លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌ទេ?

តើអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌ទេ?

«ខ្ញុំនឹងប្រកាសប្រាប់ពីព្រះនាមព្រះយេហូវ៉ា[ថា] . . . អស់ទាំងផ្លូវទ្រង់សុទ្ធតែប្រកបដោយយុត្ដិធម៌»។—ចោទិយកថា ៣២:៣, ៤

ចម្រៀងលេខ: ១៥,

១, ២. () តើណាបោតនិងកូនប្រុសរបស់គាត់បានរងអំពើអយុត្ដិធម៌អ្វី? () ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាគុណសម្បត្ដិពីរយ៉ាងអ្វី?

បុរសអាក្រក់ពីរនាក់បានចោទប្រកាន់បុរសម្នាក់ថាគាត់បានប្រព្រឹត្ដបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរមួយ។ អ្វីដែលពួកគេបាននិយាយគឺជាពាក្យកុហក។ ប៉ុន្ដែ បុរសម្នាក់នោះបានជាប់ទោស ហើយបានត្រូវប្រហារជីវិត។ សូមស្រមៃគិតថាមនុស្សដែលស្រឡាញ់យុត្ដិធម៌មានអារម្មណ៍យ៉ាងណាកាលដែលពួកគេបានឃើញបុរសនោះដែលគ្មានទោសនិងកូនប្រុសរបស់គាត់បានត្រូវគេគប់ដុំថ្មសម្លាប់! នេះមិនមែនជារឿងព្រេងទេ។ នេះគឺជាអ្វីដែលពិតជាបានកើតឡើងចំពោះណាបោតដែលជាអ្នកបម្រើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា។ គាត់បានរស់នៅសម័យដែលស្ដេចអ័ហាប់គ្រប់គ្រងលើស្រុកអ៊ីស្រាអែល។—ពង្សាវតារក្សត្រទី១ ២១:១១-១៣; ពង្សាវតារក្សត្រទី២ ៩:២៦

ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីអ្វីដែលបានកើតឡើងចំពោះណាបោត។ យើងក៏នឹងពិចារណាអំពីកំហុសធ្ងន់ធ្ងរមួយរបស់អ្នកចាស់ទុំដ៏ស្មោះត្រង់ម្នាក់ក្នុងក្រុមជំនុំគ្រិស្ដសាសនិកនៅសម័យដើម។ ឧទាហរណ៍ទាំងពីរនេះ នឹងបង្ហាញយើងអំពីរបៀបដែលចិត្ដរាបទាបនិងការសុខចិត្ដអភ័យទោសឲ្យអ្នកទៀតគឺសំខាន់ចាំបាច់ បើយើងចង់មានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌។

អំពើអយុត្ដិធម៌ដ៏គួរឲ្យខ្លោចផ្សា

៣, ៤. តើណាបោតជាបុរសបែបណា ហើយហេតុអ្វីគាត់មិនព្រមលក់ចម្ការទំពាំងបាយជូររបស់គាត់ទៅឲ្យស្ដេចអ័ហាប់?

ណាបោតមានចិត្ដស្មោះត្រង់ចំពោះព្រះយេហូវ៉ា នៅពេលមួយដែលជនជាតិអ៊ីស្រាអែលភាគច្រើនបានធ្វើតាមគំរូដ៏អាក្រក់របស់ស្ដេចអ័ហាប់និងយេសិបិលដែលជាមហាក្សត្រីដ៏អាក្រក់ដែលជាប្រពន្ធរបស់គាត់។ ពួកគេបានគោរពបូជាព្រះបាលដែលជាព្រះមិនពិត ហើយពួកគេមិនបានគោរពព្រះយេហូវ៉ា ឬច្បាប់របស់លោកទេ។ ប៉ុន្ដែ ណាបោតបានឲ្យតម្លៃចំពោះចំណងមិត្ដភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាលើសជាងជីវិតរបស់គាត់ទៅទៀត។

សូមអាន ពង្សាវតារក្សត្រទី១ ២១:១-ពេលអ័ហាប់បានសុំទិញចម្ការទំពាំងបាយជូររបស់ណាបោត ឬឲ្យគាត់នូវចម្ការទំពាំងបាយជូរដ៏ល្អប្រសើរជាងនោះដើម្បីដោះដូរ ណាបោតបានបដិសេធ។ ហេតុអ្វី? ដោយបង្ហាញការគោរព គាត់បានពន្យល់ថា«សូមព្រះយេហូវ៉ាទ្រង់ឃាត់កុំឲ្យទូលបង្គំថ្វាយមរដករបស់ពួកឰយុកោទូលបង្គំដល់ព្រះករុណាឡើយ»។ ណាបោតបានបដិសេធការស្នើសុំរបស់ស្ដេចអ័ហាប់ ដោយសារការលក់មត៌ករបស់គ្រួសារដាច់ឲ្យអ្នកទៀត គឺខុសច្បាប់របស់ព្រះយេហូវ៉ាចំពោះជនជាតិអ៊ីស្រាអែល។ (លេវីវិន័យ ២៥:២៣; ជនគណនា ៣៦:៧) ណាបោតបានស្តាប់បង្គាប់ព្រះយេហូវ៉ា។

. តើយេសិបិលបានធ្វើអ្វីដើម្បីបានចម្ការទំពាំងបាយជូររបស់ណាបោត?

ពេលណាបោតមិនព្រមលក់ចម្ការទំពាំងបាយជូររបស់គាត់ ស្ដេចអ័ហាប់និងប្រពន្ធរបស់គាត់បានរៀបចំគម្រោងដ៏អាក្រក់។ ដើម្បីបានចម្ការទំពាំងបាយជូរនោះ មហាក្សត្រីយេសិបិលបានរៀបចំគម្រោងឲ្យបុរសពីរនាក់ចោទប្រកាន់ណាបោតចំពោះបទឧក្រិដ្ឋមួយដែលគាត់មិនបានប្រព្រឹត្ដ។ ជាលទ្ធផល ទាំងណាបោតទាំងកូនប្រុសរបស់គាត់បានត្រូវគេសម្លាប់។ តើព្រះយេហូវ៉ាបានធ្វើអ្វីចំពោះអំពើអយុត្ដិធម៌ដ៏គួរឲ្យខ្លោចផ្សានេះ?

ភាពយុត្ដិធម៌របស់ព្រះ

៦, ៧. តើព្រះយេហូវ៉ាបានបង្ហាញយ៉ាងណាថាលោកស្រឡាញ់យុត្ដិធម៌ ហើយហេតុអ្វីនេះបានធ្វើឲ្យក្រុមគ្រួសារនិងមិត្ដភក្ដិរបស់ណាបោតទទួលការសម្រាលទុក្ខ?

ភ្លាមនោះ ព្រះយេហូវ៉ាបានចាត់អេលីយ៉ាឲ្យទៅជួបអ័ហាប់។ អេលីយ៉ាបានប្រាប់គាត់ថាគាត់ជាឃាតករនិងជាចោរ។ តើព្រះយេហូវ៉ាបានសម្រេចចិត្ដធ្វើអ្វី? អ័ហាប់ ប្រពន្ធនិងកូនប្រុសរបស់គាត់នឹងត្រូវគេសម្លាប់ដូចណាបោតនិងកូនប្រុសរបស់គាត់បានត្រូវគេសម្លាប់ដែរ។—ពង្សាវតារក្សត្រទី១ ២១:១៧-២៥

ក្រុមគ្រួសារនិងមិត្ដភក្ដិរបស់ណាបោតបានកើតទុក្ខយ៉ាងខ្លាំងចំពោះការប្រព្រឹត្ដដ៏អាក្រក់របស់អ័ហាប់។ ប៉ុន្ដែ ព្រះយេហូវ៉ាបានឃើញអំពើអយុត្ដិធម៌នោះ ហើយលោកបានចាត់វិធានការភ្លាមដើម្បីដោះស្រាយបញ្ហានោះ។ នេះពិតជាបានធ្វើឲ្យពួកគាត់ទទួលការសម្រាលទុក្ខមែន។ ទោះជាយ៉ាងនោះក៏ដោយ ចិត្ដរាបទាបនិងទំនុកចិត្ដរបស់ពួកគាត់ទៅលើព្រះយេហូវ៉ា ទំនងជាបានត្រូវសាកល្បងដោយអ្វីដែលបានកើតឡើងនៅពេលក្រោយមក។

អេលីយ៉ាបានប្រាប់អ័ហាប់ថា ដោយសារអ័ហាប់បានបន្ទាបខ្លួន ព្រះយេហូវ៉ានឹងមិនដាក់ទោសក្រុមគ្រួសាររបស់គាត់រហូតដល់ក្រោយពីគាត់បានស្លាប់

. ពេលអ័ហាប់បានបណ្ដាំរបស់ព្រះយេហូវ៉ា តើគាត់មានប្រតិកម្មយ៉ាងណា ហើយតើនេះនាំឲ្យមានលទ្ធផលអ្វី?

ពេលអ័ហាប់បានអំពីអ្វីដែលព្រះយេហូវ៉ាបានសម្រេចចិត្ដធ្វើចំពោះគាត់«ទ្រង់ក៏ហែកព្រះពស្ដ្រទ្រង់ រួចស្លៀកសំពត់ធ្មៃវិញ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយ»។ ស្ដេចអ័ហាប់បានបន្ទាបខ្លួន! តើនេះនាំឲ្យមានលទ្ធផលអ្វី? ព្រះយេហូវ៉ាបានប្រាប់អេលីយ៉ាថា«ដោយព្រោះ[អ័ហាប់]បានបន្ទាបខ្លួននៅមុខអញ នោះអញមិននាំសេចក្ដីវេទនានោះ មកក្នុងគ្រាព្រះជន្មទ្រង់ទេ គឺអញនឹងនាំសេចក្ដីវេទនានោះ មកលើជំនួរវង្សទ្រង់ក្នុងគ្រានៃបុត្រទ្រង់វិញ»។ (ពង្សាវតារក្សត្រទី១ ២១:២៧-២៩; ពង្សាវតារក្សត្រទី២ ១០:១០, ១១, ១៧) ព្រះយេហូវ៉ាដែលជាអ្នកដែល«មើលចិត្ដ» ហើយជាអ្នកដែលអាចឃើញថាយើងពិតជាមនុស្សបែបណា លោកបានបង្ហាញសេចក្ដីមេត្ដាករុណាចំពោះអ័ហាប់។—សុភាសិត ១៧:៣

ចិត្ដរាបទាបការពារយើង

. ហេតុអ្វីចិត្ដរាបទាបបានការពារក្រុមគ្រួសារនិងមិត្ដភក្ដិរបស់ណាបោត?

ពេលក្រុមគ្រួសារនិងមិត្ដភក្ដិរបស់ណាបោតបានថាក្រុមគ្រួសាររបស់អ័ហាប់នឹងមិនត្រូវទទួលទោសរហូតដល់ក្រោយអ័ហាប់ស្លាប់ នេះប្រហែលជាបានសាកល្បងជំនឿរបស់ពួកគាត់ទៅលើព្រះ។ ប៉ុន្ដែ ចិត្ដរាបទាបនឹងជួយពួកគាត់ឲ្យការពារជំនឿរបស់ពួកគាត់។ ហេតុអ្វី? បើពួកគាត់មានចិត្ដរាបទាប ពួកគាត់នឹងបន្ដគោរពប្រណិប័តន៍ព្រះយេហូវ៉ាដោយមានទំនុកចិត្ដថាព្រះមិនអាចប្រព្រឹត្ដដោយអយុត្ដិធម៌ទេ។ (សូមអាន ចោទិយកថា ៣២:៣, ៤) នៅពេលអនាគត ណាបោត កូនប្រុសនិងក្រុមគ្រួសាររបស់គាត់នឹងទទួលភាពយុត្ដិធម៌ដ៏ល្អឥតខ្ចោះកាលដែលព្រះយេហូវ៉ាប្រោសមនុស្សសុចរិតឲ្យរស់ឡើងវិញ។ (យ៉ូប ១៤:១៤, ១៥; យ៉ូហាន ៥:២៨, ២៩) បុគ្គលដែលមានចិត្ដរាបទាបដឹងថា«ព្រះទ្រង់នឹងនាំគ្រប់ការទាំងអស់មកដើម្បីជំនុំជំរះ ព្រមទាំងអ្វីដែលលាក់កំបាំងផង ទោះល្អអាក្រក់ក្ដី»។ (សាស្តា ១២:១៤) ព្រះយេហូវ៉ាពិនិត្យពិចារណាអំពីអ្វីផ្សេងដែលយើងមិនដឹង។ ដូច្នេះ ចិត្ដរាបទាបការពារយើងពីការបាត់បង់ជំនឿទៅលើព្រះយេហូវ៉ា។

ចិត្ដរាបទាបការពារយើង ពីការបាត់បង់ជំនឿ ទៅលើព្រះយេហូវ៉ា

១០, ១១. () តើទស្សនៈដែលយើងមានចំពោះភាពយុត្ដិធម៌អាចត្រូវសាកល្បងក្នុងស្ថានភាពអ្វីខ្លះ? () តើចិត្ដរាបទាបនឹងការពារយើងយ៉ាងដូចម្ដេច?

១០ បើអ្នកចាស់ទុំធ្វើការសម្រេចចិត្ដដែលអ្នកមិនយល់ ឬដែលអ្នកមិនយល់ស្រប តើអ្នកនឹងមានប្រតិកម្មយ៉ាងណា? ជាឧទាហរណ៍ បើអ្នកបុគ្គលណាម្នាក់ដែលអ្នកស្រឡាញ់បាត់បង់ភារកិច្ចណាមួយក្នុងកិច្ចបម្រើព្រះយេហូវ៉ា តើអ្នកនឹងធ្វើអ្វី? ចុះយ៉ាងណា បើគូអាពាហ៍ពិពាហ៍ កូនប្រុសស្រី ឬមិត្ដភក្ដិជិតស្និទ្ធរបស់អ្នកបានត្រូវបណ្ដាច់មិត្ដភាព ហើយអ្នកមិនយល់ស្របនឹងការសម្រេចចិត្ដរបស់ពួកអ្នកចាស់ទុំ តើអ្នកនឹងធ្វើយ៉ាងណា? ចុះបើអ្នកគិតថាគឺជាការខុសដែលពួកអ្នកចាស់ទុំបង្ហាញសេចក្ដីមេត្ដាករុណាចំពោះបុគ្គលដែលបានប្រព្រឹត្ដអំពើខុសឆ្គង តើអ្នកនឹងធ្វើអ្វី? ស្ថានភាពបែបនេះអាចសាកល្បងជំនឿរបស់យើងទៅលើព្រះយេហូវ៉ានិងរបៀបដែលលោកបានរៀបចំក្រុមជំនុំនៅសព្វថ្ងៃនេះ។ តើតាមរបៀបណាចិត្ដរាបទាបនឹងការពារអ្នក បើអ្នកបានត្រូវសាកល្បងដោយស្ថានភាពណាមួយក្នុងចំណោមស្ថានភាពទាំងនេះ? សូមយើងពិចារណារបៀបពីរយ៉ាង។

តើអ្នកនឹងមានប្រតិកម្មយ៉ាងណា បើពួកអ្នកចាស់ទុំជូនដំណឹង អំពីការសម្រេចចិត្ដណាមួយដែលអ្នកមិនយល់ស្រប? (សូមមើលវគ្គ១០, ១១)

១១ ទី១ បើយើងមានចិត្ដរាបទាប យើងនឹងទទួលស្គាល់ថាយើងមិនដឹងអ្វីទាំងអស់អំពីរឿងនោះទេ។ ទោះជាយើងគិតថាយើងដឹងអ្វីទាំងអស់អំពីស្ថានភាពណាមួយក្ដី មានតែព្រះយេហូវ៉ាប៉ុណ្ណោះដែលដឹងអំពីអ្វីដែលមាននៅក្នុងចិត្ដរបស់បុគ្គលណាម្នាក់។ (សាំយូអែលទី១ ១៦:៧) ពេលយើងចាំអំពីចំណុចនេះ ដោយចិត្ដរាបទាបយើងនឹងទទួលស្គាល់ថាសមត្ថភាពរបស់យើងមានកម្រិត ហើយថាយើងត្រូវកែប្រែរបៀបគិតគូររបស់យើង។ ទី២ បើយើងបានឃើញរងអំពើអយុត្ដិធម៌ ចិត្ដរាបទាបនឹងជួយយើងឲ្យចេះស្តាប់បង្គាប់និងមានចិត្ដអត់ធ្មត់ ហើយរង់ចាំឲ្យព្រះយេហូវ៉ាដោះស្រាយ។ គម្ពីរចែងថា«ពួកអ្នកដែលកោតខ្លាចដល់ព្រះ . . . គេនឹងមានសេចក្ដីសុខស្រួលវិញ»។ គម្ពីរក៏ចែងដែរថា«តែមិនបានសេចក្ដីសុខស្រួលដល់មនុស្សអាក្រក់ទេ ឯអាយុគេ . . . ក៏មិនបានយឺនយូរដែរ»។ (សាស្តា ៨:១២, ១៣) បើយើងរក្សាចិត្ដរាបទាប យើងនឹងទទួលប្រយោជន៍ ហើយអ្នកទៀតដែលពាក់ព័ន្ធនឹងរឿងនោះក៏នឹងទទួលប្រយោជន៍ដែរ។—សូមអាន ពេត្រុសទី១ ៥:៥

ពេលមួយដែលមានពុតត្បុតក្នុងក្រុមជំនុំ

១២. តើយើងនឹងពិចារណានៅឥឡូវនេះអំពីកំណត់ហេតុអ្វី ហើយហេតុអ្វី?

១២ គ្រិស្ដសាសនិកសម័យដើមនៅក្រុងអាន់ទីយ៉ូកនាស្រុកស៊ីរីបានជួបប្រទះនឹងស្ថានភាពមួយដែលបានសាកល្បងចិត្ដរាបទាបរបស់ពួកគាត់និងការសុខចិត្ដអភ័យទោសឲ្យអ្នកទៀត។ សូមយើងប្រើកំណត់ហេតុនោះដើម្បីពិចារណាអំពីចិត្ដគំនិតរបស់យើងចំពោះការអភ័យទោសឲ្យអ្នកទៀត។ នេះប្រហែលជានឹងជួយយើងឲ្យយល់អំពីមូលហេតុដែលព្រះយេហូវ៉ាអាចប្រើមនុស្សមិនល្អឥតខ្ចោះដោយនៅតែរក្សាខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់លោក។

១៣, ១៤. តើសាវ័កពេត្រុសបានទទួលភារកិច្ចអ្វី ហើយតើគាត់បានបង្ហាញយ៉ាងណាថាគាត់មានចិត្ដក្លាហាន?

១៣ សាវ័កពេត្រុសជាអ្នកចាស់ទុំដែលគ្រិស្ដសាសនិកភាគច្រើននៅសម័យដើមបានស្គាល់។ គាត់ជាមិត្ដភក្ដិរបស់លោកយេស៊ូ ហើយគាត់បានទទួលភារកិច្ចដ៏សំខាន់។ (ម៉ាថាយ ១៦:១៩) ជាឧទាហរណ៍ នៅឆ្នាំ៣៦ គ.ស. ពេត្រុសបានត្រូវចាត់ឲ្យទៅផ្សព្វផ្សាយដល់កូនេលាសនិងពួកអ្នកផ្ទះរបស់គាត់។ ហេតុអ្វីនេះគឺពិសេស? ពីព្រោះកូនេលាសមិនមែនជាជនជាតិយូដា គាត់ជាជនជាតិដទៃដែលមិនបានកាត់ចុងស្បែក។ ពេលកូនេលាសនិងពួកអ្នកផ្ទះរបស់គាត់បានទទួលសកម្មពលបរិសុទ្ធ ពេត្រុសបានទទួលស្គាល់ថាពួកគាត់អាចទទួលការជ្រមុជទឹកជាគ្រិស្ដសាសនិក។ គាត់បាននិយាយថា«តើមានអ្នកណាអាចហាមអ្នកទាំងនេះ មិនឲ្យទទួលការជ្រមុជទឹក ក្រោយពីពួកគេបានទទួលសកម្មពលបរិសុទ្ធដូចយើងដែរទេ?»។—សកម្មភាព ១០:៤៧

១៤ នៅឆ្នាំ៤៩ គ.ស. ពួកសាវ័កនិងពួកអ្នកចាស់ទុំនៅក្រុងយេរូសាឡិមបានជួបជុំគ្នាដើម្បីសម្រេចចិត្ដថា គ្រិស្ដសាសនិកដែលជាជនជាតិដទៃត្រូវកាត់ចុងស្បែកយ៉ាងណា។ នៅកិច្ចប្រជុំនោះ ពេត្រុសបានរំលឹកបងប្អូនដោយចិត្ដក្លាហានថាគាត់បានឃើញដោយផ្ទាល់ភ្នែកនូវជនជាតិដទៃដែលមិនបានកាត់ចុងស្បែកទទួលសកម្មពលបរិសុទ្ធ។ គឺបទពិសោធន៍របស់ពេត្រុសដែលបានជួយគណៈអភិបាលឲ្យធ្វើការសម្រេចចិត្ដ។ (សកម្មភាព ១៥:៦-១១, ១៣, ១៤, ២៨, ២៩) គ្រិស្ដសាសនិកជនជាតិយូដានិងគ្រិស្ដសាសនិកជនជាតិដទៃ ច្បាស់ជាមានចិត្ដកតញ្ញូដែលពេត្រុសមានចិត្ដក្លាហាន ហើយហ៊ានប្រាប់អំពីអ្វីដែលបានកើតឡើង។ គ្រិស្ដសាសនិកនៅសម័យដើមទំនងជាស្រួលទុកចិត្ដបុរសដ៏ស្មោះត្រង់និងដែលមានភាពចាស់ទុំនេះ!—ហេប្រឺ ១៣:៧

១៥. ពេលដែលពេត្រុសនៅក្រុងអាន់ទីយ៉ូកនាស្រុកស៊ីរី តើគាត់បានធ្វើខុសអ្វី? (សូមមើលរូបភាពនៅដើមអត្ថបទ)

១៥ មិនយូរក្រោយពីកិច្ចប្រជុំនៅក្រុងយេរូសាឡិមនោះ ពេត្រុសបានទៅក្រុងអាន់ទីយ៉ូកនៅស្រុកស៊ីរី។ កាលដែលគាត់នៅទីនោះ គាត់បានចំណាយពេលជាមួយនឹងបងប្អូនជនជាតិដទៃ។ យើងអាចស្រមៃគិតថាពួកគាត់ពិតជាចូលចិត្ដរៀនពីបទពិសោធន៍និងចំណេះដឹងរបស់ពេត្រុស។ ប៉ុន្ដែ ពេលដែលពេត្រុសស្រាប់តែឈប់បរិភោគអាហារជាមួយនឹងពួកគាត់ ពួកគាត់ច្បាស់ជាភ្ញាក់ផ្អើលនិងឈឺចិត្ដ។ ពេត្រុសបាននាំឲ្យគ្រិស្ដសាសនិកជនជាតិយូដាទៀត រួមទាំងបាណាបាសឲ្យធ្វើដូចគាត់។ ហេតុអ្វីអ្នកចាស់ទុំគ្រិស្ដសាសនិកនេះដែលមានបទពិសោធន៍ច្រើនបានធ្វើខុសធ្ងន់ធ្ងរដែលអាចនាំឲ្យក្រុមជំនុំបែកបាក់គ្នា? សំខាន់ជាងនេះទៅទៀត តើយើងអាចរៀនអ្វីពីកំហុសរបស់ពេត្រុសដែលអាចជួយយើង បើពាក្យសម្ដីការប្រព្រឹត្ដរបស់អ្នកចាស់ទុំធ្វើឲ្យយើងឈឺចិត្ដ?

តើគ្រិស្ដសាសនិកជនជាតិដទៃដែលពេត្រុសបានធ្វើឲ្យឈឺចិត្ដ នឹងប្រព្រឹត្ដយ៉ាងណាចំពោះអំពើអយុត្ដិធម៌នេះ?

១៦. តើពេត្រុសបានត្រូវកែតម្រង់យ៉ាងដូចម្ដេច ហើយតើនេះនាំឲ្យមានសំណួរអ្វីខ្លះ?

១៦ សូមអាន កាឡាទី ២:១១-១៤ពេត្រុសបានចាប់ផ្ដើមខ្លាចមនុស្ស។ (សុភាសិត ២៩:២៥) ពេត្រុសបានដឹងអំពីទស្សនៈរបស់ព្រះយេហូវ៉ាចំពោះជនជាតិដទៃ។ ប៉ុន្ដែ គាត់នៅតែខ្លាចថាគ្រិស្ដសាសនិកជនជាតិយូដាពីក្រុងយេរូសាឡិមដែលបានកាត់ចុងស្បែក នឹងមិនពេញចិត្ដគាត់បើគាត់សេពគប់ជាមួយនឹងគ្រិស្ដសាសនិកជនជាតិដទៃទាំងនោះ។ សាវ័កប៉ូលបានប្រាប់ពេត្រុសថាគាត់ជាមនុស្សមានពុត។ ហេតុអ្វី? ពីព្រោះប៉ូលបានពេត្រុសនិយាយការពារជនជាតិដទៃនៅកិច្ចប្រជុំក្នុងក្រុងយេរូសាឡិម នាឆ្នាំ៤៩ គ.ស.។ (សកម្មភាព ១៥:១២; កាឡាទី ២:១៣) តើគ្រិស្ដសាសនិកជនជាតិដទៃដែលពេត្រុសបានធ្វើឲ្យឈឺចិត្ដនឹងប្រព្រឹត្ដយ៉ាងណា? តើពួកគាត់នឹងអនុញ្ញាតឲ្យបញ្ហានោះបណ្ដាលឲ្យពួកគាត់ជំពប់ដួលទេ? តើពេត្រុសនឹងបាត់បង់ភារកិច្ចដោយសារកំហុសរបស់គាត់ទេ?

ចូរអភ័យទោសឲ្យអ្នកទៀត

១៧. តើពេត្រុសបានទទួលប្រយោជន៍យ៉ាងណាពីការអភ័យទោសរបស់ព្រះយេហូវ៉ា?

១៧ ពេត្រុសមានចិត្ដរាបទាប ហើយបានទទួលយកការកែតម្រង់ពីប៉ូល។ បទគម្ពីរមិនបានចែងថាពេត្រុសបានបាត់បង់ភារកិច្ចណាមួយរបស់គាត់ឡើយ។ តាមពិតក្រោយមក ក្រោមការដឹកនាំរបស់ព្រះគាត់បានសរសេរសំបុត្រពីរដែលបានទៅជាផ្នែកមួយនៃគម្ពីរ។ ក្នុងសំបុត្រទី២របស់គាត់ គាត់ថែមទាំងហៅប៉ូលថា«បងប្រុសជាទីស្រឡាញ់របស់យើង»។ (ពេត្រុសទី២ ៣:១៥) កំហុសរបស់ពេត្រុសច្បាស់ជាបានធ្វើឲ្យគ្រិស្ដសាសនិកជនជាតិដទៃឈឺចិត្ដ។ ប៉ុន្ដែ លោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំបានបន្ដប្រើគាត់។ (អេភេសូរ ១:២២) បងប្អូនក្នុងក្រុមជំនុំនោះមានឱកាសយកតម្រាប់លោកយេស៊ូនិងបិតារបស់លោកដោយអភ័យទោសឲ្យពេត្រុស។ យើងសង្ឃឹមថា គ្មានអ្នកណាម្នាក់បានអនុញ្ញាតឲ្យកំហុសរបស់មនុស្សដែលមិនល្អឥតខ្ចោះនោះធ្វើឲ្យខ្លួនជំពប់ដួលឡើយ។

១៨. ជាពិសេស តើនៅពេលណាយើងត្រូវមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌?

១៨ គ្មានអ្នកចាស់ទុំដែលល្អឥតខ្ចោះក្នុងក្រុមជំនុំគ្រិស្ដសាសនិកនៅសម័យដើម ហើយក៏គ្មានអ្នកចាស់ទុំដែលល្អឥតខ្ចោះក្នុងក្រុមជំនុំគ្រិស្ដសាសនិកនៅសព្វថ្ងៃនេះដែរ។ គម្ពីរចែងថា«យើងទាំងអស់គ្នាជំពប់ដួលជាញឹកញយ»។ (យ៉ាកុប ៣:២, កំ.ស.) យើងស្រួលទទួលស្គាល់ចំណុចនេះ។ ប៉ុន្ដែតើយើងនឹងធ្វើអ្វី ពេលភាពមិនល្អឥតខ្ចោះរបស់បងប្អូនណាម្នាក់ប៉ះពាល់ដល់យើង? តើយើងនឹងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌ទេ? ជាឧទាហរណ៍ តើអ្នកនឹងប្រព្រឹត្ដយ៉ាងណា បើអ្នកចាស់ទុំណាម្នាក់និយាយអ្វីដែលមើលទៅដូចជាលម្អៀង? ចុះយ៉ាងណា បើអ្នកចាស់ទុំណាម្នាក់និយាយអ្វីមួយដោយមិនគិត ដែលធ្វើឲ្យអ្នកឈឺចិត្ដទើសចិត្ដ តើអ្នកនឹងអនុញ្ញាតឲ្យបញ្ហានោះនាំឲ្យអ្នកជំពប់ដួលទេ? ជាជាងសន្និដ្ឋានភ្លាមថាបងប្រុសនោះមិនសមធ្វើជាអ្នកចាស់ទុំ តើអ្នកនឹងរង់ចាំដោយចិត្ដអត់ធ្មត់ដើម្បីឲ្យលោកយេស៊ូដែលជាប្រមុខនៃក្រុមជំនុំដោះស្រាយបញ្ហានោះទេ? ជាជាងផ្ដោតអារម្មណ៍ទៅលើកំហុសនោះ តើអ្នកនឹងចាំអំពីកិច្ចបម្រើយ៉ាងស្មោះត្រង់អស់ជាច្រើនឆ្នាំរបស់បងប្រុសនោះទេ? បើបងប្អូនប្រុសណាម្នាក់ដែលបានធ្វើខុសចំពោះអ្នក បន្ដបម្រើជាអ្នកចាស់ទុំទទួលភារកិច្ចថែមទៀត តើអ្នកនឹងអរសប្បាយចំពោះគាត់ទេ? បើអ្នកសុខចិត្ដអភ័យទោសឲ្យគាត់ អ្នកបង្ហាញថាអ្នកមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌។—សូមអាន ម៉ាថាយ ៦:១៤, ១៥

១៩. តើយើងគួរតាំងចិត្ដធ្វើអ្វី?

១៩ ដោយសារយើងស្រឡាញ់ភាពយុត្ដិធម៌ យើងពិតជាទន្ទឹងរង់ចាំគ្រាដែលព្រះយេហូវ៉ានឹងលុបបំបាត់អំពើអយុត្ដិធម៌ទាំងអស់ដែលបណ្ដាលមកពីសាថាននិងរបៀបរបបពិភពលោកដ៏អាក្រក់របស់វា។ (អេសាយ ៦៥:១៧) ទម្រាំដល់ពេលនោះ កាលដែលយើងរងអំពើអយុត្ដិធម៌ សូមយើងទទួលស្គាល់ដោយចិត្ដរាបទាបថាយើងប្រហែលជាមិនដឹងអ្វីទាំងអស់អំពីរឿងនោះ ហើយអភ័យទោសដោយស្មោះដល់ពួកអ្នកដែលធ្វើខុសចំពោះយើង។ បើយើងធ្វើដូច្នេះ យើងនឹងមានទស្សនៈដូចព្រះយេហូវ៉ាចំពោះភាពយុត្ដិធម៌។