លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១១

តើអ្នកត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹកហើយឬនៅ?

តើអ្នកត្រៀមខ្លួនដើម្បីទទួលការជ្រមុជទឹកហើយឬនៅ?

​«​អ្វីដែល​កំពុង​សង្គ្រោះ​អ្នក​រាល់​គ្នា​ឥឡូវ​នេះ . . . គឺ​ការ​ជ្រមុជ​ទឹក​»។—១ពេ. ៣:២១

ចម្រៀង​លេខ​២៨ ការ​ចង​មិត្តភាព​ជា​មួយ​នឹង​ព្រះយេហូវ៉ា

សេចក្ដី​សង្ខេប *

១. តើ​បុគ្គល​ម្នាក់​គួរ​ធ្វើ​អ្វី​មុន​ចាប់​ផ្ដើម​សង់​ផ្ទះ?

សូម​ស្រមៃ​គិត​ថា​បុគ្គល​ម្នាក់​សម្រេច​ចិត្ត​សង់​ផ្ទះ​មួយ។ គាត់​ដឹង​ថា​គាត់​ចង់​សង់​ផ្ទះ​ប្រភេទ​ណា។ តើ​គាត់​គួរ​ចេញ​ទៅ​ទិញ​សម្ភារ​ភ្លាម​ៗ ហើយ​ចាប់​ផ្ដើម​សង់​ឬ​ទេ? មិន​មែន​ទេ។ មុន​គាត់​ចាប់​ផ្ដើម​សង់ គាត់​ត្រូវ​គិត​អំពី​តម្លៃ​សង់​ផ្ទះ​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​គាត់​ត្រូវ​ដឹង​ថា​គាត់​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​សង់​ផ្ទះ​នោះ​ឲ្យ​បាន​រួច​រាល់​ឬ​យ៉ាង​ណា។ បើ​គាត់​គិត​គូរ​អំពី​ការ​ចំណាយ​យ៉ាង​ដិត​ដល់​ទុក​ជា​មុន នោះ​គាត់​ទំនង​ជា​អាច​បង្ហើយ​ការ​សង់​ផ្ទះ​ថ្មី​របស់​គាត់​ដោយ​ជោគ​ជ័យ។

២. យោង​ទៅ​តាម​លូកា ១៤:២៧​-​៣០ តើ​អ្នក​គួរ​គិត​យ៉ាង​ហ្មត់​ចត់​អំពី​អ្វី​មុន​ទទួល​ការ​ជ្រមុជ​ទឹក?

តើ​សេចក្ដី​ស្រឡាញ់​និង​ចិត្ត​កតញ្ញូ​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​អ្នក​ឲ្យ​គិត​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? បើ​ដូច្នេះ អ្នក​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ស្រដៀង​នឹង​បុរស​ដែល​ចង់​សង់​ផ្ទះ​នោះ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? សូម​ពិចារណា​អំពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​លូកា ១៤:២៧​-​៣០។ (​សូម​អាន​) លោក​យេស៊ូ​កំពុង​រៀប​រាប់​អំពី​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក។ បើ​យើង​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​លោក យើង​ត្រូវ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ខ្លះ ហើយ​លះ​បង់​អ្វី​មួយ​ចំនួន។ (​លូក ៩:២៣​-​២៦; ១២:៥១​-​៥៣​) ដូច្នេះ មុន​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ត្រូវ​គិត​យ៉ាង​ហ្មត់​ចត់​អំពី​អ្វីដែល​អ្នក​នឹង​ជួប​ប្រទះ។ យ៉ាង​នេះ អ្នក​នឹង​ត្រៀម​ខ្លួន​បាន​ល្អ​ជាង​ដើម្បី​បន្ត​បម្រើ​ព្រះ​យ៉ាង​ស្មោះ​ត្រង់​ជា​គ្រិស្ត​សាសនិក​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ។

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

តើ​ការ​ជ្រមុជ​ទឹក​ដើម្បី​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​សាក​សម​នឹង​ការ​លះ​បង់​និង​ការ​ពិបាក​ដែល​អ្នក​ត្រូវ​ជួប​ប្រទះ​ឬ​ទេ? ពិត​ជា​សាក​សម​មែន! ការ​ជ្រមុជ​ទឹក​បើក​ឱកាស​ឲ្យ​អ្នក​ទទួល​ពរ​ច្រើន​ឥត​គណនា​នៅ​ឥឡូវ​នេះ​និង​នៅ​ថ្ងៃ​អនាគត។ សូម​យើង​ពិចារណា​សំណួរ​សំខាន់​ខ្លះ​អំពី​ការ​ជ្រមុជ​ទឹក។ ការ​ធ្វើ​ដូច្នេះ​នឹង​ជួយ​អ្នក​ឲ្យ​ឆ្លើយ​សំណួរ​ថា ​«​តើ​ខ្ញុំ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?​»។

អ្វីដែល​អ្នក​ត្រូវ​ដឹង​អំពី​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និងការជ្រមុជ​ទឹក

៤. (​ក​) តើ​អ្វី​ជា​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ? (​ខ​) តើ​ការ​«​ប្រគល់​ខ្លួន​ឲ្យ​ព្រះ​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ម៉ាថាយ ១៦:២៤ មាន​ន័យ​យ៉ាង​ណា?

តើ​អ្វី​ជា​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ? មុន​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ។ ពេល​អ្នក​ប្រគល់​ខ្លួន​ជូនព្រះ​យេហូវ៉ា អ្នក​អធិដ្ឋាន​ទៅ​លោក​យ៉ាង​អស់​ពី​ចិត្ត ហើយ​ប្រាប់​លោក​ថា​អ្នក​នឹង​បម្រើ​លោក​អស់​មួយ​ជីវិត​របស់​អ្នក។ ពេល​អ្នក​ប្រគល់​ខ្លួន​ឲ្យ​ព្រះ អ្នក​លែង​ធ្វើ​តាម​ចិត្ត​ខ្លួន ហើយ​នេះ​រួម​បញ្ចូល​ការ​តាំង​ចិត្ត​មិន​ធ្វើ​តាម​បំណង​ប្រាថ្នា​និង​គោល​ដៅ​ផ្ទាល់​ខ្លួន ហើយ​ក៏​មិន​គិតពី​ជីវិត​ស្រណុក​សុខ​ស្រួល​របស់​ខ្លួន​ដែរ។ (​សូម​អាន ម៉ាថាយ ១៦:​២៤) យ៉ាង​នេះ អ្នក​ជា​របស់​ព្រះ​យេហូវ៉ា ហើយ​នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ។ (​រ៉ូម ១៤:៨​) អ្នក​ប្រាប់​លោ​កថា​ចាប់​ពី​ពេល​នេះ​ត​ទៅ អ្នក​នឹង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​លោក ហើយ​មិន​បំពេញ​ចិត្ត​ខ្លួន​ឯង​ឡើយ។ ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គឺ​ជា​សម្បថ​មួយ។ សម្បថ​នោះ​គឺ​ជា​សេចក្ដី​សន្យា​ដ៏​សំខាន់​មួយ​ដែល​អ្នក​ធ្វើ​ចំពោះ​ព្រះ។ ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​ធ្វើ​សម្បថ​បែប​នេះ​ទេ។ ប៉ុន្តែ​ពេល​យើង​ធ្វើ លោក​តម្រូវ​ឲ្យ​យើង​ធ្វើ​តាម​ពាក្យ​សម្បថ​នោះ។—ទំនុក ១១៦:​១២, ១៤

៥. តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​ជ្រមុជ​ទឹក?

តើ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​ជាប់​ទាក់​ទង​យ៉ាង​ណា​នឹង​ការ​ជ្រមុជ​ទឹក? ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​គឺ​ជា​អ្វីដែល​អ្នក​ធ្វើ​ម្នាក់​ឯង គឺ​រវាង​អ្នក​និង​ព្រះ​យេហូវ៉ា។ រីឯ​ការ​ជ្រមុជ​ទឹក​គឺ​ធ្វើ​ឡើង​ជា​សាធារណៈ​នៅ​មុខ​អ្នក​ឯ​ទៀត ជា​ធម្មតា​នៅ​សន្និបាត ឬ​មហា​សន្និបាត។ ពេល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​បង្ហាញ​អ្នក​ឯ​ទៀត​ថា​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​រួច​ហើយ។ * ម្ល៉ោះ​ហើយ កាល​ដែល​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក នោះ​បង្ហាញ​ដល់​អ្នក​ឯ​ទៀត​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង អស់​ពី​សមត្ថភាព​រិះ​គិត និង​អស់ពី​កម្លាំង​កាយ​របស់​អ្នក ហើយ​ថា​អ្នក​តាំង​ចិត្ត​បម្រើ​លោក​ជា​រៀង​រហូត។—ម៉ាក ១២:៣០

៦​-​៧. យោង​ទៅ​តាម​ពេត្រុស​ទី១ ៣:១៨​-​២២ តើ​មូលហេតុ​ពីរ​យ៉ាង​អ្វី ដែល​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ចាំ​បាច់?

តើ​ពិត​ជា​ចាំ​បាច់​ឲ្យ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? សូម​ពិចារណា​អ្វីដែល​បាន​ត្រូវ​ចែង​នៅ​ពេត្រុស​ទី១ ៣:១៨​-​២២។ (​សូម​អាន​) ដូច​ទូក​ធំ​គឺ​ជា​ភ័ស្តុតាង​ជាក់​ស្តែង​ដែល​បង្ហាញ​ថា​ណូអេ​មាន​ជំនឿ នោះ​ការ​ជ្រមុជ​ទឹក​របស់​អ្នក​ក៏​ជា​ភ័ស្តុតាង​ដ៏​ច្បាស់​ថា​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា។ ប៉ុន្តែ​តើ​ការ​ជ្រមុជ​ទឹក​ពិត​ជា​ចាំ​បាច់​ឬ​ទេ? ពិត​ជា​ចាំ​បាច់​មែន។ ពេត្រុស​បាន​ពន្យល់​អំពី​មូលហេតុ​ពីរ​យ៉ាង។ ទី១ គឺ​«​សង្គ្រោះ​អ្នក​»។ ការ​ជ្រមុជ​ទឹក​អាច​សង្គ្រោះ​យើង​បើ​យើង​បាន​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​ថា​យើង​មាន​ជំនឿ​លើ​លោក​យេស៊ូ ព្រម​ទាំង​ជឿ​ថា​លោក​បាន​ស្លាប់​ដើម្បី​យើង បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌ ហើយ​ឥឡូវ​កំពុង​«​នៅ​ខាង​ស្ដាំ​ព្រះ​»។

ទី២ ការ​ជ្រមុជ​ទឹក​នាំ​ឲ្យ​មាន​«​សមត្ថភាព​វិនិច្ឆ័យ​ដែលមិន​ផ្ដន្ទា​ទោស​»។ ពេល​យើង​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការជ្រមុជ​ទឹក យើង​ចាប់​ផ្ដើម​មាន​ចំណង​មិត្តភាព​ពិសេស​ជា​មួយ​នឹងលោក។ ដោយ​សារ​យើង​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ និង​មាន​ជំនឿ​លើថ្លៃលោះ នោះ​ព្រះ​អភ័យ​ទោស​ចំពោះ​អំពើ​ខុស​ឆ្គង​របស់​យើង។ យ៉ាងនេះ យើង​អាច​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​នៅ​ចំពោះ​លោក។

៨. តើ​អ្វី​គួរ​ជា​មូលហេតុ​ដែល​អ្នក​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក?

តើ​អ្វី​គួរ​ជា​មូលហេតុ​ដែល​អ្នក​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក? ដោយ​សារ​អ្នក​សិក្សា​គម្ពីរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ នោះ​អ្នក​បាន​រៀន​ច្រើន​អំពី​ព្រះ​យេហូវ៉ា ពោល​គឺ​គុណ​សម្បត្ដិ​របស់​លោក​និង​របៀប​ដែល​លោក​ធ្វើ​អ្វី​ផ្សេង​ៗ។ អ្វីដែល​អ្នក​បាន​រៀន​អំពី​លោក​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់​ក្ដៅ ហើយ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ស្រឡាញ់​លោក​ជា​ខ្លាំង។ សេចក្ដី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះ​យេហូវ៉ា​ត្រូវ​តែ​ជា​មូលហេតុ​ចម្បង​ដែល​អ្នក​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក។

៩. ដូច​បាន​ចែង​នៅ​ម៉ាថាយ ២៨:១៩, ២០ តើ​ការ​ជ្រមុជ​ទឹក​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក​មាន​ន័យ​យ៉ាង​ណា?

មូលហេតុ​មួយ​ទៀត​ដែល​អ្នក​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​អ្នក​បាន​រៀន​និង​ជឿ​អ្វីដែល​គម្ពីរ​បង្រៀន។ សូម​គិត​អំពី​អ្វីដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍ ពេល​លោក​បាន​ឲ្យ​បង្គាប់​អំពី​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ (​សូម​អាន ម៉ាថាយ ២៨:១៩, ២០) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា ពួក​អ្នក​ដែល​ទទួល​ការ​ជ្រមុជ​ទឹក​ត្រូវ​ធ្វើ​ដូច្នេះ​«​ក្នុង​នាម​បិតា​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ក្នុង​នាម​បុត្រ​របស់​លោក និង​ក្នុង​នាម​សកម្មពល​បរិសុទ្ធ​របស់​លោក​»។ តើ​នេះ​មាន​ន័យ​យ៉ាង​ណា? អ្នក​ត្រូវ​ជឿ​អស់​ពី​ចិត្ត​នូវ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​អំពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ​ដែល​ជា​បុត្រ​លោក និង​សកម្មពល​បរិសុទ្ធ។ សេចក្ដី​បង្រៀន​ទាំង​នេះ​មាន​ឫទ្ធា​នុភាព ហើយ​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ចិត្ត​របស់​អ្នក។ (​ហេ. ៤:១២​) សូម​យើង​ពិចារណា​ឡើង​វិញ​អំពី​សេចក្ដី​បង្រៀន​ខ្លះ​ទាំង​នោះ។

១០​-​១១. តើ​អ្នក​បាន​រៀន​និង​ទទួល​យក​សេចក្ដី​ពិត​អ្វី​អំពី​បិតា​នៅ​ស្ថាន​សួគ៌?

១០ សូម​គិត​អំពី​កាល​ដែល​អ្នក​បាន​រៀន​សេចក្ដី​ពិត​អំពី​បិតា​នៅ​ស្ថាន​សួគ៌​ដូច​ជា លោក​មាន​«​នាម​ជា​យេហូវ៉ា​»​ លោក​ជា​«​ព្រះ​ដ៏​ខ្ពស់​បំផុត​លើផែន​ដី​ទាំង​មូល​»​ ហើយ​ថា​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​ជា​«​ព្រះ​ដ៏​ពិត​»។ (​ទំនុក. ៨៣:១៨; យេ. ១០:១០​) លោក​គឺ​ជា​អ្នក​បង្កើត​យើង ហើយ​«​សេចក្ដី​សង្គ្រោះ នោះ​ស្រេច​នៅ​ព្រះ​យេហូវ៉ា​»។ (​ទំនុក. ៣:៨; ៣៦:៩​) លោក​បាន​រៀប​ចំ​សង្គ្រោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់ ហើយ​ផ្ដល់​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត។ (​យ៉ូន. ១៧:៣​) ការ​ដែល​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក នោះ​បង្ហាញ​ថា​អ្នក​ជា​សាក្សី​របស់​ព្រះ​យេហូវ៉ា។ (​អេ. ៤៣:១០​-​១២​) យ៉ាង​នេះ អ្នក​នឹង​ចូល​ក្នុង​ក្រុម​គ្រួសារ​ដែល​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​នៅ​ទូ​ទាំង​ពិភព​លោក។ ពួក​គេ​ទាំង​អស់​គ្នា​មាន​មោទនភាព​ក្នុង​ការ​ហៅ​ដោយ​នាម​របស់​ព្រះ ហើយ​ប្រកាស​ផ្សាយ​អំពី​នាម​លោក​ដល់​អ្នក​ឯ​ទៀត។—ទំនុក. ៨៦:១២

១១ គឺ​ជា​ឯកសិទ្ធិ​មែន​ដែល​យើង​យល់​អ្វីដែល​គម្ពីរ​បង្រៀន​អំពី​បិតា​នៅ​ស្ថាន​សួគ៌! ពេល​អ្នក​ជឿ​សេចក្ដី​បង្រៀន​ដ៏​ថ្លៃ​ថ្លា​ទាំង​នេះ ចិត្ត​របស់​អ្នក​ជំរុញ​អ្នក​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

១២​-​១៣. តើ​អ្នក​បាន​រៀន​និង​ទទួល​យក​សេចក្ដី​ពិត​អ្វី​អំពី​បុត្រ​ព្រះ?

១២ តើ​អ្នក​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​អ្នក​បាន​រៀន​សេចក្ដី​ពិត​អំពី​បុត្រ​ព្រះ? ជា​ឧទាហរណ៍ លោក​គឺ​ជា​បុគ្គល​សំខាន់​បំផុត​ទី២​ក្នុង​សកល​លោក។ លោក​ជា​អ្នក​លោះ​យើង។ លោក​សុខ​ចិត្ត​លះ​បង់​ជីវិត​របស់​លោក​ដើម្បី​យើង។ ពេល​យើង​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​ថា​យើង​មាន​ជំនឿ​លើថ្លៃ​លោះ នោះ​យើង​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​យើង បណ្ដុះ​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ ហើយ​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ (​យ៉ូន. ៣:​១៦​) លោក​យេស៊ូ​គឺ​ជា​សម្ដេច​សង្ឃ​របស់​យើង។ លោក​ចង់​ជួយ​យើង​ឲ្យ​ទទួល​ប្រយោជន៍​ពី​ថ្លៃ​លោះ ហើយ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ។ (​ហេ. ៤:១៥; ៧:២៤, ២៥​) ដោយ​សារ​លោក​យេស៊ូ​ជា​ស្តេច​នៃ​រាជាណាចក្រ​ព្រះ នោះ​ព្រះ​យេហូវ៉ា​នឹង​ប្រើ​លោក​ដើម្បី​ធ្វើ​ឲ្យ​នាម​ព្រះ​បាន​បរិសុទ្ធ បំបាត់​ចោល​អំពើ​អាក្រក់ ហើយ​នាំ​មក​នូវ​ពរ​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​ដែល​នឹង​មក​ដល់។ (​ម៉ាថ. ៦:៩, ១០; បប. ១១:១៥​) លោក​យេស៊ូ​គឺ​ជា​គំរូ​សម្រាប់​យើង។ (​១ពេ. ២:២១​) លោក​បាន​ទុក​គំរូ​ឲ្យ​យើង​ដោយ​ប្រើ​ជីវិត​របស់​លោក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។—យ៉ូន. ៤:៣៤

១៣ ពេល​អ្នក​ទទួល​យក​អ្វីដែល​គម្ពីរ​បង្រៀន​អំពី​លោក​យេស៊ូ នោះ​អ្នក​ចាប់​ផ្ដើម​ស្រឡាញ់​បុត្រ​ស្ងួន​ភ្ងា​របស់​ព្រះ។ សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ប្រើ​ជីវិត​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ ដូច​លោក​យេស៊ូ​បាន​ធ្វើ។ ជា​លទ្ធផល ចិត្ត​របស់​អ្នក​ជំរុញ​អ្នក​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក។

១៤​-​១៥. តើ​អ្នក​បាន​រៀន​និង​ទទួល​យក​សេចក្ដី​ពិត​អ្វី​អំពី​សកម្មពល​បរិសុទ្ធ?

១៤ តើ​អ្នក​បាន​គិត​យ៉ាង​ណា​ពេល​អ្នក​រៀន​សេចក្ដី​ពិត​អំពី​សកម្មពល​បរិសុទ្ធ? ជា​ឧទាហរណ៍ សកម្មពល​មិន​មែន​ជា​បុគ្គលទេ តែ​ជា​ឫទ្ធា​នុភាព​របស់​ព្រះ។ ព្រះ​យេហូវ៉ា​បាន​ប្រើ​សកម្មពល​បរិសុទ្ធ​ដើម្បីដឹក​នាំ​មនុស្ស​ឲ្យ​សរសេរ​គម្ពីរ ហើយ​ក៏​ដើម្បី​ជួយ​យើង​ឲ្យយល់​និង​ធ្វើ​តាម​អ្វីដែល​យើង​អាន​ក្នុង​គម្ពីរ​ដែរ។ (​យ៉ូន. ១៤:២៦; ២ពេ. ១:២១​) តាម​រយៈ​សកម្មពល​របស់​ព្រះ​យេហូវ៉ា លោក​ផ្ដល់​ឲ្យ​យើង​នូវ​«​ឫទ្ធា​នុភាព​ដែល​លើស​ពី​ធម្មតា​»។ (​២កូ. ៤:៧​) សកម្មពល​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ តយុទ្ធនឹង​ការ​ល្បួង យក​ឈ្នះ​ការ​ធ្លាក់​ទឹក​ចិត្ត ហើយ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក។ សកម្មពល​ជួយ​យើង​ឲ្យ​បង្ហាញ​គុណ​សម្បត្ដិ​ដ៏​ប្រសើរ​ដែល​ជា​លក្ខណៈ​នៃ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។ (​កាឡ. ៥:​២២​) ព្រះ​ផ្ដល់​សកម្មពល​របស់​លោក​ដោយ​ចិត្ត​ទូលាយ​ដល់​ពួក​អ្នក​ដែល​ទុក​ចិត្ត​លោក និង​ដែល​សុំ​ពី​លោក​ដោយ​ចិត្ត​ស្មោះ។—លូក. ១១:១៣

១៥ ការ​ដឹង​ថា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អាច​ពឹង​ផ្អែក​លើ​សកម្មពល​បរិសុទ្ធ​ឲ្យ​ជួយ​ពួក​គេ​ក្នុង​ការ​បម្រើ​ព្រះ គឺ​ពិត​ជា​សម្រាល​ទុក្ខ​មែន! ពេល​អ្នក​ទទួល​យក​សេចក្ដី​ពិត​ដែល​អ្នក​បាន​រៀន​អំពី​សកម្មពល​បរិសុទ្ធ នោះ​នឹង​ជំរុញ​ចិត្ត​អ្នក​ឲ្យ​ប្រគល់​ខ្លួន​ជូន​ព្រះ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។

១៦. មក​ដល់​ត្រឹម​នេះ តើ​យើង​បាន​រៀន​អ្វី​ខ្លះ?

១៦ ការ​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​សំខាន់​ណាស់។ ដូច​ដែល​យើង​បាន​រៀន​ហើយ អ្នក​ត្រូវ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ខ្លះ ព្រម​ទាំង​ធ្វើ​ការ​លះ​បង់​មួយ​ចំនួន។ ក៏​ប៉ុន្តែ ពរ​ដែល​អ្នក​នឹង​ទទួល​គឺ​ច្រើន​ជាង​ឆ្ងាយ​ណាស់​ពី​អ្វីដែល​អ្នក​លះ​បង់។ ការ​ទទួល​ការ​ជ្រមុជ​ទឹក​អាច​សង្គ្រោះ​អ្នក ហើយ​នាំ​ឲ្យ​អ្នក​មានសមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស​នៅ​ចំពោះ​ព្រះ។ មូលហេតុ​សំខាន់​ចម្បង​ដែល​អ្នក​សម្រេច​ចិត្ត​ទទួល​ការ​ជ្រមុជ​ទឹក ត្រូវ​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​មាន​ចំពោះ​ព្រះ​យេហូវ៉ា។ អ្នក​ក៏​ត្រូវ​ជឿ​អស់​ពី​ចិត្ត​នូវ​សេចក្ដី​ពិត​ដែល​អ្នក​បាន​រៀន​អំពី​បិតា​នៅ​ស្ថាន​សួគ៌ បុត្រ​របស់​លោក និង​សកម្មពល​បរិសុទ្ធ។ ក្រោយ​ពី​ពិចារណា​អំពី​អ្វីដែល​យើង​បាន​រៀន​មក​ដល់​ត្រឹម​នេះ តើ​អ្នក​នឹង​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សំណួរ​ថា ​«​តើ​ខ្ញុំ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?​»។

អ្វីដែល​អ្នក​ត្រូវ​ធ្វើ​មុន​ទទួល​ការ​ជ្រមុជ​ទឹក

១៧. តើ​បុគ្គល​ម្នាក់​ៗ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​មុន​គាត់​ទទួល​ការ​ជ្រមុជ​ទឹក?

១៧ បើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក នោះ​អ្នក​ទំនង​ជា​បាន​ធ្វើ​អ្វី​ជា​ច្រើន​រួច​ហើយ​ដើម្បី​មាន​ចំណង​មិត្តភាព​ល្អ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ * ដោយ​សារ​អ្នក​បាន​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់ អ្នក​ស្គាល់​ច្រើន​អំពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។ អ្នក​ចាប់​ផ្ដើម​មាន​ជំនឿ។ (​ហេ. ១១:៦​) អ្នក​ទុក​ចិត្ត​ទាំង​ស្រុង​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​មាន​ក្នុង​គម្ពីរ ហើយ​អ្នក​ជឿ​ជាក់​ថា​ជំនឿ​របស់​អ្នក​ទៅ​លើ​គ្រឿង​បូជា​របស់​លោក​យេស៊ូ​អាច​សង្គ្រោះ​អ្នក​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់។ អ្នក​បាន​ប្រែ​ចិត្ត​ពី​ការ​ខុស​ឆ្គង​របស់​អ្នក គឺ​អ្នក​មាន​អារម្មណ៍​សោក​ស្ដាយ​ជា​ខ្លាំង​ចំពោះ​កំហុស​ដែល​អ្នក​បាន​ធ្វើ ហើយ​អ្នក​បាន​សុំ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អ្នក។ អ្នក​បាន​បែរ​ចេញ​ពី​ផ្លូវ​ជីវិត​ចាស់​របស់​អ្នក ពោល​គឺ​អ្នក​បាន​លះ​ចោល​ទាំង​ស្រុង​នូវ​គន្លង​ជីវិត​អាក្រក់​របស់​អ្នក ហើយ​បាន​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។ (​សកម្ម. ៣:១៩​) អ្នក​មាន​ចិត្ត​ពុះ​កញ្ជ្រោល​ចង់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​អ្នក។ អ្នក​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ក្រុម​ជំនុំ។ (​ម៉ាថ. ២៤:១៤​) ព្រះ​យេហូវ៉ា​មាន​មោទនភាព​ចំពោះ​អ្នក​ដោយ​សារ​អ្នក​បាន​ធ្វើ​តាម​អ្វី​ដ៏​សំខាន់​ចាំ​បាច់​ទាំង​នេះ។ អ្នក​បាន​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​រីក​រាយ​ក្រៃ​លែង។—សុភ. ២៧:១១

១៨. តើ​អ្នក​ត្រូវ​ធ្វើ​អ្វី​ទៀត​មុន​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក?

១៨ មុន​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក មាន​អ្វី​មួយ​ចំនួន​ទៀត​ដែល​អ្នក​ត្រូវ​ធ្វើ។ ដូច​ដែល​យើង​បាន​រៀន​នៅ​ដើម​អត្ថបទ​នេះ អ្នក​ត្រូវ​ប្រគល់​ខ្លួន​ជូន​ព្រះ។ សូម​អធិដ្ឋាន​អស់​ពី​ចិត្ត​ទៅ​លោក​ពេល​អ្នក​នៅ​ម្នាក់​ឯង ហើយ​សន្យា​នឹង​លោក​ថា​អ្នក​នឹង​ប្រើ​ជីវិត​របស់​អ្នក​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ (​១ពេ. ៤:២​) រួចមក សូម​ប្រាប់​អ្នក​ចាត់​ចែង​កិច្ច​ការ​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ដឹង​ថា​អ្នក​ចង់​ទទួល​ការ​ជ្រមុជ​ទឹក។ គាត់​នឹង​សុំ​អ្នក​ចាស់​ទុំ​ខ្លះ​ឲ្យ​ជួប​អ្នក។ សូម​កុំ​ភ័យ​ព្រួយ​អំពី​ការ​ជួប​ពួក​គេ​ឡើយ ពី​ព្រោះ​បង​ប្រុស​ជា​ទី​ស្រឡាញ់​ទាំង​នេះ​ស្គាល់​អ្នក​រួច​ហើយ និង​ស្រឡាញ់​អ្នក។ ពួក​គេ​នឹង​ពិចារណាជា​មួយ​នឹង​អ្នក​អំពី​សេចក្ដី​បង្រៀន​បឋម​ក្នុង​គម្ពីរ​ដែល​អ្នក​បាន​រៀន។ ពួក​គេ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​អ្នក​យល់​សេចក្ដី​បង្រៀន​ទាំង​នោះ ហើយ​ថា​អ្នក​យល់​អំពី​សារៈសំខាន់​នៃ​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ការ​ទទួល​ការ​ជ្រមុជ​ទឹក។ បើ​ពួក​គេ​យល់​ស្រប​ថា​អ្នក​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ ពួក​គេ​នឹង​ប្រាប់​អ្នក​ថា​អ្នក​អាច​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​សន្និបាត​ឬ​មហា​សន្និបាត​ដែល​នឹង​មក​ដល់។

អ្វីដែល​អ្នក​ត្រូវ​ធ្វើ​ក្រោយ​ពី​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក

១៩​-​២០. តើ​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ក្រោយ​ពី​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១៩ ក្រោយ​ពី​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក តើ​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី? * សូម​ចាំ​ថា​ការ​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​គឺ​ជា​ពាក្យ​សម្បថ​មួយ ហើយ​ថា​លោក​តម្រូវ​ឲ្យ​អ្នក​ធ្វើ​តាម​ពាក្យ​សម្បថ​នោះ។ ដូច្នេះ ក្រោយ​ពី​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក អ្នក​ត្រូវ​ធ្វើ​តាម​សេចក្ដី​សន្យា​ដែល​អ្នក​បាន​ធ្វើ​ពេល​អ្នក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

២០ ចូរ​បន្ត​នៅ​ជិត​ស្និទ្ធ​នឹង​ក្រុម​ជំនុំ​របស់​អ្នក។ កាល​ដែល​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ទៅ​ជា​គ្រិស្ត​សាសនិក នោះ​អ្នក​ទៅ​ជា​បង​ប្អូន​ម្នាក់​ក្នុង​ចំណោម​«​បង​ប្អូន​រួម​ជំនឿ​»។ (​១ពេ. ២:១៧​) បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​គឺ​ប្រៀប​ដូច​ជា​ក្រុម​គ្រួសារ។ ដោយ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់ អ្នក​នឹង​ពង្រឹង​ចំណង​មិត្តភាព​របស់​អ្នក​ជា​មួយ​នឹង​ពួក​គេ។ សូម​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ។ (​ទំនុក. ១:១, ២​) ក្រោយ​ពី​អាន​ប៉ុន្មាន​ខ​ពី​គម្ពីរ សូម​លៃ​ទុក​ពេល​ដើម្បីគិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​អ្វីដែល​អ្នក​បាន​អាន។ យ៉ាង​នេះ ព័ត៌មាន​ក្នុង​គម្ពីរ​នឹង​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​អ្នក។ សូម​«​អធិដ្ឋាន​ជា​និច្ច​»។ (​ម៉ាថ. ២៦:៤១​) សេចក្ដី​អធិដ្ឋាន​ដ៏​ស្មោះ​អស់​ពី​ចិត្ត​របស់​អ្នក​នឹង​ធ្វើ​ឲ្យ​អ្នក​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ ‹ចូរ​បន្ត​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន›។ (​ម៉ាថ. ៦:៣៣​) អ្នក​អាច​ធ្វើ​ដូច្នេះ​បាន ដោយ​ចាត់​ទុក​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​អ្នក។ ដោយ​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់ អ្នក​នឹង​រក្សា​ជំនឿ​របស់​អ្នក​ឲ្យ​មាំ​មួន ហើយ​អ្នក​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ដើរ​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—១ធី. ៤:១៦

២១. តើ​ការ​ជ្រមុជ​ទឹក​នឹង​បើក​ឱកាស​ឲ្យ​អ្នក​ទទួល​អ្វី?

២១ ការ​សម្រេច​ចិត្ត​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា​និង​ទទួល​ការ​ជ្រមុជ​ទឹក​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត​ដែល​អ្នក​នឹង​ធ្វើ​ក្នុង​ជីវិត។ គឺ​ពិត​មែន​ដែល​អ្នក​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក​ខ្លះ និង​លះ​បង់​អ្វី​មួយ​ចំនួន។ ប៉ុន្តែ តើ​នោះ​សាក​សម​នឹង​អ្វីដែល​អ្នក​លះ​បង់​ឬ​ទេ? ពិត​ប្រាកដ​ណាស់! ការ​ពិបាក​ណា​ក៏​ដោយ​ដែល​អ្នក​ជួប​ប្រទះ​ក្នុង​ពិភព​លោក​នេះ គឺ​«​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ហើយ​ក៏​ស្រាល​»។ (​២កូ. ៤:១៧​) ប៉ុន្តែ ការ​ជ្រមុជ​ទឹក​នឹង​បើក​ឱកាស​ឲ្យ​អ្នក​មាន​ជីវិត​ដ៏​ស្កប់​ចិត្ត​នៅ​ឥឡូវ​នេះ ព្រម​ទាំង​ទទួល​«​ជីវិត​ដ៏​ពិត​ប្រាកដ​»​នៅ​ថ្ងៃ​អនាគត។ (​១ធី. ៦:១៩​) ដូច្នេះ សូម​គិត​យ៉ាង​ដិត​ដល់ ហើយ​អធិដ្ឋាន​អំពី​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ដែល​ថា ​«​តើ​ខ្ញុំ​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ?​»។

ចម្រៀង​លេខ​៥០ ខ្ញុំ​អធិដ្ឋាន​ប្រគល់​ខ្លួន​ជូន​ព្រះ

^ វគ្គ 5 តើ​អ្នក​កំពុង​គិត​អំពី​ការ​ទទួល​ការ​ជ្រមុជ​ទឹក​ឬ​ទេ? បើ​ដូច្នេះ អត្ថបទ​នេះ​បាន​ត្រូវ​រៀប​ចំ​ឡើង​ជាពិសេស​សម្រាប់​អ្នក។ យើង​នឹង​ពិចារណា​សំណួរ​សំខាន់​មួយ​ចំនួន​អំពី​ប្រធានបទ​នេះ។ ចម្លើយ​របស់​អ្នក​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ថា​អ្នក​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ។

^ វគ្គ 19 បើ​អ្នក​មិន​ទាន់​សិក្សា​ចប់​នូវ​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី? និង​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​ អ្នក​គួរ​បន្ត​សិក្សា​សៀវភៅ​ទាំង​ពីរ​នេះ​ជា​មួយ​នឹង​អ្នក​បង្រៀន​គម្ពីរ​របស់​អ្នក​រហូត​ដល់​ចប់។