លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​ពង្រឹង​សាមគ្គី​ភាព​របស់​យើង​ជា​គ្រិស្ដ​សាសនិក?

តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​ពង្រឹង​សាមគ្គី​ភាព​របស់​យើង​ជា​គ្រិស្ដ​សាសនិក?

«​ដោយ​សារ​លោក អវយវៈ​ទាំង​អស់​នៃ​រូប​កាយ​ក៏​លូត​លាស់​ឡើង ហើយ​ដោយ​សារ​អវយវៈ​នីមួយ​ៗ​ជាប់​គ្នា​យ៉ាង​ល្អ និង​សហការ​គ្នា​»។—អេភេសូរ ៤:១៦

ចម្រៀង​លេខ: ៥៣, ១៦

១​. តាំង​ពី​ដើម​ដំបូង តើ​កិច្ច​ការ​របស់​ព្រះ​បាន​បញ្ជាក់​អំពី​អ្វី?

តាំង​ពី​ដើម​ដំបូង​នៃ​ការ​បង្កើត ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​សាមគ្គី​ភាព។ ព្រះ​យេហូវ៉ា​បាន​បង្កើត​លោក​យេស៊ូ​មុន​អ្វី​ៗ​ផ្សេង​ទៀត​ទាំង​អស់។ ក្រោយ​មក លោក​យេស៊ូ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ព្រះ ហើយ​«​បាន​នៅ​ជិត​ទ្រង់​ដូច​ជា​មេ​ជាង​»។ (​សុភាសិត ៨:៣០​) អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​ក៏​បាន​សហការ​គ្នា​ដែរ​ដើម្បី​សម្រេច​កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ជា​ឧទាហរណ៍ ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​សង់​ទូក​ជា​មួយ​គ្នា។ ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​ដំឡើង​ត្រសាល និង​រុះ​រើ​ត្រសាល​នោះ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នៅ​វិហារ ពួក​គេ​បាន​លេង​ភ្លេង​យ៉ាង​ពីរោះ​និង​ច្រៀង​ជា​មួយ​គ្នា​ដើម្បី​សរសើរ​ព្រះ​យេហូវ៉ា។ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​អាច​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ​បាន​ដោយ​សារ​ពួក​គេ​បាន​សហការ​គ្នា។—លោកុប្បត្ដិ ៦:១៤​-​១៦, ២២; ជន​គណនា ៤:៤​-​៣២; របា​ក្សត្រ​ទី១ ២៥:១​-​៨

២​. (​ក​) តើ​មាន​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​អំពី​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​នៅ​សតវត្សរ៍​ទី១? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី?

គ្រិស្ដ​សាសនិក​នៅ​សតវត្សរ៍​ទី១​ក៏​បាន​សហការ​គ្នា​ដែរ។ សាវ័ក​ប៉ូល​បាន​ពន្យល់​ថា ទោះ​បី​ជា​ពួក​គេ​មាន​សមត្ថភាព​និង​ភារកិច្ច​ខុស​ៗ​គ្នា​ក៏​ដោយ ពួក​គេ​មាន​សាមគ្គី​ភាព។ ពួក​គេ​ទាំង​អស់​គ្នា​បាន​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​គ្រិស្ដ​ដែល​ជា​អ្នក​ដឹក​នាំ​ពួក​គេ។ ប៉ូល​បាន​ប្រៀប​ប្រដូច​ពួក​គេ​ទៅ​នឹង​រូប​កាយ​មួយ​ដែល​មាន​អវយវៈ​ផ្សេង​ៗ​ដែល​ធ្វើ​ការ​ជា​មួយ​គ្នា។ (​សូម​អាន កូរិនថូស​ទី១ ១២:៤​-​៦, ១២) ប៉ុន្ដែ ចុះ​យ៉ាង​ណា​យើង​សព្វ​ថ្ងៃ​នេះ? តើ​តាម​របៀប​ណា​យើង​អាច​សហការ​គ្នា​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ក្នុង​ក្រុម​ជំនុំ និង​ក្នុង​ក្រុម​គ្រួសារ?

ចូរ​សហការ​គ្នា​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ

៣​. តើ​សាវ័ក​យ៉ូហាន​បាន​ឃើញ​អ្វី​ក្នុង​គំនិត?

នៅ​សតវត្សរ៍​ទី១ សាវ័ក​យ៉ូហាន​បាន​ឃើញ​ក្នុង​គំនិត​អំពី​ទេវតា​៧​រូប​ដែល​កំពុង​ផ្លុំ​ត្រែ។ ពេល​ទេវតា​ទី​៥​ផ្លុំ​ត្រែ យ៉ូហាន​បាន​ឃើញ​«​ផ្កាយ​មួយ​ដែល​បាន​ធ្លាក់​ដល់​ផែន​ដី​»។ ផ្កាយ​នោះ​បាន​ប្រើ​កូន​សោ​ដើម្បី​បើក​ទ្វារ​នៃ​ទី​ជ្រៅ​បំផុត។ ដំបូង មាន​ផ្សែង​ចេញ​មក​ពី​ទី​ជ្រៅ​បំផុត​នោះ ហើយ​បន្ទាប់​មក​សត្វ​កណ្ដូប​មួយ​ហ្វូង​ធំ​បាន​ហើរ​ចេញ​ពី​ផ្សែង​នោះ។ ជា​ជាង​បង្ខូច​ដើម​ឈើ ឬ​រុក្ខជាតិ សត្វ​កណ្ដូប​ទាំង​នោះ​បាន​ធ្វើ​ទុក្ខ​ដល់​ពួក​អ្នក​ដែល​«​មិន​មាន​ត្រា​របស់​ព្រះ​នៅ​ថ្ងាស​ពួក​គេ​»។ (​ការ​បើក​បង្ហាញ ៩:១​-​៤​) យ៉ូហាន​បាន​យល់​ថា​កណ្ដូប​មួយ​ហ្វូង​ធំ​នោះ​អាច​បង្ខូច​អ្វី​ៗ​ជា​ច្រើន ដូច​ដែល​ពួក​វា​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប​នា​សម័យ​ម៉ូសេ។ (​និក្ខមនំ ១០:១២​-​១៥​) កណ្ដូប​ដែល​យ៉ូហាន​បាន​ឃើញ​ជា​តំណាង​គ្រិស្ដ​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​គាត់​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ដែល​បក​អាក្រាត​សាសនា​មិន​ពិត។ ម្យ៉ាង​ទៀត មនុស្ស​រាប់​លាន​នាក់​ទៀត​ដែល​ទន្ទឹង​រង់​ចាំ​ជីវិត​នៅ​លើ​ផែន​ដី​បាន​ចូល​រួម​ជា​មួយ​នឹង​ពួក​គាត់ ហើយ​សហការ​គ្នា​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ។ កិច្ច​ការ​នេះ​បាន​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ចាក​ចេញ​ពី​សាសនា​មិន​ពិត​ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សាថាន។

យើង​អាច​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទូ​ទាំង​ពិភព​លោក ដោយ​សារ​យើង​សហការ​គ្នា

៤​. តើ​រាស្ដ្រ​របស់​ព្រះ​ត្រូវ​ធ្វើ​កិច្ច​ការ​អ្វី ហើយ​តើ​ពួក​គេ​អាច​ធ្វើ​ដូច្នេះ​បាន​យ៉ាង​ដូច​ម្ដេច?

យើង​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ​«​ដំណឹង​ល្អ​»​ដល់​មនុស្ស​ទូ​ទាំង​ពិភព​លោក​មុន​ទី​បញ្ចប់​មក​ដល់។ នេះ​ជា​កិច្ច​ការ​ដ៏​ធំ​មួយ! (​ម៉ាថាយ ២៤:១៤; ២៨:១៩, ២០​) យើង​ត្រូវ​អញ្ជើញ​អស់​អ្នក​ដែល​«​ស្រេក​»​ឲ្យ​មក​ផឹក​«​ទឹក​ដែល​ផ្ដល់​ជីវិត​»​ ពោល​គឺ យើង​ត្រូវ​បង្រៀន​អស់​អ្នក​ដែល​ចង់​យល់​សេចក្ដី​ពិត​ក្នុង​គម្ពីរ។ (​ការ​បើក​បង្ហាញ ២២:១៧​) ប៉ុន្ដែ យើង​អាច​ធ្វើ​ដូច្នេះ​បាន លុះ​ត្រា​តែ​យើង​«​ជាប់​គ្នា​យ៉ាង​ល្អ​»​និង​សហការ​គ្នា​ក្នុង​ក្រុម​ជំនុំ។—អេភេសូរ ៤:១៦

៥, ៦​. តើ​យើង​មាន​សាមគ្គី​ភាព​យ៉ាង​ដូច​ម្ដេច​ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត យើង​ត្រូវ​រៀប​ចំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ឲ្យ​មាន​របៀប​រៀប​រយ។ ការ​ណែនាំ​ដែល​យើង​ទទួល​ពី​ក្រុម​ជំនុំ​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​នេះ។ ក្រោយ​ពី​យើង​ជួប​ជុំ​គ្នា​សម្រាប់​ផ្សព្វ​ផ្សាយ យើង​ទៅ​ប្រាប់​មនុស្ស​អំពី​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ព្រះ។ យើង​ក៏​ស្នើ​ផ្ដល់​ឲ្យ​ពួក​គេ​ដែរ​នូវ​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ តាម​ពិត យើង​បាន​ស្នើ​ផ្ដល់​សៀវភៅ​ទាំង​នោះ​អស់​រាប់​លាន​ក្បាល​នៅ​ទូ​ទាំង​ពិភព​លោក។ ជួន​កាល យើង​បាន​ត្រូវ​សុំ​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​ពិសេស។ ពេលអ្នក​ធ្វើ​កិច្ច​ការ​នេះ អ្នក​មាន​សាមគ្គី​ភាព​ជា​មួយ​នឹង​មនុស្ស​រាប់​លាន​នាក់​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក​ដែល​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៃ​រាជាណាចក្រ​ដែរ! អ្នក​ក៏​សហការ​ជា​មួយ​នឹង​បណ្ដា​ទេវតា​ដែល​កំពុង​ជួយ​រាស្ដ្រ​របស់​ព្រះ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។—ការ​បើក​បង្ហាញ ១៤:៦

យើង​មាន​ចិត្ដ​រំភើប​ណាស់​ពេល​អាន​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​អំពី​លទ្ធផល​នៃ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក! សូម​គិត​ផង​ដែរ​អំពី​សាមគ្គី​ភាព​ដែល​យើង​មាន​ជា​មួយ​នឹង​បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក ពេល​ដែល​យើង​អញ្ជើញ​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​មហា​សន្និបាត​របស់​យើង។ នៅ​ទី​នោះ យើង​ទាំង​អស់​គ្នា​ស្តាប់​ព័ត៌មាន​ដូច​គ្នា។ សុន្ទរកថា ឈុត​សម្ដែង និង​ការ​សម្ដែង លើក​ទឹក​ចិត្ដ​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​អស់​ពី​ចិត្ដ។ យើង​ក៏​មាន​សាមគ្គី​ភាព​ជា​មួយ​នឹង​បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក​ដែរ ពេល​ដែល​យើង​ចូល​រួម​ពិធី​រំលឹក​ជា​រៀង​រាល់​ឆ្នាំ។ (​កូរិនថូស​ទី១ ១១:២៣​-​២៦​) យើង​ជួប​ជុំ​គ្នា​នៅ​ថ្ងៃ​ខែ​ដូច​គ្នា​គឺ​ថ្ងៃ​ទី​១៤ ខែ​ណែសាន​ក្រោយ​ថ្ងៃ​លិច ដើម្បី​បង្ហាញ​ថា​យើង​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​សម្រាប់​យើង និង​ដើម្បី​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត ប៉ុន្មាន​សប្ដាហ៍​មុន​ពិធី​រំលឹក យើង​សហការ​គ្នា​ក្នុង​ការ​អញ្ជើញ​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​មក​ចូល​រួម​ជា​មួយ​នឹង​យើង​នៅ​ពិធី​ដ៏​សំខាន់​នេះ។

៧​. ដោយ​សារ​យើង​សហការ​គ្នា តើ​យើង​អាច​ធ្វើ​អ្វី?

កណ្ដូប​មួយ​ក្បាល​មិន​អាច​ធ្វើ​អ្វី​ច្រើន​ទេ ដូច​គ្នា​ដែរ​យើង​ម្នាក់​ឯង​មិន​អាច​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់​បាន​ឡើយ។ ប៉ុន្ដែ ដោយ​សារ​យើង​សហការ​គ្នា នោះ​យើង​អាច​ប្រាប់​ដល់​មនុស្ស​រាប់​លាន​នាក់​អំពី​ព្រះ​យេហូវ៉ា ហើយ​ជួយ​ពួក​គេ​ខ្លះ​ឲ្យ​សរសើរ​និង​លើក​តម្កើង​លោក។

ចូរ​សហការ​គ្នា​ក្នុង​ក្រុម​ជំនុំ

៨, ៩​. (​ក​) តើ​ប៉ូល​បាន​ប្រើ​ឧទាហរណ៍​អ្វី​ដើម្បី​បង្រៀន​គ្រិស្ដ​សាសនិក​ឲ្យ​រក្សា​សាមគ្គី​ភាព? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​សហការ​គ្នា​ក្នុង​ក្រុម​ជំនុំ?

ប៉ូល​បាន​ពន្យល់​ទៅ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​អេភេសូរ​អំពី​របៀប​ដែល​ក្រុម​ជំនុំ​បាន​ត្រូវ​រៀប​ចំ ហើយ​គាត់​បាន​និយាយ​ថា​សមាជិក​ទាំង​អស់​នៅ​ក្នុង​ក្រុម​ជំនុំ​ត្រូវ​«​ធំ​លូត​លាស់​ឡើង . . . ក្នុង​គ្រប់​ការ​ទាំង​អស់​»។ (​សូម​អាន អេភេសូរ ៤:១៥, ១៦) ប៉ូល​បាន​លើក​ឧទាហរណ៍​មួយ​អំពី​រូប​កាយ​ដើម្បី​ពន្យល់​ថា គ្រិស្ដ​សាសនិក​ម្នាក់​ៗ​អាច​ជួយ​ក្រុម​ជំនុំ​ឲ្យ​រក្សា​សាមគ្គី​ភាព​និង​ធ្វើ​តាម​លោក​យេស៊ូ​ដែល​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ។ គាត់​បាន​និយាយ​ថា អវយវៈ​ទាំង​អស់​នៃ​រូប​កាយ​សហការ​គ្នា​«​តាម​រយៈ​សន្លាក់​ឆ្អឹង​ផ្សេង​ៗ​»។ ដូច្នេះ ទោះ​ជា​យើង​ក្មេង​ឬ​ចាស់ មាន​សុខភាព​ល្អ​ឬ​មិន​មាន​ក៏​ដោយ តើ​យើង​ម្នាក់​ៗ​គួរ​ធ្វើ​អ្វី?

តើ​តាម​របៀប​ណា​អ្នក​អាច​ជួយ​ក្រុម​ជំនុំ​ឲ្យ​រក្សា​សាមគ្គី​ភាព?

លោក​យេស៊ូ​បាន​តែង​តាំង​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ ហើយ​លោក​ចង់​ឲ្យ​យើង​គោរព​ពួក​គាត់ និង​ធ្វើ​តាម​ការ​ណែនាំ​ដែល​ពួក​គាត់​ឲ្យ​យើង។ (​ហេប្រឺ ១៣:៧, ១៧​) នេះ​មិន​តែង​តែ​ងាយ​ស្រួល​ធ្វើ​ទេ។ ប៉ុន្ដែ យើង​អាច​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​បាន។ លោក​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​សកម្មពល​បរិសុទ្ធ​ដើម្បី​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​ណា​ក៏​ដោយ​ដែល​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​យើង។ សូម​គិត​ផង​ដែរ​ថា​យើង​អាច​ជួយ​ក្រុម​ជំនុំ​បាន​ច្រើន​យ៉ាង​ណា​ទៅ បើ​យើង​មាន​ចិត្ដ​រាប​ទាប​និង​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ។ ក្រុម​ជំនុំ​យើង​នឹង​មាន​សាមគ្គី​ភាព ហើយ​យើង​នឹង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង។

១០​. តើ​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ជួយ​ក្រុម​ជំនុំ​ឲ្យ​មាន​សាមគ្គី​ភាព​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

១០ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ក៏​ជួយ​រក្សា​ក្រុម​ជំនុំ​ឲ្យ​មាន​សាមគ្គី​ភាព​ដែរ។ ពួក​គាត់​ព្យាយាម​ជួយ​ពួក​អ្នក​ចាស់​ទុំ ហើយ​យើង​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ។ ជា​ឧទាហរណ៍ ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​មាន​សៀវភៅ​គ្រប់​គ្រាន់​ដើម្បី​ប្រើ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ពួក​គាត់​ទទួល​ស្វាគមន៍​ពួក​អ្នក​ដែល​មក​ចូល​រួម​កិច្ច​ប្រជុំ​យើង។ ពួក​គាត់​ក៏​ព្យាយាម​ជួស​ជុល​និង​ថែ​រក្សា​សាល​ប្រជុំ​ឲ្យ​បាន​ស្អាត។ ពេល​ដែល​យើង​សហការ​ជា​មួយ​នឹង​បង​ប្អូន​ប្រុស​ទាំង​នេះ យើង​មាន​សាមគ្គី​ភាព​និង​បម្រើ​ព្រះ​យេហូវ៉ា​តាម​របៀប​រៀប​រយ។—សូម​ពិនិត្យ​បន្ថែម សកម្មភាព ៦:៣​-​៦

១១​. តើ​បង​ប្អូន​វ័យ​ក្មេង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​ក្រុម​ជំនុំ​ឲ្យ​មាន​សាមគ្គី​ភាព?

១១ ពួក​អ្នក​ចាស់​ទុំ​ខ្លះ​បាន​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​នៅ​ក្នុង​ក្រុម​ជំនុំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ ប៉ុន្ដែ ពួក​គាត់​ប្រហែល​ជា​មិន​អាច​ធ្វើ​ច្រើន​ដូច​ពី​មុន​ទេ ដោយ​សារ​ពួក​គាត់​កាន់​តែ​ចាស់​ទៅ​ៗ។ បើ​បង​ប្អូន​ប្រុស​ដែល​មាន​វ័យ​ក្មេង​ជាង​បាន​ទទួល​ការ​បង្ហាត់​បង្រៀន នោះ​ពួក​គេ​អាច​ជួយ​បំពេញ​ភារកិច្ច​ច្រើន​ថែម​ទៀត​ក្នុង​ក្រុម​ជំនុំ។ ម្យ៉ាង​ទៀត ពេល​ដែល​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ព្យាយាម​បំពេញ​ភារកិច្ច ពួក​គាត់​ប្រហែល​ជា​អាច​បម្រើ​ជា​អ្នក​ចាស់​ទុំ​នៅ​ពេល​អនាគត។ (​ធីម៉ូថេ​ទី១ ៣:១, ១០​) អ្នក​ចាស់​ទុំ​ខ្លះ​ដែល​មាន​វ័យ​ក្មេង​ជាង​បាន​ជឿន​ទៅ​មុខ​រហូត​ដល់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល ហើយ​ពួក​គាត់​កំពុង​ជួយ​បង​ប្អូន​នៅ​ក្នុង​ក្រុម​ជំនុំ​ជា​ច្រើន។ យើង​មាន​ចិត្ដ​កតញ្ញូ​ពេល​ដែល​បង​ប្អូន​ដែល​មាន​វ័យ​ក្មេង​ជាង​សុខ​ចិត្ដ​បម្រើ​បង​ប្អូន​រួម​ជំនឿ។—សូម​អាន ទំនុក​តម្កើង ១១០:៣; សាស្តា ១២:១

ចូរ​សហការ​គ្នា​ក្នុង​ក្រុម​គ្រួសារ

១២, ១៣​. តើ​អ្វី​អាច​ជួយ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​ឲ្យ​សហការ​គ្នា?

១២ តើ​តាម​របៀប​ណា​យើង​អាច​ជួយ​សមាជិក​ក្រុម​គ្រួសារ​យើង​ឲ្យ​សហការ​គ្នា? ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​រៀង​រាល់​សប្ដាហ៍​អាច​ជួយ​យើង​ឲ្យ​សហការ​គ្នា។ ពេល​ដែល​ឪ​ពុក​ម្ដាយ​និង​កូន​ៗ​ចំណាយ​ពេល​ជា​មួយ​គ្នា​ដើម្បី​រៀន​អំពី​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង។ ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ពួក​គេ​អាច​ហាត់​អ្វី​ដែល​ពួក​គេ​នឹង​និយាយ​នៅ​ក្នុង​កិច្ច​បម្រើ​ផ្សាយ នេះ​ជួយ​ឲ្យ​សមាជិក​ទាំង​អស់​ក្នុង​ក្រុម​គ្រួសារ​រៀប​ចំ​បាន​ល្អ​ប្រសើរ​ជាង។ ម្យ៉ាង​ទៀត ពេល​ដែល​ក្រុម​គ្រួសារ​ឮ​សមាជិក​ម្នាក់​ៗ​និយាយ​អំពី​សេចក្ដី​ពិត​និង​ឃើញ​ថា​សមាជិក​ទាំង​អស់​ស្រឡាញ់​ព្រះ​យេហូវ៉ា​ហើយ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ នោះ​ពួក​គេ​នឹង​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា។

ពេល​ប្ដី​ប្រពន្ធ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ហើយ​បម្រើ​លោក​ជា​មួយ​គ្នា នោះ​ពួក​គាត់​នឹង​មាន​សុភមង្គល ថែម​ទាំង​មាន​សាមគ្គី​ភាព​ក្នុង​ចំណង​អាពាហ៍ពិពាហ៍

១៣ តើ​ប្ដី​និង​ប្រពន្ធ​អាច​សហការ​គ្នា​យ៉ាង​ដូច​ម្ដេច? (​ម៉ាថាយ ១៩:៦​) ពេល​ពួក​គាត់​ទាំង​ពីរ​នាក់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​បម្រើ​លោក​ជា​មួយ​គ្នា នោះ​ពួក​គាត់​នឹង​មាន​សុភមង្គល ថែម​ទាំង​មាន​សាមគ្គី​ភាព​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។ ពួក​គាត់​ក៏​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ ដូច​អាប្រាហាំ​និង​សារ៉ា អ៊ីសាក​និង​រេបិកា ហើយ​អែ​ល​កាណា​និង​ហា​ណា។ (​លោកុប្បត្ដិ ២៦:៨; សាំយូអែល​ទី១ ១:៥, ៨; ពេត្រុស​ទី១ ៣:៥, ៦​) ពេល​ដែល​ប្ដី​និង​ប្រពន្ធ​ធ្វើ​ដូច្នេះ នោះ​ពួក​គេ​មាន​សាមគ្គី​ភាព​នឹង​គ្នា​ហើយ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។—សូម​អាន សាស្តា ៤:១២

ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​អាច​ជួយ​ទាំង​ក្មេង​ទាំង​ចាស់​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​គ្នា (​សូម​មើល​វគ្គ​១២, ១៥​)

១៤​. បើ​ប្ដី​ឬ​ប្រពន្ធ​របស់​អ្នក​មិន​បម្រើ​ព្រះ​យេហូវ៉ា តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​រក្សា​ចំណង​អាពាហ៍ពិពាហ៍​ឲ្យ​រឹង​មាំ?

១៤ គម្ពីរ​ចែង​យ៉ាង​ច្បាស់​ថា​យើង​មិន​គួរ​រៀប​ការ​ជា​មួយ​នឹង​បុគ្គល​ណា​ដែល​មិន​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ (​កូរិនថូស​ទី២ ៦:១៤​) យ៉ាង​ណា​ក្ដី បង​ប្អូន​ខ្លះ​បាន​រៀប​ការ​ជា​មួយ​នឹង​បុគ្គល​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ចំណែក​ឯ​បង​ប្អូន​ខ្លះ​បាន​រៀន​សេចក្ដី​ពិត​ក្រោយ​ពី​ពួក​គាត់​បាន​រៀប​ការ​ហើយ តែ​គូ​របស់​ពួក​គាត់​មិន​បាន​ក្លាយ​ទៅ​ជា​សាក្សី​ឡើយ។ បង​ប្អូន​ខ្លះ​ទៀត​ប្រហែល​ជា​បាន​រៀប​ការ​ជា​មួយ​នឹង​អ្នក​បម្រើ​ព្រះ​យេហូវ៉ា ប៉ុន្ដែ​ក្រោយ​មក​ប្ដី​ឬ​ប្រពន្ធ​របស់​ពួក​គាត់​ចាក​ចេញ​ពី​ក្រុម​ជំនុំ។ ក្នុង​ស្ថានភាព​ទាំង​នេះ គ្រិស្ដ​សាសនិក​គួរ​ខំ​អស់​ពី​សមត្ថភាព​ធ្វើ​តាម​គោល​ការណ៍​ក្នុង​គម្ពីរ​ដើម្បី​រក្សា​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់​ឲ្យ​រឹង​មាំ។ នេះ​ប្រហែល​ជា​មិន​តែង​តែ​ងាយ​ស្រួល​ឡើយ។ ជា​ឧទាហរណ៍ បង​ម៉ារៀ​និង​បង​ដាវីឌ​ដែល​ជា​ប្ដី​គាត់ បាន​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា។ ក្រោយ​មក​បង​ដាវីឌ​បាន​ឈប់​ទៅ​កិច្ច​ប្រជុំ។ ប៉ុន្ដែ បង​ម៉ារៀ​នៅ​តែ​ព្យាយាម​ធ្វើ​ជា​ប្រពន្ធ​ល្អ​ម្នាក់ ហើយ​បង្ហាញ​គុណ​សម្បត្ដិ​ជា​គ្រិស្ដ​សាសនិក។ បង​ម៉ារៀ​ក៏​បាន​បង្រៀន​កូន​ទាំង​៦​នាក់​របស់​គាត់​អំពី​ព្រះ​យេហូវ៉ា ហើយ​បាន​បន្ដ​ចូល​រួម​កិច្ច​ប្រជុំ​និង​មហា​សន្និបាត​ដែរ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ពេល​ដែល​កូន​ៗ​ធំ​ពេញ​វ័យ ហើយ​បាន​ចាក​ចេញ​ពី​ផ្ទះ​អស់ បង​ម៉ារៀ​នៅ​តែ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា ទោះ​ជា​ស្ថានភាព​នេះ​កាន់​តែ​ពិបាក​សម្រាប់​គាត់​ក្ដី។ ប៉ុន្ដែ ក្រោយ​មក បង​ដាវីឌ​បាន​ចាប់​ផ្ដើម​អាន​ទស្សនាវដ្ដី​ផ្សេង​ៗ​ដែល​បង​ម៉ារៀ​បាន​ទុក​សម្រាប់​គាត់។ នៅ​ពេល​ក្រោយ​មក បង​ដាវីឌ​បាន​ចាប់​ផ្ដើម​ទៅ​កិច្ច​ប្រជុំ​ម្ដង​ទៀត។ ចៅ​ប្រុស​របស់​បង​ដាវីឌ​ដែល​មាន​អាយុ​៦​ឆ្នាំ​តែង​តែ​ទុក​កន្លែង​អង្គុយ​ឲ្យ​គាត់ ហើយ​បើ​បង​ដាវីឌ​មិន​មក ក្មេង​ប្រុស​នោះ​បាន​និយាយ​ទៅ​គាត់​ថា​៖ ​«​ខ្ញុំ​នឹក​តា​ពេល​ខ្ញុំ​អត់​ឃើញ​តា​នៅ​កិច្ច​ប្រជុំ​ថ្ងៃ​នេះ​»។ នៅ​ទី​បំផុត បង​ដាវីឌ​បាន​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ​ក្រោយ​២៥​ឆ្នាំ ហើយ​គាត់​និង​ប្រពន្ធ​គាត់​សប្បាយ​រីក​រាយ​ដែល​ឥឡូវ​នេះ​ពួក​គាត់​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​គ្នា​ម្ដង​ទៀត។

១៥​. តើ​ប្ដី​ប្រពន្ធ​ដែល​រៀប​ការ​យូរ​ហើយ​អាច​ជួយ​គូ​អាពាហ៍ពិពាហ៍​ដែល​មាន​វ័យ​ក្មេង​យ៉ាង​ដូច​ម្ដេច?

១៥ សាថាន​ខំ​បំផ្លាញ​ក្រុម​គ្រួសារ​នៅ​សព្វ​ថ្ងៃ​នេះ។ នេះ​ជា​មូលហេតុ​មួយ​ដែល​ប្ដី​និង​ប្រពន្ធ​ដែល​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​សហការ​គ្នា។ ទោះ​ជា​អ្នក​បាន​រៀប​ការ​យូរហើយ​ក្ដី សូម​គិត​អំពី​អ្វី​ដែល​អ្នក​អាច​និយាយ ឬ​ធ្វើ​ដើម្បី​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក។ បើ​អ្នក​ជា​ប្ដី​ប្រពន្ធ​ដែល​បាន​រៀប​ការ​យូរ​ហើយ នោះ​អ្នក​អាច​ធ្វើ​ជា​គំរូ​ល្អ​ដល់​ប្ដី​ប្រពន្ធ​ដែល​មាន​វ័យ​ក្មេង។ ប្រហែល​ជា​អ្នក​អាច​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ជា​មួយ​អ្នក។ យ៉ាង​នេះ ពួក​គេ​នឹង​ឃើញ​ថា ទោះ​ជា​ប្ដី​ប្រពន្ធ​បាន​រៀប​ការ​យូរ​ហើយ​ក្ដី ពួក​គេ​នៅ​តែ​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​និង​មាន​សាមគ្គី​ភាព​នឹង​គ្នា។—ទីតុស ២:៣​-​៧

«​ចូរ​យើង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា​»

១៦, ១៧​. តើ​រាស្ដ្រ​របស់​ព្រះ​ដែល​មាន​សាមគ្គី​ភាព​កំពុង​ទន្ទឹង​រង់​ចាំ​អ្វី?

១៦ ពេល​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ទៅ​ចូល​រួម​បុណ្យ​ផ្សេង​ៗ​នៅ​ក្រុង​យេរូសាឡិម ពួក​គេ​បាន​សហការ​គ្នា។ ពួក​គេ​បាន​រៀប​ចំ​អ្វី​ៗ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​ការ​សម្រាប់​ធ្វើ​ដំណើរ។ បន្ទាប់​មក ពួក​គេ​បាន​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ឯ​វិហារ ពួក​គេ​ទាំង​អស់​គ្នា​បាន​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រណិប័តន៍​លោក​ជា​មួយ​គ្នា។ (​លូកា ២:៤១​-​៤៤​) សព្វ​ថ្ងៃ​នេះ កាល​ដែល​យើង​ត្រៀម​ខ្លួន​ដើម្បី​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី យើង​ត្រូវ​មាន​សាមគ្គី​ភាព ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​សហការ​គ្នា។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​កាន់​តែ​ច្រើន​ថែម​ទៀត​ឬ​ទេ?

១៧ មនុស្ស​នៅ​ក្នុង​ពិភព​លោក​នេះ​មិន​យល់​ស្រប​គ្នា ហើយ​ថែម​ទាំង​ឈ្លោះ​គ្នា​អំពី​រឿង​ជា​ច្រើន។ ប៉ុន្ដែ យើង​មាន​អំណរ​គុណ​ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​មាន​សន្ដិ​ភាព​និង​ឲ្យ​យើង​យល់​អំពី​សេចក្ដី​ពិត! រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក​កំពុង​គោរព​ប្រណិប័តន៍​លោក​តាម​របៀប​ដែល​លោក​ពេញ​ចិត្ដ។ ជា​ពិសេស​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​មាន​សាមគ្គី​ភាព​ខ្លាំង​ជាង​ពេល​មុន​ៗ​ទៅ​ទៀត។ ដូច​អេសាយ​និង​មីកា​បាន​ប្រកាស​ទុក​ជា​មុន យើង​នឹង​ឡើង​ទៅ​«​ឯ​ភ្នំ​នៃ​ព្រះ​យេហូវ៉ា​»​ជា​មួយ​គ្នា។ (​អេសាយ ២:២​-​៤; សូម​អាន មីកា ៤:២​-​៤) នៅ​ពេល​អនាគត យើង​នឹង​មាន​អំណរ​យ៉ាង​ខ្លាំង ពេល​ដែល​មនុស្ស​ទាំង​អស់​នៅ​ផែន​ដី​«​ជាប់​គ្នា​យ៉ាង​ល្អ​»​និង​សហការ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា!