លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១២

តើពេលណាជាពេលគួរនិយាយ?

តើពេលណាជាពេលគួរនិយាយ?

​«​មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំ​រាប់​និយាយ​»។—សាស្ដ. ៣:៧

ចម្រៀង​លេខ​១២៤ ចូរ​មាន​ភក្ដី​ភាព​ជា​និច្ច

សេចក្ដី​សង្ខេប *

១. តើ​យើង​រៀន​អ្វី​ពី​សាស្ដា ៣:១,?

បង​ប្អូន​ខ្លះ​ចូល​ចិត្ត​និយាយ​ច្រើន។ រីឯ​បង​ប្អូន​ខ្លះ​ទៀត ចូល​ចិត្ត​នៅ​ស្ងៀម​ស្ងាត់។ ដូច​ឃើញ​ក្នុង​បទ​គម្ពីរ​ដែល​ជា​មូលដ្ឋាន​សម្រាប់​អត្ថបទ​នេះ មាន​ពេល​ដែល​គួរ​និយាយ​និង​ពេល​ដែល​គួរ​នៅ​ស្ងៀម។ (​សូម​អាន សាស្ដា ៣:១, ) ប៉ុន្តែ​យើង​ប្រហែល​ជា​ចង់​ឲ្យ​បង​ប្អូន​ខ្លះ​និយាយ​ច្រើន​ជាង ហើយ​បង​ប្អូន​ខ្លះ​និយាយ​តិច​ជាង។

២. តើ​នរណា​ជា​អ្នក​មាន​សិទ្ធិ​កំណត់​អំពី​ពេល​ណា​និង​របៀប​ណា​ដែល​យើង​គួរ​និយាយ?

សមត្ថភាព​និយាយ​គឺ​ជា​អំណោយ​មួយ​ពី​ព្រះ​យេហូវ៉ា។ (​និក្ខ. ៤:១០, ១១; បប. ៤:១១​) ក្នុង​បណ្ដាំ​របស់​លោក លោក​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​យើង​អាច​ប្រើ​អំណោយ​នោះ​យ៉ាង​ត្រឹម​ត្រូវ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​បទ​គម្ពីរ​ដែល​នឹង​ជួយ​យើង​ឲ្យ​ដឹង​អំពី​ពេល​ណា​យើង​គួរ​និយាយ​និង​ពេល​ណា​យើង​គួរ​នៅ​ស្ងៀម។ យើង​ក៏​នឹង​រៀន​ថា​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​អ្វីដែល​យើង​និយាយ​ទៅ​កាន់​អ្នក​ឯ​ទៀត។ មុន​ដំបូង សូម​យើង​ពិចារណា​អំពី​ពេល​ណា​ដែល​យើង​គួរ​និយាយ។

តើ​យើង​គួរ​និយាយ​នៅ​ពេល​ណា?

៣. យោង​ទៅ​តាម​រ៉ូម ១០:១៤ តើ​យើង​គួរ​និយាយ​នៅ​ពេល​ណា?

យើង​គួរ​ប្រុង​ប្រៀប​ជា​និច្ច​ដើម្បីនិយាយ​អំពី​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក។ (​ម៉ាថ. ២៤:១៤; សូម​អាន រ៉ូម ១០:១៤) យ៉ាង​នេះ យើង​យក​តម្រាប់​លោក​យេស៊ូ។ មូលហេតុ​ចម្បង​មួយ​ដែល​លោក​យេស៊ូ​មក​ផែន​ដី​គឺ​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​បិតា​លោក។ (​យ៉ូន. ១៨:៣៧​) ប៉ុន្តែ យើង​ក៏​ត្រូវ​ចាំ​ថា របៀបដែល​យើង​និយាយ​ក៏​សំខាន់​ដែរ។ ម្ល៉ោះ​ហើយ ពេល​យើង​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា យើង​ត្រូវ​ធ្វើ​ដូច្នេះ​«​ដោយ​ចិត្ត​ស្លូត​បូត​និង​ដោយ​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»​ ហើយ​យើង​ក៏​គួរ​គិត​អំពី​អារម្មណ៍​និង​ជំនឿ​របស់​អ្នក​ឯ​ទៀត​ដែរ។ (​១ពេ. ៣:១៥​) យ៉ាង​នេះ យើង​មិន​គ្រាន់​តែ​និយាយ​ជា​មួយ​នឹង​បុគ្គល​ណា​ម្នាក់​ទេ តែ​យើង​ក៏​បង្រៀន​អ្នក​នោះ និង​ប្រហែល​ជា​ថែម​ទាំង​ឲ្យ​អ្វីដែល​យើង​និយាយ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​អ្នក​នោះ​ទៀត​ផង។

៤. ដូច​សុភាសិត ៩:៩​ចែង តើ​ពាក្យ​សម្ដី​របស់​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​យ៉ាង​ដូច​ម្ដេច?

ពួក​អ្នក​ចាស់​ទុំ​មិន​គួរ​ស្ទាក់​ស្ទើរ​និយាយ​ឡើយ បើ​ពួក​គេ​ឃើញ​ថា​បង​ប្អូន​ណា​ម្នាក់​ត្រូវ​ការ​ឱវាទ។ ពួក​គេ​ច្បាស់​ជា​រក​ពេល​ល្អ​និយាយ​ជា​មួយ​នឹង​អ្នក​នោះ ដើម្បីមិន​ធ្វើ​ឲ្យ​គាត់​ខ្មាស​គេ។ ពួក​គេ​គួរ​រង់​ចាំ​និយាយជា​មួយ​នឹង​អ្នក​នោះ​រហូត​ដល់​មិន​មាន​អ្នក​ឯ​ទៀត​នៅ​ជុំ​វិញ។ ពួកអ្នក​ចាស់​ទុំ​តែង​តែ​ព្យាយាម​និយាយ​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​អ្នកឯ​ទៀត​អាប់​ឱន​កិត្ដិយស។ ប៉ុន្តែ ពួក​គេ​នៅតែ​ប្រាប់​អំពី​គោល​ការណ៍​គម្ពីរ​ដែល​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ប្រព្រឹត្ត​យ៉ាង​ឈ្លាស​វៃ។ (​សូម​អាន សុភាសិត ៩:៩) ហេតុ​អ្វី​គឺ​សំខាន់​ណាស់​ដែល​យើង​មាន​ចិត្ត​ក្លាហាន​ដើម្បីនិយាយ​នៅ​ពេល​ដែល​ចាំ​បាច់? សូម​គិត​អំពី​គំរូ​ពីរ។ ទី១​បុរស​ម្នាក់​ត្រូវ​កែ​តម្រង់​កូន​ប្រុស​របស់​គាត់ និង​ទី២​ស្ត្រី​ម្នាក់​ត្រូវ​និយាយ​ជា​មួយ​នឹង​បុគ្គល​ដែល​នឹង​ទៅ​ជា​ស្តេច។

៥. តើ​សម្ដេច​សង្ឃ​អេលី​មិន​បាន​និយាយ​នៅ​ពេល​ណា?

សម្ដេច​សង្ឃ​អេលី​មាន​កូន​ប្រុស​ពីរ​នាក់​ដែល​គាត់​ស្រឡាញ់​ខ្លាំង​ណាស់។ ប៉ុន្តែ កូន​ប្រុស​ពីរ​នាក់​នោះ​មិន​គោរព​ព្រះ​យេហូវ៉ា​ទេ។ ពួក​គេ​មាន​ភារកិច្ច​ដ៏​សំខាន់​ជា​សង្ឃ​ដែល​បម្រើ​នៅ​ឯ​ត្រសាល។ តែ​ពួក​គេ​បាន​ប្រើ​អំណាច​របស់​ពួក​គេ​តាម​របៀប​មិនត្រឹម​ត្រូវ មិន​បង្ហាញ​ការ​គោរព​ចំពោះ​គ្រឿង​បូជា​ដែល​ជូន​ទៅ​ព្រះ​យេហូវ៉ា ហើយ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ដោយ​ឥត​កេរ្ដិ៍​ខ្មាស។ (​១សាំ. ២:១២​-​១៧, ២២​) តាម​ច្បាប់​ម៉ូសេ កូន​ប្រុស​អេលី​សម​នឹង​ស្លាប់ តែ​អេលី​គ្រាន់​តែ​បាន​ស្តី​បន្ទោស​ពួក​គេ​បន្ដិច​បន្តួច ហើយ​អនុញ្ញាត​ឲ្យ​ពួក​គេ​បន្ត​បម្រើ​នៅ​ឯ​ត្រសាល។ (​ចោ. ២១:១៨​-​២១​) តើ​ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្វីដែល​អេលី​បាន​ធ្វើ? លោក​បាន​មាន​ប្រសាសន៍​មក​កាន់​អេលី​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ឯង . . . រាប់​អាន​កូន​ឯង​ជា​ជាង​អញ​វិញ?​»។ ព្រះ​យេហូវ៉ា​ក៏​សម្រេច​ចិត្ត​សម្លាប់​បុរស​ដ៏​អាក្រក់​ទាំង​ពីរ​នាក់​នោះ។—១សាំ. ២:២៩, ៣៤

៦. តើ​យើង​រៀន​អ្វី​ពី​អេលី?

យើង​ទាញ​យក​មេ​រៀន​ដ៏​សំខាន់​ពី​អេលី។ បើ​យើង​ដឹង​ថា​មិត្ត​ភក្ដិ​ឬ​សាច់​ញាតិ​របស់​យើង​បាន​បំពាន​ច្បាប់​របស់​ព្រះ យើង​ត្រូវ​និយាយ​រំលឹក​គាត់​អំពី​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា។ បន្ទាប់​មក យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​គាត់​ទទួល​ជំនួយ​ដែល​គាត់​ត្រូវការ​ពី​តំណាង​របស់​ព្រះ​យេហូវ៉ា។ (​យ៉ា. ៥:១៤​) យើង​មិន​ចង់​ធ្វើ​ដូច​អេលី ដោយ​ចាត់​ទុក​មិត្ត​ភក្ដិ​ឬ​សាច់​ញាតិ​ថា​សំខាន់​ជាង​ព្រះ​យេហូវ៉ា​ឡើយ។ ការ​ប្រាប់​បុគ្គល​ណា​ម្នាក់​ដែល​ត្រូវ​ការ​ការ​កែ​តម្រង់​គឺ​តម្រូវ​ឲ្យ​មាន​ចិត្ត​ក្លាហាន ប៉ុន្តែ​ការ​ខំ​ប្រឹង​នេះ​អាច​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ សូម​កត់​សម្គាល់​ភាព​ខុស​គ្នា​រវាង​គំរូ​របស់​អេលី​និង​គំរូ​របស់​ស្ត្រីជន​ជាតិ​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​អ័ប៊ីកែល។

អ័ប៊ីកែល​ទុក​គំរូ​ល្អ​ក្នុង​ការ​ជ្រើសរើស​ពេល​ដែល​គួរ​និយាយ (​សូម​មើល​វគ្គ​៧​-​៨​) *

៧. ហេតុ​អ្វី​អ័ប៊ីកែល​បាន​និយាយ​ជា​មួយ​នឹង​ដាវីឌ?

អ័ប៊ីកែល​ជា​ប្រពន្ធ​របស់​ណាបាល ដែល​ជា​ម្ចាស់​ដីដែល​មាន​ទ្រព្យ​សម្បត្ដិ​ច្រើន។ ពេល​ដាវីឌ​និង​ពួក​បុរស​របស់​គាត់​រត់​គេច​ខ្លួន​ពី​ស្តេច​សុល ពួក​គេ​បាន​ជួយ​គង្វាល​របស់​ណាបាល ហើយ​បាន​ការ​ពារ​ហ្វូង​សត្វ​របស់​ណាបាល​ពី​ពួក​ចោរ។ តើ​ណាបាល​មាន​ចិត្ត​កតញ្ញូ​ចំពោះ​ជំនួយ​របស់​ពួក​គេ​ឬ​ទេ? មិន​មែន​ទេ។ ពេល​ដាវីឌ​បាន​សុំណាបាល​ឲ្យ​ផ្ដល់​អាហារ​និង​ទឹក​បន្ដិច​បន្តួច​ដល់​គាត់​និង​ពួក​បុរស​របស់​គាត់ ណាបាល​បាន​ខឹង ហើយ​ស្រែក​ជេរ​ពួក​គេ។ (​១សាំ. ២៥:៥​-​៨, ១០​-​១២, ១៤​) ហេតុ​នេះ ដាវីឌ​បាន​សម្រេចចិត្ត​សម្លាប់​បុរស​ទាំង​អស់​ដែល​នៅ​ក្នុង​ផ្ទះ​របស់​ណាបាល។ (​១សាំ. ២៥:​១៣, ២២​) តើ​អ្វី​អាច​ការ​ពារ​មិន​ឲ្យ​រឿង​ខ្លោច​ផ្សា​នេះ​កើត​ឡើង? អ័ប៊ីកែល​បាន​ដឹង​ថា​នេះ​ជា​ពេល​ដែល​គួរ​និយាយ។ ដោយ​ចិត្ត​ក្លាហាន​គាត់​បាន​ទៅ​ជួប​បុរស​៤០០​នាក់​ដែល​ខឹង ស្រេក​ឃ្លាន និង​ប្រដាប់​ដោយ​អាវុធ ហើយ​បាន​និយាយ​ជា​មួយ​នឹង​ដាវីឌ។

៨. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​អ័ប៊ីកែល?

ពេល​អ័ប៊ីកែល​ជួប​ដាវីឌ គាត់​បាន​និយាយ​ដោយ​ក្លាហាន សម​ហេតុ​ផល និង​បង្ហាញ​ការ​គោរព។ ទោះ​ជា​អ័ប៊ីកែល​មិន​មែន​ជា​អ្នក​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ក្ដី គាត់​បាន​សុំ​ទោស​ដាវីឌ។ គាត់​បាន​និយាយ​ថា​គាត់​ដឹង​ថា​ដាវីឌ​ជា​មនុស្ស​ល្អ ហើយ​នឹង​ធ្វើ​អ្វីដែល​ត្រឹម​ត្រូវ។ អ័ប៊ីកែល​ក៏​បាន​ពឹង​ផ្អែក​ឲ្យ​ព្រះ​យេហូវ៉ា​ជួយ​គាត់។ (​១សាំ. ២៥:២៤, ២៦, ២៨, ៣៣, ៣៤​) ដូច​អ័ប៊ីកែល យើង​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដើម្បីនិយាយ បើ​យើង​ឃើញ​អ្នក​ណា​ម្នាក់​កំពុង​ដើរ​ផ្លូវ​ខុស។ (​ទំនុក. ១៤១:៥​) យើង​ត្រូវ​បង្ហាញ​ការ​គោរព ប៉ុន្តែ​យើង​ក៏​ត្រូវ​មាន​ចិត្ត​ក្លាហាន​ដែរ។ ពេល​យើង​ឲ្យ​ឱវាទ​ដែល​ចាំ​បាច់​ដល់​បុគ្គល​ណា​ម្នាក់​ដោយ​សេចក្ដី​ស្រឡាញ់ យើង​បង្ហាញ​ថា​យើង​ជា​មិត្ត​ពិត។—សុភ. ២៧:១៧

៩​-​១០. តើ​ពួក​អ្នក​ចាស់​ទុំ​គួរ​ចាំ​អំពី​អ្វី​ពេល​ឲ្យ​ឱវាទ​អ្នក​ឯ​ទៀត?

ជា​ពិសេស គឺ​សំខាន់​ដែល​អ្នក​ចាស់​ទុំ​មាន​ចិត្ត​ក្លាហាន​ដើម្បីនិយាយ​ជា​មួយ​នឹង​ពួក​អ្នក​នៅ​ក្នុង​ក្រុម​ជំនុំ​ដែល​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ខុស។ (​កាឡ. ៦:១​) ពួក​អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​ដោយ​ចិត្ត​រាប​ទាប​ថា​ពួក​គេ​ក៏​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ប្រហែល​ជា​នឹង​ត្រូវ​ទទួល​ឱវាទ​នៅ​ថ្ងៃ​ណា​មួយ​ដែរ។ ប៉ុន្តែ ពួក​អ្នក​ចាស់​ទុំ​មិន​ឲ្យ​អ្វី​នោះ​បញ្ឈប់​ពួក​គេ​ពី​ការ​ប្រដៅ​តម្រង់​ពួក​អ្នក​ដែល​ត្រូវ​ការ​នោះ​ឡើយ។ (​២ធី. ៤:២; ទីត. ១:៩​) ពេល​ផ្ដល់​ឱវាទ​ឲ្យ​បុគ្គល​ណា​ម្នាក់ ពួក​គេ​ព្យាយាម​ប្រើ​សមត្ថភាព​និយាយ ដើម្បី​បង្រៀន​បុគ្គល​នោះ​យ៉ាង​ប៉ិន​ប្រសប់​និង​ដោយ​អត់​ធ្មត់។ ពួក​គេ​ស្រឡាញ់​បង​ប្អូន​របស់​ពួក​គេ ហើយ​សេចក្ដី​ស្រឡាញ់​នោះ​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ជួយ​បង​ប្អូន​នោះ។ (​សុភ. ១៣:២៤​) ប៉ុន្តែ អ្វីដែល​សំខាន់​បំផុត​សម្រាប់​ពួក​គេ​គឺ​ការ​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា ដោយ​គាំ​ទ្រ​ខ្នាត​តម្រា​របស់​លោក និង​ការ​ពារ​ក្រុម​ជំនុំ​ពី​អ្វី​ៗ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា។—សកម្ម. ២០:២៨

១០ មក​ដល់​ត្រឹម​នេះ យើង​បាន​ពិចារណា​អំពី​ពេល​ណា​ដែល​យើង​គួរ​និយាយ។ ក៏​ប៉ុន្តែ​ជួន​កាល គឺ​ជា​ការ​ល្អ​បំផុត​ដែល​យើង​មិន​និយាយ​អ្វី​សោះ។ តើ​យើង​ប្រហែល​ជា​ជួប​ការ​ពិបាក​អ្វី​ខ្លះ​ក្នុង​ស្ថានភាព​ទាំង​នោះ?

តើ​យើង​គួរ​នៅ​ស្ងៀម​នៅ​ពេល​ណា?

១១. តើ​យ៉ាកុប​បាន​ប្រើ​ឧទាហរណ៍​អ្វី ហើយ​ហេតុ​អ្វី​ឧទាហរណ៍​នោះ​គឺ​សម​ត្រឹម​ត្រូវ?

១១ យើង​ប្រហែល​ជា​ពិបាក​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​យើង។ យ៉ាកុប​ដែល​ជា​អ្នក​សរសេរ​គម្ពីរ​ម្នាក់​បាន​ប្រើ​ឧទាហរណ៍​មួយ​ដែល​សម​ត្រឹម​ត្រូវ ដើម្បី​រៀប​រាប់​អំពី​ការ​ពិបាក​នោះ។ គាត់​បាន​និយាយ​ថា​៖ ​«​ប្រសិន​បើ​អ្នក​ណា​មិន​ដែល​ជំពប់​ដួល​ខាង​ពាក្យ​សម្ដី អ្នក​នោះ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​អាច​កាន់​កាប់​រូប​កាយ​ទាំង​មូល​របស់​ខ្លួន។ ប្រសិន​បើ​យើង​ដាក់​បង្ហៀរ​នៅ​មាត់​សេះ​ដើម្បី​ធ្វើ​ឲ្យ​វា​ស្ដាប់​បង្គាប់​យើង នោះ​យើង​ក៏​កាន់​កាប់​រូប​កាយ​ទាំង​មូល​របស់​វា​ដែរ​»។ (​យ៉ា. ៣:២, ៣​) តាម​ធម្មតា គេ​ដាក់​បង្ហៀរ​នៅ​លើ​ក្បាល​សេះ ហើយ​ដាក់​បង្ខាំ​នៅ​មាត់​វា។ ដោយ​ទាញ​ខ្សែ​បង្ហៀរ អ្នក​ជិះ​អាច​បញ្ជា​ឬ​បញ្ឈប់​សេះ​បាន។ បើ​អ្នក​ជិះ​មិន​កាន់​ខ្សែ​បង្ហៀរ​ឲ្យ​ជាប់​ទេ សេះ​អាច​រត់​បោល ហើយ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ខ្លួន​វា​និង​អ្នក​ជិះ។ ស្រដៀង​គ្នា​ដែរ បើ​យើង​មិន​គ្រប់​គ្រង​ពាក្យ​សម្ដី​របស់​យើង​ទេ នេះ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ជា​ច្រើន។ សូម​យើង​ពិចារណា​អំពី​ពេល​ខ្លះ​ដែល​យើង​ត្រូវ​ចេះ​ទប់​អណ្ដាត។

១២. តើ​ពេល​ណា​យើង​គួរ​ចេះ​ទប់​អណ្ដាត?

១២ តើ​អ្នក​ធ្វើ​យ៉ាង​ណា​ពេល​បង​ប្អូន​ណា​ម្នាក់​មាន​ព័ត៌មាន​ដែល​គួរ​ទុក​ជា​រឿង​សម្ងាត់? ជា​ឧទាហរណ៍ បើ​អ្នក​ជួប​បង​ប្អូន​ណា​ម្នាក់​ដែល​រស់​នៅ​ប្រទេស​ដែល​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់យើង តើ​អ្នក​ចង់​សុំ​គាត់​ឲ្យ​ប្រាប់​ព័ត៌មាន​អំពី​របៀប​ដែល​កិច្ច​ការ​របស់​យើង​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​នោះ​ឬ​ទេ? អ្នក​ច្បាស់​ជា​មិន​មែនសួរ​ដោយ​សារ​អ្នក​ចង់​ធ្វើ​បាប​ពួក​គេ​ទេ។ យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង និង​ចាប់​អារម្មណ៍​អំពី​អ្វីដែល​កើត​ឡើង​ចំពោះ​ពួក​គេ។ ម្យ៉ាង​ទៀត យើង​ចង់​អធិដ្ឋាន​ចំ​ៗ​អំពី​ពួក​គេ។ ប៉ុន្តែ នេះ​ជា​ពេល​ដែល​យើង​គួរ​ទប់​អណ្ដាត​របស់​យើង ដោយ​មិន​សួរ។ បើ​យើង​ព្យាយាម​បង្ខំ​បុគ្គល​ណា​ម្នាក់​ឲ្យ​ប្រាប់​ព័ត៌មាន​សម្ងាត់ យើង​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បុគ្គល​នោះ និង​ចំពោះ​បង​ប្អូន​ដែល​ទុក​ចិត្ត​គាត់​ឲ្យ​រក្សា​ការ​សម្ងាត់​អំពី​កិច្ច​ការ​របស់​ពួក​គេ​ឡើយ។ យើង​ច្បាស់​ជា​មិន​ចង់​បន្ថែម​ការ​ពិបាក​ដល់​បង​ប្អូន​របស់​យើង​ដែល​រស់​នៅ​ក្នុង​ប្រទេស​ដែល​ដាក់​បម្រាម​លើ​កិច្ច​ការ​របស់​យើង​ទេ។ ម្យ៉ាង​វិញ​ទៀត គ្មាន​បង​ប្អូន​ណា​ម្នាក់​ដែល​បម្រើ​នៅ​ប្រទេស​បែប​នេះ​គួរ​ប្រាប់​ព័ត៌មាន​អំពី​របៀប​ដែល​សាក្សី​នៅ​ទី​នោះ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ឬ​សកម្មភាព​ជា​គ្រិស្ត​សាសនិក​ឡើយ។

១៣. ដូច​បាន​ចែង​នៅ​សុភាសិត ១១:១៣ តើ​អ្នក​ចាស់​ទុំ​ត្រូវ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៣ ជា​ពិសេស ពួក​អ្នក​ចាស់​ទុំ​ត្រូវ​រក្សា​រឿង​សម្ងាត់​ដោយ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​សុភាសិត ១១:​១៣។ (​សូម​អាន​) នេះ​ប្រហែល​ជា​ពិបាក ជា​ពិសេស​បើ​អ្នក​ចាស់​ទុំមាន​ប្រពន្ធ។ ហេតុ​អ្វី? ពី​ព្រោះ​ដើម្បី​រក្សា​ចំណង​អាពាហ៍​ពិពាហ៍​ឲ្យ​នៅរឹង​មាំ ប្ដី​ប្រពន្ធ​និយាយ​គ្នា​ជា​រឿយ​ៗ ហើយ​ប្រាប់​គ្នា​ទៅវិញ​ទៅ​មក​អំពី​គំនិត​និង​អារម្មណ៍ដែល​កប់​ជ្រៅ ព្រម​ទាំង​អំពី​ទុក្ខ​កង្វល់​ដែល​ពួក​គេ​មាន។ ប៉ុន្តែ អ្នក​ចាស់​ទុំ​ទទួល​ស្គាល់​ថា​គាត់​មិន​ត្រូវ​ប្រាប់​ប្រពន្ធ​គាត់​អំពី​រឿង​សម្ងាត់​របស់​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​ឡើយ។ បើ​គាត់​ធ្វើ​ដូច្នេះ អ្នក​ឯ​ទៀត​នឹង​លែង​ទុក​ចិត្ត​គាត់ ហើយ​នេះ​នឹង​នាំ​ឲ្យ​ខូច​កេរ្ដិ៍​ឈ្មោះ​របស់​គាត់។ ពួក​អ្នក​ដែល​មាន​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​មិន​អាច​«​និយាយ​សម្ដី​ពីរ​»​ទេ។ (​១ធី. ៣:​៨​) នេះ​មាន​ន័យ​ថា​ពួក​គេ​មិន​គួរ​បោក​បញ្ឆោត​អ្នក​ឯ​ទៀត ឬ​ចូល​ចិត្ត​និយាយ​ដើម​អ្នក​ឯ​ទៀត​ឡើយ។ បើ​អ្នក​ចាស់​ទុំ​ស្រឡាញ់​ប្រពន្ធ​របស់​គាត់ នោះ​គាត់​នឹង​មិន​ប្រាប់​ប្រពន្ធ​អំពី​ព័ត៌មាន​ដែល​នាង​មិន​ចាំ​បាច់​ដឹង​ទេ។

១៤. តើ​ប្រពន្ធ​អាច​ជួយ​ប្ដី​ដែល​ជា​អ្នក​ចាស់​ទុំ​ឲ្យ​រក្សា​កេរ្ដិ៍​ឈ្មោះ​ល្អ​យ៉ាង​ដូច​ម្ដេច?

១៤ ប្រពន្ធ​អាច​ជួយ​ប្ដី​ឲ្យ​រក្សា​កេរ្ដិ៍​ឈ្មោះ​ល្អ​របស់​គាត់ ដោយ​មិន​ព្យាយាម​បង្ខំ​គាត់​ឲ្យ​និយាយ​អំពី​រឿង​ដែល​គួរ​ទុក​ជា​ការ​សម្ងាត់។ ពេល​ប្រពន្ធ​ធ្វើ​ដូច្នេះ នាង​មិន​គ្រាន់​តែ​គាំ​ទ្រ​ប្ដី​របស់​នាង​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​តម្លៃ​ពួក​អ្នក​ដែល​ទុក​ចិត្ត​ប្ដី​របស់​នាង​ដែរ។ សំខាន់​បំផុត នាង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​រីក​រាយ ដោយ​សារ​នាង​កំពុង​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​មាន​សន្ដិ​ភាព​និង​សាមគ្គី​ភាព។—រ៉ូម ១៤:១៩

តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះអ្វីដែលយើង​និយាយ?

១៥. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​បុរស​បី​នាក់​ដែល​និយាយ​ជា​មួយ​យ៉ូប ហើយ​ហេតុ​អ្វី?

១៥ យើង​អាច​រៀន​ច្រើន​ពី​សៀវភៅ​យ៉ូប​អំពី​របៀប​និង​ពេល​ដែល​គួរ​និយាយ។ ក្រោយ​ពី​យ៉ូប​បាន​រង​ទុក្ខ​វេទនា​ជា​បន្ត​បន្ទាប់ បុរស​បួន​នាក់​បាន​មក​សម្រាល​ទុក្ខ​និង​ផ្ដល់​ឱវាទ​ដល់​គាត់។ បុរស​ទាំង​នោះ​បាន​នៅ​ស្ងៀម​ស្ងាត់​អស់​រយៈ​ពេល​យ៉ាង​យូរ។ អេលីផាស ប៊ីលដាឌ និង​សូផារ​ដែល​ជា​បុរស​បី​នាក់​ក្នុង​ចំណោម​បុរស​ទាំង​នោះ បាន​និយាយ​អ្វី​ក្រោយ​មក​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​ពួក​គេ​មិន​បាន​ចំណាយ​ពេល​ដែល​ពួក​គេ​បាន​នៅ​ស្ងៀម​ស្ងាត់​នោះ ដើម្បីគិត​អំពី​របៀប​ជួយ​យ៉ូប​ឡើយ។ ផ្ទុយ​ទៅវិញ ពួក​គេ​បាន​គិត​អំពី​របៀប​ដែល​ពួក​គេ​អាច​បង្ហាញ​ថា​យ៉ូប​បាន​ធ្វើ​ខុស។ ពួក​គេ​បាន​និយាយ​ការ​ពិត​ខ្លះ ប៉ុន្តែ​អ្វី​ភាគ​ច្រើន​ដែល​ពួក​គេ​បាន​និយាយ​អំពី​យ៉ូប​និង​ព្រះ​យេហូវ៉ា គឺ​មិន​សប្បុរស​ឬ​មិន​ពិត។ ពួក​គេ​បាន​វិនិច្ឆ័យ​យ៉ូប​ដោយ​គ្មាន​មេត្ដា។ (​យ៉ូប ៣២:១​-​៣​) តើ​ព្រះ​យេហូវ៉ា​មាន​ប្រតិកម្ម​យ៉ាង​ណា? លោក​បាន​ខឹង​បុរស​បី​នាក់​នោះ​ជា​ខ្លាំង។ លោក​បាន​ចាត់​ទុក​ពួក​គេ​ថា​ជា​មនុស្ស​លលា ហើយ​បាន​បង្គាប់​ពួក​គេ​ឲ្យ​សុំ​យ៉ូប​អធិដ្ឋាន​សម្រាប់​ពួក​គេ។—យ៉ូប ៤២:៧​-​៩

១៦. តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី​ខ្លះ​ពី​គំរូ​មិន​ល្អ​របស់​អេលីផាស ប៊ីលដាឌ និង​សូផារ?

១៦ យើង​អាច​ទាញ​យក​មេ​រៀន​ជា​ច្រើន​ពី​គំរូ​មិន​ល្អ​របស់​អេលីផាស ប៊ីលដាឌ និង​សូផារ។ ទី១ យើង​មិន​គួរ​វិនិច្ឆ័យ​បង​ប្អូន​របស់​យើង​ទេ។ (​ម៉ាថ. ៧:១​-​៥​) ផ្ទុយ​ទៅវិញ យើង​គួរ​ស្ដាប់​ពួក​គេ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​មុន​យើង​និយាយ។ យ៉ាង​នេះ យើង​អាច​យល់​អំពី​ស្ថានភាព​របស់​ពួក​គេ។ (​១ពេ. ៣:៨​) ទី២ ពេល​យើង​និយាយ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពាក្យ​សម្ដី​របស់​យើង​គឺ​សប្បុរស​និង​ពិត​ត្រង់។ (​អេភ. ៤:២៥​) ទី៣ ព្រះ​យេហូវ៉ា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នឹង​អ្វីដែល​យើង​និយាយ​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក។

១៧. តើ​យើង​អាច​រៀន​អ្វី​ពី​គំរូ​របស់​អេលីហ៊ូវ?

១៧ អេលីហ៊ូវ​គឺ​ជា​បុរស​ទី៤​ក្នុង​ចំណោម​បុរស​ដែល​មក​ជួប​យ៉ូប ហើយ​គាត់​គឺ​ជា​សាច់​ញាតិ​ម្នាក់​របស់​អាប្រាហាំ។ គាត់​បាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ កាល​ដែល​យ៉ូប​និង​បុរស​បី​នាក់​ទៀត​និយាយ។ ហេតុ​អ្វី​យើង​ដឹង? ពី​ព្រោះ​គាត់​បាន​ឲ្យ​ឱវាទ​ចំ​ៗ​តែ​សប្បុរស ដែល​បាន​ជួយ​យ៉ូប​ឲ្យ​កែ​ប្រែ​របៀប​គិត​គូរ​របស់​គាត់។ (​យ៉ូប ៣៣:១, ៦, ១៧​) អ្វី​ដ៏​សំខាន់​បំផុត​សម្រាប់​អេលីហ៊ូវ គឺ​ការ​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា មិន​មែន​ខ្លួន​គាត់​ឬ​បុគ្គល​ណា​ម្នាក់​ទៀត​ឡើយ។ (​យ៉ូប ៣២:២១, ២២; ៣៧:២៣, ២៤​) តាម​រយៈ​គំរូ​របស់​អេលីហ៊ូវ​យើង​រៀន​ថា មាន​ពេល​នៅ​ស្ងៀម​ដើម្បី​ស្ដាប់។ (​យ៉ា. ១:១៩​) យើង​ក៏​រៀន​ថា​ពេល​ណា​ដែល​យើង​ឲ្យ​ឱវាទ អ្វី​ដ៏​សំខាន់​បំផុត​សម្រាប់​យើង​គួរ​តែ​ជា​ការ​លើក​កិត្ដិយស​ព្រះ​យេហូវ៉ា មិន​មែន​ខ្លួន​យើង​ទេ។

១៨. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​សមត្ថភាព​និយាយ?

១៨ យើង​អាច​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​ដែល​ជា​សមត្ថភាព​និយាយ ដោយ​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​អំពី​ពេល​និង​របៀប​ដែល​គួរ​និយាយ។ ស្តេច​សាឡូម៉ូន​ដែល​មាន​ប្រាជ្ញា​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​សរសេរ​ថា​៖ ​«​ពាក្យ​សំ​ដីដែល​និយាយ​ចំ​ពេល នោះ​ធៀប​ដូច​ជា​ផ្លែ​សារី​មាស​ឆ្លាក់​ភ្ជាប់​នឹង​ក្បាច់​ប្រាក់​»។ (​សុភ. ២៥:១១​) ពេល​យើង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ឯ​ទៀត ហើយ​គិត​មុន​និយាយ ពាក្យ​សម្ដី​របស់​យើង​អាច​ប្រៀប​ដូច​ជា​ផ្លែ​សារី​មាស​នោះ ពោល​គឺ​មាន​តម្លៃ​និង​គួរ​ឲ្យ​ចូល​ចិត្ត។ យ៉ាង​នេះ ទោះ​ជា​យើង​និយាយ​តិច​ឬ​ច្រើន​ក្ដី ពាក្យ​សម្ដី​របស់​យើង​នឹង​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ឯ​ទៀត ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​មោទនភាព​ចំពោះ​យើង។ (​សុភ. ២៣:១៥; អេភ. ៤:២៩​) នេះ​ជា​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​បង្ហាញ​ថា​យើង​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​នេះ​ដែល​មក​ពី​ព្រះ!

ចម្រៀង​លេខ​៨២ ​«​ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ឃើញ​ពន្លឺ​របស់​អ្នក​»​

^ វគ្គ 5 បណ្ដាំ​របស់​ព្រះ​មាន​គោល​ការណ៍ដែល​អាច​ជួយ​យើង​ឲ្យ​ដឹង​ថា​ពេល​ណា​យើង​គួរ​និយាយ​និង​ពេល​ណា​យើង​គួរ​នៅ​ស្ងៀម។ កាល​ដែល​យើង​ដឹង​និង​ធ្វើ​តាម​អ្វីដែល​គម្ពីរ​ចែង នោះ​ពាក្យ​សម្ដី​របស់​យើង​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ឲ្យ​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ដល់​បង​ស្រី​ម្នាក់​ទៀត។

^ វគ្គ 64 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​ឲ្យ​យោបល់​អំពី​អនាម័យ។

^ វគ្គ 66 ការ​ពណ៌នា​អំពី​រូប​ភាព: នៅ​ពេល​ត្រឹម​ត្រូវ អ័ប៊ីកែល​បាន​និយាយ​ជា​មួយ​នឹង​ដាវីឌ ហើយ​នោះ​មាន​លទ្ធផល​ល្អ។

^ វគ្គ 68 ការ​ពណ៌នា​អំពី​រូប​ភាព: ប្ដី​ប្រពន្ធ​មួយ​គូ​មិន​ប្រាប់​ព័ត៌មាន​អំពី​កិច្ច​ការ​របស់​យើង​នៅ​កន្លែង​ដែល​គេ​ដាក់​បម្រាម​ឡើយ។

^ វគ្គ 70 ការ​ពណ៌នា​អំពី​រូប​ភាព: អ្នក​ចាស់​ទុំ​ម្នាក់​ធ្វើ​ឲ្យ​ប្រាកដ​ថា​គ្មាន​អ្នក​ណា​ឮ​គាត់​និយាយ​អំពី​រឿង​សម្ងាត់​របស់​ក្រុម​ជំនុំ។