លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរផ្ដល់កិត្ដិយសដល់អ្នកដែលសមនឹងទទួល

ចូរផ្ដល់កិត្ដិយសដល់អ្នកដែលសមនឹងទទួល

«សូមឲ្យលោកដែលអង្គុយលើបល្ល័ង្កនិងកូនចៀមប្រកបដោយពរ កិត្ដិយស សិរីរុងរឿង និងកម្លាំងខ្លាំងក្លាជារៀងរហូត»។—ការបើកបង្ហាញ ៥:១៣

ចម្រៀងលេខ: ៩, ១៤

. ហេតុអ្វីមនុស្សខ្លះសមនឹងទទួលកិត្ដិយស ហើយតើយើងនឹងរៀនអ្វីខ្លះក្នុងអត្ថបទនេះ?

តើតាមរបៀបណាយើងបង្ហាញថាយើងឲ្យកិត្ដិយសអ្នកទៀត? យើងធ្វើដូច្នេះដោយបង្ហាញការគោរពនិងដោយយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះពួកគេ។ តាមធម្មតា យើងលើកកិត្ដិយសពួកអ្នកដែលបានធ្វើអ្វីដែលសមនឹងទទួលកិត្ដិយស ឬពួកអ្នកដែលមានភារកិច្ចសំខាន់ក៏មានឋានៈខ្ពស់។ ក្នុងអត្ថបទនេះ យើងនឹងរៀនថាយើងគួរផ្ដល់កិត្ដិយសដល់អ្នកណា និងអំពីមូលហេតុដែលយើងគួរធ្វើដូច្នេះ។

២, ៣. () ហេតុអ្វីព្រះយេហូវ៉ាសមនឹងទទួលកិត្ដិយស? (សូមមើលរូបភាពនៅដើមអត្ថបទ) () តើអ្នកណាជាកូនចៀមដែលបានរៀបរាប់នៅការបើកបង្ហាញ ៥:១៣ ហើយហេតុអ្វីយើងគួរលើកកិត្ដិយសលោក?

ការបើកបង្ហាញ ៥:១៣ ចែងថា«លោកដែលអង្គុយលើបល្ល័ង្ក»និង«កូនចៀម»សមនឹងទទួលកិត្ដិយស។ «លោកដែលអង្គុយលើបល្ល័ង្ក»សំដៅលើព្រះយេហូវ៉ា។ នៅការបើកបង្ហាញ ជំពូកទី បុគ្គលដែលនៅស្ថានសួគ៌ផ្ដល់មូលហេតុមួយដែលព្រះយេហូវ៉ាដែលជាព្រះ«ដែលរស់ជារៀងរហូត»សមនឹងទទួលកិត្ដិយស។ បុគ្គលទាំងនោះនិយាយថា«ព្រះយេហូវ៉ាជាព្រះរបស់យើងអើយ លោកសមនឹងទទួលសេចក្ដីសរសើរដោយសារសិរីរុងរឿង កិត្ដិយស និងឫទ្ធានុភាព ពីព្រោះលោកបានបង្កើតអ្វីទាំងអស់ ហើយអ្វីទាំងអស់នោះបានកើតមក ក៏មាននៅផង ដោយសារបំណងប្រាថ្នារបស់លោក»។—ការបើកបង្ហាញ ៤:៩-១១

«កូនចៀម»ដែលបានរៀបរាប់នៅការបើកបង្ហាញ ៥:១៣ គឺលោកយេស៊ូគ្រិស្ដ។ ហេតុអ្វីយើងដឹងដូច្នេះ? ពេលលោកយេស៊ូនៅផែនដី លោកបានត្រូវហៅថា«កូនចៀមរបស់ព្រះ ដែលដកយកភាពខុសឆ្គងរបស់ពិភពលោកចេញ»។ (យ៉ូហាន ១:២៩) គ្មានស្ដេចទៀតដែលសុខចិត្ដស្លាប់ជាថ្លៃលោះដើម្បីរាស្ដ្ររបស់គាត់មែនទេ? នេះពិតជាមូលហេតុត្រឹមត្រូវដែលយើងលើកកិត្ដិយសលោក។ លោកយេស៊ូសមនឹងទទួលកិត្ដិយស ពីព្រោះ«លោកជាស្ដេចលើអស់អ្នកដែលគ្រប់គ្រងជាស្ដេច និងជាម្ចាស់លើអស់អ្នកដែលគ្រប់គ្រងជាម្ចាស់»។ (ធីម៉ូថេទី១ ៦:១៤-១៦) អ្នកប្រហែលជាមានអារម្មណ៍ដូចបុគ្គលដ៏ខ្លាំងក្លារាប់ពាន់រូបនៅស្ថានសួគ៌ដែលច្រៀងថា«កូនចៀមដែលបានត្រូវសម្លាប់គឺសមនឹងទទួលឫទ្ធានុភាព ទ្រព្យសម្បត្ដិ ប្រាជ្ញា កម្លាំងខ្លាំងក្លា កិត្ដិយស សិរីរុងរឿង និងពរ»។—ការបើកបង្ហាញ ៥:១២

. ហេតុអ្វីយើងគួរលើកកិត្ដិយសព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្ដ?

យ៉ូហាន ៥:២២, ២៣ ចែងថាព្រះយេហូវ៉ាបានតែងតាំងគ្រិស្ដឲ្យធ្វើជាចៅក្រមនៃមនុស្សទាំងអស់។ នេះគឺជាមូលហេតុចម្បងដែលយើងគួរលើកកិត្ដិយសលោកយេស៊ូ។ ម្យ៉ាងទៀត ពេលយើងធ្វើដូច្នេះ យើងក៏លើកកិត្ដិយសព្រះយេហូវ៉ាដែរ។ ពេលយើងសម្រេចចិត្ដលើកកិត្ដិយសលោកយេស៊ូនិងបិតារបស់លោក យើងអាចមានជីវិតដែលគ្មានទីបញ្ចប់។—សូមអាន ទំនុកតម្កើង ២:១១, ១២

. ហេតុអ្វីមនុស្សទាំងអស់សមនឹងទទួលការគោរពនិងកិត្ដិយសមួយកម្រិត?

មនុស្សបានត្រូវបង្កើតឲ្យ‹មានភាពដូចព្រះ›។ (លោកុប្បត្ដិ ១:២៦) នេះមានន័យថាមនុស្សភាគច្រើនអាចបង្ហាញគុណសម្បត្ដិស្រដៀងនឹងគុណសម្បត្ដិរបស់ព្រះ។ ជាឧទាហរណ៍ មនុស្សអាចបង្ហាញសេចក្ដីស្រឡាញ់ សេចក្ដីសប្បុរស និងសេចក្ដីមេត្ដាករុណា។ មនុស្សក៏បានត្រូវបង្កើតឲ្យមានសមត្ថភាពវិនិច្ឆ័យ ដែលជាសមត្ថភាពសម្គាល់នូវអ្វីដែលខុសអ្វីដែលត្រូវ អ្វីដែលទៀងត្រង់មិនទៀងត្រង់ និងអ្វីដែលសមរម្យមិនសមរម្យ។ (រ៉ូម ២:១៤, ១៥) មនុស្សភាគច្រើនចូលចិត្ដអ្វីដែលស្អាត ហើយពួកគេចង់រស់នៅដោយមានសេចក្ដីសុខសាន្ដជាមួយនឹងអ្នកទៀត។ នេះមិនមែនជាការចម្លែកទេ ដោយសារព្រះយេហូវ៉ាគឺជាព្រះដែលមានរបៀបរៀបរយនិងមានសេចក្ដីសុខសាន្ដ។ យើងអាចឃើញច្បាស់ថា មនុស្សទាំងអស់បានត្រូវបង្កើតឲ្យមានសមត្ថភាពយកតម្រាប់ព្រះយេហូវ៉ាតាមរបៀបផ្សេងៗ។ ហេតុនេះហើយ ពួកគេសមនឹងទទួលការគោរពនិងកិត្ដិយសពីយើង។—ទំនុកតម្កើង ៨:៥

ចូរបង្ហាញថាយើងឲ្យកិត្ដិយសអ្នកទៀតតាមរបៀបត្រឹមត្រូវ

៦, ៧. តើសាក្សីព្រះយេហូវ៉ាខុសគ្នាយ៉ាងណាពីមនុស្សជាច្រើនពេលពួកគេលើកកិត្ដិយសអ្នកទៀត?

យើងដឹងថាមនុស្សទៀតគួរទទួលកិត្ដិយស ប៉ុន្ដែយើងប្រហែលជាពិបាកដឹងថាយើងគួរលើកកិត្ដិយសពួកគេតាមរបៀបណានិងច្រើនប៉ុណ្ណា។ នេះគឺដោយសារមនុស្សដែលមានភាពមិនល្អឥតខ្ចោះភាគច្រើនបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីចិត្ដគំនិតរបស់ពិភពលោកសាថាន។ មនុស្សជាច្រើនចាត់ទុកបុរសស្ដ្រីទៀតជានិមិត្ដរូបរបស់ពួកគេ។ ជាជាងគោរពនិងឲ្យកិត្ដិយសពួកគេដូចដែលព្រះយេហូវ៉ាមានបំណង មនុស្សលើកកិត្ដិយសមនុស្សទៀតហួសហេតុពេក ហើយប្រព្រឹត្ដចំពោះពួកគេហាក់ដូចជាពួកគេជាព្រះ។ អ្នកនោះប្រហែលជាស្លៀកពាក់ និងប្រព្រឹត្ដដូចអ្នកដឹកនាំនយោបាយ អ្នកដឹកនាំសាសនា កីឡាករ តារាភាពយន្ដ និងតារាល្បីទៀត។

គ្រិស្ដសាសនិកពិតដឹងថាការលើកកិត្ដិយសមនុស្សហួសហេតុពេកដូចនោះ គឺជាការខុស។ ក្នុងចំណោមមនុស្សទាំងអស់ដែលធ្លាប់រស់នៅ មានតែលោកយេស៊ូប៉ុណ្ណោះដែលបានទុកគំរូដ៏ល្អឥតខ្ចោះឲ្យយើងធ្វើតាម។ (ពេត្រុសទី១ ២:២១) យើងត្រូវចាំថា«គ្រប់គ្នាធ្លាប់ធ្វើខុសក៏មិនដល់កម្រិតកំណត់នៃសិរីរុងរឿងរបស់ព្រះ»។ (រ៉ូម ៣:២៣) គ្មានមនុស្សណាម្នាក់ដែលសមនឹងទទួលការគោរពប្រណិប័តន៍ឡើយ។ ពេលយើងលើកកិត្ដិយសមនុស្សច្រើនជាងអ្វីដែលពួកគេគួរទទួល យើងធ្វើឲ្យព្រះយេហូវ៉ាមិនពេញចិត្ដទេ។

៨, ៩. () តើសាក្សីព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះមន្ដ្រីរដ្ឋាភិបាល? () តើនៅពេលណាដែលយើងមិនធ្វើតាមមន្ដ្រីរដ្ឋាភិបាល?

មនុស្សខ្លះសមនឹងទទួលការគោរពនិងកិត្ដិយសពីយើង ដោយសារភារកិច្ចរបស់ពួកគេ។ ជាឧទាហរណ៍ សូមគិតអំពីមន្ដ្រីរដ្ឋាភិបាលនិងអ្វីដែលពួកគេធ្វើសម្រាប់យើង។ ពួកគេជួយរក្សាសហគមន៍ឲ្យមានសុវត្ថិភាព ហើយយកចិត្ដទុកដាក់ចំពោះសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ យើងទទួលប្រយោជន៍ជាច្រើនពីកិច្ចការរបស់ពួកគេ។ សាវ័កប៉ូលបាននិយាយថាយើងគួរចុះចូលនឹង«ពួកអាជ្ញាធរ»ទាំងនេះ។ គាត់ក៏បានបញ្ជាក់ថាយើងគួរធ្វើតាមច្បាប់របស់ពួកគេ ពេលគាត់បាននិយាយថា«ចូរជូនពួកគេទាំងអស់គ្នានូវអ្វីដែលពួកគេគួរទទួល គឺបង់ពន្ធទៅអ្នកណាដែលតម្រូវឲ្យបង់ពន្ធ» ហើយ«លើកកិត្ដិយសតាមដែលគេតម្រូវឲ្យលើកកិត្ដិយស»។—រ៉ូម ១៣:១,

ក្នុងនាមជាសាក្សីព្រះយេហូវ៉ា យើងខំអស់ពីសមត្ថភាពដើម្បីឲ្យមន្ដ្រីរដ្ឋាភិបាលដឹងថាយើងគោរពពួកគេ។ ប្រទេសនីមួយមានវប្បធម៌ផ្សេងពីគ្នា ដូច្នេះអ្វីដែលមន្ដ្រីរដ្ឋាភិបាលតម្រូវពីយើងនៅកន្លែងមួយ ប្រហែលជាខុសគ្នាពីអ្វីដែលពួកគេតម្រូវនៅកន្លែងផ្សេងទៀត។ ទោះជាយ៉ាងនោះក៏ដោយ យើងសហការជាមួយនឹងមន្ដ្រីរដ្ឋាភិបាលកាលដែលពួកគេធ្វើកិច្ចការរបស់ពួកគេ។ ប៉ុន្ដែ បើពួកគេសុំយើងឲ្យធ្វើអ្វីដែលនឹងនាំឲ្យយើងមិនស្តាប់បង្គាប់ព្រះយេហូវ៉ា យើងមិនអាចធ្វើបានទេ។ ក្នុងករណីទាំងនោះ យើងស្តាប់បង្គាប់និងលើកកិត្ដិយសព្រះយេហូវ៉ាជាជាងមនុស្ស។—សូមអាន ពេត្រុសទី១ ២:១៣-១៧

១០. តើអ្នកបម្រើព្រះយេហូវ៉ានៅអតីតកាលបានទុកគំរូល្អអ្វីសម្រាប់យើងនៅសព្វថ្ងៃនេះ?

១០ យើងអាចរៀនពីគំរូរបស់អ្នកបម្រើព្រះយេហូវ៉ានៅអតីតកាលដែលបានបង្ហាញថាពួកគាត់ឲ្យកិត្ដិយសដល់មន្ដ្រីរាជការនិងរដ្ឋាភិបាល។ យ៉ូសែបនិងម៉ារៀគឺជាគំរូល្អ។ ពេលពួកអាជ្ញាធររ៉ូមចង់ធ្វើជំរឿនប្រជាជន យ៉ូសែបនិងម៉ារៀបានធ្វើដំណើរទៅក្រុងបេថ្លេហិមដើម្បីចុះឈ្មោះ ទោះជាម៉ារៀមានផ្ទៃពោះជិតគ្រប់ខែក៏ដោយ។ (លូកា ២:១-) សាវ័កប៉ូលក៏ជាគំរូល្អមួយទៀតស្ដីអំពីបុគ្គលដែលបានគោរពអ្នកគ្រប់គ្រងដែលជាមនុស្ស។ ពេលគាត់បានត្រូវគេចោទប្រកាន់ថាគាត់បានធ្វើអ្វីដែលខុស គាត់បាននិយាយការពារខ្លួនដោយបង្ហាញការគោរពនៅមុខស្ដេចហេរ៉ូឌ អាគ្រីប៉ា និងនៅមុខភេស្ទុសដែលជាអភិបាលខេត្ដយូឌារបស់ជនជាតិរ៉ូម។—សកម្មភាព ២៥:១-១២; ២៦:១-

១១, ១២. () ហេតុអ្វីយើងមិនផ្ដល់កិត្ដិយសពិសេសដល់អ្នកដឹកនាំសាសនា? () ពេលសាក្សីម្នាក់ដែលជាជនជាតិអូទ្រីសបានបង្ហាញការគោរពចំពោះអ្នកនយោបាយម្នាក់ តើអ្វីបានកើតឡើង?

១១ ចុះយ៉ាងណាពួកអ្នកដឹកនាំសាសនាវិញ? តើយើងគួរផ្ដល់កិត្ដិយសពិសេសដល់ពួកគេទេ? យើងផ្ដល់កិត្ដិយសដល់ពួកគេដូចដែលយើងផ្ដល់កិត្ដិយសដល់មនុស្សទៀតដែរ។ ប៉ុន្ដែ គឺជាការខុសបើយើងផ្ដល់កិត្ដិយសពិសេសដល់ពួកគេ ទោះជាពួកគេគិតថាមនុស្សត្រូវធ្វើដូច្នេះក៏ដោយ។ ហេតុអ្វី? ពីព្រោះសាសនាមិនពិតមិនបង្រៀនសេចក្ដីពិតអំពីព្រះនិងគម្ពីរដែលជាបណ្ដាំរបស់លោកទេ។ លោកយេស៊ូបានហៅអ្នកដែលបង្រៀនមិនពិតខាងសាសនាថាជាមនុស្សមានពុតនិងអ្នកដឹកនាំមិនល្អ។ (ម៉ាថាយ ២៣:២៣, ២៤) ផ្ទុយទៅវិញ មិនមែនជាការខុសទេដែលយើងបង្ហាញការគោរពនិងផ្ដល់កិត្ដិយសដល់មន្ដ្រីរដ្ឋាភិបាល។ ជួនកាលការធ្វើដូច្នេះ បាននាំឲ្យពួកគេជួយយើង។

១២ ជាឧទាហរណ៍ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ បណ្ឌិតម្នាក់ឈ្មោះហែនរិច ក្លាយស្នឺដែលជាអ្នកនយោបាយជនជាតិអូទ្រីសនិងជាមន្ដ្រីរដ្ឋាភិបាល បានត្រូវពួកណាត្ស៊ីចាប់ខ្លួន។ ពេលគាត់បានត្រូវដាក់លើរថភ្លើងដើម្បីយកទៅជំរំឃុំឃាំង គាត់បានជួបបងប្រុសលេអូផូល អេងឡែតនឺ ដែលជាជនជាតិអូទ្រីសនិងជាសាក្សីព្រះយេហូវ៉ាម្នាក់ដ៏ខ្នះខ្នែង។ បងអេងឡែតនឺបានពន្យល់អំពីជំនឿរបស់គាត់ដោយបង្ហាញការគោរពចំពោះបណ្ឌិតក្លាយស្នឺ ហើយបណ្ឌិតនោះបានស្តាប់ដោយយកចិត្ដទុកដាក់។ ពេលសង្គ្រាមបានចប់ ម្ដងហើយម្ដងទៀតបណ្ឌិតក្លាយស្នឺបានប្រើឋានៈរបស់គាត់ដើម្បីជួយសាក្សីព្រះយេហូវ៉ានៅប្រទេសអូទ្រីស។ អ្នកប្រហែលជាដឹងអំពីឧទាហរណ៍ទៀតស្ដីអំពីអ្វីដ៏ល្អដែលបានកើតឡើងដោយសារគ្រិស្ដសាសនិកបានបង្ហាញការគោរពចំពោះមន្ដ្រីរដ្ឋាភិបាល។

ចូរលើកកិត្ដិយសអ្នកទៀត

១៣. ជាពិសេស តើអ្នកណាខ្លះសមនឹងទទួលការគោរពនិងកិត្ដិយសពីយើង ហើយហេតុអ្វី?

១៣ បងប្អូនរបស់យើងសមនឹងទទួលការគោរពនិងកិត្ដិយសពីយើង ជាពិសេសបងប្អូនប្រុសដែលកំពុងនាំមុខដូចជាអ្នកចាស់ទុំ អ្នកត្រួតពិនិត្យប្រចាំមណ្ឌល សមាជិកគណៈកម្មាធិការការិយាល័យសាខា និងសមាជិកគណៈអភិបាល។ (សូមអាន ធីម៉ូថេទី១ ៥:១៧) ពួកគាត់ទាំងអស់គ្នាយកចិត្ដទុកចំពោះសេចក្ដីត្រូវការរបស់រាស្ដ្រព្រះ ហើយគម្ពីរបានហៅពួកអ្នកបម្រើទាំងនោះថា«អំណោយជាមនុស្ស»។ (អេភេសូរ ៤:៨) ដូច្នេះ គឺជាការសមត្រឹមត្រូវដែលយើងគោរពនិងលើកកិត្ដិយសពួកគាត់ ទោះជាពួកគាត់ជាអ្នកមានក្រ ឬក៏ពួកគាត់មានសញ្ជាតិ មុខមាត់ក្នុងសង្គម ឬការអប់រំបែបណាក្ដី។ គ្រិស្ដសាសនិកនៅសម័យដើមបានទុកគំរូល្អសម្រាប់យើង។ ពួកគាត់បានលើកកិត្ដិយសបុរសដែលនាំមុខ ហើយនៅសព្វថ្ងៃនេះយើងក៏ធ្វើដូច្នេះដែរ។ ពេលយើងនៅជាមួយនឹងបងប្រុសទាំងនោះ យើងមិនប្រព្រឹត្ដទៅលើពួកគាត់ហាក់បីដូចជាពួកគាត់ជាទេវតាទេ។ ប៉ុន្ដែ យើងគោរពនិងលើកកិត្ដិយសពួកគាត់ចំពោះការខំប្រឹងនិងចិត្ដរាបទាបរបស់ពួកគាត់។—សូមអាន កូរិនថូសទី២ ១:២៤; ការបើកបង្ហាញ ១៩:១០

១៤, ១៥. តើតាមរបៀបណាពួកអ្នកចាស់ទុំក្នុងក្រុមជំនុំខុសគ្នាពីអ្នកដឹកនាំសាសនាជាច្រើន?

១៤ ពួកអ្នកចាស់ទុំទាំងនេះគឺដូចជាគង្វាលដែលមានចិត្ដរាបទាប។ ពួកគាត់មិនចង់ឲ្យអ្នកទៀតប្រព្រឹត្ដទៅលើពួកគាត់ដូចជាអ្នកល្បីឈ្មោះឡើយ។ ដូច្នេះ ពួកគាត់ខុសគ្នាឆ្ងាយពីអ្នកដឹកនាំសាសនាជាច្រើននៅសព្វថ្ងៃនេះនិងអ្នកដឹកនាំសាសនានៅសម័យលោកយេស៊ូដែរ។ លោកបានមានប្រសាសន៍អំពីពួកគេថា«ពេលដែលពិសាភោជនាហារ ពួកគេចូលចិត្ដអង្គុយនៅកន្លែងលេចមុខលេចមាត់ជាងគេ ហើយក្នុងសាលាប្រជុំ ក៏ចូលចិត្ដអង្គុយនៅមុខគេ។ ពួកគេចង់ឲ្យមនុស្សជម្រាបសួរ សម្ដែងការគោរពចំពោះពួកគេនៅផ្សារ»។—ម៉ាថាយ ២៣:៦, ៧

ពេលពួកអ្នកចាស់ទុំមានចិត្ដរាបទាបនិងធ្វើតាមប្រសាសន៍របស់លោកយេស៊ូ នោះបងប្អូននឹងគោរព លើកកិត្ដិយស និងស្រឡាញ់ពួកគាត់

១៥ ពួកអ្នកចាស់ទុំធ្វើតាមប្រសាសន៍របស់លោកយេស៊ូដែលថា«កុំឲ្យអ្នកណាហៅថារ៉ាប៊ីឡើយ ពីព្រោះអ្នកមានគ្រូតែមួយទេ ហើយអ្នករាល់គ្នាជាបងប្អូននឹងគ្នា។ ម្យ៉ាងទៀត កុំហៅអ្នកណានៅផែនដីថាបិតាឡើយ ពីព្រោះបិតារបស់អ្នកមានតែមួយទេ ហើយលោកស្ថិតនៅស្ថានសួគ៌។ អ្នកក៏មិនត្រូវឲ្យអ្នកណាហៅថា‹អ្នកដឹកនាំ›ដែរ ពីព្រោះអ្នកដឹកនាំរបស់អ្នករាល់គ្នាមានតែមួយទេ គឺជាគ្រិស្ដ។ ប៉ុន្ដែអ្នកដែលធំជាងគេក្នុងចំណោមអ្នករាល់គ្នា ត្រូវធ្វើជាអ្នកបម្រើរបស់អ្នករាល់គ្នាវិញ។ អ្នកណាដែលតម្កើងខ្លួន អ្នកនោះនឹងត្រូវបន្ទាបចុះ តែអ្នកណាដែលបន្ទាបខ្លួន អ្នកនោះនឹងត្រូវតម្កើងឡើង»។ (ម៉ាថាយ ២៣:៨-១២) ពេលពួកអ្នកចាស់ទុំក្នុងក្រុមជំនុំនៅទូទាំងពិភពលោកមានចិត្ដរាបទាបនិងធ្វើតាមប្រសាសន៍របស់លោកយេស៊ូ នោះបងប្អូននឹងគោរព លើកកិត្ដិយស និងស្រឡាញ់ពួកគាត់។

ពេលអ្នកចាស់ទុំបម្រើដោយមានចិត្ដរាបទាប ពួកគាត់ទទួលការគោរព កិត្ដិយស និងសេចក្ដីស្រឡាញ់ ពីបងប្អូន (សូមមើលវគ្គ១៣-១៥)

១៦. ហេតុអ្វីយើងគួរបន្ដខំប្រឹងក្នុងការលើកកិត្ដិយសអ្នកទៀត?

១៦ ដូចគ្រិស្ដសាសនិកនៅសម័យដើម យើងប្រហែលជាត្រូវការពេលវេលាដើម្បីរៀនឲ្យចេះលើកកិត្ដិយសអ្នកទៀត។ (សកម្មភាព ១០:២២-២៦; យ៉ូហានទី៣ ៩, ១០) ប៉ុន្ដែបើយើងខំប្រឹង យើងនឹងទទួលលទ្ធផលល្អ។ ពេលយើងលើកកិត្ដិយសអ្នកទៀតតាមរបៀបដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ យើងនឹងទទួលពរជាច្រើន។

ប្រយោជន៍ដែលមកពីការលើកកិត្ដិយសអ្នកទៀត

១៧. តើការលើកកិត្ដិយសអ្នកដែលមានអំណាចផ្ដល់ប្រយោជន៍អ្វីខ្លះ?

១៧ ពេលយើងគោរពនិងលើកកិត្ដិយសអ្នកដែលមានអំណាចក្នុងសហគមន៍របស់យើង ពួកគេទំនងជាការពារសិទ្ធិរបស់យើងក្នុងកិច្ចបម្រើផ្សាយ។ ប្រហែលជាពួកគេថែមទាំងមានទស្សនៈល្អចំពោះកិច្ចការផ្សព្វផ្សាយរបស់យើង។ នេះជាអ្វីដែលបានកើតឡើងប៉ុន្មានឆ្នាំមុននៅប្រទេសអាល្លឺម៉ង់ ពេលបងស្រីប៊ែរគីតដែលជាអ្នកត្រួសត្រាយម្នាក់បានទៅចូលរួមកម្មវិធីបញ្ចប់វគ្គសិក្សាសាលាបឋមរបស់កូនស្រីគាត់។ គ្រូបង្រៀនបានប្រាប់បងប៊ែរគីតថាពួកគាត់សប្បាយចិត្ដដែលអស់ជាច្រើនឆ្នាំ ពួកគាត់មានសិស្សជាសាក្សីព្រះយេហូវ៉ាក្នុងថ្នាក់រៀន។ ពួកគាត់មានអារម្មណ៍ថាកូនរបស់សាក្សីព្រះយេហូវ៉ាបានធ្វើឲ្យសាលានោះល្អប្រសើរជាង។ បងប៊ែរគីតបានប្រាប់ពួកគាត់ថា«កូនរបស់យើងបានទទួលការបង្ហាត់បង្រៀនឲ្យធ្វើតាមខ្នាតតម្រារបស់ព្រះស្ដីអំពីការប្រព្រឹត្ដរបស់យើង ហើយនេះរួមបញ្ចូលការបង្ហាញការគោរពចំពោះគ្រូបង្រៀននិងការលើកកិត្ដិយសពួកគាត់»។ គ្រូបង្រៀនម្នាក់បាននិយាយថាបើសិស្សទាំងអស់គឺដូចកូនរបស់សាក្សីព្រះយេហូវ៉ា នោះការបង្រៀនគឺងាយស្រួល។ ពួកគាត់មានទស្សនៈល្អចំពោះសិស្សដែលជាសាក្សីព្រះយេហូវ៉ា។ ដូច្នេះ ប៉ុន្មានសប្ដាហ៍ក្រោយមក គ្រូបង្រៀនម្នាក់ក្នុងចំណោមពួកគាត់បានចូលរួមមហាសន្និបាត។

១៨, ១៩. តើយើងគួរចាំអំពីអ្វីពេលយើងលើកកិត្ដិយសពួកអ្នកចាស់ទុំ?

១៨ គោលការណ៍ដែលមានក្នុងបណ្ដាំរបស់ព្រះអាចជួយយើងយល់អំពីរបៀបលើកកិត្ដិយសពួកអ្នកចាស់ទុំក្នុងក្រុមជំនុំ។ (សូមអាន ហេប្រឺ ១៣:៧, ១៧) យើងគួរសរសើរពួកគាត់ចំពោះការខំប្រឹងរបស់ពួកគាត់។ ពេលយើងធ្វើតាមការណែនាំដែលពួកអ្នកចាស់ទុំផ្ដល់ឲ្យ នេះនឹងជួយពួកគាត់ឲ្យបម្រើដោយអំណរ។ គម្ពីរចែងថាយើងក៏គួរមានជំនឿដូចពួកគាត់ដែរ។ ប៉ុន្ដែ នេះមិនមានន័យថាយើងគួរព្យាយាមធ្វើតាមទាំងស្រុងនូវរបៀបស្លៀកពាក់ របៀបនិយាយ និងរបៀបបង្រៀនរបស់អ្នកចាស់ទុំដែលល្បីឈ្មោះក្នុងអង្គការយើងទេ។ បើយើងធ្វើដូច្នេះ នេះអាចមើលទៅហាក់ដូចជាយើងកំពុងកាន់តាមមនុស្សជាជាងកាន់តាមគ្រិស្ដ។ យើងមិនគួរភ្លេចថាពួកអ្នកចាស់ទុំគឺជាមនុស្សមិនល្អឥតខ្ចោះដូចយើងដែរ។

១៩ ពេលយើងគោរពនិងលើកកិត្ដិយសពួកអ្នកចាស់ទុំ ហើយមិនប្រព្រឹត្ដទៅលើពួកគាត់ដូចជាអ្នកល្បីឈ្មោះ នេះនឹងជួយពួកគាត់។ ហេតុអ្វី? ពួកគាត់នឹងងាយស្រួលជាងក្នុងការរក្សាចិត្ដរាបទាប ហើយមិនគិតថាពួកគាត់ប្រសើរជាងអ្នកទៀត ឬថាអ្វីដែលពួកគាត់ធ្វើគឺត្រឹមត្រូវជានិច្ចនោះទេ។

២០. តើយើងទទួលប្រយោជន៍អ្វីខ្លះពេលយើងលើកកិត្ដិយសអ្នកទៀត?

២០ ការលើកកិត្ដិយសអ្នកទៀតជួយយើងឲ្យជៀសវាងពីការគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយជួយយើងរក្សាឲ្យមានចិត្ដរាបទាបពេលអ្នកទៀតបង្ហាញការយកចិត្ដទុកដាក់ពិសេសចំពោះយើង។ ម្យ៉ាងទៀត នេះក៏ជួយការពារយើងឲ្យជៀសវាងពីការជំពប់ដួល បើបុគ្គលណាម្នាក់ដែលយើងគោរពធ្វើអ្វីដែលនាំឲ្យយើងខកចិត្ដ។ ប្រយោជន៍មួយទៀតដែលមកពីការលើកកិត្ដិយសអ្នកទៀតគឺជួយយើងឲ្យប្រព្រឹត្ដសមស្របនឹងអង្គការរបស់ព្រះយេហូវ៉ា។ អង្គការរបស់លោកមិនលើកកិត្ដិយសមនុស្សណាម្នាក់ហួសហេតុពេកទេ សូម្បីតែគាត់ជាអ្នកជឿមិនជឿក្ដី។

២១. តើអ្វីជាប្រយោជន៍ដ៏សំខាន់បំផុតដែលមកពីការលើកកិត្ដិយសអ្នកទៀត?

២១ ប្រយោជន៍ដ៏សំខាន់បំផុតដែលមកពីការលើកកិត្ដិយសអ្នកទៀតគឺយើងទទួលការពេញចិត្ដពីព្រះ។ នេះជាអ្វីដែលលោកចង់ឲ្យយើងធ្វើ ហើយយ៉ាងនេះយើងនឹងរក្សាភាពស្មោះត្រង់ចំពោះលោក។ ដូច្នេះ ព្រះយេហូវ៉ាអាចតបឆ្លើយនឹងសាថានដែលជាអ្នកចោទថាគ្មានមនុស្សណាម្នាក់អាចនៅស្មោះត្រង់នឹងលោកបានទេ។ (សុភាសិត ២៧:១១) មនុស្សភាគច្រើនក្នុងពិភពលោកមិនយល់អំពីរបៀបត្រឹមត្រូវដើម្បីលើកកិត្ដិយសអ្នកទៀតឡើយ។ យើងមានចិត្ដកតញ្ញូយ៉ាងខ្លាំងដែលយើងដឹងអំពីរបៀបលើកកិត្ដិយសអ្នកទៀតតាមរបៀបដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ!