លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

ខ្ញុំបានទទួលប្រយោជន៍ពីការដើរជាមួយនឹងអ្នកដែលមានប្រាជ្ញា

ខ្ញុំបានទទួលប្រយោជន៍ពីការដើរជាមួយនឹងអ្នកដែលមានប្រាជ្ញា

ខ្ញុំចាំថាជាច្រើនឆ្នាំមុន នៅព្រឹកដ៏ត្រជាក់មួយនៅក្រុងប៊្រុឃីង រដ្ឋសៅដាកូតា សហរដ្ឋអាម៉េរិក ខ្ញុំមានអារម្មណ៍ថារដូវត្រជាក់ខ្លាំងគឺជិតមកដល់ហើយ។ ខ្ញុំបាននៅក្នុងជង្រុកនាចម្ការមួយជាមួយនឹងមនុស្សមួយក្រុមតូច ហើយនៅក្នុងជង្រុកនោះគ្មានម៉ាស៊ីនកម្ដៅទេ ដូច្នេះយើងរងាឡើងញ័រខ្លួន។ យើងបានឈរនៅជិតអាងដាក់ទឹកធំមួយដែលមានទឹកពេញ ហើយទឹកនោះត្រជាក់ខ្លាំងណាស់! ខ្ញុំសូមរៀបរាប់ខ្លះអំពីជីវិតរបស់ខ្ញុំដើម្បីឲ្យអ្នកយល់អំពីមូលហេតុដែលយើងបាននៅទីនោះ។

ក្រុមគ្រួសាររបស់ខ្ញុំ

អ៊ំរបស់ខ្ញុំឈ្មោះអាលហ្វ្រេតនិងពុករបស់ខ្ញុំ

ខ្ញុំបានកើតនៅថ្ងៃទី៧ ខែមីនា ឆ្នាំ១៩៣៦។ ឪពុកម្ដាយរបស់ខ្ញុំមានកូនបួននាក់ ហើយខ្ញុំជាកូនពៅ។ យើងបានរស់នៅចម្ការមួយនារដ្ឋសៅដាកូតាភាគខាងកើត។ ចម្ការនោះគឺសំខាន់សម្រាប់ក្រុមគ្រួសាររបស់យើង តែមិនមែនជាអ្វីដែលសំខាន់បំផុតនោះទេ។ ឪពុកម្ដាយរបស់ខ្ញុំបានទទួលការជ្រមុជទឹកជាសាក្សីព្រះយេហូវ៉ានៅឆ្នាំ១៩៣៤។ ពួកគាត់បានប្រគល់ខ្លួនជូនព្រះយេហូវ៉ា ដូច្នេះការធ្វើតាមបំណងប្រាថ្នារបស់លោកជាអ្វីដែលសំខាន់បំផុតសម្រាប់ពួកគាត់។ ឪពុករបស់ខ្ញុំឈ្មោះ ក្លេរិន បានបម្រើជាអ្នកចាត់ចែងកិច្ចការពួកអ្នកចាស់ទុំក្នុងក្រុមជំនុំតូចមួយនៅក្រុងខន់ឌី រដ្ឋសៅដាកូតា ហើយអ៊ំប្រុសរបស់ខ្ញុំឈ្មោះអាលហ្វ្រេតបានបំពេញកិច្ចការនោះបន្ទាប់ពីពុករបស់ខ្ញុំ។

ក្រុមគ្រួសាររបស់យើងបានចូលរួមកិច្ចប្រជុំនិងកិច្ចផ្សព្វផ្សាយពីផ្ទះទៅផ្ទះមួយជាទៀងទាត់ដើម្បីប្រាប់មនុស្សទៀតអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យពីគម្ពីរសម្រាប់ថ្ងៃអនាគត។ គំរូរបស់ពុកម្ដាយខ្ញុំនិងការបង្ហាត់បង្រៀនពីពួកគាត់ បានជួយយើងឲ្យស្រឡាញ់ព្រះយេហូវ៉ា។ ខ្ញុំនិងប្អូនស្រីរបស់ខ្ញុំឈ្មោះដ័ររ៉ឺធីបានទៅជាអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រព្រះពេលដែលយើងមានអាយុឆ្នាំ។ នៅឆ្នាំ១៩៤៣ ខ្ញុំបានចូលសាលាកិច្ចបម្រើផ្សាយដែលទើបតែចាប់ផ្ដើមមាននៅពេលនោះ។

ជាអ្នកត្រួសត្រាយ នៅឆ្នាំ១៩៥២

មហាសន្និបាតនិងសន្និបាតជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់យើង។ ខ្ញុំចាំអំពីមហាសន្និបាតមួយនៅឆ្នាំ១៩៤៩ នាក្រុងស៊ូហ្វល រដ្ឋសៅដាកូតា។ បងប្រុសគ្រែន ស៊ូថឺ បានថ្លែងសុន្ទរកថាមួយដែលមានចំណងជើងថា«តើទីបញ្ចប់គឺជិតជាងអ្វីដែលអ្នកនឹកស្មានទេ?»។ គាត់បានបញ្ជាក់ថាគ្រិស្ដសាសនិកទាំងអស់ដែលបានប្រគល់ខ្លួនជូនព្រះត្រូវប្រើជីវិតរបស់ខ្លួនដើម្បីផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្ររបស់ព្រះ។ ក្រោយពីនោះមក ខ្ញុំបានប្រគល់ខ្លួនជូនព្រះយេហូវ៉ា។ ខ្ញុំបានទទួលការជ្រមុជទឹកនៅសន្និបាតប្រចាំមណ្ឌលបន្ទាប់ពីនោះនៅក្រុងប៊្រុឃីងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៤៩។ នេះជាមូលហេតុដែលខ្ញុំបាននៅក្នុងជង្រុកដ៏ត្រជាក់ខ្លាំងដូចដែលខ្ញុំបានរៀបរាប់ខាងលើ។ យើងបួននាក់បានរង់ចាំដើម្បីទទួលការជ្រមុជទឹកនៅក្នុងអាងទឹកដ៏ធំមួយដែលធ្វើពីដែក។

ក្រោយមក ខ្ញុំបានសម្រេចចិត្ដថាខ្ញុំចង់ធ្វើជាអ្នកត្រួសត្រាយ។ ខ្ញុំបានចាប់ផ្ដើមត្រួសត្រាយនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥២ ពេលដែលខ្ញុំមានអាយុ១៥ឆ្នាំ។ គម្ពីរចែងថា«អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ» ហើយសមាជិកជាច្រើនក្នុងក្រុមគ្រួសាររបស់ខ្ញុំសុទ្ធតែជាអ្នកមានប្រាជ្ញាដែលបានគាំទ្រការសម្រេចចិត្ដរបស់ខ្ញុំឲ្យធ្វើជាអ្នកត្រួសត្រាយ។ (សុភាសិត ១៣:២០) ខ្ញុំច្រើនតែបានទៅផ្សព្វផ្សាយជាមួយនឹងអ៊ំប្រុសរបស់ខ្ញុំឈ្មោះយូលាស។ គាត់មានអាយុ៦០ឆ្នាំ។ ទោះជាគាត់មានវ័យចាស់ជាងខ្ញុំឆ្ងាយក៏ដោយ យើងសប្បាយក្នុងការផ្សព្វផ្សាយជាមួយគ្នា។ ខ្ញុំបានរៀនច្រើនពីគាត់ ហើយពីបទពិសោធន៍របស់គាត់។ មិនយូរក្រោយមក ដ័ររ៉ឺធីក៏បានទៅជាអ្នកត្រួសត្រាយដែរ។

អ្នកត្រួតពិនិត្យប្រចាំមណ្ឌលបានជួយខ្ញុំ

ពេលខ្ញុំនៅក្មេង ឪពុកម្ដាយខ្ញុំបានអញ្ជើញអ្នកត្រួតពិនិត្យប្រចាំមណ្ឌលជាច្រើននាក់និងប្រពន្ធរបស់ពួកគាត់ឲ្យស្នាក់នៅជាមួយនឹងយើង។ ប្ដីប្រពន្ធមួយគូដែលបានជួយខ្ញុំយ៉ាងច្រើនគឺបងប្រុសចេស៊ី និងបងស្រីលីន ខេនវេល។ ពួកគាត់បានយកចិត្ដទុកដាក់ចំពោះខ្ញុំ ហើយលើកទឹកចិត្ដខ្ញុំ។ ពេលដែលពួកគាត់បម្រើនៅក្រុមជំនុំជិតនោះ ជួនកាលពួកគាត់អញ្ជើញខ្ញុំឲ្យទៅផ្សព្វផ្សាយជាមួយនឹងពួកគាត់។ ខ្ញុំពិតជាសប្បាយពេលសេពគប់ជាមួយនឹងពួកគាត់! ខ្ញុំចង់ជាប់រវល់ក្នុងកិច្ចការរបស់ព្រះយេហូវ៉ាដូចដែលពួកគាត់បានធ្វើ និងចង់ជាប់រវល់ជាអ្នកត្រួសត្រាយ។

បន្ទាប់មក អ្នកត្រួតពិនិត្យប្រចាំមណ្ឌលរបស់យើងគឺបងប្រុសប៊ឺដ មីលឡឺ។ ពេលដែលគាត់និងបងចូនដែលជាប្រពន្ធរបស់គាត់បានធ្វើទស្សនៈកិច្ចនៅក្រុមជំនុំរបស់យើង ខ្ញុំមានអាយុ១៨ឆ្នាំ។ នៅពេលនោះ ខ្ញុំត្រូវបង្ហាញខ្លួននៅមុខការិយាល័យទាហានបម្រុងដែលជាគណៈកម្មាធិការដែលសម្រេចចិត្ដថាអ្នកណាត្រូវចូលធ្វើទាហាន។ ពួកគេចង់ឲ្យខ្ញុំធ្វើកិច្ចការខ្លះដែលខ្ញុំមានអារម្មណ៍ថាប្រឆាំងនឹងបង្គាប់របស់លោកយេស៊ូដែលឲ្យរក្សាជំហរអព្យាក្រឹតក្នុងរឿងយោបាយ។ ប៉ុន្ដែខ្ញុំចង់ផ្សព្វផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ (យ៉ូហាន ១៥:១៩) ដូច្នេះ ខ្ញុំបានស្នើសុំពួកគេឲ្យចាត់ទុកខ្ញុំជាអ្នកបង្ហាត់បង្រៀនខាងសាសនា។

ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ពេលដែលបងប្រុសមីលឡឺបានប្រាប់ខ្ញុំថា គាត់នឹងទៅជាមួយខ្ញុំដើម្បីជួបគណៈកម្មាធិការនោះ។ គាត់មិនមែនជាមនុស្សដែលអៀនខ្មាសនិងខ្លាចអ្នកទៀតទេ។ គាត់ក៏ស្គាល់គម្ពីរផ្សេងច្បាស់ដែរ។ ពេលមានគាត់ទៅជាមួយខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្ដក្លាហានជាខ្លាំង! ជាលទ្ធផល នៅចុងរដូវក្ដៅនាឆ្នាំ១៩៥៤ គណៈកម្មាធិការនោះបានទទួលយកការស្នើសុំរបស់ខ្ញុំដោយចាត់ទុកខ្ញុំជាអ្នកបង្ហាត់បង្រៀនខាងសាសនា។ ដូច្នេះ ខ្ញុំមានសេរីភាពច្រើនជាងក្នុងការបម្រើព្រះយេហូវ៉ា។

ជាសមាជិកបេតអែលថ្មីម្នាក់ និងឡានដឹកទំនិញក្នុងកសិដ្ឋាន

មិនយូរក្រោយពីនោះ ខ្ញុំបានត្រូវអញ្ជើញឲ្យទៅបម្រើនៅបេតអែលក្នុងផ្នែកមួយដែលនៅពេលនោះបានត្រូវហៅថាកសិដ្ឋានប៉មយាម នៅតំបន់ស្ថាធិនអៃឡេន រដ្ឋញូវយ៉ក។ ខ្ញុំបានបម្រើនៅទីនោះអស់រយៈពេលប្រហែលជាបីឆ្នាំ។ ខ្ញុំបានទទួលបទពិសោធន៍ដ៏ល្អជាច្រើនដោយសារខ្ញុំបានជួបបងប្អូនជាច្រើននាក់ដែលមានប្រាជ្ញា ហើយបានធ្វើការជាមួយនឹងពួកគាត់។

កិច្ចបម្រើនៅបេតអែល

នៅប៉ុស្តិ៍វិទ្យុWBBR ជាមួយបងហ្វ្រេន

កសិដ្ឋានប៉មយាមនោះដែលនៅតំបន់ស្ថាធិនអៃឡេនមានប៉ុស្តិ៍វិទ្យុWBBR ហើយប៉ុស្តិ៍វិទ្យុនោះបានត្រូវប្រើពីឆ្នាំ១៩២៤ដល់ឆ្នាំ១៩៥៧ដោយសាក្សីព្រះយេហូវ៉ា។ មានតែសមាជិកក្រុមគ្រួសារបេតអែល១៥ទៅ២០នាក់ប៉ុណ្ណោះដែលបានត្រូវចាត់ឲ្យទៅធ្វើកិច្ចការនៅកសិដ្ឋាននោះ ហើយយើងភាគច្រើនជាមនុស្សវ័យក្មេងនិងគ្មានបទពិសោធន៍។ ប៉ុន្ដែ បងប្រុសម្នាក់ឈ្មោះអែលឌិន វូដវឺតបានធ្វើការជាមួយយើង។ គាត់ជាបងប្រុសវ័យចាស់ដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌។ គាត់ដូចជាពុករបស់យើង ហើយបានបង្រៀនយើងអំពីអ្វីជាច្រើន។ ជួនកាល ពេលយើងមានបញ្ហាជាមួយនឹងបងប្អូនដែលបម្រើនៅទីនោះ បងវូដវឺតបាននិយាយថា«អ្វីដែលព្រះយេហូវ៉ាកំពុងសម្រេចគឺអស្ចារ្យណាស់ ទោះជាលោកប្រើមនុស្សមិនល្អឥតខ្ចោះក៏ដោយ»។

បងហារី ភីធើសិនមានចិត្ដខ្នះខ្នែងក្នុងកិច្ចបម្រើផ្សាយ

បងប្រុសហ្វ្រីឌីរិក ហ្វ្រេនក៏បានស្នាក់នៅជាមួយនឹងយើង ហើយបានជួយយើងដែរ។ គាត់មានប្រាជ្ញានិងស្គាល់គម្ពីរយ៉ាងច្បាស់។ ម្យ៉ាងទៀត គាត់បានយកចិត្ដទុកដាក់ចំពោះយើងម្នាក់ៗ។ អ្នកធ្វើម្ហូបសម្រាប់យើងគឺបងប្រុសហារី ភីធើសិន។ សម្រាប់យើងការហៅនាមត្រកូលរបស់គាត់គឺស្រួលជាងការហៅឈ្មោះពិតរបស់គាត់ដែលថាផាផាយីរ៉ូភូឡុស។ គាត់ក៏ជាអ្នកដែលបានត្រូវរើសតាំងដែរ ហើយគាត់ចូលចិត្ដកិច្ចការផ្សព្វផ្សាយណាស់។ នៅបេតអែល បងភីធើសិនបានធ្វើកិច្ចការរបស់គាត់យ៉ាងល្អ ហើយគាត់តែងតែយកចិត្ដទុកដាក់ចំពោះកិច្ចការផ្សព្វផ្សាយដែរ។ ជារៀងរាល់ខែ គាត់បានចែកទស្សនាវដ្ដីរាប់រយក្បាល។ គាត់ក៏ស្គាល់គម្ពីរច្បាស់ ហើយបានឆ្លើយសំណួរជាច្រើនរបស់យើង។

ខ្ញុំបានរៀនពីបងប្អូនស្រីដែលមានប្រាជ្ញា

នៅកសិដ្ឋាននោះយើងបានរៀបចំបន្លែនិងផ្លែឈើ ហើយដាក់ចូលក្នុងក្រឡ។ ក្នុងមួយឆ្នាំ បន្លែនិងផ្លែឈើប្រហែលជា៤៥.០០០ក្រឡបានត្រូវរក្សាទុកសម្រាប់ក្រុមគ្រួសារបេតអែល។ ខ្ញុំបានធ្វើការជាមួយបងអេតា ហ៊ុតជាបងស្រីម្នាក់ដែលមានប្រាជ្ញា។ គាត់បានធ្វើរូបមន្ដដើម្បីរៀបចំបន្លែនិងផ្លែឈើ ហើយយើងបានប្រើរូបមន្ដនោះ។ បងស្រីទៀតបានមកធ្វើការជាមួយយើង ហើយបងអេតាបានជួយចាត់ចែងកិច្ចការសម្រាប់ពួកគាត់។ ទោះជាបងអេតាដឹងច្បាស់អំពីដំណើរការនៃការរៀបចំបន្លែនិងផ្លែឈើដើម្បីដាក់ក្នុងក្រឡក៏ដោយ គាត់តែងតែគោរពបងប្រុសដែលជាអ្នកត្រួតពិនិត្យលើកិច្ចការនៅកសិដ្ឋាននោះ។ គាត់បានទុកគំរូយ៉ាងល្អប្រសើរសម្រាប់យើង។

ខ្ញុំជាមួយនឹងអេនចឺឡានិងបងអេតា ហ៊ុត

អេនចឺឡា រ៉ូម៉ាណូជាប្អូនស្រីវ័យក្មេងម្នាក់ដែលបានមកជួយកិច្ចការរបស់យើងនៅកសិដ្ឋាននោះ។ បងអេតាបានជួយគាត់ពេលដែលគាត់បានចូលក្នុងសេចក្ដីពិត។ ខ្ញុំនិងអេនចឺឡាដែលយើងហៅថាអេនជីបានរៀបការនៅខែមេសា ឆ្នាំ១៩៥៨ ហើយយើងសប្បាយបម្រើព្រះយេហូវ៉ាជាមួយគ្នាអស់រយៈពេល៥៨ឆ្នាំ។ ជាច្រើនឆ្នាំមកនេះ ភក្ដីភាពរបស់អេនជីចំពោះព្រះយេហូវ៉ាបានធ្វើឲ្យចំណងអាពាហ៍ពិពាហ៍របស់យើងរឹងមាំ។ គាត់មានភាពឈ្លាសវៃ ហើយមិនថាយើងប្រឈមមុខនឹងការលំបាកបែបណាក៏ដោយ ខ្ញុំពិតជាអាចទុកចិត្ដលើគាត់បាន។

កិច្ចបម្រើជាសាសនទូត ហើយការធ្វើដំណើរត្រួតពិនិត្យ

នៅឆ្នាំ១៩៥៧ ក្រោយប៉ុស្តិ៍វិទ្យុWBBRនាតំបន់ស្ថាធិនអៃឡេនបានត្រូវលក់ ខ្ញុំបានបម្រើនៅបេតអែលនាតំបន់ប៊្រុគ្លីនអស់មួយរយៈពេលខ្លី។ ក្រោយមក ខ្ញុំនិងអេនជីបានរៀបការ ដូច្នេះខ្ញុំបានចាកចេញពីបេតអែល។ អស់រយៈពេលបីឆ្នាំ យើងបានធ្វើជាអ្នកត្រួសត្រាយនៅតំបន់ស្ថាធិនអៃឡេន។ អស់មួយរយៈពេល ខ្ញុំថែមទាំងបានធ្វើការឲ្យប៉ុស្តិ៍វិទ្យុនោះដែលមានម្ចាស់ថ្មី ហើយដែលត្រូវបានហៅថាប៉ុស្តិ៍វិទ្យុWPOW។

ខ្ញុំនិងអេនជីបានធ្វើឲ្យជីវិតរបស់យើងសាមញ្ញ ដូច្នេះយើងអាចមានសេរីភាពទៅបម្រើនៅកន្លែងណាក៏ដោយដែលមានសេចក្ដីត្រូវការ។ ជាលទ្ធផល នៅឆ្នាំ១៩៦១ យើងបានទទួលសេចក្ដីអញ្ជើញឲ្យបម្រើជាអ្នកត្រួសត្រាយពិសេសនៅក្រុងហ្វលស៊ិធី រដ្ឋណេប្រាស្កា។ ប៉ុន្ដែមិនយូរក្រោយពីយើងទៅដល់ទីនោះ យើងបានត្រូវអញ្ជើញឲ្យទៅក្រុងសោតឡានស៊ីង រដ្ឋញូវយ៉កសម្រាប់រយៈពេលមួយខែដើម្បីចូលសាលាកិច្ចបម្រើរាជាណាចក្រ។ យើងសប្បាយចិត្ដពេលដែលយើងទទួលការបង្ហាត់បង្រៀន ហើយយើងបានគិតថាក្រោយចប់សាលានោះ យើងនឹងត្រឡប់ទៅរដ្ឋណេប្រាស្កាវិញ។ ដូច្នេះ យើងភ្ញាក់ផ្អើលណាស់ពេលដែលយើងទទួលភារកិច្ចថ្មី។ យើងនឹងបម្រើជាសាសនទូតនៅប្រទេសកម្ពុជា! នៅប្រទេសដ៏ស្រស់ស្អាតនោះដែលស្ថិតនៅអាស៊ីអាគ្នេយ៍ យើងបានឃើញ ឮ និងភ្លក់អ្វីដែលថ្មីៗ។ យើងពិតជាចង់ប្រាប់មនុស្សនៅទីនោះនូវដំណឹងល្អអំពីរាជាណាចក្រព្រះ។

ខ្ញុំជាមួយនឹងអេនចឺឡានៅឆ្នាំ១៩៧៥ មុនធ្វើការសម្ភាសតាមទូរទស្សន៍

ប៉ុន្ដែក្រោយមក ស្ថានភាពនយោបាយនៅប្រទេសកម្ពុជាបានផ្លាស់ប្ដូរ ដូច្នេះយើងត្រូវទៅប្រទេសវៀតណាមខាងត្បូង។ ពីរឆ្នាំក្រោយមក ខ្ញុំបានធ្លាក់ខ្លួនឈឺធ្ងន់ ហើយគួរឲ្យស្តាយណាស់ យើងត្រូវតែត្រឡប់ទៅសហរដ្ឋអាម៉េរិកវិញ។ ខ្ញុំត្រូវការពេលមួយរយៈដើម្បីព្យាបាលជំងឺឲ្យជាឡើងវិញ។ ពេលដែលខ្ញុំបានជាសះស្បើយ យើងបានចាប់ផ្ដើមធ្វើជាអ្នកត្រួសត្រាយម្ដងទៀត។

នៅខែមីនា ឆ្នាំ១៩៦៥ យើងបានចាប់ផ្ដើមបម្រើជាអ្នកធ្វើដំណើរត្រួតពិនិត្យតាមក្រុមជំនុំនានា។ អស់រយៈពេល៣៣ឆ្នាំ ខ្ញុំនិងអេនជីសប្បាយធ្វើកិច្ចការត្រួតពិនិត្យមណ្ឌលនិងតំបន់ ហើយយើងក៏សប្បាយជួយនៅមហាសន្និបាតនានា។ ខ្ញុំសប្បាយនឹងកិច្ចការនេះ ដោយសារមហាសន្និបាតតែងតែជាពេលដែលធ្វើឲ្យខ្ញុំរំភើបចិត្ដ។ អស់ប៉ុន្មានឆ្នាំ យើងបានធ្វើទស្សនៈកិច្ចតាមក្រុមជំនុំនានាទូទាំងតំបន់នៃក្រុងញូវយ៉ក ហើយមហាសន្និបាតជាច្រើនបានធ្វើឡើងនៅកីឡាដ្ឋានយ៉ាងគី។

យើងបានត្រឡប់ទៅបម្រើនៅបេតអែលនិងចូលសាលាកិច្ចបម្រើ

អស់ជាច្រើនឆ្នាំមកនេះ ខ្ញុំនិងអេនជីបានទទួលភារកិច្ចថ្មីនិងពិបាកជាច្រើន។ នៅឆ្នាំ១៩៩៥ ខ្ញុំបានត្រូវសុំឲ្យធ្វើជាអ្នកបង្ហាត់បង្រៀនសម្រាប់សាលាបង្ហាត់ខាងកិច្ចបម្រើ។ បីឆ្នាំក្រោយមក យើងបានត្រូវអញ្ជើញឲ្យបម្រើនៅបេតអែល។ ក្រោយពី៤០ឆ្នាំ ខ្ញុំមានចិត្ដសប្បាយដែលបានត្រឡប់ទៅបម្រើនៅបេតអែលវិញដែលជាកន្លែងដែលខ្ញុំបានចាប់ផ្ដើមកិច្ចបម្រើពេញពេលពិសេស។ អស់មួយរយៈពេល ខ្ញុំបានធ្វើការនៅការិយាល័យខាងកិច្ចបម្រើ ហើយធ្វើជាអ្នកបង្ហាត់បង្រៀនសម្រាប់សាលាជាច្រើន។ នៅឆ្នាំ២០០៧ គណៈអភិបាលបានបង្កើតការិយាល័យខាងសាលាកិច្ចបម្រើដើម្បីមើលការខុសត្រូវចំពោះសាលាទាំងអស់ដែលត្រូវបានធ្វើឡើងនៅបេតអែល ហើយអស់ប៉ុន្មានឆ្នាំ ខ្ញុំបានធ្វើជាអ្នកត្រួតពិនិត្យ។

ក្នុងប៉ុន្មានឆ្នាំថ្មីនេះ មានការផ្លាស់ប្ដូរជាច្រើននៅសាលាបេតអែល។ សាលាសម្រាប់អ្នកចាស់ទុំក្នុងក្រុមជំនុំបានចាប់ផ្ដើមបង្កើតឡើងនៅឆ្នាំ២០០៨ ហើយជាងពីរឆ្នាំក្រោយមក អ្នកចាស់ទុំជាង១២.០០០នាក់បានត្រូវបង្ហាត់បង្រៀននៅបេតអែលនាក្រុងផាតឺសិននិងតំបន់ប៊ុ្រគ្លីន។ សាលានោះកំពុងបន្ដធ្វើឡើងនៅកន្លែងជាច្រើនទៀត។ នៅឆ្នាំ២០១០ សាលាបង្ហាត់ខាងកិច្ចបម្រើបានត្រូវផ្លាស់ប្ដូរទៅជាសាលាបង្ហាត់បង្រៀនបងប្អូនប្រុសនៅលីវខាងគម្ពីរ ហើយសាលាថ្មីមួយបានត្រូវបង្កើតឡើងដែលបានត្រូវហៅថាសាលាបង្ហាត់បង្រៀនប្ដីប្រពន្ធខាងគម្ពីរ។

នៅខែកញ្ញា ឆ្នាំ២០១៤ សាលាទាំងពីរនោះបានត្រូវដាក់បញ្ចូលគ្នា ហើយឈ្មោះបានត្រូវប្ដូរទៅជាសាលាបង្ហាត់បង្រៀនអ្នកផ្សាយដំណឹងល្អអំពីរាជាណាចក្រព្រះ។ សិស្សដែលចូលសាលានោះអាចជាគូប្ដីប្រពន្ធ បងប្អូនប្រុសនៅលីវ ឬបងប្អូនស្រីនៅលីវ។ បងប្អូនជាច្រើននៅទូទាំងពិភពលោកក៏រំភើបចិត្ដដោយដឹងថាសាលានោះនឹងត្រូវធ្វើឡើងនៅប្រទេសរបស់ពួកគេដែរ។ នេះគួរឲ្យរំភើបចិត្ដណាស់ដែលឃើញថាបងប្អូនកាន់តែច្រើននឹងមានឱកាសចូលសាលាទាំងនោះ។ ម្យ៉ាងទៀត ខ្ញុំសប្បាយចិត្ដយ៉ាងខ្លាំងដែលបានជួបបងប្អូនជាច្រើនដែលបានធ្វើការផ្លាស់ប្ដូរក្នុងជីវិតរបស់ពួកគេដើម្បីអាចទទួលការបង្ហាត់បង្រៀននេះ។

ពេលខ្ញុំគិតអំពីជីវិតរបស់ខ្ញុំមុនពេលដែលខ្ញុំបានទទួលការជ្រមុជទឹក នៅក្នុងជង្រុកដ៏ត្រជាក់នោះរហូតមកដល់ឥឡូវ ខ្ញុំអរគុណព្រះយេហូវ៉ាដែលលោកបានឲ្យខ្ញុំជួបបងប្អូនដែលមានប្រាជ្ញា។ ពួកគាត់បានជួយខ្ញុំឲ្យស្គាល់ព្រះយេហូវ៉ាច្បាស់ជាងនិងបម្រើលោកកាន់តែប្រសើរជាង។ ក្នុងចំណោមពួកគាត់បងប្អូនខ្លះក្មេងជាងខ្ញុំ ខ្លះចាស់ជាងខ្ញុំ ហើយបងប្អូនជាច្រើនមានវប្បធម៌ផ្សេងពីខ្ញុំ។ ប៉ុន្ដែ តាមរយៈការប្រព្រឹត្ដនិងចិត្ដគំនិតរបស់ពួកគាត់ ខ្ញុំបានឃើញថាពួកគាត់ស្រឡាញ់ព្រះយេហូវ៉ាខ្លាំងណាស់។ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់ដែលមានមិត្ដភក្ដិជាច្រើននាក់ក្នុងចំណោមរាស្ដ្ររបស់ព្រះយេហូវ៉ា។ ពួកគាត់ជាមនុស្សដែលមានប្រាជ្ញា ហើយខ្ញុំអាចរៀនពីពួកគាត់បាន។

ខ្ញុំសប្បាយរីករាយជួបសិស្សដែលមកពីទូទាំងពិភពលោក