លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៥

ចូរ​យក​តម្រាប់​លោក​យេស៊ូ ហើយ​រក្សា​សេចក្ដី​សុខ​សាន្ត

ចូរ​យក​តម្រាប់​លោក​យេស៊ូ ហើយ​រក្សា​សេចក្ដី​សុខ​សាន្ត

​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​ដែល​ហួស​ពី​ការ​នឹក​ស្មាន នឹង​ការ​ពារ​ចិត្ត . . . របស់​អ្នក​រាល់​គ្នា​»។—ភី. ៤:៧

ចម្រៀង​លេខ​១១៣ យើង​មាន​សេចក្ដី​សុខ​សាន្ត

សេចក្ដី​សង្ខេប *

១​-​២. ហេតុ​អ្វី​លោក​យេស៊ូ​ពិបាក​ចិត្ត​ខ្លាំង?

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ពិបាក​ចិត្ត​ណាស់។ មិន​យូរ​ទៀត លោក​ត្រូវ​ស្លាប់​យ៉ាង​វេទនា​ដោយ​ដៃ​របស់​មនុស្ស​ប្រឆាំង​ច្បាប់។ ប៉ុន្តែ លោក​យេស៊ូ​មិន​គ្រាន់​តែ​ពិបាក​ចិត្ត​ដោយ​សារ​លោក​ជិត​ស្លាប់​ប៉ុណ្ណោះ​ទេ។ លោក​ស្រឡាញ់​បិតា​លោក​យ៉ាង​ខ្លាំង ហើយ​ចង់​ធ្វើ​ឲ្យ​បិតា​លោក​ពេញ​ចិត្ត។ លោក​យេស៊ូ​ដឹង​ថា​បើ​លោក​រក្សា​ភាព​ស្មោះ​ត្រង់​ពេល​ជួប​ការ​ល្បង​ល​នោះ លោក​នឹង​ជួយ​ជម្រះ​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​ព្រះ​យេហូវ៉ា។ លោក​យេស៊ូ​ក៏​ស្រឡាញ់​មនុស្ស ហើយ​ដឹង​ថា​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​ដែល​យើង​មាន​គឺ​អាស្រ័យ​លើ​ការ​ដែល​លោក​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា​រហូត​ដល់​ស្លាប់។

ទោះ​ជា​លោក​យេស៊ូ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដែល​នាំ​ឲ្យ​តាន​តឹង​ចិត្ត​ជា​ខ្លាំង​ក្ដី លោក​មាន​សេចក្ដី​សុខ​សាន្ត។ លោក​បាន​ប្រាប់​ពួក​សាវ័ក​របស់​លោក​ថា​៖ ​«​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​សុខ​សាន្ត​របស់​ខ្ញុំ​»។ (​យ៉ូន. ១៤:២៧​) លោក​មាន​«​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​»​ ពោល​គឺ​ចិត្ត​ស្ងប់​ដែល​មក​ពី​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ សេចក្ដី​សុខ​សាន្ត​នោះ​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​រក្សា​ចិត្ត​ស្ងប់។—ភី. ៤:៦, ៧

៣. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

គ្មាន​យើង​ណា​ម្នាក់​នឹង​ត្រូវ​រង​សម្ពាធ​ជា​ខ្លាំង​ដូច​ដែល​លោក​យេស៊ូ​បាន​ស៊ូ​ទ្រាំ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អស់​អ្នក​ដែល​កាន់​តាម​លោក​យេស៊ូ​នឹង​មាន​ទុក្ខ​លំបាក។ (​ម៉ាថ. ១៦:២៤, ២៥; យ៉ូន. ១៥:២០​) ដូច​លោក​យេស៊ូ នៅ​ពេល​ខ្លះ​យើង​ក៏​នឹង​ពិបាក​ចិត្ត​ខ្លាំង​ណាស់។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មិន​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​និង​មិន​បាត់​បង់​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត? សូម​យើង​ពិចារណា​អ្វី​បី​យ៉ាង​ដែល​លោក​យេស៊ូ​បាន​ធ្វើ​នៅ​ក្នុង​អំឡុង​កិច្ច​បម្រើ​របស់​លោក​នៅ​ផែន​ដី ហើយ​រៀន​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​លោក​ពេល​យើង​មាន​ទុក្ខ​វេទនា។

លោក​យេស៊ូ​បន្ត​អធិដ្ឋាន

សេចក្ដី​អធិដ្ឋាន​នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត (​សូម​មើល​វគ្គ​៤​-​៧​)

៤. ដោយ​គិត​អំពី​ថែស្សាឡូនិច​ទី១ ៥:១៧ សូម​រៀប​រាប់​អំពី​ពេល​ផ្សេង​ៗ​ដែល​លោក​យេស៊ូ​បាន​អធិដ្ឋាន​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​នៅ​ផែន​ដី។

សូម​អាន ថែស្សាឡូនិច​ទី១ ៥:១៧នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​អធិដ្ឋាន​ច្រើន​ដង។ ពេល​លោក​បង្ហាញ​អ្នក​កាន់​តាម​លោក​នូវ​របៀប​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក លោក​បាន​អធិដ្ឋាន​មុន​ដែល​លោក​ឲ្យ​នំ​ប៉័ង​និង​ស្រា​ទំពាំង​បាយ​ជូរ​ដល់​ពួក​គាត់។ (​១កូ. ១១:២៣​-​២៥​) ម្យ៉ាង​ទៀត មុន​លោក​ចាក​ចេញ​ពី​កន្លែង​ដែល​ពួក​គាត់​បាន​ធ្វើ​បុណ្យ​រំលង លោក​បាន​អធិដ្ឋាន​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក។ (​យ៉ូន. ១៧:១​-​២៦​) នៅ​យប់​នោះ ពេល​លោក​នឹង​ពួក​អ្នក​កាន់​តាម​បាន​ទៅ​ដល់​ភ្នំ​ដើម​អូលីវ លោក​បាន​អធិដ្ឋាន​ម្ដង​ហើយ​ម្ដង​ទៀត។ (​ម៉ាថ. ២៦:៣៦​-​៣៩, ៤២, ៤៤​) មួយ​វិញ​ទៀត ពាក្យ​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​មុន​ដែល​លោក​ស្លាប់​គឺ​ជា​សេចក្ដី​អធិដ្ឋាន។ (​លូក. ២៣:៤៦​) លោក​យេស៊ូ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ជីវិត​របស់​លោក​នៅ​ផែន​ដី។

៥. ហេតុ​អ្វី​ចិត្ត​ក្លាហាន​របស់​ពួក​សាវ័ក​បាន​ចុះ​ខ្សោយ?

មូលហេតុ​មួយ​ដែល​លោក​យេស៊ូ​អាច​សូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​គឺ​ដោយ​សារ​លោក​បាន​ពឹង​ផ្អែក​លើ​បិតា​របស់​លោក​តាម​រយៈ​សេចក្ដី​អធិដ្ឋាន។ ប៉ុន្តែ ពួក​សាវ័ក​មិន​បាន​តស៊ូ​ក្នុង​ការ​អធិដ្ឋាន​នៅ​យប់​នោះ​ទេ។ ជា​លទ្ធផល​ពេល​ពួក​គាត់​ជួប​ការ​ល្បង​ល ចិត្ត​ក្លាហាន​របស់​ពួក​គាត់​បាន​ចុះ​ខ្សោយ។ (​ម៉ាថ. ២៦:៤០, ៤១, ៤៣, ៤៥, ៥៦​) ពេល​យើង​មាន​ទុក្ខ​លំបាក យើង​អាច​រក្សា​ភាព​ស្មោះ​ត្រង់​លុះ​ត្រា​តែ​យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​«​អធិដ្ឋាន​ជា​និច្ច​»។ តើ​យើង​អាច​អធិដ្ឋាន​អំពី​រឿង​អ្វី​ខ្លះ?

៦. តើ​ជំនឿ​នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត​យ៉ាង​ដូច​ម្ដេច?

យើង​អាច​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​«​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត​»។ (​លូក. ១៧:៥; យ៉ូន. ១៤:១​) យើង​ត្រូវ​មាន​ជំនឿដោយ​សារ​សាថាន​នឹង​ល្បង​ល​អស់​អ្នក​ដែល​កាន់​តាម​លោក​យេស៊ូ។ (​លូក. ២២:៣១​) ពេល​យើង​ជួប​បញ្ហា​មួយ​ហើយ​មួយ​ទៀត តើ​ជំនឿ​នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត​យ៉ាង​ដូច​ម្ដេច? កាល​ដែល​យើង​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​យក​ឈ្នះ​ទុក្ខ​លំបាក​ណា​មួយ ជំនឿ​នឹង​ជួយ​យើង​ឲ្យ​ឈប់​ខ្វល់​ខ្វាយ ដោយ​សារ​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ដោះ​ស្រាយ​បញ្ហា​នោះ​នៅ​ពេល​ត្រឹម​ត្រូវ។ យើង​មាន​ទំនុក​ចិត្ត​ថា​លោក​អាច​ដោះ​ស្រាយ​បញ្ហា​របស់​យើង​បាន​ល្អ​ប្រសើរ​ជាង​យើង ដូច្នេះ​យើង​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។—១ពេ. ៥:៦, ៧

៧. តើ​អ្នក​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​បង​រ៉ូបឺត?

សេចក្ដី​អធិដ្ឋាន​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ទោះ​ជា​យើង​មាន​ទុក្ខ​លំបាក​អ្វី​ក៏​ដោយ។ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​រ៉ូបឺត​ដែល​ជា​អ្នក​ចាស់​ទុំ​ដ៏​ស្មោះ​ត្រង់​ម្នាក់​ដែល​ឥឡូវ​មាន​អាយុ​៨០​ឆ្នាំ​ជាង។ គាត់​និយាយ​ថា​៖ ​«​យោបល់​នៅ​ភីលីព ៤:៦, ៧​បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះ​ទុក្ខ​លំបាក​ជា​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ។ ខ្ញុំ​ធ្លាប់​មាន​បញ្ហា​លុយ​កាក់ ហើយ​ក៏​បាន​បាត់​បង់​ឯកសិទ្ធិ​បម្រើ​ជា​អ្នក​ចាស់​ទុំ​អស់​មួយ​រយៈ​»។ តើ​អ្វី​បាន​ជួយ​បង​រ៉ូបឺត​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​អធិដ្ឋាន​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ខ្វល់​ខ្វាយ។ ខ្ញុំ​ជឿ​ថា​កាល​ដែល​ខ្ញុំ​អធិដ្ឋាន​កាន់​តែ​ច្រើន​និង​អស់​ពី​ចិត្ត ខ្ញុំ​កាន់​តែ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​»។

លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង

កិច្ច​បម្រើ​ផ្សាយ​នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត (​សូម​មើល​វគ្គ​៨​-​១០​)

៨. ដូច​ចែង​នៅ​យ៉ូហាន ៨:២៩ តើ​អ្វី​ជា​មូលហេតុ​មួយ​ទៀត​ដែល​លោក​យេស៊ូ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត?

សូម​អាន យ៉ូហាន ៨:២៩ទោះ​ជា​លោក​យេស៊ូ​រង​ការ​បៀត​បៀន​ក្ដី លោក​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត ដោយ​សារ​លោក​ដឹង​ថា​លោក​កំពុង​ធ្វើ​ឲ្យ​បិតា​លោក​ពេញ​ចិត្ត។ លោក​បាន​បន្ត​ស្ដាប់​បង្គាប់​ព្រះ​នៅ​ពេល​ពិបាក។ លោក​ស្រឡាញ់​បិតា​លោក ហើយ​លោក​បាន​ចាត់​ទុក​ការ​បម្រើ​ព្រះ​យេហូវ៉ា​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​លោក។ ជា​ឧទាហរណ៍ មុន​លោក​មក​ផែន​ដី លោក​ជា​«​មេ​ជាង​»​របស់ព្រះ ហើយ​ពេល​លោក​នៅ​ផែន​ដី លោក​បាន​បង្រៀន​អ្នក​ឯ​ទៀត​អំពី​បិតា​លោក​យ៉ាង​ខ្នះ​ខ្នែង។ (​សុភ. ៨:៣០; ម៉ាថ. ៦:៩; យ៉ូន. ៥:១៧​) កិច្ច​ការ​នោះ​បាន​នាំ​ឲ្យ​លោក​យេស៊ូ​មាន​អំណរ​ជា​ខ្លាំង។—យ៉ូន. ៤:៣៤​-​៣៦

៩. តើ​ការ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​អាច​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​តាម​របៀប​ណា?

យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា និង​«​ជាប់​រវល់​ក្នុង​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់​»។ (​១កូ. ១៥:៥៨​) កាល​ដែល​យើង​«​ផ្ចង់​អារម្មណ៍​ទាំង​ស្រុង​»​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ នេះ​អាច​ជួយ​យើង​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បញ្ហា​របស់​យើង។ (​សកម្ម. ១៨:៥​) ជា​ឧទាហរណ៍ ពួក​អ្នក​ដែល​យើង​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ច្រើន​តែ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ជាង​យើង​ទៅ​ទៀត។ ប៉ុន្តែ ពេល​ពួក​គេ​រៀន​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​យេហូវ៉ា​និង​ស្រឡាញ់​លោក ជីវិត​របស់​ពួក​គេ​ល្អ​ប្រសើរ​ឡើង ហើយ​ពួក​គេ​សប្បាយ​ចិត្ត​ជាង។ ពេល​យើង​ឃើញ​ការ​ផ្លាស់​ប្ដូរ​បែប​នេះ យើង​កាន់​តែ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ថែ​រក្សា​យើង។ ការ​ជឿ​ជាក់​បែប​នេះ​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ បង​ស្រី​ម្នាក់​បាន​ឃើញ​ថា​នេះ​ជា​ការ​ពិត។ ពេញ​មួយ​ជីវិត​របស់​គាត់ គាត់​បាន​ប្រឈម​មុខ​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​និង​អារម្មណ៍​ថា​ខ្លួន​គ្មាន​តម្លៃ។ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ជាប់​រវល់​ក្នុង​កិច្ច​បម្រើ​ផ្សាយ ខ្ញុំ​អាច​គ្រប់​គ្រង​អារម្មណ៍​របស់​ខ្ញុំ​បាន​ច្រើន​ជាង ហើយ​ក៏​មាន​អារម្មណ៍​សប្បាយ​ជាង។ ខ្ញុំ​គិត​ថា​នេះ​គឺ​ដោយ​សារ​ការ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នាំ​ឲ្យ​ខ្ញុំ​ជិត​ស្និទ្ធ​ជាង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​»។

១០. តើ​អ្នក​រៀន​អ្វី​ពី​ពាក្យ​សម្ដី​របស់​បង​ប្រេនដឺ?

១០ សូម​គិត​ដែរ​អំពី​គំរូ​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​ប្រេនដឺ។ គាត់​និង​កូន​ស្រី​របស់​គាត់​មាន​ជំងឺ​ធ្ងន់​ធ្ងរ​ម្យ៉ាង។ បង​ប្រេនដឺ​ដើរ​មិន​បាន​ទេ ហើយ​ត្រូវ​ប្រើ​រទេះ​រុញ​ដើម្បី​ទៅ​ណា​មក​ណា។ គាត់​ក៏​មិន​សូវ​មាន​កម្លាំង​ដែរ។ ពេល​គាត់​អាច​ធ្វើ​បាន គាត់​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ប៉ុន្តែ​គាត់​ច្រើន​តែ​ផ្សព្វ​ផ្សាយ​ដោយ​សរសេរ​សំបុត្រ។ គាត់​និយាយ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ក្នុង​របៀប​របប​ពិភព​លោក​នេះ​ខ្ញុំ​មិន​អាច​ជា​ពី​ជំងឺ​នេះ​បាន​ទេ ខ្ញុំ​អាច​ផ្ដោត​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ។ តាម​ពិត​ការ​ផ្សព្វ​ផ្សាយ​ជួយ​ខ្ញុំ​មិន​ឲ្យ​គិត​អំពី​កង្វល់​របស់​ខ្ញុំ តែ​គិត​អំពី​ការ​ជួយ​ពួក​អ្នក​ដែល​ខ្ញុំ​ជួប​ក្នុង​តំបន់​ផ្សាយ​របស់​ក្រុម​ជំនុំ​ខ្ញុំ ហើយ​ក៏​ជួយ​រំលឹក​ខ្ញុំ​អំពី​សេចក្ដី​សង្ឃឹម​ដែល​ខ្ញុំ​មាន​សម្រាប់​ថ្ងៃ​អនាគត​»។

លោក​យេស៊ូ​បាន​ទទួល​យក​ជំនួយ​ពី​មិត្ត​ភក្ដិ​របស់​លោក

ការ​សេពគប់​មិត្ត​ភក្ដិ​ល្អ​នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត (​សូម​មើល​វគ្គ​១១​-​១៥​)

១១​-​១៣. (​ក​) តើ​ពួក​សាវ័ក​និង​អ្នក​ឯ​ទៀត​បាន​បង្ហាញ​ថា​ពួក​គេ​ជា​មិត្ត​សម្លាញ់​ពិត​របស់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​លោក?

១១ ក្នុង​អំឡុង​ពេល​ដែល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​បាន​បង្ហាញ​ថា​ពួក​គាត់​ជា​មិត្ត​ពិត​របស់​លោក​យេស៊ូ។ ពួក​គាត់​ជា​គំរូ​អំពី​មិត្ត​ភក្ដិ​ដ៏​ល្អ​ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​គម្ពីរ​ថា​៖ ​«​មាន​មិត្រ​សំឡាញ់​ម្យ៉ាង​ដែល​នៅ​ជាប់​ជាង​បង​ប្អូន​ទៅ​ទៀត​»។ (​សុភ. ១៨:២៤​) លោក​យេស៊ូ​ឲ្យ​តម្លៃ​ចំពោះ​មិត្ត​ភក្ដិ​បែប​នេះ។ ក្នុង​អំឡុង​ពេល​ដែល​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ បង​ប្អូន​ប្រុស​បង្កើត​របស់​លោក​មិន​បាន​បង្ហាញ​ជំនឿ​លើ​លោក​ទេ។ (​យ៉ូន. ៧:៣​-​៥​) នៅ​ពេល​មួយ សាច់​ញាតិ​របស់​លោក​ថែម​ទាំង​បាន​គិត​ថា​លោក​វង្វេង​ស្មារតី។ (​ម៉ាក. ៣:២១​) ប៉ុន្តែ នៅ​យប់​មុន​លោក​យេស៊ូ​បាន​ស្លាប់ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​សាវ័ក​ដ៏​ស្មោះ​ត្រង់​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​នៅ​ជាប់​ជា​មួយ​នឹង​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ទុក្ខ​លំបាក​»។—លូក. ២២:២៨

១២ ជួន​កាល ពួក​សាវ័ក​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​ខក​ចិត្ត ប៉ុន្តែ​លោក​មិន​បាន​ផ្ដោត​ទៅ​លើ​កំហុស​របស់​ពួក​គាត់​ទេ តែ​លោក​ឃើញ​ថា​ពួក​គាត់​មាន​ជំនឿ​លើ​លោក។ (​ម៉ាថ. ២៦:៤០; ម៉ាក. ១០:១៣, ១៤; យ៉ូន. ៦:៦៦​-​៦៩​) នៅ​យប់​ចុង​ក្រោយ​របស់​លោក​ជា​មួយ​នឹង​ពួក​គាត់​មុន​ដែល​លោក​បាន​ត្រូវ​គេ​ប្រហារ​ជីវិត លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ​ថា​៖ ​«​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ត​សម្លាញ់ ពី​ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឮ​ពី​បិតា​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​»។ (​យ៉ូន. ១៥:១៥​) មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​ពិត​ជា​បាន​លើក​ទឹក​ចិត្ត​លោក​ខ្លាំង​ណាស់។ ជំនួយ​ដែល​ពួក​គាត់​បាន​ផ្ដល់​ឲ្យ​លោក​យេស៊ូ​ក្នុង​កិច្ច​បម្រើ​ផ្សាយ បាន​ធ្វើ​ឲ្យ​លោក​ត្រេក​អរ​ពន់​ពេក។—លូក. ១០:១៧, ២១

១៣ ក្រៅ​ពី​ពួក​សាវ័ក លោក​យេស៊ូ​ក៏​មាន​មិត្ត​ឯ​ទៀត​ទាំង​ប្រុសទាំង​ស្រី​ដែល​បាន​ជួយ​លោក​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​តាម​របៀប​ផ្សេង​ទៀត​ដែរ។ មិត្ត​សម្លាញ់​ខ្លះ​បាន​អញ្ជើញ​លោក​ឲ្យ​មក​ផ្ទះ​របស់​ពួក​គេ​ដើម្បី​បរិភោគ​អាហារ។ (​លូក. ១០:៣៨​-​៤២; យ៉ូន. ១២:១, ២​) មិត្ត​ខ្លះ​ទៀត​របស់​លោក បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក ហើយ​បាន​ចែក​រំលែក​ធន​ធាន​របស់​ពួក​គេ​ជា​មួយ​នឹង​លោក។ (​លូក. ៨:៣​) លោក​យេស៊ូ​មាន​មិត្ត​ល្អ​ដោយ​សារ​លោក​ជា​មិត្ត​ល្អ​ចំពោះ​ពួក​គេ។ លោក​បាន​ធ្វើ​ល្អ​ចំពោះ​ពួក​គេ ហើយ​មិន​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ហួស​ពី​សមត្ថភាព​របស់​ពួក​គេ​ទេ។ លោក​យេស៊ូ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​លោក​ឲ្យ​តម្លៃ​ចំពោះ​ការ​គាំ​ទ្រ​ដែល​មក​ពី​មិត្ត​សម្លាញ់​របស់​លោក​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ពួក​គេ​ច្បាស់​ជា​បាន​ជួយ​លោក​ឲ្យ​បន្ត​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។

១៤​-​១៥. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មាន​មិត្ត​ភក្ដិ​ល្អ ហើយ​តើ​ពួក​គេ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

១៤ មិត្ត​ល្អ​នឹង​ជួយ​យើង​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា។ របៀប​ដ៏​ល្អ​បំផុត​ដើម្បី​មាន​មិត្ត​ល្អ​គឺ​ដោយ​ធ្វើ​ជា​មិត្ត​ល្អ។ (​ម៉ាថ. ៧:១២​) ជា​ឧទាហរណ៍ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​យើង​ដើម្បី​ជួយ​អ្នក​ឯ​ទៀត ជា​ពិសេស​ពួក​អ្នក​ដែល​«​ខ្វះ​ខាត​»។ (​អេភ. ៤:២៨​) តើ​អ្នក​អាច​នឹក​ឃើញ​អំពី​បុគ្គល​ណា​ម្នាក់​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ដែល​អ្នក​អាច​ជួយ​ឬ​ទេ? តើ​អ្នក​អាច​ទៅ​ផ្សារ​ជំនួស​បង​ប្អូន​ដែល​ចេញ​ពី​ផ្ទះ​មិន​បាន​ឬ​ទេ? តើ​អ្នក​អាច​ធ្វើ​ម្ហូប​សម្រាប់​ក្រុម​គ្រួសារ​ណា​មួយ​ដែល​មាន​បញ្ហា​លុយ​កាក់​ឬ​ទេ? បើ​អ្នក​ចេះ​ប្រើ​គេហទំព័រ​jw.org®និង​កម្ម​វិធី​JW​បណ្ណាល័យ តើ​អ្នក​អាច​ជួយ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​របស់​អ្នក​ឲ្យ​ចេះ​ប្រើ​ដែរ​ឬ​ទេ? ពេល​យើង​ជាប់​រវល់​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត យើង​ទំនង​ជា​នឹង​មាន​សុភមង្គល។—សកម្ម. ២០:៣៥

១៥ មិត្ត​ភក្ដិ​របស់​យើង​នឹង​គាំ​ទ្រ​យើង​ពេល​យើង​មាន​ទុក្ខ​លំបាក ហើយ​នេះ​នឹង​ជួយ​យើង​ឲ្យ​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ ដូច​អេលីហ៊ូវ​បាន​ស្ដាប់​ពេល​យ៉ូប​និយាយ​អំពី​ទុក្ខ​លំបាក​របស់​គាត់ មិត្ត​របស់យើង​ជួយ​យើង​ដោយ​ស្ដាប់​យ៉ាង​អត់​ធ្មត់​កាល​ដែល​យើង​ប្រាប់​អំពី​អារម្មណ៍​របស់​យើង។ (​យ៉ូប ៣២:៤​) យើង​មិន​គួរ​រំពឹង​ថា​មិត្ត​ភក្ដិ​របស់​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ជំនួស​យើង​ទេ ប៉ុន្តែ​បើ​យើង​មាន​ប្រាជ្ញា យើង​នឹង​ស្ដាប់​យោបល់​របស់​ពួក​គេ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ (​សុភ. ១៥:២២​) ម្យ៉ាង​ទៀត ដូច​ស្តេច​ដាវីឌ​បាន​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​ព្រម​ទទួល​ជំនួយ​ពី​មិត្ត​ភក្ដិ​របស់​គាត់ យើង​ក៏​គួរ​មាន​ចិត្ត​រាប​ទាប​ដោយ​ព្រម​ទទួល​ជំនួយ​ពី​មិត្ត​ភក្ដិ​របស់​យើង​នៅ​ពេល​ដែល​យើង​ត្រូវ​ការ។ (​២សាំ. ១៧:២៧​-​២៩​) តាម​ការ​ពិត មិត្ត​ភក្ដិ​ល្អ​បែប​នេះ​ជា​អំណោយ​មួយ​ពី​ព្រះ​យេហូវ៉ា។—យ៉ា. ១:១៧

របៀប​រក្សា​សេចក្ដី​សុខ​សាន្ត

១៦. យោង​ទៅ​តាម​ភីលីព ៤:៦, ៧ តើ​អ្វី​ជា​របៀប​តែ​មួយ​គត់​ដែល​យើង​អាច​មាន​សេចក្ដី​សុខ​សាន្ត? សូម​ពន្យល់។

១៦ សូម​អាន ភីលីព ៤:៦, ៧ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ប្រាប់​ថា​យើង​អាច​ទទួល​សេចក្ដី​សុខ​សាន្ត​របស់​លោក​«​តាម​រយៈ​គ្រិស្ត​យេស៊ូ​»​? ពី​ព្រោះ​បើ​យើង​មិន​យល់​អំពី​តួនាទី​របស់​លោក​យេស៊ូ​ក្នុង​ការ​សម្រេច​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ហើយ​មិន​មាន​ជំនឿ​លើ​លោក យើង​មិន​អាច​មាន​សេចក្ដី​សុខ​សាន្ត​ដ៏​ស្ថិតស្ថេរ​ក្នុង​ចិត្ត​និង​គំនិត​របស់​យើង​ទេ។ ជា​ឧទាហរណ៍ តាម​រយៈ​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ យើង​អាច​ទទួល​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​ទាំង​អស់​របស់​យើង។ (​១យ៉ូន. ២:១២​) នេះ​នាំ​ឲ្យ​យើង​ធូរ​ស្រាល​ក្នុង​ចិត្ត​ជា​ខ្លាំង! ក្នុង​នាម​ជា​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ លោក​យេស៊ូ​នឹង​បំបាត់​ចោល​នូវ​អ្វី​ៗ​ដ៏​អាក្រក់​ដែល​សាថាន​និង​របៀប​របប​របស់​វា​បាន​ធ្វើ​ដាក់​យើង។ (​អេ. ៦៥:១៧; ១យ៉ូន. ៣:៨; បប. ២១:៣, ៤​) នេះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដល់​យើង! ម្យ៉ាង​ទៀត ទោះ​ជា​លោក​យេស៊ូ​បាន​ប្រគល់​កិច្ច​ការ​ដ៏​ពិបាក​ឲ្យ​យើង​ក្ដី លោក​នៅ​ជា​មួយ​នឹង​យើង ដោយ​គាំ​ទ្រ​យើង​ក្នុង​គ្រា​ចុង​ក្រោយ​នៃ​របៀប​របប​ពិភព​លោក​នេះ។ (​ម៉ាថ. ២៨:១៩, ២០​) នេះ​ពិត​ជា​ជួយ​យើង​ឲ្យ​មាន​ចិត្ត​ក្លាហាន​កាន់​តែ​ខ្លាំង! ការ​ធូរ​ស្រាល​ក្នុង​ចិត្ត សេចក្ដី​សង្ឃឹម និង​ចិត្ត​ក្លាហាន​ជា​គ្រឹះ​មូលដ្ឋាន​សម្រាប់​ការ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ចិត្ត​របស់​យើង។

១៧. (​ក​) តើ​គ្រិស្ត​សាសនិក​អាច​រក្សា​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​តាម​របៀប​ណា? (​ខ​) ដូច​ដែល​បាន​សន្យា​នៅ​យ៉ូហាន ១៦:៣៣ តើ​យើង​អាច​ធ្វើ​អ្វី?

១៧ ដូច្នេះ តើ​អ្នក​អាច​បន្ត​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត​យ៉ាង​ដូច​ម្ដេច ពេល​អ្នក​មាន​ទុក្ខ​លំបាក​ដ៏​ធ្ងន់​ធ្ងរ? គឺ​ដោយ​ធ្វើ​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ ទី១ ចូរ​អធិដ្ឋាន ហើយ​បន្ត​អធិដ្ឋាន​ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។ ទី២ ចូរ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ទោះ​ជា​នៅ​ពេល​ដែល​ពិបាក​ធ្វើ​ដូច្នេះ​ក៏​ដោយ។ ទី៣ ចូរ​ពឹង​ផ្អែក​លើ​មិត្ត​ភក្ដិ​ឲ្យ​ជួយ​អ្នក​នៅ​គ្រា​ដែល​មាន​ទុក្ខ​លំបាក។ យ៉ាង​នេះ​សេចក្ដី​សុខ​សាន្ត​របស់​ព្រះ​នឹង​ការ​ពារ​ចិត្ត​និង​គំនិត​របស់​អ្នក ហើយ​ដូច​លោក​យេស៊ូ​អ្នក​នឹង​យក​ឈ្នះ​ទុក្ខ​លំបាក​ទាំង​អស់។—សូម​អាន យ៉ូហាន ១៦:៣៣

ចម្រៀង​លេខ​៤១ សូម​លោក​ស្ដាប់​ខ្ញុំ​អធិដ្ឋាន

^ វគ្គ 5 យើង​ទាំង​អស់​គ្នា​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្សេង​ៗ​ដែល​អាច​ធ្វើ​ឲ្យ​យើង​លែង​មាន​សេចក្ដី​សុខ​សាន្ត។ ក្នុង​អត្ថបទ​នេះ​យើង​នឹង​ពិចារណា​អំពី​អ្វី​បី​យ៉ាង​ដែល​លោក​យេស៊ូ​បាន​ធ្វើ​និង​ដែល​យើង​អាច​ធ្វើ​ដើម្បី​រក្សា​សេចក្ដី​សុខ​សាន្ត ទោះ​ជា​យើង​រង​ទុក្ខ​យ៉ាង​ណា​ក្ដី។