អត្ថបទសិក្សា ២៥
ចូរពឹងផ្អែកលើព្រះយេហូវ៉ាពេលមានការតានតឹងចិត្ត
«ខ្ញុំ . . . មានចិត្តព្រួយជាខ្លាំង»។—១សាំ. ១:១៥
ចម្រៀងលេខ៣០ បិតាខ្ញុំជាព្រះនិងជាមិត្តរបស់ខ្ញុំ
សេចក្ដីសង្ខេប *
១. ហេតុអ្វីយើងត្រូវស្ដាប់តាមការព្រមានរបស់លោកយេស៊ូ?
ក្នុងទំនាយរបស់លោកយេស៊ូអំពីគ្រាចុងក្រោយបង្អស់ លោកបានមានប្រសាសន៍ថា៖ «កុំភ្លេចខ្លួនឲ្យសោះ ក្រែង . . . កង្វល់អំពីជីវិតពង្វក់ចិត្តអ្នករាល់គ្នា»។ ក្នុងខនេះ«កង្វល់អំពីជីវិត»សំដៅទៅលើការខ្វល់ខ្វាយអំពីជីវិតប្រចាំថ្ងៃ ឬអំពីការមានប្រាក់គ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិត។ (លូក. ២១:៣៤) យើងត្រូវស្ដាប់តាមការព្រមាននេះ។ ហេតុអ្វី? ពីព្រោះនៅសព្វថ្ងៃនេះ ដូចមនុស្សឯទៀតយើងក៏ត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗដែលនាំឲ្យតានតឹងចិត្ត។
២. តើបងប្អូនរបស់យើងប្រឈមមុខនឹងបញ្ហាអ្វីខ្លះដែលនាំឲ្យតានតឹងចិត្ត?
២ ជួនកាល យើងត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដែលនាំឲ្យតានតឹងចិត្តនៅពេលដំណាលគ្នា។ សូមពិចារណាគំរូដូចតទៅនេះ។ សាក្សីព្រះយេហូវ៉ាម្នាក់ឈ្មោះចន *ដែលមានជំងឺធ្ងន់ធ្ងរម្យ៉ាង បានឈឺចាប់យ៉ាងខ្លាំងពេលប្រពន្ធរបស់គាត់ដែលបានរួមរស់ជាមួយនឹងគាត់អស់១៩ឆ្នាំបានចាកចេញពីគាត់។ ក្រោយមកកូនស្រីទាំងពីរនាក់របស់គាត់បានឈប់បម្រើព្រះយេហូវ៉ា។ ប្ដីម្នាក់ឈ្មោះបបនិងប្រពន្ធរបស់គាត់ឈ្មោះលីនដា បានប្រឈមមុខនឹងការពិបាកផ្សេងទៀត។ ពួកគាត់ទាំងពីរនាក់បានបាត់បង់ការងារ ហើយក្រោយមកបានបាត់បង់ផ្ទះទៀត។ ក្រៅពីបញ្ហាទាំងនោះ គ្រូពេទ្យបានរកឃើញថាបងលីនដាមានជំងឺបេះដូងធ្ងន់ធ្ងរដែលអាចបណ្ដាលឲ្យគាត់ស្លាប់ ហើយមានជំងឺផ្សេងទៀតដែលចាប់ផ្ដើមបង្ខូចប្រព័ន្ធភាពស៊ាំរបស់គាត់។
៣. យោងទៅតាមភីលីព ៤:៦, ៧ តើយើងអាចប្រាកដអំពីអ្វី?
៣ យើងអាចប្រាកដថាព្រះយេហូវ៉ាដែលជាអ្នកបង្កើតនិងជាបិតារបស់យើងដែលប្រកបដោយសេចក្ដីស្រឡាញ់ យល់អំពីអារម្មណ៍របស់យើងពេលយើងប្រឈមមុខនឹងបញ្ហាដែលនាំឲ្យយើងតានតឹងចិត្ត។ ម្យ៉ាងទៀត លោកចង់ជួយយើងឲ្យយកឈ្នះបញ្ហាទាំងនោះ។ (សូមអាន ភីលីព ៤:៦, ៧) ក្នុងបណ្ដាំរបស់ព្រះមានកំណត់ហេតុជាច្រើនដែលរៀបរាប់អំពីការពិបាកដែលពួកអ្នកបម្រើរបស់លោកបានជួបប្រទះ។ បណ្ដាំរបស់លោកក៏រៀបរាប់ដែរអំពី របៀបដែលព្រះយេហូវ៉ាបានជួយពួកគេឲ្យយកឈ្នះបញ្ហាដែលនាំឲ្យតានតឹងចិត្តទាំងនោះ។ សូមយើងពិចារណាគំរូមួយចំនួន។
អេលីយ៉ា«មានអារម្មណ៍ដូចយើង»
៤. តើអេលីយ៉ាបានប្រឈមមុខនឹងការពិបាកអ្វី ហើយតើគាត់មានអារម្មណ៍យ៉ាងណាចំពោះព្រះយេហូវ៉ា?
៤ អេលីយ៉ាបានបម្រើព្រះយេហូវ៉ានៅគ្រាដ៏ពិបាក ហើយគាត់បានប្រឈមមុខនឹងការពិបាកដ៏ធ្ងន់ធ្ងរ។ ស្តេចអ័ហាប់ដែលជាស្តេចមិនស្មោះត្រង់មួយរូបក្នុងប្រវត្ដិសាស្ត្ររបស់ជនជាតិអ៊ីស្រាអែល បានរៀបការជាមួយនឹងយេសិបិលដែលជាអ្នកគោរពបូជាព្រះបាល។ ពួកគេទាំងពីរនាក់បានលើកស្ទួយការគោរពបូជាព្រះបាលក្នុងចំណោមបណ្ដាជនអ៊ីស្រាអែល ហើយបានសម្លាប់ពួកអ្នកប្រកាសទំនាយជាច្រើននាក់របស់ព្រះយេហូវ៉ា តែអេលីយ៉ាបានគេចខ្លួនរួច។ គាត់ក៏ប្រឈមមុខនឹងគ្រោះទុរ្ភិក្សដែរ តែដោយសារគាត់បានពឹងផ្អែកលើព្រះយេហូវ៉ា គាត់បានរួចជីវិត។ (១ព. ១៧:២-៤, ១៤-១៦) បន្ថែមទៅទៀត អេលីយ៉ាបានពឹងផ្អែកលើព្រះយេហូវ៉ា ពេលដែលគាត់ប្រឈមមុខនឹងពួកអ្នកប្រកាសទំនាយមិនពិតនិងពួកអ្នកគោរពបូជាព្រះបាល។ គាត់បានដាស់តឿនជនជាតិអ៊ីស្រាអែលឲ្យបម្រើព្រះយេហូវ៉ា។ (១ព. ១៨:២១-២៤, ៣៦-៣៨) អេលីយ៉ាបានឃើញរបៀបដែលព្រះយេហូវ៉ាបានការពារនិងជួយគាត់អស់ជាច្រើនដងក្នុងគ្រាដ៏តានតឹងចិត្តនោះ។
៥-៦. យោងទៅតាមពង្សាវតារក្សត្រទី១ ១៩:១-៤ តើអេលីយ៉ាមានអារម្មណ៍យ៉ាងណា? តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកស្រឡាញ់អេលីយ៉ា?
៥ សូមអាន ពង្សាវតារក្សត្រទី១ ១៩:១-៤។ ប៉ុន្តែអេលីយ៉ាបានភ័យខ្លាច ពេលដែលម្ចាស់ក្សត្រិយ៍យេសិបិល បានគំរាមសម្លាប់គាត់។ ដូច្នេះ គាត់បានរត់គេចខ្លួនទៅតំបន់ជិតក្រុងបៀរសេបា។ គាត់បានធ្លាក់ទឹកចិត្តជាខ្លាំងរហូតដល់គាត់«សូមឲ្យខ្លួនស្លាប់ទៅ»។ ហេតុអ្វីគាត់មានអារម្មណ៍បែបនេះ? អេលីយ៉ាជាមនុស្សមិនល្អឥត ខ្ចោះ ហើយ«មានអារម្មណ៍ដូចយើងដែរ»។ (យ៉ា. ៥:១៧) ប្រហែលជាគាត់មានអារម្មណ៍តានតឹងចិត្តខ្លាំងពេកនិងអស់កម្លាំងជាខ្លាំង។ តាមមើលទៅអេលីយ៉ាបានគិតថាការខំប្រឹងរបស់គាត់ក្នុងការលើកស្ទួយការគោរពប្រណិប័តន៍ពិតគឺឥតប្រយោជន៍ គ្មានអ្វីកែប្រែទៅជាល្អប្រសើរជាងនៅក្នុងស្រុកអ៊ីស្រាអែល ហើយថានៅសល់តែគាត់ប៉ុណ្ណោះដែលបម្រើព្រះយេហូវ៉ា។ (១ព. ១៨:៣, ៤, ១៣; ១៩:១០, ១៤) យើងប្រហែលជាភ្ញាក់ផ្អើលដែលអ្នកប្រកាសទំនាយដ៏ស្មោះត្រង់នោះមានអារម្មណ៍ដូចនេះ។ ប៉ុន្តែ ព្រះយេហូវ៉ាយល់អារម្មណ៍របស់អេលីយ៉ា។
៦ ព្រះយេហូវ៉ាមិនបានស្តីបន្ទោសអេលីយ៉ាចំពោះការប្រាប់អំពីអារម្មណ៍របស់គាត់ទេ។ ផ្ទុយទៅវិញ លោកបានជួយអេលីយ៉ាឲ្យមានកម្លាំងឡើងវិញ។ (១ព. ១៩:៥-៧) ក្រោយមកដោយសប្បុរស ព្រះយេហូវ៉ាបានកែតម្រង់គំនិតរបស់អេលីយ៉ាដោយឲ្យគាត់ឃើញឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោក។ បន្ទាប់មក ព្រះយេហូវ៉ាបានប្រាប់អេលីយ៉ាថានៅតែមាន៧.០០០នាក់ទៀតក្នុងស្រុកអ៊ីស្រាអែលដែលមិនព្រមគោរពបូជាព្រះបាល។ (១ព. ១៩:១១-១៨) ដោយធ្វើដូច្នេះ ព្រះយេហូវ៉ាបានបង្ហាញអេលីយ៉ាថាលោកស្រឡាញ់គាត់។
របៀបដែលព្រះយេហូវ៉ានឹងជួយយើង
៧. តើរបៀបដែលព្រះយេហូវ៉ាជួយអេលីយ៉ាពង្រឹងទំនុកចិត្តយើងយ៉ាងណា?
៧ តើអ្នកកំពុងប្រឈមមុខនឹងស្ថានភាពដែលនាំឲ្យតានតឹងចិត្តឬទេ? យើងពិតជាទទួលការសម្រាលទុក្ខដោយដឹងថាព្រះយេហូវ៉ាយល់អារម្មណ៍របស់អេលីយ៉ា! នេះពង្រឹងទំនុកចិត្តយើងថាលោកក៏យល់អំពីការឈឺចាប់របស់យើងដែរ។ លោកស្គាល់កម្រិតសមត្ថភាពរបស់យើង ហើយលោកថែមទាំងដឹងអំពីគំនិតនិងអារម្មណ៍របស់យើងផងដែរ។ (ទំនុក. ១០៣:១៤; ១៣៩:៣, ៤) បើយើងយកតម្រាប់អេលីយ៉ាដោយពឹងផ្អែកលើព្រះយេហូវ៉ា លោកនឹងជួយយើងពេលយើងប្រឈមមុខនឹងបញ្ហាដែលនាំឲ្យតានតឹងចិត្ត។—ទំនុក. ៥៥:២២
៨. តើព្រះយេហូវ៉ានឹងជួយអ្នកយ៉ាងដូចម្ដេចពេលអ្នកមានការតានតឹងចិត្ត?
៨ ការតានតឹងចិត្តអាចបណ្ដាលឲ្យយើងគិតអ្វីដែលមិនល្អ ហើយធ្វើឲ្យយើងធ្លាក់ទឹកចិត្ត។ បើនេះកើតឡើង សូមចាំថាព្រះយេហូវ៉ានឹងជួយអ្នក។ តើលោកនឹងជួយអ្នកតាមរបៀបណា? លោកអញ្ជើញអ្នកឲ្យប្រាប់លោកអំពីទុក្ខកង្វល់ដែលអ្នកមាន ហើយពេលអ្នកសុំជំនួយពីលោក លោកនឹងតបឆ្លើយ។ (ទំនុក. ៥:៣; ១ពេ. ៥:៧) ដូច្នេះ សូមអធិដ្ឋានទៅព្រះយេហូវ៉ាជារឿយៗអំពីបញ្ហារបស់អ្នក។ ទោះជាលោកនឹងមិននិយាយមកកាន់អ្នកតាមរបៀបដែលលោកបាននិយាយទៅកាន់អេលីយ៉ាក្ដី លោកនឹងនិយាយមកកាន់អ្នកតាមរយៈគម្ពីរដែលជាបណ្ដាំរបស់លោក និងតាមរយៈអង្គការរបស់លោក។ កំណត់ហេតុក្នុងគម្ពីរអាចជួយសម្រាលទុក្ខអ្នក ហើយជួយអ្នកឲ្យមានសេចក្ដីសង្ឃឹម។ បងប្អូនរួមជំនឿក៏អាចលើកទឹកចិត្តអ្នកដែរ។—រ៉ូម ១៥:៤; ហេ. ១០:២៤, ២៥
៩. តើមិត្តភក្ដិល្អអាចជួយយើងយ៉ាងដូចម្ដេច?
៩ ពេលព្រះយេហូវ៉ាបានប្រាប់អេលីយ៉ាឲ្យប្រគល់ភារកិច្ចខ្លះរបស់គាត់ទៅអេលីសេ លោកបានជួយអេលីយ៉ាឲ្យមានមិត្តភក្ដិល្អ ដែលអាចជួយគាត់ឲ្យធូរចិត្តពេលគាត់ធ្លាក់ទឹកចិត្តជាខ្លាំង។ ស្រដៀងគ្នាដែរ ពេលយើងប្រាប់មិត្តភក្ដិណាម្នាក់អំពីអារម្មណ៍របស់យើង គាត់អាចជួយយើងឲ្យបន្តស៊ូទ្រាំនឹងការឈឺចាប់ដែលយើងមាន។ (២ព. ២:២; សុភ. ១៧:១៧) បើអ្នកគិតថាគ្មានអ្នកណាម្នាក់ដែលអ្នកអាចប្រាប់អំពីបញ្ហានិងអារម្មណ៍របស់អ្នកបានទេ សូមអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យរកឃើញគ្រិស្តសាសនិកដែលមានភាពចាស់ទុំដែលអាចលើកទឹកចិត្តអ្នក។
១០. តើតាមរបៀបណាបទពិសោធន៍របស់អេលីយ៉ាជួយយើងឲ្យមានសេចក្ដីសង្ឃឹម? តើសេចក្ដីសន្យាដែលបានត្រូវកត់ទុកនៅអេសាយ ៤០:២៨, ២៩អាចជួយយើងយ៉ាងណា?
១០ ព្រះយេហូវ៉ាបានជួយអេលីយ៉ាឲ្យយកឈ្នះការតានតឹងចិត្ត ហើយឲ្យបម្រើលោកដោយស្មោះត្រង់អស់ជាច្រើនឆ្នាំ។ បទពិសោធន៍របស់អេលីយ៉ាជួយយើងឲ្យមានសេចក្ដីសង្ឃឹម។ ជួនកាល យើងប្រហែលជាប្រឈមមុខនឹងការតានតឹងចិត្តជាខ្លាំងដែលធ្វើឲ្យយើងអស់កម្លាំងយ៉ាងខ្លាំងទាំងផ្លូវកាយទាំងផ្លូវចិត្ត។ ប៉ុន្តែ បើយើងពឹងផ្អែកលើព្រះយេហូវ៉ា លោកនឹងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីបន្តបម្រើលោក។—សូមអាន អេសាយ ៤០:២៨, ២៩
ហាណា ដាវីឌ និងអ្នកតែងទំនុកតម្កើងបានពឹងផ្អែកលើព្រះយេហូវ៉ា
១១-១៣. តើការតានតឹងចិត្តមានឥទ្ធិពលយ៉ាងណាទៅលើអ្នកបម្រើបីនាក់របស់ព្រះនៅសម័យបុរាណ?
១១ បុគ្គលឯទៀតក្នុងគម្ពីរក៏បានប្រឈមមុខនឹងការតានតឹងចិត្តជាខ្លាំងដែរ។ ជាឧទាហរណ៍ ហាណាបានតានតឹងចិត្តខ្លាំងណាស់។ គាត់ខ្មាសគេដោយសារគាត់មិនអាចបង្កើតកូន។ តែប្រពន្ធមួយទៀតរបស់ប្ដីគាត់មានកូន ហើយបានសើចចំអកគាត់។ (១សាំ. ១:២, ៦) ការតានតឹងចិត្តជាខ្លាំងដែលហាណាមាន បានធ្វើឲ្យគាត់ឈឺចិត្តខ្លាំងណាស់រហូតដល់គាត់យំ ហើយមិនចង់បរិភោគអាហារ។—១សាំ. ១:៧, ១០
១២ នៅពេលខ្លះ ស្តេចដាវីឌមានការតានតឹងចិត្តខ្លាំងណាស់។ សូមគិតអំពីបញ្ហាដែលគាត់មាន។ គាត់បន្ទោសខ្លួនជាខ្លាំង ដោយសារកំហុសជាច្រើនដែលគាត់បានធ្វើ។ (ទំនុក. ៤០:១២) អាប់សាឡំមដែលជាកូនប្រុសជាទីស្រឡាញ់របស់គាត់ បានបះបោរប្រឆាំងគាត់ ហើយជាលទ្ធផលអាប់សាឡំមបានស្លាប់។ (២សាំ. ១៥:១៣, ១៤; ១៨:៣៣) ម្យ៉ាងទៀត មិត្តជិតស្និទ្ធម្នាក់របស់ដាវីឌបានក្បត់គាត់។ (២សាំ. ១៦:២៣–១៧:២; ទំនុក. ៥៥:១២-១៤) ទំនុកជាច្រើនដែលដាវីឌបានតែងក្នុងសៀវភៅទំនុកតម្កើង បានរៀបរាប់អំពីអារម្មណ៍ធ្លាក់ទឹកចិត្តដែលគាត់មាន ព្រមទាំងទំនុកចិត្តរបស់គាត់ដែលមិនរង្គោះរង្គើទៅលើព្រះយេហូវ៉ា។—ទំនុក. ៣៨:៥-១០; ៩៤:១៧-១៩
១៣ អ្នកតែងទំនុកតម្កើងម្នាក់បានចាប់ផ្ដើមច្រណែននឹងមនុស្សអាក្រក់។ គាត់ប្រហែលជាកូនចៅម្នាក់របស់អេសាភដែលជាសមាជិកពួកលេវី ហើយគាត់បានបម្រើនៅ«ទីបរិសុទ្ធរបស់ព្រះ»។ អ្នកតែងទំនុកតម្កើងនេះមានការតានតឹងចិត្ត ហើយនេះនាំឲ្យគាត់មិនសប្បាយនិងមិនស្កប់ចិត្ត។ គាត់ថែមទាំងចាប់ផ្ដើមសង្ស័យថាគាត់មិនបានទទួលពរពីការបម្រើព្រះទេ។—ទំនុក. ៧៣:២-៥, ៧, ១២-១៤, ១៦, ១៧, ២១
១៤-១៥. តើយើងរៀនអ្វីពីគំរូរបស់បុគ្គលបីនាក់ក្នុងគម្ពីរអំពីការស្វែងរកជំនួយពីព្រះយេហូវ៉ា?
១៤ ពួកអ្នកបម្រើព្រះយេហូវ៉ាទាំងបីនាក់នេះ បានពឹងផ្អែកលើ១សាំ. ១:៩, ១០; ទំនុក. ៥៥:២២; ៧៣:១៧; ១២២:១
ព្រះយេហូវ៉ាឲ្យជួយពួកគាត់។ តាមរយៈសេចក្ដីអធិដ្ឋាន ពួកគាត់បានប្រាប់លោកអស់ពីចិត្តអំពីទុក្ខកង្វល់ដែលពួកគាត់មាន។ ពួកគាត់ប្រាប់លោកដោយឥតលាក់លៀមអំពីមូលហេតុដែលពួកគាត់តានតឹងចិត្តជាខ្លាំង។ ម្យ៉ាងទៀត ពួកគាត់បន្តទៅកន្លែងគោរពប្រណិប័តន៍ព្រះយេហូវ៉ា។—១៥ ដោយសេចក្ដីអាណិតមេត្ដា ព្រះយេហូវ៉ាបានតបឆ្លើយសេចក្ដីអធិដ្ឋានរបស់ពួកគាត់ម្នាក់ៗ។ ក្រោយមក ហាណាមានសេចក្ដីសុខសាន្តក្នុងចិត្ត។ (១សាំ. ១:១៨) ចំណែកដាវីឌវិញ គាត់បានសរសេរថា៖ «មនុស្សសុចរិតតែងកើតមានសេចក្ដីលំបាកជាច្រើន តែព្រះយេហូវ៉ាទ្រង់ជួយឲ្យរួចពីសេចក្ដីទាំងនោះ»។ (ទំនុក. ៣៤:១៩) រីឯអ្នកតែងទំនុកតម្កើង គាត់មានអារម្មណ៍ថាព្រះយេហូវ៉ា«កាន់ដៃស្ដាំ»របស់គាត់ ដោយផ្ដល់យោបល់ដែលប្រកបដោយសេចក្ដីស្រឡាញ់ដើម្បីណែនាំគាត់។ គាត់បានច្រៀងថា៖ «ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ»។ (ទំនុក. ៧៣:២៣, ២៤, ២៨) តើយើងរៀនអ្វីពីគំរូរបស់ពួកគាត់? ជួនកាល យើងជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរដែលនាំឲ្យយើងតានតឹងចិត្ត។ ប៉ុន្តែយើងអាចយកឈ្នះបញ្ហាទាំងនេះបាន បើយើងរំពឹងគិតអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអ្នកឯទៀត ពឹងផ្អែកលើលោកតាមរយៈសេចក្ដីអធិដ្ឋាន និងស្ដាប់បង្គាប់លោកដោយធ្វើអ្វីដែលលោកសុំឲ្យយើងធ្វើ។—ទំនុក. ១៤៣:១, ៤-៨
ចូរពឹងផ្អែកលើព្រះយេហូវ៉ា នោះអ្នកនឹងទទួលជោគជ័យ
១៦-១៧. (ក) ហេតុអ្វីយើងមិនគួរញែកខ្លួនចេញពីអ្នកឯទៀត? (ខ) តើយើងអាចទទួលកម្លាំងឡើងវិញតាមរបៀបណា?
១៦ គំរូទាំងបីនោះបង្រៀនយើងនូវមេរៀនដ៏សំខាន់មួយទៀត ពោលគឺយើងមិនគួរញែកខ្លួនចេញពីព្រះយេហូវ៉ានិងរាស្ត្ររបស់លោកឡើយ។ (សុភ. ១៨:១) បងស្រីម្នាក់ឈ្មោះនែនស៊ីធ្លាប់តានតឹងចិត្តជាខ្លាំង ពេលប្ដីរបស់គាត់បានចាកចេញពីគាត់។ គាត់និយាយថា៖ «ច្រើនដងខ្ញុំមិនចង់ជួបឬនិយាយជាមួយអ្នកណាទាំងអស់។ ប៉ុន្តែ ពេលខ្ញុំកាន់តែញែកខ្លួនចេញពីអ្នកឯទៀត ខ្ញុំកាន់តែពិបាកចិត្ត»។ តែអារម្មណ៍បែបនេះបានផ្លាស់ប្ដូរពេលបងនែនស៊ីស្វែងរកវិធីដើម្បីជួយអ្នកឯទៀតដែលមានបញ្ហា។ គាត់និយាយថា៖ «ខ្ញុំបានស្ដាប់កាលដែលអ្នកឯទៀតរៀបរាប់អំពីទុក្ខលំបាករបស់ពួកគេ។ ខ្ញុំកត់សម្គាល់ថាពេលខ្ញុំកាន់តែអាណិតពួកគេ ខ្ញុំមិនសូវមានអារម្មណ៍អាណិតខ្លួនទេ»។
១៧ យើងអាចទទួលកម្លាំងចិត្តឡើងវិញតាមរយៈការចូលរួមកិច្ចប្រជុំក្រុមជំនុំ។ ការទៅកិច្ចប្រជុំ ផ្ដល់ឱកាសថែមទៀតឲ្យព្រះយេហូវ៉ា«ជួយហើយកំសាន្តចិត្ត»យើង។ (ទំនុក. ៨៦:១៧) នៅទីនោះ លោកពង្រឹងកម្លាំងយើងតាមរយៈសកម្មពលបរិសុទ្ធរបស់លោក បណ្ដាំរបស់លោក និងរាស្ត្ររបស់លោក។ នៅកិច្ចប្រជុំ យើងមានឱកាស«លើកទឹកចិត្តគ្នាទៅវិញទៅមក»។ (រ៉ូម ១:១១, ១២) បងស្រីម្នាក់ឈ្មោះសឺហ្វៀ និយាយថា៖ «ព្រះយេហូវ៉ានិងបងប្អូនរួមជំនឿបានជួយខ្ញុំឲ្យស៊ូទ្រាំ ហើយសំខាន់បំផុតចំពោះខ្ញុំគឺការចូលរួមកិច្ចប្រជុំ។ ខ្ញុំឃើញថាកាលដែលខ្ញុំកាន់តែខំប្រឹងយ៉ាងសកម្មក្នុងកិច្ចបម្រើផ្សាយនិងក្នុងក្រុមជំនុំ ខ្ញុំកាន់តែអាចយកឈ្នះការតានតឹងចិត្តនិងការខ្វល់ខ្វាយដែលខ្ញុំមាន»។
១៨. បើយើងធ្លាក់ទឹកចិត្ត តើព្រះយេហូវ៉ាអាចធ្វើឲ្យយើងមានអ្វី?
១៨ ពេលយើងធ្លាក់ទឹកចិត្ត សូមចាំថាព្រះយេហូវ៉ាមិនគ្រាន់តែសន្យាថានៅពេលអនាគតលោកនឹងធ្វើឲ្យយើងលែងមានការតានតឹងចិត្តប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជួយយើងឲ្យយកឈ្នះការតានតឹងចិត្តនៅឥឡូវនេះដែរ។ លោកអាចធ្វើឲ្យយើង«មានបំណងប្រាថ្នានិងមានការប្រព្រឹត្ត» ដើម្បីយើងអាចយកឈ្នះអារម្មណ៍ធ្លាក់ទឹកចិត្តនិងអស់សង្ឃឹម។—ភី. ២:១៣
១៩. តើរ៉ូម ៨:៣៧-៣៩ ពង្រឹងទំនុកចិត្តយើងយ៉ាងដូចម្ដេច?
១៩ សូមអាន រ៉ូម ៨:៣៧-៣៩។ សាវ័កប៉ូលពង្រឹងទំនុកចិត្តយើងថាគ្មានអ្វីអាចធ្វើឲ្យយើងឃ្លាតចេញពីសេចក្ដីស្រឡាញ់របស់ព្រះបានឡើយ។ តើយើងអាចជួយបងប្អូនរួមជំនឿដែលកំពុងព្យាយាមយកឈ្នះការតានតឹងចិត្តយ៉ាងដូចម្ដេច? នៅអត្ថបទបន្ទាប់ យើងនឹងពិចារណាអំពីរបៀបដែលយើងអាចយកតម្រាប់ព្រះយេហូវ៉ាដោយបង្ហាញសេចក្ដីអាណិតមេត្ដានិងដោយជួយបងប្អូនរួមជំនឿពេលពួកគេមានការតានតឹងចិត្ត។
ចម្រៀងលេខ៤៤ សេចក្ដីអធិដ្ឋានរបស់មនុស្សទន់ទាប
^ វគ្គ 5 ការតានតឹងចិត្តជាខ្លាំង ឬការតានតឹងចិត្តដែលមានរយៈពេលយូរ អាចបង្កឲ្យមានផលអាក្រក់ដល់សុខភាពរបស់យើងទាំងផ្លូវកាយទាំងផ្លូវចិត្ត។ តើព្រះយេហូវ៉ាអាចជួយយើងយ៉ាងដូចម្ដេច? ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីរបៀបដែលព្រះយេហូវ៉ាបានជួយអេលីយ៉ាពេលគាត់មានការតានតឹងចិត្ត។ គំរូផ្សេងទៀតក្នុងគម្ពីរនឹងជួយយើងឲ្យដឹងអំពីអ្វីដែលយើងត្រូវធ្វើដើម្បីទទួលជំនួយពីព្រះយេហូវ៉ាពេលយើងតានតឹងចិត្ត។
^ វគ្គ 2 ឈ្មោះក្នុងអត្ថបទនេះបានត្រូវផ្លាស់ប្ដូរ។