ជីវប្រវត្ដិ
«យើងនៅឯណេះហើយ! សូមចាត់យើងចុះ!»
តើអ្នកចង់ធ្វើច្រើនជាងសម្រាប់ព្រះយេហូវ៉ាដោយរើទៅកន្លែងដែលត្រូវការអ្នកផ្សាយឬទេ? បើដូច្នេះ អ្នកនឹងទទួលប្រយោជន៍ពីបទពិសោធន៍របស់បងចាកនិងប្រពន្ធរបស់គាត់។
បងចាកនិងបងម៉ារៀលីនបានបម្រើពេញពេលជាមួយគ្នាតាំងពីឆ្នាំ១៩៨៨។ ពួកគាត់បានសម្របខ្លួនទៅតាមកាលៈទេសៈផ្សេងៗ ហើយបានទទួលយកភារកិច្ចជាច្រើននៅប្រទេសគ័រដឺឡូបនិងប្រទេសហ្គីអាណាបារាំង។ ឥឡូវ ប្រទេសទាំងពីរនេះនៅក្រោមការមើលការខុសត្រូវរបស់ការិយាល័យសាខាបារាំង។ សូមយើងសម្ភាសបងចាកនិងបងម៉ារៀលីន។
តើអ្វីជំរុញចិត្តបងទាំងពីរឲ្យចាប់ផ្ដើមបម្រើពេញពេល?
បងម៉ារៀលីន: កាលដែលខ្ញុំធំឡើងនៅប្រទេសគ័រដឺឡូប ខ្ញុំច្រើនតែផ្សព្វផ្សាយពេញមួយថ្ងៃជាមួយនឹងម្ដាយរបស់ខ្ញុំ ដែលជាសាក្សីដ៏ខ្នះខ្នែងម្នាក់។ ខ្ញុំស្រឡាញ់មនុស្ស ដូច្នេះខ្ញុំចាប់ផ្ដើមត្រួសត្រាយភ្លាមៗក្រោយពីរៀនចប់នៅឆ្នាំ១៩៨៥។
បងចាក: កាលខ្ញុំនៅក្មេង ខ្ញុំតែងតែនៅជាមួយនឹងអ្នកបម្រើពេញពេលដែលស្រឡាញ់កិច្ចបម្រើផ្សាយ។ ខ្ញុំធ្លាប់ធ្វើជាអ្នកត្រួសត្រាយជំនួយក្នុងអំឡុងពេលមានវិស្សមកាលពីសាលា។ ជួនកាលនៅចុងសប្ដាហ៍ ខ្ញុំនិងបងប្អូនឯទៀតជិះឡានក្រុងទៅផ្សព្វផ្សាយជាមួយនឹងអ្នកត្រួសត្រាយនៅតំបន់ផ្សាយរបស់ពួកគេ។ យើងផ្សព្វផ្សាយពេញមួយថ្ងៃ ក្រោយមកយើងទៅលេងឆ្នេរសមុទ្រ។ ពេលវេលាទាំងនោះសប្បាយណាស់!
មិនយូរក្រោយពីខ្ញុំបានរៀបការជាមួយនឹងម៉ារៀលីននៅឆ្នាំ១៩៨៨ ខ្ញុំគិតក្នុងចិត្តថា ‹យើងមិនមានកាតព្វកិច្ចអ្វីទេ ដូច្នេះគួរបង្កើនកិច្ចបម្រើផ្សាយរបស់យើង›។ ខ្ញុំបានចាប់ផ្ដើមត្រួសត្រាយដូចម៉ារៀលីន។ ខ្ញុំបានចូលសាលាត្រួសត្រាយមួយឆ្នាំក្រោយមក។ បន្ទាប់ពីសាលា យើងបានត្រូវតែងតាំងជាអ្នកត្រួសត្រាយពិសេស។ យើងមានភារកិច្ចផ្សេងៗដ៏រីករាយនៅប្រទេសគ័រដឺឡូប មុនយើងបានត្រូវអញ្ជើញឲ្យរើទៅប្រទេសហ្គីអាណាបារាំង។
អស់ជាច្រើនឆ្នាំ ភារកិច្ចរបស់បងទាំងពីរបានត្រូវផ្លាស់ប្ដូរជាច្រើនដង។ តើអ្វីបានជួយបងៗឲ្យសម្របខ្លួននឹងស្ថានភាពថ្មី?
បងម៉ារៀលីន: បងប្អូននៅបេតអែលហ្គីអាណាបារាំង ដឹងថាបទគម្ពីរដែលយើងចូលចិត្តជាងគេគឺអេសាយ ៦:៨។ ដូច្នេះពេលពួកគេទូរស័ព្ទមកយើង ពួកគេច្រើនតែផ្ដើមដោយនិយាយលេងថា៖ «បងចាំបទគម្ពីរដែលបងចូលចិត្តជាងគេអត់?»។ យើងដឹងភ្លាមថាយើងនឹងទទួលភារកិច្ចថ្មី ដូច្នេះយើងឆ្លើយថា៖ «យើងនៅឯណេះហើយ! សូមចាត់យើងចុះ!»។
យើងជៀសវាងមិនប្រៀបធៀបភារកិច្ចថ្មីទៅនឹងភារកិច្ចពីមុន ដោយសារការធ្វើដូច្នេះអាចនាំឲ្យយើងមិនឲ្យតម្លៃចំពោះអ្វី
ដែលយើងមាននៅឥឡូវនេះ។ យើងក៏ព្យាយាមរាប់អានបងប្អូនដែលនៅតំបន់នោះដែរ។បងចាក: បងប្អូនខ្លះមិនចង់ឲ្យយើងចាកចេញទេ ដូច្នេះពួកគេព្យាយាមលើកទឹកចិត្តយើងឲ្យបន្តនៅ។ ប៉ុន្តែពេលយើងចាកចេញពីប្រទេសគ័រដឺឡូប បងប្រុសម្នាក់បានរំលឹកយើងអំពីប្រសាសន៍របស់លោកយេស៊ូនៅម៉ាថាយ ១៣:៣៨ ដែលថា៖ «វាលស្រូវសាលី គឺជាពិភពលោក»។ ហេតុនេះពេលភារកិច្ចយើងបានត្រូវផ្លាស់ប្ដូរ យើងរំលឹកខ្លួនយើងថាយើងនៅតែបម្រើនៅវាលស្រូវសាលីតែមួយ ទោះជាយើងនៅកន្លែងណាក៏ដោយ។ សំខាន់បំផុតគឺមនុស្សនិងតំបន់ផ្សាយ!
ពេលយើងទៅដល់តំបន់ថ្មី យើងឃើញថាអ្នកដែលរស់នៅទីនោះមានជីវភាពល្អគួរសម។ ម្ល៉ោះហើយ យើងព្យាយាមមានរបៀបរស់នៅដូចមនុស្សនៅតំបន់នោះ។ ម្ហូបគឺខុសគ្នា តែយើងបរិភោគនិងផឹកដូចពួកគេ ទោះជាយ៉ាងនេះក្ដី យើងនៅតែចាត់វិធានការដើម្បីការពារសុខភាព។ យើងព្យាយាមនិយាយល្អៗអំពីភារកិច្ចទាំងអស់ដែលយើងទទួល។
បងម៉ារៀលីន: យើងក៏រៀនច្រើនពីបងប្អូននៅតំបន់ថ្មី។ ខ្ញុំចាំពេលយើងមកដល់ប្រទេសហ្គីអាណាបារាំងជាលើកដំបូង។ ពេលនោះភ្លៀងធ្លាក់ខ្លាំងណាស់ ដូច្នេះយើងគិតថាយើងត្រូវចាំឲ្យភ្លៀងរាំងសិន សឹមទៅផ្សព្វផ្សាយ។ ប៉ុន្តែបងស្រីម្នាក់ប្រាប់ខ្ញុំថា៖ «តោះយើងទៅ»។ ខ្ញុំភ្ញាក់ផ្អើល ហើយសួរថា៖ «ទៅយ៉ាងម៉េចបាន?»។ គាត់ឆ្លើយថា៖ «សូមបងកាន់ឆ័ត្រមក ហើយយើងនឹងជិះកង់ទៅ»។ ពេលនោះ ខ្ញុំបានរៀនរបៀបកាន់ឆ័ត្របណ្ដើរនិងជិះកង់បណ្ដើរ។ បើខ្ញុំមិនរៀនធ្វើដូច្នេះទេ ខ្ញុំមិនបានផ្សព្វផ្សាយក្នុងអំឡុងរដូវភ្លៀងឡើយ!
ពួកបងបានរើចុះរើឡើងប្រហែលជា១៥ដង។ តើបងទាំងពីរមានយោបល់ឲ្យអ្នកឯទៀតអំពីការរើទៅកន្លែងផ្សេងឬទេ?
បងម៉ារៀលីន: ការរើទៅកន្លែងផ្សេងគឺមិនស្រួលទេ។ ប៉ុន្តែ គឺសំខាន់ណាស់ដែលយើងរកកន្លែងដែលយើងអាចមានអារម្មណ៍ស្រួលពេលត្រឡប់មកពីផ្សព្វផ្សាយវិញ។
បងចាក: តាមធម្មតា ខ្ញុំលាបថ្នាំផ្ទះថ្មី។ ពេលខ្លះ បើបងប្រុសនៅការិយាល័យសាខាដឹងថាយើងប្រហែលជាមិននៅកន្លែងនោះយូរទេ ពួកគេនិយាយថា៖ «បងចាក លើកនេះមិនចាំបាច់លាបថ្នាំទេ»។
ម៉ារៀលីនពូកែវេចខ្ចប់ណាស់! គាត់ដាក់អ្វីទាំងអស់ក្នុងប្រអប់ ហើយសរសេរលើប្រអប់ទាំងនោះតាមឈ្មោះបន្ទប់នីមួយៗដូចជា«បន្ទប់ទឹក» «បន្ទប់គេង» «ផ្ទះបាយ» និងផ្សេងៗទៀត។ ដូច្នេះ ពេលយើងទៅដល់ផ្ទះថ្មី យើងកាន់តែស្រួលដាក់ប្រអប់តាមបន្ទប់នានា។ គាត់សរសេរបញ្ជីអំពីអ្វីទាំងអស់ដែលមានក្នុងប្រអប់នីមួយៗដើម្បីស្រួលរកអ្វីដែលយើងត្រូវការ។
បងម៉ារៀលីន: ដោយសារយើងរៀនឲ្យមានរបៀបរៀបរយ យើងអាចចាប់ផ្ដើមបំពេញភារកិច្ចយើងភ្លាមៗ។
តើពួកបងរៀបចំពេលវេលាយ៉ាងដូចម្ដេច ដើម្បីអាច‹បំពេញកិច្ចបម្រើគ្រប់ជំពូក›?—២ធី. ៤:៥
បងម៉ារៀលីន: នៅថ្ងៃច័ន្ទ យើងសម្រាកនិងរៀបចំសម្រាប់កិច្ចប្រជុំ។ ចាប់ពីថ្ងៃអង្គារ យើងទៅផ្សព្វផ្សាយ។
បងចាក: យើងមិនផ្ដោតអារម្មណ៍តែទៅលើការបំពេញម៉ោងផ្សព្វផ្សាយដែលបានកំណត់ប៉ុណ្ណោះទេ។ តែក្នុងរបៀបរស់នៅរបស់យើង យើងផ្ចង់អារម្មណ៍ទៅលើកិច្ចផ្សព្វផ្សាយ។ ចាប់ពីពេលយើងចេញពីផ្ទះរហូតដល់ពេលត្រឡប់មកវិញ យើងព្យាយាមនិយាយជាមួយនឹងមនុស្សទាំងអស់ដែលយើងជួប។
បងម៉ារៀលីន: ជាឧទាហរណ៍ ពេលយើងសម្រាកលម្ហែកាយ ខ្ញុំតែងតែយកខិត្តប័ណ្ណតាមខ្លួន។ មនុស្សខ្លះមកជួបយើង ហើយសុំសៀវភៅផ្សេងៗ ទោះជាយើងមិនបានប្រាប់ពួកគេថាយើងជាសាក្សីព្រះយេហូវ៉ាក៏ដោយ។ ដូច្នេះហើយបានជាយើងតែងប្រុងប្រយ័ត្នអំពីរបៀបដែលយើងស្លៀកពាក់និងប្រព្រឹត្ត។ មនុស្សឯទៀតកត់សម្គាល់អ្វីទាំងនោះ។
បងចាក: យើងក៏ធ្វើជាសាក្សីបញ្ជាក់ដោយប្រព្រឹត្តល្អចំពោះអ្នកជិតខាងយើង។ ខ្ញុំដើររើសក្រដាសពីដី ហើយយកទៅចោលក្នុងធុងសំរាម និងបោសស្លឹកឈើនៅជុំវិញផ្ទះរបស់យើង។ អ្នកជិតខាងយើងកត់សម្គាល់ ហើយពេលខ្លះមកសួរថា៖ «តើបងមានគម្ពីរឲ្យខ្ញុំទេ?»។
បងទាំងពីរច្រើនតែផ្សព្វផ្សាយនៅតំបន់ដាច់ស្រយាល។ តើមានអនុស្សាវរីយ៍ពិសេសដែលពួកបងនឹកចាំពីការធ្វើដំណើរទាំងនោះឬទេ?
បងចាក: នៅប្រទេសហ្គីអាណា តំបន់ផ្សាយខ្លះពិបាកទៅដល់។ យើងច្រើនតែត្រូវធ្វើដំណើរអស់៦០០គីឡូម៉ែត្រក្នុងមួយសប្ដាហ៍តាមផ្លូវដ៏ពិបាក។ យើងមិនអាចបំភ្លេចបានទេ ពេលដែលយើងបានទៅភូមិសាំងអេលីនៅព្រៃអាម៉ាហ្សូន។ យើងបានធ្វើដំណើរអស់ជាច្រើនម៉ោងដើម្បីទៅដល់ទីនោះដោយប្រើកាណូតនិងឡានដែលធន់។ មនុស្សភាគច្រើនដែលរស់នៅទីនោះគឺជាអ្នករុករកមាស។ ពេលយើងឲ្យសៀវភៅពួកគេ អ្នកខ្លះបានឲ្យមាសយើងជាដុំតូចៗជាវិភាគទាន ដើម្បីបង្ហាញចិត្តកតញ្ញូ។ នៅពេលល្ងាច យើងបង្ហាញវីដេអូមួយពីអង្គការយើង។ មនុស្សជាច្រើននៅតំបន់នោះបានមកមើល។
បងម៉ារៀលីន: ថ្មីៗនេះ បងចាកបានត្រូវសុំឲ្យថ្លែងសុន្ទរកថាសម្រាប់ពិធីរំលឹកនៅឃុំខេមអូពី។ ដើម្បីទៅដល់ទីនោះ យើងបានធ្វើដំណើរតាមកាណូតអស់បួនម៉ោងតាមទន្លេអូយ៉ាផូក។ បទពិសោធន៍នេះគួរឲ្យរំភើបចិត្តណាស់។
បងចាក: កន្លែងណាដែលទឹកទន្លេរាក់ កន្លែងនោះមានទឹកហូរខ្លាំងពីលើថ្មធំៗ ហើយដែលអាចនាំឲ្យមានគ្រោះថ្នាក់។ ពេលយើងឃើញទឹកហូរខ្លាំងនៅខាងមុខ យើងពិតជាកោតស្ងើចមែន។ អ្នកបើកកាណូតត្រូវតែមានជំនាញក្នុងការបត់បែនដើម្បីឆ្លងកាត់ស្ថានភាពបែបនោះ។ ប៉ុន្តែនោះជាបទពិសោធន៍ល្អ ទោះជាមានសាក្សីតែ៦នាក់ដែលបានចូលរួមពិធីរំលឹកនៅទីនោះក្ដី ប្រហែលជាមនុស្ស៥០នាក់ពីតំបន់ផ្សាយបានចូលរួមស្ដាប់ រួមមានជនជាតិដើមមួយចំនួនផងដែរ។
បងម៉ារៀលីន: បងប្អូនវ័យក្មេងអាចមានបទពិសោធន៍ដ៏អស្ចារ្យបែបនេះ បើពួកគេបម្រើព្រះយេហូវ៉ាកាន់តែច្រើន។ ក្នុងស្ថានភាពទាំងនោះ យើងត្រូវទុកចិត្តព្រះយេហូវ៉ា ពេលយើងធ្វើដូច្នេះ ជំនឿរបស់យើងកាន់តែមាំមួន ពីព្រោះយើងច្រើនតែឃើញរបៀបដែលព្រះយេហូវ៉ាជួយយើង។
បងទាំងពីរបានរៀនភាសាជាច្រើន។ តើនោះស្រួលឬទេ?
បងចាក: អត់ទាល់តែសោះ។ ខ្ញុំបានរៀនភាសាទាំងនោះ ដើម្បីផ្សព្វផ្សាយនិងជួយក្រុមជំនុំ។ មុនខ្ញុំមានអំណានគម្ពីរជាភាសាស្រាណាន់តុងហ្គូ * ខ្ញុំត្រូវដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមជាភាសានោះ។ ក្រោយមក ខ្ញុំបានសួរបងប្រុសម្នាក់ថាតើខ្ញុំធ្វើយ៉ាងម៉េចដែរ។ គាត់បានតបឆ្លើយថា៖ «ពេលខ្លះយើងមិនយល់អ្វីដែលបងនិយាយទេ តែបងធ្វើបានល្អណាស់»។ កូនក្មេងជួយខ្ញុំច្រើន។ ពេលខ្ញុំនិយាយខុស ពួកគេប្រាប់ខ្ញុំ រីឯមនុស្សពេញវ័យវិញមិនប្រាប់ទេ។ ខ្ញុំបានរៀនច្រើនពីប្អូនៗវ័យក្មេង។
បងម៉ារៀលីន: ក្នុងតំបន់មួយ ខ្ញុំបានបង្រៀនគម្ពីរជាភាសាបារាំង ព័រទុយហ្គាល់ និងស្រាណាន់តុងហ្គូ។ បងស្រីម្នាក់បានឲ្យយោបល់ខ្ញុំឲ្យចាប់ផ្ដើមពីភាសាពិបាកបំផុត ហើយចុងក្រោយភាសាដែលស្រួលបំផុតសម្រាប់ខ្ញុំ។ មិនយូរក្រោយមក ខ្ញុំឃើញថាយោបល់នោះពិតជាមានប្រយោជន៍។
នៅថ្ងៃមួយ ខ្ញុំត្រូវបង្រៀនគម្ពីរជាភាសាស្រាណាន់តុងហ្គូ ហើយបន្ទាប់មកមានមួយទៀតជាភាសាព័រទុយហ្គាល់។ ពេលខ្ញុំចាប់ផ្ដើមបង្រៀនគម្ពីរដល់សិស្សទី២នោះ បងស្រី
ដែលមកជាមួយខ្ញុំបាននិយាយថា៖ «បងម៉ារៀលីន សុំទោសមើលទៅមានបញ្ហា!»។ ខ្ញុំឃើញថាខ្ញុំកំពុងនិយាយភាសាស្រាណាន់តុងហ្គូទៅកាន់ស្ត្រីជនជាតិប្រេស៊ីលដែលនិយាយភាសាព័រទុយហ្គាល់!បងប្អូនដែលបានបម្រើជាមួយពួកបង ស្រឡាញ់បងទាំងពីរណាស់។ តើអ្វីបានជួយបងទាំងពីរឲ្យចូលទៅជិតបងប្អូន?
បងចាក: សុភាសិត ១១:២៥ចែងថា៖ «មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ»។ យើងមិនស្ទាក់ស្ទើរក្នុងការលះបង់ប្រយោជន៍ខ្លួនដើម្បីអ្នកឯទៀតទេ។ ស្តីអំពីការថែទាំនិងជួសជុលសាលប្រជុំ អ្នកខ្លះបាននិយាយមកខ្ញុំថា៖ «សូមទុកឲ្យអ្នកផ្សាយធ្វើទៅ»។ ប៉ុន្តែ ខ្ញុំតបថា៖ «ខ្ញុំក៏ជាអ្នកផ្សាយម្នាក់ដែរ។ ដូច្នេះ បើមានអ្វីដែលត្រូវធ្វើ ខ្ញុំចង់ធ្វើ»។ ទោះជាយើងទាំងអស់គ្នាត្រូវការពេលខ្លះទុកសម្រាប់ខ្លួនឯងក្ដី យើងច្រើនតែរំលឹកខ្លួនយើងថាយើងមិនចង់ឲ្យពេលនោះនាំឲ្យយើងខកខានធ្វើល្អចំពោះអ្នកឯទៀតឡើយ។
បងម៉ារៀលីន: យើងខំព្យាយាមយកចិត្តទុកដាក់ចំពោះបងប្អូនរបស់យើង។ តាមរបៀបនេះ យើងអាចដឹងថាពេលណាពួកគេត្រូវការអ្នកណាម្នាក់ឲ្យមើលថែកូនរបស់ពួកគេ ឬទៅទទួលកូនរបស់ពួកគេពីសាលា។ ដូច្នេះ យើងអាចផ្លាស់ប្ដូរគម្រោងរបស់យើងដើម្បីអាចជួយពួកគេ។ យើងប្រុងប្រៀបជួយបងប្អូនឯទៀតពេលដែលពួកគេត្រូវការ យ៉ាងនេះយើងកាន់តែជិតស្និទ្ធជាមួយនឹងពួកគេ។
តើពួកបងបានទទួលពរអ្វីខ្លះពីការបម្រើនៅកន្លែងដែលមានសេចក្ដីត្រូវការ?
បងចាក: កិច្ចបម្រើពេញពេលធ្វើឲ្យជីវិតយើងកាន់តែមានន័យ។ យើងច្រើនតែមានឱកាសមើលអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត។ ទោះជាមានការលំបាកផ្សេងៗក្ដី យើងមានសេចក្ដីសុខសាន្តក្នុងចិត្ត ដោយសារយើងដឹងថាយើងមានការគាំទ្រពីរាស្ត្ររបស់ព្រះ មិនថាយើងនៅកន្លែងណាក៏ដោយ។
កាលខ្ញុំនៅវ័យក្មេង ខ្ញុំបានជាប់គុកនៅប្រទេសហ្គីអាណាបារាំង ដោយសារខ្ញុំកាន់ជំហរអព្យាក្រឹតជាគ្រិស្តសាសនិក។ ពេលនោះ ខ្ញុំមិនដែលស្រមៃគិតថាខ្ញុំនឹងត្រូវត្រឡប់ទៅទីនោះវិញក្នុងនាមជាសាសនទូត ហើយអាចទៅគុកក្នុងនាមជាអ្នកបង្រៀនខាងសាសនាឡើយ។ ពិតមែន ព្រះយេហូវ៉ាមិនសំចៃទុកក្នុងការផ្ដល់ពរទេ!
បងម៉ារៀលីន: អំណរខ្លាំងបំផុតរបស់ខ្ញុំគឺមកពីការជួយអ្នកឯទៀត។ យើងសប្បាយបម្រើព្រះយេហូវ៉ា។ កិច្ចបម្រើពេញពេលធ្វើឲ្យយើងកាន់តែជិតស្និទ្ធគ្នាជាប្ដីប្រពន្ធ។ ជួនកាល បងចាកសួរខ្ញុំថាតើយើងអាចអញ្ជើញប្ដីប្រពន្ធដែលធ្លាក់ទឹកចិត្តមកបរិភោគអាហារជាមួយយើងយ៉ាងម៉េចដែរ។ ខ្ញុំច្រើនតែតបថា៖ «ខ្ញុំកំពុងគិតថាចង់សួរបងដែរ!»។ យើងច្រើនតែគិតដូចគ្នា។
បងចាក: ថ្មីៗនេះ គ្រូពេទ្យបានរកឃើញថាខ្ញុំមានជំងឺមហារីកក្រពេញប្រូស្ដាត។ ទោះជាម៉ារៀលីនមិនចូលចិត្តឮក្ដី ខ្ញុំនៅតែនិយាយថា៖ «អូនសម្លាញ់ បើស្អែកបងស្លាប់ទៅ បងមិនមែន‹អាយុវែងល្អ›ទេ។ ប៉ុន្តែបងស្លាប់ទៅទាំងស្កប់ចិត្ត ព្រោះបងដឹងថាបងបានប្រើជីវិតទាំងមូលដើម្បីធ្វើអ្វីដែលមានតម្លៃពិតប្រាកដ នោះគឺបម្រើព្រះយេហូវ៉ា ដូច្នេះហើយបងសប្បាយចិត្ត»។—លោ. ២៥:៨
បងម៉ារៀលីន: ព្រះយេហូវ៉ាបានបើកឱកាសដែលយើងមិននឹកស្មាន ហើយបានអនុញ្ញាតឲ្យយើងធ្វើអ្វីដែលសូម្បីតែគិត ក៏យើងមិនធ្លាប់គិតផង។ ជីវិតយើងពោរពេញទៅដោយរឿងល្អៗ។ ដោយមានទំនុកចិត្តទាំងស្រុងលើព្រះ កន្លែងណាក៏ដោយដែលអង្គការរបស់លោកសុំយើងឲ្យទៅ យើងនឹងទៅកន្លែងនោះ!
^ វគ្គ 32 ភាសាស្រាណាន់តុងហ្គូគឺមកពីការលាយឡំភាសាអង់គ្លេស ហូឡង់ ព័រទុយហ្គាល់ និងភាសាមួយចំនួនពីអាហ្វ្រិក ហើយមានប្រភពពីពួកខ្ញុំបម្រើ។