លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ចូរ​ស្តាប់​ដំបូន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ​»​

​«​ចូរ​ស្តាប់​ដំបូន្មាន ហើយ​មាន​ប្រាជ្ញា​ចុះ​»​

​«​ចូរ​ស្តាប់​សេចក្ដី​ដំបូន្មាន ហើយ​ទទួល​សេចក្ដី​ប្រៀន​ប្រដៅ​ចុះ ដើម្បី​ឲ្យ​មាន​ប្រាជ្ញា​ទៅ​ខាង​មុខ​»។—សុភាសិត ១៩:២០

ចម្រៀង​លេខ: ៥៦, ៨៩

១. តើ​តាម​របៀប​ណា​យើង​អាច​មាន​ប្រាជ្ញា ហើយ​តើ​ការ​មាន​ប្រាជ្ញា​នឹង​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

ប្រាជ្ញា​មក​ពី​ព្រះ​យេហូវ៉ា ហើយ​លោក​ឲ្យ​ប្រាជ្ញា​នេះ​ដោយ​ចិត្ដ​ទូលាយ​ដល់​អ្នក​ឯ​ទៀត។ យ៉ាកុប ១:៥​ចែង​ថា​៖ ​«​ប្រសិន​បើ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ណា​ម្នាក់​ខ្វះ​ប្រាជ្ញា ចូរ​ឲ្យ​អ្នក​នោះ​សុំ​ព្រះ​ម្ដង​ហើយ​ម្ដង​ទៀត​ចុះ ព្រោះ​លោក​ឲ្យ​ដោយ​ចិត្ដ​ទូលាយ​ដល់​មនុស្ស​ទាំង​អស់ ហើយ​លោក​មិន​ស្ដី​បន្ទោស​ឡើយ​»។ របៀប​មួយ​ដែល​យើង​អាច​មាន​ប្រាជ្ញា​គឺ​ដោយ​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ។ ការ​ធ្វើ​ដូច្នេះ​ការពារ​យើង​ពី​ការ​ធ្វើ​អ្វី​ដែល​ខុស ហើយ​ជួយ​យើង​ឲ្យ​រក្សា​ខ្លួន​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា។ (​សុភាសិត ២:១០​-​១២​) ម្យ៉ាង​ទៀត យើង​នឹង​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ គឺ​ការ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យូដាស ២១

២. តើ​តាម​របៀប​ណា​យើង​អាច​រៀន​ឲ្យ​ចេះ​ស្រឡាញ់​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ?

ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ឬ​ដោយ​សារ​របៀប​ដែល​យើង​បាន​ត្រូវ​ចិញ្ចឹម​អប់រំ ជួន​កាល​យើង​ពិបាក​ទទួល​ការ​ប្រៀន​ប្រដៅ​ឬ​យើង​ពិបាក​មាន​ទស្សនៈ​ថា​ការ​ប្រៀន​ប្រដៅ​គឺ​ជា​អ្វី​ដ៏​ល្អ។ ប៉ុន្ដែ ពេល​ដែល​យើង​ឃើញ​ថា​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​ពិត​ជា​មាន​ប្រយោជន៍​ក្នុង​ជីវិត​របស់​យើង នោះ​យើង​យល់​ថា​លោក​ស្រឡាញ់​យើង​ខ្លាំង​ណាស់។ សុភាសិត ៣:១១, ១២​ចែង​ថា​៖ ​«​កូន​អើយ កុំ​ឲ្យ​មើល​ងាយ​សេចក្ដី​ប្រៀន​របស់​ព្រះ​យេហូវ៉ា​ឡើយ​»។ បន្ទាប់​មក​បទ​គម្ពីរ​នេះ​ចែង​ថា​៖ ​«​ដ្បិត​អ្នក​ណា​ដែល​ព្រះ​យេហូវ៉ា​ទ្រង់​ស្រឡាញ់ នោះ​ទ្រង់​ក៏​ស្ដី​ប្រដៅ​ផង​»។ យ៉ាង​នេះ យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យយើង​ទទួល​ប្រយោជន៍​ច្រើន​បំផុត។ (​សូម​អាន ហេប្រឺ ១២:៥​-​១១) ដោយ​សារ​ព្រះ​ស្គាល់​យើង​ច្បាស់ ការ​ប្រៀន​ប្រដៅ​ពី​លោក​គឺ​តែង​តែ​សម​ត្រឹម​ត្រូវ​និង​ជា​អ្វី​ដែល​យើង​ពិត​ជា​ត្រូវ​ការ។ ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​ចំណុច​បួន​ស្ដី​អំពី​ការ​ប្រៀន​ប្រដៅ​គឺ​៖ (​១​) ការ​អប់រំ​ខ្លួន (​២​) ការ​ប្រៀន​ប្រដៅ​ពី​ឪ​ពុក​ម្ដាយ (​៣​) ការ​ប្រៀន​ប្រដៅ​ដែល​យើង​ទទួល​ពី​ក្រុម​ជំនុំ និង(​៤​) អ្វី​ដែល​ឈឺ​ចាប់​ជាង​ការ​ទទួល​ការ​ប្រៀន​ប្រដៅ។

ហេតុ​អ្វី​ការ​អប់រំ​ខ្លួន​បង្ហាញ​ថា​យើង​មាន​ប្រាជ្ញា?

៣. តើ​កូន​រៀន​ឲ្យ​ចេះ​អប់រំ​ខ្លួន​តាម​របៀប​ណា? សូម​លើក​ឧទាហរណ៍​មួយ។

បើ​យើង​អប់រំ​ខ្លួន​ឬ​បង្ហាត់​បង្រៀន​ប្រៀន​ប្រដៅ​ដល់​ខ្លួន យើង​គ្រប់​គ្រង​ទៅ​លើ​ការ​ប្រព្រឹត្ដ​និង​របៀប​គិត​គូរ​របស់​យើង។ យើង​មិន​ចេះ​អប់រំ​ខ្លួន​ពី​កំណើត​ទេ តែ​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​រៀន។ ជា​ឧទាហរណ៍ ពេល​កូន​ក្មេង​រៀន​ជិះ​កង់ ឪ​ពុក​ឬ​ម្ដាយ​របស់​គាត់​ទប់​កង់​ដើម្បី​កុំ​ឲ្យ​គាត់​ដួល។ ប៉ុន្ដែ​យូរ​ៗ​ទៅ កូន​នោះ​រៀន​ចេះ​ទប់​លំនឹង​នៅ​លើ​កង់ ហើយ​ឪ​ពុក​ម្ដាយ​អាច​លែង​ដៃ​មួយ​ភ្លែត​ៗ​បាន។ ពេល​ឪ​ពុក​ម្ដាយ​ប្រាកដ​ថា​កូន​ចេះ​ទប់​លំនឹង​នៅ​លើ​កង់​ហើយ គាត់​អាច​លែង​ដៃ​ទាំង​ស្រុង។ ស្រដៀង​គ្នា​ដែរ ពេល​ឪ​ពុក​ម្ដាយ​បង្ហាត់​បង្រៀន​កូន​ដោយ​អត់​ធ្មត់ ​«​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»​ ពួក​គេ​កំពុង​ជួយ​កូន​រៀន​ឲ្យ​ចេះ​អប់រំ​ខ្លួន​និង​មាន​ប្រាជ្ញា។—អេភេសូរ ៦:៤

៤, ៥. (​ក​) ហេតុ​អ្វី​ការ​អប់រំ​ខ្លួន​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​? (​ខ​) ទោះ​ជា​យើង​ធ្វើ​ខុស​ក្ដី ហេតុ​អ្វី​យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ដ?

មនុស្ស​ដែល​ចាប់​ផ្ដើម​ស្គាល់​ព្រះ​យេហូវ៉ា​ពេល​ដែល​ពួក​គេ​ពេញ​វ័យ​ក៏​ដូច​ជា​ក្មេង​ដែល​រៀន​ឲ្យ​ចេះ​ជិះ​កង់​ដែរ។ ទោះ​ជា​ពួក​គេ​ប្រហែល​ជា​ចេះ​អប់រំ​ខ្លួន​មួយ​កម្រិត​ហើយ​ក្ដី ពួក​គេ​មិន​ទាន់​បាន​ទៅ​ជា​គ្រិស្ដ​សាសនិក​ដែល​មាន​ភាព​ចាស់​ទុំ​នៅ​ឡើយ​ទេ។ ប៉ុន្ដែ ពេល​ដែល​ពួក​គេ​ចាប់​ផ្ដើម​បំពាក់​ខ្លួន​ដោយ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ ហើយ​ព្យាយាម​យក​តម្រាប់​គ្រិស្ដ នោះ​ពួក​គេ​នឹង​មាន​ភាព​ចាស់​ទុំ​ច្រើន​ជាង។ (​អេភេសូរ ៤:២៣, ២៤​) ការ​អប់រំ​ខ្លួន​ជួយ​យើង​រៀន​ឲ្យ​ចេះ​«​បដិសេធ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ពី​បំណង​ប្រាថ្នា​របស់​ព្រះ ហើយ​ឲ្យ​បដិសេធ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​ពិភព​លោក​នេះ រួច​រស់​នៅ​ដោយ​ដឹង​ខុស​ត្រូវ ដោយ​មាន​សេចក្ដី​សុចរិត និង​ដោយ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ ក្នុង​របៀប​របប​ពិភព​លោក​នេះ​»។—ទីតុស ២:១២

ក៏​ប៉ុន្ដែ យើង​ទាំង​អស់​គ្នា​មាន​ភាព​ខុស​ឆ្គង។ (​សាស្តា ៧:២០​) ដូច្នេះ​បើ​យើង​ធ្វើ​ខុស តើ​នេះ​មាន​ន័យ​ថា​យើង​មិន​បាន​អប់រំ​ខ្លួន​សោះ​ឬ​មិន​បាន​អប់រំ​ខ្លួន​ឲ្យ​បាន​គ្រប់​គ្រាន់​ឬ​ទេ? មិន​តែង​តែ​ដូច្នេះ​ទេ។ សុភាសិត ២៤:១៦​ចែង​ថា​៖ ​«​មនុស្ស​សុចរិត ទោះ​បើ​គេ​ដួល​ដល់​៧​ដង​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​វិញ​បាន​»។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​«​ក្រោក​ឡើង​វិញ​»​? គឺ​មិន​មែន​ដោយ​ពឹង​លើ​កម្លាំង​របស់​យើង​ទេ តែ​ដោយ​ពឹង​លើ​សកម្មពល​របស់​ព្រះ។ (​សូម​អាន ភីលីព ៤:១៣) ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​រួម​បញ្ចូល​ការ​ចេះ​ទប់​ចិត្ដ​ដែល​ជា​អ្វី​ដែល​ស្រដៀង​នឹង​ការ​អប់រំ​ខ្លួន។

៦. តើ​តាម​របៀប​ណា​យើង​អាច​ធ្វើ​ជា​អ្នក​សិក្សា​បណ្ដាំ​របស់​ព្រះ​យ៉ាង​ល្អ​ប្រសើរ​ជាង​មុន? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ការ​អធិដ្ឋាន ការ​សិក្សា​គម្ពីរ និង​ការ​រំពឹង​គិត​ក៏​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​ចេះ​អប់រំ​ខ្លួន។ ប៉ុន្ដែ ចុះ​បើ​ការ​សិក្សា​គម្ពីរ​គឺ​ពិបាក​សម្រាប់​អ្នក ឬ​អ្នក​មិន​ចូល​ចិត្ដ​សិក្សា? សូម​កុំ​ធ្លាក់​ទឹក​ចិត្ដ​ឡើយ។ បើ​អ្នក​សុខ​ចិត្ដ​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​អ្នក នោះ​លោក​នឹង​ជួយ​អ្នក​«​បណ្ដុះ​ឲ្យ​មាន​ការ​ស្រេក​ឃ្លាន​»​បណ្ដាំ​របស់​លោក។ (​ពេត្រុស​ទី១ ២:២​) ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​អប់រំ​ខ្លួន ដើម្បី​អ្នក​អាច​លៃ​ទុក​ពេល​សិក្សា​គម្ពីរ។ ដំបូង ប្រហែល​ជា​អ្នក​អាច​ចាប់​ផ្ដើម​ដោយ​សិក្សា​សម្រាប់​តែ​ប៉ុន្មាន​នាទី។ បន្ដិច​ម្ដង​ៗ ការ​សិក្សា​នឹង​កាន់​តែ​ស្រួល​និង​កាន់​តែ​សប្បាយ។ អ្នក​នឹង​ចាប់​ផ្ដើម​ចូល​ចិត្ដ​លៃ​ទុក​ពេល​រំពឹង​គិត​អំពី​គំនិត​ដ៏​ល្អ​ប្រសើរ​របស់​ព្រះ​យេហូវ៉ា នេះ​ហាក់​ដូច​ជា​អ្នក​ចំណាយ​ពេល​តែ​ពីរ​នាក់​ជា​មួយ​នឹង​លោក។—ធីម៉ូថេ​ទី១ ៤:១៥

៧. តើ​ការ​ចេះ​អប់រំ​ខ្លួន​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​សម្រេច​គោល​ដៅ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

ការ​ដែល​យើង​ចេះ​អប់រំ​ខ្លួន ជួយ​យើង​ឲ្យ​សម្រេច​គោល​ដៅ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ឪ​ពុក​ម្នាក់​គិត​ថា​គាត់​មិន​សូវ​មាន​ចិត្ដ​ខ្នះ​ខ្នែង​ដូច​ពី​មុន ដូច្នេះ​គាត់​បាន​កំណត់​គោល​ដៅ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ តើ​ការ​អប់រំ​ខ្លួន​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច? គាត់​បាន​អាន​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​របស់​យើង​អំពី​កិច្ច​បម្រើ​ត្រួស​ត្រាយ ហើយ​បាន​អធិដ្ឋាន​អំពី​រឿង​នេះ។ ការ​ធ្វើ​ដូច្នេះ​បាន​ធ្វើ​ឲ្យ​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​រឹង​មាំ​ជាង។ ពេល​ដែល​គាត់​អាច​ធ្វើ​បាន គាត់​ក៏​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ជំនួយ។ គាត់​មិន​បាន​ឲ្យ​អ្វី​ណា​រា​រាំង​គាត់​ទេ តែ​បាន​បន្ដ​ផ្ដោត​អារម្មណ៍​លើ​គោល​ដៅ​របស់​គាត់។ មួយ​រយៈ​ពេល​ក្រោយ​មក គាត់​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។

ចូរ​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា

ពេល​ដែល​កូន​កើត​មក ពួក​គេ​មិន​ដឹង​ខុស​ត្រូវ​ទេ ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ការ​បង្ហាត់​បង្រៀន (​សូម​មើល​វគ្គ​៨​)

៨​-​១០. តើ​អ្វី​អាច​ជួយ​ឪ​ពុក​ម្ដាយ​អប់រំ​កូន​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា? សូម​លើ​ឧទាហរណ៍​មួយ។

ព្រះ​យេហូវ៉ា​បាន​ឲ្យ​ភារកិច្ច​ដល់​ឪ​ពុក​ម្ដាយ​ក្នុង​ការ​«​អប់រំ​កូន​ទៅ​តាម​ការ​ប្រៀន​ប្រដៅ​របស់​ព្រះ​យេហូវ៉ា ហើយ​បណ្ដុះ​ឲ្យ​កូន​មាន​គំនិត​ដូច​លោក​»។ (​អេភេសូរ ៦:៤​) ការ​ធ្វើ​ដូច្នេះ​គឺ​ពិបាក​ណាស់​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ។ (​ធីម៉ូថេ​ទី២ ៣:១​-​៥​) ពេល​ដែល​កូន​កើត​មក ពួក​គេ​មិន​ដឹង​ខុស​ត្រូវ​ទេ ហើយ​សមត្ថភាព​វិនិច្ឆ័យ​របស់​ពួក​គេ​ក៏​មិន​ទាន់​បាន​ត្រូវ​បង្ហាត់​បង្រៀន​ដែរ។ ដូច្នេះ ពួក​គេ​ត្រូវ​ការ​ការ​ប្រៀន​ប្រដៅ​ដើម្បី​បង្ហាត់​បង្រៀន​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន។ (​រ៉ូម ២:១៤, ១៥​) បណ្ឌិត​ម្នាក់​ខាង​គម្ពីរ​បាន​ពន្យល់​ថា ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ការ​ប្រៀន​ប្រដៅ​»​ ក៏​អាច​មាន​ន័យ​ថា​ការ​អប់រំ​កូន​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ដែល​ចេះ​ទទួល​ខុស​ត្រូវ។

ពេល​ឪ​ពុក​ម្ដាយ​ប្រដៅ​កូន​ដោយ​សេចក្ដី​ស្រឡាញ់ កូន​មាន​សេចក្ដី​សុខ​សាន្ដ។ ពួក​គេ​រៀន​ថា​ចិត្ដ​សេរី​មាន​កម្រិត ហើយ​ថា​ពួក​គេ​ទទួល​លទ្ធផល​តាម​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ។ ដូច្នេះ គឺ​សំខាន់​ណាស់​ដែល​ឪ​ពុក​ម្ដាយ​ដែល​ជា​គ្រិស្ដ​សាសនិក​ពឹង​ផ្អែក​លើ​ប្រាជ្ញា​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​ពួក​គេ​ឲ្យ​អប់រំ​កូន។ ទស្សនៈ​អំពី​ការ​អប់រំ​កូន​គឺ​ខុស​គ្នា​អាស្រ័យ​ទៅ​លើ​តំបន់​ដែល​យើង​រស់​នៅ ហើយ​ទស្សនៈ​នោះ​តែង​តែ​ប្រែ​ប្រួល។ ប៉ុន្ដែ ឪ​ពុក​ម្ដាយ​ដែល​ស្តាប់​ព្រះ មិន​ចាំ​បាច់​សាកល្បង​វិធី​នេះ​ឬ​នោះ ទើប​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា ឬ​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​បទ​ពិសោធន៍​ឬ​គំនិត​របស់​មនុស្ស​ឡើយ។

១០ យើង​អាច​រៀន​ពី​គំរូ​របស់​ណូអេ។ ពេល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ឲ្យ​សង់​ទូក​ធំ គាត់​មិន​បាន​ដឹង​អំពី​របៀប​សង់​ទូក​នោះ​ទេ។ គាត់​ត្រូវ​ពឹង​លើ​ព្រះ​យេហូវ៉ា ហើយ​គម្ពីរ​ចែង​ថា​គាត់​«​ធ្វើ​ការ​នោះ​សំ​រេច​ទាំង​អស់​»​ ឬ​ធ្វើ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់។ (​លោកុប្បត្ដិ ៦:២២​) តើ​នេះ​មាន​លទ្ធផល​អ្វី? ទូក​ធំ​នោះ​បាន​សង្គ្រោះ​ជីវិត​របស់​ណូអេ​និង​ក្រុម​គ្រួសារ​គាត់! ណូអេ​ក៏​ជា​ឪ​ពុក​ល្អ​ដែរ។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​បាន​ទុក​ចិត្ដ​លើ​ប្រាជ្ញា​របស់​ព្រះ។ ណូអេ​បាន​បង្រៀន​កូន​របស់​គាត់​យ៉ាង​ល្អ ហើយ​ជា​គំរូ​ល្អ​សម្រាប់​ពួក​គេ នេះ​មិន​ស្រួល​ទេ​នៅ​សម័យ​ដ៏​អាក្រក់​នោះ មុន​ទឹក​ជំនន់។—លោកុប្បត្ដិ ៦:៥

១១. ហេតុ​អ្វី​ឪ​ពុក​ម្ដាយ​គួរ​ខំ​ប្រឹង​បង្ហាត់​បង្រៀន​កូន?

១១ បើ​អ្នក​ជា​ឪ​ពុក​ម្ដាយ តើ​តាម​របៀប​ណា​អ្នក​អាច​«​ធ្វើ​ការ​នោះ​សំ​រេច​ទាំង​អស់​»​ ឬ​ធ្វើ​ដូច​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​អ្នក​ឲ្យ​ធ្វើ? សូម​ស្តាប់​ព្រះ​យេហូវ៉ា។ សូម​អនុញ្ញាត​ឲ្យ​លោក​ជួយ​អ្នក​អប់រំ​កូន​ៗ។ សូម​ធ្វើ​តាម​យោបល់​ពី​បណ្ដាំ​របស់​លោក​និង​អង្គ​ការ​របស់​លោក។ នៅ​ពេល​ក្រោយ​មក កូន​របស់​អ្នក​ទំនង​ជា​នឹង​អរគុណ​អ្នក​ដែល​អ្នក​បាន​ធ្វើ​ដូច្នេះ! បង​ប្រុស​ម្នាក់​បាន​សរសេរ​ថា​៖ ​«​ខ្ញុំ​អរគុណ​ឪ​ពុក​ម្ដាយ​ខ្ញុំ​ដែល​បាន​ខំ​អប់រំ​ខ្ញុំ​តាម​របៀប​ដែល​មាន​ឥទ្ធិពល​លើ​ចិត្ដ​ខ្ញុំ​»។ គាត់​និយាយ​ថា​គឺ​ឪ​ពុក​ម្ដាយ​របស់​គាត់​ដែល​បាន​ជួយ​គាត់​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ សូម្បី​តែ​ឪ​ពុក​ម្ដាយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្រៀន​កូន​ក្ដី កូន​ប្រហែល​ជា​នៅ​តែ​នឹង​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ ឪ​ពុក​ម្ដាយ​ដែល​បាន​ខំ​អស់​ពី​សមត្ថភាព​ក្នុង​រឿង​នេះ អាច​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​អាច​សង្ឃឹម​ថា​នៅ​ថ្ងៃ​ណា​មួយ​កូន​របស់​ពួក​គេ​នឹង​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ។

១២, ១៣. (​ក​) បើ​កូន​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព តើ​ឪ​ពុក​ម្ដាយ​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​ពួក​គេ​ស្តាប់​បង្គាប់​ព្រះ? (​ខ​) តើ​ក្រុម​គ្រួសារ​មួយ​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ដោយ​សារ​ឪ​ពុក​ម្ដាយ​បាន​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា?

១២ បញ្ហា​ពិបាក​បំផុត​មួយ​ដែល​បង្ហាញ​ថា​ឪ​ពុក​ម្ដាយ​ស្តាប់​បង្គាប់​ឬ​មិន​ស្តាប់​បង្គាប់​ព្រះ គឺ​ពេល​ដែល​កូន​របស់​ពួក​គេ​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព។ បង​ស្រី​ម្នាក់​ដែល​មាន​កូន​ស្រី​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព ហើយ​ដែល​បាន​ចាក​ចេញ​ពី​ផ្ទះ សារភាព​ថា​៖ ​«​ខ្ញុំ​មើល​សៀវភៅ​របស់​យើង ហើយ​ខំ​រក​ចំណុច​ចន្លោះ​ប្រហោង​ដើម្បី​ខ្ញុំ​អាច​ចំណាយ​ពេល​ជា​មួយ​នឹង​កូន​ស្រី​និង​ចៅ​ស្រី​របស់​ខ្ញុំ​»។ ប៉ុន្ដែ ប្ដី​របស់​គាត់​បាន​ជួយ​គាត់​ឲ្យ​យល់​ថា​ពួក​គេ​លែង​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​កូន​នេះ​ទៀត ហើយ​ថា​ពួក​គេ​ត្រូវ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។

១៣ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក កូន​ស្រី​របស់​គាត់​បាន​ទៅ​ជា​សមាជិក​ក្រុម​ជំនុំ​ម្ដង​ទៀត។ ម្ដាយ​នោះ​និយាយ​ថា​៖ ​«​ឥឡូវ​កូន​ខ្ញុំ​ទូរស័ព្ទ​ឬ​ផ្ញើ​សារ​មក​ខ្ញុំ​ស្ទើរតែ​រាល់​ថ្ងៃ! គាត់​ក៏​គោរព​ខ្ញុំ​និង​ប្ដី​របស់​ខ្ញុំ​យ៉ាង​ជ្រាល​ជ្រៅ​ដោយ​សារ​គាត់​ដឹង​ថា​យើង​បាន​ស្តាប់​បង្គាប់​ព្រះ។ យើង​ជិត​ស្និទ្ធ​នឹង​គ្នា​ខ្លាំង​ណាស់​»។ បើ​កូន​របស់​អ្នក​បាន​ត្រូវ​បណ្ដាច់​មិត្ដភាព តើ​អ្នក​នឹង​ទុក​ចិត្ដ​«​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ដ​»​ឬ​ទេ? តើ​អ្នក​នឹង​បង្ហាញ​លោក​ថា​អ្នក​មិន​«​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​»​ឬ​ទេ? (​សុភាសិត ៣:៥, ៦​) សូម​ចាំ​ថា ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា​បង្ហាញ​អំពី​ប្រាជ្ញា​របស់​លោក​និង​បង្ហាញ​ថា​លោក​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង។ សូម​កុំ​ភ្លេច​ថា លោក​បាន​ឲ្យ​បុត្រ​របស់​លោក​សម្រាប់​មនុស្ស​ទាំង​អស់ ហើយ​នេះ​រួម​បញ្ចូល​កូន​របស់​អ្នក​ដែរ។ ព្រះ​ចង់​ឲ្យ​បុគ្គល​គ្រប់​រូប​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​សូម​អាន ពេត្រុស​ទី២ ៣:៩) ដូច្នេះ ឪ​ពុក​ម្ដាយ​ទាំង​ឡាយ​អើយ សូម​បន្ដ​មាន​ទំនុក​ចិត្ដ​ថា​ការ​ប្រៀន​ប្រដៅ​និង​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​គឺ​ត្រឹម​ត្រូវ សូម្បី​តែ​ពេល​ដែល​ការ​ស្តាប់​បង្គាប់​គឺ​ពិបាក​ក្ដី។ សូម​ធ្វើ​តាម​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ ហើយ​សូម​កុំ​ប្រឆាំង​ឬ​មិន​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​នោះ។

ក្នុង​ក្រុម​ជំនុំ

១៤. តើ​យើង​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា​ដែល​យើង​ទទួល​ពី​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​»​?

១៤ ព្រះ​យេហូវ៉ា​បាន​សន្យា​ថា​លោក​នឹង​ថែ​រក្សា ការពារ និង​បង្រៀន​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក។ លោក​ធ្វើ​ដូច្នេះ​តាម​របៀប​ផ្សេង​ៗ។ ជា​ឧទាហរណ៍ លោក​បាន​តែង​តាំង​បុត្រ​របស់​លោក​ឲ្យ​ថែ​រក្សា​ក្រុម​ជំនុំ ហើយ​លោក​យេស៊ូ​បាន​តែង​តាំង​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​»​ឲ្យ​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដើម្បី​ជួយ​យើង​ឲ្យ​នៅ​ស្មោះ​ត្រង់។ (​លូកា ១២:៤២​) ​«​អ្នក​បម្រើ​»​នោះ​ផ្ដល់​ការ​ណែនាំ​ដ៏​មាន​តម្លៃ​និង​ការ​ប្រៀន​ប្រដៅ​ដល់​យើង។ អ្នក​ទំនង​ជា​អាច​គិត​អំពី​សុន្ទរកថា​ដែល​អ្នក​បាន​ស្តាប់ ឬ​អត្ថបទ​ណា​មួយ​ដែល​អ្នក​បាន​អាន​ក្នុង​ទស្សនាវដ្ដី​របស់​យើង ដែល​បាន​ជួយ​អ្នក​ឲ្យ​កែ​ប្រែ​របៀប​គិត​គូរ​ឬ​ការ​ប្រព្រឹត្ដ​របស់​អ្នក។ អ្នក​អាច​សប្បាយ​ចិត្ដ​ដែល​អ្នក​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ ដោយ​សារ​នេះ​មាន​ន័យ​ថា​អ្នក​កំពុង​ឲ្យ​ព្រះ​យេហូវ៉ា​ប្រៀន​ប្រដៅ​អ្នក។—សុភាសិត ២:១​-​៥

១៥, ១៦. (​ក​) តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​កិច្ច​ការ​របស់​ពួក​អ្នក​ចាស់​ទុំ? (​ខ​) តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មិន​ធ្វើ​ឲ្យ​អ្នក​ចាស់​ទុំ​ពិបាក​បំពេញ​ភារកិច្ច​របស់​ពួក​គាត់?

១៥ គ្រិស្ដ​ក៏​បាន​ផ្ដល់​អ្នក​ចាស់​ទុំ​ដើម្បី​ថែ​រក្សា​ក្រុម​ជំនុំ​ដោយ​សេចក្ដី​ស្រឡាញ់។ គម្ពីរ​ហៅ​បង​ប្រុស​ៗ​ទាំង​នោះ​ថា​៖ ​«​អំណោយ​ជា​មនុស្ស​»។ (​អេភេសូរ ៤:៨, ១១​-​១៣​) តើ​យើង​អាច​ទទួល​ប្រយោជន៍​អ្វី​ពី​កិច្ច​ការ​របស់​ពួក​អ្នក​ចាស់​ទុំ? យើង​អាច​ព្យាយាម​មាន​ជំនឿ​ដូច​ពួក​គាត់ និង​ធ្វើ​តាម​គំរូ​របស់​ពួក​គាត់ ហើយ​យើង​ក៏​អាច​ធ្វើ​តាម​ឱវាទ​ពី​គម្ពីរ​ដែល​ពួក​គាត់​ផ្ដល់​ឲ្យ​យើង។ (​សូម​អាន ហេប្រឺ ១៣:៧, ១៧) អ្នក​ចាស់​ទុំ​ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​ព្រះ។ បើ​ពួក​គាត់​ឃើញ​ថា​យើង​ចាប់​ផ្ដើម​ខាន​ទៅ​កិច្ច​ប្រជុំ ឬ​មិន​សូវ​មាន​ចិត្ដ​ខ្នះ​ខ្នែង​ដូច​ពី​មុន ពួក​គាត់​នឹង​ចាត់​វិធានការ​ភ្លាម​ៗ​ដើម្បី​ជួយ​យើង។ ពួក​គាត់​នឹង​ស្តាប់​យើង ហើយ​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​ការ​លើក​ទឹក​ចិត្ដ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​និង​យោបល់​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ពី​គម្ពីរ។ តើ​អ្នក​ចាត់​ទុក​ថា​ជំនួយ​ដែល​មក​ពី​ពួក​គាត់​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្នក​ឬ​ទេ?

១៦ សូម​ចាំ​ថា ប្រហែល​ជា​មិន​ស្រួល​ទេ សម្រាប់​អ្នក​ចាស់​ទុំ​ឲ្យ​ឱវាទ​ដល់​យើង។ តើ​អ្នក​គិត​ថា​ណាថាន់​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ដែល​គាត់​ត្រូវ​និយាយ​ជា​មួយ​នឹង​ស្ដេច​ដាវីឌ​ក្រោយ​ពី​ដាវីឌ​បាន​បិទ​បាំង​អំពើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​របស់​ខ្លួន? (​សាំយូអែល​ទី២ ១២:១​-​១៤​) តើ​សាវ័ក​ប៉ូល​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​ត្រូវ​ឲ្យ​ឱវាទ​ពេត្រុស​ដែល​ជា​សាវ័ក​ម្នាក់​ពី​ចំណោម​សាវ័ក​ទាំង​១២​នាក់ ដោយ​សារ​ពេត្រុស​បាន​ប្រព្រឹត្ដ​ដោយ​លម្អៀង​ទៅ​លើ​គ្រិស្ដ​សាសនិកជន​ជាតិ​យូដា? ប៉ូល​ត្រូវ​មាន​ចិត្ដ​ក្លាហាន​ដើម្បី​ធ្វើ​ដូច្នេះ។ (​កាឡាទី ២:១១​-​១៤​) ម៉្លោះ​ហើយ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ឲ្យ​អ្នក​ចាស់​ទុំ​ងាយ​ស្រួល​ផ្ដល់​ឱវាទ​ឲ្យ​អ្នក​ជាង? សូម​មាន​ចិត្ដ​រាប​ទាប បង្ហាញ​អំណរ​គុណ ហើយ​ធ្វើ​ជា​មនុស្ស​ដែល​ស្រួល​ទាក់​ទង។ សូម​ចាត់​ទុក​ថា​ជំនួយ​របស់​ពួក​គាត់​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ។ អ្នក​នឹង​ទទួល​ប្រយោជន៍ ហើយ​អ្នក​ចាស់​ទុំ​ក៏​នឹង​មាន​អំណរ​ក្នុង​ការ​បំពេញ​កិច្ច​ការ​របស់​ពួក​គាត់​ដែរ។

១៧. តើ​អ្នក​ចាស់​ទុំ​បាន​ជួយ​បង​ស្រី​ម្នាក់​យ៉ាង​ដូច​ម្ដេច?

១៧ បង​ស្រី​ម្នាក់​និយាយ​ថា​អ្វី​ដែល​គាត់​បាន​ឆ្លង​កាត់​នៅ​អតីតកាល​បាន​ធ្វើ​ឲ្យ​គាត់​ពិបាក​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយគាត់​បាន​ធ្លាក់​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​និយាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ។ ពួក​គាត់​មិន​បាន​ស្ដី​បន្ទោស​ខ្ញុំ​ឬ​រិះ​គន់​ខ្ញុំ​ទេ តែ​ពួក​គាត់​បាន​លើក​ទឹក​ចិត្ដ​ខ្ញុំ ហើយ​ពង្រឹង​កម្លាំង​ចិត្ដ​ខ្ញុំ។ រាល់​ដង​ក្រោយ​កិច្ច​ប្រជុំ ទោះ​ជា​អ្នក​ចាស់​ទុំ​រវល់​យ៉ាង​ណា​ក៏​ដោយ យ៉ាង​ហោច​ណាស់​មាន​អ្នក​ចាស់​ទុំ​ម្នាក់​បាន​មក​សួរ​សុខ​ទុក្ខ​ខ្ញុំ។ ដោយ​សារ​អតីតកាល​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​មិន​សម​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​ព្រះ​ទេ។ ប៉ុន្ដែ​ម្ដង​ហើយ​ម្ដង​ទៀត ព្រះ​យេហូវ៉ា​បាន​ប្រើ​ក្រុម​ជំនុំ​និង​អ្នក​ចាស់​ទុំ​ដើម្បី​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​លោក​ចំពោះ​ខ្ញុំ។ ខ្ញុំ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ជួយ​ខ្ញុំ​កុំ​ឲ្យ​ចាក​ចេញ​ពី​លោក​»។

តើ​អ្វី​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ជាង​ការ​ទទួល​ការ​ប្រៀន​ប្រដៅ?

១៨, ១៩. តើ​អ្វី​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់​ជាង​ការ​ទទួល​ការ​ប្រៀន​ប្រដៅ? សូម​លើក​ឧទាហរណ៍​មួយ។

១៨ ការ​ប្រៀន​ប្រដៅ​ប្រហែល​ជា​ធ្វើ​ឲ្យ​ឈឺ​ចិត្ដ ប៉ុន្ដែ​លទ្ធផល​នៃ​ការ​មិន​ព្រម​ទទួល​យក​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​គឺ​ឈឺ​ចាប់​ជាង​នេះ​ឆ្ងាយ​ណាស់។ (​ហេប្រឺ ១២:១១​) យើង​អាច​រៀន​ពី​គំរូ​អាក្រក់​របស់​កាអ៊ីន​និង​ស្ដេច​សេដេគា។ ពេល​ព្រះ​ឃើញ​ថា​កាអ៊ីន​ស្អប់​ប្អូន​ប្រុស ហើយ​ចង់​សម្លាប់​គាត់ លោក​បាន​ព្រមាន​កាអ៊ីន​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​ក្ដៅ​ក្រហាយ? ហេតុ​អ្វី​បាន​ជា​អ្នក​ក្រពុល​មុខ​ដូច្នេះ? ប្រសិន​បើ​អ្នក​ប្រព្រឹត្ដ​ល្អ អ្នក​នឹង​បាន​រីក​រាយ​ឡើង​វិញ​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ បើ​អ្នក​មិន​ប្រព្រឹត្ដ​ល្អ​ទេ បាប​ក្រាប​នៅ​មាត់​ទ្វារ​របស់​អ្នក​ដើម្បី​ជំរុញ​អ្នក​អោយ​ធ្វើ​តាម​វា តែ​អ្នក​ត្រូវ​បង្ក្រាប​វា​វិញ​»។ (​កំណើត​ពិភព​លោក [​លោកុប្បត្ដិ​] ៤:៦, ៧, ខ.ស.​) កាអ៊ីន​មិន​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា បាន​សម្លាប់​ប្អូន​ប្រុស​របស់​គាត់ និង​បាន​រង​ផល​វិបាក​អស់​មួយ​ជីវិត​របស់​គាត់។ (​លោកុប្បត្ដិ ៤:១១, ១២​) បើ​កាអ៊ីន​បាន​ស្តាប់​ព្រះ គាត់​នឹង​មិន​ទទួល​ការ​ឈឺ​ចាប់​ខ្លាំង​បែប​នោះ​ទេ។

១៩ សេដេគា​គឺ​ជា​ស្ដេច​ដ៏​អាក្រក់​និង​កំសាក​ម្នាក់។ ពេល​គាត់​គ្រប់​គ្រង អ្នក​ក្រុង​យេរូសាឡិម​ស្ថិត​ក្នុង​ស្ថានភាព​ពិបាក។ យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​បាន​ព្រមាន​ស្ដេច​សេដេគា​ម្ដង​ហើយ​ម្ដង​ទៀត​ថា​គាត់​ត្រូវ​កែ​ប្រែ។ ប៉ុន្ដែ ស្ដេច​សេដេគា​មិន​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា ហេតុ​នេះ​ហើយ​គាត់​ទទួល​លទ្ធផល​ដ៏​ខ្លោច​ផ្សា។ (​យេរេមា ៥២:៨​-​១១​) ព្រះ​យេហូវ៉ា​មិន​ចង់​ឲ្យ​យើង​រង​ការ​ឈឺ​ចាប់​ដែល​មិន​ចាំ​បាច់​បែប​នោះ​ទេ!—សូម​អាន អេសាយ ៤៨:១៧, ១៨

២០. តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ពួក​អ្នក​ដែល​ព្រម​ទទួល​និង​ពួក​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ?

២០ នៅ​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ក្នុង​ពិភព​លោក​នេះ​សើច​ចំអក​ឬ​មិន​អើពើ​ចំពោះ​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​ទេ។ ប៉ុន្ដែ​មិន​យូរ​ទៀត អស់​អ្នក​ដែល​មិន​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​នឹង​ទទួល​លទ្ធផល​ដ៏​ខ្លោច​ផ្សា។ (​សុភាសិត ១:២៤​-​៣១​) ដូច្នេះ សូម​ឲ្យ​យើង​«​ស្តាប់​ដំបូន្មាន ហើយ​មាន​ប្រាជ្ញា​»។ សុភាសិត ៤:១៣​ចែង​ថា​៖ ​«​ចូរ​តោង​ជាប់​តាម​សេចក្ដី​ដំបូន្មាន​កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្ដី​នោះ​ជា​ជីវិត​របស់​ឯង​»។