លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកនឹងយកចិត្ដទុកដាក់ចំពោះអ្វីដែលបានត្រូវកត់ទុកទេ?

តើអ្នកនឹងយកចិត្ដទុកដាក់ចំពោះអ្វីដែលបានត្រូវកត់ទុកទេ?

«ការទាំងនេះ . . . បានត្រូវកត់ទុកជាការព្រមានដល់យើងដែលរស់នៅគ្រាចុងបញ្ចប់នៃសម័យនេះ»។—កូរិនថូសទី១ ១០:១១

ចម្រៀងលេខ: ១១, ២៩

១, ២. ហេតុអ្វីយើងនឹងពិចារណាអំពីគំរូរបស់ស្ដេចបួនរូបនៃស្រុកយូដា?

បើអ្នកបានឃើញបុគ្គលណាម្នាក់រអិលដួលនៅលើផ្លូវមួយ អ្នកទំនងជានឹងប្រុងប្រយ័ត្នពេលដើរតាមផ្លូវនោះ។ ស្រដៀងគ្នាដែរ តាមរយៈការពិចារណាអំពីកំហុសដែលអ្នកទៀតធ្លាប់ធ្វើក្នុងជីវិតរបស់ពួកគេ យើងអាចជៀសវាងពីការធ្វើខុសដូចពួកគេ។ ជាឧទាហរណ៍ យើងអាចរៀនពីកំហុសរបស់មនុស្សដែលបានត្រូវរៀបរាប់ក្នុងគម្ពីរ។

នៅអត្ថបទមុនយើងបានរៀនអំពីស្ដេចបួនរូបនៃស្រុកយូដាដែលបានបម្រើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ដ។ ប៉ុន្ដែ ពួកគាត់នៅតែបានធ្វើខុសធ្ងន់ធ្ងរ។ បទពិសោធន៍របស់ពួកគាត់បានត្រូវកត់ទុកក្នុងគម្ពីរដើម្បីយើងអាចរំពឹងគិតនិងរៀនមេរៀនដ៏សំខាន់ពីពួកគាត់។ ស្ដីអំពីអ្វីដែលបានកើតឡើងចំពោះពួកគាត់ តើយើងអាចទាញមេរៀនអ្វី ហើយតើតាមរបៀបណាយើងអាចជៀសវាងពីការធ្វើខុសដូចពួកគាត់?—សូមអាន រ៉ូម ១៥:៤

ការពឹងផ្អែកលើប្រាជ្ញារបស់មនុស្សនាំឲ្យមានគ្រោះថ្នាក់

-. () ទោះជាអេសាមានចិត្ដស្មោះចំពោះព្រះយេហូវ៉ាក្ដី តើគាត់បានធ្វើអ្វីខុស? () ហេតុអ្វីអេសាប្រហែលជាបានពឹងផ្អែកលើមនុស្សពេលគាត់ច្បាំងនឹងប្អាសា?

ដំបូងសូមយើងពិចារណាអំពីអេសា។ គាត់បានពឹងផ្អែកលើព្រះយេហូវ៉ាពេលកងទ័ពជនជាតិអេចូពីលាននាក់បានវាយប្រហារជនជាតិយូដា។ ប៉ុន្ដែ គាត់មិនបានពឹងផ្អែកលើព្រះយេហូវ៉ាពេលគាត់ច្បាំងនឹងប្អាសាដែលជាស្ដេចនៃស្រុកអ៊ីស្រាអែលទេ។ អេសាចង់បញ្ឈប់ប្អាសាពីការពង្រឹងកំពែងក្រុងរ៉ាម៉ាដែលជាក្រុងមួយដ៏សំខាន់នៅស្រុកអ៊ីស្រាអែលជិតព្រំដែនរាជាណាចក្រយូដា។ (របាក្សត្រទី២ ១៦:១-) អេសាបានសម្រេចចិត្ដថាជាការល្អដែលគាត់ផ្ដល់សំណូកដល់ស្ដេចនៃស្រុកស៊ីរីដើម្បីជួយគាត់។ ពេលជនជាតិស៊ីរីបានវាយប្រហារក្រុងខ្លះនៃស្រុកអ៊ីស្រាអែល ប្អាសា«ក៏លែងសង់ក្រុងរ៉ាម៉ា ឈប់ចោលការទាំងនោះទៅ»។ (របាក្សត្រទី២ ១៦:៥) ដំបូងអេសាប្រហែលជាបានគិតថាគាត់បានសម្រេចចិត្ដត្រឹមត្រូវ។

ប៉ុន្ដែ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា? ព្រះយេហូវ៉ាមិនពេញចិត្ដនឹងអ្វីដែលអេសាបានធ្វើដោយសារគាត់មិនពឹងផ្អែកលើលោក ហើយលោកបានចាត់ហាណានីដែលជាអ្នកប្រកាសទំនាយឲ្យកែតម្រង់អេសា។ (សូមអាន របាក្សត្រទី២ ១៦:៧-) ហាណានីបានប្រាប់អេសាថា«ដ្បិតពីនេះទៅមុខ នឹងចេះតែមានចំបាំងជានិច្ច»។ អេសាបានកាន់កាប់លើក្រុងរ៉ាម៉ា ប៉ុន្ដែអស់មួយជីវិតរបស់គាត់ គាត់និងរាស្ដ្ររបស់គាត់បានធ្វើចម្បាំងជាច្រើនដង។

នៅអត្ថបទមុន យើងបានរៀនថាព្រះយេហូវ៉ាពេញចិត្ដនឹងអេសា។ ទោះជាអេសាជាមនុស្សមិនល្អឥតខ្ចោះក៏ដោយ ព្រះបានឃើញថាអេសាមានចិត្ដស្មោះចំពោះលោក។ (ពង្សាវតារក្សត្រទី១ ១៥:១៤) ទោះជាយ៉ាងនេះក្ដី ពេលអេសាបានធ្វើការសម្រេចចិត្ដមិនល្អ គាត់មិនអាចជៀសវាងពីផលវិបាកបានឡើយ។ ហេតុអ្វីគាត់ពឹងផ្អែកលើខ្លួនឯងនិងមនុស្សទៀត ហើយមិនពឹងផ្អែកលើព្រះយេហូវ៉ា? ប្រហែលជាអេសាបានគិតថាគាត់អាចប្រើយុទ្ធសាស្ដ្រយោធាដ៏ឈ្លាសវៃដើម្បីយកឈ្នះនឹងការប្រយុទ្ធ ឬគាត់ប្រហែលជាបានធ្វើតាមយោបល់មិនល្អពីអ្នកទៀត។

ក្នុងគ្រប់ស្ថានភាពទាំងអស់ យើងត្រូវពឹងផ្អែកលើព្រះយេហូវ៉ាមិនមែនលើគំនិតរបស់ខ្លួនទេ

. តើយើងអាចរៀនអ្វីពីកំហុសរបស់អេសា? សូមលើកឧទាហរណ៍មួយ។

តើយើងអាចរៀនអ្វីពីកំហុសរបស់អេសា? ក្នុងគ្រប់ស្ថានភាពទាំងអស់ យើងត្រូវពឹងផ្អែកលើព្រះយេហូវ៉ាមិនមែនលើគំនិតរបស់ខ្លួនទេ។ យើងត្រូវសុំជំនួយពីលោក មិនថាយើងមានបញ្ហាធំតូចក្ដី។ គឺជាការល្អដែលយើងគិតអំពីសំណួរដូចទៅនេះ៖ ជួនកាល តើយើងពឹងផ្អែកលើខ្លួនឯងដោយព្យាយាមដោះស្រាយបញ្ហាណាមួយតាមវិធីដែលយើងគិតថាល្អបំផុតទេ? ឬតើយើងតែងតែពិចារណាជាមុនសិនអំពីអ្វីដែលគម្ពីរចែង ហើយបន្ទាប់មកព្យាយាមប្រើព័ត៌មាននោះដើម្បីដោះស្រាយបញ្ហារបស់យើងទេ? ឧបមាថាក្រុមគ្រួសាររបស់អ្នកធ្វើឲ្យអ្នកពិបាកចូលរួមកិច្ចប្រជុំសន្និបាតណាមួយ។ តើអ្នកនឹងសុំព្រះយេហូវ៉ាឲ្យជួយអ្នកដឹងអំពីអ្វីដែលអ្នកគួរធ្វើក្នុងស្ថានភាពនោះទេ? ឬប្រហែលជាអ្នកគ្មានការងារធ្វើអស់រយៈពេលយូរ តែក្រោយមកមានបុគ្គលម្នាក់ចង់ឲ្យការងារដល់អ្នក។ តើអ្នកនឹងប្រាប់គាត់ថាអ្នកត្រូវទៅកិច្ចប្រជុំជារៀងរាល់សប្ដាហ៍ ទោះជាអ្នកដឹងថាការប្រាប់ដូច្នេះអ្នកប្រហែលជាបាត់បង់ឱកាសទទួលការងារនោះទេ? ទោះជាមានបញ្ហាយ៉ាងណាក៏ដោយ យើងត្រូវចាំអំពីឱវាទរបស់អ្នកតែងទំនុកតម្កើងដែលថា«ចូរទុកដាក់ផ្លូវអ្នកនឹងព្រះយេហូវ៉ាចុះ ថែមទាំងទុកចិត្ដដល់ទ្រង់ផង នោះទ្រង់នឹងប្រោសឲ្យបានសំរេច»។—ទំនុកតម្កើង ៣៧:៥

តើអ្វីអាចកើតឡើងបើយើងជ្រើសរើសមិត្ដភក្ដិមិនល្អ?

៧, ៨. តើយេហូសាផាតបានធ្វើអ្វីខុស ហើយតើនេះនាំឲ្យមានលទ្ធផលអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)

ឥឡូវនេះ សូមយើងពិចារណាអំពីគំរូរបស់យេហូសាផាតដែលជាកូនប្រុសរបស់អេសា។ គាត់មានគុណសម្បត្ដិជាច្រើនដែលព្រះយេហូវ៉ាពេញចិត្ដ។ ម្យ៉ាងទៀត ពេលគាត់បានពឹងផ្អែកលើព្រះយេហូវ៉ា គាត់បានធ្វើអ្វីល្អជាច្រើន។ ប៉ុន្ដែ គាត់ក៏បានធ្វើការសម្រេចចិត្ដមិនល្អខ្លះដែរ។ ជាឧទាហរណ៍ គាត់បានរៀបចំឲ្យកូនប្រុសរបស់គាត់រៀបការជាមួយនឹងកូនស្រីរបស់អ័ហាប់ដែលជាស្ដេចអាក្រក់។ ក្រោយមក យេហូសាផាតបានចូលរួមជាមួយនឹងអ័ហាប់ក្នុងការប្រយុទ្ធនឹងជនជាតិស៊ីរី ទោះជាមីកាយ៉ាដែលជាអ្នកប្រកាសទំនាយបានព្រមានគាត់មិនឲ្យធ្វើដូច្នេះក៏ដោយ។ ក្នុងចម្បាំងនោះ ជនជាតិស៊ីរីបានវាយប្រហារយេហូសាផាត ហើយព្យាយាមសម្លាប់គាត់។ (របាក្សត្រទី២ ១៨:១-៣២) ពេលគាត់បានត្រឡប់ទៅក្រុងយេរូសាឡិមវិញ យេហ៊ូវដែលជាអ្នកប្រកាសទំនាយបានសួរគាត់ថា«តើគួរគប្បីឲ្យទ្រង់បានទៅជួយមនុស្សអាក្រក់ ហើយស្រឡាញ់ដល់ពួកអ្នកដែលស្អប់ព្រះយេហូវ៉ាអី?»។—សូមអាន របាក្សត្រទី២ ១៩:១-

តើយេហូសាផាតបានទាញមេរៀនពីការព្រមានរបស់អ្នកប្រកាសទំនាយនិងអ្វីដែលបានកើតឡើងចំពោះគាត់ទេ? គួរឲ្យស្តាយណាស់ គាត់មិនបានរៀនពីអ្វីទាំងនោះទេ។ យេហូសាផាតនៅតែស្រឡាញ់ព្រះយេហូវ៉ា ហើយចង់ធ្វើឲ្យលោកពេញចិត្ដ។ ប៉ុន្ដែម្ដងទៀត គាត់បានធ្វើជាមិត្ដភក្ដិជាមួយនឹងបុរសម្នាក់ដែលមិនចង់គោរពប្រណិប័តន៍ព្រះយេហូវ៉ា។ បុរសនោះគឺស្ដេចអ័ហាស៊ីយ៉ាដែលជាកូនប្រុសរបស់អ័ហាប់។ យេហូសាផាតនិងអ័ហាស៊ីយ៉ាបានសង់នាវាមួយចំនួនជាមួយគ្នា។ ប៉ុន្ដែ នាវាទាំងនោះបានត្រូវបាក់បែក ហើយមិនអាចប្រើតាមគោលបំណងរបស់ពួកគេបានទេ។—របាក្សត្រទី២ ២០:៣៥-៣៧

. តើអ្វីអាចកើតឡើងបើយើងជ្រើសរើសមិត្ដភក្ដិមិនល្អ?

តើយើងអាចទាញមេរៀនអ្វីពីបទពិសោធរបស់យេហូសាផាត? យេហូសាផាតបានធ្វើអ្វីដែលត្រឹមត្រូវ ហើយ«បានស្វែងរកព្រះយេហូវ៉ាអស់ពីព្រះទ័យ»។ (របាក្សត្រទី២ ២២:៩) ប៉ុន្ដែ គាត់សម្រេចចិត្ដចំណាយពេលជាមួយនឹងមនុស្សដែលមិនស្រឡាញ់ព្រះយេហូវ៉ា ហើយនេះនាំឲ្យគាត់មានបញ្ហាធ្ងន់ធ្ងរក្នុងជីវិត។ តាមពិត គាត់ស្ទើរតែបាត់បង់ជីវិត។ សូមចាំអំពីសុភាសិតមួយក្នុងគម្ពីរដែលចែងថា«អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ»។ (សុភាសិត ១៣:២០) យើងចង់ប្រាប់អ្នកទៀតអំពីព្រះយេហូវ៉ា។ ប៉ុន្ដែ បើយើងជិតស្និទ្ធជាមួយនឹងមនុស្សដែលមិនបម្រើលោក នោះនឹងនាំឲ្យមានគ្រោះថ្នាក់។

តើអ្នកជឿថាព្រះនឹងបំពេញសេចក្ដីត្រូវការរបស់អ្នកដែលចង់ទទួលសេចក្ដីស្រឡាញ់និងមានគូរអាពាហ៍ពិពាហ៍ទេ?

១០. () បើយើងចង់រៀបការ តើយើងអាចទាញមេរៀនអ្វីពីយេហូសាផាត? () តើយើងគួរចាំពីអ្វី?

១០ ជាឧទាហរណ៍ បើយើងចង់រៀបការ តើយើងអាចទាញមេរៀនអ្វីពីយេហូសាផាត? ប្រហែលជាយើងចាប់ផ្ដើមស្រឡាញ់បុគ្គលម្នាក់ដែលមិនស្រឡាញ់ព្រះយេហូវ៉ា។ យើងប្រហែលជាគិតថាយើងមិនអាចរកឃើញបុគ្គលណាម្នាក់ក្នុងចំណោមរាស្ដ្ររបស់ព្រះដែលយើងអាចរៀបការជាមួយបានទេ។ ឬប្រហែលជាសាច់ញាតិខ្លះរបស់យើងតែងតែប្រាប់យើងថាយើងត្រូវរៀបការមុនយើងចាស់ពេក។ ពិតមែន ព្រះយេហូវ៉ាបានបង្កើតយើងឲ្យមានសេចក្ដីត្រូវការទទួលសេចក្ដីស្រឡាញ់ពីអ្នកទៀតនិងឲ្យយើងស្រឡាញ់អ្នកទៀតដែរ។ ប៉ុន្ដែ បើយើងមិនអាចរកឃើញបុគ្គលដែលសមត្រឹមត្រូវនឹងយើងដើម្បីរៀបការបាន តើយើងគួរធ្វើអ្វី? អ្វីមួយដែលអាចជួយយើងគឺដោយរំពឹងគិតអំពីអ្វីដែលបានកើតឡើងចំពោះយេហូសាផាត។ តាមធម្មតា គាត់បានសុំការណែនាំពីព្រះយេហូវ៉ា។ (របាក្សត្រទី២ ១៨:៤-) ប៉ុន្ដែ ពេលយេហូសាផាតបានទៅជាមិត្ដភក្ដិរបស់អ័ហាប់ជាអ្នកដែលមិនស្រឡាញ់ព្រះយេហូវ៉ា គាត់មិនបានអើពើនឹងការព្រមានរបស់ព្រះយេហូវ៉ាទេ។ យេហូសាផាតគួរចាំថា«ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់ នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្តាជួយដល់អស់អ្នកណាដែលមានចិត្ដស្មោះត្រង់ចំពោះទ្រង់»។ (របាក្សត្រទី២ ១៦:៩) យើងក៏គួរចាំថាព្រះយេហូវ៉ាចង់ជួយយើង។ លោកយល់អំពីស្ថានភាពរបស់យើងនិងស្រឡាញ់យើង។ តើអ្នកជឿថាព្រះនឹងបំពេញសេចក្ដីត្រូវការរបស់អ្នកដែលចង់ទទួលសេចក្ដីស្រឡាញ់និងមានគូរអាពាហ៍ពិពាហ៍ទេ? សូមមានទំនុកចិត្ដថា នៅពេលមួយលោកនឹងធ្វើដូច្នេះមែន!

កុំចាប់ផ្ដើមមានទំនាក់ទំនងជាមួយនឹងបុគ្គលដែលមិនមែនជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា (សូមមើលវគ្គ១០)

កុំឲ្យចិត្ដរបស់អ្នកមានអំណួត

១១, ១២. () តើហេសេគាបានប្រព្រឹត្ដយ៉ាងណាដែលបង្ហាញអំពីចិត្ដគាត់? () ហេតុអ្វីព្រះយេហូវ៉ាអភ័យទោសឲ្យហេសេគា?

១១ តើយើងអាចទាញមេរៀនអ្វីពីហេសេគា? ព្រះយេហូវ៉ាបានជួយហេសេគាឲ្យដឹងអំពីអ្វីដែលពិតជានៅក្នុងចិត្ដរបស់គាត់។ (សូមអាន របាក្សត្រទី២ ៣២:៣១) ពេលហេសេគាឈឺធ្ងន់ ព្រះបានប្រាប់គាត់ថាគាត់នឹងជាសះស្បើយ ហើយលោកបានឲ្យសញ្ញាសម្គាល់មួយដល់គាត់ដើម្បីពង្រឹងទំនុកចិត្ដគាត់។ តើសញ្ញាសម្គាល់នេះគឺជាអ្វី? គឺមានស្រមោលដែលប្រហែលជាមកពីសសរមួយដែលចាំងលើជណ្ដើរ ហើយព្រះយេហូវ៉ាបានធ្វើឲ្យស្រមោលនោះថយទៅក្រោយវិញ១០កាំ។ ក្រោយមក តាមមើលទៅពួកចៅហ្វាយពីបាប៊ីឡូនចង់ដឹងថែមទៀតអំពីសញ្ញាសម្គាល់នោះ ហើយពួកគេបានចាត់បុរសខ្លះឲ្យទៅជួបហេសេគាដើម្បីសួរគាត់អំពីសញ្ញាសម្គាល់នោះ។ (ពង្សាវតារក្សត្រទី២ ២០:៨-១៣; របាក្សត្រទី២ ៣២:២៤) ព្រះយេហូវ៉ាមិនបានប្រាប់ហេសេគាអំពីរបៀបដែលគាត់គួរប្រព្រឹត្ដចំពោះពួកគេទេ។ គម្ពីរចែងថាព្រះយេហូវ៉ា‹បានទុកគាត់ចោល›ដើម្បីឃើញនូវអ្វីដែលគាត់នឹងធ្វើ។ ហេសេគាបានបង្ហាញពួកបុរសដែលមកពីបាប៊ីឡូននូវទ្រព្យសម្បត្ដិទាំងអស់ដែលគាត់មាន។ នេះបានបង្ហាញអំពីអ្វីដែលនៅក្នុងចិត្ដរបស់ហេសេគា។ ហេតុអ្វីយើងដឹងដូច្នេះ?

១២ គួរឲ្យស្តាយណាស់ ហេសេគាបានទៅជាមនុស្សមានអំណួត។ ជាលទ្ធផល គាត់‹មិនបានសងព្រះគុណ តាមដែលព្រះបានប្រោសដល់គាត់នោះទេ›។ គម្ពីរមិនចែងអំពីមូលហេតុដែលចិត្ដគំនិតរបស់គាត់បានផ្លាស់ប្ដូរឡើយ។ ប្រហែលជាចិត្ដគំនិតរបស់គាត់បានផ្លាស់ប្ដូរដោយសារជ័យជម្នះរបស់គាត់លើជនជាតិអាសស៊ើរ ឬដោយសារព្រះយេហូវ៉ាបានធ្វើឲ្យគាត់ជាសះស្បើយ។ ឬប្រហែលជាដោយសារគាត់បានក្លាយទៅជាមនុស្សដែលមានឈ្មោះល្បីនិងជាអ្នកមាន។ ទោះជាហេសេគាបានបម្រើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ដក្ដី គាត់បានទៅជាមនុស្សដែលមានអំណួត ហើយព្រះយេហូវ៉ាមិនពេញចិត្ដទេ។ ប៉ុន្ដែ ក្រោយមក«ហេសេគាទ្រង់បានបន្ទាប»ខ្លួន ហើយព្រះបានអភ័យទោសឲ្យគាត់។—របាក្សត្រទី២ ៣២:២៥-២៧; ទំនុកតម្កើង ១៣៨:៦

របៀបដែលយើងប្រព្រឹត្ដពេលអ្នកទៀតសរសើរយើង អាចបង្ហាញអំពីអ្វីដែលនៅក្នុងចិត្ដរបស់យើង

១៣, ១៤. () តើស្ថានភាពបែបណាអាចបង្ហាញអំពីអ្វីដែលនៅក្នុងចិត្ដយើង? () តើយើងគួរប្រព្រឹត្ដយ៉ាងណាពេលអ្នកទៀតសរសើរយើង?

១៣ តើយើងអាចទាញមេរៀនអ្វីពីហេសេគានិងពីកំហុសរបស់គាត់? សូមចាំថាហេសេគាបានប្រព្រឹត្ដដោយអំណួតមិនយូរក្រោយពីព្រះយេហូវ៉ាបានជួយគាត់ឲ្យយកឈ្នះលើជនជាតិអាសស៊ើរ ហើយបានធ្វើឲ្យគាត់ជាសះស្បើយពីជំងឺ។ ដូច្នេះ ពេលមានអ្វីល្អកើតឡើងចំពោះយើង ឬពេលអ្នកទៀតសរសើរយើង តើយើងនឹងធ្វើអ្វី? របៀបដែលយើងប្រព្រឹត្ដអាចបង្ហាញអំពីអ្វីដែលនៅក្នុងចិត្ដរបស់យើង។ ជាឧទាហរណ៍ បងប្រុសម្នាក់ប្រហែលជាបានខំព្យាយាមរៀបចំនិងថ្លែងសុន្ទរកថាសម្រាប់មនុស្សជាច្រើន។ ក្រោយមក អ្នកស្តាប់ជាច្រើនសរសើរគាត់ចំពោះអ្វីដែលគាត់បានធ្វើ។ តើពាក្យសរសើរនោះនឹងនាំឲ្យគាត់ប្រព្រឹត្ដយ៉ាងណា?

១៤ យើងគួរចាំជានិច្ចអំពីពាក្យលោកយេស៊ូដែលថា«ក្រោយពីអ្នករាល់គ្នាបានធ្វើអ្វីទាំងអស់ដែលបានត្រូវកំណត់ឲ្យ ចូរនិយាយថា៖ ‹យើងខ្ញុំជាខ្ញុំបម្រើឥតប្រយោជន៍។ អ្វីដែលយើងបានធ្វើ ជាអ្វីដែលយើងគួរតែធ្វើ›»។ (លូកា ១៧:១០) សូមចាំថាពេលហេសេគាមានអំណួត គាត់មិនមានចិត្ដកតញ្ញូចំពោះអ្វីដែលព្រះយេហូវ៉ាបានធ្វើដើម្បីជួយគាត់ទេ។ ដូច្នេះ ពេលអ្នកទៀតសរសើរយើងសម្រាប់សុន្ទរកថាណាមួយរបស់យើង តើអ្វីនឹងជួយយើងឲ្យរក្សាចិត្ដរាបទាប? យើងអាចរំពឹងគិតទៅលើអ្វីដែលព្រះយេហូវ៉ាបានធ្វើសម្រាប់យើង។ ម្យ៉ាងទៀត យើងអាចនិយាយអំពីលោកនិងរបៀបដែលលោកបានជួយយើង។ យ៉ាងណាមិញ លោកជាបុគ្គលមួយរូបដែលបានឲ្យយើងនូវគម្ពីរនិងសកម្មពលបរិសុទ្ធរបស់លោកដើម្បីយើងអាចថ្លែងសុន្ទរកថា។

ចូរឲ្យព្រះយេហូវ៉ាណែនាំអ្នកពេលធ្វើការសម្រេចចិត្ដ

១៥, ១៦. តើយ៉ូសៀសបានធ្វើអ្វីដែលនាំឲ្យគាត់ស្លាប់?

១៥ ចុះយ៉ាងណាវិញយ៉ូសៀស តើយើងអាចទាញមេរៀនអ្វីពីគាត់? ទោះជាយ៉ូសៀសជាស្ដេចល្អក្ដី កំហុសមួយរបស់គាត់បាននាំឲ្យគាត់ស្លាប់។ (សូមអាន របាក្សត្រទី២ ៣៥:២០-២២) ហេតុអ្វី? យ៉ូសៀសបានចាប់ផ្ដើមច្បាំងជាមួយនឹងនេកោដែលជាស្ដេចនៃស្រុកអេស៊ីប ទោះជាគាត់គ្មានមូលហេតុធ្វើដូច្នេះក្ដី។ តាមពិត នេកោបានប្រាប់យ៉ូសៀសថាគាត់មិនចង់ប្រយុទ្ធនឹងយ៉ូសៀសទេ។ គម្ពីរចែងថាពាក្យរបស់នេកោគឺ«មកពីព្រះឱស្ឋនៃព្រះ»។ ប៉ុន្ដែ យ៉ូសៀសបានទៅច្បាំង ហើយបានត្រូវគេសម្លាប់។ ដូច្នេះ ហេតុអ្វីគាត់ប្រយុទ្ធនឹងនេកោ? គម្ពីរមិនបានប្រាប់ទេ។

១៦ យ៉ូសៀសគួរតែស្វែងយល់ឲ្យដឹងថាពាក្យរបស់នេកោគឺពិតជាមកពីព្រះយេហូវ៉ាមែនយ៉ាងណា។ តើគាត់អាចធ្វើដូច្នេះយ៉ាងដូចម្ដេច? គាត់អាចសួរយេរេមាដែលជាអ្នកប្រកាសទំនាយរបស់ព្រះយេហូវ៉ា។ (របាក្សត្រទី២ ៣៥:២៣, ២៥) យ៉ូសៀសក៏គួរពិចារណាហេតុការណ៍ពិតដែរ។ នេកោបានទៅកើកេមីសដើម្បីច្បាំងនឹងប្រជាជាតិផ្សេងទៀត មិនមែននឹងក្រុងយេរូសាឡិមទេ។ ម្យ៉ាងទៀត នៅពេលនោះនេកោមិនបានមើលងាយព្រះយេហូវ៉ា ឬរាស្ដ្ររបស់លោកឡើយ។ យ៉ូសៀសមិនបានគិតឲ្យបានដិតដល់អំពីអ្វីទាំងនោះមុនគាត់ធ្វើការសម្រេចចិត្ដ។ តើយើងទាញមេរៀនអ្វី? ពេលយើងមានបញ្ហាណាមួយ ហើយត្រូវធ្វើការសម្រេចចិត្ដ យើងគួរពិចារណាជាមុនសិនអំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ។

១៧. ពេលយើងមានបញ្ហា តើតាមរបៀបណាយើងអាចជៀសវាងពីការធ្វើខុសដូចដែលយ៉ូសៀសបានធ្វើ?

១៧ ពេលយើងធ្វើការសម្រេចចិត្ដណាមួយ យើងត្រូវគិតជាមុនសិនអំពីគោលការណ៍គម្ពីរណាដែលអាចជួយយើងក្នុងករណីនោះនិងអំពីរបៀបដែលយើងអាចធ្វើតាមគោលការណ៍គម្ពីរនោះ។ ក្នុងករណីខ្លះ យើងប្រហែលជាចង់ធ្វើការស្រាវជ្រាវថែមទៀតក្នុងសៀវភៅផ្សេងរបស់យើង ឬថែមទាំងសុំយោបល់ពីអ្នកចាស់ទុំ។ គាត់អាចជួយយើងឲ្យគិតអំពីគោលការណ៍គម្ពីរផ្សេងទៀត។ សូមស្រមៃគិតអំពីស្ថានភាពនេះ៖ នៅថ្ងៃមួយ បងស្រីម្នាក់ដែលមានប្ដីដែលមិនមែនជាសាក្សីព្រះយេហូវ៉ា មានគម្រោងទៅផ្សព្វផ្សាយ។ (សកម្មភាព ៤:២០) ប៉ុន្ដែនៅថ្ងៃនោះ ប្ដីរបស់គាត់មិនចង់ឲ្យគាត់ទៅផ្សព្វផ្សាយទេ។ ប្ដីរបស់គាត់បានប្រាប់គាត់ថាថ្មីនេះ ពួកគាត់មិនសូវបានចំណាយពេលច្រើនជាមួយគ្នាទេ ហេតុនេះប្ដីរបស់គាត់ចង់នាំគាត់ទៅដើរលេង។ ដូច្នេះ បងស្រីនោះពិចារណាគម្ពីរខ្លះដែលអាចជួយគាត់ឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ។ គាត់ដឹងថាគាត់ត្រូវស្តាប់បង្គាប់ព្រះ ហើយថាលោកយេស៊ូបានបង្គាប់យើងឲ្យបង្រៀនអ្នកទៀតឲ្យក្លាយទៅជាអ្នកកាន់តាមលោក។ (ម៉ាថាយ ២៨:១៩, ២០; សកម្មភាព ៥:២៩) ប៉ុន្ដែ គាត់ក៏ចាំថាប្រពន្ធគួរចុះចូលប្ដី ហើយថាអ្នកបម្រើព្រះត្រូវធ្វើជាមនុស្សដែលសមហេតុផល។ (អេភេសូរ ៥:២២-២៤; ភីលីព ៤:៥) តើប្ដីគាត់ព្យាយាមបញ្ឈប់គាត់ពីកិច្ចការផ្សព្វផ្សាយ ឬប្ដីគាត់គ្រាន់តែចង់ចំណាយពេលជាមួយនឹងគាត់នៅថ្ងៃនោះ? ក្នុងនាមជាអ្នកបម្រើព្រះយេហូវ៉ា យើងចង់ធ្វើការសម្រេចចិត្ដដែលសមហេតុផលនិងដែលធ្វើឲ្យលោកពេញចិត្ដ។

ចូររក្សាចិត្ដស្មោះ ហើយមានអំណរ

១៨. តើអ្នកអាចរៀនអ្វីពីការរំពឹងគិតអំពីគំរូរបស់ស្ដេចទាំងបួនរូបនេះនៃស្រុកយូដា?

១៨ នៅពេលខ្លះ យើងក៏ប្រហែលជាធ្វើអ្វីមួយខុសដូចដែលស្ដេចទាំងបួនរូបនៃស្រុកយូដាបានធ្វើដែរ។ យើងប្រហែលជា () ពឹងផ្អែកលើគំនិតរបស់ខ្លួន () ជ្រើសរើសមិត្ដភក្ដិមិនល្អ () មានអំណួត ឬ () ធ្វើការសម្រេចចិត្ដដោយមិនពិចារណាជាមុនអំពីអ្វីដែលជាបំណងប្រាថ្នារបស់ព្រះ។ ទោះជាដូច្នេះក៏ដោយ គ្មានមូលហេតុឲ្យគិតថាយើងមិនអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដបានឡើយ។ លោកឃើញអ្វីដែលល្អក្នុងចិត្ដយើង ដូចដែលលោកបានឃើញអ្វីដែលល្អក្នុងចិត្ដរបស់ស្ដេចទាំងបួនរូបនោះដែរ។ ព្រះយេហូវ៉ាក៏ដឹងថាយើងស្រឡាញ់លោកខ្លាំងណាស់ ហើយថាយើងចង់បម្រើលោកយ៉ាងអស់ពីចិត្ដដែរ។ ដូច្នេះ លោកបានផ្ដល់ឲ្យយើងនូវគំរូផ្សេងដែលអាចជួយយើងឲ្យជៀសវាងពីការធ្វើខុសធ្ងន់ធ្ងរ។ សូមឲ្យយើងរំពឹងគិតអំពីកំណត់ហេតុទាំងនេះក្នុងគម្ពីរ ហើយសូមឲ្យយើងមានចិត្ដសប្បាយដែលព្រះយេហូវ៉ាបានផ្ដល់កំណត់ហេតុទាំងនេះសម្រាប់យើង!