លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ចូរ​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា​»​

​«​ចូរ​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា​»​

​«​ចូរ​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ​លក្ខណៈ គ្មាន​គុណ​វិបត្ដិ ហើយ​ឥត​ខ្វះ​គុណ​សម្បត្ដិ​ណា​មួយ​សោះ​ឡើយ​»។—យ៉ាកុប ១:៤

ចម្រៀង​លេខ: ២៤, ១៣៩

១, ២​. (​ក​) តើ​យើង​អាច​រៀន​អ្វី​ពី​ការ​ស៊ូ​ទ្រាំ​របស់​គេឌាន​និង​ពួក​បុរស​៣០០​នាក់​របស់​គាត់? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) យោង​ទៅ​តាម​លូកា ២១:១៩ ហេតុ​អ្វី​ការ​ស៊ូ​ទ្រាំ​គឺ​សំខាន់​ដល់​ម៉្លេះ?

សូម​ព្យាយាម​ស្រមៃ​គិត​អំពី​ចម្បាំង​ដ៏​ពិបាក​និង​ដែល​ធ្វើ​ឲ្យ​អស់​កម្លាំង​រវាង​សត្រូវ​របស់​ជន​ជាតិ​អ៊ីស្រាអែល​និង​ទាហាន​អ៊ីស្រាអែល​ដែល​ដឹក​នាំ​ដោយ​គេឌាន​ដែល​ជា​ចៅ​ក្រម។ ពេញ​មួយ​យប់​គេឌាន​និង​ពួក​បុរស​របស់​គាត់​បាន​រត់​ដេញ​តាម​ជន​ជាតិ​ម៉ាឌាន​និង​អ្នក​គាំ​ទ្រ​ពួក​គេ។ ពួក​គាត់​បាន​រត់​អស់​ចម្ងាយ​ប្រហែល​ជា​៣២​គីឡូ​ម៉ែត្រ (​២០​ម៉ៃល៍​)! គម្ពីរ​ប្រាប់​យើង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ក្រោយ​មក ដោយ​ចែង​ថា​៖ ​«​គេឌាន​នឹង​ពួក​៣០០​នាក់​ដែល​នៅ​ជា​មួយ​ក៏​មក​ដល់​ទន្លេ​យ័រដាន់ ហើយ​ឆ្លង​ទៅ​ទាំង​នឿយ​ហត់​»។ ប៉ុន្ដែ​ពួក​គាត់​មិន​ទាន់​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ចម្បាំង​នោះ​ទេ ហើយ​ពួក​គាត់​នៅ​តែ​ត្រូវ​ច្បាំង​នឹង​ទាហាន​១៥.០០០​នាក់។ សត្រូវ​ទាំង​នេះ​បាន​ជិះ​ជាន់​ពួក​គេ​អស់​ជា​ច្រើន​ឆ្នាំ ដូច្នេះ​ជន​ជាតិ​អ៊ីស្រាអែល​មិន​អាច​ឈប់​តស៊ូ​ឡើយ។ ហេតុ​នេះ គេឌាន​និង​ពួក​បុរស​របស់​គាត់​បាន​បន្ដ​រត់​ដេញ​តាម​សត្រូវ​របស់​ពួក​គាត់ ហើយ​នៅ​ទី​បំផុត​បាន​យក​ឈ្នះ​ពួក​គេ!—ពួក​ចៅហ្វាយ ៧:២២; ៨:៤, ១០, ២៨

យើង​ក៏​កំពុង​ប្រយុទ្ធ​ក្នុង​ចម្បាំង​ដ៏​ពិបាក​និង​ដែល​ធ្វើ​ឲ្យ​អស់​កម្លាំង​ផង​ដែរ។ សត្រូវ​របស់​យើង​រួម​មាន​សាថាន ពិភព​លោក​របស់​វា និង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង។ បង​ប្អូន​ខ្លះ​បាន​ប្រយុទ្ធ​នឹង​សត្រូវ​ទាំង​នេះ​អស់​ជា​ច្រើន​ឆ្នាំ​ហើយ។ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា យើង​បាន​យក​ឈ្នះ​ការ​ប្រយុទ្ធ​ជា​ច្រើន។ ប៉ុន្ដែ យើង​មិន​ទាន់​បាន​ទទួល​ជ័យ​ជម្នះផ្ដាច់​ព្រ័ត្រ​ទេ។ ជួន​កាល យើង​ប្រហែល​ជា​អស់​កម្លាំង​នឹង​ការ​ប្រយុទ្ធ ឬ​យើង​ប្រហែល​ជា​ធុញ​ទ្រាន់​នឹង​រង់​ចាំ​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ។ លោក​យេស៊ូ​បាន​ព្រមាន​យើង​ថា​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ យើង​នឹង​មាន​ទុក្ខ​លំបាក​ដ៏​ខ្លាំង​និង​ការ​បៀត​បៀន​យ៉ាង​ឃោរ​ឃៅ។ ប៉ុន្ដែ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា បើ​យើង​ស៊ូ​ទ្រាំ យើង​អាច​យក​ឈ្នះ​បាន។ (​សូម​អាន លូកា ២១:១៩) តើ​ការ​ស៊ូ​ទ្រាំ​គឺ​ជា​អ្វី? តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ? តើ​យើង​អាច​រៀន​អ្វី​ពី​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ? ម្យ៉ាង​ទៀត តើ​យើង​អាច​ឲ្យ​«​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា​»​យ៉ាង​ដូច​ម្ដេច?—យ៉ាកុប ១:៤

តើ​ការ​ស៊ូ​ទ្រាំ​គឺ​ជា​អ្វី?

៣​. តើ​ការ​ស៊ូ​ទ្រាំ​គឺ​ជា​អ្វី?

ក្នុង​គម្ពីរ ការ​ស៊ូ​ទ្រាំ​មិន​គ្រាន់​តែ​មាន​ន័យ​ថា​យើង​ទ្រាំ​ទ្រ​នឹង​ស្ថានភាព​ដ៏​ពិបាក​ប៉ុណ្ណោះ​ទេ។ ពាក្យ​នេះ​រួម​បញ្ចូល​របៀប​គិត​គូរ​និង​អារម្មណ៍​របស់​យើង​ចំពោះ​ទុក្ខ​លំបាក​ដែល​យើង​មាន។ ការ​ស៊ូ​ទ្រាំ​ជួយ​យើង​ឲ្យ​មាន​ចិត្ដ​ក្លាហាន ស្មោះ​ត្រង់ និង​អត់​ធ្មត់។ សៀវភៅ​យោង​មួយ​ពន្យល់​ថា ការ​ស៊ូ​ទ្រាំ​គឺ​ជា​គុណ​សម្បត្ដិ​មួយ​ដែល​ជួយ​យើង​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មាំ​មួន​និង​មិន​ឈប់​តស៊ូ​នៅ​ពេល​ដែល​យើង​មាន​ទុក្ខ​លំបាក។ ការ​ស៊ូ​ទ្រាំ​ជួយ​យើង​ឲ្យ​នៅ​មាំ​មួន​និង​មិន​រង្គោះ​រង្គើ សូម្បី​តែ​ពេល​មាន​ទុក្ខ​លំបាក​ដ៏​ខ្លាំង​បំផុត​ក៏​ដោយ។ ម្យ៉ាង​ទៀត ពេល​ដែល​យើង​ស៊ូ​ទ្រាំ​យើង​អាច​ធ្វើ​ឲ្យ​ទុក្ខ​លំបាក​ទាំង​នេះ​ទៅ​ជា​ជ័យ​ជម្នះ ហើយ​យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​មិន​មែន​ទៅ​លើ​ការ​ឈឺ​ចាប់​របស់​យើង។

៤​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ដ​យើង​ឲ្យ​ស៊ូ​ទ្រាំ?

សេចក្ដី​ស្រឡាញ់​ជំរុញ​ចិត្ដ​យើង​ឲ្យ​ស៊ូ​ទ្រាំ។ (​សូម​អាន កូរិនថូស​ទី១ ១៣:៤, ) តើ​តាម​របៀប​ណា? សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ដ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​អ្វី​ណា​ក៏​ដោយ​ដែល​លោក​អនុញ្ញាត​ឲ្យ​កើត​ឡើង។ (​លូកា ២២:៤១, ៤២​) សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ។ (​ពេត្រុស​ទី១ ៤:៨​) សេចក្ដី​ស្រឡាញ់​ចំពោះ​គូ​អាពាហ៍ពិពាហ៍​ជួយ​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង និង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​«​ការ​លំបាក​ផ្សេង​ៗ​»​ដែល​សូម្បី​តែ​ប្ដី​ប្រពន្ធ​ដែល​មាន​សុភមង្គល​ក៏​ជួប​ប្រទះ​ដែរ។—កូរិនថូស​ទី១ ៧:២៨

តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​ស៊ូ​ទ្រាំ?

៥​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ល្អ​បំផុត​ដើម្បី​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ?

ចូរ​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​កម្លាំង។ ព្រះ​យេហូវ៉ា​គឺ​ជា​«​ព្រះ​ដែល​ផ្ដល់​សមត្ថភាព​ស៊ូ​ទ្រាំ​និង​ការ​សម្រាល​ទុក្ខ​»។ (​រ៉ូម ១៥:៥​) លោក​គឺ​ជា​បុគ្គល​តែ​មួយ​គត់​ដែល​យល់​ទាំង​ស្រុង​អំពី​អារម្មណ៍ ជីវប្រវត្ដិ និង​ស្ថានភាព​របស់​យើង។ ដូច្នេះ លោក​ដឹង​ច្បាស់​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ។ គម្ពីរ​ចែង​ថា​៖ ​«​ទ្រង់​នឹង​បំពេញ​បំណង​ចិត្ដ​នៃ​អស់​អ្នក​ដែល​កោត​ខ្លាច​ដល់​ទ្រង់ ក៏​នឹង​ឮ​ពាក្យ​អំពាវ​នាវ​របស់​គេ ព្រម​ទាំង​ជួយ​សង្គ្រោះ​គេ​ផង​»។ (​ទំនុក​តម្កើង ១៤៥:១៩​) ប៉ុន្ដែ តើ​តាម​របៀប​ណា​ព្រះ​នឹង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដើម្បី​ផ្ដល់​កម្លាំង​ឲ្យ​យើង​ស៊ូ​ទ្រាំ?

ព្រះ​យេហូវ៉ា​យល់​ទាំង​ស្រុង​អំពី​យើង ដូច្នេះ​លោក​ដឹង​ច្បាស់​អំពី​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ស៊ូ​ទ្រាំ

៦​. ដូច​ដែល​បាន​សន្យា​ក្នុង​គម្ពីរ តើ​ព្រះ​យេហូវ៉ា​អាច​«​រៀប​ចំ​ផ្លូវ​ចេញ​»​សម្រាប់​យើង​យ៉ាង​ដូច​ម្ដេច?

ពេល​យើង​សុំ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ លោក​សន្យា​ថា​លោក​នឹង​«​រៀប​ចំ​ផ្លូវ​ចេញ​»។ (​សូម​អាន កូរិនថូស​ទី១ ១០:១៣) តើ​លោក​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? នៅ​ពេល​ខ្លះ លោក​ប្រហែល​ជា​បំបាត់​ចោល​ទុក្ខ​លំបាក​របស់​យើង។ ប៉ុន្ដែ​ក្នុង​ករណី​ភាគ​ច្រើន លោក​នឹង​ផ្ដល់​កម្លាំង​ឲ្យ​យើង​ដើម្បី​ឲ្យ​យើង​«​ស៊ូ​ទ្រាំ​នឹង​ការ​ទាំង​អស់ ហើយ​មាន​ចិត្ដ​ធ្ងន់​ដោយ​អំណរ​»។ (​កូឡុស ១:១១​) ម្យ៉ាង​ទៀត ដោយ​សារ​ព្រះ​យេហូវ៉ា​ស្គាល់​យ៉ាង​ច្បាស់​អំពី​កម្រិត​របស់​យើង​ខាង​ផ្លូវ​ចិត្ដ គំនិត និង​រាង​កាយ នោះ​លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ស្ថានភាព​ណា​មួយ​ទៅ​ជា​ពិបាក​យ៉ាង​ខ្លាំង​រហូត​ដល់​យើង​មិន​អាច​រក្សា​ភាព​ស្មោះ​ត្រង់​ឡើយ។

៧​. សូម​លើក​ឧទាហរណ៍​មួយ​អំពី​មូលហេតុ​ដែល​យើង​ត្រូវ​ការ​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដើម្បី​ស៊ូ​ទ្រាំ។

ចូរ​ឲ្យ​សេចក្ដី​បង្រៀន​ពី​គម្ពីរ​ដែល​ប្រៀប​ដូច​ជា​អាហារ​ពង្រឹង​ជំនឿ​របស់​អ្នក។ ហេតុ​អ្វី​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​គឺ​សំខាន់? ជា​ឧទាហរណ៍ ដើម្បី​ឡើង​ភ្នំ​អេវើរ៉េស បុគ្គល​ម្នាក់​ត្រូវ​ការ​៦.០០០​កាឡូរី​ក្នុង​មួយ​ថ្ងៃ។ នោះ​គឺ​ច្រើន​ជាង​មនុស្ស​ធម្មតា​ត្រូវ​ការ​ឆ្ងាយ​ណាស់។ ដើម្បី​ស៊ូ​ទ្រាំ​និង​សម្រេច​គោល​ដៅ​របស់​គាត់ អ្នក​ឡើង​ភ្នំ​ត្រូវ​តែ​បរិភោគ​កាឡូរី​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាច​បរិភោគ​បាន។ ស្រដៀង​គ្នា​ដែរ យើង​ត្រូវ​ការ​សេចក្ដី​បង្រៀន​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដើម្បី​ស៊ូ​ទ្រាំ​និង​សម្រេច​គោល​ដៅ​របស់​យើង។ យើង​ត្រូវ​តាំង​ចិត្ដ​ចំណាយ​ពេល​សិក្សា​ផ្ទាល់​ខ្លួន​និង​ចូល​រួម​កិច្ច​ប្រជុំ។ សកម្មភាព​ទាំង​នេះ​នឹង​ផ្ដល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​រក្សា​ជំនឿ​របស់​យើង​ឲ្យ​មាំ​មួន។—យ៉ូហាន ៦:២៧

៨, ៩​. (​ក​) យោង​ទៅ​តាម​យ៉ូប ២:៤, ៥ ពេល​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក តើ​នេះ​រួម​បញ្ចូល​អ្វី? (​ខ​) ពេល​អ្នក​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក តើ​អ្នក​អាច​ស្រមៃ​គិត​អំពី​អ្វី?

ចូរ​នឹក​ចាំ​អំពី​ភក្ដី​ភាព​របស់​អ្នក​ចំពោះ​ព្រះ។ ពេល​ដែល​យើង​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ យើង​មិន​គ្រាន់​តែ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ។ ភក្ដី​ភាព​របស់​យើង​ចំពោះ​ព្រះ​កំពុង​ត្រូវ​ល្បង​ល។ របៀប​ដែល​យើង​ប្រព្រឹត្ដ​ពេល​យើង​មាន​ទុក្ខ​លំបាក​បង្ហាញ​ថា​យើង​ចាត់​ទុក​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​ពិត​ប្រាកដ​នៃ​សកល​លោក​ឬ​យ៉ាង​ណា។ តើ​យ៉ាង​ដូច​ម្ដេច? សាថាន​គឺ​ជា​សត្រូវ​របស់​ព្រះ​យេហូវ៉ា​ដែល​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​លោក ហើយ​វា​បាន​ប្រមាថ​ព្រះ​ដោយ​និយាយ​ថា​មនុស្ស​បម្រើ​ព្រះ​ដើម្បី​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។ សាថាន​បាន​និយាយ​ថា​៖ ​«​មនុស្ស​នឹង​សុខ​ចិត្ដ​លះ​បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ​»។ បន្ទាប់​មក វា​បាន​និយាយ​អំពី​យ៉ូប​ថា​៖ ​«​ចូរ​ទ្រង់​គ្រាន់​តែ​លូក​ព្រះ​ហស្ដ​ទៅ​ពាល់​ដល់​ឆ្អឹង​នឹង​សាច់​គាត់​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ទ្រង់​នៅ​ចំពោះ​ព្រះ​ភក្ត្រ​»។ (​យ៉ូប ២:៤, ៥​) តាំង​ពី​ពេល​ដែល​សាថាន​បាន​និយាយ​ចោទ​ប្រកាន់​ដូច្នេះ តើ​វា​បាន​កែ​ប្រែ​ឬ​ទេ? ទេ! ច្រើន​ឆ្នាំ​ក្រោយ​មក ពេល​សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌ វា​នៅ​តែ​ចោទ​ប្រកាន់​ពួក​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​ជា​និច្ច។ (​ការ​បើក​បង្ហាញ ១២:១០​) សព្វ​ថ្ងៃ​នេះ សាថាន​នៅ​តែ​ចោទ​ប្រកាន់​ថា​មនុស្ស​គោរព​ប្រណិប័តន៍​ព្រះ​ដើម្បី​តែ​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ។ វា​ពិត​ជា​ចង់​ឃើញ​យើង​បដិសេធ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ ហើយ​ឈប់​បម្រើ​លោក។

ពេល​អ្នក​ឈឺ​ចាប់​ដោយ​សារទុក្ខ​លំបាក សូម​ព្យាយាម​ស្រមៃ​គិត​អំពី​អ្វី​ទាំង​នេះ។ សាថាន​និង​ពួក​វិញ្ញាណ​កំណាច​នៅ​ម្ខាង។ ពួក​វា​កំពុង​មើល​ថា​អ្នក​នឹង​ប្រព្រឹត្ដ​យ៉ាង​ណា ហើយ​ចោទ​ថា​អ្នក​នឹង​ឈប់​តស៊ូ។ នៅ​ម្ខាង​ទៀត មាន​ព្រះ​យេហូវ៉ា លោក​យេស៊ូ​គ្រិស្ដ​ដែល​ជា​ស្ដេច​របស់​យើង ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​រួច​ហើយ និង​ទេវតា​រាប់​ពាន់​រូប។ ពួក​គាត់​ឃើញ​អ្នក​កំពុង​តស៊ូ​ព្យាយាម ដូច្នេះ​ពួក​គាត់​កំពុង​ស្រែក​អបអរ! ពួក​គាត់​សប្បាយ​រីក​រាយ​ដោយ​ឃើញ​ថា​អ្នក​អាច​ស៊ូ​ទ្រាំ ហើយ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ ក្រោយ​មក អ្នក​ឮ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​មក​អ្នក​ថា​៖ ​«​កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ដ​អញ​បាន​រីក​រាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល​តិះ​ដល់​អញ​»។—សុភាសិត ២៧:១១

លោក​យេស៊ូ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​រង្វាន់​ដែល​មក​ពី​ការ​ស៊ូ​ទ្រាំ​របស់​លោក

១០​. តើ​តាម​របៀប​ណា​អ្នក​អាច​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រង្វាន់​ដែល​មក​ពី​ការ​ស៊ូ​ទ្រាំ?

១០ ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​រង្វាន់។ សូម​ស្រមៃ​គិត​ថា​អ្នក​កំពុង​ធ្វើ​ដំណើរ។ នៅ​តាម​ផ្លូវ​ដែល​អ្នក​ធ្វើ​ដំណើរ អ្នក​ត្រូវ​ចូល​ផ្លូវ​ក្រោម​ដី​ដ៏​វែង​មួយ។ អ្នក​មើល​ទៅ​គ្រប់​កន្លែង​សុទ្ធតែ​ងងឹត។ ប៉ុន្ដែ​អ្នក​ដឹង​ថា​បើ​អ្នក​បន្ដ​ធ្វើ​ដំណើរ​ទៅ​ទី​បញ្ចប់​នៃ​ផ្លូវ​ក្រោម​ដី​នោះ អ្នក​នឹង​ឃើញ​ពន្លឺ​ម្ដង​ទៀត។ ជីវិត​អាច​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​នោះ។ អ្នក​ប្រហែល​ជា​ត្រូវ​ឆ្លង​កាត់​គ្រា​ដ៏​ពិបាក​ណាស់ ហើយ​អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​បញ្ហា​របស់​អ្នក​គឺ​ពិបាក​ពេក។ លោក​យេស៊ូ​ក៏​អាច​មាន​អារម្មណ៍​បែប​នេះ​ដែរ។ ពេល​លោក​បាន​ត្រូវ​ព្យួរ​លើ​បង្គោល​ទារុណកម្ម លោក​បាន​ត្រូវ​គេ​បន្ទាប​បន្ថោក ហើយ​លោក​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ នេះ​ច្បាស់​ជា​ពេល​ដ៏​ពិបាក​បំផុត​ក្នុង​ជីវិត​របស់​លោក! តើ​អ្វី​បាន​ជួយ​លោក​ឲ្យ​ស៊ូ​ទ្រាំ? គម្ពីរ​ចែង​ថា​លោក​បាន​សម្លឹង​មើល​ទៅ​«​អំណរ​ដែល​នៅ​ខាង​មុខ​លោក​»។ (​ហេប្រឺ ១២:២, ៣​) លោក​យេស៊ូ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​រង្វាន់​ដែល​មក​ពី​ការ​ស៊ូ​ទ្រាំ​របស់​លោក ជា​ពិសេស​លោក​នឹង​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ​និង​ក្នុង​ការ​គាំ​ទ្រ​សិទ្ធិ​គ្រប់​គ្រង​របស់​ព្រះ។ លោក​បាន​ដឹង​ថា​ទុក្ខ​លំបាក​ដែល​លោក​មាន​គឺ​សម្រាប់​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ ហើយ​រង្វាន់​ដែល​លោក​នឹង​ទទួល​នៅ​ស្ថាន​សួគ៌​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។ សព្វ​ថ្ងៃ​នេះ ទុក្ខ​លំបាក​ដែល​អ្នក​ជួប​ប្រទះ​ប្រហែល​ជា​ពិបាក​ណាស់​និង​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ ប៉ុន្ដែ​សូម​ចាំ​ថា​ទុក្ខ​លំបាក​ទាំង​នោះ​គឺ​សម្រាប់​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ។

«​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​»

១១​. ហេតុ​អ្វី​យើង​គួរ​ពិចារណា​បទ​ពិសោធន៍​របស់​«​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​»​?

១១ យើង​មិន​មែន​ស៊ូ​ទ្រាំ​តែ​ម្នាក់​ឯង​ទេ។ ដើម្បី​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ដែល​មក​ពី​សាថាន សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ចូរ​តតាំង​នឹង​វា ដោយ​មាន​ជំនឿ​មាំ​មួន ហើយ​ដោយ​ដឹង​ថា​បង​ប្អូន​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​ពេញ​ពិភព​លោក​កំពុង​ឆ្លង​កាត់​ទុក្ខ​លំបាក​ដូច​គ្នា​ដែរ​»។ (​ពេត្រុស​ទី១ ៥:៩​) បទ​ពិសោធន៍​របស់​«​ពួក​អ្នក​ដែល​បាន​ស៊ូ​ទ្រាំ​»​ បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់ ពង្រឹង​ទំនុក​ចិត្ដ​របស់​យើង​ថា​យើង​អាច​ទទួល​ជោគ​ជ័យ ហើយ​រំលឹក​យើង​ថា​យើង​នឹង​ទទួល​រង្វាន់​ចំពោះ​ភក្ដី​ភាព​របស់​យើង។ (​យ៉ាកុប ៥:១១​) សូម​យើង​ពិចារណា​គំរូ​មួយ​ចំនួន [១](​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​)។

១២​. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ចេរូប៊ីន​ដែល​បាន​ត្រូវ​ដាក់​នៅ​សួន​អេដែន?

១២ ចេរូប៊ីន​គឺ​ជា​ទេវតា​ដែល​មាន​ឋានៈ​ខ្ពស់។ ក្រោយ​ពី​អាដាម​និង​អេវ៉ា​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង ព្រះ​យេហូវ៉ា​បាន​ឲ្យ​ចេរូប៊ីន​ខ្លះ​នូវ​ភារកិច្ច​ថ្មី​នៅ​ផែន​ដី។ ភារកិច្ច​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ភារកិច្ច​ដែល​ពួក​គាត់​ធ្លាប់​មាន​នៅ​ស្ថាន​សួគ៌។ គំរូ​របស់​ពួក​គាត់​អាច​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ស៊ូ​ទ្រាំ​ពេល​យើង​មាន​ភារកិច្ច​ដ៏​ពិបាក។ គម្ពីរ​ចែង​ថា ព្រះ​យេហូវ៉ា​បាន​«​ដាក់​ចេរូប៊ីន​នៅ​ខាង​កើត​សួន​ច្បារ​អេដែន នឹង​ដាវ​ដែល​ជា​អណ្ដាត​ភ្លើង​រេ​បែរ​ទៅ​គ្រប់​ទិស​ដើម្បី​នឹង​រក្សា​ផ្លូវ​ទៅ​ឯ​ដើម​ជីវិត​»។  [២] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) (​លោកុប្បត្ដិ ៣:២៤​) គម្ពីរ​មិន​បាន​ចែង​ថា​ចេរូប៊ីន​បាន​ត្អូញត្អែរ​ឬ​គិត​ថា​ភារកិច្ច​ថ្មី​នោះ​អន់​ពេក​សម្រាប់​ពួក​គាត់​ឡើយ។ ពួកគាត់​មិន​បាន​ធុញ​ទ្រាន់​ឬ​បោះ​បង់​ភារកិច្ច​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គាត់​បាន​នៅ​ជាប់​នឹង​ភារកិច្ច​របស់​ពួក​គាត់​រហូត​ដល់​ភារកិច្ច​នោះ​បាន​ចប់ ប្រហែល​ជា​នៅ​សម័យ​ទឹក​ជំនន់ ជាង​១.៦០០​ឆ្នាំ​ក្រោយ​មក!

១៣​. តើ​តាម​របៀប​ណា​យ៉ូប​អាច​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​របស់​គាត់?

១៣ យ៉ូប​ដែល​ជា​បុរស​ស្មោះ​ត្រង់។ ជួន​កាល​អ្នក​ប្រហែល​ជា​ឈឺ​ចិត្ដ ដោយ​សារ​មិត្ដ​ភក្ដិ​ឬ​សមាជិក​ក្រុម​គ្រួសារ​បាន​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ធ្លាក់​ទឹក​ចិត្ដ។ ឬ​ក៏​ប្រហែល​ជា​អ្នក​ឈឺ​ធ្ងន់​ឬ​រង​ទុក្ខ​ដោយ​សារ​បុគ្គល​ជា​ទី​ស្រឡាញ់​បាន​ស្លាប់។ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ អ្នក​អាច​ទទួល​ការ​សម្រាល​ទុក្ខ​ពី​គំរូ​របស់​យ៉ូប។ (​យ៉ូប ១:១៨, ១៩; ២:៧, ៩; ១៩:១​-​៣​) យ៉ូប​មិន​បាន​ដឹង​អំពី​មូលហេតុ​ដែល​គាត់​មាន​ទុក្ខ​លំបាក​ជា​ច្រើន​នោះ​ទេ ប៉ុន្ដែ​គាត់​មិន​បាន​ឈប់​តស៊ូ​ឡើយ។ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​ស៊ូ​ទ្រាំ? ទី១ គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​កោត​ខ្លាច​លោក​ឬ​ចង់​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ដ។ (​យ៉ូប ១:១​) យ៉ូប​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ​ទាំង​នៅ​ពេល​សប្បាយ​ទាំង​នៅ​ពេល​ពិបាក។ ទី២ ព្រះ​យេហូវ៉ា​បាន​ជួយ​យ៉ូប​ឲ្យ​យល់​អំពី​ឫទ្ធានុភាព​របស់​លោក​ដោយ​ប្រាប់​គាត់​អំពី​អ្វី​មួយ​ចំនួន​ដ៏​អស្ចារ្យ​ដែល​លោក​បាន​បង្កើត។ នេះ​បាន​ធ្វើ​ឲ្យ​យ៉ូប​កាន់​តែ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​បំបាត់​ទុក្ខ​លំបាក​របស់​គាត់​នៅ​ពេល​ត្រឹម​ត្រូវ។ (​យ៉ូប ៤២:១, ២​) នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​មែន! ‹ព្រះ​យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​យ៉ូប​រួច​ពី​ចំណង​ទៅ ហើយ​ទ្រង់​ប្រទាន​ឲ្យ​មាន​លើស​ជាង​ដើម​១​ជា​២​ផង›។ យ៉ូប​បាន​«​អាយុ​ជា​យឺន​យូរ ហើយ​ស្កប់​ស្កល់​នឹង​ជីវិត​ផង​»។—យ៉ូប ៤២:១០, ១៧

១៤​. យោង​ទៅ​តាម​កូរិនថូស​ទី២ ១:៦ តើ​តាម​របៀប​ណា​ការ​ស៊ូ​ទ្រាំ​របស់​ប៉ូល​បាន​ជួយ​អ្នក​ឯ​ទៀត?

១៤ សាវ័ក​ប៉ូល។ តើ​អ្នក​កំពុង​ទទួល​ការ​ប្រឆាំង​យ៉ាង​ខ្លាំង ឬ​ថែម​ទាំង​ទទួល​ការ​បៀត​បៀន​ឬ​ទេ? តើ​អ្នក​គឺ​ជា​អ្នក​ចាស់​ទុំ ឬ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ម្នាក់​ដែល​មាន​អារម្មណ៍​ថា​អ្នក​មាន​ភារកិច្ច​ច្រើន​ពេក​ឬ​ទេ? បើ​ដូច្នេះ គំរូ​របស់​ប៉ូល​អាច​ជួយ​អ្នក​បាន។ ប៉ូល​បាន​ទទួល​ការ​បៀត​បៀន​យ៉ាង​ឃោរ​ឃៅ ហើយ​គាត់​តែង​តែ​បារម្ភ​អំពី​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នា​នា។ (​កូរិនថូស​ទី២ ១១:២៣​-​២៩​) ប៉ុន្ដែ​ប៉ូល​មិន​បាន​ឈប់​តស៊ូ​ទេ ហើយ​គំរូ​របស់​គាត់​បាន​ពង្រឹង​កម្លាំង​ចិត្ដ​អ្នក​ឯ​ទៀត។ (​សូម​អាន កូរិនថូស​ទី២ ១:៦) ការ​ស៊ូ​ទ្រាំ​របស់​អ្នក​អាច​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ឲ្យ​ស៊ូ​ទ្រាំ​ដែរ។

តើ​ការ​ស៊ូ​ទ្រាំ​នឹង​«​សម្រេច​គោល​បំណង​របស់​វា​»​ចំពោះ​អ្នក​ឬ​ទេ?

១៥, ១៦​. (​ក​) តើ​ការ​ស៊ូ​ទ្រាំ​ត្រូវ​សម្រេច​«​គោល​បំណង​»​អ្វី? (​ខ​) សូម​លើក​ឧទាហរណ៍​ខ្លះ​អំពី​របៀប​ដែល​យើង​អាច​«​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា​»។

១៥ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ថា​៖ ​«​ចូរ​ឲ្យ​ការ​ស៊ូ​ទ្រាំ​សម្រេច​គោល​បំណង​របស់​វា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពេញ​លក្ខណៈ គ្មាន​គុណ​វិបត្ដិ ហើយ​ឥត​ខ្វះ​គុណ​សម្បត្ដិ​ណា​មួយ​សោះ​ឡើយ​»។ (​យ៉ាកុប ១:៤​) តើ​តាម​របៀប​ណា​ការ​ស៊ូ​ទ្រាំ​អាច​សម្រេច​«​គោល​បំណង​»​របស់​វា​ចំពោះ​យើង? ពេល​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ណា​មួយ យើង​ប្រហែល​ជា​កត់​សម្គាល់​ថា​យើង​ត្រូវ​ការ​ចិត្ដ​អត់​ធ្មត់ ចិត្ដ​កតញ្ញូ ឬ​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន។ កាល​ដែល​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​នោះ យើង​នឹង​រៀន​ចេះ​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ​ថែម​ទៀត ហើយ​យើង​នឹង​មាន​បុគ្គលិក​លក្ខណៈ​ជា​គ្រិស្ដ​សាសនិក​កាន់​តែ​ល្អ​ប្រសើរ​ឡើង។

កាល​ដែល​យើង​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​យើង​នឹង​មាន​បុគ្គលិក​លក្ខណៈ​ជា​គ្រិស្ដ​សាសនិក​កាន់​តែ​ល្អ​ប្រសើរ​ឡើង (​សូម​មើល​វគ្គ​១៥, ១៦​)

១៦ ដោយ​សារ​ការ​ស៊ូ​ទ្រាំ​អាច​ធ្វើ​ឲ្យ​យើង​ក្លាយ​ទៅ​ជា​គ្រិស្ដ​សាសនិក​ដ៏​ល្អ​ជាង នោះ​យើង​មិន​ចង់​បំពាន​ច្បាប់​របស់​ព្រះ​យេហូវ៉ា​ដើម្បី​ឲ្យ​ឈប់​មាន​ទុក្ខ​លំបាក​ទេ។ ជា​ឧទាហរណ៍ បើ​អ្នក​ពិបាក​ទប់​ទល់​នឹង​គំនិត​ដែល​ប្រាស​ចាក​សីលធម៌ សូម​កុំ​ចុះ​ចាញ់​ការ​ល្បួង​នេះ​ឡើយ! ចូរ​សុំ​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ជួយ​អ្នក​លះ​ចោល​គំនិត​ដែល​ខុស​ឆ្គង។ តើ​អ្នក​មាន​សមាជិក​ក្រុម​គ្រួសារ​ដែល​កំពុង​ប្រឆាំង​អ្នក​ឬ​ទេ? សូម​កុំ​ឈប់​តស៊ូ​ឡើយ! ចូរ​តាំង​ចិត្ដ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល អ្នក​នឹង​ពង្រឹង​ទំនុក​ចិត្ដ​របស់​អ្នក​ទៅ​លើ​ព្រះ​យេហូវ៉ា។ ចូរ​ចាំ​ថា យើង​ត្រូវ​ស៊ូ​ទ្រាំ​ដើម្បី​ទទួល​ការ​ពេញ​ចិត្ដ​ពី​ព្រះ។—រ៉ូម ៥:៣​-​៥; យ៉ាកុប ១:១២

១៧, ១៨​. (​ក​) សូម​លើក​ឧទាហរណ៍​អំពី​សារៈសំខាន់​នៃ​ការ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់។ (​ខ​) កាល​ដែល​យើង​ចូល​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់ តើ​យើង​អាច​មាន​ទំនុក​ចិត្ដ​អ្វី?

១៧ យើង​ត្រូវ​ស៊ូ​ទ្រាំ​មិន​គ្រាន់​តែ​សម្រាប់​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​ទេ តែ​រហូត​ដល់​ទី​បញ្ចប់។ សូម​ស្រមៃ​គិត​អំពី​កប៉ាល់​ដែល​កំពុង​លិច​ទឹក។ ដើម្បី​រួច​ជីវិត អ្នក​ធ្វើ​ដំណើរ​ក្នុង​កប៉ាល់​នោះ​ត្រូវ​ហែល​ទឹក​រហូត​ដល់​ឆ្នេរ​សមុទ្រ។ បុគ្គល​ដែល​ឈប់​តស៊ូ​នៅ​ពេល​ដែល​គាត់​ទើប​ចាប់​ផ្ដើម​ហែល​ទឹក​នឹង​លង់​ទឹក។ ដូច​គ្នា​ដែរ បុគ្គល​ដែល​ឈប់​តស៊ូ​ពេល​ជិត​ទៅ​ដល់​ឆ្នេរ​សមុទ្រ​ក៏​នឹង​លង់​ទឹក​ដែរ។ បើ​យើង​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី យើង​ត្រូវ​បន្ដ​ស៊ូ​ទ្រាំ។ សូម​យើង​មាន​ចិត្ដ​គំនិត​ដូច​សាវ័ក​ប៉ូល​ដែល​បាន​និយាយ​ថា​៖ ​«​យើង​មិន​ឈប់​តស៊ូ​ឡើយ​»។—កូរិនថូស​ទី២ ៤:១, ១៦

១៨ ដូច​ប៉ូល យើង​ជឿ​ជាក់​ទាំង​ស្រុង​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​យើង​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​យើង​កំពុង​ឈ្នះ​ក្នុង​ការ​ទាំង​អស់​នេះ ដោយ​សារ​លោក​ដែល​បាន​ស្រឡាញ់​យើង។ ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា ទោះ​ជា​សេចក្ដី​ស្លាប់ ជីវិត ទេវតា ពួក​អ្នក​គ្រប់​គ្រង អ្វី​ៗ​នៅ​គ្រា​ឥឡូវ​នេះ អ្វី​ៗ​នៅ​គ្រា​ខាង​មុខ កម្លាំង កម្ពស់ ជម្រៅ ឬ​អ្វី​ផ្សេង​ទៀត​ដែល​លោក​បាន​បង្កើត​ក្ដី គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ដែល​ត្រូវ​សម្ដែង​តាម​រយៈ​គ្រិស្ដ​យេស៊ូ ជា​ម្ចាស់​របស់​យើង​ឡើយ​»។ (​រ៉ូម ៨:៣៧​-​៣៩​) ពិត​មែន នៅ​ពេល​ខ្លះ​យើង​នឹង​អស់​កម្លាំង។ ប៉ុន្ដែ សូម​ឲ្យ​យើង​យក​តម្រាប់​គេឌាន​និង​ពួក​បុរស​របស់​គាត់។ ពួក​គាត់​អស់​កម្លាំង ប៉ុន្ដែ​មិន​បាន​ឈប់​តស៊ូ​ឡើយ។ ពួក​គាត់​«​ចេះ​តែ​ខំ​ដេញ​តាម​គេ​ទៅ​»​!—ពួក​ចៅហ្វាយ ៨:៤

^ [​១​] (​វគ្គ​១១​) អ្នក​ក៏​នឹង​ទទួល​ការ​លើក​ទឹក​ចិត្ដ​ដែរ​ដោយ​មើល​ឡើង​វិញ​អំពី​ការ​ស៊ូ​ទ្រាំ​របស់​រាស្ដ្រ​ព្រះ​នៅ​សម័យ​យើង​នេះ។ ជា​ឧទាហរណ៍ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០១៥ ទំព័រ​១៩​-​២១ និង​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា បង​ប្អូន​រួម​ជំនឿ​ទាំង​អស់​របស់​យើង មាន​បទ​ពិសោធន៍​របស់​បង​ប្អូន​យើង​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ នៅ​ប្រទេស​ជប៉ុន អេស្តូនី និង​ប្រទេស​ផ្សេង​ទៀត។

^ [​២​] (​វគ្គ​១២​) គម្ពីរ​មិន​បាន​ចែង​ថា​ចេរូប៊ីន​ប៉ុន្មាន​រូប​បាន​ទទួល​ភារកិច្ច​នេះ​ទេ។