ ៥:២១​-​២៩​) ប្ដី​នោះ​ខំ​ប្រឹង​ទៅ​ជា​ប្រមុខ​ក្រុម​គ្រួសារ​ដ៏​ល្អ​ជាង។ អ្នក​ចាស់​ទុំ​បាន​លើក​ទឹក​ចិត្ដ​គាត់​កុំ​ឈប់​ព្យាយាម ហើយ​បន្ដ​ពឹង​ផ្អែក​ទៅ​លើ​សកម្មពល​របស់​ព្រះ​យេហូវ៉ា។ សេចក្ដី​ស្រឡាញ់​និង​ចិត្ដ​សប្បុរស​ដែល​អ្នក​ចាស់​ទុំ​បាន​បង្ហាញ ពិត​ជា​បាន​ជួយ​ក្រុម​គ្រួសារ​នោះ​មែន!

២០. ពេល​អ្នក​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក តើ​នេះ​នឹង​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

២០ ​«​មាន​ពរ​ហើយ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ព្រះ​យេហូវ៉ា ជា​ពួក​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ទ្រង់​»។ (​ទំនុក​តម្កើង ១២៨:១​) អ្នក​នឹង​សប្បាយ​រីក​រាយ​ពេល​អ្នក​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក។ ដូច្នេះ ចូរ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ព្រះ ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ក្រុម​គ្រួសារ​និង​ក្រុម​ជំនុំ​របស់​អ្នក​ឲ្យ​មាន​សាមគ្គី​ភាព ហើយ​ចាំ​យាម។ អ្នក​ឯ​ទៀត​នឹង​ឃើញ​គំរូ​ល្អ​របស់​អ្នក ហើយ​ក៏​នឹង​ចង់​សរសើរ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង។—ម៉ាថាយ ៥:១៦