លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូន​ៗ​វ័យ​ក្មេង តើ​តាម​របៀប​ណា​ប្អូន​អាច​រៀប​ចំ​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?

ប្អូន​ៗ​វ័យ​ក្មេង តើ​តាម​របៀប​ណា​ប្អូន​អាច​រៀប​ចំ​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក?

«​ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​អំណរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់​»។—ទំនុក​តម្កើង ៤០:៨

ចម្រៀង​លេខ: ៥១, ៤៨

១, ២​. (​ក​) សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​ជំហាន​ដ៏​សំខាន់។ (​ខ​) មុន​ទទួល​ការ​ជ្រមុជ​ទឹក តើ​បុគ្គល​ម្នាក់​គួរ​ប្រាកដ​អំពី​អ្វី​ខ្លះ?

តើ​អ្នក​គឺ​ជា​បុគ្គល​វ័យ​ក្មេង​ម្នាក់​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ឬ? បើ​ដូច្នេះ នេះ​គឺ​ជា​កិត្ដិយស​ដ៏​អស្ចារ្យ​បំផុត​ដែល​អ្នក​អាច​មាន។ ដូច​ដែល​បាន​រៀប​រាប់​នៅ​អត្ថបទ​មុន ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​មួយ។ ការ​ទទួល​ការ​ជ្រមុជ​ទឹក​បង្ហាញ​ថា​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ពោល​គឺ​អ្នក​បាន​សន្យា​ចំពោះ​លោក​ថា​អ្នក​នឹង​បម្រើ​លោក​ជា​រៀង​រហូត ហើយ​ថា​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​គឺ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ នេះ​គឺ​ជា​សេចក្ដី​សន្យា​ដ៏​សំខាន់​មួយ​ចំពោះ​ព្រះ ដូច្នេះ​អ្នក​គួរ​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​ដែល​អ្នក​មាន​ភាព​ចាស់​ទុំ​ល្មម ពេល​អ្នក​ពិត​ជា​ចង់​ធ្វើ​ដូច្នេះ និង​ពេល​ដែល​អ្នក​យល់​អំពី​អត្ថន័យ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ។

ប៉ុន្ដែ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​មិន​ទាន់​ដល់​ពេល​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ឬ​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្នក​ចង់​ទទួល​ការ​ជ្រមុជ​ទឹក តែ​ឪ​ពុក​ម្ដាយ​អ្នក​គិត​ថា​អ្នក​គួរ​រង់​ចាំ​រហូត​ដល់​អ្នក​មាន​អាយុ​ច្រើន​ជាង ហើយ​មាន​បទ​ពិសោធន៍​ច្រើន​ជាង​ក្នុង​ជីវិត។ តើ​អ្នក​គួរ​ធ្វើ​អ្វី? សូម​កុំ​ធ្លាក់​ទឹក​ចិត្ដ​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​ប្រើ​ពេល​នោះ​ដើម្បី​ជឿន​ទៅ​មុខ ហើយ​មិន​យូរ​ទៀត​អ្នក​អាច​មាន​គុណ​សម្បត្ដិ​គ្រប់គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ ដោយ​យល់​ដូច្នេះ អ្នក​អាច​កំណត់​គោល​ដៅ​ក្នុង​ចំណុច​បី​ទាំង​នេះ​៖ (​១​) ការ​ជឿ​ជាក់ ឬ​ជំនឿ​របស់​អ្នក (​២​) ការ​ប្រព្រឹត្ដ​របស់​អ្នក និង (​៣​) ចិត្ដ​កតញ្ញូ​របស់​អ្នក។

ការ​ជឿ​ជាក់​របស់​អ្នក

៣, ៤​. តើ​ប្អូន​ៗ​វ័យ​ក្មេង​អាច​រៀន​អ្វី​ពី​គំរូ​របស់​ធីម៉ូថេ?

សូម​គិត​ថា​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សំណួរ​ទាំង​នេះ ហេតុ​អ្វី​ខ្ញុំ​ជឿ​ថា​មាន​ព្រះ? ហេតុ​អ្វី​ខ្ញុំ​ប្រាកដ​ថា​គម្ពីរ​គឺ​មក​ពី​ព្រះ? ហេតុ​អ្វី​ខ្ញុំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ជា​ជាង​ធ្វើ​តាម​ខ្នាត​តម្រា​សីលធម៌​របស់​ពិភព​លោក​នេះ? សំណួរ​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​ឱវាទ​របស់​សាវ័ក​ប៉ូល​ដែល​ថា​៖ ‹ចូរ​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សមរម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ›។ (​រ៉ូម ១២:២​) ហេតុ​អ្វី​អ្នក​គួរ​ធ្វើ​ដូច្នេះ?

ធីម៉ូថេ​បាន​ទទួល​យក​សេចក្ដី​ពិត ដោយ​សារ​គាត់​បាន​វែក​ញែក​អំពី​អ្វី​ដែល​គាត់​បាន​រៀន ហើយ​បាន​ជឿ​ជាក់

គំរូ​របស់​ធីម៉ូថេ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​អ្នក​គួរ​ធ្វើ​ដូច្នេះ។ គាត់​បាន​ស្គាល់​បទ​គម្ពីរ​យ៉ាង​ច្បាស់ ដោយ​សារ​ម្ដាយ​និង​ជីដូន​របស់​គាត់​បាន​បង្រៀន​បទ​គម្ពីរ​ទាំង​នោះ​ដល់​គាត់។ ប៉ុន្ដែ ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ថា​៖ ​«​ចូរ​បន្ដ​ប្រព្រឹត្ដ​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន និង​ដែល​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់​»។ (​ធីម៉ូថេ​ទី២ ៣:១៤, ១៥​) ពាក្យ​«​ជឿ​ជាក់​»​ក្នុង​ខ​នេះ​មាន​ន័យ​ថា​«​យល់​និង​ប្រាកដ​ថា​អ្វី​មួយ​ជា​សេចក្ដី​ពិត​»។ ដូច្នេះ ធីម៉ូថេ​ត្រូវ​តែ​ជឿ​ជាក់​ថា​សេចក្ដី​ពិត​គឺ​អាច​រក​ឃើញ​ក្នុង​បទ​គម្ពីរ។ គាត់​បាន​ទទួល​យក​សេចក្ដី​ពិត​នោះ មិន​មែន​ដោយ​សារ​ម្ដាយ​និង​ជីដូន​របស់​គាត់​បាន​ប្រាប់​គាត់​ឲ្យ​ធ្វើ​ដូច្នេះ​ទេ ប៉ុន្ដែ​ដោយ​សារ​គាត់​បាន​វែក​ញែក​អំពី​អ្វី​ដែល​គាត់​បាន​រៀន ហើយ​បាន​ជឿ​ជាក់។—សូម​អាន រ៉ូម ១២:១

៥, ៦​. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​អ្នក​រៀន​ប្រើ​«​សមត្ថភាព​រិះ​គិត​»​តាំង​ពី​ក្មេង?

ចុះ​យ៉ាង​ណា​អ្នក​វិញ? អ្នក​ប្រហែល​ជា​ស្គាល់​សេចក្ដី​ពិត​ជា​យូរ​ណាស់​មក​ហើយ។ បើ​ដូច្នេះ ចូរ​ចំណាយ​ពេល​គិត​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​អ្នក​ជឿ​ជាក់។ ពេល​អ្នក​ធ្វើ​ដូច្នេះ នោះ​នឹង​ជួយ​ពង្រឹង​ជំនឿ​របស់​អ្នក ហើយ​ជៀស​វាង​ការ​សម្រេច​ចិត្ដ​ខុស​ដែល​មក​ពី​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គ្នា ពី​ចិត្ដ​គំនិត​របស់​ពិភព​លោក​នេះ ឬ​ក៏​ពី​អារម្មណ៍​របស់​អ្នក​ផ្ទាល់។

បើ​អ្នក​រៀន​ប្រើ​«​សមត្ថភាព​រិះ​គិត​»​កាល​ដែល​អ្នក​នៅ​ក្មេង នោះ​អ្នក​នឹង​អាច​ឆ្លើយ​សំណួរ​ផ្សេង​ៗ​ដែល​មនុស្ស​អាយុ​ស្រករ​គ្នា​សួរ ដូច​ជា ‹ហេតុ​អ្វី​អ្នក​ដឹង​ប្រាកដ​ថា​មាន​ព្រះ? បើ​ព្រះ​ស្រឡាញ់​យើង ហេតុ​អ្វី​លោក​អនុញ្ញាត​ឲ្យ​រឿង​អាក្រក់​កើត​ឡើង? តើ​ព្រះ​គ្មាន​ទី​ចាប់​ផ្ដើម​និង​គ្មាន​ទី​បញ្ចប់​យ៉ាង​ដូច​ម្ដេច​បាន?›។ ពេល​អ្នក​ត្រៀម​ខ្លួន​រួច​ហើយ សំណួរ​ទាំង​នេះ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​ឡើយ តែ​នឹង​ជំរុញ​ចិត្ដ​អ្នក​ឲ្យ​សិក្សា​គម្ពីរ​កាន់​តែ​ច្រើន។

៧​-​៩​. តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ឲ្យ​ខ្លួន​អ្នក​កាន់​តែ​ជឿ​ជាក់?

ការ​សិក្សា​ផ្ទាល់​ខ្លួន​យ៉ាង​ដិត​ដល់​អាច​ជួយ​អ្នក​ឆ្លើយ​សំណួរ​ទាំង​នោះ បំបាត់​ការ​សង្ស័យ​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ជឿ​ជាក់។ (​សកម្មភាព ១៧:១១​) យើង​មាន​សៀវភៅ​មួយ​ចំនួន​ដែល​ជួយ​អ្នក​ឲ្យ​ធ្វើ​ដូច្នេះ។ បង​ប្អូន​ជា​ច្រើន​នាក់​បាន​ទទួល​ប្រយោជន៍​ពី​ការ​ពិចារណា​សៀវភៅ​របស់​យើង​ដែល​ពន្យល់​អំពី​ព្រះ​ដែល​ជា​អ្នក​បង្កើត និង​អំពី​អ្វី​ដែល​លោក​បាន​បង្កើត។

អ្នក​ស្គាល់​សេចក្ដី​បង្រៀន​ខ្លះ​ៗ​ក្នុង​គម្ពីរ​រួច​ហើយ ដូច្នេះ​អ្នក​ប្រហែល​ជា​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ខ្លះ​ដែល​ទាក់​ទង​នឹង​សេចក្ដី​បង្រៀន​ដែល​ជា​មូលដ្ឋាន​ក្នុង​គម្ពីរ។ ប៉ុន្ដែ តើ​អ្នក​អាច​ឆ្លើយ​ដោយ​មាន​ទី​សំអាង​ឬ​ទេ? អ្នក​អាច​សិក្សា​ផ្ទាល់​ខ្លួន​ដោយ​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​របស់​យើង​ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់​តែ​ជឿ​ជាក់។ ម្យ៉ាង​ទៀត នោះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​របៀប​ពន្យល់​ជំនឿ​របស់​អ្នក​ដល់​អ្នក​ឯ​ទៀត​ដោយ​មាន​ទី​សំអាង។

អ្នក​ត្រូវ​ពិសោធ​ដោយ​ខ្លួន​អ្នក​ថា​នេះ​គឺ​ជា​សេចក្ដី​ពិត។ នោះ​នឹង​ជួយ​អ្នក​ឲ្យ​រៀប​ចំ​ខ្លួន​សម្រាប់​ទទួល​ការ​ជ្រមុជ​ទឹក។ ប្អូន​ស្រី​វ័យ​ជំទង់​ម្នាក់​បាន​និយាយ​ថា​៖ ​«​មុន​ខ្ញុំ​សម្រេច​ចិត្ដ​ទទួល​ការ​ជ្រមុជ​ទឹក ខ្ញុំ​បាន​សិក្សា​គម្ពីរ ហើយ​បាន​ឃើញ​ថា​នេះ​គឺ​ជា​សាសនា​ពិត។ រាល់​ថ្ងៃ ខ្ញុំ​ជឿ​ជាក់​ដូច្នេះ​កាន់​តែ​ខ្លាំង​»។

ការ​ប្រព្រឹត្ដ​របស់​អ្នក

១០​. ហេតុ​អ្វី​គឺ​ជា​ការ​សម​ហេតុ​ផល​ដែល​គ្រិស្ដ​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មាន​ការ​ប្រព្រឹត្ដ​ដែល​ស​ឲ្យ​ឃើញ​ជំនឿ​របស់​គាត់?

១០ គម្ពីរ​ចែង​ថា​៖ ​«​ជំនឿ​គ្មាន​ការ​ប្រព្រឹត្ដ ជំនឿ​នោះ​គឺ​ស្លាប់​ហើយ​»។ (​យ៉ាកុប ២:១៧​) បើ​អ្នក​មាន​ជំនឿ​ឬ​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង គឺ​ជា​ការ​សម​ហេតុ​ផល​ឲ្យ​អ្នក​បង្ហាញ​ការ​ជឿ​ជាក់​នោះ​ដោយ​ការ​ប្រព្រឹត្ដ។ យ៉ាង​នេះ អ្នក​នឹង​មាន​អ្វី​ដែល​គម្ពីរ​ហៅ​ថា​«​ការ​ប្រព្រឹត្ដ​បរិសុទ្ធ ហើយ​ធ្វើ​ការ​អ្វី​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​»។—សូម​អាន ពេត្រុស​ទី២ ៣:១១

១១​. សូម​ពន្យល់​ពាក្យ​«​ការ​ប្រព្រឹត្ដ​បរិសុទ្ធ​»។

១១ តើ​អ្វី​ជា​«​ការ​ប្រព្រឹត្ដ​បរិសុទ្ធ​»​? បើ​ការ​ប្រព្រឹត្ដ​របស់​អ្នក​គឺ​បរិសុទ្ធ នោះ​អ្នក​នឹង​មាន​សីលធម៌​ស្អាត​ស្អំ។ ជា​ឧទាហរណ៍ សូម​គិត​អំពី​៦​ខែ​មុន ពេល​អ្នក​បាន​ត្រូវ​ល្បួង​ឲ្យ​ប្រព្រឹត្ដ​អ្វី​ដែល​ខុស តើ​អ្នក​បាន​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​និង​អ្វី​ដែល​ខុស​ឬ​ទេ? (​ហេប្រឺ ៥:១៤​) តើ​អ្នក​នឹក​ចាំ​ច្បាស់​អំពី​ពេល​ដែល​អ្នក​មិន​បាន​ចុះ​ចាញ់​នឹង​ការ​ល្បួង ឬ​ការ​បង្ខិត​បង្ខំ​ពី​មនុស្ស​អាយុ​ស្រករ​គ្នា​ឬ​ទេ? នៅ​សាលា តើ​អ្នក​ជា​គំរូ​ល្អ​សម្រាប់​អ្នក​ឯ​ទៀត​ឬ​ទេ? តើ​អ្នក​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ឬ​តើ​អ្នក​ព្យាយាម​ធ្វើ​តាម​សិស្ស​រួម​ថ្នាក់​របស់​អ្នក​ដើម្បី​កុំ​ឲ្យ​ពួក​គេ​សើច​ចំអក​ឲ្យ​អ្នក? (​ពេត្រុស​ទី១ ៤:៣, ៤​) គ្មាន​អ្នក​ណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ជួន​កាល សូម្បី​តែ​ពួក​អ្នក​ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​ប្រហែល​ជា​មាន​អារម្មណ៍​អៀន​ខ្មាស​និង​ពិបាក​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯទៀត។ ប៉ុន្ដែ បុគ្គល​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​នឹង​មាន​មោទនភាព​ធ្វើ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ហើយ​គាត់​បង្ហាញ​ថា​គាត់​មាន​មោទនភាព​នេះ​តាម​រយៈ​ការ​ប្រព្រឹត្ដ​ដ៏​ស្អាត​ស្អំ។

១២​. តើ​អ្វី​ខ្លះ​ជា​ការ​ប្រព្រឹត្ដ​ដែល​«​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​»​ ហើយ​តើ​អ្នក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វី​ទាំង​នោះ?

១២ តើ​អ្វី​ជា​ការ​ប្រព្រឹត្ដ​ដែល​«​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​»​? អ្វី​ទាំង​នោះ​គឺ​រួម​បញ្ចូល​សកម្មភាព​របស់​អ្នក​ក្នុង​ក្រុម​ជំនុំ ដូច​ជា​ការ​ចូល​រួម​កិច្ច​ប្រជុំ​និង​ការ​ផ្សព្វ​ផ្សាយ។ ម្យ៉ាង​ទៀត អ្វី​ទាំង​នោះ​ក៏​រួម​បញ្ចូល​សកម្មភាព​ដែល​អ្នក​ឯ​ទៀត​មិន​ឃើញ​ដែរ ដូច​ជា​សេចក្ដី​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​និង​ការ​សិក្សា​ផ្ទាល់​ខ្លួន។ អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​នឹង​មិន​គិត​ថា​សកម្មភាព​ទាំង​នេះ​គឺ​ជា​បន្ទុក​ឡើយ។ គាត់​នឹង​មាន​អារម្មណ៍​ស្រដៀង​នឹង​ស្ដេច​ដាវីឌ ដែល​បាន​និយាយ​ថា​៖ ​«​ឱ​ព្រះ​នៃ​ទូល​បង្គំ​អើយ ទូល​បង្គំ​មាន​សេចក្ដី​អំណរ​នឹង​ធ្វើ​តាម​ព្រះ​ហឫទ័យ​ទ្រង់ អើ​ក្រិត្យ​វិន័យ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ចិត្ដ​ទូល​បង្គំ​»។—ទំនុក​តម្កើង ៤០:៨

តើ​អ្នក​អធិដ្ឋាន​យ៉ាង​ចំ​ៗ​ឬ​ទេ ហើយ​តើ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​បង្ហាញ​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា?

១៣, ១៤​. តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ប្រព្រឹត្ដ​ការ​ដែល​«​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះ​»​ ហើយ​តើ​បង​ប្អូន​វ័យ​ក្មេង​ខ្លះ​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ធ្វើ​ដូច្នេះ?

១៣ ដើម្បី​ជួយ​អ្នក​ឲ្យ​កំណត់​គោល​ដៅ​ផ្សេង​ៗ មាន​សំណួរ​ខ្លះ​ដែល​អ្នក​អាច​ពិចារណា ហើយ​អ្នក​អាច​កត់​ទុក​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ទាំង​នេះ ដូច​ជា​៖ ​«​តើ​អ្នក​អធិដ្ឋាន​យ៉ាង​ចំ​ៗ​ឬ​ទេ ហើយ​តើ​សេចក្ដី​អធិដ្ឋាន​ទាំង​នោះ​បង្ហាញ​យ៉ាង​ណា​អំពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា? តើ​អ្នក​រួម​បញ្ចូល​អ្វី​ខ្លះ​ក្នុង​ការ​សិក្សា​ផ្ទាល់​ខ្លួន? តើ​អ្នក​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ទោះ​ជា​ឪ​ពុក​ម្ដាយ​អ្នក​មិន​ចូល​រួម​ឬ​ទេ?​»។ អ្នក​ក៏​អាច​សរសេរ​អំពី​គោល​ដៅ​ណា​មួយ​ដែល​អ្នក​ចង់​ធ្វើ​សម្រាប់​ការ​អធិដ្ឋាន ការ​សិក្សា​ផ្ទាល់​ខ្លួន និង​ការ​ផ្សព្វ​ផ្សាយ។

១៤ មនុស្ស​វ័យ​ក្មេង​ជា​ច្រើន​នាក់​ដែល​គិត​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​បាន​ទទួល​ប្រយោជន៍​ពី​ការ​សរសេរ​អំពី​គោល​ដៅ​របស់​ខ្លួន។ ធីលដា​ដែល​ជា​ប្អូន​ស្រី​វ័យ​ក្មេង​ម្នាក់​បាន​ពន្យល់​ថា​នាង​ធ្លាប់​សរសេរ​អំពី​គោល​ដៅ​របស់​នាង ហើយ​ដោយ​សារ​នាង​បាន​ធ្វើ​ដូច្នេះ នោះ​នាង​អាច​សម្រេច​គោល​ដៅ​ទាំង​នោះ​ម្ដង​មួយ​ៗ។ មួយ​ឆ្នាំ​ក្រោយ​មក​នាង​បាន​រៀប​ចំ​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។ ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ផាទ្រីក​ក៏​ទទួល​លទ្ធផល​ល្អ​ស្រដៀង​នឹង​នេះ​ដែរ។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ខ្ញុំ​មាន​គោល​ដៅ​ខ្លះ​ដែល​ខ្ញុំ​ចង់​សម្រេច ប៉ុន្ដែ​ការ​សរសេរ​អំពី​គោល​ដៅ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ខំ​ព្យាយាម​ដើម្បី​សម្រេច​គោល​ដៅ​ទាំង​នោះ​»។

តើ​អ្នក​នឹង​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​ទោះ​ជា​ឪ​ពុក​ម្ដាយ​អ្នក​មិន​បម្រើ​លោក​ឬ​ទេ? (​សូម​មើល​វគ្គ​១៥​)

១៥​. សូម​ពន្យល់​អំពី​មូលហេតុ​ដែល​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គួរ​តែ​ជា​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន។

១៥ សំណួរ​មួយ​ដែល​អ្នក​អាច​សួរ​ខ្លួន​ឯង​គឺ ​«​តើ​ខ្ញុំ​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ទោះ​ជា​ឪ​ពុក​ម្ដាយ​និង​មិត្ដ​ភក្ដិ​របស់​ខ្ញុំ​ឈប់​បម្រើ​លោក​ឬ​ទេ?​»។ កាល​ដែល​អ្នក​បាន​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​នឹង​មាន​ចំណង​មិត្ដភាព​ផ្ទាល់​ជា​មួយ​នឹង​លោក។ ដូច្នេះ អ្វី​ដែល​អ្នក​ធ្វើ​សម្រាប់​ព្រះ​យេហូវ៉ា​មិន​គួរ​អាស្រ័យ​លើ​ឪ​ពុក​ម្ដាយ​ឬ​អ្នក​ណា​ទៀត​ឡើយ។ ការ​ប្រព្រឹត្ដ​បរិសុទ្ធ​របស់​អ្នក​និង​ការ​ប្រព្រឹត្ដ​ដែល​បង្ហាញ​ពី​ភក្ដី​ភាព​ចំពោះ​ព្រះបង្ហាញ​ថា​អ្នក​ជឿ​ជាក់​ថា​អ្នក​មាន​សេចក្ដី​ពិត​និង​ចង់​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ។ មិន​យូរ​ក្រោយ​ពី​នោះ​អ្នក​នឹង​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។

ចិត្ដ​កតញ្ញូ​របស់​អ្នក

១៦, ១៧​. (​ក​) តើ​អ្វី​គួរ​ជំរុញ​ចិត្ដ​បុគ្គល​ម្នាក់​ឲ្យ​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក? (​ខ​) តើ​មាន​ឧទាហរណ៍​អ្វី​ដែល​បញ្ជាក់​អំពី​ចិត្ដ​កតញ្ញូ​ចំពោះ​ថ្លៃ​លោះ?

១៦ ថ្ងៃ​មួយ​បុរស​ម្នាក់​ដែល​ស្គាល់​ច្បាប់​ម៉ូសេ​យ៉ាង​ច្បាស់​បាន​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​បញ្ញត្ដិ​មួយ​ណា​សំខាន់​ជាង​គេ?​»។ លោក​យេស៊ូ​បាន​តប​ឆ្លើយ​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ដ អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត​»។ (​ម៉ាថាយ ២២:៣៥​-​៣៧​) លោក​យេស៊ូ​បាន​ពន្យល់​ថា​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​គួរ​តែ​ជា​មូលហេតុ​ដែល​បុគ្គល​ម្នាក់​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ទៅ​ជា​គ្រិស្ដ​សាសនិក។ វិធី​ដ៏​ល្អ​មួយ​ដើម្បី​ស្រឡាញ់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​គឺ​ដោយ​គិត​យ៉ាង​ដិត​ដល់​អំពី​ថ្លៃ​លោះ​ដែល​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ​សម្រាប់​មនុស្សជាតិ។ (​សូម​អាន កូរិនថូស​ទី២ ៥:១៤, ១៥; យ៉ូហាន​ទី១ ៤:៩, ១៩) ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​ចង់​បង្ហាញ​ចិត្ដ​កតញ្ញូ​ចំពោះ​អំណោយ​ដ៏​អស្ចារ្យ​នោះ។

១៧ មាន​ឧទាហរណ៍​មួយ​ដែល​បញ្ជាក់​អំពី​ចិត្ដ​កតញ្ញូ​របស់​អ្នក​ចំពោះ​ថ្លៃ​លោះ។ សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​លង់​ទឹក ហើយ​មនុស្ស​ម្នាក់​មក​ជួយ​សង្គ្រោះ​អ្នក។ ក្រោយ​មក តើ​អ្នក​នឹង​គ្រាន់​តែ​ទៅ​ផ្ទះ ជូត​ខ្លួន​ឲ្យ​ស្ងួត ហើយ​បំភ្លេច​អ្វី​ដែល​បុគ្គល​នោះ​បាន​ធ្វើ​ចំពោះ​អ្នក​ឬ? មិន​មែន​ទេ! អ្នក​នឹង​តែង​តែ​ដឹង​គុណ​បុគ្គល​នោះ​ដែល​បាន​សង្គ្រោះ​ជីវិត​របស់​អ្នក! ស្រដៀង​គ្នា​ដែរ យើង​គួរ​ដឹង​គុណ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ចំពោះ​ថ្លៃ​លោះ។ លោក​ទាំង​ពីរ​បាន​ជួយ​សង្គ្រោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ ហេតុ​នេះ ជីវិត​យើង​ហាក់​ដូច​ជា​របស់​លោក​ទាំង​ពីរ។ ដោយ​សារ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ស្រឡាញ់​យើង ឥឡូវ​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន!

១៨, ១៩​. (​ក​) ហេតុ​អ្វី​អ្នក​មិន​គួរ​ខ្លាច​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា? (​ខ​) តើ​តាម​របៀប​ណា​ការ​បម្រើ​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​ប្រសើរ​ឡើង?

១៨ តើ​អ្នក​ដឹង​គុណ​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​អ្នក​ឬ​ទេ? បើ​ដូច្នេះ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ត្រឹម​ត្រូវ​ដែល​អ្នក​គួរ​ធ្វើ។ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គឺ​ជា​សេចក្ដី​សន្យា​មួយ​ចំពោះ​ព្រះ​ថា​អ្នក​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ជា​រៀង​រហូត។ តើ​អ្នក​គួរ​ខ្លាច​ធ្វើ​សេចក្ដី​សន្យា​នេះ​ឬ​ទេ? អ្នក​មិន​គួរ​ខ្លាច​ទេ! ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​ល្អ​បំផុត ហើយ​លោក​នឹង​ឲ្យ​រង្វាន់​ដល់​ពួក​អ្នក​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​ហេប្រឺ ១១:៦​) ពេល​អ្នក​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក ជីវិត​របស់​អ្នក​នឹង​មិន​កាន់​តែ​អាក្រក់​ទេ តែ​នឹង​កាន់​តែ​ប្រសើរ​ឡើង! បង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​២៤​ឆ្នាំ បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​មិន​ទាន់​ដល់​វ័យ​ជំទង់ ហើយ​គាត់​និយាយ​ថា​៖ ​«​ពេល​នោះ​បើ​ខ្ញុំ​មាន​វ័យ​ចាស់​ជាង ខ្ញុំ​ប្រហែល​ជា​យល់​ជ្រាល​ជ្រៅ​ជាង តែ​ការ​សម្រេច​ចិត្ដ​របស់​ខ្ញុំ​ដើម្បី​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​បាន​ការពារ​ខ្ញុំ​ពី​ការ​ចង់​បាន​អ្វី​ៗ​ក្នុង​ពិភព​លោក​នេះ​»។

សាថាន​មិន​យក​ចិត្ដ​ទុក​ដាក់​នឹង​អ្នក​ឡើយ ហើយ​វា​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ

១៩ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​ល្អ​បំផុត។ ប៉ុន្ដែ សាថាន​មិន​យក​ចិត្ដ​ទុក​ដាក់​នឹង​អ្នក​ឡើយ ហើយ​វា​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ បើ​អ្នក​ធ្វើ​តាម​វា វា​មិន​អាច​ឲ្យ​អ្នក​នូវ​អ្វី​ដែល​ល្អ​បាន​ទេ។ តើ​វា​អាច​ឲ្យ​អ្នក​យ៉ាង​ដូច​ម្ដេច​បាន​បើ​វា​មិន​មាន​អ្វី​ទាំង​នោះ? វា​មិន​មាន​ដំណឹង​ល្អ ហើយ​វា​មិន​មាន​សេចក្ដី​សង្ឃឹម​សោះ។ វា​មិន​អាច​ឲ្យ​អ្នក​នូវ​អនាគត​ល្អ​បាន​ឡើយ ដោយ​សារ​វា​គ្មាន​អនាគត​ល្អ​ទេ!—ការ​បើក​បង្ហាញ ២០:១០

២០​. តើ​បុគ្គល​វ័យ​ក្មេង​ម្នាក់​អាច​ធ្វើ​អ្វី​ដើម្បី​ជឿន​ទៅ​មុខ​រហូត​ដល់​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ដើម្បី​ជួយ​អ្នក​ឲ្យ​ជឿន​ទៅ​មុខ​»​)

២០ ការ​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា​គឺ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ។ តើ​អ្នក​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ដូច្នេះ​ឬ​ទេ? បើ​ដូច្នេះ សូម​កុំ​ខ្លាច​ធ្វើ​សេចក្ដី​សន្យា​នោះ​ឡើយ។ ប៉ុន្ដែ បើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មិន​ទាន់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ សូម​ប្រើ​យោបល់​ផ្សេង​ៗ​ក្នុង​អត្ថបទ​នេះ​ដើម្បី​បន្ដ​ជឿន​ទៅ​មុខ។ ប៉ូល​បាន​ប្រាប់​បង​ប្អូន​នៅ​ក្រុង​ភីលីព​ឲ្យ​បន្ដ​ជឿន​ទៅ​មុខ។ (​ភីលីព ៣:១៦​) បើ​អ្នក​ធ្វើ​តាម​ឱវាទ​នេះ មិន​យូរ​ទៀត​អ្នក​នឹង​ចង់​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។