លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៧

ចូរ​ទទួល​យក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ទប់​ទល់​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត

ចូរ​ទទួល​យក​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដើម្បី​ទប់​ទល់​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត

​«​យើង​មាន​ការ​ប្រយុទ្ធ . . . [​នឹង​]ពួក​វិញ្ញាណ​ទុច្ចរិត​នៅ​ស្ថាន​សួគ៌​»។—អេភ. ៦:១២

ចម្រៀង​លេខ​៥៥ កុំ​ខ្លាច​ពួក​គេ​ឡើយ!

សេចក្ដី​សង្ខេប *

១. ដូច​ដែល​បាន​ពន្យល់​នៅ​អេភេសូរ ៦:១០​-​១៣ តើ​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​តាម​របៀប​ណា? សូម​ពន្យល់។

របៀប​ដ៏​កក់​ក្ដៅ​មួយ​ដែល​ព្រះ​យេហូវ៉ា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​យើង​ជា​អ្នក​បម្រើ​លោក គឺ​ដោយ​ជួយ​យើង​ឲ្យ​ទប់​ទល់​នឹង​សត្រូវ​របស់​យើង។ សត្រូវ​ដ៏​ធំ​បំផុត​របស់​យើង​គឺ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។ ព្រះ​យេហូវ៉ា​ព្រមាន​យើង​អំពី​សត្រូវ​ទាំង​នេះ ហើយ​លោក​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ដើម្បី​ទប់​ទល់​នឹង​ពួក​វា។ (​សូម​អាន អេភេសូរ ៦:១០​-​១៣) ពេល​យើង​ព្រម​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា និង​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​លោក យើង​អាច​តស៊ូ​នឹង​មេ​កំណាច​ដោយ​ជោគ​ជ័យ។ យើង​អាច​មាន​ទំនុក​ចិត្ត​ដូច​សាវ័ក​ប៉ូល​ដែល​បាន​សរសេរ​ថា​៖ ​«​ប្រសិន​បើ​ព្រះ​គាំ​ទ្រ​យើង តើ​អ្នក​ណា​នឹង​ប្រឆាំង​យើង​បាន?​»។—រ៉ូម ៨:៣១

២. តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ពិត យើង​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ទេ។ យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​រៀន​អំពី​ព្រះ​យេហូវ៉ា​និង​ការ​បម្រើ​លោក។ (​ទំនុក. ២៥:៥​) ប៉ុន្តែ យើង​ត្រូវ​ដឹង​អំពី​វិធី​ខ្លះ​ដែល​សាថាន​ប្រើ​ដើម្បី​បំភាន់​មនុស្ស។ ហេតុ​អ្វី? ដើម្បី​កុំ​ឲ្យ​វា​មាន​ឱកាស​ឈ្នះ​យើង។ (​២កូ. ២:១១​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​វិធី​ចម្បង​មួយ​ដែល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ប្រើ​ដើម្បី​បំភាន់​មនុស្ស។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ទប់​ទល់​នឹង​ពួក​វា​ដោយ​ជោគ​ជ័យ។

របៀប​ពួក​វិញ្ញាណ​ទុច្ចរិត​បំភាន់​មនុស្ស

៣​-​៤. (​ក​) តើ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​គឺ​ជា​អ្វី? (​ខ​) តើ​មនុស្ស​ច្រើន​យ៉ាង​ណា​មាន​ជំនឿ​លើ​ពួក​វិញ្ញាណ​អាក្រក់?

វិធី​ចម្បង​មួយ​ដែល​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ប្រើ​ដើម្បី​បំភាន់​មនុស្ស គឺ​ធ្វើ​ឲ្យ​មនុស្ស​ចង់​ទាក់​ទង​នឹង​ពួក​វា។ មនុស្ស​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​អះអាង​ថា​ពួក​គេ​ដឹង​អ្វី​មួយ​ដែល​តាម​ធម្មតា​មនុស្ស​មិន​អាច​ដឹង ឬ​ថា​ពួក​គេ​មាន​សមត្ថភាព​ធ្វើ​អ្វី​ដែល​តាម​ធម្មតា​មនុស្ស​មិន​អាច​ធ្វើ​បាន​ទេ។ ជា​ឧទាហរណ៍ អ្នក​ខ្លះ​អះអាង​ថា​ពួក​គេ​អាច​ដឹង​អំពី​អនាគតតាម​រយៈ​ការ​ទស្សន៍​ទាយ​គន់​គូរ​ឬ​ហោរាសាស្ត្រ។ អ្នក​ខ្លះ​ទៀត ប្រហែល​ជា​ធ្វើ​ឲ្យ​មើល​ទៅ​ថា​ពួក​គេ​កំពុង​និយាយ​ជា​មួយ​នឹង​មនុស្ស​ដែល​បាន​ស្លាប់។ រីឯ​អ្នក​ខ្លះ​ទៀត ធ្វើ​អំពើ​អាប​ធ្មប់ ឬ​ប្រើ​វេទមន្ត ហើយ​ពួក​គេ​ប្រហែល​ជា​ព្យាយាម​ដាក់​អំពើ​លើ​អ្នក​ឯ​ទៀត។ *

តើ​មនុស្ស​ច្រើន​យ៉ាង​ណា​ជឿ​ថា​មនុស្ស​អាច​ទាក់​ទង​ជា​មួយ​នឹង​ឬ​អាច​ទទួល​សមត្ថភាព​ពិសេស​ពី​ពួក​វិញ្ញាណ? ការ​ស្ទង់​មតិ​មួយ​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​១៨​ប្រទេស​នា​អាម៉េរិក​ឡា​ទីន​និង​នៅ​សមុទ្រ​ការីប បាន​ស​ឲ្យ​ឃើញ​ថា​មនុស្ស​ប្រហែល​ជា​មួយ​ភាគ​បី​នៃ​ចំនួន​មនុស្ស​ដែល​បាន​ត្រូវ​ស្ទង់​មតិ​នោះ ជឿ​លើ​វេទមន្ត ឬ​អំពើ​អាប​ធ្មប់ ហើយ​ជិត​មួយ​ភាគ​បី​ជឿ​ថា​មនុស្ស​អាច​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ពួក​វិញ្ញាណ។ ការ​ស្ទង់​មតិ​មួយ​ទៀត​នៅ​១៨​ប្រទេស​នា​ទ្វីប​អាហ្វ្រិក​ក៏​បាន​បង្ហាញ​ថា ជា​មធ្យម​ជាង​ពាក់​កណ្ដាល​នៃ​មនុស្ស​ដែល​បាន​ត្រូវ​ស្ទង់​មតិ​នោះ​និយាយ​ថា​ពួក​គេ​ជឿ​លើ​អំពើ​អាប​ធ្មប់។ ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ដើម្បី​មិន​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ ហេតុ​អ្វី? ពី​ព្រោះ​សាថាន​កំពុង​ព្យាយាម​បំភាន់​«​ពិភព​លោក​ទាំង​មូល​»។—បប. ១២:៩

៥. តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់?

ព្រះ​យេហូវ៉ា​ជា​«​ព្រះ​នៃ​សេចក្ដី​ពិត​»។ (​ទំនុក. ៣១:៥​) ដូច្នេះ តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់? លោក​ស្អប់ខ្ពើម​អំពើ​បែប​នោះ! ព្រះ​យេហូវ៉ា​បាន​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​ថា​៖ ​«​នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ​ដែល​ធ្វើ​ឲ្យ​កូន​ប្រុស​ឬ​កូន​ស្រី​ខ្លួន​ឆ្លង​កាត់​ភ្លើង ឬ​គ្រូ​ទាយ គ្រូ​គន់​គូរ​នក្ខត្តឫក្ស គ្រូ​អង្គុយ​ធម៌ គ្រូ​អាប​ធ្មប់ គ្រូ​សន្ធាប់ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ។ ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់ខ្ពើម​ដល់​ព្រះ​យេហូវ៉ា​ណាស់​»។ (​ចោ. ១៨:១០​-​១២​) គ្រិស្ត​សាសនិក​ពិត​មិន​នៅ​ក្រោម​ច្បាប់​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ដល់​ជន​ជាតិ​អ៊ីស្រាអែល​ទេ។ ប៉ុន្តែ យើង​ដឹង​ថា​អារម្មណ៍​របស់​លោក​ចំពោះ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​គឺ​មិន​បាន​ប្រែ​ប្រួល​ឡើយ។—ម៉ាឡ. ៣:៦

៦. (​ក​) តើ​តាម​របៀប​ណា​សាថាន​ប្រើ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា? (​ខ​) យោង​ទៅ​តាម​សាស្ដា ៩:៥ តើ​សេចក្ដី​ពិត​អំពី​ស្ថានភាព​មនុស្ស​ស្លាប់​គឺ​ជា​អ្វី?

ព្រះ​យេហូវ៉ា​ព្រមាន​យើង​មិន​ឲ្យ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់ ដោយ​សារ​លោក​ដឹង​ថា​សាថាន​ប្រើ​វិធី​នោះ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា។ សាថាន​ប្រើ​ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ដើម្បី​លើក​ស្ទួយ​ការ​កុហក ដូច​ជា​ការ​កុហក​ដែល​ថា​មនុស្ស​ស្លាប់​បន្ត​រស់​នៅ​ភព​ផ្សេង​ទៀត។ (​សូម​អាន សាស្ដា ៩:៥) សាថាន​ក៏​ប្រើ​អ្វី​នេះ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ភ័យ​ខ្លាច និង​ដើម្បី​បង្វែរ​ពួក​គេ​ចេញ​ពី​ព្រះ​យេហូវ៉ា។ គោល​បំណង​របស់​វា​គឺ​ចង់​ឲ្យ​អ្នក​ដែល​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ទុក​ចិត្ត​លើ​ពួក​វា ជា​ជាង​ទុក​ចិត្ត​លើ​ព្រះ​យេហូវ៉ា។

របៀប​យើង​ទប់​ទល់​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត

៧. តើ​ព្រះ​យេហូវ៉ា​ប្រាប់​យើង​អំពី​អ្វី?

ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ ព្រះ​យេហូវ៉ា​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​ត្រូវ​ដឹង​ដើម្បី​មិន​ឲ្យ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​បំភាន់​យើង។ សូម​ពិចារណា​អំពី​អ្វី​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដើម្បី​ប្រយុទ្ធ​នឹង​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។

៨. (​ក​) តើ​របៀប​ដ៏​សំខាន់​ចម្បង​ដែល​យើង​អាច​ទប់​ទល់​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត​គឺ​ជា​អ្វី? (​ខ​) តើ​ទំនុក​តម្កើង ១៤៦:៤​បង្ហាញ​យ៉ាង​ណា​ថា​សាថាន​បាន​កុហក​អំពី​ស្ថានភាព​មនុស្ស​ស្លាប់?

ចូរ​អាន​បណ្ដាំ​របស់​ព្រះ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​បាន​អាន។ នេះ​គឺ​ជា​របៀប​ដ៏​សំខាន់​ចម្បង​ដែល​យើង​អាច​ទប់​ទល់​នឹង​ការ​កុហក​ដែល​ពួក​វិញ្ញាណ​ទុច្ចរិត​លើក​ស្ទួយ។ បណ្ដាំ​របស់​ព្រះ​ប្រៀប​ដូច​ជា​ដាវ​មុត​ដែល​អាច​បក​អាក្រាត​ការ​កុហក​ដែល​សាថាន​លើក​ស្ទួយ។ (​អេភ. ៦:១៧​) ជា​ឧទាហរណ៍ បណ្ដាំ​របស់​ព្រះ​បក​អាក្រាត​ការ​កុហក​ដែល​ថា​មនុស្ស​ស្លាប់​អាច​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​អ្នក​ដែល​នៅ​រស់។ (​សូម​អាន ទំនុក​តម្កើង ១៤៦:៤) បណ្ដាំ​របស់​លោក​ក៏​រំលឹក​យើង​ដែរថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​អាច​ប្រាប់​នូវ​អ្វី​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​អំពី​អនាគត។ (​អេ. ៤៥:២១; ៤៦:១០​) បើ​យើង​អាន​បណ្ដាំ​របស់​ព្រះ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​អាន​ជា​ទៀង​ទាត់ យើង​នឹង​ស្អប់​ការ​កុហក​ដែល​សាថាន​និង​ពួក​វិញ្ញាណ​ទុច្ចរិត​ចង់​ឲ្យ​យើង​ជឿ ហើយ​យើង​ក៏​នឹង​មាន​សមត្ថភាព​ទប់​ទល់​នឹង​ការ​កុហក​របស់​ពួក​វា​ដែរ។

៩. តើ​យើង​ជៀស​វាង​ពី​ការ​ប្រព្រឹត្ត​ណា​ខ្លះ​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់?

ចូរ​កុំ​ធ្វើ​អ្វី​ណា​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ ដោយ​សារ​យើង​ជា​គ្រិស្ត​សាសនិក​ពិត យើង​មិន​ធ្វើ​អ្វី​ណា​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច​ទាល់​តែ​សោះ។ ជា​ឧទាហរណ៍ យើង​មិន​ទៅ​រក​គ្រូ​ខាប ឬ​ព្យាយាម​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ស្លាប់​តាម​របៀប​ណា​មួយ​ឡើយ។ ដូច​ដែល​យើង​បាន​ពិចារណា​ក្នុង​អត្ថបទ​មុន យើង​ជៀស​វាង​ពី​ទំនៀម​ទម្លាប់​ដែល​មាន​មូលដ្ឋាន​លើ​ជំនឿ​ថា​មនុស្ស​ស្លាប់​នៅ​តែ​បន្ត​រស់​នៅ​ក្នុង​ភព​ផ្សេង​ទៀត។ ម្យ៉ាង​ទៀត យើង​មិន​ធ្វើ​ការ​ទស្សន៍​ទាយ​ឬ​ហោរាសាស្ត្រ​ដើម្បី​ដឹង​អំពី​អនាគត​ឡើយ។ (​អេ. ៨:១៩​) យើង​ដឹង​ថា​ការ​ប្រព្រឹត្ត​ទាំង​អស់​នោះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ហើយ​ក៏​អាច​នាំ​ឲ្យ​យើង​ទាក់​ទង​ជា​មួយ​នឹង​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។

ចូរ​យក​តម្រាប់​គ្រិស្ត​សាសនិក​សម័យ​ដើម ដោយ​ចោល​អ្វី​ណា​ក៏​ដោយ​ដែល​អ្នក​មាន​ដែល​ជាប់​ទាក់​ទង​នឹង​អំណាច​ពិសេស​ពី​ពួក​វិញ្ញាណ​កំណាច និង​ដោយ​ជៀស​ចេញ​ពី​ការ​កម្សាន្ត​ដែល​ជាប់​ទាក់​ទង នឹង​ពួក​វិញ្ញាណ​អាក្រក់ (​សូម​មើល​វគ្គ​១០​-​១២​)

១០​-​១១. (​ក​) តើ​មនុស្ស​ខ្លះ​នៅ​សតវត្សរ៍​ទី១​បាន​ធ្វើ​អ្វី​ពេល​ពួក​គេ​បាន​រៀន​សេចក្ដី​ពិត? (​ខ​) យោង​ទៅ​តាម​កូរិនថូស​ទី១ ១០:២១ ហេតុ​អ្វី​យើង​គួរ​ធ្វើ​តាម​គំរូ​របស់​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

១០ ចូរ​ចោល​អ្វី​ៗ​ដែល​ទាក់​ទង​នឹង​អំណាច​ពិសេស​ដែល​មក​ពី​ពួក​វិញ្ញាណ​កំណាច។ មនុស្ស​ខ្លះ​ដែល​រស់​នៅ​ក្រុង​អេភេសូរ​នា​សតវត្សរ៍​ទី១​ធ្លាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ ប៉ុន្តែ ពេល​ពួក​គេ​បាន​រៀន​សេចក្ដី​ពិត ពួក​គេ​បាន​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់។ គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​ជា​ច្រើន​ដែល​ចេះ​វេទមន្ត​បាន​យក​សៀវភៅ​របស់​ពួក​គេ​មក​ដាក់​រួម​គ្នា រួច​ដុត​ចោល​នៅ​មុខ​គេ​ទាំង​អស់​គ្នា​»។ (​សកម្ម. ១៩:១៩​) ពួក​គេ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​តយុទ្ធ​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត។ សៀវភៅ​វេទមន្ត​របស់​ពួក​គេ​មាន​តម្លៃ​ថ្លៃ​ណាស់។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ជា​ជាង​ឲ្យ​សៀវភៅ​នោះ​ទៅ​អ្នក​ផ្សេង ឬ​លក់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត ពួក​គេ​បាន​បំផ្លាញ​សៀវភៅ​ទាំង​នោះ​ចោល។ ចំពោះ​ពួក​គេ ការ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​គឺ​សំខាន់​ជាង​តម្លៃ​សៀវភៅ​ទាំង​នោះ។

១១ តើ​យើង​អាច​ធ្វើ​តាម​គំរូ​របស់​គ្រិស្ត​សាសនិក​ទាំង​នោះ​នៅ​សតវត្សរ៍​ទី១​យ៉ាង​ដូច​ម្ដេច? គឺ​ជា​ការ​ឈ្លាស​វៃ​ឲ្យ​យើង​ចោល​អ្វី​ណា​ក៏ដោយ​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់។ នេះ​រួម​បញ្ចូល​វត្ថុ​ស័ក្ដិ​សិទ្ធិ ខ្សែ​គាថា ឬ​អ្វី​ផ្សេង​ទៀត​ដែល​មនុស្ស​ប្រើ​ដើម្បី​ការ​ពារ​ខ្លួន​ពី​គ្រោះ​ថ្នាក់​និង​ពី​ពួក​វិញ្ញាណ​អាក្រក់។—សូម​អាន កូរិនថូស​ទី១ ១០:២១

១២. តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ​ស្តី​អំពី​ការ​កម្សាន្ត?

១២ ចូរ​ពិនិត្យ​ពិចារណា​អំពី​ការ​កម្សាន្ត​របស់​អ្នក​យ៉ាង​ដិត​ដល់។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​អាន​សៀវភៅ ទស្សនាវដ្ដី ឬ​អត្ថបទ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​រៀប​រាប់​អំពី​អំណាច​ពិសេស​ដែល​មក​ពី​ពួក​វិញ្ញាណ​កំណាច​ឬ​ទេ? ចុះ​យ៉ាង​ណា​អំពី​ចម្រៀង​ដែល​ខ្ញុំ​ស្ដាប់ ភាពយន្ត​និង​កម្ម​វិធី​ទូរទស្សន៍​ដែល​ខ្ញុំ​មើល ឬ​ហ្គេម​វីដេអូ​ដែល​ខ្ញុំ​លេង? តើ​ការ​កម្សាន្ត​របស់​ខ្ញុំ​រួម​បញ្ចូល​អ្វី​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ឬ​ទេ? តើ​ការ​កម្សាន្ត​នោះ​រួម​បញ្ចូល​បិសាច​និង​ខ្មោច​ឆៅ ឬ​អំណាច​ពិសេស​ដែល​មក​ពី​ពួក​វិញ្ញាណ​កំណាច​ឬ​ទេ? តើ​វា​ធ្វើ​ឲ្យ​មើល​ទៅ​វេទមន្ត ការ​ដាក់​អំពើ ឬ​បណ្ដាសា​ជា​អ្វី​ដ៏​សប្បាយ​ឬ​ទេ?›។ ទោះ​ជា​ការ​កម្សាន្ត​ខ្លះ​ជា​រឿង​ព្រេង​ឬ​រឿង​ប្រឌិត​ក្ដី នេះ​មិន​តែង​តែ​មាន​ន័យ​ថា​វា​ជាប់​ទាក់​ទង​នឹង​ការ​ប្រើ​អំណាច​ពិសេស​ពី​ពួក​វិញ្ញាណ​អាក្រក់​ទេ។ ពេល​ពិនិត្យ​ពិចារណា​អំពី​ការ​កម្សាន្ត​របស់​អ្នក ចូរ​តាំង​ចិត្ត​ធ្វើ​ការ​សម្រេច​ចិត្ត​ដែល​នឹង​ជួយ​អ្នក​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្វី​ណា​ក៏​ដោយ​ដែល​ព្រះ​យេហូវ៉ា​ស្អប់។ យើង​ចង់​ខំ​អស់​ពី​សមត្ថភាព​ដើម្បី‹ឲ្យ​ចិត្ត​យើង​វិនិច្ឆ័យ​យើង​ថា យើង​មិន​បាន​ល្មើស​ច្បាប់​របស់​ព្រះ​ឡើយ›។—សកម្ម. ២៤:១៦ *

១៣. តើ​យើង​ចង់​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី?

១៣ សូម​ជៀស​វាង​ពី​ការ​ផ្សាយ​រឿង​អំពី​ពួក​វិញ្ញាណ​កំណាច។ ស្តី​អំពី​រឿង​នេះ យើង​ចង់​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ។ (​១ពេ. ២:២១​) លោក​យេស៊ូ​បាន​នៅ​ស្ថាន​សួគ៌​មុន​លោក​មក​ផែន​ដី ដូច្នេះ​លោក​ដឹង​ព័ត៌មាន​ជា​ច្រើន​អំពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច។ ប៉ុន្តែ លោក​មិន​បាន​ផ្សាយ​រឿង​អំពី​អ្វី​ដែល​ពួក​វិញ្ញាណ​អាក្រក់​បាន​ធ្វើ​ទេ។ លោក​យេស៊ូ​ចង់​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា មិន​មែន​ជា​អ្នក​ផ្សព្វ​ផ្សាយ​ឲ្យ​សាថាន​ទេ។ យើង​អាច​យក​តម្រាប់​លោក​យេស៊ូ ដោយ​មិន​ផ្សាយ​រឿង​អំពី​ពួក​វិញ្ញាណ​កំណាច។ ផ្ទុយ​ទៅ​វិញ ពាក្យ​សម្ដី​របស់​យើង​បង្ហាញ​ថា‹ចិត្ត​របស់​យើង​ពេញ​ហៀរ​ដោយ​សេចក្ដី​ដ៏​ល្អ› ពោល​គឺ​ដោយ​សេចក្ដី​ពិត។—ទំនុក. ៤៥:១

យើង​មិន​ចាំ​បាច់​ខ្លាច​ពួក​វិញ្ញាណ​ទុច្ចរិត​ទេ។ ព្រះ​យេហូវ៉ា លោក​យេស៊ូ និង​ពួក​ទេវតា​មាន​ឫទ្ធា​នុភាព​ខ្លាំង​ជាង (​សូម​មើល​វគ្គ​១៤​-​១៥​) *

១៤​-​១៥. (​ក​) ហេតុ​អ្វី​យើង​មិន​គួរ​ខ្លាច​ពួក​វិញ្ញាណ​ទុច្ចរិត? (​ខ​) តើ​មាន​ទី​សំអាង​អ្វី​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ?

១៤ ចូរ​កុំ​ភ័យ​ខ្លាច​ពួក​វិញ្ញាណ​ទុច្ចរិត។ នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ រឿង​អាក្រក់​ប្រហែល​ជា​នឹង​កើត​ឡើង​ដល់​យើង។ ជា​ឧទាហរណ៍ ជំងឺ គ្រោះ​ថ្នាក់ ឬ​ថែម​ទាំង​សេចក្ដី​ស្លាប់​អាច​កើត​ឡើង​ភ្លាម​ៗ​ដោយ​មិន​បាន​រំពឹង​ទុក។ ប៉ុន្តែ យើង​មិន​គួរ​គិត​ថា​បញ្ហា​ទាំង​នោះ​កើត​ឡើង​ដោយ​សារ​បុគ្គល​វិញ្ញាណ​នោះ​ទេ។ គម្ពីរ​ពន្យល់​ថា​៖ ​«​ពេល​វេលា​នឹង​ឱកាស​»​ឬ​បញ្ហា​និង​ហេតុ​ការណ៍​ដែល​យើង​មិន​បាន​រំពឹង​ទុក អាច​កើត​ឡើង​ភ្លាម​ៗ​ដល់​យើង​ទាំង​អស់​គ្នា។ (​សាស្ដ. ៩:១១​) ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​មាន​ឫទ្ធា​នុភាព​ខ្លាំង​ជាង​ពួក​វិញ្ញាណ​កំណាច​ឆ្ងាយ​ណាស់។ ជា​ឧទាហរណ៍ ព្រះ​បាន​ហាមឃាត់​សាថាន​មិន​ឲ្យ​សម្លាប់​យ៉ូប។ (​យ៉ូប ២:៦​) នៅ​សម័យ​ម៉ូសេ ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ថា​លោក​មាន​អំណាច​ខ្លាំង​ជាង​ពួក​គ្រូ​មន្តអាគម​នៅ​ស្រុក​អេស៊ីប។ (​និក្ខ. ៨:១៨; ៩:១១​) ដោយ​ទទួល​ឫទ្ធា​នុភាព​ពី​ព្រះ​យេហូវ៉ា លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​មាន​អំណាច​លើ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច ពេល​លោក​បាន​បោះ​ទម្លាក់​ពួក​វា​ពី​ស្ថាន​សួគ៌​មក​ផែន​ដី។ មិន​យូរ​ទៀត ពួក​វា​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត ហើយ​មិន​អាច​ធ្វើ​បាប​អ្នក​ណា​បាន​ឡើយ។—បប. ១២:៩; ២០:២, ៣

១៥ យើង​អាច​ឃើញ​ទី​សំអាង​ជា​ច្រើន​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​របស់​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ យើង​កំពុង​ផ្សព្វ​ផ្សាយ​និង​បង្រៀន​សេចក្ដី​ពិត​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី។ (​ម៉ាថ. ២៨:១៩, ២០​) ជា​លទ្ធផល យើង​កំពុង​បក​អាក្រាត​ស្នា​ដៃ​ដ៏​ខូច​អាក្រក់​របស់​មេ​កំណាច។ បើ​សាថាន​អាច​ធ្វើ​បាន​វា​ច្បាស់​ជា​នឹង​បញ្ឈប់​កិច្ច​ការ​ទាំង​អស់​របស់​យើង តែ​វា​មិន​អាច​ធ្វើ​បាន​ទេ។ ដូច្នេះ យើង​មិន​ចាំ​បាច់​ភ័យ​ខ្លាច​ពួក​វិញ្ញាណ​ទុច្ចរិត​ឡើយ។ យើង​ដឹង​ថា​«​ព្រះ​នេត្រ​នៃ​ព្រះ​យេហូវ៉ា​ចេះ​តែ​ទត​ច្រវាត់​នៅ​គ្រប់​លើ​ផែន​ដី​ទាំង​មូល ដើម្បី​នឹង​សំ​ដែង​ព្រះ​ចេស្ដា​ជួយ​ដល់​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ចំពោះ​ទ្រង់​»។ (​២រប. ១៦:៩​) បើ​យើង​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា ពួក​វិញ្ញាណ​កំណាច​មិន​អាច​ធ្វើ​ឲ្យ​យើង​រង​ទុក្ខ​រហូត​ឡើយ។

ពរ​សម្រាប់​ពួក​អ្នក​ដែល​ព្រម​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា

១៦​-​១៧. សូម​លើក​ឧទាហរណ៍​អំពី​បុគ្គល​ដែល​បាន​បង្ហាញ​ចិត្ត​ក្លាហាន​ក្នុង​ការ​ទប់​ទល់​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត។

១៦ យើង​ត្រូវ​ការ​ចិត្ត​ក្លាហាន​ដើម្បី​ទប់​ទល់​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត ជា​ពិសេស​ពេល​មិត្ត​សម្លាញ់​ឬ​សាច់​ញាតិ​ដែល​មាន​បំណង​ល្អ​ប្រឆាំងយើង។ ប៉ុន្តែ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​ពួក​អ្នក​ដែល​បង្ហាញ​ចិត្ត​ក្លាហាន​បែប​នោះ។ សូម​គិត​អំពី​គំរូ​របស់​បង​ស្រី​អ៊ីរីខា​ដែល​រស់​នៅ​ប្រទេស​ហ្គាណា។ ពេល​បង​អ៊ីរីខា​មាន​អាយុ​២១​ឆ្នាំ​គាត់​បាន​ចាប់​ផ្ដើម​សិក្សា​គម្ពីរ។ ដោយ​សារ​ឪ​ពុក​របស់​គាត់​ជា​គ្រូ​មន្តអាគម គេ​រំពឹង​ថា​បង​អ៊ីរីខា​នឹង​ចូល​រួម​ក្នុង​ទំនៀម​ទម្លាប់​ដែល​រួម​បញ្ចូល​ការ​បរិភោគ​សាច់​ដែល​បាន​ត្រូវ​សែន​ដល់​ព្រះ​ផ្សេង​ៗ​របស់​ឪ​ពុក​គាត់។ ពេល​បង​អ៊ីរីខា​មិន​ព្រម​ធ្វើ​តាម​ទំនៀម​ទម្លាប់​នោះ ក្រុម​គ្រួសារ​របស់​គាត់​គិត​ថា​គាត់​បាន​ប្រមាថ​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ជឿ​ថា​ព្រះ​ទាំង​នោះ​នឹង​ដាក់​ទោស​ពួក​គេ​ដោយ​ធ្វើ​ឲ្យ​មាន​ជំងឺ​ខាង​ផ្លូវ​កាយ​និង​ខាង​សតិ​អារម្មណ៍។

១៧ ក្រុម​គ្រួសារ​របស់​បង​អ៊ីរីខា​ព្យាយាម​បង្ខំ​គាត់​ឲ្យ​ធ្វើ​តាម​ទំនៀម​ទម្លាប់​នោះ ប៉ុន្តែ​គាត់​មិន​ព្រម​ធ្វើ​តាម​ពួក​គេ​ទេ ទោះ​ជា​នេះ​តម្រូវ​ឲ្យ​គាត់​ចាក​ចេញ​ពី​ផ្ទះ​ក៏​ដោយ។ សាក្សី​ខ្លះ​បាន​ឲ្យ​គាត់​ស្នាក់​នៅ​ជា​មួយ​នឹង​ពួក​គេ។ ក្នុង​ន័យ​នោះ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​ដល់​បង​អ៊ីរីខា ដោយ​ឲ្យ​គាត់​មាន​ក្រុម​គ្រួសារ​ថ្មី ពោល​គឺ​បង​ប្អូន​រួម​ជំនឿ​ដែល​ប្រៀប​ដូច​ជា​បង​ប្អូន​ប្រុស​ស្រី​របស់​គាត់។ (​ម៉ាក. ១០:២៩, ៣០​) ទោះ​ជា​ញាតិ​សន្ដាន​របស់​បង​អ៊ីរីខា​បាន​កាត់​កាល់​គាត់ និង​ថែម​ទាំង​បាន​ដុត​របស់​របរ​គាត់​ក្ដី គាត់​បាន​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​ឥឡូវ​គាត់​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល។ គាត់​មិន​ភ័យ​ខ្លាច​ពួក​វិញ្ញាណ​កំណាច​ទេ។ បង​អ៊ីរីខា​និយាយ​ថា​៖ ​«​រាល់​ថ្ងៃ ខ្ញុំ​អធិដ្ឋាន​សុំ​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ​ទទួល​ឯកសិទ្ធិ​ស្គាល់​ព្រះ​យេហូវ៉ា​និង​មាន​សេរី​ភាព​ដែល​មក​ពី​ការ​បម្រើ​ព្រះ​របស់​យើង​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​»។

១៨. តើ​យើង​ទទួល​ពរ​អ្វី​ខ្លះ​ពី​ការ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា?

១៨ មិន​មែន​យើង​ទាំង​អស់​គ្នា​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​សាកល្បង​ជំនឿ​តាម​របៀប​ដ៏​ខ្លាំង​បែប​នោះ​ទេ។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​ត្រូវ​ទប់​ទល់​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត ហើយ​ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​ទទួល​ពរ​ជា​ច្រើន ហើយ​សាថាន​មិន​អាច​ប្រើ​ការ​កុហក​ដើម្បី​បំភាន់​យើង​បាន​ទេ។ យើង​ក៏​នឹង​មិន​ឲ្យ​ការ​ភ័យ​ខ្លាច​ចំពោះ​ពួក​វិញ្ញាណ​កំណាច​បញ្ឈប់​យើង​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ សំខាន់​បំផុត យើង​នឹង​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​សរសេរ​ថា​៖ ​«​ចូរ​ចុះ​ចូល​នឹង​ព្រះ​តែ​ចូរ​តស៊ូ​នឹង​មេ​កំណាច រួច​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ ចូរ​ចូល​ទៅ​ជិត​ព្រះ ហើយ​លោក​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ​»។—យ៉ា. ៤:៧, ៨

ចម្រៀង​លេខ​១៥០ ចូរ​ស្វែង​រក​សេចក្ដី​សង្គ្រោះ​ពី​ព្រះ

^ វគ្គ 5 ដោយ​សេចក្ដី​ស្រឡាញ់ ព្រះ​យេហូវ៉ា​បាន​ព្រមាន​យើង​អំពី​ពួក​វិញ្ញាណ​អាក្រក់​និង​បញ្ហា​ដែល​ពួក​វា​បណ្ដាល​ឲ្យ​មាន។ តើ​ពួក​វិញ្ញាណ​អាក្រក់​ព្យាយាម​បំភាន់​មនុស្ស​តាម​របៀប​ណា? តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទប់​ទល់​នឹង​ពួក​វិញ្ញាណ​ទុច្ចរិត? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ជួយ​យើង ដើម្បី​មិន​ឲ្យ​ពួក​វា​បោក​បញ្ឆោត​យើង​បាន។

^ វគ្គ 3 ការ​ពន្យល់​ពាក្យ: ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​សំដៅ​ទៅ​លើ​ជំនឿ​និង​ការ​ប្រព្រឹត្ត​ដែល​ជាប់​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​កំណាច។ នេះ​រួម​បញ្ចូល​ជំនឿ​ដែល​ថា​មនុស្ស​ស្លាប់​មាន​ព្រលឹង​ដែល​បន្ត​រស់​នៅ ទោះ​ជា​អ្នក​នោះ​បាន​ស្លាប់​ក្ដី ហើយ​ថា​បុគ្គល​ដែល​បាន​ស្លាប់​នោះ​អាច​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ដែល​នៅ​រស់ ជា​ពិសេស​តាម​រយៈ​បុគ្គល​ណា​ម្នាក់(​គ្រូ​ខាប​)។ ការ​ទាក់​ទង​នឹង​ពួក​វិញ្ញាណ​អាក្រក់​ក៏​រួម​បញ្ចូល​អំពើ​អាប​ធ្មប់​និង​ការ​ទស្សន៍​ទាយ​គន់​គូរ។ ក្នុង​អត្ថបទ​នេះ ពាក្យ​វេទមន្ត​សំដៅ​លើ​ការ​ប្រព្រឹត្ត​ដែល​ជាប់​ទាក់​ទង​នឹង​អំណាច​ពិសេស​ដែល​មក​ពី​ពួក​វិញ្ញាណ​កំណាច។ នេះ​ក៏​អាច​រួម​បញ្ចូល​ការ​ដាក់​បណ្ដាសា​និង​ការ​ដាក់​ឬ​ដោះ​អំពើ។ នេះ​មិន​សំដៅ​លើ​សៀ​ក​រហ័ស​កម្ម​ដែល​គេ​សម្ដែង​ដើម្បី​ជា​ការ​កម្សាន្ត​ទេ។

^ វគ្គ 12 ពួក​អ្នក​ចាស់​ទុំ​មិន​មាន​សិទ្ធិ​ដាក់​ច្បាប់​អំពី​ការ​កម្សាន្ត​ទេ។ ផ្ទុយ​ទៅ​វិញ គ្រិស្ត​សាសនិក​ម្នាក់​ៗ​ត្រូវ​ប្រើ​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ដែល​បាន​ត្រូវ​បង្វឹក​បង្ហាត់​ស្រប​តាម​គម្ពីរ ពេល​សម្រេច​ចិត្ត​អំពី​អ្វី​ដែល​គាត់​នឹង​អាន មើល ឬ​លេង។ ប្រមុខ​គ្រួសារ​ដែល​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​កម្សាន្ត​របស់​ក្រុម​គ្រួសារ​គាត់ គឺ​សម​ស្រប​តាម​គោល​ការណ៍​គម្ពីរ (​សូម​មើល​គេហទំព័រ​jw.org/km រួច​ចុច​«​អំពី​យើង​»​▸​«​សំណួរ​ដែល​មនុស្ស​ជា​ច្រើន​សួរ​»​ ហើយ​មើល​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា ​«​តើ​សាក្សី​ព្រះ​យេហូវ៉ា​ហាមឃាត់​ភាពយន្ត សៀវភៅ ឬ​ចម្រៀង​ណា​មួយ​ឬ​ទេ?​»​)។

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: រូប​ភាព​បង្ហាញ​អំពី​លោក​យេស៊ូ​ជា​ស្តេច​ដ៏​អង់អាច​នៅ​ស្ថាន​សួគ៌​ដែល​នាំ​មុខ​កង​ទ័ព​ទេវតា។ បល្ល័ង្ក​របស់​ព្រះ​យេហូវ៉ា​នៅ​ខាង​លើ។