លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

តើ​ពេល​ណា​រាស្ដ្រ​របស់​ព្រះ​បាន​ទៅ​ជា​ឈ្លើយ ឬ​ជា​អ្នក​ទោស​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

នេះ​បាន​ចាប់​ផ្ដើម​មួយ​រយៈ​ពេល​ក្រោយ​ពី​ឆ្នាំ​១០០ គ.ស. ហើយ​បាន​ចប់​នៅ​ឆ្នាំ​១៩១៩។ ហេតុ​អ្វី​ចាំ​បាច់​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង?

ភ័ស្ដុតាង​ទាំង​អស់​បង្ហាញ​ថា​ក្នុង​ឆ្នាំ​១៩១៩​គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​បាន​ត្រូវ​រំដោះ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​បាន​មូល​គ្នា​ទៅ​ជា​ក្រុម​ជំនុំ​ដ៏​ស្អាត​ស្អំ​មួយ។ សូម​គិត​អំពី​រឿង​នេះ: ភ្លាម​ៗ​ក្រោយ​ពី​រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​ក្នុង​ឆ្នាំ​១៩១៤ រាស្ដ្រ​របស់​ព្រះ​បាន​ត្រូវ​សាកល្បង ហើយ​បន្ដិច​ម្ដង​ៗ​បាន​ត្រូវ​សម្អាត​ពី​ការ​គោរព​ប្រណិប័តន៍​មិន​ពិត។ * (​សូម​មើល​កំណត់​សម្គាល់​) (​ម៉ាឡាគី ៣:១​-​៤​) បន្ទាប់​មក​នៅ​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ដើម្បី​ឲ្យ‹អាហារ​តាម​ត្រូវ​ពេល›ដល់​រាស្ដ្រ​ដ៏​ស្អាត​ស្អំ​របស់​ព្រះ។ (​ម៉ាថាយ ២៤:៤៥​-​៤៧​) នៅ​ឆ្នាំ​ដដែល​នោះ រាស្ដ្រ​របស់​ព្រះ​បាន​ត្រូវ​រំដោះ​ចេញ​ក្នុង​ន័យ​ធៀប​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ (​ការ​បើក​បង្ហាញ ១៨:៤​) ប៉ុន្ដែ តើ​ពេល​ណា​រាស្ដ្រ​របស់​ព្រះ​បាន​ទៅ​ជា​ឈ្លើយ?

ពី​មុន​យើង​បាន​ពន្យល់​ថា​រាស្ដ្រ​របស់​ព្រះ​បាន​ទៅ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​អស់​រយៈ​ពេល​ខ្លី​ដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៨។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩៩២ បាន​ពន្យល់​ថា ដូច​ជន​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​ទៅ​បាប៊ីឡូន នោះ​នៅ​ឆ្នាំ​១៩១៨​អ្នក​បម្រើ​របស់​ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ ប៉ុន្ដែ ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​បង្ហាញ​ថា​រាស្ដ្រ​របស់​ព្រះ​បាន​ទៅ​ជា​ឈ្លើយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មុន​ឆ្នាំ​១៩១៨។

ទំនាយ​នៅ​អេសេគាល ៣៧:១​-​១៤​បាន​ចែង​ថា​រាស្ដ្រ​របស់​ព្រះ​នឹង​ទៅ​ជា​ឈ្លើយ ហើយ​ក្រោយ​មក​នឹង​ត្រូវ​រំដោះ។ អេសេគាល​បាន​ឃើញ​ក្នុង​គំនិត​អំពី​ច្រក​ភ្នំ​មួយ​ដែល​ពេញ​ទៅ​ដោយ​ឆ្អឹង។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឆ្អឹង​ទាំង​នេះ​ជា​ពួក​វង្ស​អ៊ីស្រាអែល​ទាំង​មូល​»។ (​ខ​១១​) នេះ​សំដៅ​ទៅ​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល ហើយ​ក្រោយ​មក​សំដៅ​ទៅ​លើ​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ដែល​ជា​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ (​កាឡាទី ៦:១៦; សកម្មភាព ៣:២១​) អេសេគាល​បាន​ឃើញ​ឆ្អឹង​ទាំង​នោះ​មាន​សាច់​ឈាម​ឡើង​វិញ ហើយ​បាន​ទៅ​ជា​កង​ទ័ព​ដ៏​ធំ​មួយ។ នេះ​រៀប​រាប់​អំពី​របៀប​ដែល​រាស្ដ្រ​របស់​ព្រះ​បាន​ត្រូវ​រំដោះ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នៅ​ឆ្នាំ​១៩១៩។ ប៉ុន្ដែ តើ​តាម​របៀប​ណា​ទំនាយ​នេះ​បង្ហាញ​ថា​ពួក​គេ​បាន​ទៅ​ជា​ឈ្លើយ​អស់​រយៈ​ពេល​ជា​យូរ?

ទី១ អេសេគាល​បាន​កត់​សម្គាល់​ថា​ឆ្អឹង​របស់​មនុស្ស​ស្លាប់​គឺ​«​ស្ងួត​ហែង​ណាស់​»។ (​អេសេគាល ៣៧:២, ១១​) នេះ​មាន​ន័យ​ថា​មនុស្ស​ទាំង​នោះ​បាន​ស្លាប់​អស់​រយៈ​ពេល​យ៉ាង​យូរ។ ទី២ អេសេគាល​បាន​ឃើញ​ថា​មនុស្ស​ស្លាប់​ទាំង​នោះ​មាន​ជីវិត​ឡើង​វិញ​បន្ដិច​ម្ដង​ៗ មិន​មែន​ភ្លាម​ៗ​នោះទេ។ គាត់​បាន​ឮ​«​សូរ​ក្រិក​ៗ ហើយ​មើល​ឆ្អឹង​ទាំង​នោះ​បាន​កំរើក ក៏​ផ្គុំ​ជាប់​គ្នា ឆ្អឹង​១​ភ្ជាប់​ត្រង់​កន្លែង​របស់​ខ្លួន​»។ បន្ទាប់​មក គាត់​បាន​ឃើញ​«​សរសៃ​នឹង​សាច់​កើត​ឡើង​នៅ​ឆ្អឹង​ទាំង​នោះ​»។ បន្ទាប់​មក​ទៀត ស្បែក​រុំ​គ្រប​សាច់។ ក្រោយ​មក ​«​ខ្យល់​ដង្ហើម​ក៏​ចូល​ទៅ​ក្នុង​សព​ទាំង​នោះ ហើយ​វា​ក៏​រស់​ឡើង​»។ នៅ​ទី​បំផុត ក្រោយ​ពី​មនុស្ស​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដី​ដល់​ពួក​គេ​ដើម្បី​រស់​នៅ។ អ្វី​ៗ​ទាំង​អស់​នេះ​ត្រូវ​ការ​រយៈ​ពេល​យូរ។—អេសេគាល ៣៧:៧​-​១០, ១៤

ដូច​ទំនាយ​នេះ​បាន​ចែង ជន​ជាតិ​អ៊ីស្រាអែល​បាន​ទៅ​ឈ្លើយ​អស់​រយៈ​ពេល​យូរ។ ពួក​គេ​បាន​ចាប់​ផ្ដើម​ទៅ​ជា​ឈ្លើយ​នៅ​ឆ្នាំ​៧៤០ មុន​គ.ស. ពេល​ដែល​កុលសម្ព័ន្ធ​ទាំង​ដប់​នៃ​រាជាណាចក្រ​អ៊ីស្រាអែល​ដែល​នៅ​ខាង​ជើង​បាន​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ទឹក​ដី​របស់​ពួក​គេ។ ក្រោយ​មក នៅ​ឆ្នាំ​៦០៧ មុន​គ.ស. ក្រុង​យេរូសាឡិម​បាន​ត្រូវ​បំផ្លាញ​ដោយ​ជន​ជាតិ​បាប៊ីឡូន ហើយ​កុលសម្ព័ន្ធ​ពីរ​ទៀត​ដែល​ជា​រាជាណាចក្រ​យូដា​ដែល​នៅ​ខាង​ត្បូង​ក៏​បាន​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ទឹក​ដី​របស់​ពួក​គេ​ដែរ។ ក្រោយ​មក​ទៀត នៅ​ឆ្នាំ​៥៣៧ មុន​គ.ស. ពួក​គេ​បាន​ឈប់​ធ្វើ​ជា​ឈ្លើយ​ពេល​ដែល​ជន​ជាតិ​យូដា​មួយ​ចំនួន​តូច​បាន​ត្រឡប់​ទៅ​សង់​វិហារ​ឡើង​វិញ ហើយ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ម្ដង​ទៀត​នៅ​ក្រុង​យេរូសាឡិម។

ដូច្នេះ​ព័ត៌មាន​ល្អិត​ល្អន់​ទាំង​អស់​នេះ​បង្ហាញ​ថា​ពួក​គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ច្បាស់​ជា​បាន​ទៅ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​អស់​រយៈ​ពេល​យូរ មិន​គ្រាន់​តែ​ពី​ឆ្នាំ​១៩១៨​ដល់​១៩១៩​ប៉ុណ្ណោះ​ទេ។ ពេល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​ស្រងែ​ដែល​ជា​គ្រិស្ដ​សាសនិក​មិន​ពិត នឹង​ដុះ​ឡើង​ជា​មួយ​ស្រូវ​សាលី​ដែល​ជា​«​កូន​នៃ​រាជាណាចក្រ​»​ លោក​ក៏​បាន​សំដៅ​ទៅ​លើ​រយៈ​ពេល​ជា​យូរ​នោះ​ដែរ។ (​ម៉ាថាយ ១៣:៣៦​-​៤៣​) ក្នុង​អំឡុង​ពេល​នោះ​មាន​តែ​គ្រិស្ដ​សាសនិក​ពិត​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។ ពួក​អ្នក​ភាគ​ច្រើន​ដែល​បាន​អះអាង​ថា​ពួក​គេ​ជា​គ្រិស្ដ​សាសនិក​បាន​ទទួល​យក​សេចក្ដី​បង្រៀន​មិន​ពិត ហើយ​បាន​ទៅ​ជា​អ្នក​ក្បត់​ជំនឿ។ នេះ​ជា​មូលហេតុ​ដែល​យើង​អាច​និយាយ​ថា​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​បាន​ត្រូវ​ចាប់​ជា​ឈ្លើយ​ដោយ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ ការ​ទៅ​ជា​ឈ្លើយ​នេះ​បាន​ចាប់​ផ្ដើម​អស់​មួយ​រយៈ​ពេល​ក្រោយ​ពី​ឆ្នាំ​១០០ គ.ស. និង​បន្ដ​រហូត​ដល់​ការ​រៀប​ចំ​របស់​ព្រះ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ត្រូវ​សម្អាត​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។—សកម្មភាព ២០:២៩, ៣០; ថែស្សាឡូនិច​ទី២ ២:៣, ៦; យ៉ូហាន​ទី១ ២:១៨, ១៩

ក្នុង​អំឡុង​រាប់​រយ​ឆ្នាំ​នោះ អ្នក​ដឹក​នាំ​សាសនា​និង​អ្នក​នយោបាយ​ចង់​ឲ្យ​បណ្ដា​ជន​នៅ​ក្រោម​អំណាច​របស់​ពួក​គេ។ ជា​ឧទាហរណ៍ មនុស្ស​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​គម្ពីរ ឬ​អាន​គម្ពីរ​ជា​ភាសា​ដែល​ពួក​គេ​អាច​យល់​ឡើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ដែល​អាន​គម្ពីរ​បាន​ត្រូវ​គេ​ដុត​នៅ​លើ​បង្គោល​ឈើ។ ម្យ៉ាង​ទៀត ពួក​អ្នក​ដែល​បាន​និយាយ​ប្រឆាំង​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក​ដឹក​នាំ​សាសនា​បាន​ត្រូវ​ដាក់​ទោស​យ៉ាង​ធ្ងន់​ធ្ងរ។ មនុស្ស​ស្ទើរតែ​មិន​អាច​រៀន​សេចក្ដី​ពិត ឬ​បង្រៀន​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត​ឡើយ។

ម្យ៉ាង​ទៀត តាម​រយៈ​អ្វី​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត យើង​រៀន​ថា​រាស្ដ្រ​របស់​ព្រះ​បាន​មាន​ជីវិត​ឡើង​វិញ ហើយ​បាន​ត្រូវ​រំដោះ​ចេញពី​សាសនា​មិន​ពិត​បន្ដិច​ម្ដង​ៗ។ ដូច្នេះ តើ​នេះ​បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ពេល​ណា ហើយ​តើ​តាម​របៀប​ណា? តាម​រយៈ​អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត គាត់​រៀប​រាប់​អំពី​សំឡេង​«​ឮ​សូរ​ក្រិក​ៗ​»។ នេះ​បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ប៉ុន្មាន​រយ​ឆ្នាំ​មុន​គ្រា​ចុង​ក្រោយ​បង្អស់។ ក្នុង​អំឡុង​ពេល​នោះ មាន​បុគ្គល​ស្មោះ​ត្រង់​ខ្លះ​ដែល​ចង់​ស្វែង​រក​សេចក្ដី​ពិត​និង​បម្រើ​ព្រះ ទោះ​ជា​នៅ​ជុំ​វិញ​ពួក​គេ​មាន​ពេញ​ទៅ​ដោយ​សេចក្ដី​បង្រៀន​មិន​ពិត​ក្ដី។ ពួក​គេ​បាន​សិក្សា​គម្ពីរ ហើយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រាប់​ដល់​មនុស្ស​ឯ​ទៀត​អំពី​អ្វី​ដែល​ពួក​គេ​បាន​រៀន។ អ្នក​ខ្លះ​ទៀត​ខំ​ព្យាយាម​បក​ប្រែ​គម្ពីរ​ទៅ​ជា​ភាសា​ផ្សេង​ៗ​ដែល​មនុស្ស​អាច​យល់​បាន។

បន្ទាប់​មក ប្រហែល​ជា​នៅ​ឆ្នាំ​១៨៧០ គឺ​ហាក់​ដូច​ជា​ឆ្អឹង​ទាំង​នោះ​មាន​សាច់​ឈាម​ឡើង​វិញ។ បង​ឆាល ថេស រ៉ាសិល​និង​មិត្ដ​ភក្ដិ​របស់​គាត់​បាន​ខំ​ព្យាយាម​ស្វែង​រក​សេចក្ដី​ពិត​ក្នុង​គម្ពីរ ហើយ​បម្រើ​ព្រះ​យេហូវ៉ា។ ពួក​គាត់​ក៏​បាន​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​យល់​សេចក្ដី​ពិត​ដែរ​ដោយ​ប្រើ​ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​និង​សៀវភៅ​ឯ​ទៀត។ ក្រោយ​មក ​«​ល្ខោន​រូប​ភាព​នៃ​ការ​បង្កើត​»​នៅ​ឆ្នាំ​១៩១៤ និង​នៅ​ឆ្នាំ​១៩១៧​សៀវភៅ​ការ​បញ្ចប់​សេចក្ដី​អាថ៌​កំបាំង (​The F​in​ished Mystery​) បាន​ជួយ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ពង្រឹង​ជំនឿ​របស់​ពួក​គេ។ នៅ​ទី​បំផុត នា​ឆ្នាំ​១៩១៩ គឺ​ហាក់​ដូច​ជា​រាស្ដ្រ​របស់​លោក​បាន​ទទួល​ជីវិត​និង​ទឹក​ដី​ថ្មី។ តាំង​ពី​ពេល​នោះ​មក ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​បាន​រួប​រួម​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ពួក​គេ​ទាំង​អស់​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​បាន​ទៅ​ជា​«​កង​ទ័ព​យ៉ាង​ធំ​ក្រៃ​លែង​»​ * (​សូម​មើល​កំណត់​សម្គាល់​)។—អេសេគាល ៣៧:១០; សាការី ៨:២០​-​២៣

ដូច្នេះ យើង​អាច​យល់​យ៉ាង​ច្បាស់​ថា​រាស្ដ្រ​របស់​ព្រះ​បាន​ទៅ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ក្រោយ​ពី​ឆ្នាំ​១០០ គ.ស.។ នេះ​ជា​ពេល​ដែល​មនុស្ស​ជា​ច្រើន​បាន​ទៅ​ជា​អ្នក​ក្បត់​ជំនឿ​ដោយ​ទទួល​យក​សេចក្ដី​បង្រៀន​មិន​ពិត ហើយ​បោះ​បង់​ចោល​សេចក្ដី​ពិត។ ជា​លទ្ធផល អស់​ជា​ច្រើន​ឆ្នាំ គឺ​ពិបាក​ណាស់​ឲ្យ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​បម្រើ​លោក នេះ​ដូច​គ្នា​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ពេល​ដែល​ពួក​គេ​ទៅ​ជា​អ្នក​ទោស។ ប៉ុន្ដែ សព្វ​ថ្ងៃ​នេះ​រាស្ដ្រ​របស់​ព្រះ​កំពុង​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ដល់​មនុស្ស​ទាំង​អស់។ យើង​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ដែល​យើង​កំពុង​រស់​នៅ​ក្នុង​គ្រា​ដែល‹ពួក​អ្នក​ដែល​មាន​ប្រាជ្ញា​នឹង​ភ្លឺ​ដូច​ជា​រស្មី›! សព្វ​ថ្ងៃ​នេះ​មនុស្ស​ជា​ច្រើន​អាច​«​សំអាត​»​ខ្លួន ពោល​គឺ‹បាន​ត្រូវ​សំរង›ឬ​សម្រិត​សម្រាំង ហើយ​ទទួល​យក​ការ​គោរព​ប្រណិប័តន៍​ពិត!—ដានីយ៉ែល ១២:៣, ១០

ពេល​សាថាន​ព្យាយាម​ល្បួង​លោក​យេស៊ូ តើ​វា​ពិត​ជា​បាន​នាំ​លោក​យេស៊ូ​ទៅ​វិហារ​ឬ? ឬ​តើ​វា​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​ឃើញ​វិហារ​នោះ​នៅ​ក្នុង​គំនិត?

យើង​មិន​ដឹង​ច្បាស់​អំពី​របៀប​ដែល​សាថាន​បាន​បង្ហាញ​វិហារ​ទៅ​លោក​យេស៊ូ​ទេ។

ម៉ាថាយ​និង​លូកា​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​បាន​រៀប​រាប់​អំពី​អ្វី​ដែល​បាន​កើត​ឡើង។ ម៉ាថាយ​បាន​សរសេរ​ថា​«​មេ​កំណាច​នាំ​»​លោក​យេស៊ូ​ទៅ​ក្រុង​យេរូសាឡិម ហើយ​«​បាន​ដាក់​លោក​នៅ​លើ​កំពែង​វិហារ​»​ដែល​ជា​កន្លែង​ខ្ពស់​បំផុត​នៃ​វិហារ។ (​ម៉ាថាយ ៤:៥​) លូកា​បាន​សរសេរ​ថា​មេ​កំណាច​បាន​«​នាំ​លោក​ចូល​ទៅ​ក្នុង​ក្រុង​យេរូសាឡិម ហើយ​ដាក់​លោក​នៅ​លើ​កំពែង​វិហារ​»។—លូកា ៤:៩

ពី​មុន​សៀវភៅ​ផ្សេង​ៗ​របស់​យើង​បាន​រៀប​រាប់​ថា​សាថាន​ប្រហែល​ជា​មិន​បាន​នាំ​លោក​យេស៊ូ​ទៅ​វិហារ​ទេ ពេល​ដែល​វា​ព្យាយាម​ល្បួង​លោក។ ជា​ឧទាហរណ៍ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​១៩៦១ បាន​ពន្យល់​ព្រឹត្ដិការណ៍​នេះ​ដោយ​ពិចារណា​អំពី​ពេល​ដែល​សាថាន​ព្យាយាម​ល្បួងលោក​យេស៊ូ​ដោយ​បង្ហាញ​លោក​នូវ​រាជាណាចក្រ​ទាំង​អស់​ក្នុង​ពិភព​លោក​ពី​លើ​ភ្នំ​ដ៏​ខ្ពស់​មួយ។ ទស្សនាវដ្ដី​នោះ​បាន​ពន្យល់​ថា​គ្មាន​ភ្នំ​ណា​ដែល​ខ្ពស់​ល្មម​ឲ្យ​បុគ្គល​ម្នាក់​អាច​មើល​ឃើញ​រាជាណាចក្រ​ទាំង​អស់​ក្នុង​ពិភព​លោក​ឡើយ។ រួច​មក ទស្សនាវដ្ដី​ប៉ម​យាម​នោះ​ក៏​បាន​ពន្យល់​ដែរ​ថា សាថាន​ទំនង​ជា​មិន​បាន​នាំ​លោក​យេស៊ូ​ទៅ​វិហារ​មែន​ទែន​ទេ។ ប៉ុន្ដែ អត្ថបទ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ក្រោយ​ៗ​មក​បាន​រៀប​រាប់​ថា​បើ​លោក​យេស៊ូ​បាន​លោត​ចុះ​ពី​កំពែង​នៃ​វិហារ នោះ​លោក​អាច​ស្លាប់​មែន។

បុគ្គល​ខ្លះ​និយាយ​ថា​ដោយ​សារ​លោក​យេស៊ូ​មិន​មែន​មក​ពី​កុលសម្ព័ន្ធ​លេវី លោក​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ឈរ​លើ​វិហារ​ឡើយ។ ដូច្នេះ ពួក​គេ​និយាយ​ថា​សាថាន​ច្បាស់​ជា​បាន​ព្យាយាម​ល្បួង​លោក​យេស៊ូ​ដោយ​ធ្វើ​ឲ្យ​លោក​ឃើញ​ក្នុង​គំនិត។ រាប់​រយ​ឆ្នាំ​មុន អេសេគាល​ក៏​បាន​ឃើញ​ក្នុង​គំនិត​ដែរ​ថា​គាត់​បាន​ត្រូវ​នាំ​ទៅ​ឯ​វិហារ។—អេសេគាល ៨:៣, ៧​-​១០; ១១:១, ២៤; ៣៧:១, ២

ប៉ុន្ដែ បើ​លោក​យេស៊ូ​បាន​ត្រូវ​នាំ​ទៅ​ឯ​វិហារ​ដោយ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា​៖

  • តើ​ការ​ល្បួង​នោះ​គឺ​ពិត​មែន​ឬ​យ៉ាង​ណា?

  • ក្នុង​ការ​ល្បួង​ផ្សេង​ទៀត សាថាន​បាន​ព្យាយាម​ល្បួង​លោក​យេស៊ូ​ដោយ​ប្រាប់​លោក​ឲ្យ​ធ្វើ​ឲ្យ​ដុំ​ថ្ម​មែន​ទែន​ក្លាយ​ទៅ​ជា​នំ​ប៉័ង​មែន​ទែន ហើយ​វា​ពិត​ជា​ចង់​ឲ្យ​លោក​យេស៊ូ​ក្រាប​ប្រណិប័តន៍​វា។ ដូច្នេះ តើ​សាថាន​ក៏​ចង់​ឲ្យ​លោក​យេស៊ូ​លោត​ចុះ​ពី​កំពែង​នៃ​វិហារ​មែន​ទែន​ឬ​ទេ?

ចុះ​បើ​សាថាន​មិន​បាន​ប្រើ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ទេ តែ​បាន​នាំ​លោក​យេស៊ូ​ទៅ​វិហារ​មែន​ទែន នោះ​អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា​៖

  • តើ​លោក​យេស៊ូ​បាន​បំពាន​ច្បាប់​ម៉ូសេ​ដោយ​ឈរ​លើ​វិហារ​ឬ​ទេ?

  • តើ​លោក​យេស៊ូ​អាច​ធ្វើ​ដំណើរ​ពី​តំបន់​ស្ងាត់​ជ្រងំ​ទៅ​ឯ​វិហារ​នា​ក្រុង​យេរូសាឡិម​យ៉ាង​ដូច​ម្ដេច?

សូម​ឲ្យ​យើង​ពិចារណា​អំពី​ព័ត៌មាន​បន្ថែម​ខ្លះ​ទៀត​ដែល​នឹង​ជួយ​យើង​ឲ្យ​ដឹង​ចម្លើយ​ចំពោះ​សំណួរ​ទាំង​ពីរ​ខាង​លើ​នេះ។

សាស្ត្រាចារ្យ​ម្នាក់​ឈ្មោះ​ដាណឺល អាថឺ ខាសិន​បាន​សរសេរ​ថា​ពាក្យ​«​វិហារ​»​ជា​ភាសា​ក្រិច​ដែល​បាន​ត្រូវ​ប្រើ​នៅ​សៀវភៅ​ម៉ាថាយ​និង​លូកា​ទំនង​ជា​សំដៅ​ទៅ​លើ​បរិវេណ​វិហារ​ទាំង​មូល មិន​គ្រាន់​តែ​សំដៅ​ទៅ​លើ​វិហារ​ដែល​មាន​តែ​ពួក​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​នោះ​ទេ។ នៅ​ភាគ​ខាង​ត្បូង​ឆៀង​ខាង​លិច​នៃ​បរិវេណ​វិហារ​មាន​ដំបូល​រាប​ស្មើ​ដែល​ជា​កន្លែង​ខ្ពស់​បំផុត ពី​ព្រោះ​ចាប់​ពី​ដំបូល​នោះ​ទៅ​បាត​ជ្រលង​គីដ្រុន​មាន​កម្ពស់​ប្រហែល​ជា​១៤០​ម៉ែត្រ (​៤៥០​ហ្វីត​)។ យ៉ូសេហ្វឺស​ដែល​ជា​ប្រវត្ដិវិទូ​ម្នាក់​បាន​និយាយ​ថា​ដំបូល​នោះ​ខ្ពស់​ដល់​ម៉្លេះ​បាន​ជា​បើ​បុគ្គល​ម្នាក់​ឈរ​នៅ​ទី​នោះ​ហើយ​មើល​ទៅ​ក្រោម គាត់​«​នឹង​វិល​មុខ​»។ លោក​យេស៊ូ​ប្រហែល​ជា​បាន​ត្រូវ​នាំ​ទៅ​លើ​ដំបូល​នោះ។ ទោះ​ជា​លោក​យេស៊ូ​មិន​មែន​មក​ពី​កុលសម្ព័ន្ធ​លេវី​ក៏​ដោយ លោក​អាច​ឈរ​នៅ​ទី​នោះ​បាន ហើយ​គ្មាន​អ្នក​ណា​នឹង​ជំទាស់​អំពី​នោះ​ឡើយ។

ប៉ុន្ដែ តើ​លោក​យេស៊ូ​អាច​ធ្វើ​ដំណើរ​ពី​តំបន់​ស្ងាត់​ជ្រងំ​ទៅ​ឯ​វិហារ​នា​ក្រុង​យេរូសាឡិម​យ៉ាង​ដូច​ម្ដេច? យើង​មិន​ដឹង​ច្បាស់​ទេ។ គម្ពីរ​គ្រាន់​តែ​ចែង​ថា​លោក​យេស៊ូ​បាន​ត្រូវ​នាំ​ទៅ​ក្រុង​យេរូសាឡិម តែ​មិន​បាន​ចែង​ថា​លោក​នៅ​ឆ្ងាយ​ប៉ុណ្ណា​ពី​ក្រុង​យេរូសាឡិម​ទេ ឬ​ថា​សាថាន​បាន​ល្បួង​លោក​អស់​រយៈ​ពេល​យូរ​ប៉ុន្មាន​នោះ​ឡើយ។ ដូច្នេះ លោក​យេស៊ូ​ប្រហែល​ជា​ដើរ​ទៅ​ក្រុង​យេរូសាឡិម ទោះ​ជា​នេះ​ទំនង​ជា​ត្រូវ​ការ​ចំណាយ​ពេល​យូរ​ក៏​ដោយ។

ពេល​សាថាន​បាន​បង្ហាញ​លោក​យេស៊ូ​«​នូវ​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក​»​ វា​ទំនង​ជា​ធ្វើ​ឲ្យ​លោក​យេស៊ូ​ឃើញ​ក្នុង​គំនិត ពី​ព្រោះ​គ្មាន​ភ្នំ​ណា​មួយ​ដែល​ខ្ពស់​ល្មម​នៅ​លើ​ផែន​ដី​ដើម្បី​ឲ្យ​លោក​អាច​ឃើញ​រាជាណាចក្រ​ទាំង​ឡាយ​នោះ​ឡើយ។ នេះ​ប្រហែល​ជា​ស្រដៀង​នឹង​របៀប​ដែល​យើង​អាច​ប្រើ​ផ្ទាំង​សំពត់​ស​ដើម្បី​បង្ហាញ​អ្នក​ណា​ម្នាក់​នូវ​រូប​ភាព​អំពី​កន្លែង​ផ្សេង​ៗ​ក្នុង​ពិភព​លោក។ ទោះ​ជា​សាថាន​ប្រហែល​ជា​បាន​ប្រើ​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត​ក្ដី តែ​វា​ពិត​ជា​ចង់​ឲ្យ​លោក​យេស៊ូ​ក្រាប​ប្រណិប័តន៍​វា​មែន។ (​ម៉ាថាយ ៤:៨, ៩​) ដូច្នេះ ពេល​សាថាន​បាន​នាំ​លោក​យេស៊ូ​ទៅ​ឯ​វិហារ វា​ទំនង​ជា​ចង់​ឲ្យ​លោក​យេស៊ូ​ប្រថុយ​ជីវិត​ដោយ​លោត​ចុះ​ពី​កំពែង​វិហារ។ ប៉ុន្ដែ លោក​យេស៊ូ​មិន​ព្រម​ធ្វើ​តាម​វា​ទេ។ បើ​សិន​ជា​ការ​ល្បួង​នោះ​បាន​កើត​ឡើង​ពិត​មែន ហើយ​មិន​មែន​ជា​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត នោះ​ប្រហែល​ជា​ការ​ល្បួង​ដែល​ពិបាក​ជាង​ចំពោះ​លោក​យេស៊ូ!

ហេតុ​នេះ លោក​យេស៊ូ​ប្រហែល​ជា​បាន​ទៅ​ក្រុង​យេរូសាឡិម ហើយ​ឈរ​នៅ​លើ​កន្លែង​ដែល​ខ្ពស់​បំផុត​នៃ​កំពែង​វិហារ​មែន។ ប៉ុន្ដែ ដូច​ដែល​បាន​រៀប​រាប់​នៅ​ដើម​អត្ថបទ​នេះ យើង​មិន​ដឹង​ជាក់​ច្បាស់​អំពី​របៀប​ដែល​សាថាន​បាន​បង្ហាញ​វិហារ​ទៅ​លោក​យេស៊ូ​ទេ។ យ៉ាង​ណា​ក្ដី យើង​អាច​ប្រាកដ​ថា​សាថាន​បាន​បន្ដ​ព្យាយាម​ធ្វើ​ឲ្យ​លោក​យេស៊ូ​ប្រព្រឹត្ដ​អ្វី​ដែល​ខុស ហើយ​ថា​រាល់​ដង លោក​យេស៊ូ​បាន​បដិសេធ​នឹង​វា​យ៉ាង​ម៉ឺង​ម៉ាត់។

^ វគ្គ 2 អេសេគាល ៣៧:១​-​១៤ និង​ការ​បើក​បង្ហាញ ១១:៧​-​១២ បាន​ចែង​អំពី​អ្វី​មួយ​ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ​១៩១៩។ ទំនាយ​នៅ​អេសេគាល ៣៧:១​-​១៤ សំដៅ​ទៅ​លើ​រាស្ដ្រ​ទាំង​អស់​របស់​ព្រះ​ដែល​ត្រឡប់​មក​ការ​គោរព​ប្រណិប័តន៍​ពិត​វិញ​នៅ​ឆ្នាំ​១៩១៩ ក្រោយ​ពី​បាន​ទៅ​ជា​ឈ្លើយ​អស់​រយៈ​ពេល​ជា​យូរ។ ប៉ុន្ដែ ការ​បើក​បង្ហាញ ១១:៧​-​១២ សំដៅ​ទៅ​លើ​ការ​មាន​សកម្មភាព​ឡើង​វិញ​នៅ​ឆ្នាំ​១៩១៩​របស់​បុរស​មួយ​ក្រុម​តូច​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ដែល​ជា​អ្នក​នាំ​មុខ​រាស្ដ្រ​របស់​ព្រះ។ មុន​ពេល​នោះ បង​ប្អូន​ប្រុស​ទាំង​នោះ​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​អស់​មួយ​រយៈ​ពេល។