លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្អូន​ៗ​វ័យ​ក្មេង តើ​ប្អូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ឬ​ទេ?

ប្អូន​ៗ​វ័យ​ក្មេង តើ​ប្អូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ឬ​ទេ?

​«​ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង នៅ​នឹង​ព្រះ​យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត[​ឬ​«​គំ​រោង​ការ​»​] របស់​ឯង​នឹង​បាន​សំ​រេច​»។—សុភាសិត ១៦:៣; ខ.ស.

ចម្រៀង​លេខ: ១៣៥, ១៤៤

១​-​៣. (​ក​) តើ​ប្អូន​ៗ​វ័យ​ក្មេង​ទាំង​អស់​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា ហើយ​តើ​នេះ​ប្រៀប​ដូច​ជា​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​អ្វី​នឹង​ជួយ​ប្អូន​ៗ​គ្រិស្ដ​សាសនិក​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ?

សូម​ស្រមៃ​គិត​ថា​អ្នក​មាន​គម្រោង​ទៅ​ចូល​រួម​កម្ម​វិធី​ពិសេស​នៅ​ក្រុង​មួយ​ដ៏​ឆ្ងាយ។ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ​អ្នក​ត្រូវ​ជិះ​ឡាន​ក្រុង។ នៅ​បេន​ឡាន​ក្រុង មាន​មនុស្ស​និង​មាន​ឡាន​ក្រុង​ជា​ច្រើន ហើយ​នេះ​ធ្វើ​ឲ្យ​អ្នក​វង្វេង​វង្វាន់​នៅ​ដើម​ដំបូង។ ប៉ុន្ដែ គឺ​ជា​ការ​ល្អ​ដែល​អ្នក​ដឹង​ច្បាស់​ថា​អ្នក​ចង់​ទៅ​ណា ហើយ​ឡាន​ក្រុង​មួយ​ណា​ដែល​អ្នក​គួរ​ជិះ។ អ្នក​នឹង​មិន​ព្រម​ជិះ​ឡាន​ក្រុង​ផ្សេង​ទៀត ដោយ​សារ​អ្នក​ដឹង​ថា​វា​នឹង​នាំ​អ្នក​ទៅ​ទិស​ដៅ​ផ្សេង។

ជីវិត​គឺ​ប្រៀប​ដូច​ជា​ការ​ធ្វើ​ដំណើរ​មួយ ហើយ​ប្អូន​ៗ​វ័យ​ក្មេង​គឺ​ប្រៀប​ដូច​ជា​បុគ្គល​ដែល​នៅ​បេន​ឡាន​ក្រុង។ ជួន​កាល​ការ​សម្រេច​ចិត្ដ​និង​ជម្រើស​ជា​ច្រើន​ក្នុង​ជីវិត​អាច​ធ្វើ​ឲ្យ​ប្អូន​វង្វេង​វង្វាន់។ ប៉ុន្ដែ បើ​ប្អូន​មាន​គោល​ដៅ​ច្បាស់​លាស់​ក្នុង​ជីវិត គឺ​ងាយ​ស្រួល​ជាង​ឲ្យ​ប្អូន​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ។ តើ​ប្អូន​គួរ​មាន​គោល​ដៅ​បែប​ណា?

សំណួរ​នេះ​នឹង​ត្រូវ​ឆ្លើយ​ក្នុង​អត្ថបទ​នេះ ហើយ​អត្ថបទ​នេះ​នឹង​លើក​ទឹក​ចិត្ដ​ប្អូន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រើ​ជីវិត​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ។ នេះ​មាន​ន័យ​ថា​ប្អូន​ធ្វើ​តាម​យោបល់​របស់​ព្រះ​យេហូវ៉ា​ក្នុង​ការ​សម្រេច​ចិត្ដ​ទាំង​អស់​ដែល​ប្អូន​ត្រូវ​ធ្វើ​ក្នុង​ជីវិត ដូច​ជា​ការ​អប់រំ​ឬ​ការ​ងារ​ដែល​ប្អូន​នឹង​ជ្រើស​រើស ហើយ​ការ​សម្រេច​ចិត្ដ​អំពី​ការ​រៀប​អាពាហ៍ពិពាហ៍​ឬ​មិន​រៀប​អាពាហ៍​ពិពាហ៍ និង​ការ​មាន​កូន​ឬ​មិន​មាន​កូន។ មួយ​វិញ​ទៀត នេះ​ក៏​មាន​ន័យ​ថា​ប្អូន​ខំ​ប្រឹង​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ពោល​គឺ​គោល​ដៅ​ដែល​នឹង​នាំ​ឲ្យ​ប្អូន​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ បើ​ប្អូន​បន្ដ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា ប្អូន​អាច​ប្រាកដ​ថា​លោក​នឹង​ឲ្យ​ពរ​ដល់​ប្អូន ហើយ​ជួយ​ប្អូន​ឲ្យ​ទទួល​ជោគ​ជ័យ។—សូម​អាន សុភាសិត ១៦:៣

មូលហេតុ​កំណត់​គោល​ដៅ ក្នុង​កិច្ច​បម្រើ​ព្រះ

៤. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ការ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​គឺ​ជា​អ្វី​ដ៏​ល្អ។ ហេតុ​អ្វី? យើង​នឹង​ពិចារណា​អំពី​មូលហេតុ​បី។ មូលហេតុ​ទី១​និង​ទី២​នឹង​ជួយ​ប្អូន​ឲ្យ​ដឹង​ថា​ការ​ខំ​សម្រេច​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​នឹង​ពង្រឹង​ចំណង​មិត្ដភាព​របស់​ប្អូន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ មូលហេតុ​ទី៣​នឹង​ជួយ​ប្អូន​ឲ្យ​ដឹង​អំពី​មូលហេតុ​ដែល​ល្អ​ឲ្យ​ប្អូន​កំណត់​គោល​ដៅ​ទាំង​នោះ​ពេល​នៅ​ក្មេង។

៥. តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ឲ្យ​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ?

មូលហេតុ​សំខាន់​បំផុត​ដែល​យើង​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​គឺ​ដើម្បី​អរគុណ​ព្រះ​យេហូវ៉ា​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​លោក​និង​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​សម្រាប់​យើង។ អ្នក​តែង​ទំនុក​តម្កើង​ម្នាក់​បាន​សរសេរ​ថា​៖ ​«​នេះ​ជា​ការ​ល្អ​ហើយ គឺ​ដែល​នឹង​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា . . . ដ្បិត​ឱ​ព្រះ​យេហូវ៉ា​អើយ ទ្រង់​បាន​ឲ្យ​ទូល​បង្គំ​មាន​សេចក្ដី​អំណរ​ដោយ​កិច្ច​ការ​របស់​ទ្រង់ ទូល​បង្គំ​នឹង​បន្លឺ​ឡើង​ដោយ​អំណរ​ចំពោះ​ការ​នៃ​ព្រះ​ហស្ដ​ទ្រង់​»។ (​ទំនុក​តម្កើង ៩២:១,​) សូម​គិត​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​ប្អូន ដូច​ជា​ជីវិត គម្ពីរ ក្រុម​ជំនុំ ការ​ស្គាល់​លោក ការ​ដឹង​សេចក្ដី​ពិត​អំពី​លោក និង​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន។ ពេល​ប្អូន​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ប្អូន​បង្ហាញ​ព្រះ​យេហូវ៉ា​ថា​ប្អូន​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ៗ​ទាំង​អស់​នេះ ហើយ​នេះ​នាំ​ឲ្យ​ប្អូន​ចូល​កាន់​តែ​ជិត​លោក។

៦. (​ក​) តើ​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ចំណង​មិត្ដភាព​របស់​ប្អូន​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា? (​ខ​) ពេល​ប្អូន​នៅ​ក្មេង តើ​ប្អូន​អាច​កំណត់​គោល​ដៅ​អ្វី​ខ្លះ?

មូលហេតុ​ទី២​ដើម្បី​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ គឺ​ពេល​ប្អូន​ខំ​សម្រេច​គោល​ដៅ​ទាំង​នោះ ប្អូន​កំពុង​ធ្វើ​កិច្ច​ការ​ល្អ​ចំពោះ​ព្រះ​យេហូវ៉ា។ នេះ​នឹង​នាំ​ឲ្យ​ប្អូន​ចូល​កាន់​តែ​ជិត​លោក។ សាវ័ក​ប៉ូល​បាន​សន្យា​ថា​៖ ​«​ព្រះ​មិន​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​នោះ​ទេ ដោយ​បំភ្លេច​ការ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ និង​សេចក្ដី​ស្រឡាញ់​ដែល​អ្នក​រាល់​គ្នា​បាន​បង្ហាញ​ចំពោះ​នាម​របស់​លោក​»។ (​ហេប្រឺ ៦:១០​) គ្មាន​អ្នក​ណា​ម្នាក់​នៅ​ក្មេង​ពេក​ដើម្បី​កំណត់​គោល​ដៅ​ទេ។ ជា​ឧទាហរណ៍ ប្អូន​ស្រី​គ្រីស្ទីណា​មាន​អាយុ​១០​ឆ្នាំ​ពេល​គាត់​សម្រេច​ចិត្ដ​អាន​ជា​រឿយ​ៗ​នូវ​ជីវប្រវត្ដិ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ដ៏​ស្មោះ​ត្រង់។ ប្អូន​ប្រុស​ថូប៊ី​មាន​អាយុ​១២​ឆ្នាំ​ពេល​គាត់​កំណត់​គោល​ដៅ​អាន​គម្ពីរ​ទាំង​មូល​មុន​គាត់​ទទួល​ការ​ជ្រមុជ​ទឹក។ ប្អូន​ប្រុស​ម៉ាកស៊ីម​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​មាន​អាយុ​១១​ឆ្នាំ​និង​ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​ណូអេមី​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពេល​គាត់​មាន​អាយុ​១០​ឆ្នាំ។ ពួក​គេ​ទាំង​ពីរ​នាក់​បាន​កំណត់​គោល​ដៅ​បម្រើ​នៅ​បេតអែល។ ដើម្បី​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​នោះ ពួក​គេ​បាន​បិត​ក្រដាស​ពាក្យ​សុំ​បម្រើ​នៅ​បេតអែល​មួយ​ច្បាប់​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ពួក​គេ។ ចុះ​ប្អូន​វិញ? តើ​ប្អូន​អាច​គិត​អំពី​គោល​ដៅ​ដែល​ប្អូន​អាច​កំណត់ ហើយ​អាច​ចាប់​ផ្ដើម​ធ្វើ​ឲ្យ​សម្រេច​ឬ​ទេ?—សូម​អាន ភីលីព ១:១០, ១១

បើ​យើង​ដឹង​ថា យើង​មាន​គោល​ដៅ​អ្វី គឺ​ងាយ​ស្រួល​ជាង​ឲ្យ​យើង ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ

៧, ៨. (​ក​) តើ​តាម​របៀប​ណា​ការ​កំណត់​គោល​ដៅ​អាច​ធ្វើ​ឲ្យ​យើង​ស្រួល​ធ្វើ​ការ​សម្រេច​ចិត្ដ​ជាង? (​ខ​) ហេតុ​អ្វី​បង​ស្រី​ម្នាក់​បាន​សម្រេច​ចិត្ដ​មិន​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​ពេល​គាត់​មាន​វ័យ​ជំទង់?

តើ​មូលហេតុ​ទី៣​ដែល​យើង​កំណត់​គោល​ដៅ​ពេល​នៅ​វ័យ​ក្មេង​គឺ​ជា​អ្វី? មនុស្ស​វ័យ​ក្មេង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ជា​ច្រើន។ ជា​ឧទាហរណ៍ ប្អូន​ត្រូវ​សម្រេច​ចិត្ដ​អំពី​ការ​អប់រំ​ឬ​ការ​ងារ​ដែល​ប្អូន​នឹង​ជ្រើស​រើស ព្រម​ទាំង​អ្វី​ៗ​ជា​ច្រើន​ទៀត។ ការ​ធ្វើ​ការ​សម្រេច​ចិត្ដ​ទាំង​នេះ​ក្នុង​ជីវិត​គឺ​ប្រៀប​ដូច​ជា​ពេល​យើង​ធ្វើ​ដំណើរ​មក​ដល់​ផ្លូវ​បំបែក។ បើ​យើង​ដឹង​អំពី​ទិស​ដៅ គឺ​ស្រួល​សម្រេច​ចិត្ដ​អំពី​ផ្លូវ​មួយ​ណា​ដែល​យើង​នឹង​ជ្រើស​រើស។ ស្រដៀង​គ្នា​ដែរ បើ​យើង​ដឹង​ថា​យើង​មាន​គោល​ដៅ​អ្វី គឺ​ងាយ​ស្រួល​ជាង​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ។ គម្ពីរ​ចែង​ថា​៖ ​«​គំនិត[​ឬ​«​គម្រោង​»​]របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​»។ (​សុភាសិត ២១:៥; ព.ថ.​) បើ​ប្អូន​កំណត់​គោល​ដៅ​ពេល​ប្អូន​នៅ​ក្មេង នោះ​ប្អូន​នឹង​កាន់​តែ​ឆាប់​មាន​ជីវិត​សប្បាយ។ នេះ​បាន​កើត​ឡើង​ដល់​បង​ស្រី​ដាម៉ារីស​ដែល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​សំខាន់​មួយ​ពេល​គាត់​មាន​វ័យ​ជំទង់។

បង​ដាម៉ារីស​បាន​ទទួល​និទ្ទេស​ល្អ​ពេល​គាត់​រៀន​ចប់​វិទ្យាល័យ ហើយ​គាត់​អាច​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​ខាង​ច្បាប់​ដោយ​មិន​ចាំ​បាច់​បង់​ថ្លៃ​សិក្សា​ឡើយ។ ប៉ុន្ដែ គាត់​បាន​សម្រេច​ចិត្ដ​ធ្វើ​ការ​មិន​ពេញ​ពេល។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​គាត់​នៅ​ក្មេង គាត់​បាន​សម្រេច​ចិត្ដ​ថា​គាត់​នឹង​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ។ គាត់​និយាយ​ថា​៖ ​«​នេះ​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​ធ្វើ​ការ​មិន​ពេញ​ពេល។ បើ​ខ្ញុំ​មាន​សញ្ញាប័ត្រ​ខាង​ច្បាប់​ពី​សកល​វិទ្យាល័យ ខ្ញុំ​អាច​ទទួល​ប្រាក់​ខែ​ច្រើន​មែន តែ​ខ្ញុំ​នឹង​ពិបាក​រក​ការ​ងារ​មិន​ពេញ​ពេល​»។ ឥឡូវ​បង​ដាម៉ារីស​បាន​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​អស់​២០​ឆ្នាំ​ហើយ។ តើ​គាត់​មាន​អារម្មណ៍​ថា​គាត់​បាន​កំណត់​គោល​ដៅ​ល្អ ហើយ​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ​ពេល​មាន​វ័យ​ជំទង់​ឬ​ទេ? មែន​ហើយ! នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់ គាត់​ជួប​មេ​ធាវី​ជា​ច្រើន​នាក់​ដែល​ធ្វើ​កិច្ច​ការ​ស្រដៀង​នឹង​កិច្ច​ការ​ដែល​គាត់​នឹង​មាន​បើ​គាត់​បាន​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ។ គាត់​និយាយ​ថា​ពួក​គេ​ជា​ច្រើន​នាក់​មិន​សប្បាយ​ចិត្ដ​នឹង​ការ​ងារ​របស់​ពួក​គេ​ទេ។ បង​ដាម៉ារីស​មាន​អារម្មណ៍​ថា​ការ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​អំណរ​ជា​ខ្លាំង ហើយ​បាន​ជួយ​គាត់​ឲ្យ​ជៀស​វាង​ពី​ការ​មិន​សប្បាយ​ចិត្ដ​ដូច​ពួក​គេ។

៩. ហេតុ​អ្វី​យើង​មាន​មោទនភាព​ចំពោះ​ប្អូន​ៗ​វ័យ​ក្មេង​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា?

ប្អូន​ៗ​វ័យ​ក្មេង​រាប់​ពាន់​នាក់​ក្នុង​ក្រុម​ជំនុំ​នៅ​ទូ​ទាំង​ពិភព​លោក​សម​នឹង​ទទួល​ការ​សរសើរ​យ៉ាង​អស់​ពី​ចិត្ដ។ ចំណង​មិត្ដភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​និង​គោល​ដៅ​របស់​ពួក​គេ​ក្នុង​កិច្ច​បម្រើ​លោក​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​ពួក​គេ។ ប្អូន​ៗ​វ័យ​ក្មេង​ទាំង​នេះ ពិត​ជា​សប្បាយ​រីក​រាយ​នឹង​ជីវិត ហើយ​នៅ​ដំណាល​គ្នា​នោះ​ពួក​គេ​កំពុង​រៀន​ឲ្យ​ចេះ​ធ្វើ​តាម​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ការ​ទាំង​អស់ នេះ​រួម​បញ្ចូល​ការ​អប់រំ ការ​ងារ និង​ជីវិត​ជា​ក្រុម​គ្រួសារ។ សាឡូម៉ូន​បាន​និយាយ​ថា​៖ ​«​ចូរ​ទី​ពឹង​ដល់​ព្រះ​យេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ដ​»។ គាត់​បាន​បន្ថែម​ថា​៖ ​«​ត្រូវ​ឲ្យ​ទទួល​ស្គាល់​ទ្រង់​នៅ​គ្រប់​ទាំង​ផ្លូវ​ឯង​ចុះ នោះ​ទ្រង់​នឹង​ដំ​រង់​អស់​ទាំង​ផ្លូវ​ច្រក​របស់​ឯង​»។ (​សុភាសិត ៣:៥, ៦​) ប្អូន​ៗ​វ័យ​ក្មេង ព្រះ​យេហូវ៉ា​ស្រឡាញ់​ប្អូន​ខ្លាំង​ណាស់! ប្អូន​មាន​តម្លៃ​ចំពោះ​លោក ហើយ​លោក​នឹង​ការពារ ណែនាំ និង​ឲ្យ​ពរ​ដល់​ប្អូន។

ចូរ​រៀប​ចំ​យ៉ាង​ល្អ​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា

១០. (​ក​) ហេតុ​អ្វី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ត្រូវ​ជា​អ្វី​ដ៏​សំខាន់​ចំពោះ​យើង? (​ខ​) តើ​ប្អូន​អាច​ពន្យល់​អំពី​ជំនឿ​របស់​ប្អូន​ឲ្យ​បាន​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

១០ ពេល​ប្អូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រើ​ជីវិត​របស់​ប្អូន​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ ប្អូន​នឹង​ចង់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក។ លោក​យេស៊ូ​គ្រិស្ដ​បាន​មាន​ប្រសាសន៍​ថា​៖ ‹ជា​ការ​ចាំ​បាច់​ដែល​ដំណឹង​ល្អ​ត្រូវ​ផ្សព្វ​ផ្សាយ​ជា​មុន​សិន›។ (​ម៉ាកុស ១៣:១០​) ដូច្នេះ កិច្ច​ការ​ផ្សព្វ​ផ្សាយ​គឺ​ជា​កិច្ច​ការ​បន្ទាន់ ហើយ​គួរ​ជា​អ្វី​ដ៏​សំខាន់​ណាស់​ចំពោះ​យើង។ តើ​ប្អូន​អាច​កំណត់គោល​ដៅ​ផ្សព្វ​ផ្សាយ​ញឹក​ញាប់​ជាង​ឬ​ទេ? តើ​ប្អូន​អាច​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ឬ​ទេ? ចុះ​បើ​ប្អូន​មិន​សូវ​មាន​អំណរ​ពេល​ផ្សព្វ​ផ្សាយ? ម្យ៉ាង​ទៀត តើ​ប្អូន​អាច​ពន្យល់​អំពី​ជំនឿ​របស់​ប្អូន​ឲ្យ​បាន​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច? គឺ​មាន​អ្វី​ពីរ​ដែល​នឹង​ជួយ​ប្អូន។ ចូរ​រៀប​ចំ​យ៉ាង​ល្អ និង​កុំ​ឈប់​ព្យាយាម​ប្រាប់​អ្នក​ឯ​ទៀត​នូវ​អ្វី​ដែល​ប្អូន​ដឹង​អំពី​ព្រះ​យេហូវ៉ា។ ប្អូន​ប្រហែល​ជា​នឹង​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ថា​ការ​ផ្សព្វ​ផ្សាយ​ពិត​ជា​ធ្វើ​ឲ្យ​ប្អូន​មាន​អំណរ។

តើ​ប្អូន​រៀប​ចំ​តាម​របៀប​ណា​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា? (​សូម​មើល​វគ្គ​១១, ១២​)

១១, ១២. (​ក​) តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​រៀប​ចំ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា? (​ខ​) តើ​ប្អូន​ប្រុស​វ័យ​ក្មេង​ម្នាក់​បាន​ប្រើ​ឱកាស​អ្វី​ដើម្បី​និយាយ​អំពី​ព្រះ​យេហូវ៉ា​នៅ​សាលា?

១១ ដំបូង សូម​រៀប​ចំ​ចម្លើយ​ចំពោះ​សំណួរ​ខ្លះ​ៗ​ដែល​ប្រហែល​ជា​សិស្ស​រួម​ថ្នាក់​របស់​ប្អូន​នឹង​សួរ​ដូច​ជា​«​ហេតុ​អ្វី​អ្នក​ជឿ​ថា​មាន​ព្រះ?​»។ មាន​អត្ថបទ​នៅ​គេហទំព័រ​jw.org​ដែល​អាច​ជួយ​ប្អូន​ឲ្យ​ឆ្លើយ​សំណួរ​នេះ។ សូម​មើល​«​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​»​▸​«​យុវវ័យ​»​ រួច​ប្អូន​នឹង​ឃើញ​លំ​ហាត់​ដែល​មាន​ចំណង​ជើង​ថា ​«​ហេតុ​អ្វី​ខ្ញុំ​ជឿ​ថា​មាន​ព្រះ?​»។ សូម​ធ្វើ​តាម​ដំណាក់​កាល​នីមួយ​ៗ​ក្នុង​លំ​ហាត់​នោះ​ដើម្បី​រៀប​ចំ​ចម្លើយ​ផ្ទាល់​ខ្លួន។ នៅ​ទី​នោះ​មាន​បទ​គម្ពីរ​ដែល​ប្អូន​អាន​ប្រើ ដូច​ជា​ហេប្រឺ ៣:៤ រ៉ូម ១:២០ និង​ទំនុក​តម្កើង ១៣៩:១៤។ មាន​លំ​ហាត់​ផ្សេង​ទៀត​ដែល​ប្អូន​អាច​ប្រើ​ដើម្បី​រៀប​ចំ​ចម្លើយ​ចំពោះ​សំណួរ​ផ្សេង​ៗ​ទៀត​ដែរ។—សូម​អាន ពេត្រុស​ទី១ ៣:១៥

១២ សូម​ប្រាប់​សិស្ស​រួម​ថ្នាក់​របស់​ប្អូន​ថា​ពួក​គេ​ក៏​អាច​ចូល​មើល​គេហទំព័រ​jw.org​ដោយ​ខ្លួន​ឯង។ ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​លូកា​បាន​ធ្វើ​ដូច្នេះ។ ក្នុង​ថ្នាក់​រៀន​របស់​គាត់ គ្រូ​បាន​បង្រៀន​សិស្ស​អំពី​សាសនា​ផ្សេង​ៗ។ ប្អូន​លូកា​បាន​ឃើញ​ថា​សៀវភៅ​សិក្សា​មិន​បាន​រៀប​រាប់​យ៉ាង​ត្រឹម​ត្រូវ​អំពី​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ ទោះ​ជា​ប្អូន​លូកា​ភ័យ​ក្ដី គាត់​បាន​សុំ​អ្នក​គ្រូ​ថា តើ​គាត់​អាច​ប្រាប់​សិស្ស​រួម​ថ្នាក់​អំពី​មូលហេតុ​ដែល​អ្វី​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​សៀវភៅ​នោះ​គឺ​មិន​ត្រឹម​ត្រូវ​ឬ​ទេ? អ្នក​គ្រូ​បាន​អនុញ្ញាត​ឲ្យ​គាត់​ពន្យល់​អំពី​ជំនឿ​របស់​គាត់ ហើយ​គាត់​បាន​បង្ហាញ​គេហទំព័រ​របស់​យើង​ដល់​សិស្ស​រួម​ថ្នាក់​ទាំង​អស់។ សម្រាប់​លំ​ហាត់​ធ្វើ​នៅ​ផ្ទះ អ្នក​គ្រូ​បាន​សុំ​សិស្ស​ទាំង​អស់​ក្នុង​ថ្នាក់​រៀន​ឲ្យ​មើល​វីដេអូ​ដែល​មាន​ចំណង​ជើង​ថា ចូរ​យក​ឈ្នះ​ការ​សម្លុត​ធ្វើ​បាប​ដោយ​មិន​ប្រើ​កណ្ដាប់​ដៃតើ​ប្អូន​អាច​ស្រមៃ​គិត​ថា​លូកាសប្បាយ​ចិត្ដ​យ៉ាង​ណា​ដែល​គាត់​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​នៅ​សាលា?

១៣. ហេតុ​អ្វី​យើង​មិន​គួរ​ឈប់​ព្យាយាម​ពេល​យើង​ប្រឈម​មុខ​នឹង​ការ​ពិបាក?

១៣ ពេល​ប្អូន​ប្រឈម​មុខ​នឹង​ការ​ពិបាក សូម​កុំ​ធ្លាក់​ទឹក​ចិត្ដ តែ​សូម​បន្ដ​ព្យាយាម​សម្រេច​គោល​ដៅ​របស់​ប្អូន។ (​ធីម៉ូថេ​ទី២ ៤:២​) នេះ​ជា​អ្វី​ដែល​បង​ស្រី​ខាថារីណា​បាន​ធ្វើ។ ពេល​គាត់​មាន​អាយុ​១៧​ឆ្នាំ គាត់​បាន​កំណត់​គោល​ដៅ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​រួម​ការ​ងារ​ម្នាក់​ៗ។ បុគ្គល​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​បាន​និយាយ​មើល​ងាយ​គាត់​ជា​ច្រើន​ដង។ ប៉ុន្ដែ​គាត់​មិន​បាន​ភ្លេច​អំពី​គោល​ដៅ​របស់​គាត់​ទេ។ បុរស​ម្នាក់​ឈ្មោះ​ហាន់ស៍​ដែល​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​គាត់ បាន​កោត​ស្ងើច​ចំពោះ​ការ​ប្រព្រឹត្ដ​ដ៏​ល្អ​របស់​គាត់។ បុរស​នោះ​ចាប់​ផ្ដើម​អាន​សៀវភៅ​ផ្សេង​ៗ​របស់​យើង សិក្សា​គម្ពីរ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ បង​ខាថារីណា​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ ដោយ​សារ​នៅ​ពេល​នោះ​គាត់​បាន​ឈប់​ធ្វើ​ការ​នៅ​ទី​នោះ។ ដូច្នេះ​១៣​ឆ្នាំ​ក្រោយ​មក គាត់​បាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​គាត់​នៅ​កិច្ច​ប្រជុំ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​ឃើញ​ថា​អ្នក​ដែល​ថ្លែង​សុន្ទរកថា​សាធារណៈ​គឺ​បង​ហាន់ស៍! គាត់​សប្បាយ​ចិត្ដ​ជា​ខ្លាំង​ដែល​គាត់​មិន​បាន​ឈប់​ព្យាយាម​សម្រេច​គោល​ដៅ​របស់​គាត់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​រួម​ការ​ងារ។

សូម​កុំ​ភ្លេច​គោល​ដៅ​របស់​អ្នក

១៤, ១៥. (​ក​) តើ​ប្អូន​គួរ​ចាំ​អំពី​អ្វី​ពេល​អ្នក​ឯ​ទៀត​ព្យាយាម​បង្ខិត​បង្ខំ​ប្អូន​ឲ្យ​ធ្វើ​ដូច​ពួក​គេ? (​ខ​) តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​មិន​ចុះ​ចាញ់​ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត?

១៤ រហូត​ដល់​ត្រឹម​នេះ អត្ថបទ​នេះ​បាន​លើក​ទឹក​ចិត្ដ​ប្អូន​ឲ្យ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រើ​ជីវិត​របស់​ប្អូន​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ និង​ដើម្បី​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ។ ប៉ុន្ដែ ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​នាក់​ដែល​មាន​អាយុ​ស្រករ​នឹង​ប្អូន​គិត​តែ​ពី​ការ​សប្បាយ ហើយ​ពួក​គេ​ទំនង​ជា​នឹង​បបួល​ប្អូន​ឲ្យ​ធ្វើ​អ្វី​ដែល​ពួក​គេ​ធ្វើ។ មិន​យូរ​មិន​ឆាប់​ប្អូន​នឹង​ត្រូវ​បង្ហាញ​អ្នក​ឯ​ទៀត​ថា​ការ​ធ្វើ​ឲ្យ​គោល​ដៅ​របស់​ប្អូន​បាន​សម្រេច​គឺ​សំខាន់​ណាស់​ចំពោះ​ប្អូន។ សូម​កុំ​ឲ្យ​អ្នក​ឯ​ទៀត​ធ្វើ​ឲ្យ​ប្អូន​ភ្លេច​អំពី​គោល​ដៅ​ទាំង​នេះ។ បើ​ប្អូន​នៅ​បេន​ឡាន​ក្រុង​ដូច​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ តើ​ប្អូន​នឹង​ជិះ​ឡាន​ក្រុង​ផ្សេង​ពី​ទិស​ដៅ​របស់​ប្អូន​ដោយ​សារ​ឃើញ​ពួក​អ្នក​ដែល​ជិះ​ក្នុង​ឡាន​នោះ​លេង​សប្បាយ​ជា​មួយ​គ្នា​ឬ​ទេ? ច្បាស់​ជា​មិន​មែន​ទេ!

១៥ ដូច្នេះ តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​មិន​ចុះ​ចាញ់​ការ​បង្ខិត​បង្ខំ​ពី​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច​ពួក​គេ? ចូរ​ជៀស​វាង​ពី​ស្ថានភាព​ដែល​នឹង​ធ្វើ​ឲ្យ​ប្អូន​ពិបាក​តយុទ្ធ​នឹង​ការ​បង្ខិត​បង្ខំ។ (​សុភាសិត ២២:៣​) សូម​គិត​អំពី​ផល​វិបាក​ដែល​មក​ពី​ការ​ធ្វើ​អ្វី​ដែល​ខុស។ (​កាឡាទី ៦:៧​) ដោយ​ចិត្ដ​រាប​ទាប ចូរ​ទទួល​ស្គាល់​ថា​ប្អូន​ត្រូវ​ការ​យោបល់​ល្អ​ៗ។ សូម​ស្តាប់​អ្វី​ដែល​ឪ​ពុក​ម្ដាយ​និង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ដែល​មាន​ភាព​ចាស់​ទុំ​ប្រាប់​ប្អូន។—សូម​អាន ពេត្រុស​ទី១ ៥:៥, ៦

១៦. តើ​បទ​ពិសោធន៍​របស់​បង​គ្រិស្ដុហ្វ​បង្ហាញ​យ៉ាង​ណា​ថា​គឺ​សំខាន់​ឲ្យ​យើង​មាន​ចិត្ដ​រាប​ទាប?

១៦ ចិត្ដ​រាប​ទាប​បាន​ជួយ​បង​ប្រុស​គ្រិស្ដុហ្វ​ឲ្យ​ទទួល​យក​យោបល់​ល្អ។ មិន​យូរ​ក្រោយ​ពី​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក គាត់​បាន​ចាប់​ផ្ដើម​ទៅ​កន្លែង​ហាត់​ប្រាណ​ជា​ទៀង​ទាត់។ នៅ​ទី​នោះ​មនុស្ស​វ័យ​ក្មេង​ឯ​ទៀត​បាន​អញ្ជើញ​គាត់​ឲ្យ​ទៅ​កន្លែង​លេង​កីឡា​ដែល​ពួក​គេ​ឧស្សាហ៍​ទៅ។ គាត់​បាន​និយាយ​ជា​មួយ​នឹង​អ្នក​ចាស់​ទុំ​ម្នាក់​អំពី​រឿង​នេះ ហើយ​អ្នក​ចាស់​ទុំ​នោះ​បាន​ប្រាប់​គាត់​ឲ្យ​គិត​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​មាន ដូច​ជា​ការ​ប្រកួត​ប្រជែង​គ្នា​ជា​ដើម។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បង​គ្រិស្ដុហ្វ​បាន​សម្រេច​ចិត្ដ​ចុះ​ឈ្មោះ​ជា​សមាជិក​របស់​កន្លែង​លេង​កីឡា​នោះ។ ប៉ុន្ដែ​មួយ​រយៈ​ក្រោយ​មក គាត់​បាន​ឃើញ​ថា​កីឡា​នោះ​ជា​កីឡា​ដែល​សាហាវ ហើយ​ថែម​ទាំង​មាន​គ្រោះ​ថ្នាក់​ទៀត​ផង។ គាត់​បាន​និយាយ​ជា​មួយ​នឹង​ពួក​អ្នក​ចាស់​ទុំ​ម្ដង​ទៀត ហើយ​ពួក​គាត់​បាន​ឲ្យ​យោបល់​ពី​គម្ពីរ​ដល់​គាត់។ បង​គ្រិស្ដុហ្វ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​ចាត់​អ្នក​ដែល​ផ្ដល់​យោបល់​ដ៏​ល្អ​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ធ្វើ​តាម​លោក ទោះ​ជា​មិន​មែន​ភ្លាម​ៗ​ក៏​ដោយ​»។ តើ​ប្អូន​មាន​ចិត្ដ​រាប​ទាប​រហូត​ដល់​សុខ​ចិត្ដ​ទទួល​យោបល់​ពី​អ្នក​ឯ​ទៀត​ឬ​ទេ?

១៧, ១៨. (​ក​) នៅ​សព្វ​ថ្ងៃ​នេះ តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​ៗ​វ័យ​ក្មេង​ធ្វើ​អ្វី? (​ខ​) តើ​ប្អូន​អាច​ធ្វើ​អ្វី​ដើម្បី​ជៀស​វាង​ពី​ការ​ស្តាយ​ក្រោយ​ដោយ​សារ​ការ​សម្រេច​ចិត្ដ​របស់​ប្អូន? សូម​លើក​ឧទាហរណ៍​មួយ។

១៧ គម្ពីរ​ចែង​ថា​៖ ​«​ឱ​មនុស្ស​កំឡោះ[​ឬ​ស្ដ្រី​ក្រមុំ​]អើយ ចូរ​ឲ្យ​មាន​ចិត្ដ​រីក​រាយ​ក្នុង​វ័យ​កំឡោះ[​ឬ​ក្រមុំ​]របស់​ឯង​ចុះ ហើយ​ឲ្យ​ចិត្ដ​ឯង​បណ្ដាល​ឲ្យ​អរ​សប្បាយ​ក្នុង​ជំនាន់​ដែល​ឯង​នៅ​ក្មេង​»។ (​សាស្តា ១១:៩​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្អូន​សប្បាយ​រីក​រាយ​ពេល​ប្អូន​មាន​វ័យ​ក្មេង។ ក្នុង​អត្ថបទ​នេះ ប្អូន​បាន​រៀន​ថា​របៀប​មួយ​ដើម្បី​មាន​ជីវិត​សប្បាយ​គឺ​ដោយ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ និង​ដោយ​ធ្វើ​តាម​យោបល់​ដែល​មក​ពី​ព្រះ​យេហូវ៉ា​ក្នុង​គ្រប់​ទាំង​គម្រោង​និង​ការ​សម្រេច​ចិត្ដ​ទាំង​អស់​របស់​ប្អូន។ បើ​ប្អូន​ធ្វើ​ដូច្នេះ​តាំង​ពី​នៅ​ក្មេង នោះ​ប្អូន​នឹង​កាន់​តែ​ឆាប់​ឃើញ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ណែនាំ ការពារ និង​ឲ្យ​ពរ​ប្អូន។ សូម​គិត​អំពី​យោបល់​ល្អ​ៗ​ដែល​លោក​ឲ្យ​ប្អូន​ក្នុង​បណ្ដាំ​របស់​លោក ហើយ​ធ្វើ​តាម​យោបល់​ដែល​ថា​៖ ​«​ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន​ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង​»។—សាស្តា ១២:១

១៨ មនុស្ស​វ័យ​ក្មេង​ឆាប់​ធំ ហើយ​ក៏​ឆាប់​ទៅ​ជា​មនុស្ស​ពេញ​វ័យ​ដែរ។ គួរ​ឲ្យ​ស្តាយ​ណាស់ ក្រោយ​មក​ពួក​គេ​ជា​ច្រើន​នាក់​ស្តាយ​ក្រោយ​ដែល​ពួក​គេ​បាន​កំណត់​គោល​ដៅ​ខុស​ឬ​មិន​បាន​កំណត់​គោល​ដៅ​សោះ​ពេល​ដែល​ពួក​គេ​នៅ​ក្មេង។ ផ្ទុយ​ទៅ​វិញ បើ​ប្អូន​បន្ដ​ផ្ដោត​អារម្មណ៍​លើ​គោល​ដៅ​របស់​ប្អូន​ក្នុង​កិច្ច​បម្រើ​ព្រះ នោះ​ពេល​ដែល​ប្អូន​ពេញ​វ័យ​ប្អូន​នឹង​សប្បាយ​រីក​រាយ​ចំពោះ​ការ​សម្រេច​ចិត្ដ​ដែល​ប្អូន​បាន​ធ្វើ។ បង​ស្រី​មៀយ៉ាណា​មាន​អារម្មណ៍​ដូច្នេះ។ ពេល​គាត់​នៅ​វ័យ​ជំទង់ គាត់​ពូកែ​ខាង​កីឡា។ គាត់​ថែម​ទាំង​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា។ ប៉ុន្ដែ គាត់​បាន​សម្រេច​ចិត្ដ​បម្រើ​ព្រះ​យេហូវ៉ា​ពេញ​ពេល​វិញ។ ជាង​៣០​ឆ្នាំ​ក្រោយ​មក គាត់​នៅ​តែ​បម្រើ​ពេញ​ពេល​ជា​មួយ​នឹង​ប្ដី​របស់​គាត់។ គាត់​និយាយ​ថា​មនុស្ស​ដែល​ចង់​មាន​ឈ្មោះ​ល្បី កិត្ដិ​យស អំណាច និង​ទ្រព្យ​សម្បត្ដិ​គឺ​មិន​មាន​សុភមង្គល​ពិត​ទេ។ គាត់​ក៏​និយាយ​ថា​គោល​ដៅ​ដ៏​ល្អ​បំផុត​គឺ​បម្រើ​ព្រះ ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​លោក។

១៩. ហេតុ​អ្វី​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ​ពេល​នៅ​ក្មេង​គឺ​ល្អ?

១៩ ប្អូន​ៗ​វ័យ​ក្មេង​ពិត​ជា​សម​នឹង​ទទួល​ការ​សរសើរ ដោយ​សារ​ទោះ​ជា​ប្អូន​ប្រឈម​មុខ​នឹង​ការ​ពិបាក​ក្ដី ប្អូន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រើ​ជីវិត​របស់​ប្អូន​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ ប្អូន​ក៏​កំណត់​គោល​ដៅ​ក្នុង​កិច្ច​បម្រើ​ព្រះ ហើយ​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​អ្វី​ដែល​សំខាន់​ចាំ​បាច់​ក្នុង​ជីវិត​របស់​ប្អូន។ ម្យ៉ាង​ទៀត ប្អូន​មិន​អនុញ្ញាត​ឲ្យ​ពិភព​លោក​នេះ​ធ្វើ​ឲ្យ​ប្អូន​ភ្លេច​គោល​ដៅ​របស់​ប្អូន​ឡើយ។ ប្អូន​អាច​ប្រាកដ​ថា​ការ​ខំ​ប្រឹង​របស់​ប្អូន​គឺ​មិន​ឥត​ប្រយោជន៍​នោះ​ទេ។ ប្អូន​មាន​បង​ប្អូន​ដែល​ស្រឡាញ់​និង​គាំ​ទ្រ​ប្អូន។ ដូច្នេះ​«​ចូរ​ទុក​ដាក់​អស់​ទាំង​ការ​ឯង​នៅ​នឹង​ព្រះ​យេហូវ៉ា​ចុះ នោះ​អស់​ទាំង​គំនិត[​ឬ​«​គំ​រោង​ការ​»​]របស់​ឯង​នឹង​បាន​សំ​រេច​»។