ចូរយើងទាំងអស់គ្នារួមគ្នាតែមួយដូចព្រះយេហូវ៉ានិងលោកយេស៊ូរួបរួមគ្នា
«[ខ្ញុំ]ធ្វើសំណូមពរ . . . ឲ្យអ្នកទាំងនោះរួមគ្នាតែមួយ ដូចលោកដែលជាបិតារួបរួមជាមួយនឹងខ្ញុំ»។—យ៉ូហាន ១៧:២០, ២១
១, ២. (ក) ក្នុងសេចក្ដីអធិដ្ឋានចុងក្រោយរបស់លោកយេស៊ូជាមួយនឹងពួកសាវ័ក តើលោកបានអធិដ្ឋានសុំអ្វី? (ខ) ហេតុអ្វីលោកយេស៊ូប្រហែលជាបានព្រួយបារម្ភអំពីសាមគ្គីភាព?
ក្នុងអំឡុងពេលដែលលោកយេស៊ូបរិភោគអាហារជាមួយនឹងពួកសាវ័កនៅលើកចុងក្រោយ លោកបានព្រួយបារម្ភអំពីសាមគ្គីភាព។ ពេលលោកអធិដ្ឋានជាមួយនឹងពួកគាត់ លោកបានមានប្រសាសន៍ថាលោកចង់ឲ្យអ្នកកាន់តាមលោករួមគ្នាតែមួយឬមានសាមគ្គីភាព ដូចសាមគ្គីភាពដែលលោកនិងបិតារបស់លោកមាន។ (សូមអាន យ៉ូហាន ១៧:២០, ២១) បើអ្នកកាន់តាមលោកយេស៊ូមានសាមគ្គីភាព នេះនឹងបង្ហាញអ្នកឯទៀតថាព្រះយេហូវ៉ាបានចាត់លោកយេស៊ូឲ្យមកផែនដី។ មនុស្សនឹងសម្គាល់អ្នកកាន់តាមពិតរបស់លោកយេស៊ូតាមរយៈសេចក្ដីស្រឡាញ់ដែលពួកគេមានចំពោះគ្នាទៅវិញទៅមក ហើយសេចក្ដីស្រឡាញ់នេះនឹងធ្វើឲ្យពួកគេកាន់តែមានសាមគ្គីភាព។—យ៉ូហាន ១៣:៣៤, ៣៥
២ យើងអាចយល់អំពីមូលហេតុដែលលោកយេស៊ូបាននិយាយច្រើនអំពីសាមគ្គីភាពនៅពេលបរិភោគអាហារល្ងាចចុងក្រោយនោះ។ លោកបានឃើញថាអ្នកកាន់តាមលោកមិនមានសាមគ្គីភាពទាំងស្រុងទេ។ ជាឧទាហរណ៍ ដូចដែលពួកសាវ័កធ្លាប់ធ្វើពីមុន ពួកគាត់បានប្រកែកគ្នាអំពី«អ្នកណាដែលពួកគាត់គិតថាជាអ្នកធំជាងគេក្នុងចំណោមពួកគាត់»។ (លូកា ២២:២៤-២៧; ម៉ាកុស ៩:៣៣, ៣៤) នៅពេលមួយទៀត យ៉ាកុបនិងយ៉ូហានបានសុំ លោកយេស៊ូអនុញ្ញាតឲ្យពួកគាត់ទទួលឋានៈខ្ពស់នៅក្បែរនឹងលោកក្នុងរាជាណាចក្រស្ថានសួគ៌។—ម៉ាកុស ១០:៣៥-៤០
៣. តើអ្វីប្រហែលជាបានរារាំងពួកអ្នកកាន់តាមគ្រិស្ដមិនឲ្យមានសាមគ្គីភាព ហើយតើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
៣ ក្រៅពីបំណងប្រាថ្នាចង់បានអំណាចច្រើនជាង មានអ្វីផ្សេងទៀតដែលអាចរារាំងអ្នកកាន់តាមគ្រិស្ដមិនឲ្យមានសាមគ្គីភាព។ មនុស្សនៅសម័យលោកយេស៊ូបានបែកបាក់គ្នាដោយសារការស្អប់គ្នានិងការរើសអើង។ អ្នកកាន់តាមលោកយេស៊ូត្រូវយកឈ្នះអារម្មណ៍មិនត្រឹមត្រូវទាំងនេះ។ ក្នុងអត្ថបទនេះ យើងនឹងពិចារណាសំណួរដូចតទៅនេះគឺ៖ ពេលមានការរើសអើង តើលោកយេស៊ូបានប្រព្រឹត្ដយ៉ាងណា? តើលោកបានជួយអ្នកកាន់តាមលោកឲ្យចេះប្រព្រឹត្ដចំពោះអ្នកឯទៀតដោយមិនលម្អៀង ហើយមានសាមគ្គីភាពយ៉ាងដូចម្ដេច? តើគំរូរបស់លោកយេស៊ូនិងអ្វីដែលលោកបានបង្រៀនអាចជួយយើងឲ្យរក្សាសាមគ្គីភាពយ៉ាងដូចម្ដេច?
ការរើសអើងចំពោះលោកយេស៊ូនិងពួកអ្នកកាន់តាមលោក
៤. សូមឲ្យឧទាហរណ៍ស្ដីអំពីការរើសអើងដែលលោកយេស៊ូបានឆ្លងកាត់។
៤ សូម្បីតែលោកយេស៊ូក៏ធ្លាប់បានត្រូវគេរើសអើងដែរ។ ពេលភីលីពបានប្រាប់ណាថាណែលថាគាត់បានរកឃើញមេស្ស៊ី ណាថាណែលបាននិយាយថា៖ «តើអាចមានអ្វីល្អចេញមកពីក្រុងណាសារ៉ែតឬ?»។ (យ៉ូហាន ១:៤៦) ណាថាណែលទំនងជាបានដឹងថាមេស្ស៊ីនឹងកើតនៅក្រុងបេថ្លេហិម ដូចទំនាយនៅមីកា ៥:១បានចែង។ គាត់ប្រហែលជាបានគិតថាក្រុងណាសារ៉ែតមិនមែនជាក្រុងសំខាន់ ដូច្នេះមិនអាចជាស្រុករបស់មេស្ស៊ីទេ។ អ្នកស្រុកយូឌាដែលមានមុខមានមាត់ក៏បានមើលងាយលោកយេស៊ូដោយសារលោកមកពីស្រុកកាលីឡេ។ (យ៉ូហាន ៧:៥២) អ្នកស្រុកយូឌាជាច្រើននាក់បានគិតថាអ្នកស្រុកកាលីឡេគឺអន់ជាងពួកគេ។ ជនជាតិយូដាខ្លះព្យាយាមប្រមាថលោកយេស៊ូដោយហៅលោកថាជនជាតិសាម៉ារី។ (យ៉ូហាន ៨:៤៨) ជនជាតិសាម៉ារីមានជាតិសាសន៍និងសាសនាផ្សេងពីជនជាតិយូដា។ ទាំងអ្នកស្រុកយូឌានិងអ្នកស្រុកកាលីឡេមិនឲ្យតម្លៃចំពោះជនជាតិសាម៉ារីទេ ហើយក៏មិនទាក់ទងជាមួយនឹងពួកគេដែរ។—យ៉ូហាន ៤:៩
ដើម្បីរក្សាសាមគ្គីភាព អ្នកកាន់តាមលោកយេស៊ូត្រូវកែប្រែរបៀបគិតគូររបស់ពួកគេ
៥. ហេតុអ្វីមនុស្សបានរើសអើងអ្នកកាន់តាមលោកយេស៊ូ?
៥ ពួកអ្នកដឹកនាំសាសនាយូដាក៏បានមើលងាយអ្នកកាន់តាមលោកយេស៊ូដែរ។ ពួកផារិស៊ីបានរាប់ពួកគេនៅក្នុងចំណោមពួកអ្នកដែលគេហៅថា៖ «ពួកមនុស្សដែលត្រូវបណ្ដាសា»។ (យ៉ូហាន ៧:៤៧-៤៩) ពួកផារិស៊ីចាត់ទុកអ្នកដែលមិនបានរៀនសូត្រនៅសាលាសាសនារបស់ជនជាតិយូដានិងអ្នកដែលមិនធ្វើតាមទំនៀមទម្លាប់របស់ពួកគេ ថាជាមនុស្សឥតបានការនិងមិនបានរៀនសូត្រ។ (សកម្មភាព ៤:១៣; កំ.ស.) លោកយេស៊ូនិងអ្នកកាន់តាមលោកបានត្រូវគេរើសអើងដោយសារមនុស្សនៅសម័យនោះមានមោទនភាពចំពោះសាសនា ឋានៈក្នុងសង្គម និងជាតិសាសន៍របស់ពួកគេ។ ការរើសអើងនេះក៏មានឥទ្ធិពលទៅលើអ្នកកាន់តាមលោកយេស៊ូនិងទស្សនៈរបស់ពួកគេចំពោះអ្នកឯទៀត។ ដើម្បីរក្សាសាមគ្គីភាព ពួកគេត្រូវកែប្រែរបៀបគិតគូររបស់ពួកគេ។
៦. សូមឲ្យឧទាហរណ៍ដែលបង្ហាញអំពីរបៀបដែលការរើសអើងអាចមានឥទ្ធិពលលើយើង។
៦ ពិភពលោកសព្វថ្ងៃនេះពោរពេញទៅដោយការរើសអើង។ មនុស្សប្រហែលជារើសអើងយើង ឬយើងប្រហែលជារើសអើងអ្នកឯទៀតមួយកម្រិត។ បងស្រីម្នាក់ដែលឥឡូវជាអ្នកត្រួសត្រាយនៅប្រទេសអូស្ត្រាលីនិយាយថា៖ «ពីមុន ខ្ញុំកាន់តែស្អប់ជនជាតិស្បែកសកាលដែលខ្ញុំផ្ដោតអារម្មណ៍ទៅលើភាពអយុត្ដិធម៌
ដែលគេធ្វើដាក់ជនជាតិដើមនៅប្រទេសអូស្ត្រាលីនាអតីតកាលនិងនៅសព្វថ្ងៃនេះ»។ គាត់ក៏ស្អប់ជនជាតិស្បែកសកាន់តែខ្លាំងឡើង ដោយសារពួកគេខ្លះបានប្រព្រឹត្ដមិនល្អមកលើគាត់។ បងប្រុសម្នាក់ពីប្រទេសកាណាដាសារភាពអំពីទស្សនៈដែលគាត់ធ្លាប់មានថា៖ «ខ្ញុំធ្លាប់គិតថាអ្នកដែលនិយាយភាសាបារាំងគឺប្រសើរជាងអ្នកឯទៀត»។ គាត់និយាយថាជាលទ្ធផល គាត់មិនចូលចិត្ដអ្នកដែលនិយាយភាសាអង់គ្លេសទេ។៧. ស្ដីអំពីការរើសអើង តើលោកយេស៊ូបានធ្វើអ្វី?
៧ ដូចនៅសម័យលោកយេស៊ូ នៅសព្វថ្ងៃនេះការរើសអើងច្រើនតែជាអារម្មណ៍ខ្លាំងជាប់ក្នុងចិត្ដដែលពិបាកផ្លាស់ប្ដូរ។ ដូច្នេះ តើលោកយេស៊ូបានធ្វើអ្វី? ទី១ លោកផ្ទាល់មិនដែលរើសអើងអ្នកឯទៀតទេ។ លោកតែងតែប្រព្រឹត្ដដោយមិនលម្អៀង។ លោកបានផ្សព្វផ្សាយដល់អ្នកមាននិងអ្នកក្រ ដល់ពួកផារិស៊ីនិងជនជាតិសាម៉ារី ព្រមទាំងអ្នកយកពន្ធនិងអ្នកប្រព្រឹត្ដអំពើខុសឆ្គងផងដែរ។ ទី២ លោកយេស៊ូបានបង្រៀននិងទុកគំរូឲ្យអ្នកកាន់តាមលោកថាពួកគេមិនគួររើសអើងឬមានមន្ទិលសង្ស័យចំពោះអ្នកឯទៀតឡើយ។
ចូរជម្រុះចេញពីចិត្ដនូវការរើសអើងដោយសេចក្ដីស្រឡាញ់និងចិត្ដរាបទាប
៨. តើអ្វីជាគោលការណ៍ដ៏សំខាន់ដែលជាមូលដ្ឋានសម្រាប់សាមគ្គីភាពរបស់យើង? សូមពន្យល់។
៨ លោកយេស៊ូបានបង្រៀនគោលការណ៍ដ៏សំខាន់មួយដែលជាមូលដ្ឋានសម្រាប់សាមគ្គីភាពរបស់យើង។ លោកបានប្រាប់ពួកអ្នកកាន់តាមលោកថា៖ «អ្នករាល់គ្នាជាបងប្អូននឹងគ្នា»។ (សូមអាន ម៉ាថាយ ២៣:៨, ៩) ក្នុងន័យម្យ៉ាង ពួកគេគឺជាបងប្អូននឹងគ្នាដោយសារពួកគេទាំងអស់គ្នាជាកូនចៅរបស់អាដាម។ (សកម្មភាព ១៧:២៦) លោកយេស៊ូក៏បានពន្យល់ដែរថាអ្នកកាន់តាមលោកជាបងប្អូននឹងគ្នា ដោយសារពួកគេទាំងអស់គ្នាទទួលស្គាល់ព្រះយេហូវ៉ាជាបិតារបស់ពួកគេដែលនៅស្ថានសួគ៌។ (ម៉ាថាយ ១២:៥០) ម្យ៉ាងទៀត ពួកគេទាំងអស់គ្នាបានទៅជាសមាជិកក្រុមគ្រួសាររបស់ព្រះ ហើយមានសាមគ្គីភាពដោយសារសេចក្ដីស្រឡាញ់និងជំនឿរបស់ពួកគេ។ នេះជាមូលហេតុដែលនៅក្នុងសំបុត្ររបស់ពួកសាវ័កទៅកាន់ក្រុមជំនុំនានា ពួកគាត់បានហៅគ្រិស្ដសាសនិកឯទៀតថាជាបងប្អូន។—រ៉ូម ១:១៣; ពេត្រុសទី១ ២:១៧; យ៉ូហានទី១ ៣:១៣
៩, ១០. (ក) ហេតុអ្វីជនជាតិយូដាគ្មានហេតុឲ្យមានមោទនភាពចំពោះជាតិសាសន៍របស់ពួកគេ? (ខ) តើលោកយេស៊ូបានបង្រៀនយ៉ាងណាថាការមើលងាយមនុស្សពីជាតិសាសន៍ផ្សេងគឺជាការខុស? (សូមមើលរូបភាពទី១នៅដើមអត្ថបទ)
៩ ក្រោយពីលោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកថាពួកគេគួរចាត់ទុកអ្នករួមជំនឿថាជាបងប្អូន លោកបានបញ្ជាក់ថាពួកគេត្រូវមានចិត្ដរាបទាប។ (សូមអាន ម៉ាថាយ ២៣:១១, ១២) ដូចដែលយើងបានរៀនខាងលើ នៅពេលខ្លះអំណួតធ្វើឲ្យពួកសាវ័កបែកបាក់គ្នា។ ម្យ៉ាងទៀត នៅសម័យលោកយេស៊ូ មនុស្សមានមោទនភាពជាខ្លាំងចំពោះជាតិសាសន៍របស់ពួកគេ។ ជនជាតិយូដាជាច្រើននាក់បានជឿជាក់ថាពួកគេគឺប្រសើរជាងអ្នកឯទៀត ដោយសារពួកគេជាកូនចៅរបស់អាប្រាហាំ។ ប៉ុន្ដែ យ៉ូហានដែលជាអ្នកជ្រមុជទឹកបានប្រាប់ពួកគេថា៖ «ព្រះមានឫទ្ធានុភាពអាចបង្កើតកូនឲ្យអាប្រាហាំពីដុំថ្មទាំងនេះបាន»។—លូកា ៣:៨
១០ លោកយេស៊ូបានបង្រៀនថាការមានមោទនភាពចំពោះជាតិសាសន៍របស់ខ្លួនគឺជាការខុស។ លោកបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនេះពេលដែលអ្នកជំនាញខាងច្បាប់ម្នាក់បានសួរលោកថា៖ «តើអ្នកណាទៅ ជាអ្នកជិតខាងរបស់ខ្ញុំ?»។ ដើម្បីឆ្លើយសំណួរនេះ លោកយេស៊ូបានប្រាប់ឧទាហរណ៍មួយ។ ជនជាតិយូដាម្នាក់បានត្រូវចោរវាយដំ ហើយទុកគាត់ចោលនៅតាមផ្លូវ។ ទោះជាជនជាតិយូដាខ្លះបានដើរកាត់ទីនោះ ហើយឃើញបុរសនោះក្ដី ពួកគេមិនបានជួយគាត់ទេ។ ប៉ុន្ដែ ជនជាតិសាម៉ារីម្នាក់បានអាណិតបុរសជនជាតិយូដានោះ ហើយបានថែទាំគាត់។ លោកយេស៊ូបានបញ្ចប់ឧទាហរណ៍របស់លោកដោយប្រាប់អ្នកជំនាញខាងច្បាប់នោះថា គាត់ត្រូវប្រព្រឹត្ដដូចជនជាតិសាម៉ារីម្នាក់នោះ។ (លូកា ១០:២៥-៣៧) លោកយេស៊ូបានបង្ហាញថាគំរូរបស់ជនជាតិសាម៉ារីម្នាក់អាចបង្រៀនជនជាតិយូដាអំពីអត្ថន័យនៃការស្រឡាញ់អ្នកជិតខាង។
១១. ហេតុអ្វីអ្នកកាន់តាមលោកយេស៊ូត្រូវប្រព្រឹត្ដដោយមិនលម្អៀង ហើយតើលោកបានជួយពួកគេឲ្យយល់អំពីរឿងនេះយ៉ាងដូចម្ដេច?
សកម្មភាព ១:៨) ដើម្បីធ្វើដូច្នេះ អ្នកកាន់តាមលោកយេស៊ូនឹងត្រូវជម្រុះចេញពីចិត្ដនូវការរើសអើងនិងអំណួតដែលពួកគេមាន។ លោកយេស៊ូបានមានប្រសាសន៍ជាច្រើនដងអំពីគុណសម្បត្ដិរបស់ជនជាតិដទៃ ហើយនេះបានជួយអ្នកកាន់តាមលោកឲ្យត្រៀមចិត្ដដើម្បីផ្សព្វផ្សាយដល់គ្រប់ប្រជាជាតិ។ ជាឧទាហរណ៍ លោកបានសរសើរនាយទាហានជនជាតិដទៃម្នាក់ដែលមានជំនឿខ្លាំង។ (ម៉ាថាយ ៨:៥-១០) នៅក្រុងណាសារ៉ែតដែលជាស្រុករបស់លោកយេស៊ូ លោកបានពន្យល់អំពីរបៀបដែលព្រះយេហូវ៉ាបានជួយជនបរទេស ដូចជាស្ដ្រីមេម៉ាយជនជាតិភេនីស៊ីដែលមកពីភូមិសេរ៉ាផាត និងណាម៉ានដែលជាជនជាតិស៊ីរីដែលមានជំងឺឃ្លង់។ (លូកា ៤:២៥-២៧) លោកយេស៊ូក៏បានផ្សព្វផ្សាយដល់ស្ដ្រីជនជាតិសាម៉ារីម្នាក់ដែរ ហើយលោកថែមទាំងបានស្នាក់នៅអស់ពីរថ្ងៃក្នុងក្រុងមួយរបស់ជនជាតិសាម៉ារី ដោយសារមនុស្សចាប់អារម្មណ៍ដំណឹងដែលលោកផ្សាយ។—យ៉ូហាន ៤:២១-២៤, ៤០
១១ មុនលោកយេស៊ូទៅស្ថានសួគ៌ លោកបានប្រាប់អ្នកកាន់តាមលោកឲ្យផ្សព្វផ្សាយ«នៅតំបន់យូឌាទាំងមូល នៅស្រុកសាម៉ារី និងរហូតដល់កន្លែងឆ្ងាយបំផុតនៅផែនដី»។ (គ្រិស្ដសាសនិកនៅសម័យដើមត្រូវលះចោលការរើសអើង
១២, ១៣. (ក) តើពួកសាវ័កមានប្រតិកម្មយ៉ាងណាពេលលោកយេស៊ូបានបង្រៀនស្ដ្រីជនជាតិសាម៉ារីម្នាក់? (សូមមើលរូបភាពទី២នៅដើមអត្ថបទ) (ខ) តើអ្វីបង្ហាញថាយ៉ាកុបនិងយ៉ូហានមិនបានយល់ទាំងស្រុងអំពីអ្វីដែលលោកយេស៊ូបានបង្រៀនពួកគាត់?
១២ ពួកសាវ័កមិនស្រួលជម្រុះការរើសអើងចេញពីចិត្ដរបស់ពួកគាត់ទេ។ ពួកគាត់បានឆ្ងល់ពេលដែលលោកយេស៊ូសុខចិត្ដបង្រៀនស្ដ្រីជនជាតិសាម៉ារីម្នាក់។ (យ៉ូហាន ៤:៩, ២៧) ហេតុអ្វី? ប្រហែលជាដោយសារអ្នកដឹកនាំសាសនាយូដាមិននិយាយជាមួយនឹងមនុស្សស្រីនៅទីសាធារណៈទេ ហើយច្បាស់ជាមិននិយាយជាមួយនឹងស្ដ្រីជនជាតិសាម៉ារីដែលមានកេរ្ដិ៍ឈ្មោះមិនល្អឡើយ។ ពួកសាវ័កបានប្រាប់លោកយេស៊ូឲ្យបរិភោគអាហារ ប៉ុន្ដែលោកយេស៊ូពេញចិត្ដបង្រៀនស្ដ្រីនោះខ្លាំងដល់ម៉្លេះបានជាលោកចាត់ទុកការបរិភោគអាហារថាជាអ្វីដែលមិនសំខាន់។ ព្រះចង់ឲ្យលោកផ្សព្វផ្សាយ ហើយការធ្វើតាមបំណងប្រាថ្នារបស់បិតាលោកគឺប្រៀបដូចជាអាហារសម្រាប់លោក។ នេះរួមបញ្ចូលការផ្សព្វផ្សាយដល់ស្ដ្រីជនជាតិសាម៉ារីដែរ។—យ៉ូហាន ៤:៣១-៣៤
១៣ យ៉ាកុបនិងយ៉ូហានមិនបានយល់មេរៀនដ៏សំខាន់នេះទេ។ ពេលដែលអ្នកកាន់តាមលោកយេស៊ូកំពុងធ្វើដំណើរឆ្លងកាត់ស្រុកសាម៉ារីជាមួយនឹងលោក លោកនិងពួកគេបានស្វែងរកកន្លែងស្នាក់នៅមួយយប់ក្នុងភូមិរបស់ជនជាតិសាម៉ារី។ ប៉ុន្ដែ ជនជាតិសាម៉ារីមិនអនុញ្ញាតឲ្យលោកនិងពួកគេសម្រាកនៅទីនោះទេ។ យ៉ាកុបនិងយ៉ូហានខឹងខ្លាំងដល់ម៉្លេះបានជាពួកគាត់បានសួរលោកយេស៊ូថា៖ «តើចង់ឲ្យយើងហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបំផ្លាញ»ភូមិទាំងមូលនោះឬទេ? លោកយេស៊ូបានកែតម្រង់ពួកគាត់យ៉ាងម៉ឺងម៉ាត់។ (លូកា ៩:៥១-៥៦) ប្រហែលជាយ៉ាកុបនិងយ៉ូហាននឹងមិនខឹងទេ បើនេះបានកើតឡើងក្នុងស្រុកកាលីឡេដែលជាស្រុករបស់ពួកគាត់។ ពួកគាត់ទំនងជាខឹងដោយសារតែពួកគាត់បានរើសអើង។ ក្រោយមក ពេលដែលយ៉ូហានផ្សព្វផ្សាយដល់ជនជាតិសាម៉ារី ហើយមានមនុស្សជាច្រើនបានស្តាប់គាត់ គាត់ប្រហែលជាខ្មាសចំពោះប្រតិកម្មរបស់គាត់ពីមុន។—សកម្មភាព ៨:១៤, ២៥
១៤. ពេលមានបញ្ហាដែលមកពីការរើសអើស តើនោះបានត្រូវដោះស្រាយយ៉ាងដូចម្ដេច?
១៤ មិនយូរក្រោយពីបុណ្យថ្ងៃទី៥០ នាឆ្នាំ៣៣ គ.ស. មានការរើសអើងក្នុងក្រុមជំនុំ។ ពេលបងប្អូនបានផ្ដល់អាហារឲ្យស្ដ្រីមេម៉ាយដែលខ្វះខាត ពួកគេមិនបានយកចិត្ដទុកដាក់ចំពោះស្ដ្រីដែលនិយាយភាសាក្រិចទេ។ (សកម្មភាព ៦:១) នេះប្រហែលជាបានកើតឡើងដោយសារការរើសអើងចំពោះភាសា។ ពួកសាវ័កបានដោះស្រាយបញ្ហានោះភ្លាមៗ។ ពួកគេបានជ្រើសរើសបងប្រុស៧នាក់ដែលមានគុណសម្បត្ដិគ្រប់គ្រាន់ឲ្យចែកអាហារដល់បងប្អូនដោយយុត្ដិធម៌។ បងប្រុសៗទាំង នោះមានឈ្មោះភាសាក្រិច។ នេះប្រហែលជាបានសម្រាលទុក្ខស្ដ្រីមេម៉ាយដែលទើសចិត្ដទាំងនោះ។
១៥. តើពេត្រុសបានរៀនឲ្យចេះបង្ហាញការមិនរើសមុខចំពោះមនុស្សទាំងអស់យ៉ាងដូចម្ដេច? (សូមមើលរូបភាពទី៣នៅដើមអត្ថបទ)
១៥ នៅឆ្នាំ៣៦ គ.ស. អ្នកកាន់តាមលោកយេស៊ូបានចាប់ផ្ដើមផ្សព្វផ្សាយដល់មនុស្សពីគ្រប់ប្រជាជាតិ។ មុនពេលនោះ តាមធម្មតាសាវ័កពេត្រុសបានសេពគប់ជាមួយនឹងជនជាតិយូដាប៉ុណ្ណោះ។ ក្រោយមក ព្រះបានបញ្ជាក់យ៉ាងច្បាស់ថាគ្រិស្ដសាសនិកមិនគួររើសមុខ ហើយពេត្រុសបានផ្សព្វផ្សាយដល់កូនេលាសដែលជាទាហានរ៉ូមម្នាក់។ (សូមអាន សកម្មភាព ១០:២៨, ៣៤, ៣៥) ក្រោយពីនោះមក ពេត្រុសបានសេពគប់និងបរិភោគអាហារជាមួយនឹងគ្រិស្ដសាសនិកដែលមិនមែនជាជនជាតិយូដា។ ប៉ុន្ដែក្រោយមក នៅក្រុងអាន់ទីយ៉ូក គាត់បែរជាឈប់បរិភោគអាហារជាមួយនឹងគ្រិស្ដសាសនិកដែលមិនមែនជាជនជាតិយូដាវិញ។ (កាឡាទី ២:១១-១៤) ប៉ូលបានកែតម្រង់ពេត្រុស ហើយពេត្រុសបានទទួលយកការកែតម្រង់នោះ។ ហេតុអ្វីយើងដឹងដូច្នេះ? ពេលពេត្រុសបានសរសេរសំបុត្រទី១របស់គាត់ទៅកាន់គ្រិស្ដសាសនិកដែលជាជនជាតិយូដានិងដែលមិនមែនជាជនជាតិយូដានៅតំបន់អាស៊ីប៉ែកខាងលិច គាត់បាននិយាយអំពីសារៈសំខាន់នៃការស្រឡាញ់បងប្អូនទាំងអស់របស់យើង។—ពេត្រុសទី១ ១:១; ២:១៧
១៦. តើគ្រិស្ដសាសនិកនៅសម័យដើមបានត្រូវគេស្គាល់ដោយសារអ្វី?
១៦ យើងឃើញយ៉ាងច្បាស់ថា ដោយសារគំរូរបស់លោកយេស៊ូ ពួកសាវ័កបានរៀនឲ្យចេះបង្ហាញសេចក្ដីស្រឡាញ់ចំពោះ«មនុស្សគ្រប់ប្រភេទ»។ (យ៉ូហាន ១២:៣២; ធីម៉ូថេទី១ ៤:១០) ពួកគាត់បានកែប្រែទស្សនៈរបស់ពួកគាត់ចំពោះអ្នកឯទៀត ទោះជានេះត្រូវការពេលក៏ដោយ។ តាមពិត គ្រិស្ដសាសនិកនៅសម័យដើមបានត្រូវគេស្គាល់ជាអ្នកដែលស្រឡាញ់គ្នាទៅវិញទៅមក។ ប្រហែលជានៅឆ្នាំ២០០ គ.ស. ធើធូលានដែលជាអ្នកនិពន្ធម្នាក់បានដកស្រង់ពាក្យសម្ដីរបស់មនុស្សឯទៀតដែលបាននិយាយអំពីគ្រិស្ដសាសនិកថា៖ «ពួកគេស្រឡាញ់គ្នាទៅវិញទៅមក . . . ពួកគេថែមទាំងសុខចិត្ដស្លាប់ដើម្បីគ្នាទៅវិញទៅមក»។ ដោយសារគ្រិស្ដសាសនិកទាំងនោះបាន«បំពាក់ខ្លួនដោយបុគ្គលិកលក្ខណៈថ្មី» ពួកគេបានរៀនឲ្យមានទស្សនៈដូចព្រះចំពោះមនុស្ស ពោលគឺមានទស្សនៈថាមនុស្សទាំងអស់មានតម្លៃស្មើគ្នា។—កូឡុស ៣:១០, ១១
១៧. សូមលើកឧទាហរណ៍ដែលបង្ហាញអំពីរបៀបដែលយើងអាចជម្រុះចោលនូវការរើសអើងណាក៏ដោយដែលយើងមាន។
១៧ សព្វថ្ងៃនេះ យើងប្រហែលជាត្រូវការពេលដើម្បីជម្រុះចោលនូវការរើសអើងណាក៏ដោយដែលយើងមាន។ បងស្រីម្នាក់នៅប្រទេសបារាំងរៀបរាប់ថាការធ្វើដូច្នេះមិនស្រួលសម្រាប់គាត់ទេ។ គាត់និយាយថា៖ «ព្រះយេហូវ៉ាបានបង្រៀនខ្ញុំ
ថាសេចក្ដីស្រឡាញ់គឺជាអ្វី អ្វីជាការចែករំលែក និងអត្ថន័យនៃការស្រឡាញ់មនុស្សគ្រប់ប្រភេទ។ ប៉ុន្ដែ ខ្ញុំកំពុងរៀននៅឡើយឲ្យចេះជម្រុះចោលនូវការរើសអើងចំពោះអ្នកឯទៀត ហើយនេះមិនតែងតែស្រួលទេ។ នេះជាមូលហេតុដែលខ្ញុំបន្ដអធិដ្ឋានអំពីរឿងនេះ»។ បងស្រីម្នាក់ដែលមកពីប្រទេសអេស្ប៉ាញពន្យល់ថា ជួនកាលគាត់នៅតែត្រូវតយុទ្ធនឹងទស្សនៈមិនត្រឹមត្រូវដែលគាត់មានចំពោះមនុស្សដែលមកពីជាតិសាសន៍ណាមួយ។ គាត់និយាយថា៖ «ភាគច្រើនខ្ញុំអាចយកឈ្នះអារម្មណ៍នេះបាន។ ប៉ុន្ដែខ្ញុំដឹងថាខ្ញុំត្រូវបន្ដតយុទ្ធ។ ដោយសារព្រះយេហូវ៉ា ខ្ញុំសប្បាយចិត្ដដែលខ្ញុំជាសមាជិកក្រុមគ្រួសារមួយដែលមានសាមគ្គីភាព»។ យើងទាំងអស់គ្នាត្រូវពិចារណាឲ្យបានដិតដល់អំពីអារម្មណ៍របស់យើង។ តើយើងក៏ត្រូវជម្រុះចោលនូវការរើសអើងដែលយើងមានឬទេ?ពេលសេចក្ដីស្រឡាញ់កើនឡើង ការរើសអើងនឹងរសាយទៅ
១៨, ១៩. (ក) តើយើងមានមូលហេតុអ្វីខ្លះដើម្បីទទួលស្វាគមន៍មនុស្សទាំងអស់? (ខ) តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
១៨ គឺជាការល្អឲ្យយើងចាំថាយើងទាំងអស់គ្នាធ្លាប់នៅដាច់ឆ្ងាយពីព្រះ។ (អេភេសូរ ២:១២) ប៉ុន្ដែព្រះយេហូវ៉ាបានទាញនាំយើងមកឯលោកដោយសេចក្ដីស្រឡាញ់។ (ហូសេ ១១:៤; យ៉ូហាន ៦:៤៤) លោកយេស៊ូគ្រិស្ដក៏បានទទួលស្វាគមន៍យើងដែរ។ គឺដោយសារលោកដែលយើងអាចទៅជាសមាជិកក្រុមគ្រួសាររបស់ព្រះ។ (សូមអាន រ៉ូម ១៥:៧) ទោះជាយើងជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ លោកយេស៊ូបានទទួលយើងយ៉ាងរាក់ទាក់ ដូច្នេះយើងមិនគួរគិតទាល់តែសោះថាមានអ្នកណាម្នាក់ដែលយើងនឹងមិនទទួលស្វាគមន៍ទេ!
១៩ កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះកាន់តែជិតមកដល់ មនុស្សនឹងកាន់តែបែកបាក់គ្នា រើសអើងគ្នា និងស្អប់គ្នា។ (កាឡាទី ៥:១៩-២១; ធីម៉ូថេទី២ ៣:១៣) ប៉ុន្ដែ ក្នុងនាមជារាស្ដ្ររបស់ព្រះយេហូវ៉ា យើងស្វែងរក«ប្រាជ្ញាពីស្ថានលើ»ដែលជួយយើងឲ្យមិនរើសមុខនិងធ្វើឲ្យមានសន្ដិភាព។ (យ៉ាកុប ៣:១៧, ១៨) យើងសប្បាយចិត្ដធ្វើជាមិត្ដភក្ដិជាមួយនឹងមនុស្សដែលមកពីប្រទេសផ្សេងៗ មានចិត្ដទូលាយចំពោះរបៀបដែលពួកគេធ្វើអ្វីផ្សេងៗ ហើយប្រហែលជាថែមទាំងរៀនភាសារបស់ពួកគេផងដែរ។ ពេលយើងធ្វើដូច្នេះ យើងមានសេចក្ដីសុខ«ដូចជាទន្លេ» ហើយយុត្ដិធម៌«ដូចជារលកនៃសមុទ្រ»។—អេសាយ ៤៨:១៧, ១៨
២០. តើអ្វីកើតឡើងពេលសេចក្ដីស្រឡាញ់ផ្លាស់ប្ដូររបៀបគិតគូរនិងអារម្មណ៍របស់យើង?
២០ ពេលបងស្រីពីប្រទេសអូស្ត្រាលីដែលបានត្រូវរៀបរាប់នៅខាងលើបានសិក្សាគម្ពីរ ការរើសអើងនិងការស្អប់ជនជាតិស្បែកសដែលគាត់ធ្លាប់មានបានរសាយទៅបន្ដិចម្ដងៗ។ សេចក្ដីស្រឡាញ់បានផ្លាស់ប្ដូររបៀបគិតគូរនិងអារម្មណ៍របស់គាត់។ បងប្រុសជនជាតិកាណាដាដែលនិយាយភាសាបារាំងដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា ឥឡូវគាត់ដឹងថាមនុស្សច្រើនតែស្អប់អ្នកឯទៀតដោយសារតែពួកគេមិនស្គាល់អ្នកនោះ។ គាត់បានរៀនថា៖ «គុណសម្បត្ដិរបស់មនុស្សមិនអាស្រ័យទៅលើកន្លែងកំណើតរបស់ពួកគេទេ»។ គាត់ថែមទាំងបានរៀបការជាមួយនឹងបងស្រីម្នាក់ដែលនិយាយភាសាអង់គ្លេសទៀតផង! គំរូទាំងនេះបង្ហាញថាសេចក្ដីស្រឡាញ់យកឈ្នះការរើសអើង។ សេចក្ដីស្រឡាញ់ជាចំណងដែលធ្វើឲ្យយើងមានសាមគ្គីភាពដែលមិនអាចកាត់ផ្ដាច់បាន។—កូឡុស ៣:១៤