ការមានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់នាំឲ្យសប្បាយនិងជាអ្វីដ៏សំខាន់ចាំបាច់!
«ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ហើយដោយមិនរអ៊ូរទាំ»។—ពេត្រុសទី១ ៤:៩
១. តើគ្រិស្ដសាសនិកនៅសតវត្សរ៍ទី១មានបញ្ហាអ្វីខ្លះ?
នៅពេលមួយរវាងឆ្នាំ៦២និង៦៤ គ.ស. សាវ័កពេត្រុសបានសរសេរសំបុត្រទៅកាន់«ពួកអ្នកស្នាក់នៅបណ្ដោះអាសន្នដែលនៅបែកខ្ញែកនាតំបន់ប៉ុនតុស ខេត្ដកាឡាទី តំបន់កាប៉ាដូគា តំបន់អាស៊ី និងខេត្ដប៊ីធូនា»។ (ពេត្រុសទី១ ១:១) បងប្អូនទាំងនេះមកពីកន្លែងផ្សេងៗ។ ពួកគេបានជួបប្រទះ«ភ្លើងដែលកំពុងឆេះ»ឬការបៀតបៀន ហើយត្រូវការការលើកទឹកចិត្ដនិងការណែនាំ។ ពួកគេក៏បានរស់នៅគ្រាដែលពោរពេញទៅដោយគ្រោះថ្នាក់ដែរ។ ពេត្រុសបានសរសេរថា៖ «ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ»។ មិនដល់១០ឆ្នាំក្រោយមក ក្រុងយេរូសាឡិមបានត្រូវបំផ្លាញ។ តើអ្វីជួយគ្រិស្ដសាសនិកនៅគ្រប់ទីកន្លែងឲ្យឆ្លងកាត់គ្រាដ៏ពិបាកនោះ?—ពេត្រុសទី១ ៤:៤, ៧, ១២
២, ៣. ហេតុអ្វីពេត្រុសបានលើកទឹកចិត្ដបងប្អូនរួមជំនឿរបស់គាត់ឲ្យទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់? (សូមមើលរូបភាពនៅដើមអត្ថបទ)
២ អ្វីមួយដែលពេត្រុសបានលើកទឹកចិត្ដបងប្អូនឲ្យធ្វើគឺ«ទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់»។ (ពេត្រុសទី១ ៤:៩) ពាក្យភាសាក្រិចដែលបានត្រូវបកប្រែថា«ទទួលអ្នកឯទៀតដោយរាក់ទាក់»មានន័យត្រង់ថា«សេចក្ដីស្រឡាញ់ ឬការបង្ហាញសេចក្ដីសប្បុរសចំពោះអ្នកដែលយើងមិនស្គាល់»។ ប៉ុន្ដែ ពេត្រុសកំពុងលើកទឹកចិត្ដបងប្អូនឲ្យ«ទទួលគ្នាទៅវិញទៅមក»ដោយរាក់ទាក់ ទោះជាពួកគេស្គាល់គ្នានិងធ្វើអ្វីផ្សេងៗជាមួយគ្នាក៏ដោយ។ តើ ការទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់នឹងជួយពួកគេយ៉ាងដូចម្ដេច?
៣ នេះនឹងជួយពួកគេឲ្យកាន់តែមានភាពជិតស្និទ្ធនឹងគ្នា។ ចុះអ្នកវិញ? តើអ្នកចាំអំពីពេលដ៏សប្បាយដែលអ្នកធ្លាប់មាន កាលដែលបងប្អូនណាម្នាក់បានអញ្ជើញអ្នកឲ្យទៅផ្ទះរបស់គាត់ឬទេ? ម្យ៉ាងទៀត ពេលអ្នកបានអញ្ជើញបងប្អូនណាម្នាក់ឲ្យមកផ្ទះរបស់អ្នក នេះបានធ្វើឲ្យអ្នកនិងបងប្អូននោះកាន់តែជិតស្និទ្ធនឹងគ្នា។ របៀបល្អមួយដើម្បីស្គាល់បងប្អូនរបស់យើងគឺដោយទទួលពួកគេយ៉ាងរាក់ទាក់។ គ្រិស្ដសាសនិកដែលបានរស់នៅសម័យរបស់ពេត្រុស ត្រូវមានភាពជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំង កាលដែលស្ថានភាពកាន់តែអាក្រក់ទៅៗ។ ក្នុង«គ្រាចុងក្រោយបង្អស់»នេះ យើងក៏ត្រូវធ្វើដូចគ្នាដែរ។—ធីម៉ូថេទី២ ៣:១
៤. តើយើងនឹងពិចារណាសំណួរអ្វីខ្លះក្នុងអត្ថបទនេះ?
៤ តើតាមរបៀបណាយើងអាច«ទទួលគ្នាទៅវិញទៅមក»ដោយរាក់ទាក់? តើអ្វីប្រហែលជារារាំងយើងពីការទទួលអ្នកឯទៀតដោយរាក់ទាក់ ហើយតើយើងអាចយកឈ្នះបញ្ហានេះយ៉ាងដូចម្ដេច? តើអ្វីអាចជួយយើងឲ្យធ្វើជាភ្ញៀវដ៏ល្អ?
ឱកាសដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់
៥. តើតាមរបៀបណាយើងអាចទទួលអ្នកឯទៀតដោយរាក់ទាក់នៅកិច្ចប្រជុំរបស់យើង?
៥ នៅកិច្ចប្រជុំ: ព្រះយេហូវ៉ានិងអង្គការរបស់លោក អញ្ជើញយើងឲ្យទៅកិច្ចប្រជុំ។ យើងចង់ឲ្យមនុស្សទាំងអស់ដែលចូលរួមកិច្ចប្រជុំរបស់យើងមានអារម្មណ៍ថាពួកគេបានត្រូវទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ជាពិសេសអ្នកថ្មី។ (រ៉ូម ១៥:៧) ពួកគេក៏ជាភ្ញៀវរបស់ព្រះយេហូវ៉ាដែរ ដូច្នេះយើងត្រូវធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្ដៅ ទោះជាសំបកក្រៅរបស់ពួកគេគឺយ៉ាងណា ឬពួកគេស្លៀកពាក់យ៉ាងណាក៏ដោយ។ (យ៉ាកុប ២:១-៤) បើអ្នកឃើញបុគ្គលណាម្នាក់មកម្នាក់ឯង តើអ្នកអាចអញ្ជើញគាត់ឲ្យអង្គុយជាមួយនឹងអ្នកឬទេ? គាត់ប្រហែលជាសប្បាយចិត្ដបើអ្នកជួយគាត់ឲ្យយល់អំពីអ្វីដែលនឹងត្រូវធ្វើឡើងក្នុងកម្មវិធីកិច្ចប្រជុំ ឬជួយគាត់ឲ្យស្វែងរកបទគម្ពីរដែលត្រូវអាន។ នេះជារបៀបដ៏ល្អប្រសើរមួយដើម្បី«មានទម្លាប់ទទួលអ្នកឯទៀតដោយរាក់ទាក់»។—រ៉ូម ១២:១៣
៦. ជាពិសេស តើយើងគួរទទួលអ្នកណាដោយរាក់ទាក់?
៦ អាហារឬអាហារសម្រន់: នៅសម័យគម្ពីរ មនុស្សច្រើនតែបានទទួលអ្នកឯទៀតយ៉ាងរាក់ទាក់ ដោយអញ្ជើញអ្នកឯទៀតឲ្យមកផ្ទះរបស់ពួកគេដើម្បីបរិភោគអាហារ។ នោះបង្ហាញថាពួកគេចង់ធ្វើជាមិត្ដភក្ដិនិងមានសន្ដិភាពជាមួយគ្នា។ (លោកុប្បត្ដិ ១៨:១-៨; ពួកចៅហ្វាយ ១៣:១៥; លូកា ២៤:២៨-៣០) ជាពិសេស តើយើងគួរទទួលអ្នកណាដោយរាក់ទាក់? គឺបងប្អូនក្នុងក្រុមជំនុំ។ កាលដែលរបៀបរបបពិភពលោកនេះកាន់តែអាក្រក់ទៅៗ យើងនឹងត្រូវពឹងពាក់បងប្អូនរបស់យើង ហើយធ្វើជាមិត្ដដ៏ស្មោះភក្ដីរបស់ពួកគេ។ នៅឆ្នាំ២០១១ គណៈអភិបាលបានផ្លាស់ប្ដូរម៉ោងសិក្សាទស្សនាវដ្ដីប៉មយាមសម្រាប់ក្រុមគ្រួសារបេតអែលនៅសហរដ្ឋអាម៉េរិក ពីម៉ោង៦:៤៥នាទីល្ងាចទៅម៉ោង៦:១៥នាទីល្ងាច។ ហេតុអ្វី? សេចក្ដីជូនដំណឹងបានត្រូវប្រកាសថា បងប្អូនបេតអែលទំនងជាស្រួលទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ បើកិច្ចប្រជុំនោះចាប់ផ្ដើមលឿនជាង។ ការិយាល័យសាខាផ្សេងទៀតបានធ្វើដូចគ្នា។ នេះគឺជាឱកាសដ៏ល្អឲ្យក្រុមគ្រួសារបេតអែលស្គាល់គ្នាទៅវិញទៅមក។
តើអ្នកអាចអញ្ជើញបងប្អូនថ្មីឲ្យបរិភោគអាហារឬអាហារសម្រន់ ឬទៅកន្លែងណាមួយជាមួយគ្នាឬទេ?
៧, ៨. ពេលអ្នកថ្លែងសុន្ទរកថាមកក្រុមជំនុំរបស់យើង តើយើងអាចទទួលពួកគេដោយរាក់ទាក់យ៉ាងដូចម្ដេច?
៧ ជួនកាលបងប្អូនប្រុសដែលមកពីក្រុមជំនុំផ្សេង អ្នកត្រួតពិនិត្យប្រចាំមណ្ឌល ឬតំណាងបេតអែលថ្លែងសុន្ទរកថានៅក្រុមជំនុំយើង។ តើយើងអាចប្រើឱកាសទាំងនេះដើម្បីទទួលបងប្អូនទាំងនោះដោយរាក់ទាក់ឬទេ? (សូមអាន យ៉ូហានទី៣ ៥-៨) របៀបមួយដែលយើងអាចធ្វើដូច្នេះ គឺដោយអញ្ជើញពួកគេឲ្យមកផ្ទះរបស់យើងដើម្បីបរិភោគអាហារឬអាហារសម្រន់ជាមួយគ្នា។
៨ បងស្រីម្នាក់នៅសហរដ្ឋអាម៉េរិកនិយាយថា៖ «អស់ជាច្រើនឆ្នាំ ខ្ញុំនិងប្ដីខ្ញុំមានឱកាសទទួលអ្នកថ្លែងសុន្ទរកថានិងប្រពន្ធរបស់ពួកគាត់ដោយរាក់ទាក់»។ បងស្រីនេះមានអារម្មណ៍
ថា រាល់ដងការធ្វើដូច្នេះបានពង្រឹងជំនឿរបស់ពួកគាត់ ហើយក៏ជាពេលដ៏សប្បាយដែរ។ គាត់និយាយថា៖ «យើងមិនដែលស្តាយក្រោយឡើយ»។៩, ១០. (ក) តើអ្នកណាខ្លះប្រហែលជាត្រូវស្នាក់នៅជាមួយនឹងយើងសម្រាប់រយៈពេលយូរជាង? (ខ) តើបងប្អូនដែលមានផ្ទះតូចអាចជួយអ្នកទាំងនោះបានឬទេ? សូមលើកឧទាហរណ៍មួយ។
៩ ភ្ញៀវដែលនៅរយៈពេលយូរជាង: នៅសម័យគម្ពីរ តាមធម្មតាគេផ្ដល់កន្លែងស្នាក់នៅឲ្យភ្ញៀវខ្លះ។ (យ៉ូប ៣១:៣២; ភីលេម៉ូន ២២) សព្វថ្ងៃនេះ យើងក៏ប្រហែលជាត្រូវធ្វើដូច្នេះដែរ។ អ្នកត្រួតពិនិត្យប្រចាំមណ្ឌលច្រើនតែត្រូវការកន្លែងស្នាក់នៅពេលដែលពួកគេធ្វើទស្សនៈកិច្ចនៅក្រុមជំនុំផ្សេងៗ។ អ្នកដែលចូលរួមសាលាកិច្ចបម្រើនិងអ្នកស្ម័គ្រចិត្ដបម្រើផ្នែកសាងសង់ ក៏ប្រហែលជាមានសេចក្ដីត្រូវការដូចគ្នា។ ចុះយ៉ាងណាបងប្អូនដែលបាត់បង់ផ្ទះសម្បែងក្រោយពីគ្រោះមហន្ដរាយធម្មជាតិ? ពួកគេប្រហែលជាត្រូវការកន្លែងស្នាក់នៅរហូតដល់ផ្ទះរបស់ពួកគេបានត្រូវសាងសង់ឡើងវិញ។ យើងមិនគួរសន្និដ្ឋានថាមានតែអ្នកដែលមានផ្ទះធំប៉ុណ្ណោះដែលអាចជួយពួកគេបានទេ។ បងប្អូនដែលមានផ្ទះធំប្រហែលជាធ្លាប់ជួយច្រើនដងមកហើយ។ តើអ្នកអាចអញ្ជើញបងប្អូនឲ្យស្នាក់នៅផ្ទះរបស់អ្នកឬទេ ទោះជាផ្ទះរបស់អ្នកតូចក៏ដោយ?
១០ បងប្រុសម្នាក់នៅប្រទេសកូរ៉េខាងត្បូងចាំអំពីពេលដែលសិស្សសាលាកិច្ចបម្រើបានស្នាក់នៅផ្ទះរបស់គាត់។ គាត់សរសេរថា៖ «ដំបូងខ្ញុំស្ទាក់ស្ទើរដោយសារយើងទើបតែបានរៀបការថ្មីៗនោះ ហើយក៏រស់នៅផ្ទះតូច តែយើងពិតជាមានអំណរពេលយើងមានសិស្សសាលាស្នាក់នៅជាមួយយើង។ ដោយសារយើងជាប្ដីប្រពន្ធដែលទើបនឹងរៀបការថ្មីៗ យើងឃើញថាគូប្ដីប្រពន្ធអាចសប្បាយចិត្ដជាខ្លាំងពេលដែលពួកគេបម្រើព្រះយេហូវ៉ានិងផ្ដោតអារម្មណ៍ទៅលើគោលដៅក្នុងកិច្ចបម្រើលោកជាមួយគ្នា»។
១១. ហេតុអ្វីបងប្អូនថ្មីក្នុងក្រុមជំនុំប្រហែលជាត្រូវការឲ្យយើងទទួលពួកគេដោយរាក់ទាក់?
១១ បងប្អូនថ្មីក្នុងក្រុមជំនុំ: បងប្អូនឬក្រុមគ្រួសារខ្លះប្រហែលជារើពីក្រុមជំនុំផ្សេងទៀតទៅតំបន់របស់អ្នក។ ប្រហែលជាពួកគេបានមកដោយសារក្រុមជំនុំរបស់អ្នកត្រូវការជំនួយ។ ឬប្រហែលជាពួកគេជាអ្នកត្រួសត្រាយដែលបានត្រូវចាត់ឲ្យមកក្រុមជំនុំរបស់អ្នក។ នេះគឺជាការផ្លាស់ប្ដូរដ៏ធំសម្រាប់ពួកគេ។ ពួកគេត្រូវសម្របខ្លួននឹងតំបន់ថ្មី ក្រុមជំនុំថ្មី ហើយប្រហែលជាភាសាឬវប្បធម៌ថ្មី។ តើអ្នកអាចអញ្ជើញពួកគេឲ្យបរិភោគអាហារឬអាហារសម្រន់ ឬទៅកន្លែងណាមួយជាមួយគ្នាឬទេ? នេះនឹងជួយពួកគេឲ្យមានមិត្ដភក្ដិថ្មី ហើយសម្របខ្លួននឹងស្ថានភាពថ្មី។
១២. តើបទពិសោធន៍អ្វីបង្ហាញថាយើងមិនចាំបាច់រៀបចំអ្វីជាច្រើនដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់?
១២ យើងមិនចាំបាច់រៀបចំអ្វីច្រើនទេ ដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់។ (សូមអាន លូកា ១០:៤១, ៤២) បងប្រុសម្នាក់ចាំអំពីអ្វីដែលបានកើតឡើងពេលដែលគាត់និងប្រពន្ធរបស់គាត់បានចាប់ផ្ដើមបម្រើជាសាសនទូត។ គាត់និយាយថា៖ «យើងនៅក្មេង គ្មានបទពិសោធន៍ និងនឹកស្រុកកំណើតណាស់។ នៅល្ងាចមួយ ប្រពន្ធខ្ញុំនឹកផ្ទះខ្លាំងណាស់ ហើយទោះជាខ្ញុំខំជួយគាត់ តែនៅតែគ្មានប្រយោជន៍។ ក្រោយមក ប្រហែលជានៅម៉ោង៧កន្លះយប់ មានគេគោះទ្វារយើង។ គឺសិស្សគម្ពីរម្នាក់ដែលបានយកក្រូចបីផ្លែឲ្យយើង។ គាត់បានមកដើម្បីស្វាគមន៍សាសនទូតថ្មី។ យើងអញ្ជើញគាត់ឲ្យចូលក្នុងផ្ទះ ហើយដាក់ទឹកមួយកែវឲ្យគាត់ញ៉ាំ រួចមកយើងបានឆុងតែនិងឆុងទឹកសូកូឡាដើម្បីពិសា។ យើងមិនទាន់ចេះភាសាស្វាហីលីទេ ហើយគាត់ក៏មិនចេះភាសាអង់គ្លេសដែរ»។ បងប្រុសនោះនិយាយថា បទពិសោធន៍នេះបានជួយពួកគាត់ ឲ្យចាប់ផ្ដើមបង្កើតមិត្ដភាពជាមួយនឹងបងប្អូនដែលនៅតំបន់នោះ និងជួយពួកគាត់ឲ្យសប្បាយចិត្ដជាង។
សូមកុំឲ្យអ្វីណារារាំងអ្នកពីការទទួលអ្នកឯទៀតដោយរាក់ទាក់
១៣. តើការទទួលអ្នកឯទៀតដោយរាក់ទាក់ជួយយើងយ៉ាងដូចម្ដេច?
១៣ តើអ្នកធ្លាប់ស្ទាក់ស្ទើរក្នុងការទទួលអ្នកឯទៀតដោយរាក់ទាក់ឬទេ? បើដូច្នេះ អ្នកប្រហែលជាបានបាត់បង់ឱកាសដ៏សប្បាយ និងឱកាសដើម្បីមានមិត្ដភក្ដិថ្មីដែលនឹងទៅជាមិត្ដភក្ដិជារៀងរហូតរបស់អ្នក។ ការទទួលអ្នកឯទៀតដោយរាក់ទាក់គឺជារបៀបដ៏ល្អបំផុតមួយដើម្បីលែងមានអារម្មណ៍ឯកោ។ ដូច្នេះ ហេតុអ្វីអ្នកខ្លះស្ទាក់ស្ទើរទទួលអ្នកឯទៀតដោយរាក់ទាក់? មានមូលហេតុខ្លះៗ។
១៤. តើយើងអាចធ្វើអ្វីបើយើងមិនមានពេលនិងកម្លាំងគ្រប់គ្រាន់ដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់ ហើយដើម្បីទទួលការអញ្ជើញពីអ្នកឯទៀត?
១៤ ពេលវេលានិងកម្លាំង: រាស្ដ្ររបស់ព្រះយេហូវ៉ាគឺរវល់ណាស់ ហើយមានភារកិច្ចជាច្រើន។ បងប្អូនខ្លះប្រហែលជាមានអារម្មណ៍ថាពួកគេមិនមានពេលឬកម្លាំងគ្រប់គ្រាន់ដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់ទេ។ បើអ្នកមានអារម្មណ៍បែបនេះ អ្នកប្រហែលជាត្រូវកែប្រែកាលវិភាគរបស់អ្នកដើម្បីអ្នកអាចទទួលអ្នកឯទៀតដោយរាក់ទាក់ ហើយដើម្បីអ្នកអាចទទួលការអញ្ជើញពីអ្នកឯទៀតដែរ។ នេះគឺសំខាន់ដោយសារគម្ពីរលើកទឹកចិត្ដយើងឲ្យទទួលអ្នកឯទៀតដោយរាក់ទាក់។ (ហេប្រឺ ១៣:២) ដូច្នេះ ការទទួលអ្នកឯទៀតដោយរាក់ទាក់គឺជាអ្វីដ៏ត្រឹមត្រូវ។ ប៉ុន្ដែដើម្បីទទួលអ្នកឯទៀតដោយរាក់ទាក់ អ្នកប្រហែលជាត្រូវចំណាយពេលតិចជាងក្នុងការធ្វើអ្វីដែលមិនសូវសំខាន់។
១៥. ហេតុអ្វីអ្នកខ្លះគិតថាពួកគេមិនអាចទទួលអ្នកឯទៀតដោយរាក់ទាក់?
១៥ ទស្សនៈរបស់អ្នកចំពោះខ្លួន: តើអ្នកធ្លាប់មានចិត្ដចង់ទទួលអ្នកឯទៀតដោយរាក់ទាក់ តែមានអារម្មណ៍ថាអ្នកមិនអាចធ្វើបានឬទេ? ប្រហែលជាអ្នកជាមនុស្សអៀនខ្មាស ហើយបារម្ភថាភ្ញៀវរបស់អ្នកនឹងអផ្សុក។ ឬក៏ប្រហែលជាអ្នកមិនសូវមានលុយ ហើយអ្នកខ្លាចថាអ្នកមិនមានអ្វីល្អៗដើម្បីទទួលភ្ញៀវដូចបងប្អូនឯទៀត។ ប៉ុន្ដែ សូមចាំថាផ្ទះរបស់យើងមិនចាំបាច់ល្អប្រណីតទេ។ ភ្ញៀវនឹងអរសប្បាយបើផ្ទះរបស់យើងស្អាតបាតនិងមានរបៀបរៀបរយ ហើយបើយើងរួសរាយរាក់ទាក់។
១៦, ១៧. តើអ្នកអាចធ្វើអ្វីបើអ្នកព្រួយបារម្ភអំពីការទទួលភ្ញៀវ?
១៦ បើអ្នកព្រួយបារម្ភអំពីការទទួលអ្នកឯទៀតដោយរាក់ទាក់ មិនមែនមានតែអ្នកប៉ុណ្ណោះទេដែលមានអារម្មណ៍បែបនេះ។ អ្នកចាស់ទុំម្នាក់នៅប្រទេសអង់គ្លេសបានសារភាពថា៖ «យើងប្រហែលជាភ័យបន្ដិចពេលរៀបចំសម្រាប់ភ្ញៀវ។ ប៉ុន្ដែដូចអ្វីផ្សេងៗដែលជាប់ទាក់ទងនឹងការបម្រើព្រះយេហូវ៉ា ប្រយោជន៍និងការស្កប់ចិត្ដដែលយើងទទួលគឺច្រើនជាងនោះឆ្ងាយណាស់។ គ្រាន់តែអង្គុយនិយាយគ្នាលេងនិងញ៉ាំកាហ្វេជាមួយភ្ញៀវ ក៏ធ្វើឲ្យខ្ញុំសប្បាយចិត្ដដែរ»។ ការបង្ហាញការយកចិត្ដទុកដាក់ចំពោះភ្ញៀវគឺជាការល្អ។ (ភីលីព ២:៤) មនុស្សភាគច្រើនសប្បាយនិយាយអំពីបទពិសោធន៍របស់ពួកគេក្នុងជីវិត។ យើងប្រហែលជាគ្រាន់តែអាចស្តាប់អំពីបទពិសោធន៍របស់ពួកគេនៅពេលដែលយើងជួបជុំជាមួយនឹងពួកគេ។ អ្នកចាស់ទុំម្នាក់ទៀតសរសេរថា៖ «ការអញ្ជើញបងប្អូនពីក្រុមជំនុំឲ្យមកផ្ទះខ្ញុំ ជួយខ្ញុំឲ្យយល់អំពីពួកគេច្រើនជាង ហើយផ្ដល់ឱកាសឲ្យខ្ញុំស្គាល់ពួកគេកាន់តែច្បាស់ ជាពិសេសរបៀបដែលពួកគេបានរៀនសេចក្ដីពិត»។ បើអ្នកយកចិត្ដទុកដាក់ចំពោះភ្ញៀវ អ្នកអាចប្រាកដថាទាំងអស់គ្នានឹងសប្បាយ។
១៧ បងស្រីម្នាក់ដែលជាអ្នកត្រួសត្រាយដែលច្រើនតែអញ្ជើញសិស្សសាលាកិច្ចបម្រើផ្សេងៗឲ្យស្នាក់នៅជាមួយនឹងគាត់ សារភាពថា៖ «ដំបូងខ្ញុំព្រួយបារម្ភដោយសារផ្ទះខ្ញុំសាមញ្ញ ហើយដោយសារខ្ញុំមានគ្រឿងសង្ហារិមជជុះ។ តែប្រពន្ធរបស់អ្នកបង្រៀនសាលាកិច្ចបម្រើមួយបានធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រួល។ គាត់និយាយថា កាលដែលគាត់និងប្ដីគាត់បម្រើក្នុងកិច្ចការធ្វើដំណើរត្រួតពិនិត្យ ពេលដ៏សប្បាយបំផុតគឺជាពេលដែលពួកសុភាសិត ១៥:១៧) គ្មានមូលហេតុឲ្យយើងព្រួយបារម្ភទេ ដោយសារអ្វីដែលពិតជាសំខាន់គឺយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះភ្ញៀវ។
គាត់ស្នាក់នៅជាមួយនឹងបងប្អូនដែលមិនសូវមានទ្រព្យសម្បត្ដិច្រើន តែមានជំនឿរឹងមាំ ហើយដែលផ្ដោតអារម្មណ៍ទៅលើការបម្រើព្រះយេហូវ៉ានិងការមានជីវិតសាមញ្ញដូចពួកគាត់ដែរ។ នេះរំលឹកខ្ញុំអំពីអ្វីដែលម្ដាយរបស់ខ្ញុំធ្លាប់ប្រាប់យើងពេលយើងនៅក្មេងថា៖ ‹ស៊ូឲ្យមានតែបន្លែជាម្ហូបនៅកន្លែងណាដែលមានសេចក្ដីស្រឡាញ់›»។ (១៨, ១៩. តើតាមរបៀបណាការទទួលអ្នកឯទៀតដោយរាក់ទាក់អាចជួយយើងឲ្យយកឈ្នះទស្សនៈមិនត្រឹមត្រូវចំពោះអ្នកឯទៀត?
១៨ អារម្មណ៍របស់អ្នកចំពោះអ្នកឯទៀត: តើមានបុគ្គលណាម្នាក់ក្នុងក្រុមជំនុំរបស់អ្នកដែលធ្វើឲ្យអ្នកខឹងឬទេ? បើអ្នកមិនព្យាយាមយកឈ្នះអារម្មណ៍មិនត្រឹមត្រូវនោះ អារម្មណ៍របស់អ្នកនឹងមិនផ្លាស់ប្ដូរទេ។ អ្នកប្រហែលជាមិនចង់អញ្ជើញបុគ្គលណាម្នាក់ឲ្យមកផ្ទះរបស់អ្នក បើអ្នកមិនចូលចិត្ដបុគ្គលិកលក្ខណៈរបស់គាត់។ ម្យ៉ាងទៀត ប្រហែលជាមានបុគ្គលណាម្នាក់ដែលធ្លាប់ធ្វើឲ្យអ្នកឈឺចិត្ដ ហើយពិបាកឲ្យអ្នកបំភ្លេចបញ្ហានោះ។
១៩ គម្ពីរចែងថាអ្នកអាចធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកឯទៀតប្រសើរឡើង សូម្បីតែជាមួយនឹងសត្រូវរបស់អ្នក បើអ្នកទទួលពួកគេដោយរាក់ទាក់។ (សូមអាន សុភាសិត ២៥:២១, ២២) បើអ្នកអញ្ជើញបុគ្គលណាម្នាក់ឲ្យមកផ្ទះរបស់អ្នក អ្នកប្រហែលជាអាចយកឈ្នះទស្សនៈមិនត្រឹមត្រូវ ហើយបណ្ដុះឲ្យមានសន្ដិភាពជាមួយនឹងគាត់។ អ្នកប្រហែលជានឹងចាប់ផ្ដើមឃើញគុណសម្បត្ដិរបស់គាត់ដូចដែលព្រះយេហូវ៉ាបានឃើញពេលដែលលោកទាញនាំគាត់ឲ្យចូលក្នុងសេចក្ដីពិត។ (យ៉ូហាន ៦:៤៤) ពេលសេចក្ដីស្រឡាញ់ជំរុញចិត្ដអ្នកឲ្យអញ្ជើញបុគ្គលណាម្នាក់ដែលមិនរំពឹងថាអ្នកនឹងអញ្ជើញគាត់ នេះអាចចាប់ផ្ដើមឲ្យមានចំណងមិត្ដភាពជាមួយ នឹងគ្នា។ តើតាមរបៀបណាអ្នកអាចធ្វើឲ្យប្រាកដថាសេចក្ដីស្រឡាញ់ពិតជាជំរុញចិត្ដរបស់អ្នក? របៀបមួយគឺដោយធ្វើតាមយោបល់នៅភីលីព ២:៣ដែលចែងថា៖ «បន្ទាបខ្លួនដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន»។ យើងគួរស្វែងរកគុណសម្បត្ដិផ្សេងៗរបស់បងប្អូនដែលពួកគេបង្ហាញប្រសើរជាងយើងមែន។ ប្រហែលជាយើងអាចរៀនពីជំនឿ ការស៊ូទ្រាំ ឬគុណសម្បត្ដិផ្សេងទៀតរបស់ពួកគេ។ ការគិតអំពីគុណសម្បត្ដិរបស់ពួកគេនឹងជំរុញចិត្ដយើងឲ្យស្រឡាញ់ពួកគេយ៉ាងជ្រាលជ្រៅជាង ហើយធ្វើឲ្យស្រួលទទួលពួកគេដោយរាក់ទាក់ជាងដែរ។
សូមធ្វើជាភ្ញៀវល្អ
២០. ហេតុអ្វីយើងគួរធ្វើជាមនុស្សដែលគួរឲ្យទុកចិត្ដពេលយើងបានយល់ព្រមចំពោះការអញ្ជើញណាមួយ ហើយតើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច?
២០ ដាវីឌដែលជាអ្នកតែងទំនុកតម្កើងបានសួរថា៖ «ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់?»។ (ទំនុកតម្កើង ១៥:១) បន្ទាប់មក ដាវីឌបានរៀបរាប់អំពីគុណសម្បត្ដិដែលព្រះយេហូវ៉ាចង់ឲ្យពួកអ្នកដែលលោកទទួលជាភ្ញៀវមាន។ អ្នកនោះត្រូវជាមនុស្សដែលគួរឲ្យទុកចិត្ដ គាត់«ជាអ្នកដែលហ៊ានទាំងស្បថដល់បង់ប្រយោជន៍ខ្លួនផង ឥតប្រែព្រួលឡើយ»។ (ទំនុកតម្កើង ១៥:៤) បើយើងយល់ព្រមចំពោះការអញ្ជើញណាមួយ យើងមិនគួរលុបចោលវិញទេ លុះត្រាតែពិតជាចាំបាច់។ អ្នកដែលបានអញ្ជើញយើងប្រហែលជាបានរៀបចំរួចរាល់ដើម្បីទទួលយើង ហើយបើយើងលុបចោល ការខំព្យាយាមទាំងអស់នោះនឹងទៅជាគ្មានប្រយោជន៍។ (ម៉ាថាយ ៥:៣៧) បុគ្គលខ្លះលុបចោលការអញ្ជើញមួយ ដើម្បីពួកគេអាចទទួលយកការអញ្ជើញមួយទៀតដែលពួកគេគិតថាប្រសើរជាង។ តើនេះបង្ហាញការគោរពនិងសេចក្ដីស្រឡាញ់ឬទេ? យើងគួរមានចិត្ដកតញ្ញូចំពោះអ្វីណាក៏ដោយដែលបុគ្គលដែលបានអញ្ជើញយើងបានរៀបចំសម្រាប់យើង។ (លូកា ១០:៧) បើយើងត្រូវលុបចោលការណាត់ណាមួយ ការប្រាប់អ្នកដែលបានអញ្ជើញយើងឲ្យឆាប់បំផុតតាមដែលអាចធ្វើបាន នឹងបង្ហាញសេចក្ដីស្រឡាញ់ ហើយក៏បង្ហាញថាយើងចេះគិតអំពីអ្នកឯទៀតដែរ។
២១. តើតាមរបៀបណាការបង្ហាញការគោរពចំពោះទំនៀមទម្លាប់នៅតំបន់ដែលយើងស្នាក់នៅអាចជួយយើងឲ្យធ្វើជាភ្ញៀវល្អ?
២១ គឺសំខាន់ដែលយើងគោរពទំនៀមទម្លាប់នៅក្នុងតំបន់ដែលយើងស្នាក់នៅ។ នៅវប្បធម៌ខ្លះ គេទទួលស្វាគមន៍ភ្ញៀវដែលឥតព្រៀងទុក។ នៅវប្បធម៌ផ្សេងទៀត ត្រូវណាត់ទុកជាមុន មុនដែលយើងអាចទៅលេងអ្នកណាម្នាក់។ នៅកន្លែងខ្លះ មនុស្សទុកអាហារល្អបំផុតជូនភ្ញៀវ ហើយទុកអាហារផ្សេងឬចំណែកផ្សេងសម្រាប់ក្រុមគ្រួសារគាត់។ នៅកន្លែងផ្សេងទៀត ទាំងក្រុមគ្រួសារទាំងភ្ញៀវញ៉ាំដូចគ្នា។ នៅកន្លែងខ្លះ តាមធម្មតាភ្ញៀវយកម្ហូបខ្លះដើម្បីបរិភោគជាមួយគ្នា។ នៅកន្លែងផ្សេងទៀត អ្នកអញ្ជើញមិនចង់ឲ្យភ្ញៀវយកអ្វីមកទាល់តែសោះ។ នៅវប្បធម៌ខ្លះ តាមធម្មតាពេលមានការអញ្ជើញលើកទី១ឬទី២ ភ្ញៀវបដិសេធយ៉ាងគួរសម តែវប្បធម៌ឯទៀត គឺមិនគួរសមសោះបើភ្ញៀវបដិសេធការអញ្ជើញលើកទី១។ យើងគួរខំអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថាអ្នកអញ្ជើញនឹងសប្បាយចិត្ដដែលគាត់បានអញ្ជើញយើង។
២២. ហេតុអ្វីគឺសំខាន់ណាស់ឲ្យយើង«ទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់»?
២២ ពេត្រុសបាននិយាយថា៖ «ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ»។ (ពេត្រុសទី១ ៤:៧) បន្ដិចទៀតយើងនឹងប្រឈមមុខនឹងគ្រាទុក្ខវេទនាដ៏ខ្លាំងបំផុតដែលពិភពលោកនេះមិនធ្លាប់មានពីមុនមក ហើយនឹងមិនមានដូច្នេះទៀតឡើយ។ កាលដែលរបៀបរបបពិភពលោកនេះកាន់តែអាក្រក់ទៅៗ យើងនឹងត្រូវមានសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះបងប្អូនរួមជំនឿ។ នៅឥឡូវនេះ ជាងពេលមុនៗទៅទៀតយើងគួរធ្វើតាមយោបល់របស់ពេត្រុស ដែលថា«ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់»។ (ពេត្រុសទី១ ៤:៩) ការទទួលអ្នកឯទៀតដោយរាក់ទាក់ជាអ្វីដែលនាំឲ្យសប្បាយនិងជាអ្វីដ៏សំខាន់ចាំបាច់នៅឥឡូវនេះ និងជារៀងរហូត។