លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៤

តើ​អ្នក​កំពុង​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក​ឬ​ទេ?

តើ​អ្នក​កំពុង​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក​ឬ​ទេ?

​«​[​ចូរ​]បំពេញ​កិច្ច​ការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ ហើយ​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក​»។—២ធី. ៤:៥

ចម្រៀង​លេខ​៥៧ ចូរ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រភេទ

សេចក្ដី​សង្ខេប *

ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ទៅ​ជួប​ពួក​អ្នក​កាន់​តាម​លោក ហើយ​បាន​ប្រាប់​ពួក​គេ​ឲ្យ‹ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក› (​សូម​មើល​វគ្គ​១​)

១. តើ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​ចង់​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

លោក​យេស៊ូ​គ្រិស្ត​បាន​បង្គាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»។ (​ម៉ាថ. ២៨:១៩​) អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​ទាំង​អស់​របស់​ព្រះ​ចង់​រៀន​អំពី​របៀប‹បំពេញ​កិច្ច​បម្រើ​នេះ​គ្រប់​ជំពូក›ដែល​ពួក​គេ​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ។ (​២ធី. ៤:៥​) កិច្ច​ការ​នេះ​គឺ​សំខាន់​ជាង មាន​ប្រយោជន៍​ជាង និង​បន្ទាន់​ជាង​កិច្ច​ការ​ណា​ទាំង​អស់​ក្នុង​ជីវិត។ ប៉ុន្តែ ទោះ​ជា​យើង​ចង់​ផ្សព្វ​ផ្សាយ​ច្រើន​ក្ដី ជួន​កាល​យើង​ពិបាក​ធ្វើ​ដូច្នេះ។

២. តើ​យើង​ប្រឈម​មុខ​នឹង​ការ​ពិបាក​អ្វី​ខ្លះ​ក្នុង​ការ​បំពេញ​កិច្ច​បម្រើ​របស់​យើង?

មាន​កិច្ច​ការ​ដ៏​សំខាន់​ផ្សេង​ទៀត​ដែល​តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល​វេលា​និង​កម្លាំង។ យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ផ្គត់​ផ្គង់​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​និង​ក្រុម​គ្រួសារ។ យើង​ប្រហែល​ជា​មាន​ការ​ពិបាក​ដោយ​សារ​យើង​ត្រូវ​បំពេញ​ភារកិច្ច​ផ្សេង​ទៀត​ក្នុង​ក្រុម​គ្រួសារ ឬ​ក៏​យើង​ប្រហែល​ជា​ឈឺ ធ្លាក់​ទឹក​ចិត្ត ឬ​មាន​បញ្ហា​ផ្សេង​ៗ​ដែល​មក​ពី​ភាព​ចាស់​ជរា។ ដូច្នេះ តើ​យើង​អាច​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក​យ៉ាង​ដូច​ម្ដេច ពេល​យើង​កំពុង​តយុទ្ធ​នឹង​ការ​ពិបាក​បែប​នេះ?

៣. តើ​យើង​អាច​យល់​យ៉ាង​ណា​ពី​ប្រសាសន៍​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ១៣:២៣?

បើ​យើង​មិន​អាច​ចំណាយ​ពេល​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​ដោយ​សារ​កាលៈទេសៈ​របស់​យើង យើង​មិន​គួរ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ លោក​យេស៊ូ​ដឹង​ថា​យើង​មិន​អាច​បង្កើត​ផល​នៃ​រាជាណាចក្រ​ដូច​ៗ​គ្នា​ទេ។ (​សូម​អាន ម៉ាថាយ ១៣:២៣) ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​គ្រប់​ការ​ទាំង​អស់​ដែល​យើង​ធ្វើ​ក្នុង​កិច្ច​បម្រើ​លោក ដរាប​ណា​អ្វី​ដែល​យើង​ធ្វើ​គឺ​អស់​ពី​សមត្ថភាព។ (​ហេ. ៦:១០​-​១២​) ប៉ុន្តែ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​អាច​ធ្វើ​ច្រើន​ជាង។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត រក្សា​ជីវិត​ឲ្យ​សាមញ្ញ និង​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន។ ប៉ុន្តែ តើ​ការ​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក​មាន​ន័យ​យ៉ាង​ណា?

៤. តើ​ការ​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក​មាន​ន័យ​យ៉ាង​ណា?

បើ​និយាយ​ឲ្យ​ស្រួល​យល់ ការ​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក​មាន​ន័យ​ថា​យើង​ត្រូវ​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។ ប៉ុន្តែ នេះ​មិន​គ្រាន់​តែ​រួម​បញ្ចូល​ចំនួន​ម៉ោង​ដែល​យើង​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ​ទេ បំណង​ចិត្ត​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ក៏​សំខាន់​ចំពោះ​ព្រះ​យេហូវ៉ា​ដែរ។ ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​អ្នក​ជិត​ខាង យើង​ខំ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត​ក្នុង​កិច្ច​បម្រើ​របស់​យើង​ជា​គ្រិស្ត​សាសនិក។ * (​ម៉ាក. ១២:៣០, ៣១; កូឡ. ៣:២៣​) ការ​បម្រើ​ព្រះ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត​មាន​ន័យ​ថា​យើង​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​លោក។ ពេល​យើង​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ផ្សព្វ​ផ្សាយ យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​ប្រាប់​មនុស្ស​ច្រើន​បំផុត​អំពី​ដំណឹង​ល្អ​តាម​ដែល​អាច​ធ្វើ​បាន។

៥​-​៦. សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​ថា​បុគ្គល​ម្នាក់​ដែល​មិន​សូវ​មាន​ពេល អាច​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត។

សូម​ស្រមៃ​គិត​អំពី​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​ចូល​ចិត្ត​លេង​ហ្គីតា។ គាត់​លេង​ភ្លេង​នៅ​ពេល​ណា​ក៏​ដោយ​ឲ្យ​តែ​គាត់​អាច​មាន​ឱកាស​លេង។ ក្រោយ​មក គាត់​ធ្វើ​ការ​ជា​អ្នក​លេង​ហ្គីតា​នា​ចុង​សប្ដាហ៍​នៅ​ក្នុង​ហាង​មួយ។ ប៉ុន្តែ ចំណូល​ដែល​មក​ពី​ការ​លេង​ភ្លេង​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ចំណាយ​ផ្សេង​ៗ​របស់​គាត់​ទេ។ ដូច្នេះ គាត់​ធ្វើ​ការ​មួយ​ទៀត​ជា​អ្នក​គិត​លុយ​នៅ​ហាង​លក់​ទំនិញ ចាប់​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ។ ទោះ​ជា​គាត់​ចំណាយ​ពេល​ភាគ​ច្រើន​ធ្វើ​ការ​នៅ​ហាង​លក់​ទំនិញ​ក្ដី អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​គាត់​គឺ​ការ​លេង​ភ្លេង។ គាត់​ចង់​បង្កើន​សមត្ថភាព​របស់​គាត់ ហើយ​ចង់​មាន​អាជីព​ជា​អ្នក​លេង​ភ្លេង​ពេញ​ពេល។ ប៉ុន្តែ​ទម្រាំ​ដល់​ពេល​នោះ​គាត់​ស្វែង​រក​គ្រប់​ឱកាស​ដើម្បី​លេង​ភ្លេង ទោះ​ជា​គាត់​អាច​លេង​បាន​តែ​មួយ​ភ្លែត​ក្ដី។

ស្រដៀង​គ្នា​ដែរ អ្នក​ប្រហែល​ជា​មិន​អាច​ចំណាយ​ពេល​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ដូច​ដែល​អ្នក​ចង់​ធ្វើ​នោះ​ទេ។ ប៉ុន្តែ នេះ​ជា​កិច្ច​ការ​ដែល​អ្នក​ស្រឡាញ់។ អ្នក​ព្យាយាម​បង្កើន​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជ្រាប​ចូល​ក្នុង​ចិត្ត​របស់​មនុស្ស​ដែល​អ្នក​ជួប។ ដោយ​សារ​អ្នក​មាន​អ្វី​ៗ​ជា​ច្រើន​ដែល​អ្នក​ត្រូវ​ធ្វើ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ​តាម​របៀប​ណា​អ្នក​អាច​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​អ្នក?

របៀប​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត

៧​-​៨. តើ​យើង​អាច​មាន​ចិត្ត​គំនិត​ដូច​លោក​យេស៊ូ​ចំពោះ​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

លោក​យេស៊ូ​បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ស្តី​អំពី​ចិត្ត​គំនិត​របស់​លោក​ចំពោះ​កិច្ច​បម្រើ​ផ្សាយ។ អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក​គឺ​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ។ (​យ៉ូន. ៤:៣៤, ៣៥​) លោក​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​អស់​រាប់​រយ​គីឡូ​ម៉ែត្រ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត។ លោក​ប្រើ​គ្រប់​ឱកាស​ដើម្បី​និយាយ​ជា​មួយ​នឹង​មនុស្ស​ទាំង​នៅ​ទី​សាធារណៈ​ទាំង​នៅ​ផ្ទះ​របស់​ពួក​គេ។ លោក​យេស៊ូ​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក។

យើង​អាច​យក​តម្រាប់​គ្រិស្ត​ដោយ​ប្រើ​គ្រប់​ឱកាស​ដើម្បី​ប្រាប់​មនុស្ស​អំពី​ដំណឹង​ល្អ​តាម​ដែល​អាច​ធ្វើ​បាន ទោះ​ជា​នៅ​ពេល​ណា​និង​កន្លែង​ណា​ក៏​ដោយ។ យើង​សុខ​ចិត្ត​ធ្វើ​ការ​លះ​បង់​ផ្សេង​ៗ​ដើម្បី​យើង​អាច​ផ្សព្វ​ផ្សាយ។ (​ម៉ាក. ៦:៣១​-​៣៤; ១ពេ. ២:២១​) បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​អាច​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ឬ​អ្នក​ត្រួស​ត្រាយ​ជំនួយ។ បង​ប្អូន​ខ្លះ​ទៀត​បាន​រៀន​ភាសា​ថ្មី ឬ​បាន​រើ​ទៅ​តំបន់​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ ប៉ុន្តែ កិច្ច​បម្រើ​ផ្សាយ​ជា​ច្រើន​កំពុង​សម្រេច​ដោយ​សារ​បង​ប្អូន​ជា​អ្នក​ផ្សព្វ​ផ្សាយ​ធម្មតា​ដែល​ព្យាយាម​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​ការ​នោះ។ ទោះ​ជា​យើង​អាច​ធ្វើ​ច្រើន​ឬ​តិច​ក្ដី ព្រះ​យេហូវ៉ា​មិន​បាន​សុំ​យើង​ឲ្យ​ធ្វើ​លើស​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ឡើយ។ លោក​ចង់​ឲ្យ​យើង​ទាំង​អស់​គ្នា​សប្បាយ​ក្នុង​កិច្ច​បម្រើ​ដ៏​ពិសិដ្ឋ ពេល​ដែល​យើង​ប្រកាស​«​ដំណឹង​ល្អ​ដ៏​រុង​រឿង​របស់​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។—១ធី. ១:១១; ចោ. ៣០:១១

៩. (​ក​) ទោះ​ជា​ប៉ូល​ត្រូវ​ធ្វើ​ការ​ក្ដី តើ​គាត់​បាន​ចាត់​ទុក​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​សកម្មភាព ២៨:១៦, ៣០, ៣១​បង្ហាញ​ថា​ប៉ូល​មាន​ចិត្ត​គំនិត​បែប​ណា​ចំពោះ​កិច្ច​បម្រើ​ផ្សាយ?

សាវ័ក​ប៉ូល​បាន​ទុក​គំរូ​ល្អ​ស្តី​អំពី​ការ​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​កិច្ច​ការ​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់។ ពេល​គាត់​នៅ​ក្រុង​កូរិនថូស​ក្នុង​អំឡុង​ដំណើរ​លើក​ទី២​របស់​គាត់​ជា​សាសនទូត គាត់​មាន​លុយ​តែ​បន្ដិច​បន្តួច ហើយ​ត្រូវ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ធ្វើ​ការ​ជា​អ្នក​ធ្វើ​ត្រសាល។ ប៉ុន្តែ ប៉ូល​មិន​បាន​ចាត់​ទុក​ការ​ងារ​ធ្វើ​ត្រសាល​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​គាត់​ទេ។ គាត់​ធ្វើ​ការ​ងារ​នេះ​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​ផ្សព្វ​ផ្សាយ យ៉ាង​នេះ​គាត់​អាច​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​ក្រុង​កូរិនថូស​«​ដោយ​មិន​យក​ថ្លៃ​»។ (​២កូ. ១១:៧​) ទោះ​ជា​ប៉ូល​ត្រូវ​ធ្វើ​ការ​ក្ដី គាត់​បាន​បន្ត​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត ហើយ​គាត់​បាន​ផ្សព្វ​ផ្សាយ​រាល់​ថ្ងៃ​ឈប់​សម្រាក។ ក្រោយ​ពី​កាលៈទេសៈ​របស់​គាត់​ប្រសើរ​ជាង គាត់​បាន​ផ្សព្វ​ផ្សាយ​ច្រើន​ជាង។ គាត់​«​ចាប់​ផ្ដើម​ផ្ចង់​អារម្មណ៍​ទាំង​ស្រុង​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​បណ្ដាំ​របស់​ព្រះ ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ហេតុ​ផល​ប្រាប់​ជន​ជាតិ​យូដា​ថា លោក​យេស៊ូ​ជា​គ្រិស្ត​»។ (​សកម្ម. ១៨:៣​-​៥; ២កូ. ១១:៩​) ក្រោយ​មក ពេល​គាត់​បាន​ត្រូវ​គេ​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ អស់​រយៈ​ពេល​ពីរ​ឆ្នាំ​នា​ក្រុង​រ៉ូម ប៉ូល​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​គាត់ ហើយ​ក៏​បាន​សរសេរ​សំបុត្រ​មួយ​ចំនួន។ (​សូម​អាន សកម្មភាព ២៨:១៦, ៣០, ៣១) ប៉ូល​បាន​តាំង​ចិត្ត​មិន​ឲ្យ​អ្វី​ណា​ក៏​ដោយ​បំបែរ​អារម្មណ៍​គាត់​ពី​កិច្ច​បម្រើ​ផ្សាយ​ឡើយ។ គាត់​បាន​សរសេរ​ថា​៖ ​«​ដោយ​សារ​យើង​មាន​កិច្ច​បម្រើ​នេះ . . . នោះ​យើង​មិន​ឈប់​តស៊ូ​ទេ​»។ (​២កូ. ៤:១​) ដូច​ប៉ូល ទោះ​ជា​យើង​ត្រូវ​ធ្វើ​ការ​ក្ដី យើង​នៅ​តែ​អាច​ចាត់​ទុក​កិច្ច​ការ​រាជាណាចក្រ​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត។

មាន​វិធី​ផ្សេង​ៗ​ដែល​យើង​អាច​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក (​សូម​មើល​វគ្គ​១០​-​១១​)

១០​-​១១. បើ​យើង​មាន​បញ្ហា​សុខភាព តើ​យើង​អាច​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក​តាម​របៀប​ណា?

១០ បើ​យើង​មិន​អាច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដូច​ដែល​យើង​ចង់​ធ្វើ​ដោយ​សារភាព​ចាស់​ជរា ឬ​ដោយ​សារ​បញ្ហា​សុខភាព យើង​នៅ​តែ​អាច​ផ្សព្វ​ផ្សាយ​តាម​របៀប​ផ្សេង​ទៀត។ អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​សតវត្សរ៍​ទី១ បាន​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ណា​ក៏​ដោយ​ដែល​ពួក​គេ​អាច​ជួប​មនុស្ស។ ពួក​គេ​ប្រើ​គ្រប់​ឱកាស​ដើម្បី​ប្រាប់​មនុស្ស​អំពី​សេចក្ដី​ពិត ពោល​គឺ​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ នៅ​កន្លែង​សាធារណៈ និង​ក្រៅ​ផ្លូវ​ការ​ដល់‹អស់​អ្នក​ដែល​ពួក​គេ​ជួប›។ (​សកម្ម. ១៧:១៧; ២០:២០​) បើ​យើង​ពិបាក​ដើរ យើង​ប្រហែល​ជា​អាច​អង្គុយ​នៅ​កន្លែង​សាធារណៈ​ណា​មួយ ហើយ​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ដែល​ដើរ​កាត់​ទី​នោះ។ ឬ​យើង​ប្រហែល​ជា​អាច​ផ្សព្វ​ផ្សាយ​ក្រៅ​ផ្លូវ​ការ សរសេរ​សំបុត្រ ឬ​ផ្សព្វ​ផ្សាយ​តាម​ទូរស័ព្ទ។ ការ​ផ្សព្វ​ផ្សាយ​តាម​របៀប​ទាំង​នេះ​នាំ​ឲ្យ​អ្នក​ផ្សាយ​ជា​ច្រើន​ស្កប់​ស្កល់​និង​មាន​អំណរ​ជា​ខ្លាំង ទោះ​ជា​ពួក​គេ​ពិបាក​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​សារ​បញ្ហា​សុខភាព​ក្ដី។

១១ សូម្បី​តែ​អ្នក​មាន​បញ្ហា​សុខភាព ក៏​អ្នក​នៅ​តែ​អាច​បំពេញ​កិច្ច​បម្រើ​ផ្សាយ​របស់​អ្នក​គ្រប់​ជំពូក។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? សូម​ពិចារណា​ម្ដង​ទៀត​អំពី​គំរូ​របស់​សាវ័ក​ប៉ូល។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ​»។ (​ភី. ៤:១៣​) ប៉ូល​ត្រូវ​ការ​កម្លាំង​នេះ​ពេល​គាត់​បាន​ឈឺ​នៅ​ពេល​មួយ​ក្នុង​អំឡុង​ការ​ធ្វើ​ដំណើរ​ជា​សាសនទូត។ គាត់​បាន​ពន្យល់​គ្រិស្ត​សាសនិក​នៅ​ខេត្ត​កាឡាទី​ថា​៖ ‹នៅ​លើក​ដំបូង ខ្ញុំ​ប្រកាស​ដំណឹង​ល្អ​ដល់​អ្នក​រាល់​គ្នា​ពី​ព្រោះ​ខ្ញុំ​ឈឺ›។ (​កាឡ. ៤:១៣​) ស្រដៀង​គ្នា​ដែរ បញ្ហា​សុខភាព​របស់​អ្នក​អាច​បើក​ឱកាស​ឲ្យ​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត​ដូច​ជា គ្រូ​ពេទ្យ គិលានុបដ្ឋាក និង​អ្នក​ឯ​ទៀត​ដែល​ជួយ​ថែ​ទាំ​អ្នក។ ពួក​គេ​ជា​ច្រើន​នាក់​ប្រហែល​ជា​នៅ​កន្លែង​ធ្វើ​ការ​ពេល​ដែល​អ្នក​ផ្សាយ​ទៅ​ផ្ទះ​របស់​ពួក​គេ។

របៀប​រក្សា​ជីវិត​ឲ្យ​សាមញ្ញ

១២. តើ​ពាក្យ​«​ភ្នែក​របស់​អ្នក​មើល​របស់​តែ​មួយ​»​មាន​ន័យ​យ៉ាង​ណា?

១២ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ភ្នែក​ជា​ចង្កៀង​នៃ​រូប​កាយ។ ប្រសិន​បើ​ភ្នែក​របស់​អ្នក​មើល​របស់​តែ​មួយ នោះ​រូប​កាយ​ទាំង​មូល​របស់​អ្នក​នឹង​បាន​ភ្លឺ​»។ (​ម៉ាថ. ៦:២២​) តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា? លោក​ចង់​មាន​ន័យ​ថា​យើង​ត្រូវ​រក្សា​ជីវិត​ឲ្យ​សាមញ្ញ ឬ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​ឬ​គោល​បំណង​តែ​មួយ ហើយ​មិន​ឲ្យ​អ្វី​បំបែរ​អារម្មណ៍​យើង​ពី​គោល​ដៅ​នោះ។ លោក​យេស៊ូ​ផ្ទាល់​បាន​ទុក​គំរូ​ឲ្យ​យើង ដោយ​ចាត់​ទុក​កិច្ច​បម្រើ​ផ្សាយ​ថា​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក ហើយ​លោក​បាន​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បម្រើ​ព្រះ​យេហូវ៉ា​និង​ទៅ​លើ​រាជាណាចក្រ​របស់​លោក។ យើង​យក​តម្រាប់​លោក​យេស៊ូ ដោយ​ចាត់​ទុក​ថា​កិច្ច​បម្រើ​របស់​យើង​ជា​គ្រិស្ត​សាសនិក​ជា​អ្វី​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង ពោល​គឺ​ដោយ​«​ស្វែង​រក​រាជាណាចក្រ​និង​សេចក្ដី​សុចរិត​របស់​ព្រះ​ជា​មុន​»។—ម៉ាថ. ៦:៣៣

១៣. តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​លើ​កិច្ច​បម្រើ​របស់​យើង​ជា​គ្រិស្ត​សាសនិក?

១៣ របៀប​មួយ​ដែល​យើង​អាច​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​របស់​យើង​ជា​គ្រិស្ត​សាសនិក គឺ​ដោយ​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​សាមញ្ញ​ជាង យ៉ាង​នេះ​យើង​អាច​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា។ * ជា​ឧទាហរណ៍ តើ​យើង​អាច​ផ្លាស់​ប្ដូរ​ឬ​កាត់​បន្ថយ​ម៉ោង​ធ្វើ​ការ ដើម្បី​យើង​អាច​ចំណាយ​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​ឬ​ទេ? តើ​យើង​អាច​កាត់​បន្ថយ​ការ​កម្សាន្ត​ខ្លះ​ដែល​ប្រហែល​ជា​ស៊ី​ពេល​ច្រើន​ឬ​ទេ?

១៤. តើ​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្ដោត​អារម្មណ៍​និង​មាន​ពេល​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ?

១៤ អ្នក​ចាស់​ទុំ​ម្នាក់​ឈ្មោះ​អ៊ីឡាយអឺស​និង​ប្រពន្ធ​របស់​គាត់​បាន​ធ្វើ​ដូច្នេះ។ គាត់​ពន្យល់​ថា​៖ ​«​យើង​មិន​អាច​ចាប់​ផ្ដើម​ត្រួស​ត្រាយ​ភ្លាម​ៗ​បាន​ទេ ប៉ុន្តែ​មាន​អ្វី​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ច្រើន​ជាង។ ជា​ឧទាហរណ៍ យើង​បាន​កាត់​បន្ថយ​ការ​ចំណាយ​របស់​យើង កាត់​បន្ថយ​ពេល​ច្រើន​ពេក​ដែល​យើង​ប្រើ​ក្នុង​ការ​កម្សាន្ត និង​បាន​សុំ​ចៅហ្វាយ​ផ្លាស់​ប្ដូរ​ម៉ោង​ធ្វើ​ការ​ដើម្បី​យើង​អាច​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ច្រើន​ជាង។ ជា​លទ្ធផល យើង​អាច​ផ្សព្វ​ផ្សាយ​ពេល​ល្ងាច ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ច្រើន​ជាង និង​ថែម​ទាំង​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ក្រៅ​ពី​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ​ពីរ​ដង​ក្នុង​មួយ​ខែ។ យើង​ពិត​ជា​សប្បាយ​ចិត្ត​ណាស់!​»។

របៀប​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​ការ​ផ្សព្វ​ផ្សាយ និង​ការ​បង្រៀន

ការ​ធ្វើ​តាម​អ្វី​ដែល​យើង​រៀន​នៅ​កិច្ច​ប្រជុំ សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក នឹង​ជួយ​យើង​ឲ្យ​បន្ត​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ (​សូម​មើល​វគ្គ​១៥​-​១៦​) *

១៥​-​១៦. តាម​ធីម៉ូថេ​ទី១ ៤:១៣, ១៥ តើ​យើង​អាច​បន្ត​បង្កើន​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​តាម​របៀប​ណា? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ គោល​ដៅ​ដែល​នឹង​ជួយ​ខ្ញុំ​ឲ្យ​បំពេញ​កិច្ច​បម្រើ​របស់​ខ្ញុំ​គ្រប់​ជំពូក​»​)

១៥ របៀប​មួយ​ទៀត​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​យើង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត គឺ​ដោយ​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ដូច​ដែល​អ្នក​ជំនាញ​ខ្លះ​ត្រូវ​បន្ត​ទទួល​ការ​បង្ហាត់​បង្រៀន​ជា​រឿយ​ៗ ដើម្បី​ពួក​គេ​អាច​មាន​ចំណេះ​និង​សមត្ថភាព​ច្រើន​ជាង យើងដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ ក៏​ត្រូវ​បន្ត​រៀន​អំពី​របៀប​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។—សុភ. ១:៥; សូម​អាន ធីម៉ូថេ​ទី១ ៤:១៣, ១៥

១៦ តើ​យើង​អាច​បន្ត​បង្កើន​សមត្ថភាព​របស់​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ដិត​ដល់​ចំពោះ​ការ​ណែនាំ​ដែល​យើង​ទទួល​ប្រចាំ​សប្ដាហ៍​ក្នុង​កិច្ច​ប្រជុំ​កិច្ច​បម្រើ​និង​ជីវិត។ តាម​រយៈ​កិច្ច​ប្រជុំ​នោះ យើង​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ជួយ​យើង​ឲ្យ​បង្កើន​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ​បន្ដិច​ម្ដង​ៗ។ ជា​ឧទាហរណ៍ ពេល​អធិការី​ឲ្យ​យោបល់​ដល់​អ្នក​ដែល​បាន​ថ្លែង​សុន្ទរកថា យើង​អាច​រៀន​ចំណុច​ដែល​នឹង​ជួយ​យើង​ឲ្យ​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​អាច​អនុវត្ត​យោបល់​នោះ ពេល​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ យើង​ក៏​អាច​សុំ​ជំនួយ​ពី​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ ឬ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​គាត់ ឬ​ជា​មួយ​នឹង​អ្នក​ផ្សាយ​ឯ​ទៀត​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ដូច​ជា​អ្នក​ត្រួស​ត្រាយ ឬ​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​ជា​ដើម។ កាល​ដែល​យើង​កាន់​តែ​ចេះ​ប្រើ​ឧបករណ៍​ផ្សេង​ៗ​ដែល​យើង​មាន​ដើម្បី​បង្រៀន​គម្ពីរ យើង​នឹង​កាន់​តែ​ចូល​ចិត្ត​ផ្សព្វ​ផ្សាយ​និង​បង្រៀន​គេ។

១៧. តើ​ការ​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក​នឹង​នាំ​ឲ្យ​អ្នក​ទទួល​លទ្ធផល​អ្វី?

១៧ យើង​មាន​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​មែន ដែល​ព្រះ​យេហូវ៉ា​ឲ្យ​យើង​ធ្វើ​ជា​«​អ្នក​រួម​ការ​ងារ​»​ជា​មួយ​នឹង​លោក! (​១កូ. ៣:៩​) ពេល​អ្នក​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»​ និង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​របស់​អ្នក​ជា​គ្រិស្ត​សាសនិក អ្នក​នឹង​«​គោរព​ប្រតិបត្ដិ​ដល់​ព្រះ​យេហូវ៉ា​ដោយ​អរ​សប្បាយ​»។ (​ភី. ១:១០; ទំនុក. ១០០:២​) ក្នុង​នាម​ជា​អ្នក​បម្រើ​ព្រះ អ្នក​អាច​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​ផ្ដល់​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​បំពេញ​កិច្ច​បម្រើ​របស់​អ្នក មិន​ថា​អ្នក​ជួប​ប្រទះ​នឹង​ការ​ពិបាក​អ្វី ឬ​អ្វី​ដែល​អ្នក​អាច​ធ្វើ​មាន​កម្រិត​ក្ដី។ (​២កូ. ៤:១, ៧; ៦:៤​) ទោះ​ជា​កាលៈទេសៈ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​តិច​ឬ​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ក៏​ដោយ អ្នក​អាច​«​មាន​ហេតុ​ត្រេក​អរ​»​ ពេល​អ្នក​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ (​កាឡ. ៦:៤​) ពេល​អ្នក​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​មនុស្ស។ ​«​ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​»។—១ធី. ៤:១៦

ចម្រៀង​លេខ​៥៨ ចូរ​ស្វែង​រក​អ្នក​ដែល​ចង់​បាន​សេចក្ដី​សុខ

^ វគ្គ 5 លោក​យេស៊ូ​បាន​បង្គាប់​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​បំពេញ​កិច្ច​បម្រើ​របស់​យើង​គ្រប់​ជំពូក ទោះ​ជា​យើង​មាន​ការ​ពិបាក​ជា​ច្រើន​ក្ដី។ យើង​ក៏​នឹង​រៀន​ដែរ​អំពី​របៀប​ដែល​យើង​អាច​បង្កើន​ភាព​ប៉ិន​ប្រសប់​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​កាន់​តែ​មាន​អំណរ។

^ វគ្គ 4 ការ​ពន្យល់​ពាក្យ: កិច្ច​បម្រើ​របស់​យើង​ជា​គ្រិស្ត​សាសនិក​រួម​បញ្ចូល​កិច្ច​ការ​មួយ​ចំនួន ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន ការ​សាង​សង់​និង​ថែ​ទាំ​អគារ​ឬ​សាល​ផ្សេង​ៗ​របស់​អង្គ​ការ​យើង ព្រម​ទាំង​កិច្ច​ការ​ផ្ដល់​ជំនួយ​ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ។—២កូ. ៥:១៨, ១៩; ៨:៤

^ វគ្គ 13 សូម​មើល​ចំណុច​៧​យ៉ាង​ក្នុង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​របៀប​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​សាមញ្ញ​ជាង​»​ ក្នុងទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា ឆ្នាំ​២០១៦ ទំព័រ​៨។

^ វគ្គ 62 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​សម្ដែង​អំពី​ការ​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​ក្នុង​អំឡុង​កិច្ច​ប្រជុំ​សម្រាប់​កិច្ច​បម្រើ​និង​ជីវិត​ជា​គ្រិស្ត​សាសនិក។ ក្រោយ​មក ពេល​ដែល​អធិការី​សម្រាប់​កិច្ច​ប្រជុំ​នោះ​ផ្ដល់​យោបល់ បង​ស្រី​នោះ​សរសេរ​កំណត់​ក្នុង​សៀវភៅ​ស្តើង​ការ​បង្រៀនបន្ទាប់​មក​នៅ​ចុង​សប្ដាហ៍​ក្នុង​កិច្ច​បម្រើ​ផ្សាយ គាត់​ធ្វើ​តាម​អ្វី​ដែល​គាត់​បាន​រៀន​នៅ​កិច្ច​ប្រជុំ​នោះ។