លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៧

«ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់»

«ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់»

​«​ខ្ញុំ​ហៅ​អ្នក​រាល់​គ្នា​ថា​មិត្ត​សម្លាញ់ ពី​ព្រោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​បាន​ឮ​ពី​បិតា​របស់​ខ្ញុំ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​»។—យ៉ូន. ១៥:១៥

ចម្រៀង​លេខ​១៣ គ្រិស្ត​ជា​គំរូ​របស់​យើង

សេចក្ដី​សង្ខេប *

១. តើ​យើង​អាច​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​អ្នក​ណា​ម្នាក់​យ៉ាង​ដូច​ម្ដេច?

ជា​ធម្មតា ដើម្បី​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​អ្នក​ណា​ម្នាក់ យើង​ត្រូវ​ចំណាយ​ពេល​ជា​មួយ​នឹង​អ្នក​នោះ។ ពេល​យើង​ប្រាប់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​គំនិត​និង​អារម្មណ៍​រៀង​ៗ​ខ្លួន នោះ​យើង​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា។ ក៏​ប៉ុន្តែ ការ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​គឺ​មិន​ស្រួល​ទេ។ ហេតុ​អ្វី?

២. តើ​ការ​ពិបាក​ទី១​ដែល​យើង​ជួប​គឺ​ជា​អ្វី?

ការ​ពិបាក​ទី១​គឺ​យើង​មិន​បាន​ជួប​លោក​យេស៊ូ​ដោយ​ផ្ទាល់​ឡើយ។ គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​នៅ​សតវត្សរ៍​ទី១ ក៏​មិន​ដែល​បាន​ជួប​លោក​ដែរ។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ ​«​ទោះ​ជា​អ្នក​រាល់​គ្នា​មិន​ដែល​ឃើញ​លោក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​ស្រឡាញ់​លោក។ ទោះ​ជា​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មិន​ឃើញ​លោក​ក៏​ដោយ ក៏​អ្នក​រាល់​គ្នា​បង្ហាញ​ជំនឿ​លើ​លោក​»។ (​១ពេ. ១:៨​) ដូច្នេះ​យើង​អាច​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ ដោយ​មិន​ចាំ​បាច់​ជួប​លោក​ដោយ​ផ្ទាល់​ទេ។

៣. តើ​ការ​ពិបាក​ទី២​ដែល​យើង​ជួប​គឺ​ជា​អ្វី?

ការ​ពិបាក​ទី២​គឺ​យើង​មិន​អាច​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ​ទេ។ ពេល​យើង​អធិដ្ឋាន យើង​និយាយ​ទៅ​កាន់​ព្រះ​យេហូវ៉ា។ ពិត​មែន​ថា​យើង​អធិដ្ឋាន​ដោយ​នូវ​នាម​របស់​លោក​យេស៊ូ តែ​យើង​មិន​និយាយ​ជា​មួយ​នឹង​លោក​យេស៊ូ​ឡើយ។ តាម​ពិត លោក​យេស៊ូ​មិន​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​សេចក្ដី​អធិដ្ឋាន​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គោរព​ប្រណិប័តន៍ ហើយ​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​យើង​គួរ​គោរព​ប្រណិប័តន៍។ (​ម៉ាថ. ៤:១០​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​យេស៊ូ។

៤. តើ​ការ​ពិបាក​ទី៣​ដែល​យើង​ជួប​គឺ​ជា​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

ការ​ពិបាក​ទី៣​គឺ​លោក​យេស៊ូ​រស់​នៅ​ស្ថាន​សួគ៌ ដូច្នេះ​យើង​មិន​អាច​ចំណាយ​ពេល​នៅ​ជា​មួយ​នឹង​លោក​បាន​ទេ។ ក៏​ប៉ុន្តែ​យើង​មិន​ចាំ​បាច់​នៅ​ជា​មួយ​លោក​យេស៊ូ ទើប​ស្គាល់​លោក​ឡើយ។ យើង​នឹង​ពិចារណា​អ្វី​បួន​យ៉ាង​ដែល​យើង​អាច​ធ្វើ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក។ ប៉ុន្តែ​មុន​ដំបូង សូម​យើង​ពិចារណា​អំពី​មូលហេតុ​ដែល​យើង​គួរ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​គ្រិស្ត។

ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​ជា​មិត្ត​សម្លាញ់​ របស់​លោក​យេស៊ូ?

៥. ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​ជា​មិត្ត​របស់​លោក​យេស៊ូ? (​សូម​មើល​ផង​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ការ​មាន​មិត្តភាព​ជា​មួយ​លោក​យេស៊ូ​នាំ​ឲ្យ​មាន​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​»​ និង​«​ ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​តួនាទី​របស់​លោក​យេស៊ូ​»​)

យើង​ត្រូវ​ធ្វើ​ជា​មិត្ត​របស់​លោក​យេស៊ូ បើ​យើង​ចង់​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ហេតុ​អ្វី? សូម​គិត​អំពី​មូលហេតុ​ពីរ។ មូលហេតុ​ទី១ លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​អ្នក​រាល់​គ្នា ពី​ព្រោះអ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ​»។ (​យ៉ូន. ១៦:២៧​) លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​មក​ឯ​បិតា​នៅ​ស្ថាន​សួគ៌​បាន​ឡើយ លើក​លែង​តែ​អ្នក​នោះ​មក​តាម​ខ្ញុំ​»។ (​យ៉ូន. ១៤:៦​) ការ​ព្យាយាម​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​ដោយ​មិន​បណ្ដុះ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក​យេស៊ូ គឺ​ប្រៀប​ដូច​ជា​ការ​ព្យាយាម​ចូល​ក្នុង​អគារ តែ​មិន​មែន​ចូល​តាម​ទ្វារ។ លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​ស្រដៀង​នឹង​នេះ​ពេល​ដែល​លោក​បាន​រៀប​រាប់​អំពី​ខ្លួន​លោក​ថា​ជា​«​ទ្វារ​សម្រាប់​ចៀម​»។ (​យ៉ូន. ១០:៧​) មូលហេតុ​ទី២ គឺ​លោក​យេស៊ូ​មាន​គុណ​សម្បត្តិ​ដូច​បិតា​លោក​បេះ​បិទ។ លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​អ្នក​ណា​ដែល​បាន​ឃើញ​ខ្ញុំ អ្នក​នោះ​បាន​ឃើញ​បិតា​ដែល​នៅ​ស្ថាន​សួគ៌​ហើយ​»។ (​យ៉ូន. ១៤:៩​) ហេតុ​នេះ របៀប​ដ៏​សំខាន់​មួយ​ដែល​យើង​ស្គាល់​ព្រះ​យេហូវ៉ា​គឺ​ដោយ​រៀន​អំពី​ជីវិត​របស់​លោក​យេស៊ូ។ កាល​ដែល​យើង​រៀន​អំពី​លោក​យេស៊ូ សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​នឹង​កើន​ឡើង។ ម្យ៉ាង​ទៀត កាល​ដែល​យើង​កាន់​តែ​ស្រឡាញ់​លោក​យេស៊ូ យើង​នឹង​កាន់​តែ​ស្រឡាញ់​បិតា​របស់​លោក។

៦. តើ​អ្វី​ជា​មូលហេតុ​មួយ​ទៀត​ដែល​យើង​ត្រូវ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​យេស៊ូ? សូម​ពន្យល់។

យើង​ត្រូវ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​យេស៊ូ​ដើម្បី​ទទួល​ចម្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង។ នេះ​មាន​ន័យ​ថា​យើង​មិន​គ្រាន់​តែ​ត្រូវ​និយាយ​«​ដោយ​នូវ​នាម​របស់​លោក​យេស៊ូ​»​នៅ​ចុង​បញ្ចប់​នៃ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ត្រូវ​ដឹង​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​ប្រើ​លោក​យេស៊ូ​ក្នុង​ការ​តប​ឆ្លើយ​ចំពោះ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ដែរ។ លោក​យេស៊ូ​បាន​ប្រាប់​ពួក​សាវ័ក​ថា​៖ ​«​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់​គ្នា​សុំ​ដោយ​នូវ​ឈ្មោះ​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ធ្វើ​»។ (​យ៉ូន. ១៤:១៣​) ទោះ​ជា​ព្រះ​យេហូវ៉ា​ជា​បុគ្គល​ដែល​ស្ដាប់​និង​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​ក្ដី លោក​បាន​ប្រគល់​អំណាច​ឲ្យ​លោក​យេស៊ូ​ដើម្បី​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​លោក។ (​ម៉ាថ. ២៨:១៨​) យ៉ាង​នេះ មុន​ព្រះ​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង លោក​មើល​ថា​តើ​យើង​បាន​ធ្វើ​តាម​យោបល់​ដែល​លោក​យេស៊ូ​បាន​ឲ្យ​ឬ​យ៉ាង​ណា។ ជា​ឧទាហរណ៍ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត នោះ​បិតា​របស់​អ្នក​ដែល​នៅ​ស្ថាន​សួគ៌​ក៏​នឹង​អភ័យ​ទោស​ឲ្យ​អ្នក​ដែរ។ ក៏​ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ឯ​ទៀត​ទេ នោះ​បិតា​របស់​អ្នក​ក៏​មិន​អភ័យ​ទោស​ចំពោះ​កំហុស​របស់​អ្នក​ដែរ​»។ (​ម៉ាថ. ៦:១៤, ១៥​) យ៉ាង​នេះ គឺ​សំខាន់​ណាស់​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដូច​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​យើង!

៧. តើ​អ្នក​ណា​ទទួល​ប្រយោជន៍​ពី​គ្រឿង​បូជា​លោះ​របស់​លោក​យេស៊ូ?

មាន​តែ​ពួក​អ្នក​ដែល​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​យេស៊ូ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​ប្រយោជន៍​ពី​គ្រឿង​បូជា​លោះ​របស់​លោក។ តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​«​លះ​បង់​ជីវិត​ដើម្បី​មិត្ត​សម្លាញ់​របស់​ខ្លួន​»។ (​យ៉ូន. ១៥:១៣​) បុគ្គល​ស្មោះ​ត្រង់​ដែល​រស់​នៅ​មុន​លោក​យេស៊ូ​មក​ផែន​ដី នឹង​ត្រូវ​រៀន​អំពី​លោក ហើយ​ចាប់​ផ្ដើម​ស្រឡាញ់​លោក។ បុរស​ស្ត្រី​ដូច​ជា​អាប្រាហាំ សារ៉ា ម៉ូសេ និង​រ៉ាហាប នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ប៉ុន្តែ​សូម្បីតែ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដ៏​សុចរិត​ទាំង​នេះ​នឹង​ត្រូវ​បណ្ដុះ​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​យេស៊ូ​ដើម្បី​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។—យ៉ូន. ១៧:៣; សកម្ម. ២៤:១៥; ហេ. ១១:៨​-​១២, ២៤​-​២៦, ៣១

៨​-​៩. ដូច​បាន​ពន្យល់​នៅ​យ៉ូហាន ១៥:៤, ៥ តើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក​យេស៊ូ​អាច​ឲ្យ​យើង​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី​នោះ​សំខាន់?

យើង​សប្បាយ​ចិត្ត​រួម​ការ​ងារ​ជា​មួយ​នឹង​លោក​យេស៊ូ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ ពេល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​គឺ​ជា​អ្នក​បង្រៀន។ ម្យ៉ាង​ទៀត តាំង​ពី​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​វិញ លោក​បាន​បន្ត​ដឹក​នាំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​ក្នុង​នាម​ជា​ប្រមុខ​ក្រុម​ជំនុំ។ លោក​ឃើញ​និង​ឲ្យ​តម្លៃ​ចំពោះ​ការ​ខំ​ប្រឹង​របស់​អ្នក​ក្នុង​ការ​ជួយ​មនុស្ស​ច្រើន​បំផុត​ឲ្យ​ស្គាល់​លោក​និង​បិតា​របស់​លោក។ តាម​ពិត របៀប​តែ​មួយ​គត់​ដែល​យើង​អាច​បំពេញ​កិច្ច​ការ​នេះ​បាន គឺ​ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ។—សូម​អាន យ៉ូហាន ១៥:៤, ៥

បណ្ដាំ​របស់​ព្រះ​បង្រៀន​យ៉ាង​ច្បាស់​ថា ដើម្បីឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត យើង​ត្រូវ​ស្រឡាញ់​លោក​យេស៊ូ ហើយ​បន្ត​ស្រឡាញ់​លោក​ជា​និច្ច។ ដូច្នេះ សូម​យើង​ពិចារណា​ចំណុច​បួន​យ៉ាង​ដែល​យើង​អាច​ធ្វើ​តាម​ដើម្បី​ទៅ​ជា​មិត្ត​សម្លាញ់​លោក​យេស៊ូ។

របៀប​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​យេស៊ូ

អ្នក​អាច​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​ដោយ (​១​) ស្គាល់​លោក​ឲ្យ​បាន​ច្បាស់​ជាង (​២​) មាន​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដូច​លោក (​៣​) គាំ​ទ្រ​បង​ប្អូន​របស់​គ្រិស្ត និង​(​៤​) ធ្វើ​តាម​ការ​រៀប​ចំ​របស់​ក្រុម​ជំនុំ (​សូម​មើល​វគ្គ​១០​-​១៤​) *

១០. ដើម្បី​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​យេស៊ូ តើ​យើង​ត្រូវ​ធ្វើ?

១០ ​(​១​)​ ចូរ​ស្គាល់​លោក​យេស៊ូ។ យើង​អាច​ធ្វើ​ដូច្នេះ​ដោយ​អាន​សៀវភៅ​ម៉ាថាយ ម៉ាកុស លូកា និង​យ៉ូហាន។ កាល​ដែល​យើង​រំពឹង​គិត​អំពី​កំណត់​ហេតុ​ក្នុង​គម្ពីរ​អំពី​ជីវិត​របស់​លោក​យេស៊ូ យើង​ស្រឡាញ់​និង​គោរព​លោក ដោយ​សារ​លោក​បាន​ប្រព្រឹត្ត​ដោយ​សប្បុរស​ចំពោះ​មនុស្ស​ឯ​ទៀត។ ជា​ឧទាហរណ៍ ទោះ​ជា​លោក​ជា​ម្ចាស់​របស់​ពួក​គេ​ក្ដី លោក​មិន​បាន​ប្រព្រឹត្ត​ទៅ​លើ​អ្នក​កាន់​តាម​លោក​ដូច​ខ្ញុំ​បម្រើ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​បាន​ប្រាប់​ពួក​គេ​អំពី​គំនិត​និង​អារម្មណ៍​របស់​លោក។ (​យ៉ូន. ១៥:១៥​) ពេល​ពួក​គេ​កើត​ទុក្ខ លោក​យេស៊ូ​ក៏​កើត​ទុក្ខ​ដែរ ហើយ​យំ​ជា​មួយ​នឹង​ពួក​គេ។ (​យ៉ូន. ១១:៣២​-​៣៦​) សូម្បីតែ​អ្នក​ប្រឆាំង​លោក​ក៏​ទទួល​ស្គាល់​ថា​លោក​គឺ​ជា​មិត្ត​របស់​ពួក​អ្នក​ដែល​ស្ដាប់​ដំណឹង​ដែល​លោក​ផ្សាយ។ (​ម៉ាថ. ១១:១៩​) ពេល​យើង​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​អ្នក​កាន់​តាម​លោក ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​នឹង​ល្អ​ជាង យើង​ស្កប់​ចិត្ត​និង​សប្បាយ​ចិត្ត​ជាង ហើយ​យើង​កាន់​តែ​ស្រឡាញ់​និង​គោរព​លោក។

១១. តើ​ចំណុច​ទី២​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទៅ​ជា​មិត្ត​សម្លាញ់​លោក​យេស៊ូ​គឺ​ជា​អ្វី ហើយ​ហេតុ​អ្វី​នោះ​សំខាន់?

១១ (​២​) ចូរ​មាន​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ត​ដូច​លោក​យេស៊ូ។ កាល​ដែល​យើង​កាន់​តែ​ស្គាល់​និង​មាន​របៀប​គិត​គូរ​ដូច​លោក យើង​នឹង​កាន់​តែ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ (​១កូ. ២:១៦​) តើ​យើង​អាច​យក​តម្រាប់​លោក​យេស៊ូ​យ៉ាង​ដូច​ម្ដេច? សូម​គិត​អំពី​ឧទាហរណ៍​មួយ។ លោក​យេស៊ូ​បាន​គិត​អំពី​ការ​ជួយ​អ្នក​ឯ​ទៀត ច្រើន​ជាង​គិត​អំពី​ការ​បំពេញ​ចិត្ត​ខ្លួន​ឯង។ (​ម៉ាថ. ២០:២៨; រ៉ូម ១៥:១​-​៣​) ដោយ​សារ​លោក​មាន​ចិត្ត​គំនិត​ដូច​នេះ លោក​ជា​បុគ្គល​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​និង​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ លោក​មិន​ងាយ​ទើស​ចិត្ត​នឹង​អ្វី​ដែល​អ្នក​ឯ​ទៀត​និយាយ​អំពី​លោក​ទេ។ (​យ៉ូន. ១:៤៦, ៤៧​) ម្យ៉ាង​ទៀត លោក​មិន​ឲ្យ​កំហុស​នៅ​អតីតកាល​របស់​អ្នក​ឯ​ទៀត មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​លោក​ចំពោះ​ពួក​គេ​ឡើយ។ (​១ធី. ១:១២​-​១៤​) លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​គ្រប់​គ្នា​នឹង​ដឹង​ថា​អ្នក​រាល់​គ្នា​ជា​អ្នក​កាន់​តាម​ខ្ញុំ បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​គ្នា​»។ (​យ៉ូន. ១៣:៣៥​) គឺ​ជា​ការ​ល្អ​ដែល​អ្នក​សួរ​ខ្លួន​ថា ​«​តើ​ខ្ញុំ​កំពុង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​សន្តិភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​ខ្ញុំ​ឬ​ទេ?​»។

១២. តើ​ចំណុច​ទី៣​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទៅ​ជា​មិត្ត​សម្លាញ់​លោក​យេស៊ូ​គឺ​ជា​អ្វី ហើយ​តើ​យើង​អាច​ធ្វើ​តាម​ចំណុច​នេះ​យ៉ាង​ដូច​ម្ដេច?

១២ (​៣​) ចូរ​គាំ​ទ្រប​ង​ប្អូន​របស់​គ្រិស្ត។ លោក​យេស៊ូ​ចាត់​ទុក​ថា​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​បង​ប្អូន​របស់​លោក​ដែល​បាន​ត្រូវ​រើស​តាំង គឺ​ហាក់​ដូច​ជា​ធ្វើ​ដើម្បី​លោក។ (​ម៉ាថ. ២៥:៣៤​-​៤០​) របៀប​ដ៏​សំខាន់​បំផុត​ដែល​យើង​គាំ​ទ្រ​ពួក​អ្នក​ដែល​ព្រះ​បាន​រើស​តាំង គឺ​ដោយ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​និង​កិច្ច​ការ​បង្រៀន​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​លោក​បាន​ណែនាំ​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ។ (​ម៉ាថ. ២៨:១៩, ២០; សកម្ម. ១០:៤២​) លុះ​ត្រា​តែ​មាន​ជំនួយ​ពី​«​ចៀម​ឯ​ទៀត​»​ ទើប​បង​ប្អូន​របស់​គ្រិស្ត​អាច​បំពេញ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដ៏​អស្ចារ្យ​នៅ​ទូ​ទាំង​ពិភព​លោក ដែល​កំពុង​ធ្វើ​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។ (​យ៉ូន. ១០:១៦​) បើ​អ្នក​ជា​ចៀម​ឯ​ទៀត រាល់​ពេល​ដែល​អ្នក​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ អ្នក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​របស់​គ្រិស្ត​ផង​និង​លោក​យេស៊ូ​ផង។

១៣. តើ​យើង​អាច​ធ្វើ​តាម​យោបល់​របស់​លោក​យេស៊ូ​ដែល​បាន​ត្រូវ​កត់​ទុក​នៅ​លូកា ១៦:៩​យ៉ាង​ដូច​ម្ដេច?

១៣ យើង​ក៏​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ ដោយ​ធ្វើ​វិភាគទាន​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​ដែល​លោក​ទាំង​ពីរ​កំពុង​ដឹក​នាំ។ (​សូម​អាន លូកា ១៦:៩) ជា​ឧទាហរណ៍ យើង​អាច​ធ្វើ​វិភាគទាន​សម្រាប់​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក ដែល​រួម​បញ្ចូល​វិភាគទាន​សម្រាប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​តំបន់​ដាច់​ស្រយាល ការ​សាង​សង់​និង​ថែ​ទាំ​អគារ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត ព្រម​ទាំង​ការ​ផ្ដល់​ជំនួយ​ដល់​ពួក​អ្នក​ដែល​រង​គ្រោះ​ពី​មហន្តរាយ​ធម្មជាតិ​ជា​ដើម។ យើង​ក៏​អាច​ដាក់​វិភាគទាន​ដើម្បី​ជួយ​ចេញ​ថ្លៃ​ចំណាយ​របស់​ក្រុម​ជំនុំ​យើង ហើយ​យើង​អាច​ជួយ​ពួក​អ្នក​ដែល​យើង​ដឹង​ថា​ត្រូវ​ការ​ជំនួយ។ (​សុភ. ១៩:១៧​) អ្វី​ទាំង​នេះ​គឺ​ជា​របៀប​ដែល​យើង​អាច​គាំ​ទ្រប​ង​ប្អូន​របស់​គ្រិស្ត។

១៤. ដូច​បង្ហាញ​នៅ​អេភេសូរ ៤:១៥, ១៦ តើ​ចំណុច​ទី៤​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​ទៅ​ជា​មិត្ត​សម្លាញ់​លោក​យេស៊ូ​គឺ​ជា​អ្វី?

១៤ (​៤​) ចូរ​គាំ​ទ្រ​ការ​រៀប​ចំ​របស់​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក។ យើង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​លោក​យេស៊ូ​ដែល​ជា​ប្រមុខ​ក្រុម​ជំនុំ ពេល​យើង​សហការ​ជា​មួយ​នឹង​ពួក​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​ថែ​រក្សា​យើង។ (​សូម​អាន អេភេសូរ ៤:១៥, ១៦) ជា​ឧទាហរណ៍ សព្វ​ថ្ងៃ​នេះ​យើង​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​ប្រាកដ​ថា​សាល​ប្រជុំ​ទាំង​អស់​បាន​ត្រូវ​ប្រើ​យ៉ាង​ល្អ​បំផុត។ ដើម្បី​ធ្វើ​ដូច្នេះ ក្រុម​ជំនុំ​ខ្លះ​បាន​ត្រូវ​បញ្ចូល​គ្នា ហើយ​តំបន់​ផ្សាយ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។ យ៉ាង​នេះ អង្គ​ការ​ព្រះ​យេហូវ៉ា​បាន​សន្សំ​សំចៃ​លុយ​ច្រើន​ដែល​បាន​ទទួល​ជា​វិភាគទាន។ ក៏​ប៉ុន្តែ ដោយ​ហេតុ​នេះ អ្នក​ផ្សាយ​ខ្លះ​ត្រូវ​សម្រប​ខ្លួន​ទៅ​តាម​ស្ថានភាព​ថ្មី។ អ្នក​ផ្សាយ​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​ប្រហែល​ជា​ធ្លាប់​បម្រើ​នៅ​ក្រុម​ជំនុំ​មួយ​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ប្រហែល​ជា​ជិត​ស្និទ្ធ​នឹង​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​នោះ។ ប៉ុន្តែ​ឥឡូវ​ពួក​គេ​បាន​ត្រូវ​សុំ​ឲ្យ​បម្រើ​នៅ​ក្រុម​ជំនុំ​ផ្សេង។ លោក​យេស៊ូ​ប្រាកដ​ជា​ពេញ​ចិត្ត​ពេល​លោក​ឃើញ​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ​ធ្វើ​តាម​ការ​រៀប​ចំ​នេះ!

ចូរ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ​ជា​រៀង​រហូត

១៥. នៅ​ថ្ងៃ​អនាគត តើ​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក​យេស៊ូ​នឹង​កាន់​តែ​ជិត​ស្និទ្ធ​យ៉ាង​ដូច​ម្ដេច?

១៥ ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ​មាន​សេចក្ដី​សង្ឃឹម​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ​ជា​រៀង​រហូត ហើយ​គ្រប់​គ្រង​ជា​មួយ​លោក​ក្នុង​រាជាណាចក្រ​របស់​ព្រះ។ ពួក​គេ​នឹង​នៅ​ជា​មួយ​គ្រិស្ត ក្នុង​ន័យ​ថា​ពួក​គេ​ឃើញ​លោក និយាយ​ជា​មួយ​នឹង​លោក និង​ចំណាយ​ពេល​ជា​មួយ​នឹង​លោក។ (​យ៉ូន. ១៤:២, ៣​) រីឯ ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​នៅ​ផែន​ដី​ក៏​នឹង​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​យេស៊ូ​ដែរ។ ទោះ​ជា​ពួក​គេ​មិន​ឃើញ​លោក​យេស៊ូ​ក្ដី មិត្តភាព​របស់​ពួក​គេ​ជា​មួយ​លោក​នឹង​កាន់​តែ​ជិត​ស្និទ្ធ កាល​ដែល​ពួក​គេ​សប្បាយ​នឹង​ជីវិត​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ផ្ដល់​ឲ្យ​ពួក​គេ។—អេ. ៩:៦, ៧

១៦. តើ​ការ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​យេស៊ូ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

១៦ ពេល​យើង​ទទួល​ការ​អញ្ជើញ​របស់​លោក​យេស៊ូ​ឲ្យ​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក យើង​ក៏​ទទួល​ពរ​ជា​ច្រើន​ដែរ។ ជា​ឧទាហរណ៍ យើង​ទទួល​សេចក្ដី​ស្រឡាញ់​និង​ការ​គាំ​ទ្រ​ពី​លោក​នៅ​ឥឡូវ​នេះ។ យើង​មាន​ឱកាស​រស់​ជា​រៀង​រហូត ហើយ​សំខាន់​បំផុត ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​លោក​យេស៊ូ​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​មិត្តភាព​ដ៏​មាន​តម្លៃ​បំផុត ពោល​គឺ​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​ដោយ​ផ្ទាល់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​លោក​យេស៊ូ។ ការ​ដែល​យើង​បាន​ត្រូវ​ហៅ​ថា​មិត្ត​សម្លាញ់​របស់​លោក​យេស៊ូ គឺ​ពិត​ជា​កិត្តិយស​ដ៏​ពិសេស​មែន!

ចម្រៀង​លេខ​១៧ ចូរ​បង្ហាញ​ចិត្ត​មេត្តា​ដូច​គ្រិស្ត

^ វគ្គ 5 ពួក​សាវ័ក​បាន​និយាយ​និង​ធ្វើ​ការ​ជា​មួយ​នឹង​លោក​យេស៊ូ​អស់​ប៉ុន្មាន​ឆ្នាំ ដូច្នេះ​ពួក​គាត់​បាន​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា។ លោក​យេស៊ូ​ក៏​ចង់​ឲ្យ​យើង​ធ្វើ​ជា​មិត្ត​សម្លាញ់​របស់​លោក​ដែរ តែ​យើង​មាន​ការ​ពិបាក​ផ្សេង​ៗ​ដែល​ពួក​សាវ័ក​មិន​មាន​ទេ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ការ​ពិបាក​ខ្លះ ហើយ​ទទួល​យោបល់​ដែល​ទាក់​ទង​នឹង​របៀប​បណ្ដុះ​និង​រក្សា​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក​យេស៊ូ។

^ វគ្គ 55 ការ​ពណ៌នា​អំពី​រូប​ភាព: (​១​)​ ក្នុង​អំឡុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ យើង​អាច​សិក្សា​អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ។ (​២​)​ ក្នុង​ក្រុម​ជំនុំ យើង​អាច​ខំ​ប្រឹង​ធ្វើ​ឲ្យ​មាន​សន្តិភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង។ (​៣​)​ ដោយ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ផ្សាយ យើង​អាច​គាំ​ទ្រប​ង​ប្អូន​របស់​គ្រិស្ត។ (​៤​)​ ពេល​ក្រុម​ជំនុំ​បាន​ត្រូវ​បញ្ចូល​គ្នា យើង​អាច​ចុះ​ចូល​នឹង​ការ​សម្រេច​ចិត្ត​របស់​ពួក​អ្នក​ចាស់​ទុំ។