លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១១

ចូរ​ស្ដាប់​សំឡេង​របស់​ព្រះ​យេហូវ៉ា

ចូរ​ស្ដាប់​សំឡេង​របស់​ព្រះ​យេហូវ៉ា

​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ . . . ចូរ​ស្ដាប់​តាម​លោក​»។—ម៉ាថ. ១៧:៥

ចម្រៀង​លេខ​៨៩ បើ​អ្នក​ស្ដាប់​បង្គាប់ អ្នក​នឹង​ទទួល​ពរបវរ

សេចក្ដី​សង្ខេប *

១​-​២. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​មនុស្សជាតិ​តាម​របៀប​ណា? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ព្រះ​យេហូវ៉ា​ចូល​ចិត្ត​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​យើង។ នៅ​អតីតកាល លោក​បាន​ប្រើ​អ្នក​ប្រកាស​ទំនាយ ទេវតា និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​របស់​លោក​ឲ្យ​ប្រាប់​មនុស្ស​អំពី​គំនិត​របស់​លោក។ (​អេម. ៣:៧; កាឡ. ៣:១៩; បប. ១:១​) សព្វ​ថ្ងៃ​នេះ លោក​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​យើង​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ លោក​បាន​ផ្ដល់​គម្ពីរ​ឲ្យ​យើង​ដើម្បី​យើង​អាច​រៀន​អំពី​របៀប​គិត​គូរ​របស់​លោក និង​យល់​អំពី​របៀប​ដែល​លោក​ប្រព្រឹត្ត​ក្នុង​រឿង​ផ្សេង​ៗ។

ពេល​លោក​យេស៊ូ​នៅ​ផែន​ដី ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌​មក​កាន់​លោក​បី​ដង។ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍ អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​ប្រសាសន៍​របស់​លោក និង​អំពី​ប្រយោជន៍​ដែល​យើង​អាច​ទទួល​ពី​ប្រសាសន៍​របស់​លោក។

​«​អ្នក​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​»​

៣. យោង​ទៅ​តាម​ម៉ាកុស ១:៩​-​១១ តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​តើ​ពាក្យ​ទាំង​នោះ​បញ្ជាក់​អំពី​ចំណុច​សំខាន់​អ្វី​ខ្លះ?

ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជា​លើក​ដំបូង​ពី​ស្ថាន​សួគ៌​បាន​ត្រូវ​កត់​ទុក​នៅ​ម៉ាកុស ១:៩​-​១១។ (​សូម​អាន​) លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​អ្នក​ណាស់​»។ លោក​យេស៊ូ​ច្បាស់​ជា​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ឮ​សំឡេង​របស់​បិតា​លោក​ដែល​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ទំនុក​ចិត្ត​លើ​លោក! ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​បញ្ជាក់​នូវ​ចំណុច​សំខាន់​បី​អំពី​លោក​យេស៊ូ។ ទី១ លោក​យេស៊ូ​ជា​បុត្រ​របស់​លោក។ ទី២ ព្រះ​យេហូវ៉ា​ស្រឡាញ់​បុត្រ​របស់​លោក។ ទី៣ ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​នឹង​បុត្រ​របស់​លោក។ សូម​ឲ្យ​យើង​ពិចារណា​យ៉ាង​ដិត​ដល់​អំពី​ចំណុច​ទាំង​នេះ​ម្ដង​មួយ​ៗ។

៤. ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក តើ​លោក​បាន​ទៅ​ជា​បុត្រ​របស់​ព្រះ​តាម​របៀប​ថ្មី​យ៉ាង​ដូច​ម្ដេច?

‹អ្នក​ជា​បុត្រ​របស់​ខ្ញុំ›។ ដោយ​ប្រើ​ពាក្យ​ទាំង​នេះ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​យេស៊ូមាន​ទំនាក់​ទំនង​ថ្មី​ជា​មួយ​នឹង​លោក។ ពេល​លោក​យេស៊ូ​នៅ​ស្ថាន​សួគ៌ លោក​ជា​បុគ្គល​វិញ្ញាណ​ដែល​ជា​បុត្រ​របស់​ព្រះ។ ប៉ុន្តែ ពេល​ដែល​លោក​បាន​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ នៅ​ពេល​នោះ ព្រះ​បាន​បង្ហាញ​ថា​លោក​យេស៊ូ​បាន​ទៅ​ជា​បុត្រ​ដែល​បាន​ត្រូវ​រើស​តាំង ដែល​មាន​សេចក្ដី​សង្ឃឹម​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ​ដើម្បី​បំពេញ​តួនាទី​ដែល​ព្រះ​ផ្ដល់​ឲ្យ គឺ​ធ្វើ​ជា​ស្តេច​និង​សម្ដេច​សង្ឃ។ (​លូក. ១:៣១​-​៣៣; ហេ. ១:៨, ៩; ២:១៧​) ដូច្នេះ នៅ​ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក បិតា​របស់​លោក​មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​មាន​ប្រសាសន៍​ថា​៖ ‹អ្នក​ជា​បុត្រ​របស់​ខ្ញុំ›។—លូក. ៣:២២

ពេល​អ្នក​ឯ​ទៀត​សរសើរ​និង​លើក​ទឹក​ចិត្ត​យើង នោះ​ជួយ​យើង​ឲ្យ​រីក​ចម្រើន (​សូម​មើល​វគ្គ​៥​) *

៥. តើ​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ដូច​ម្ដេច?

៥ ​«​អ្នក . . . ជា​ទី​ស្រឡាញ់​»។ គំរូ​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​ពេញ​ចិត្ត រំលឹក​យើង​ថា​យើង​គួរ​ស្វែង​រក​ឱកាស​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។ (​យ៉ូន. ៥:២០​) ពេល​បុគ្គល​ណា​ម្នាក់​ដែល​យើង​ស្រឡាញ់​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​និង​សរសើរ​យើង​សម្រាប់​អ្វី​ល្អ​ៗ​ដែល​យើង​ធ្វើ នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ខំ​ប្រឹង​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ស្រដៀង​គ្នា​ដែរ បង​ប្អូន​របស់​យើង​ក្នុង​ក្រុម​ជំនុំ​និង​សមាជិក​ក្រុម​គ្រួសារ​របស់​យើង ត្រូវ​ការ​សេចក្ដី​ស្រឡាញ់​និង​ការ​លើក​ទឹក​ចិត្ត​ពី​យើង។ ពេល​យើង​សរសើរ​អ្នក​ឯ​ទៀត យើង​ពង្រឹង​ជំនឿ​របស់​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ ជា​ពិសេស ឪ​ពុក​ម្ដាយ​ត្រូវ​លើក​ទឹក​ចិត្ត​កូន​របស់​ពួក​គេ។ ពេល​ឪ​ពុក​ម្ដាយ​សរសើរ​កូន​ៗ​ដោយ​ស្មោះ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​កូន នោះ​ពួក​គេ​ជួយ​កូន​ៗ​របស់​ពួក​គេ​ឲ្យ​រីក​ចម្រើន។

៦. ហេតុ​អ្វី​យើង​អាច​មាន​ទំនុក​ចិត្ត​លើ​លោក​យេស៊ូ​គ្រិស្ត?

៦ ​«​ខ្ញុំ​ពេញ​ចិត្ត​នឹង​អ្នក​ណាស់​»។ ពាក្យ​ទាំង​នេះ​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​ថា​លោក​យេស៊ូ​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា​លោក​យ៉ាង​ស្មោះ​ត្រង់។ ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​បែប​នេះ​ចំពោះ​បុត្រ​របស់​លោក ដូច្នេះ​យើង​ក៏​អាច​ជឿ​ជាក់​ទាំង​ស្រុង​ដែរ​ថា​លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា​បាន​សម្រេច។ (​២កូ. ១:២០​) ពេល​យើង​គិត​អំពី​គំរូ​របស់​លោក​យេស៊ូ យើង​តាំង​ចិត្ត​រៀន​ពី​លោក​និង​ធ្វើ​តាម​គំរូ​របស់​លោក​កាន់​តែ​ខ្លាំង។ ដូច​ដែល​ព្រះ​យេហូវ៉ាមាន​ទំនុក​ចិត្ត​ចំពោះ​លោក​យេស៊ូ លោក​ក៏​មាន​ទំនុក​ចិត្ត​ចំពោះ​ពួក​អ្នក​បម្រើ​របស់​លោក​ជា​ក្រុម​ថា​ពួក​គេ​នឹង​បន្ត​រៀន​ពី​បុត្រ​របស់​លោក។—១ពេ. ២:២១

​«​ចូរ​ស្ដាប់​តាម​លោក​»​

៧. យោង​ទៅ​តាម​ម៉ាថាយ ១៧:១​-​៥ តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌​នៅ​ពេល​ណា ហើយ​តើ​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ណា?

សូម​អាន ម៉ាថាយ ១៧:១​-​៥លើក​ទី២​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌ គឺ​ពេល​ដែល​«​លក្ខណៈ​ក្រៅ​របស់​លោក[​យេស៊ូ​]បាន​ផ្លាស់​ប្រែ​»។ លោក​យេស៊ូ​បាន​ហៅ​ពេត្រុស យ៉ាកុប និង​យ៉ូហាន​ឲ្យ​ឡើង​លើ​ភ្នំ​ខ្ពស់​មួយ​ជា​មួយ​នឹង​លោក។ ពេល​នៅ​ទី​នោះ អ្វី​ដ៏​អស្ចារ្យ​មួយ​បាន​ត្រូវ​បើក​បង្ហាញ​ឲ្យ​ពួក​គាត់​ឃើញ។ មុខ​របស់​លោក​យេស៊ូ​បាន​បញ្ចេញ​រស្មី ហើយ​សម្លៀក​បំពាក់​របស់​លោក​ភ្លឺ​ចិញ្ចាច។ បុគ្គល​ពីរ​រូប​ដែល​មើល​ទៅ​ដូច​ជា​ម៉ូសេ​និង​អេលីយ៉ា​បាន​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​នឹង​លោក​យេស៊ូ​អំពី​ការ​ស្លាប់​និង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​របស់​លោក​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​ខាង​មុខ។ ទោះ​ជា​សាវ័ក​ទាំង​បី​នាក់​«​កំពុង​ដេក​រលីវ​ៗ​»​ក្ដី ពេល​ពួក​គាត់​បាន​ស្វាង​ពី​ដំណេក​ហើយ ពួក​គាត់​ឃើញ​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​ដ៏​អស្ចារ្យ​នេះ។ (​លូក. ៩:២៩​-​៣២​) បន្ទាប់​មក ពពក​ដ៏​ភ្លឺ​មួយ​បាន​មក​គ្រប​បាំង​ពួក​គាត់ ហើយ​ពួក​គាត់​ឮ​សំឡេង​ចេញ​ពី​ពពក​នោះ។ នោះ​គឺ​ជា​សំឡេង​របស់​ព្រះ! ដូច​ពេល​ដែល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក នៅ​លើក​នេះ​ព្រះ​យេហូវ៉ា​ក៏​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​ការ​ពេញ​ចិត្ត​ចំពោះ​បុត្រ​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ខ្ញុំ​ពេញ​ចិត្ត​»។ ប៉ុន្តែ លើក​នេះ​ព្រះ​យេហូវ៉ា​បាន​បន្ថែម​ថា​៖ ​«​ចូរ​ស្ដាប់​តាម​លោក​»។

៨. តើ​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​លើ​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក?

អ្វី​ដែល​បាន​ត្រូវ​បើក​សម្ដែង​នោះ បាន​បង្ហាញ​ទុក​ជា​មុន​អំពី​ឫទ្ធា​នុភាព​និង​សិរី​រុង​រឿង​របស់​លោក​យេស៊ូ​នៅ​ថ្ងៃ​អនាគត​ពេល​ដែល​លោក​គ្រប់​គ្រង​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ។ នេះ​ច្បាស់​ជា​បាន​លើក​ទឹក​ចិត្ត​និង​ឲ្យ​កម្លាំង​ចិត្ត​គ្រិស្ត​ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​វេទនា​និង​សេចក្ដី​ស្លាប់។ ការ​បើក​បង្ហាញ​នោះ​ក៏​ពង្រឹង​ជំនឿ​និង​កម្លាំង​របស់​អ្នក​កាន់​តាម​លោក​ឲ្យ​ប្រឈម​មុខ​នឹង​ការ​សាកល្បង​ចិត្ត​ស្មោះ​របស់​ពួក​គាត់ ហើយ​នេះ​ក៏​បាន​ពង្រឹង​កម្លាំង​របស់​ពួក​គាត់​ឲ្យ​ធ្វើ​កិច្ច​ការ​ដែល​ពួក​គាត់​នឹង​ត្រូវ​ខំ​ប្រឹង​ធ្វើ​អស់​ជា​ច្រើន​ឆ្នាំ។ ប្រហែល​ជា​៣០​ឆ្នាំ​ក្រោយ​មក សាវ័ក​ពេត្រុស​បាន​និយាយ​អំពី​អ្វី​ដែល​បាន​ត្រូវ​បើក​បង្ហាញ​នោះ ហើយ​នេះ​ធ្វើ​ឲ្យ​យើង​ដឹង​ថា​គាត់​នៅ​តែ​ចាំ​យ៉ាង​ច្បាស់​អំពី​រឿង​នោះ។—២ពេ. ១:១៦​-​១៨

៩. តើ​លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​អ្វី​ដល់​អ្នក​កាន់​តាម​លោក?

៩ ​«​ចូរ​ស្ដាប់​តាម​លោក​»។ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក​ចង់​ឲ្យ​យើង​ស្ដាប់​បុត្រ​របស់​លោក និង​ធ្វើ​តាម​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍។ តើ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​អ្វី​ខ្លះ​ពេល​លោក​នៅ​ផែន​ដី? លោក​បាន​មាន​ប្រសាសន៍​អំពី​អ្វី​ៗ​ជា​ច្រើន​ដែល​មាន​ប្រយោជន៍​ចំពោះ​អ្នក​ស្ដាប់! ជា​ឧទាហរណ៍ ដោយ​សេចក្ដី​ស្រឡាញ់ លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​អំពី​របៀប​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​លោក​បាន​រំលឹក​ពួក​គេ​ម្ដង​ហើយ​ម្ដង​ទៀត​ឲ្យ​បន្ត​ចាំ​យាម។ (​ម៉ាថ. ២៤:៤២; ២៨:១៩, ២០​) លោក​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​និង​កុំ​ឲ្យ​ឈប់​ព្យាយាម​ឡើយ។ (​លូក. ១៣:២៤​) លោក​យេស៊ូ​បាន​បញ្ជាក់​ថា​អ្នក​កាន់​តាម​លោក​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រក្សា​សាមគ្គី​ភាព និង​ធ្វើ​តាម​បង្គាប់​របស់​លោក។ (​យ៉ូន. ១៥:១០, ១២, ១៣​) ឱវាទ​ដែល​លោក​យេស៊ូ​ផ្ដល់​ឲ្យ​អ្នក​កាន់​តាម​លោក​គឺ​ពិត​ជា​មាន​ប្រយោជន៍! នៅ​សព្វ​ថ្ងៃ​នេះ​ឱវាទ​នោះ​គឺ​នៅ​តែ​សំខាន់​ដូច​នៅ​ពេល​ដែល​លោក​យេស៊ូ​ទើប​បាន​មាន​ប្រសាសន៍។

១០​-​១១. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ថា​យើង​កំពុង​ស្ដាប់​តាម​លោក​យេស៊ូ?

១០ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ណា​ដែល​នៅ​ខាង​សេចក្ដី​ពិត អ្នក​នោះ​ស្ដាប់​សំឡេង​ខ្ញុំ​»។ (​យ៉ូន. ១៨:៣៧​) យើង​បង្ហាញ​ថា​យើង​ស្ដាប់​សំឡេង​របស់​លោក ពេល​យើង​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ (​កូឡ. ៣:១៣; លូក. ១៧:៣, ៤​) យើង​ក៏​បង្ហាញ​ថា​យើង​ស្ដាប់​សំឡេង​របស់​លោក ដោយ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​ខ្នះ​ខ្នែង‹នៅ​ពេល​ដែល​មាន​អំណោយ​ផល និង​នៅ​ពេល​ដែល​មាន​ការ​លំបាក›។—២ធី. ៤:២

១១ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ចៀម​របស់​ខ្ញុំ​ស្ដាប់​សំឡេង​របស់​ខ្ញុំ​»។ (​យ៉ូន. ១០:២៧​) អ្នក​កាន់​តាម​គ្រិស្ត​បង្ហាញ​ថា​ពួក​គេ​ស្ដាប់​តាម​លោក​យេស៊ូ​ដោយ​មិន​គ្រាន់​តែ​ស្ដាប់​ប្រសាសន៍​របស់លោក​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ធ្វើ​តាម​ប្រសាសន៍​ទាំង​នោះ​ដែរ។ ពួក​គេ​មិន​ឲ្យ​«​កង្វល់​អំពី​ជីវិត​»​បំបែរ​អារម្មណ៍​របស់​ពួក​គេ​ឡើយ។ (​លូក. ២១:៣៤​) ផ្ទុយ​ទៅ​វិញ ពួក​គេ​ចាត់​ទុក​ថា​ការ​ធ្វើ​តាម​បង្គាប់​របស់​លោក​យេស៊ូ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត ទោះ​ជា​ពួក​គេ​ប្រឈម​មុខ​នឹង​កាលៈទេសៈ​ដ៏​ពិបាក​ក្ដី។ បង​ប្អូន​របស់​យើង​ជា​ច្រើន​កំពុង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដ៏​ធ្ងន់​ធ្ងរ រួម​មាន​ការ​វាយ​ប្រហារ​ពី​អ្នក​ប្រឆាំង ភាព​ក្រី​ក្រ​តោកយ៉ាក និង​គ្រោះ​មហន្តរាយ​ធម្មជាតិ។ ប៉ុន្តែ ពួក​គេ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា ទោះ​ជា​ពួក​គេ​រង​ទុក្ខ​យ៉ាង​ណា​ក៏​ដោយ។ ចំពោះ​បង​ប្អូន​ទាំង​នោះ លោក​យេស៊ូ​បាន​សន្យា​ថា​៖ ​«​អ្នក​ណា​ដែល​មាន​បញ្ញត្ដិ​របស់​ខ្ញុំ​ហើយ​ប្រព្រឹត្ត​តាម អ្នក​នោះ​ស្រឡាញ់​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​ពី​បិតា​របស់​ខ្ញុំ​»។—យ៉ូន. ១៤:២១

កិច្ច​បម្រើ​ផ្សាយ​ជួយ​យើង​ឲ្យ​បន្ត​ស្ដាប់​តាម​លោក​យេស៊ូ (​សូម​មើល​វគ្គ​១២​) *

១២. តើ​អ្វី​ជា​របៀប​មួយ​ទៀត​ដែល​យើង​អាច​បង្ហាញ​ថា​យើង​កំពុង​ស្ដាប់​តាម​លោក​យេស៊ូ?

១២ របៀប​មួយ​ទៀត​ដែល​យើង​អាច​បង្ហាញ​ថា​យើង​កំពុង​ស្ដាប់​តាម​លោក​យេស៊ូ គឺ​ដោយ​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​នាំ​មុខ​យើង។ (​ហេ. ១៣:៧, ១៧​) អង្គ​ការ​របស់​ព្រះ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​នេះ ដូច​ជា​ការ​ប្រើ​វិធី​និង​ឧបករណ៍​ថ្មី​ក្នុង​កិច្ច​បម្រើ​ផ្សាយ ផ្លាស់​ប្ដូរ​កម្ម​វិធី​កិច្ច​ប្រជុំ​ក្នុង​អំឡុង​សប្ដាហ៍ ហើយ​របៀប​សាង​សង់ ជួស​ជុល និង​ថែ​រក្សា​សាល​ប្រជុំ​របស់​យើង។ ការ​ណែនាំ​ដែល​យើង​ទទួល​គឺ​ផ្ដល់​ប្រយោជន៍​ឲ្យ​យើង និង​បង្ហាញ​អំពី​សេចក្ដី​ស្រឡាញ់​របស់​អង្គ​ការ​ព្រះ​ចំពោះ​យើង។ យើង​ពិត​ជា​មាន​ចិត្ត​កតញ្ញូ​ជា​ខ្លាំង​ចំពោះ​ការ​ណែនាំ​ទាំង​នេះ! យើង​អាច​ប្រាកដ​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ចំពោះ​ការ​ខំ​ប្រឹង​របស់​យើង​ក្នុង​ការ​ធ្វើ​តាម​ការ​ណែនាំ​ពី​អង្គ​ការ​របស់​លោក​តាម​ត្រូវ​ពេល។

១៣. តើ​ការ​ស្ដាប់​តាម​លោក​យេស៊ូ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១៣ យើង​ទទួល​ប្រយោជន៍​ពី​ការ​ស្ដាប់​តាម​អ្វី​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​បង្រៀន។ លោក​យេស៊ូ​បាន​សន្យា​នឹង​អ្នក​កាន់​តាម​លោក​ថា​សេចក្ដី​បង្រៀន​របស់​លោក​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ ពី​ព្រោះ​នឹម​របស់​ខ្ញុំ​ស្រួល​ពាក់ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល​»។ (​ម៉ាថ. ១១:២៨​-​៣០​) បណ្ដាំ​របស់​ព្រះ ដែល​រួម​មាន​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​ដែល​បាន​កត់​ទុក​អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ពង្រឹង​ជំនឿ​របស់​យើង និង​ធ្វើ​ឲ្យ​យើង​មាន​ប្រាជ្ញា។ (​ទំនុក. ១៩:៧; ២៣:៣​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អស់​អ្នក​ដែល​ឮ​បណ្ដាំ​របស់​ព្រះ​ហើយ​ធ្វើ​តាម ទើប​មាន​សុភមង្គល!​»។—លូក. ១១:២៨

‹ខ្ញុំ​នឹង​លើក​តម្កើង​នាម​របស់​ខ្ញុំ›

១៤​-​១៥. (​ក​) យោង​ទៅ​តាម​យ៉ូហាន ១២:២៧, ២៨ តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ពី​ស្ថាន​សួគ៌​ជា​លើក​ទី៣​នៅ​ពេល​ណា? (​ខ​) ហេតុ​អ្វី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​សម្រាល​ទុក្ខ​និង​ពង្រឹង​កម្លាំង​ចិត្ត​របស់​លោក​យេស៊ូ?

១៤ សូម​អាន យ៉ូហាន ១២:២៧, ២៨ក្នុង​សៀវភៅ​ដំណឹង​ល្អ​ដែល​រៀប​រាប់​ដោយ​យ៉ូហាន គាត់​បាន​កត់​ទុក​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ពី​ស្ថាន​សួគ៌​ជា​លើក​ទី៣។ ប៉ុន្មាន​ថ្ងៃ​មុន​លោក​យេស៊ូ​ស្លាប់ លោក​នៅ​ក្រុង​យេរូសាឡិម​ដើម្បី​ធ្វើ​ពិធី​បុណ្យ​រំលង​ជា​លើក​ចុង​ក្រោយក្នុង​ជីវិត​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ពិបាក​ចិត្ត​ណាស់​»។ ក្រោយ​មក លោក​បាន​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ សូម​លើក​តម្កើង​នាម​របស់​លោក​»។ បិតា​របស់​លោក​មាន​ប្រសាសន៍​តប​ពី​ស្ថាន​សួគ៌​ថា​៖ ​«​ខ្ញុំ​បាន​លើក​តម្កើង ក៏​នឹង​លើក​តម្កើង​ម្ដង​ទៀត​»។

១៥ លោក​យេស៊ូ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ដោយ​សារ​លោក​មាន​ភារកិច្ច​ដ៏​ធ្ងន់​ធ្ងរ​គឺ​លោក​ត្រូវ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​បាន​ដឹង​ថា​លោក​នឹង​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ពី​ការ​វាយ​នឹង​រំពាត់​ខ្សែ​តី ហើយ​ស្លាប់​យ៉ាង​វេទនា។ (​ម៉ាថ. ២៦:៣៨​) ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​លោក​យេស៊ូ គឺ​លោក​ចង់​លើក​តម្កើង​នាម​របស់​បិតា​លោក។ លោក​យេស៊ូ​បាន​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ជា​អ្នក​ប្រមាថ​ព្រះ ហើយ​លោក​ព្រួយ​បារម្ភ​ថា​ការ​ស្លាប់​របស់​លោក​នឹង​នាំ​មក​នូវ​ការ​តិះ​ដៀល​ចំពោះ​ព្រះ។ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង! លោក​អាច​ប្រាកដ​ថា​នាម​របស់​ព្រះ​យេហូវ៉ា​នឹង​ត្រូវ​លើក​តម្កើង។ ប្រសាសន៍​របស់​បិតា​លោក​ច្បាស់​ជា​បាន​សម្រាល​ទុក្ខ​លោក​យេស៊ូ​ជា​ខ្លាំង ហើយ​ពង្រឹង​កម្លាំង​ចិត្ត​លោក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ដែល​លោក​នឹង​ជួប​ប្រទះ។ ទោះ​ជា​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​នៅ​ទី​នោះ ប្រហែល​ជា​មាន​តែ​លោក​យេស៊ូ​ប៉ុណ្ណោះ​ដែល​បាន​យល់​អំពី​អ្វី​ដែល​បិតា​លោក​បាន​មាន​ប្រសាសន៍​ក្ដី ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រសាសន៍​នេះ​របស់​លោក​បាន​ត្រូវ​កត់​ទុក​សម្រាប់​យើង​ទាំង​អស់​គ្នា។—យ៉ូន. ១២:២៩, ៣០

ព្រះ​យេហូវ៉ា​នឹង​លើក​តម្កើង​នាម​របស់​លោក ហើយ​សង្គ្រោះ​រាស្ត្រ​របស់​លោក (​សូម​មើល​វគ្គ​១៦​) *

១៦. ហេតុ​អ្វី​ពេល​ខ្លះ​យើង​ប្រហែល​ជា​បារម្ភ​អំពី​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​ព្រះ?

១៦ ដូច​លោក​យេស៊ូ យើង​ក៏​ប្រហែល​ជា​ព្រួយ​បារម្ភ​អំពី​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា​ដែរ។ ប្រហែល​ជា​គេ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​ចំពោះ​យើង ដូច​ដែល​គេ​បាន​ធ្វើ​ចំពោះ​លោក​យេស៊ូ។ ឬ​យើង​ប្រហែល​ជា​ពិបាក​ចិត្ត​ដោយ​សារ​អ្នក​ប្រឆាំង​បាន​ផ្សាយ​រឿង​មិន​ពិត​អំពី​យើង។ យើង​ក៏​ប្រហែល​ជា​គិត​អំពី​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា​និង​អង្គ​ការ​របស់​លោក​ដែល​បណ្ដាល​មក​ពី​រឿង​មិនពិត​ទាំង​នេះ។ នៅ​ពេល​នោះ ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​សម្រាល​ទុក្ខ​យើង​យ៉ាង​ខ្លាំង។ យើង​មិន​ចាំ​បាច់​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​ទេ​អំពី​រឿង​នេះ។ យើង​អាច​ប្រាកដ​ថា​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត​និង​សមត្ថភាព​រិះ​គិត​របស់[​យើង​] តាម​រយៈ​គ្រិស្ត​យេស៊ូ​»។ (​ភី. ៤:៦, ៧​) ព្រះ​យេហូវ៉ា​នឹង​តែង​តែ​ធ្វើ​ឲ្យ​នាម​របស់​លោក​ទទួល​ការ​លើក​តម្កើង។ តាម​រយៈ​រាជាណាចក្រ​របស់​លោក លោក​នឹង​បំបាត់​ចោល​និង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​សាថាន​និង​ពិភព​លោក​នេះ​បាន​ធ្វើ​ដាក់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក។—ទំនុក. ៩៤:២២, ២៣; អេ. ៦៥:១៧

ចូរ​ទទួល​ប្រយោជន៍​ពី​ការ​ស្ដាប់​សំឡេង​របស់​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ

១៧. យោង​ទៅ​តាម​អេសាយ ៣០:២១ តើ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យើង​នៅ​សព្វ​ថ្ងៃ​នេះ​តាម​របៀប​ណា?

១៧ ព្រះ​យេហូវ៉ា​នៅ​តែ​មាន​ប្រសាសន៍​មក​កាន់​យើង​នៅ​សព្វ​ថ្ងៃ​នេះ។ (​សូម​អាន អេសាយ ៣០:២១) មែន​ហើយ យើង​មិន​ឮ​សំឡេង​របស់​ព្រះ​ពី​ស្ថាន​សួគ៌​មក​កាន់​យើង​ទេ។ ក៏​ប៉ុន្តែ លោក​បាន​ផ្ដល់​ការ​ណែនាំ​ឲ្យ​យើង​តាម​រយៈ​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ បន្ថែម​ទៅ​ទៀត សកម្មពល​របស់​ព្រះ​យេហូវ៉ា​ជំរុញ​«​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​»​ឲ្យ​បន្ត​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​អ្នក​បម្រើ​របស់​លោក។ (​លូក. ១២:៤២​) សេចក្ដី​បង្រៀន​ទាំង​នោះ​មាន​ជា​បរិបូរ​នៅ​ក្នុង​សៀវភៅ​ផ្សេង​ៗ​របស់​យើង​ដែល​បាន​ត្រូវ​បោះ​ពុម្ព និង​ដែល​បាន​ត្រូវ​ចេញ​ផ្សាយ​តាម​គេហទំព័រ​របស់​យើង ព្រម​ទាំង​វីដេអូ​និង​ឯកសារ​ជា​សំឡេង។

១៨. តើ​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ពង្រឹង​ជំនឿ​របស់​អ្នក​និង​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ក្លាហាន​យ៉ាង​ដូច​ម្ដេច?

១៨ សូម​យើង​ចាំ​ជា​និច្ច​អំពី​ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ទៅ​កាន់​បុត្រ​របស់​លោក​ពេល​លោក​យេស៊ូ​នៅ​ផែន​ដី! សូម​ឲ្យ​ប្រសាសន៍​របស់​ព្រះ​ដែល​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ ផ្ដល់​ទំនុក​ចិត្ត​ឲ្យ​យើង​ថា​ព្រះ​យេហូវ៉ា​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្វី​កើត​ឡើង​ដែល​ធ្វើ​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​មិន​បាន​សម្រេច​ឡើយ ហើយ​ថា​លោក​នឹង​បំបាត់​ចោល​និង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​សាថាន​និង​ពិភព​លោក​ដ៏​អាក្រក់​នេះ​បាន​ធ្វើ​ដាក់​យើង។ ម្យ៉ាង​ទៀត សូម​ឲ្យ​យើង​តាំង​ចិត្ត​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​សំឡេង​របស់​ព្រះ​យេហូវ៉ា។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​អាច​ស៊ូ​ទ្រាំ​នឹង​បញ្ហា​ណា​ក៏​ដោយ​ដែល​យើង​ជួប​ប្រទះ​នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត។ គម្ពីរ​រំលឹក​យើង​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​ចេះ​ស៊ូ​ទ្រាំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​តាម​សេចក្ដី​សន្យា ក្រោយ​ពី​បាន​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​»។—ហេ. ១០:៣៦

ចម្រៀង​លេខ​៤ ‹ព្រះ​យេហូវ៉ា​ជា​គង្វាល​ខ្ញុំ›

^ វគ្គ 5 ក្នុង​អំឡុង​ពេល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​លោក​បី​ដង។ មាន​ម្ដង​នោះ ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​គ្រិស្ត​ឲ្យ​ស្ដាប់​តាម​បុត្រ​របស់​លោក។ នៅ​សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​កាន់​យើង​តាម​រយៈ​បណ្ដាំ​របស់​លោក​ជា​លាយ​លក្ខណ៍​អក្សរ​ដែល​រួម​បញ្ចូល​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ និង​តាម​រយៈ​អង្គ​ការ​របស់​លោក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពី​ការ​ស្ដាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។

^ វគ្គ 52 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​ចាស់​ទុំ​ម្នាក់​កត់​សម្គាល់​ពេល​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​ម្នាក់​កំពុង​ជួយ​ថែ​ទាំ​សាល​ប្រជុំ និង​ជួយ​ធ្វើ​កិច្ច​ការ​ខាង​ផ្នែក​សៀវភៅ។ អ្នក​ចាស់​ទុំ​នោះ​សរសើរ​គាត់​ដោយ​បង្ហាញ​អារម្មណ៍​កក់​ក្ដៅ។

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: នៅ​ប្រទេស​សៀរ៉ាឡេអូន ប្ដី​ប្រពន្ធ​មួយ​គូ​ស្នើ​ផ្ដល់​លិខិត​អញ្ជើញ​សម្រាប់​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ដល់​អ្នក​នេសាទ​ម្នាក់។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: នៅ​ប្រទេស​មួយ​ដែល​គេ​បាន​ដាក់​កម្រិត​លើ​កិច្ច​ការ​របស់​យើង សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​កិច្ច​ប្រជុំ​នៅ​ផ្ទះ​បង​ប្អូន។ ពួក​គេ​ស្លៀក​ពាក់​ធម្មតា​ដើម្បី​កុំ​ឲ្យ​អ្នក​ឯ​ទៀត​ចាប់​អារម្មណ៍។