លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​យក​តម្រាប់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ

ចូរ​យក​តម្រាប់​ព្រះ​យេហូវ៉ា ជា​ព្រះ​ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ

​«​សូម​សរសើរ​ព្រះ . . . លោក​សម្រាល​ទុក្ខ[​ឬ​«​លើក​ទឹក​ចិត្ដ​»​ *​]យើង​ពី​សេចក្ដី​វេទនា​សព្វ​បែប​យ៉ាង​»។—កូរិនថូស​ទី២ ១:៣, ៤

ចម្រៀង​លេខ: ៧,

១. ពេល​ដែល​អាដាម​និង​អេវ៉ា​បាន​បះ​បោរ​ប្រឆាំង តើ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ​និង​សេចក្ដី​សង្ឃឹម​អ្វី​ដល់​មនុស្សជាតិ?

ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ។ លោក​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ តាំង​ពី​មនុស្ស​បាន​ធ្វើ​អំពើ​ខុស​ឆ្គង ហើយ​បាន​ទៅ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ភ្លាម​ៗ​ក្រោយ​ពី​អាដាម​និង​អេវ៉ា​បាន​បះ​បោរ​ប្រឆាំង​ព្រះ លោក​បាន​ប្រកាស​ទំនាយ​មួយ។ ពេល​មនុស្ស​ដែល​កើត​ក្រោយ​ៗ​មក​យល់​ទំនាយ​នេះ នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​និង​ទទួល​ការ​លើក​ទឹក​ចិត្ដ។ ទំនាយ​នេះ​គឺ​នៅ​លោកុប្បត្ដិ ៣:១៥ ហើយ​មាន​សេចក្ដី​សន្យា​ថា​មេ​កំណាច​សាថាន​និង​ស្នា​ដៃ​ដ៏​ខូច​អាក្រក់​របស់​វា​នឹង​ត្រូវ​បំផ្លាញ។—យ៉ូហាន​ទី១ ៣:៨; ការ​បើក​បង្ហាញ ១២:៩

ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល

២. តើ​ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​ណូអេ​យ៉ាង​ដូច​ម្ដេច?

សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​ណូអេ​ដែល​ជា​អ្នក​បម្រើ​លោក។ មនុស្ស​ដែល​រស់​នៅ​សម័យ​គាត់​បាន​ប្រព្រឹត្ដ​ដោយ​ឃោរ​ឃៅ​និង​ប្រាស​ចាក​សីលធម៌ ហើយ​មាន​តែ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ​ដែល​បាន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ នោះ​អាច​ធ្វើ​ឲ្យ​ណូអេ​ធ្លាក់​ទឹក​ចិត្ដ។ (​លោកុប្បត្ដិ ៦:៤, ៥, ១១; យូដាស ៦​) ប៉ុន្ដែ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ណូអេ​នូវ​ចិត្ដ​ក្លាហាន​ដែល​គាត់​ត្រូវ​ការ​ដើម្បី​បន្ដ​គោរព​ប្រណិប័តន៍​លោក​និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​លោកុប្បត្ដិ ៦:៩​) ព្រះ​យេហូវ៉ា​បាន​ប្រាប់​ណូអេ​ថា​លោក​នឹង​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នោះ ហើយ​បាន​ពន្យល់​អំពី​អ្វី​ដែល​ណូអេ​ត្រូវ​ធ្វើ​ដើម្បី​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​រួច​ជីវិត។ (​លោកុប្បត្ដិ ៦:១៣​-​១៨​) ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ​ដល់​ណូអេ។

៣. តើ​ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​យ៉ូស្វេ​តាម​របៀប​ណា? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​យ៉ូស្វេ​ជា​អ្នក​បម្រើ​របស់​លោក ដែល​ត្រូវ​ធ្វើ​កិច្ច​ការ​ដ៏​ធ្ងន់​ធ្ងរ​មួយ។ គាត់​ត្រូវ​នាំ​មុខ​រាស្ដ្រ​របស់​ព្រះ​ចូល​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា ហើយ​ត្រូវ​យក​ឈ្នះ​លើ​កង​ទ័ព​ដ៏​ខ្លាំង​ក្លា​របស់​ប្រជា​ជាតិ​ដែល​រស់​នៅ​ទី​នោះ។ ព្រះ​យេហូវ៉ា​ដឹង​ថា​មាន​មូលហេតុ​ឲ្យ​យ៉ូស្វេ​ភ័យ​ខ្លាច ដូច្នេះ​លោក​បាន​ប្រាប់​ម៉ូសេ​ថា​៖ ​«​ត្រូវ​ឲ្យ​បង្គាប់​យ៉ូស្វេ​វិញ ព្រម​ទាំង​កំឡា​ចិត្ដ​គាត់ ហើយ​ចំរើន​កំឡាំង​ដល់​គាត់​ផង ដ្បិត​ត្រូវ​ឲ្យ​គាត់​ឆ្លង​នាំ​មុខ​បណ្ដា​ជន​ទាំង​នេះ​ទៅ ឲ្យ​គេ​បាន​ទទួល​ស្រុក​ដែល​ឯង​នឹង​មើល​ឃើញ​នោះ ទុក​ជា​មរដក​របស់​គេ​»។ (​ចោទិយកថា ៣:២៨​) រួច​មក ព្រះ​យេហូវ៉ា​ផ្ទាល់​បាន​លើក​ទឹក​ចិត្ដ​យ៉ូស្វេ​ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​តើ​អញ​មិន​បាន​បង្គាប់​ឯង​ទេ​ឬ​អី? ដូច្នេះ​ចូរ​ឲ្យ​មាន​កំឡាំង​នឹង​ចិត្ដ​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ដ​ផង ដ្បិត​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា​ដែល​ឯង​ទៅ​ផង​»។ (​យ៉ូស្វេ ១:១,​) តើ​អ្នក​គិត​ថា​ពាក្យ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​យ៉ូស្វេ​មាន​អារម្មណ៍​យ៉ាង​ណា?

៤, ៥. (​ក​) តើ​ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​អ្នក​បម្រើ​របស់​លោក​នៅ​អតីតកាល​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​បុត្រ​របស់​លោក​តាម​របៀប​ណា?

ព្រះ​យេហូវ៉ា​ក៏​បាន​លើក​ទឹក​ចិត្ដ​រាស្ដ្រ​របស់​លោក​ជា​ក្រុម​ដែរ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​ដឹង​ថា​ជន​ជាតិ​យូដា​នឹង​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​ពេល​ពួក​គេ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ហើយ​លោក​បាន​ឲ្យ​ពួក​គេ​នូវ​ទំនាយ​មួយ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ​ថា​៖ ​«​កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង កុំ​ឲ្យ​ស្រយុត​ចិត្ដ​ឲ្យ​សោះ ពី​ព្រោះ​អញ​ជា​ព្រះ​នៃ​ឯង អញ​នឹង​ចំរើន​កំឡាំង​ដល់​ឯង អើ អញ​នឹង​ជួយ​ឯង អើ អញ​នឹង​ទ្រ​ឯង​ដោយ​ដៃ​ស្ដាំ​ដ៏​សុចរិត​របស់​អញ​»។ (​អេសាយ ៤១:១០​) នៅ​គ្រា​ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម ហើយ​លោក​ក៏​លើក​ទឹក​ចិត្ដ​យើង​តាម​របៀប​ដូច​គ្នា​ដែរ។—សូម​អាន កូរិនថូស​ទី២ ១:៣, ៤

ព្រះ​យេហូវ៉ា​ក៏​បាន​លើក​ទឹក​ចិត្ដ​បុត្រ​របស់​លោក។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក លោក​បាន​ឮ​សំឡេង​ពី​ស្ថាន​សួគ៌​ថា​៖ ​«​នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ដ​ខ្ញុំ​ណាស់​»។ (​ម៉ាថាយ ៣:១៧​) តើ​អ្នក​អាច​ស្រមៃ​គិត​ថា​ពាក្យ​ទាំង​នេះ​បាន​ពង្រឹង​កម្លាំង​ចិត្ដ​លោក​យេស៊ូ​ខ្លាំង​យ៉ាង​ណា​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​នៅ​ផែន​ដី?

លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ដ អ្នក​ឯ​ទៀត

៦. តើ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ថាលិន​អាច​លើក​ទឹក​ចិត្ដ​យើង​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​យក​តម្រាប់​បិតា​របស់​លោក​ដោយ​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត​ឲ្យ​នៅ​ស្មោះ​ត្រង់។ លោក​បាន​ធ្វើ​ដូច្នេះ​តាម​រយៈ​ឧទាហរណ៍​អំពី​ថាលិន។ នៅ​ក្នុង​ឧទាហរណ៍​នោះ ម្ចាស់​បាន​ប្រាប់​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ម្នាក់​ៗ​ថា​៖ ​«​ខ្ញុំ​បម្រើ​ដ៏​ល្អ​ហើយ​ស្មោះ​ត្រង់​អើយ! អ្នក​ធ្វើ​ការ​បាន​ល្អ​ណាស់! អ្នក​បាន​ស្មោះ​ត្រង់​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​របស់​បន្ដិច​បន្ដួច។ ខ្ញុំ​នឹង​តែង​តាំង​អ្នក​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​របស់​ជា​ច្រើន​វិញ។ ចូរ​មក​អរ​សប្បាយ​ជា​មួយ​នឹង​ម្ចាស់​របស់​អ្នក​ចុះ​»។ (​ម៉ាថាយ ២៥:២១, ២៣​) ពាក្យ​ទាំង​នេះ​បាន​លើក​ទឹក​ចិត្ដ​អ្នក​កាន់​តាម​លោក​ឲ្យ​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់!

លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ដ​ពេត្រុស ហើយ​ថែម​ទាំង​ប្រគល់​ភារកិច្ច​ឲ្យ​គាត់​ពង្រឹង​កម្លាំង​ចិត្ដ​អ្នក​ឯ​ទៀត

៧. តើ​តាម​របៀប​ណា​លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ដ​សាវ័ក​របស់​លោក ជា​ពិសេស​ពេត្រុស?

ទោះ​ជា​ពួក​សាវ័ក​ច្រើន​តែ​បាន​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ​ក្ដី លោក​យេស៊ូ​តែង​តែ​អត់​ធ្មត់​នឹង​ពួក​គេ។ លោក​បាន​លើក​ទឹក​ចិត្ដ​ពួក​គេ​ឲ្យ​មាន​ចិត្ដ​រាប​ទាប ហើយ​បម្រើ​អ្នក​ឯ​ទៀត ជា​ជាង​ចង់​ឲ្យ​អ្នក​ឯ​ទៀត​បម្រើ​ពួក​គេ។ (​លូកា ២២:២៤​-​២៦​) នៅ​ពេល​ខ្លះ ពេត្រុស​បាន​ធ្វើ​ខុស និង​ធ្វើ​ឲ្យ​លោក​យេស៊ូ​ខក​ចិត្ដ។ (​ម៉ាថាយ ១៦:២១​-​២៣; ២៦:៣១​-​៣៥, ៧៥​) ប៉ុន្ដែ លោក​យេស៊ូ​មិន​ដែល​ឈប់​ទទួល​ស្គាល់​ពេត្រុស​ជា​អ្នក​កាន់​តាម​លោក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​លើក​ទឹក​ចិត្ដ​ពេត្រុស ហើយ​ថែម​ទាំង​ប្រគល់​ភារកិច្ច​ឲ្យ​គាត់​ពង្រឹង​កម្លាំង​ចិត្ដ​អ្នក​ឯ​ទៀត។—យ៉ូហាន ២១:១៦

ការ​លើក​ទឹក​ចិត្ដ​នៅ​សម័យ​បុរាណ

៨. តើ​ហេសេគា​បាន​លើក​ទឹក​ចិត្ដ​មេ​ទ័ព​និង​អ្នក​ក្រុង​យេរូសាឡិម​តាម​របៀប​ណា?

សូម្បី​តែ​មុន​លោក​យេស៊ូ​បាន​ទុក​គំរូ​ឲ្យ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ធ្វើ​តាម ពួក​គេ​ក៏​ដឹង​ថា​ពួក​គេ​ត្រូវ​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត។ សូម​គិត​អំពី​ហេសេគា។ ពេល​ជន​ជាតិ​អាសស៊ើរ​ហៀបនឹង​វាយ​ប្រហារ​អ្នក​ក្រុង​យេរូសាឡិម គាត់​បាន​ប្រមូល​មេ​ទ័ព​និង​បណ្ដា​ជន​ដើម្បី​លើក​ទឹក​ចិត្ដ​ពួក​គេ ហើយ​ពួក​គេ​បាន​ទទួល​កម្លាំង​ចិត្ដ​ឬ​«​ផ្អែក​ចិត្ដ​ទៅ​លើ​ព្រះ​បន្ទូល​នៃ​ហេសេគា​»។—សូម​អាន របា​ក្សត្រ​ទី២ ៣២:៦​-​៨

៩. តើ​យើង​អាច​រៀន​អ្វី​ពី​យ៉ូប​អំពី​ការ​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ?

យើង​ក៏​អាច​រៀន​អំពី​ការ​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ​ពី​គំរូ​របស់​យ៉ូប។ ទោះ​ជា​គាត់​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​ក៏​ដោយ គាត់​បាន​បង្រៀន​អ្នក​ឯ​ទៀត​អំពី​របៀប​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ។ យ៉ូប​បាន​ប្រាប់​បុរស​បី​នាក់​ដែល​មក​សម្រាល​ទុក្ខ​គាត់​ថា បើ​គាត់​ជា​អ្នក​សម្រាល​ទុក្ខ​ពួក​គេ​វិញ គាត់​នឹង​និយាយ​អ្វី​ដែល​ពង្រឹង​កម្លាំង​ចិត្ដ​និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ធូរ​ស្រាល មិន​មែន​នាំ​ឲ្យ​ពួក​គេ​ឈឺ​ចិត្ដ​ទេ។ (​យ៉ូប ១៦:១​-​៥​) ប៉ុន្ដែ ក្រោយ​មក​យ៉ូប​បាន​ទទួល​ការ​លើក​ទឹក​ចិត្ដ​ពី​អេលីហ៊ូវ​និង​ពី​ព្រះ​យេហូវ៉ា​ផ្ទាល់។—យ៉ូប ៣៣:២៤, ២៥; ៣៦:១, ១១; ៤២:៧, ១០

១០, ១១. (​ក​) ហេតុ​អ្វី​កូន​ស្រី​របស់​យែបថា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ? (​ខ​) នៅ​សព្វ​ថ្ងៃ​នេះ តើ​យើង​អាច​លើក​ទឹក​ចិត្ដ​អ្នក​ណា?

១០ កូន​ស្រី​របស់​យែបថា​ក៏​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​ដែរ។ មុន​យែបថា​ដែល​ជា​ចៅ​ក្រម​និង​ជា​ឪ​ពុក​របស់​នាង​ទៅ​ប្រយុទ្ធ​នឹង​ជន​ជាតិ​អាំម៉ូន គាត់​បាន​សន្យា​ថា បើ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​ឈ្នះ​ចម្បាំង​នោះ បុគ្គល​ដំបូង​ដែល​ចេញ​មក​ជួប​គាត់​នៅ​ពេល​ដែល​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ នឹង​ទៅ​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឯ​ត្រសាល។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ឈ្នះ​ការ​ប្រយុទ្ធ​នោះ ហើយ​បុគ្គល​ដំបូង​ដែល​បាន​ចេញ​មក​ជួប​យែបថា​ជា​កូន​ស្រី​របស់​គាត់ ដែល​ជា​កូន​តែ​មួយ​គត់​របស់​គាត់។ យែបថា​ឈឺ​ចិត្ដ​ជា​ខ្លាំង។ ប៉ុន្ដែ គាត់​បាន​រក្សា​ពាក្យ​សន្យា​របស់​គាត់ ហើយ​បាន​បញ្ជូន​កូន​ស្រី​របស់​គាត់​ឲ្យ​ទៅ​បម្រើ​នៅ​ឯ​ត្រសាល​អស់​មួយ​ជីវិត។—ពួក​ចៅហ្វាយ ១១:៣០​-​៣៥

១១ ទោះ​ជា​នេះ​ពិបាក​សម្រាប់​យែបថា​ក្ដី នេះ​គឺ​កាន់​តែ​ពិបាក​សម្រាប់​កូន​ស្រី​របស់​គាត់។ ប៉ុន្ដែ នាង​សុខ​ចិត្ដ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ឪ​ពុក​នាង។ (​ពួក​ចៅហ្វាយ ១១:៣៦, ៣៧​) នេះ​មាន​ន័យ​ថា​នាង​នឹង​មិន​រៀប​ការ​ឬ​បង្កើត​កូន​ទេ។ វង្ស​ត្រកូល​នោះ​នឹង​លែង​មាន​ទៀត។ នាង​ពិត​ជា​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ​និង​ការ​សម្រាល​ទុក្ខ។ គម្ពីរ​ចែង​ថា​៖ ​«​រាល់​តែ​ឆ្នាំ​ពួក​កូន​ស្រី​របស់​អ៊ីស្រាអែល គេ​តែង​ទៅ​យំ​រំឭក​ពី[​ឬ​«​សរសើរ​»​]កូន​ស្រី​របស់​យែបថា​ជា​ពួក​កាឡាត​នោះ គ្រប់​៤​ថ្ងៃ​ក្នុង​១​ឆ្នាំ​»។ (​ពួក​ចៅហ្វាយ ១១:៣៩, ៤០; ព.ថ.​) គំរូរបស់​កូន​ស្រី​យែបថា​រំលឹក​យើង​អំពី​គ្រិស្ដ​សាសនិក​នៅ​សព្វ​ថ្ងៃ​នេះ​ដែល​ប្រើ​ភាព​នៅ​លីវ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង។ តើ​យើង​អាច​សរសើរ​និង​លើក​ទឹក​ចិត្ដ​ពួក​គេ​ឬ​ទេ?—កូរិនថូស​ទី១ ៧:៣២​-​៣៥

ពួក​សាវ័ក​បាន​លើក​ទឹក​ចិត្ដ​បង​ប្អូន​រួម​ជំនឿ

១២, ១៣. តើ​ពេត្រុស​បាន‹ពង្រឹង​ជំនឿ​នៃ​បង​ប្អូន​របស់​គាត់›យ៉ាង​ដូច​ម្ដេច?

១២ នៅ​យប់​មុន​លោក​យេស៊ូ​ស្លាប់ លោក​បាន​ប្រាប់​សាវ័ក​ពេត្រុស​ថា​៖ ​«​ស៊ីម៉ូន ស៊ីម៉ូន មើល! សាថាន​បាន​ទាម​ទារ​រែង​អ្នក​រាល់​គ្នា​ដូច​អង្ករ។ ប៉ុន្ដែ​ខ្ញុំ​បាន​អធិដ្ឋាន​អង្វរ​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​ចុះ​ខ្សោយ។ ឯ​អ្នក​វិញ ពេល​ដែល​អ្នក​ប្រែ​ចិត្ដ​ហើយ ចូរ​ពង្រឹង​ជំនឿ​នៃ​បង​ប្អូន​របស់​អ្នក​»។—លូកា ២២:៣១, ៣២

អ្វី​ដែល​ពួក​សាវ័ក​បាន​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​បាន​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​នៅ​សតវត្សរ៍​ទី១ ហើយ​ក៏​នៅ​តែ​លើក​ទឹក​ចិត្ដ​យើង​នៅ​សព្វ​ថ្ងៃ​នេះ (​សូម​មើល​វគ្គ​១២​-​១៧​)

១៣ ពេត្រុស​គឺ​ជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​នាំ​មុខ​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម។ (​កាឡាទី ២:៩​) គាត់​បាន​លើក​ទឹក​ចិត្ដ​បង​ប្អូន​ដោយ​ការ​ប្រព្រឹត្ដ​ដ៏​ក្លាហាន​របស់​គាត់​នៅ​បុណ្យ​ថ្ងៃ​ទី​៥០​និង​នៅ​ពេល​ក្រោយ​មក។ ក្រោយ​ពី​គាត់​បាន​បម្រើ​អស់​ជា​ច្រើន​ឆ្នាំ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​បង​ប្អូន​ថា​៖ ​«​ខ្ញុំ​បាន​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា​យ៉ាង​ខ្លី . . . ដើម្បី​លើក​ទឹក​ចិត្ដ​អ្នក​រាល់​គ្នា ហើយ​បញ្ជាក់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ​ថា នេះ​ហើយ​ជា​គុណ​ដ៏​វិសេស​លើស​លប់​ដ៏​ពិត​របស់​ព្រះ។ ចូរ​កាន់​ជំហរ​មាំ​មួន​ក្នុង​គុណ​ដ៏​វិសេស​នេះ​»។ (​ពេត្រុស​ទី១ ៥:១២​) សំបុត្រ​របស់​ពេត្រុស​បាន​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​នៅ​សម័យ​គាត់ ហើយ​ក៏​នៅ​តែ​លើក​ទឹក​ចិត្ដ​យើង​នៅ​សព្វ​ថ្ងៃ​នេះ​កាល​ដែល​យើង​ទន្ទឹង​រង់​ចាំ​ការ​សម្រេច​នៃ​សេចក្ដី​សន្យា​ទាំង​អស់​របស់​ព្រះ​យេហូវ៉ា!—ពេត្រុស​ទី២ ៣:១៣

១៤, ១៥. ក្នុង​គម្ពីរ តើ​សៀវភៅ​ដែល​សាវ័ក​យ៉ូហាន​បាន​សរសេរ​លើក​ទឹក​ចិត្ដ​យើង​យ៉ាង​ដូច​ម្ដេច?

១៤ សាវ័ក​យ៉ូហាន​ក៏​ជា​បុគ្គល​ម្នាក់​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម។ គាត់​បាន​សរសេរ​សៀវភៅ​ដំណឹង​ល្អ​មួយ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ដ​អំពី​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ។ សៀវភៅ​នេះ​ក្នុង​គម្ពីរ បាន​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​អស់​រាប់​រយ​ឆ្នាំ​មក​ហើយ ហើយ​ក៏​បន្ដ​លើក​ទឹក​យើង​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ ជា​ឧទាហរណ៍ មាន​តែ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​រៀប​រាប់​ដោយ​យ៉ូហាន ដែល​យើង​អាច​អាន​អំពី​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា សេចក្ដី​ស្រឡាញ់​គឺ​ជា​សញ្ញា​សម្គាល់​នៃ​ពួក​អ្នក​កាន់​តាម​ពិត​របស់​លោក។—សូម​អាន យ៉ូហាន ១៣:៣៤, ៣៥

១៥ សំបុត្រ​ទាំង​បី​ដែល​យ៉ូហាន​បាន​សរសេរ​ក៏​មាន​ព័ត៌មាន​ដែល​មាន​តម្លៃ​ដែរ។ កាល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ដ​ដោយ​សារ​យើង​បាន​ធ្វើ​ខុស យើង​មាន​អារម្មណ៍​ធូរ​ស្រាល​ពេល​យើង​អាន​ថា គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ​«​សម្អាត​យើង​ពី​ភាព​ខុស​ឆ្គង​ទាំង​អស់​»។ (​យ៉ូហាន​ទី១ ១:៧​) ម្យ៉ាង​ទៀត បើ​យើង​បន្ដ​បន្ទោស​ខ្លួន យើង​នឹង​ទទួល​ការ​សម្រាល​ទុក​ពេល​យើង​អាន​បទ​គម្ពីរ​ដែល​ចែង​ថា​៖ ​«​ព្រះ​ធំ​ជាង​ចិត្ដ​របស់​យើង​»។ (​យ៉ូហាន​ទី១ ៣:២០​) ក្នុង​ចំណោម​អ្នក​សរសេរ​គម្ពីរ មាន​តែ​យ៉ូហាន​ដែល​បាន​សរសេរ​ថា​៖ ​«​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​យ៉ូហាន​ទី១ ៤:៨, ១៦​) សំបុត្រ​ទី២​និង​ទី៣​របស់​គាត់ សរសើរ​គ្រិស្ដ​សាសនិក​ដែល​បន្ដ​«​កាន់​ខ្ជាប់​តាម​សេចក្ដី​ពិត​»។—យ៉ូហាន​ទី២ ៤; យ៉ូហាន​ទី៣ ៣, ៤

១៦, ១៧. តើ​សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម​យ៉ាង​ដូច​ម្ដេច?

១៦ សាវ័ក​ប៉ូល​គឺ​ជា​គំរូ​ដ៏​ល្អ​ប្រសើរ​អំពី​បុគ្គល​ដែល​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ​ដល់​បង​ប្អូន​របស់​គាត់។ អស់​មួយ​រយៈ​ពេលក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ពួក​សាវ័ក​ភាគ​ច្រើន​បាន​នៅ​ក្រុង​យេរូសាឡិម ដែល​ជា​ទី​តាំង​នៃ​គណៈ​អភិបាល។ (​សកម្មភាព ៨:១៤; ១៥:២​) គ្រិស្ដ​សាសនិក​នៅ​តំបន់​យូឌា​បាន​ផ្សព្វ​ផ្សាយ​អំពី​គ្រិស្ដ​ដល់​មនុស្ស​ដែល​មាន​ជំនឿ​ទៅ​លើ​ព្រះ​មួយ​អង្គ។ ប៉ុន្ដែ សកម្មពល​បរិសុទ្ធ​បាន​ចាត់​ប៉ូល​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ក្រិច រ៉ូម និង​ជន​ជាតិ​ឯ​ទៀត​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ៗ​ជា​ច្រើន។—កាឡាទី ២:៧​-​៩; ធីម៉ូថេ​ទី១ ២:៧

១៧ ប៉ូល​បាន​ធ្វើ​ដំណើរ​នៅ​កន្លែង​ផ្សេង​ៗ​ដែល​ឥឡូវ​នេះ​នៅ​ក្នុង​ទឹក​ដី​របស់​ប្រទេស​តួកគី ព្រម​ទាំង​ប្រទេស​ក្រិច​និង​ប្រទេស​អ៊ីតាលី។ គាត់​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា​ដែល​រស់​នៅ​កន្លែង​ទាំង​នោះ ហើយ​បាន​បង្កើត​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក។ ជីវិត​គឺ​មិន​ស្រួល​ទេ​សម្រាប់​គ្រិស្ដ​សាសនិក​ថ្មី​ទាំង​នោះ។ ជន​រួម​ជាតិ​របស់​ពួក​គេ​បាន​បៀត​បៀន​ពួក​គេ ដូច្នេះ​ពួក​គេ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ។ (​ថែស្សាឡូនិច​ទី១ ២:១៤​) ប្រហែល​ជា​នៅ​ឆ្នាំ​៥០ គ.ស. ប៉ូល​បាន​សរសេរ​សំបុត្រ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ដ​ទៅ​កាន់​ក្រុម​ជំនុំ​ថ្មី​នៅ​ក្រុង​ថែស្សាឡូនិច។ ក្នុង​សំបុត្រ​នោះ​គាត់​បាន​និយាយ​ថា​៖ ​«​យើង​តែង​តែ​អរគុណ​ព្រះ ពេល​ដែល​យើង​អធិដ្ឋាន​អំពី​អ្នក​ទាំង​អស់​គ្នា ព្រោះ​យើង​តែង​នឹក​ឃើញ​កិច្ច​ការ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដោយ​ជំនឿ ហើយ​ការ​ខំ​ប្រឹង​ព្យាយាម​ដែល​ផុស​ចេញ​ពី​សេចក្ដី​ស្រឡាញ់ ថែម​ទាំង​របៀប​ដែល​អ្នក​រាល់​គ្នា​ស៊ូ​ទ្រាំ​»។ (​ថែស្សាឡូនិច​ទី១ ១:២, ៣​) គាត់​ក៏​បាន​សុំ​ឲ្យ​ពួក​គេ​ពង្រឹង​កម្លាំង​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​សរសេរ​ថា​៖ ​«​ចូរ​បន្ដ​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក​»។—ថែស្សាឡូនិច​ទី១ ៥:១១

គណៈ​អភិបាល​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ

១៨. តើ​គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី១​បាន​លើក​ទឹក​ចិត្ដ​ភីលីព​យ៉ាង​ដូច​ម្ដេច?

១៨ នៅ​សតវត្សរ៍​ទី១ ព្រះ​យេហូវ៉ា​បាន​ប្រើ​គណៈ​អភិបាល​ដើម្បី​លើក​ទឹក​ចិត្ដ​គ្រិស្ដ​សាសនិក​ទាំង​អស់ រួម​ទាំង​ពួក​អ្នក​ដែល​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​ដែរ។ ពេល​ភីលីព​បាន​ផ្សព្វ​ផ្សាយ​អំពី​គ្រិស្ដ​ដល់​ជន​ជាតិ​សាម៉ារី គណៈ​អភិបាល​បាន​គាំ​ទ្រ​គាត់។ ពួក​គាត់​បាន​ចាត់​ពេត្រុស​និង​យ៉ូហាន​ដែល​ជា​សមាជិក​គណៈ​អភិបាល​ឲ្យ​ទៅ​ជួប​គ្រិស្ដ​សាសនិក​ថ្មី​ទាំង​នោះ ហើយ​អធិដ្ឋាន​ដើម្បី​ឲ្យ​ពួក​គេ​ទទួល​សកម្មពល​បរិសុទ្ធ។ (​សកម្មភាព ៨:៥, ១៤​-​១៧​) ភីលីព​និង​បង​ប្អូន​ថ្មី​ទាំង​នោះ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ដ​ជា​ខ្លាំង​ពី​ការ​គាំ​ទ្រ​ដែល​មក​ពី​គណៈ​អភិបាល!

១៩. តើ​គ្រិស្ដ​សាសនិក​នៅ​សម័យ​ដើម​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ពួក​គេ​អាន​សំបុត្រ​ពី​គណៈ​អភិបាល?

១៩ ក្រោយ​មក គណៈ​អភិបាល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​អំពី​រឿង​ដ៏​សំខាន់​មួយ។ រឿង​នោះ​គឺ​តើ​គ្រិស្ដ​សាសនិក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា​ត្រូវ​កាត់​ចុង​ស្បែក​ដូច​ដែល​ជន​ជាតិ​យូដា​បាន​ធ្វើ​ស្រប​តាម​ច្បាប់​ម៉ូសេ​ឬ​ទេ? (​សកម្មភាព ១៥:១, ២​) ក្រោយ​ពី​គណៈ​អភិបាល​បាន​អធិដ្ឋាន​សុំ​សកម្មពល​បរិសុទ្ធ​និង​បាន​វែក​ញែក​អំពី​បទ​គម្ពីរ ពួក​គាត់​បាន​សម្រេច​ចិត្ដ​ថា​ការ​កាត់​ចុង​ស្បែក​លែង​ចាំ​បាច់​ទៀត។ បន្ទាប់​មក ពួក​គាត់​បាន​សរសេរ​សំបុត្រ​ដែល​រៀប​រាប់​អំពី​ការ​សម្រេច​ចិត្ដ​របស់​ពួក​គាត់ ហើយ​ចាត់​បង​ប្រុស​ៗ​ឲ្យ​យក​សំបុត្រ​នោះ​ទៅ​ឲ្យ​ក្រុម​ជំនុំ​នា​នា។ ពេល​គ្រិស្ដ​សាសនិក​បាន​អាន​សំបុត្រ​នោះ ពួក​គេ​«​ក៏​ត្រេក​អរ​នឹង​ការ​លើក​ទឹក​ចិត្ដ​នោះ​»។—សកម្មភាព ១៥:២៧​-​៣២

២០. (​ក​) តើ​គណៈ​អភិបាល​លើក​ទឹក​ចិត្ដ​យើង​ទាំង​អស់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២០ សព្វ​ថ្ងៃ​នេះ​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ​ដល់​សមាជិក​ក្រុម​គ្រួសារ​បេតអែល អ្នក​បម្រើ​ពេញ​ពេល​ពិសេស​ឯ​ទៀត និង​យើង​ទាំង​អស់​គ្នា។ ដូច​បង​ប្អូន​នៅ​សតវត្សរ៍​ទី១ យើង​ត្រេក​អរ​នឹង​ការ​លើក​ទឹក​ចិត្ដ​នោះ! ម្យ៉ាង​ទៀត ដើម្បី​លើក​ទឹក​ចិត្ដ​ពួក​អ្នក​ដែល​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត​ឲ្យ​ត្រឡប់​មក​វិញ នៅ​ឆ្នាំ​២០១៥​គណៈ​អភិបាល​បាន​ផ្ដល់​សៀវភៅ​ស្ដើង​ដែល​មាន​ចំណង​ជើង​ថា សូម​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញប៉ុន្ដែ តើ​មាន​តែ​បង​ប្រុស​ៗ​ដែល​នាំ​មុខ​ប៉ុណ្ណោះ​ដែល​គួរ​លើក​ទឹក​ចិត្ដ​អ្នក​ឯ​ទៀត ឬ​តើ​យើង​ទាំង​អស់​គ្នា​គួរ​ធ្វើ​ដូច្នេះ​ដែរ? យើង​នឹង​ពិចារណា​សំណួរ​នេះ​នៅ​អត្ថបទ​បន្ទាប់។

^ វគ្គ 2 យោង​ទៅ​តាម​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​កំណែ​ថ្មី​ដែល​បាន​ត្រូវ​បោះ​ពុម្ព​នៅ​ឆ្នាំ​២០១៣។