លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូន​ៗ​វ័យ​ក្មេង តើ​ប្អូន​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ?

ប្អូន​ៗ​វ័យ​ក្មេង តើ​ប្អូន​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ?

«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ចង់​សង់​ប៉ម​មួយ តើ​មាន​អ្នក​ណា​មិន​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់​ឬ​ទេ?​»។—លូកា ១៤:២៨

ចម្រៀង​លេខ: ១២០, ៣៤

អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់​បាន​ត្រូវ​សរសេរ​សម្រាប់​ប្អូន​ៗ​វ័យ​ក្មេង​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក

១, ២​. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្វី​ធ្វើ​ឲ្យ​រាស្ដ្រ​របស់​ព្រះ​មាន​អំណរ? (​ខ​) តើ​តាម​របៀប​ណា​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​និង​ពួក​អ្នក​ចាស់​ទុំ​អាច​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក?

អ្នក​ចាស់​ទុំ​ម្នាក់​បាន​និយាយ​ទៅ​កាន់​ប្អូន​ប្រុស​គ្រិស្ដតូហ្វើ​ដែល​មាន​អាយុ​១២​ឆ្នាំ​ថា​៖​«​ខ្ញុំ​បាន​ស្គាល់​ក្មួយ​តាំង​ពី​ក្មួយ​កើត ហើយ​ខ្ញុំ​សប្បាយ​ដែល​បាន​ឮ​ថា​ក្មួយ​ចង់​ទទួល​ការ​ជ្រមុជ​ទឹក។ ខ្ញុំ​ចង់​សួរ​ក្មួយ​ថា ‹ហេតុ​អ្វី​ក្មួយ​ចង់​ធ្វើ​ដូច្នេះ?›​»។ អ្នក​ចាស់​ទុំ​នោះ​មាន​មូលហេតុ​ល្អ​ដើម្បី​សួរ​សំណួរ​នេះ។ យើង​សប្បាយ​រីក​រាយ​ដោយ​ដឹង​ថា​មនុស្ស​វ័យ​ក្មេង​រាប់​ពាន់​នាក់​ទទួល​ការ​ជ្រមុជ​ទឹក​ជា​រៀង​រាល់​ឆ្នាំ។ (​សាស្តា ១២:១​) ប៉ុន្ដែ ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​និង​ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្អូន​ៗ​វ័យ​ក្មេង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​ផ្ទាល់​ខ្លួន ហើយ​ថា​ពួក​គេ​យល់​អត្ថន័យ​នៃ​ការ​ជ្រមុជ​ទឹក។

ក្នុង​គម្ពីរ​យើង​រៀន​ថា​ការ​ប្រគល់​ខ្លួន​និង​ការ​ជ្រមុជ​ទឹក​គឺ​ជា​ការ​ចាប់​ផ្ដើម​នៃ​ជីវិត​ថ្មី​សម្រាប់​គ្រិស្ដ​សាសនិក។ ជីវិត​ថ្មី​នេះ​នឹង​នាំ​ឲ្យ​មាន​ពរ​ជា​ច្រើន​ពី​ព្រះ​យេហូវ៉ា ប៉ុន្ដែ​ក៏​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​ពី​សាថាន​ដែរ។ (​សុភាសិត ១០:២២; ពេត្រុស​ទី១ ៥:៨​) នេះគឺ​ជា​មូលហេតុ​ដែល​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​ត្រូវ​តែ​ចំណាយ​ពេល​ដើម្បី​បង្រៀន​កូន​ៗ​របស់​ពួក​គេ​អំពី​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ដ។ ពេល​ប្អូន​ៗ​វ័យ​ក្មេង​មាន​ឪ​ពុក​ម្ដាយ​ដែល​មិន​មែន​ជា​គ្រិស្ដ​សាសនិក ពួក​អ្នក​ចាស់​ទុំ​នៅ​ក្នុង​ក្រុម​ជំនុំ​នឹង​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ការ​ប្រគល់​ខ្លួន​និង​ការ​ជ្រមុជ​ទឹក។ (​សូម​អាន លូកា ១៤:២៧​-​៣០) ដើម្បី​បង្ហើយ​កិច្ច​ការ​សាងសង់ គឺ​ត្រូវ​មាន​ការ​រៀប​ចំ ដូច​គ្នា​ដែរ​ប្អូន​ៗ​វ័យ​ក្មេង​ត្រូវ​តែ​ត្រៀម​ខ្លួន​មុន​ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក ដើម្បី​ពួក​គេ​អាច​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​«​រហូត​ដល់​ទី​បញ្ចប់​»។ (​ម៉ាថាយ ២៤:១៣​) តើ​អ្វី​នឹង​ជួយ​ប្អូន​ៗ​វ័យ​ក្មេង​ឲ្យ​ប្ដេជ្ញា​ចិត្ដ​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត? សូម​យើង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​នេះ។

៣​. (​ក​) តើ​ពាក្យ​របស់​លោក​យេស៊ូ​និង​ពេត្រុស​បង្រៀន​យើង​យ៉ាង​ណា​អំពី​សារៈសំខាន់​នៃ​ការ​ជ្រមុជ​ទឹក? (​ម៉ាថាយ ២៨:១៩, ២០; ពេត្រុស​ទី១ ៣:២១​) (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

តើ​អ្នក​ជា​បុគ្គល​វ័យ​ក្មេង​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ឬ? បើ​ដូច្នេះ នេះ​ជា​គោល​ដៅ​មួយ​ដ៏​ល្អ​ប្រសើរ​ណាស់! គឺ​ជា​កិត្ដិយស​ដ៏​អស្ចារ្យ​មួយ​ដែល​យើង​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់។ ការ​ជ្រមុជ​ទឹក​ក៏​ជា​អ្វី​មួយ​ដែល​គ្រិស្ដ​សាសនិក​ត្រូវ​ធ្វើ​ដែរ ហើយ​នេះ​ជា​ជំហាន​ដ៏​សំខាន់​ចាំ​បាច់​ចំពោះ​ពួក​អ្នក​ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង។ (​ម៉ាថាយ ២៨:១៩, ២០; ពេត្រុស​ទី១ ៣:២១​) ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​បង្ហាញ​ថា​អ្នក​បាន​សន្យា​ថា​អ្នក​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ជា​រៀង​រហូត។ អ្នក​ច្បាស់​ជា​ចង់​រក្សា​ពាក្យ​សន្យា​នេះ ដូច្នេះ​សំណួរ​ជា​បន្ដ​បន្ទាប់​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្នក​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​យ៉ាង​ណា។ សំណួរ​ទាំង​នេះ​គឺ​៖ (​១​) តើ​ខ្ញុំ​មាន​ភាព​ចាស់​ទុំ​ល្មម​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ដ​នេះ​ឬ​ទេ? (​២​) តើ​ខ្ញុំ​ពិត​ជា​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ឬ? (​៣​) តើ​ខ្ញុំ​យល់​អត្ថន័យ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​យើង​ពិចារណា​សំណួរ​ទាំង​នេះ។

ពេល​អ្នក​មាន​ភាព​ចាស់​ទុំ​ល្មម

៤, ៥​. (​ក​) ហេតុ​អ្វី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​មិន​គ្រាន់​តែ​សម្រាប់​មនុស្ស​ពេញ​វ័យ​ប៉ុណ្ណោះ? (​ខ​) សម្រាប់​គ្រិស្ដ​សាសនិក តើ​ភាព​ចាស់​ទុំ​មាន​ន័យ​យ៉ាង​ណា?

គម្ពីរ​មិន​បាន​ចែង​ថា​មាន​តែ​អ្នក​ដែល​មាន​អាយុ​ដែល​បាន​ត្រូវ​កំណត់ ឬ​មនុស្ស​ពេញ​វ័យ​អាច​ទទួល​ការ​ជ្រមុជ​ទឹក​ឡើយ។ សុភាសិត ២០:១១​ចែង​ថា​៖ ​«​សូម្បី​តែ​កូន​ក្មេង​ក៏​សំ​ដែង​ខ្លួន​ដោយ​សារ​កិរិយា​ប្រព្រឹត្ដ​របស់​វា​ដែរ ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ ហើយ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា​»។ ដូច្នេះ សូម្បី​តែ​កូន​ក្មេង​ក៏​អាច​យល់​ថា​អ្វី​ជា​ការ​ប្រព្រឹត្ដ​ត្រឹម​ត្រូវ ហើយ​យល់​អត្ថន័យ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​ដែល​ជា​អ្នក​បង្កើត​របស់​គាត់។ ហេតុ​នេះ ការ​ជ្រមុជ​ទឹក​ជា​ជំហាន​ដ៏​សំខាន់​និង​សម​ត្រឹម​ត្រូវ​សម្រាប់​បុគ្គល​វ័យ​ក្មេង​ដែល​បាន​បង្ហាញ​ថា​គាត់​មាន​ភាព​ចាស់​ទុំ ហើយ​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។—សុភាសិត ២០:៧

តើ​ភាព​ចាស់​ទុំ​មាន​ន័យ​យ៉ាង​ណា? ភាព​ចាស់​ទុំ​មិន​តែង​តែ​សំដៅ​លើ​អាយុ ឬ​រូប​រាង​កាយ​របស់​បុគ្គល​ម្នាក់​ឡើយ។ គម្ពីរ​ចែង​ថា​មនុស្ស​ដែល​មាន​ភាព​ចាស់​ទុំ​បាន​ត្រូវ​បង្វឹក​បង្ហាត់​«​សមត្ថភាព​យល់​ដឹង​»​ដើម្បី​សម្គាល់​អ្វី​ដែល​ខុសនិង​អ្វី​ដែល​ត្រូវ។ (​ហេប្រឺ ៥:១៤​) បុគ្គល​ដែល​មាន​ភាព​ចាស់​ទុំ​ស្គាល់​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​បាន​តាំង​ចិត្ដ​ធ្វើ​អ្វី​នោះ។ ដូច្នេះ គាត់​មិន​ងាយ​ទទួល​ឥទ្ធិពល​ដែល​នាំ​ឲ្យ​គាត់​ធ្វើ​អ្វី​ដែល​ខុស​ទេ។ ម្យ៉ាង​ទៀត គាត់​មិន​តែង​តែ​ត្រូវ​ការ​អ្នក​ផ្សេង​ទៀត​ដើម្បី​ប្រាប់​គាត់​ឲ្យ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​ឡើយ។ គឺ​ជា​ការ​សម​ហេតុ​ផល​ដើម្បី​រំពឹង​ថា​បុគ្គល​វ័យ​ក្មេង​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នឹង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ សូម្បី​តែ​ពេល​ឪ​ពុក​ម្ដាយ​របស់​គាត់ ឬ​មនុស្ស​ពេញ​វ័យ​ឯ​ទៀត​មិន​នៅ​ជា​មួយ​នឹង​គាត់​ក៏​ដោយ។—សូម​ពិនិត្យ​បន្ថែម ភីលីព ២:១២

៦, ៧​. (​ក​) សូម​រៀប​រាប់​អំពី​ការ​ពិបាក​ដែល​ដានីយ៉ែល​មាន​ពេល​គាត់​រស់​នៅ​ក្រុង​បាប៊ីឡូន។ (​ខ​) តើ​តាម​របៀប​ណា​ដានីយ៉ែល​បាន​បង្ហាញ​ថា​គាត់​មាន​ភាព​ចាស់​ទុំ?

តើ​បុគ្គល​វ័យ​ក្មេង​ពិត​ជា​អាច​មាន​ភាព​ចាស់​ទុំ​បែប​នោះ​ឬ​ទេ? សូម​ពិចារណា​គំរូ​របស់​ដានីយ៉ែល។ គាត់​ប្រហែល​ជា​មាន​វ័យ​ជំទង់ ពេល​គាត់​បាន​ត្រូវ​គេ​ចាប់​យក​ចេញ​ពី​ឪ​ពុក​ម្ដាយ​របស់​គាត់ ហើយ​បញ្ជូន​ទៅ​ក្រុង​បាប៊ីឡូន។ នៅ​ពេល​នោះ ដានីយ៉ែល​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​មិន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ។ ប៉ុន្ដែ សូម​យើង​ពិចារណា​ស្ថានភាព​របស់​ដានីយ៉ែល​ឲ្យ​ច្បាស់​ជាង​នេះ​បន្ដិច។ នៅ​ក្រុង​បាប៊ីឡូន គេ​បាន​ប្រព្រឹត្ដ​ចំពោះ​គាត់​ដូច​ជា​មនុស្ស​ពិសេស។ គាត់​ជា​មនុស្ស​វ័យ​ក្មេង​ម្នាក់​នៅ​ក្នុង​ចំណោម​មនុស្ស​វ័យ​ក្មេង​ប៉ុន្មាន​នាក់​ដែល​បាន​ត្រូវ​ជ្រើស​រើស​ដោយ​យក​ចិត្ដ​ទុក​ដាក់​ដើម្បី​ឲ្យ​បម្រើ​ស្ដេច។ (​ដានីយ៉ែល ១:៣​-​៥, ១៣​) តាម​មើល​ទៅ នៅ​ក្រុង​បាប៊ីឡូន​ដានីយ៉ែល​មាន​ឋានៈ​ល្អ​ប្រសើរ​ជាង​ឋានៈ​ដែល​គាត់​អាច​មាន​នៅ​ស្រុក​អ៊ីស្រាអែល។

ដូច្នេះ តើ​ដានីយ៉ែល​ដែល​ជា​មនុស្ស​វ័យ​ក្មេង​មាន​ប្រតិកម្ម​យ៉ាង​ណា? តើ​គាត់​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​នៅ​ក្រុង​បាប៊ីឡូន​ផ្លាស់​ប្ដូរ​គាត់ ឬ​ធ្វើ​ឲ្យ​ជំនឿ​របស់​គាត់​ចុះ​ខ្សោយ​ឬ​ទេ? មិន​មែន​ទេ! គម្ពីរ​ចែង​ថា​កាល​ដានីយ៉ែល​នៅ​ក្រុង​បាប៊ីឡូន គាត់​បាន​«​សំ​រេច​ក្នុង​ចិត្ដ​ថា មិន​ព្រម​ឲ្យ​ខ្លួន​សៅហ្មង​»​ ពោល​គឺ​គាត់​ជៀស​ចេញ​ពី​អ្វី​ណា​ក៏​ដោយ​ដែលជាប់​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ (​ដានីយ៉ែល ១:៨​) គាត់​ពិត​ជា​បាន​បង្ហាញ​ភាព​ចាស់​ទុំ​មែន!

បុគ្គល​វ័យ​ក្មេង​ដែល​មាន​ភាព​ចាស់​ទុំ​មិន​ប្រព្រឹត្ដ​ដូច​ជា​មិត្ដ​របស់​ព្រះ​ពេល​នៅ​សាល​ប្រជុំ ហើយ​ប្រព្រឹត្ដ​ដូច​ជា​មិត្ដ​របស់​ពិភព​លោក​ពេល​នៅ​សាលា​ទេ (​សូម​មើល​វគ្គ​៨​)

៨​. តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​ដានីយ៉ែល?

តើ​អ្នក​អាច​រៀន​អ្វី​ពី​គំរូ​របស់​ដានីយ៉ែល? បុគ្គល​វ័យ​ក្មេង​ដែល​មាន​ភាព​ចាស់​ទុំ​នឹង​កាន់​ខ្ជាប់​តាម​ជំនឿ​របស់​គាត់ សូម្បី​តែ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក្ដី។ គាត់​មិន​ដូច​ជា​សត្វ​បង្កួយ​ម្យ៉ាង​ដែល​ប្ដូរ​ពណ៌​ទៅ​តាម​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​វា​ឡើយ។ គាត់​មិន​ប្រព្រឹត្ដ​ដូច​ជា​មិត្ដ​របស់​ព្រះ​ពេល​នៅ​សាល​ប្រជុំ ហើយ​ប្រព្រឹត្ដ​ដូច​ជា​មិត្ដ​របស់​ពិភព​លោក​ពេល​នៅ​សាលា​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​នឹង​នៅ​ស្មោះ​ត្រង់ សូម្បី​តែ​ពេល​គាត់​ត្រូវ​ល្បង​ល​ក្ដី។—សូម​អាន អេភេសូរ ៤:១៤, ១៥

បុគ្គល​វ័យ​ក្មេង​ដែល​មាន​ភាព​ចាស់​ទុំ​នឹង​កាន់​ខ្ជាប់​តាម​ជំនឿ​របស់​គាត់ សូម្បី​តែ​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក​ក្ដី

៩, ១០​. (​ក​) តើ​បុគ្គល​វ័យ​ក្មេង​ម្នាក់​អាច​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ពិចារណា​អំពី​របៀប​ដែល​គាត់​បាន​ប្រព្រឹត្ដ​ចំពោះ​ការ​ល្បង​ល​ជំនឿ​នៅ​ពេល​ថ្មី​ៗ​នេះ? (​ខ​) តើ​ការ​ជ្រមុជ​ទឹក​មាន​ន័យ​យ៉ាង​ណា?

គ្មាន​អ្នក​ណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​ទេ។ ជួន​កាល​មនុស្ស​វ័យ​ក្មេង​និង​មនុស្ស​ពេញ​វ័យ​ធ្វើ​ខុស។ (​សាស្តា ៧:២០​) ប៉ុន្ដែ បើ​អ្នក​ចង់​ទទួល​ការ​ជ្រមុជ​ទឹក ជា​ការ​ឈ្លាស​វៃ​ដែល​អ្នក​ដឹង​ថា​អ្នក​តាំង​ចិត្ដ​ខ្លាំង​យ៉ាង​ណា​ដើម្បី​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា។ សូម​សួរ​ខ្លួន​អ្នក​ថា‹នៅ​ពេល​មុន​ៗ តើ​ខ្ញុំ​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ សូម​គិត​អំពី​របៀប​ដែល​អ្នក​បាន​ប្រព្រឹត្ដ​លើក​មុន ពេល​ជំនឿ​របស់​អ្នក​បាន​ត្រូវ​ល្បង​ល តើ​អ្នក​អាច​សម្រេច​ចិត្ដ​អំពី​អ្វី​ត្រឹម​ត្រូវ​ដែល​អ្នក​គួរ​ធ្វើ​ឬ​ទេ? ដូច​ដានីយ៉ែល​ដែរ តើ​មាន​អ្នក​ណា​ម្នាក់​បាន​លើក​ទឹក​ចិត្ដ​អ្នក​ឲ្យ​ប្រើ​ភាព​ប៉ិន​ប្រសប់​របស់​អ្នក​ក្នុង​ពិភព​លោក​របស់​សាថាន​ឬ​ទេ? ពេល​មាន​អ្វី​មួយ​ដូច​នេះ​កំពុង​ល្បង​ល​អ្នក តើ​អ្នក​អាច​យល់​ថា​អ្វី​ជា​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?—អេភេសូរ ៥:១៧

១០ ហេតុ​អ្វី​គឺ​ជា​ការ​សំខាន់​ដែល​អ្នក​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ? ពី​ព្រោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​យល់​ថា​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​យ៉ាង​ខ្លាំង។ ការ​ជ្រមុជ​ទឹក​បង្ហាញ​អ្នក​ឯ​ទៀត​ថា​អ្នក​បាន​ធ្វើ​សេចក្ដី​សន្យា​ដ៏​សំខាន់​មួយ​ចំពោះ​ព្រះ​យេហូវ៉ា។ អ្នក​សន្យា​ថា​អ្នក​នឹង​ស្រឡាញ់​លោក​និង​បម្រើ​លោក​ជា​រៀង​រហូត​ដោយ​អស់​ពី​ដួង​ចិត្ដ​របស់​អ្នក។ (​ម៉ាកុស ១២:៣០​) អស់​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​គួរ​តាំង​ចិត្ដ​រក្សា​សេចក្ដី​សន្យា​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា។—សូម​អាន សាស្តា ៥:៤, ៥

តើ​អ្នក​ពិត​ជា​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?

១១, ១២​. (​ក​) តើ​បុគ្គល​ម្នាក់​ដែល​កំពុង​គិត​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​ប្រាកដ​អំពី​អ្វី? (​ខ​) តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ការ​ជ្រមុជ​ទឹក​ដែល​ជា​ការ​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា?

១១ គម្ពីរ​ចែង​ថា​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ទាំង​អស់ សូម្បី​តែ​ប្អូន​ៗ​វ័យ​ក្មេង​ក៏​នឹង​បម្រើ​លោក​ដោយ​«​ស្ម័គ្រ​ពី​ចិត្ដ​»​ដែរ។ (​ទំនុក​តម្កើង ១១០:៣​) ដូច្នេះ បុគ្គល​ម្នាក់​ដែល​ចង់​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​ប្រាកដ​ថា​នេះ​គឺ​ជា​អ្វី​ដែល​គាត់​ពិត​ជា​ចង់​ធ្វើ។ នេះ​ប្រហែល​ជា​តម្រូវ​ឲ្យ​អ្នក​ពិនិត្យ​មើល​បំណង​ចិត្ដ​របស់​អ្នក​យ៉ាង​យក​ចិត្ដ​ទុក​ដាក់ ជា​ពិសេស​បើ​អ្នក​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សេចក្ដី​ពិត។

១២ កាល​ដែល​អ្នក​ធំ​ឡើង អ្នក​ទំនង​ជា​បាន​ឃើញ​មនុស្ស​ជា​ច្រើន​ទទួល​ការ​ជ្រមុជ​ទឹក ប្រហែល​អ្នក​ខ្លះ​ជា​មិត្ដ​ភក្ដិ និង​បង​ប្អូន​បង្កើត​របស់​អ្នក។ ប៉ុន្ដែ អ្នក​មិន​គួរ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​អ្នក​ត្រូវ​តែ​ទទួល​ការ​ជ្រមុជ​ទឹក ដោយ​សារ​អ្នក​ដល់​អាយុ​ដែល​គួរ​ធ្វើ​ដូច្នេះ ឬ​ដោយ​សារ​អ្នក​ផ្សេង​ទៀត​ទទួល​ការ​ជ្រមុជ​ទឹក​ឡើយ។ តើ​តាម​របៀប​ណា​អ្នក​អាច​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​ការ​ជ្រមុជ​ទឹក? សូម​ចំណាយ​ពេល​រំពឹង​គិត​អំពីមូលហេតុ​ដែល​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ដ៏​សំខាន់​ណាស់។ អ្នក​នឹង​រៀន​អំពី​មូលហេតុ​ល្អ​ជា​ច្រើន​ក្នុង​អត្ថបទ​នេះ​និង​អត្ថបទ​បន្ទាប់។

១៣​. តើ​អ្នក​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ការ​សម្រេច​ចិត្ដ​ទទួល​ការ​ជ្រមុជ​ទឹក​ផុស​ចេញ​ពី​ចិត្ដ​របស់​អ្នក?

១៣ វិធី​មួយ​ដែល​អ្នក​អាច​ដឹង​ថា​ការ​សម្រេច​ចិត្ដ​ទទួល​ការ​ជ្រមុជ​ទឹក​ផុស​ចេញ​ពី​ចិត្ដ​របស់​អ្នក​ឬ​យ៉ាង​ណា គឺ​ដោយ​ពិនិត្យ​ពិចារណា​សេចក្ដី​អធិដ្ឋាន​របស់​អ្នក។ តើ​អ្នក​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ជា​ញឹក​ញយ​ឬ​ទេ? តើ​អ្នក​អធិដ្ឋាន​យ៉ាង​ចំ​ៗ​ឬ​ទេ? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ​ប្រហែល​ជា​បង្ហាញ​ថា​ចំណង​មិត្ដភាព​របស់​អ្នក​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​គឺ​ជិត​ស្និទ្ធ​យ៉ាង​ណា។ (​ទំនុក​តម្កើង ២៥:៤​) ជា​ច្រើន​ដង​ព្រះ​យេហូវ៉ា​ឆ្លើយ​តប​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​រយៈ​គម្ពីរ។ ដូច្នេះ វិធី​មួយ​ទៀត​ដែល​អ្នក​អាច​ដឹង​ថា​អ្នក​ពិត​ជា​ចង់​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក​ដោយ​អស់​ពី​ដួង​ចិត្ដ​របស់​អ្នក គឺ​ដោយ​ពិនិត្យ​មើល​កាល​វិភាគ​សិក្សា​គម្ពីរ​របស់​អ្នក។ (​យ៉ូស្វេ ១:៨​) សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​សិក្សា​គម្ពីរ​ដោយ​ផ្ទាល់​ខ្លួន​ជា​ទៀង​ទាត់​ឬ​ទេ? តើ​ខ្ញុំ​សុខ​ចិត្ដ​រួម​ចំណែក​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ឬ​ទេ?›។ ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​អ្នក​ឲ្យ​ដឹង​ថា​ការ​សម្រេច​ចិត្ដ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​ធ្វើ​ឬ​យ៉ាង​ណា។

អត្ថន័យ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ

១៤​. សូម​រៀប​រាប់​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ប្រគល់​ខ្លួន​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក។

១៤ ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​ប្រហែល​ជា​មិន​យល់​ច្បាស់​អំពី​ភាព​ខុស​គ្នា​រវាង​ការ​ប្រគល់​ខ្លួន​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ឡើយ។ អ្នក​ខ្លះ​ប្រហែល​ជា​និយាយ​ថា​ពួក​គេ​បាន​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា​រួច​ហើយ តែ​មិន​ទាន់​សម្រេច​ចិត្ដ​ថា​ទទួល​ការ​ជ្រមុជ​ទឹក​ទេ។ ប៉ុន្ដែ តើ​នេះ​អាច​ទៅ​រួច​ទេ? ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​មាន​ន័យ​ថា​អ្នក​ប្រាប់​លោក​ក្នុង​សេចក្ដី​អធិដ្ឋាន​ថា​អ្នក​សន្យា​បម្រើ​លោក​ជា​រៀង​រហូត។ ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​បង្ហាញ​អ្នក​ឯ​ទៀត​ថា​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​រួច​ហើយ។ ដូច្នេះ មុន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ត្រូវ​យល់​អំពី​អត្ថន័យ​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ។

១៥​. តើ​ការ​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា​មាន​ន័យ​អ្វី?

១៥ ពេល​អ្នក​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា អ្នក​ប្រាប់​លោក​ថា​ឥឡូវ​អ្នក​ជា​របស់​លោក។ អ្នក​សន្យា​ថា​ការ​បម្រើ​លោក​នឹង​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក។ (​សូម​អាន ម៉ាថាយ ១៦:២៤) សេចក្ដី​សន្យា​ដូច​នេះ​ចំពោះ​ព្រះ​គឺ​សំខាន់​ណាស់! (​ម៉ាថាយ ៥:៣៣​) ដូច្នេះ តើ​អ្នក​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ឥឡូវ​អ្នក​មិន​មែន​ជា​របស់​ខ្លួន​អ្នក​ទៀត តែ​ជា​របស់​ព្រះ​យេហូវ៉ា?—រ៉ូម ១៤:៨

១៦, ១៧​. (​ក​) សូម​លើក​ឧទាហរណ៍​មួយ​ដែល​បញ្ជាក់​ថា​អ្នក​មិន​មែន​ជា​របស់​ខ្លួន​ទៀត។ (​ខ​) ពេល​បុគ្គល​ម្នាក់​ប្រគល់​ខ្លួន​ជូន​ព្រះ តើ​គាត់​កំពុង​ប្រាប់​អ្វី​ទៅ​លោក?

១៦ សូម​យើង​ពិចារណា​អំពី​ឧទាហរណ៍​មួយ។ សូម​ស្រមៃ​គិត​ថា មិត្ដ​ភក្ដិ​ម្នាក់​បាន​ឲ្យ​ឡាន​មួយ​ដល់​អ្នក​ជា​អំណោយ។ គាត់​បាន​ហុច​ឯកសារ​កម្មសិទ្ធិ​ឡាន​ឲ្យ​អ្នក ហើយ​និយាយ​ថា​៖ ​«​ឡាន​នេះ​គឺ​ជា​របស់​អ្នក​»។ ប៉ុន្ដែ ក្រោយ​មក​មិត្ដ​ភក្ដិ​អ្នក​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​ទុក​សោ ហើយ​ខ្ញុំ​នឹង​ជា​អ្នក​បើក​ឡាន មិន​មែន​អ្នក​ទេ​»។ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អំណោយ​នេះ? តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​មិត្ដ​ភក្ដិ​នោះ?

១៧ ពេល​បុគ្គល​ម្នាក់​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា គាត់​ប្រាប់​លោក​ថា​៖ ​«​ខ្ញុំ​ប្រគល់​ជីវិត​ជូន​លោក ហើយ​ខ្ញុំ​ជា​របស់​លោក​»។ ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​តម្រូវ​ឲ្យ​បុគ្គល​នោះ​រក្សា​សេចក្ដី​សន្យា​របស់​គាត់។ ប៉ុន្ដែ ចុះ​បើ​បុគ្គល​នោះ​ចាប់​ផ្ដើម​មិន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​លួច​លាក់​ស្វែង​យល់​ចិត្ដ​អ្នក​ណា​ម្នាក់​ដែល​មិន​បម្រើ​ព្រះ? ឬ​ចុះ​យ៉ាង​ណា​បើ​បុគ្គល​នោះ​ទទួល​យក​ការ​ងារ​ដែល​ធ្វើ​ឲ្យ​គាត់​មិន​សូវ​មាន​ពេល​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ ឬ​ធ្វើ​ឲ្យ​គាត់​ខាន​ចូល​រួម​កិច្ច​ប្រជុំជា​ញឹក​ញយ? យ៉ាង​នេះ បុគ្គល​នោះ​មិន​រក្សា​សេចក្ដី​សន្យា​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា​ឡើយ ហើយ​នេះ​ប្រៀប​ដូច​ជា​គាត់​រក្សា​ទុក​សោ​ឡាន។ ពេល​យើង​ប្រគល់​ជីវិត​ជូន​ព្រះ​យេហូវ៉ា យើង​និយាយ​ទៅ​លោក​ថា​៖ ​«​ជីវិត​ខ្ញុំ​ជា​របស់​លោក មិន​មែន​ជា​របស់​ខ្ញុំ​ទៀត​ទេ​»។ ដូច្នេះ​យើង​នឹង​តែង​តែ​ធ្វើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ធ្វើ សូម្បី​តែ​នោះ​មិន​មែន​ជា​អ្វី​ដែល​យើង​ចង់​ធ្វើ​ក្ដី។ សូម​យើង​យក​តម្រាប់​លោក​យេស៊ូ​ដែល​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ចុះ​មក​ពី​ស្ថាន​សួគ៌​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក មិន​មែន​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ទេ​»។—យ៉ូហាន ៦:៣៨

ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​មួយ​និង​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ

១៨, ១៩​. (​ក​) តើ​តាម​របៀប​ណា​ពាក្យ​សម្ដី​របស់​ប្អូន​រ៉ូស​និង​គ្រិស្ដតូហ្វើ​បាន​បញ្ជាក់​ថា​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​ឯកសិទ្ធិ​មួយ​ដែល​នាំ​ឲ្យ​ទទួល​ពរ? (​ខ​) តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ឯកសិទ្ធិ​នៃ​ការ​ជ្រមុជ​ទឹក?

១៨ ច្បាស់​ណាស់ ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​មួយ។ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មួយ។ ប្អូន​ៗ​វ័យ​ក្មេង​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​យល់​អត្ថន័យ​នៃ​ការ​ប្រគល់​ខ្លួន មិន​ស្ទាក់​ស្ទើរ​ប្រគល់​ជីវិត​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​ឡើយ។ ពួក​គេ​មិន​ស្តាយ​ក្រោយ​ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​ពួក​គេ​ទេ។ ប្អូន​វ័យ​ជំទង់​ម្នាក់​ឈ្មោះ​រ៉ូស​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ និយាយ​ថា​៖ ​«​ខ្ញុំ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​គ្មាន​អ្វី​សប្បាយ​ជាង​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ ខ្ញុំ​ជឿ​ជាក់​ច្បាស់​ថា​ការ​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​ការ​សម្រេច​ចិត្ដ​ដ៏​ត្រឹម​ត្រូវ​បំផុត​ក្នុង​ជីវិត​ខ្ញុំ​»។

១៩ ចុះ​យ៉ាង​ណា​ប្អូន​គ្រិស្ដតូហ្វើ​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ? តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​គាត់​ក្នុង​ការ​ទទួល​ការ​ជ្រមុជ​ទឹក កាល​ដែល​គាត់​មាន​អាយុ​១២​ឆ្នាំ? គាត់​និយាយ​ថា​គាត់​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​គាត់​បាន​សម្រេច​ចិត្ដ​ដូច​នេះ។ គាត់​បាន​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​កាល​ដែល​គាត់​មាន​អាយុ​១៧​ឆ្នាំ ហើយ​បាន​ទៅ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ពេល​ដែល​គាត់​មាន​អាយុ​១៨​ឆ្នាំ។ សព្វ​ថ្ងៃ​នេះ គាត់​បម្រើ​នៅ​បេតអែល។ គាត់​និយាយ​ថា​៖ ​«​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ជា​ការ​សម្រេច​ចិត្ដ​ដ៏​ត្រឹម​ត្រូវ។ ការ​ធ្វើ​កិច្ច​ការ​ដើម្បី​ព្រះ​យេហូវ៉ា​និង​អង្គ​ការ​របស់​លោក នាំ​ឲ្យ​ជីវិត​ខ្ញុំ​ពោរ​ពេញ​ដោយ​ការ​ស្កប់​ចិត្ដ​»។ បើ​អ្នក​ចង់​ទទួល​ការ​ជ្រមុជ​ទឹក តើ​អ្នក​អាច​រៀប​ចំ​ខ្លួន​យ៉ាង​ដូច​ម្ដេច? នៅ​អត្ថបទ​បន្ទាប់​យើង​នឹង​ឆ្លើយ​សំណួរ​នេះ។