លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៦

ចូរស្ដាប់ ស្វែងយល់ និងបង្ហាញសេចក្ដីអាណិតមេត្តា

ចូរស្ដាប់ ស្វែងយល់ និងបង្ហាញសេចក្ដីអាណិតមេត្តា

​«​ឈប់​វិនិច្ឆ័យ​ដោយ​មើល​តែ​សម្បក​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ​ចូរ​វិនិច្ឆ័យ​ដោយ​សេចក្ដី​សុចរិត​វិញ​»។—យ៉ូន. ៧:២៤

ចម្រៀង​លេខ​១០១ ចូរ​បម្រើ​ដោយ​សាមគ្គី​ភាព

សេចក្ដី​សង្ខេប *

១. តើ​គម្ពីរ​បង្រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា ហើយ​ហេតុ​អ្វី​នោះ​សម្រាល​ទុក្ខ​យើង?

តើ​អ្នក​ចង់​ឲ្យ​មនុស្ស​ឯ​ទៀត​វិនិច្ឆ័យ​អ្នក​ដោយ​ផ្អែក​លើ​ពណ៌​សម្បុរ ទម្រង់​មុខ ឬ​រូប​រាង​កាយ​របស់​អ្នក​ឬ​ទេ? ទំនង​ជា​មិន​ចង់​ទេ។ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​មិន​វិនិច្ឆ័យ​យើង​តាម​អ្វី​ដែល​មើល​ឃើញ សម្រាល​ទុក្ខ​យើង​ណាស់! ជា​ឧទាហរណ៍ ពេល​សាំយូអែល​បាន​ឃើញ​កូន​ប្រុស​របស់​អ៊ីសាយ គាត់​ឃើញ​ផ្សេង​ពី​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​បាន​ប្រាប់​សាំយូអែល​ថា​កូន​ប្រុស​ម្នាក់​របស់​អ៊ីសាយ​នឹង​ក្លាយ​ទៅ​ជា​ស្ដេច​នៃ​ស្រុក​អ៊ីស្រាអែល។ ប៉ុន្តែ តើ​ជា​កូន​មួយ​ណា? ពេល​សាំយូអែល​បាន​ឃើញ​អេ​លាប​ដែល​ជា​កូន​ប្រុស​ច្បង​របស់​អ៊ីសាយ គាត់​បាន​និយាយ​ថា​៖ ​«​នេះ​ប្រាកដ​ជា​អ្នក​ដែល​ព្រះ​យេហូវ៉ា​ចាក់​ប្រេង​តាំង​ឲ្យ បាន​មក​នៅ​ចំពោះ​ទ្រង់​ហើយ​»។ អេ​លាប​មើល​ទៅ​ដូច​ស្ដេច។ ​«​តែ​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា​៖ ‹កុំ​ឲ្យ​មើល​តែ​ឫកពា​ខាង​ក្រៅ ឬ​កំពស់​ខ្លួន​នោះ​ឡើយ ដ្បិ​ត​អញ​មិន​ទទួល​អ្នក​នេះ​ទេ›​»។ តើ​យើង​រៀន​អ្វី​ពី​រឿង​នេះ? ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ‹មនុស្ស​លោក​តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ›។—១សាំ. ១៦:១, ៦, ៧

២. ដូច​បាន​ចែង​នៅ​យ៉ូហាន ៧:២៤ ហេតុ​អ្វី​យើង​មិន​គួរ​វិនិច្ឆ័យ​បុគ្គល​ណា​ម្នាក់​ដោយ​មើល​សម្បក​ក្រៅ​របស់​គាត់? សូម​លើក​ឧទាហរណ៍។

ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ច្រើន​តែ​វិនិច្ឆ័យ​អ្នក​ឯ​ទៀត​ដោយ​មើល​តែ​សម្បក​ក្រៅ​របស់​ពួក​គេ។ ​(​សូម​អាន យ៉ូហាន ៧:២៤)​ ប៉ុន្តែ យើង​ដឹង​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​អំពី​បុគ្គល​ម្នាក់ តាម​រយៈ​អ្វី​ដែល​យើង​មើល​ឃើញ។ ជា​ឧទាហរណ៍ សូម្បីតែ​គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ​និង​បទ​ពិសោធន៍​ច្រើន ក៏​អាច​ដឹង​ព័ត៌មាន​អំពី​អ្នក​ជំងឺ​តែ​មួយ​កម្រិត​ប៉ុណ្ណោះ​ដោយ​គ្រាន់​តែ​មើល​អ្នក​នោះ។ គាត់​ត្រូវ​ស្ដាប់​អ្នក​ជំងឺ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ បើ​គាត់​ចង់​ដឹង​អំពី​បញ្ហា​សុខភាព​ពី​មុន​និង​អារម្មណ៍​របស់​អ្នក​ជំងឺ ឬ​អាការ​របស់​អ្នក​នោះ។ គ្រូ​ពេទ្យ​នោះ​ប្រហែល​ជា​ថែម​ទាំង​ឲ្យ​អ្នក​ជំងឺ​ទៅ​ថត​កាំរស្មី(​x​-​ray​) ដើម្បីពិនិត្យ​មើល​អ្វី​ដែល​នៅ​ខាង​ក្នុង​រូប​កាយ​របស់​អ្នក​ជំងឺ។ បើ​មិន​ដូច្នេះ​ទេ គ្រូ​ពេទ្យ​អាច​ប្រើ​វិធី​ព្យាបាល​មិន​ត្រឹម​ត្រូវ។ ស្រដៀង​គ្នា​ដែរ យើង​មិន​អាច​យល់​ទាំង​ស្រុង​អំពី​បង​ប្អូន​របស់​យើង ដោយ​មើល​តែ​សម្បក​ក្រៅ​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ។ យើង​ត្រូវ​ព្យាយាម​យល់​ថា​ពួក​គេ​ជា​បុគ្គល​បែប​ណា។ ពិត​មែន យើង​មិន​អាច​ឃើញ​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​ឡើយ ដូច្នេះ​យើង​នឹង​មិន​យល់​អំពី​អ្នក​ឯ​ទៀត​ដូច​ព្រះ​យេហូវ៉ា​ទេ។ ប៉ុន្តែ យើង​អាច​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​យក​តម្រាប់​ព្រះ​យេហូវ៉ា។ តើ​តាម​របៀប​ណា?

៣. តើ​កំណត់​ហេតុ​គម្ពីរ​ក្នុង​អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​យក​តម្រាប់​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​គោរព​ប្រណិប័តន៍​លោក? លោក​ស្ដាប់ពួក​គេ។ លោក​គិតអំពី​ប្រវត្តិ​និង​ស្ថានភាព​របស់​ពួក​គេ ហើយ​បង្ហាញ​សេចក្ដី​អាណិត​មេត្តាចំពោះ​ពួក​គេ។ កាល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ​ចំពោះ​យ៉ូណាស អេលីយ៉ា ហាកា និង​ឡុត សូម​យើង​ស្វែង​យល់​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង​ចំពោះ​បង​ប្អូន។

ចូរ​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់

៤. ហេតុ​អ្វី​យើង​អាច​មាន​ទស្សនៈ​មិន​ល្អ​ចំពោះ​យ៉ូណាស?

ដោយ​សារ​យើង​មិន​ដឹង​អំពី​ស្ថានភាព​ទាំង​អស់​របស់​យ៉ូណាស យើង​អាច​គិត​ថា​គាត់​ជា​មនុស្ស​មិន​គួរ​ឲ្យ​ទុក​ចិត្ត ហើយ​ថែម​ទាំង​មិន​ស្មោះ​ត្រង់។ ព្រះ​យេហូវ៉ា​បាន​បង្គាប់​គាត់​ឲ្យ​ប្រកាស​អំពី​ការ​វិនិច្ឆ័យ​ទោស​ក្រុង​នីនីវេ។ ប៉ុន្តែ​ជា​ជាង​ស្ដាប់​បង្គាប់ យ៉ូណាស​បាន​ជិះ​សំពៅ​ទៅ​តំបន់​ផ្សេង ដើម្បី​«​រួច​ពី​ព្រះ​ភក្ត្រ​ព្រះ​យេហូវ៉ា​»។ (​យ៉ូណ. ១:១​-​៣​) បើ​ជា​អ្នក តើ​អ្នក​នឹង​ផ្ដល់​ឱកាស​ម្ដង​ទៀត​ឲ្យ​យ៉ូណាស​ដើម្បី​បំពេញ​ភារកិច្ច​នេះ​ឬ​ទេ? ប្រហែល​ជា​មិន​ផ្ដល់​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ទស្សនៈ​ថា​យ៉ូណាស​សម​នឹង​ទទួល​ឱកាស​ម្ដង​ទៀត។—យ៉ូណ. ៣:១, ២

៥. តើ​អ្នក​រៀន​អ្វី​អំពី​យ៉ូណាស​តាម​រយៈ​ពាក្យ​របស់​គាត់​នៅ​យ៉ូណាស ២:២, ៣, ១០?

ក្នុង​សេចក្ដី​អធិដ្ឋាន យ៉ូណាស​បាន​បង្ហាញ​ថា​គាត់​ពិត​ជា​មនុស្ស​បែប​ណា។ (​សូម​អាន យ៉ូណាស ២:២, ៣, ១០) យ៉ូណាស​ច្បាស់​ជា​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ច្រើន​ដង។ សេចក្ដី​អធិដ្ឋាន​មួយ​ដែល​គាត់​បាន​និយាយ​ពី​ក្នុង​ពោះ​ត្រី ជួយ​យើង​ឲ្យ​យល់​ថា​គាត់​មិន​មែន​គ្រាន់​តែ​ជា​បុរស​ម្នាក់​ដែល​គេច​វេះ​ពី​ភារកិច្ច​ប៉ុណ្ណោះ​ទេ។ ពាក្យ​សម្ដី​របស់​គាត់​បង្ហាញ​ថា​គាត់​មាន​ចិត្ត​រាប​ទាប មាន​អំណរ​គុណ និង​បាន​តាំង​ចិត្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ ដូច្នេះ គឺ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​ព្រះ​យេហូវ៉ា​មិន​ផ្ដោត​អារម្មណ៍​លើ​កំហុស​របស់​យ៉ូណាស។ ផ្ទុយ​ទៅ​វិញ លោក​បាន​តប​ឆ្លើយ​នឹង​សេចក្ដី​អធិដ្ឋាន​របស់​គាត់ ហើយ​បាន​បន្ត​ប្រើ​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស​ទំនាយ!

បើ​យើង​ដឹង​រឿង​ច្បាស់ យើង​អាច​ចេះ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត (​សូម​មើល​វគ្គ​៦​) *

៦. ហេតុ​អ្វី​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ឯ​ទៀត​នាំ​ឲ្យ​យើង​ទទួល​ប្រយោជន៍?

ដើម្បី​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​អ្នក​ឯ​ទៀត យើង​ត្រូវ​មាន​ចិត្ត​រាប​ទាប​និង​ចិត្ត​អត់​ធ្មត់។ យ៉ាង​ហោច​ណាស់​មាន​មូលហេតុ​បី​យ៉ាង​ដែល​ការ​ខំ​ប្រឹង​របស់​យើង​ដើម្បី​ធ្វើ​ដូច្នេះ​មាន​ប្រយោជន៍។ ទី១ យើង​ទំនង​ជា​នឹង​មិន​ឆាប់​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​អ្នក​ឯ​ទៀត​ទេ។ ទី២ យើង​អាច​ស្វែង​យល់​អំពី​អារម្មណ៍​និង​បំណង​ចិត្ត​របស់​បង​ប្អូន​យើង ហើយ​នោះ​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​មាន​ចិត្ត​អាណិត​មេត្តា។ ទី៣ យើង​ប្រហែល​ជា​ជួយ​បុគ្គល​នោះ​ឲ្យ​រៀន​អ្វី​មួយ​អំពី​ខ្លួន​គាត់។ ជួន​កាល យើង​មិន​យល់​ច្បាស់​អំពី​អារម្មណ៍​ខ្លួន​ឯង​រហូត​ដល់​យើង​និយាយ​អំពី​អារម្មណ៍​នោះ​ចេញ​មក។ (​សុភ. ២០:៥​) អ្នក​ចាស់​ទុំ​ម្នាក់​នៅ​ទ្វីប​អាស៊ី សារភាព​ថា​៖ ​«​នៅ​ពេល​មួយ ខ្ញុំ​បាន​និយាយ​មុន​ខ្ញុំ​ស្ដាប់​រឿង​ឲ្យ​ចប់​សិន។ ខ្ញុំ​បាន​ប្រាប់​បង​ស្រី​ម្នាក់​ឲ្យ​ខំ​ឆ្លើយ​ល្អ​ជាង​នៅ​កិច្ច​ប្រជុំ។ បន្ទាប់​មក ខ្ញុំ​បាន​ដឹង​ថា​គាត់​មិន​សូវ​ចេះ​អក្សរ ហើយ​គាត់​ខំ​ប្រឹង​យ៉ាង​ខ្លាំង​រាល់​ពេល​ដែល​គាត់​ឆ្លើយ​ម្ដង​ៗ​»។ គឺ​សំខាន់​ណាស់​ដែល​អ្នក​ចាស់​ទុំ​ម្នាក់​ៗ​«​ស្ដាប់​រឿង​»​មុន​ឲ្យ​យោបល់!—សុភ. ១៨:១៣

៧. តើ​អ្នក​រៀន​អ្វី​ពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​អេលីយ៉ា?

បង​ប្អូន​ខ្លះ​ពិបាក​និយាយ​អំពី​អារម្មណ៍​របស់​ពួក​គេ ដោយ​សារ​ជី​វ​ប្រវត្តិ វប្បធម៌ ឬ​បុគ្គលិក​លក្ខណៈ​របស់​ពួក​គេ។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បីឲ្យ​ពួក​គេ​កាន់​តែ​ស្រួល​ប្រាប់​យើង​អំពី​អារម្មណ៍​ពិត​របស់​ពួក​គេ? សូម​នឹក​ចាំ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​អេលីយ៉ា​ពេល​គាត់​រត់​គេច​ពី​យេសិបិល។ អេលីយ៉ា​ត្រូវ​ការ​ពេល​ជា​ច្រើន​ថ្ងៃ មុន​គាត់​អាច​ប្រាប់​អំពី​អារម្មណ៍​ទាំង​អស់​របស់​គាត់​ទៅ​បិតា​គាត់​ដែល​នៅ​ស្ថាន​សួគ៌។ ព្រះ​យេហូវ៉ា​បាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ក្រោយ​មក លោក​បាន​លើក​ទឹក​ចិត្ត​អេលីយ៉ា ហើយ​បាន​ឲ្យ​កិច្ច​ការ​សំខាន់​ដល់​គាត់។ (​១ព. ១៩:១​-​១៨​) ស្រដៀង​គ្នា​ដែរ បង​ប្អូន​របស់​យើង​ត្រូវ​ការ​ពេល​ដើម្បី​មាន​អារម្មណ៍​ស្រួល​និយាយ​ជា​មួយ​នឹង​យើង ប៉ុន្តែ​យើង​អាច​ដឹង​អំពី​អារម្មណ៍​ពិត​របស់​ពួក​គេ លុះ​ត្រា​តែ​ពួក​គេ​ប្រាប់​យើង។ បើ​យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដោយ​បង្ហាញ​ចិត្ត​អត់​ធ្មត់ យូរ​ៗ​ទៅ​ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​ពួក​គេ​អាច​ទុក​ចិត្ត​យើង។ យ៉ាង​នេះ ពេល​ដែល​ពួក​គេ​ត្រៀម​ចិត្ត​រួច​រាល់​ដើម្បី​ប្រាប់​អំពី​អារម្មណ៍​របស់​ពួក​គេ នោះ​យើង​គួរ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់។

ចូរ​ព្យាយាម​ស្គាល់​បង​ប្អូន​របស់​អ្នក

៨. យោង​ទៅ​តាម​លោកុប្បត្តិ ១៦:៧​-​១៣ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​ហាកា​យ៉ាង​ដូច​ម្ដេច?

ហាកា​ដែល​ជា​ស្ត្រី​បម្រើ​របស់​សារ៉ាយ បាន​ប្រព្រឹត្ត​ដោយ​មិន​ឈ្លាស​វៃ​ក្រោយ​ពី​គាត់​បាន​ទៅ​ជា​ប្រពន្ធ​របស់​អាប់រ៉ាម។ ពេល​ហាកា​មាន​ផ្ទៃ​ពោះ គាត់​ចាប់​ផ្ដើម​មើល​ងាយ​សារ៉ាយ​ដែល​គ្មាន​កូន។ ដូច្នេះ​សារ៉ាយ​បាន​ដាក់​ទោស​ហាកា ហើយ​នេះ​បាន​នាំ​ឲ្យ​គាត់​រត់​ចេញ​ពី​ផ្ទះ។ (​លោ. ១៦:៤​-​៦​) តាម​ទស្សនៈ​របស់​យើង​ដែល​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហាកា​ប្រហែល​ជា​មើល​ទៅ​គ្រាន់​តែ​ជា​ស្ត្រី​មាន​អំណួត​ដែល​សម​នឹង​ទទួល​ការ​ដាក់​ទោស​បែប​នោះ។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​មិន​បាន​គិត​ដូច្នេះ​ទេ។ លោក​បាន​ចាត់​ទេវតា​របស់​លោក​ឲ្យ​ទៅ​ជួប​គាត់។ ពេល​ទេវតា​នោះ​ជួប​គាត់ ទេវតា​បាន​ជួយ​គាត់​ឲ្យ​កែ​ប្រែ​ទស្សនៈ​របស់​គាត់ ព្រម​ទាំង​ផ្ដល់​ពរ​ដល់​គាត់។ ហាកា​ទទួល​ស្គាល់​ថា​ព្រះ​យេហូវ៉ា​តែង​តែ​មើល​គាត់ ហើយ​ដឹង​ច្បាស់​អំពី​ស្ថានភាព​របស់​គាត់។ គាត់​រំភើប​ចិត្ត​ដល់​ម្ល៉េះ​បាន​ជា​គាត់​ហៅ​លោក​ថា​«​ព្រះ​ដ៏​ទត​ឃើញ . . . ទ្រង់​ទត​ឃើញ​[​ខ្ញុំ​]​ទេ​តើ​»។—សូម​អាន លោកុប្បត្តិ ១៦:៧​-​១៣

៩. តើ​ព្រះ​យេហូវ៉ា​បាន​គិត​អំពី​អ្វី​ក្នុង​ការ​ប្រព្រឹត្ត​របស់​លោក​ចំពោះ​ហាកា?

តើ​ព្រះ​យេហូវ៉ា​បាន​កត់​សម្គាល់​អ្វី​អំពី​ហាកា? លោក​ស្គាល់​យ៉ាង​ច្បាស់​អំពី​ប្រវត្តិ​របស់​ហាកា​និង​អ្វី​ទាំង​អស់​ដែល​គាត់​បាន​ឆ្លង​កាត់។ (​សុភ. ១៥:៣​) ជា​ឧទាហរណ៍ លោក​ដឹង​ថា​ហាកា​ជា​ជន​ជាតិ​អេស៊ីប​ដែល​រស់​នៅ​ក្នុង​ផ្ទះ​របស់​ជន​ជាតិ​ហេប្រឺ។ ដូច្នេះ តើ​ពេល​ខ្លះ​ហាកា​មាន​អារម្មណ៍​ថា​គាត់​ខុស​ពី​គេ​ឬ​ទេ? តើ​គាត់​នឹក​ក្រុម​គ្រួសារ​និង​ស្រុក​កំណើត​របស់​គាត់​ឬ​ទេ? គាត់​មិន​មែន​ជា​ប្រពន្ធ​តែ​ម្នាក់​របស់​អាប់រ៉ាម​ទេ។ នៅ​សម័យ​នោះ បុរស​ស្មោះ​ត្រង់​ខ្លះ​មាន​ប្រពន្ធ​លើស​ពី​មួយ។ ក៏​ប៉ុន្តែ នោះ​មិន​មែន​ជា​គោល​បំណង​ដើម​របស់​ព្រះ​យេហូវ៉ា​ឡើយ។ (​ម៉ាថ. ១៩:៤​-​៦​) ដូច្នេះ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​ស្ថានភាព​បែប​នេះ​អាច​នាំ​ឲ្យ​ក្រុម​គ្រួសារ​មាន​ការ​ច្រណែន​និង​ការ​ស្អប់​គ្នា។ ព្រះ​យេហូវ៉ា​ដឹង​ថា​គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​ហាកា​មិន​បង្ហាញ​ការ​គោរព​ចំពោះ​សារ៉ាយ។ ប៉ុន្តែ​លោក​ក៏​យល់​អារម្មណ៍​និង​ស្ថានភាព​របស់​ហាកា​ដែរ ហេតុ​នេះ​លោក​បាន​ប្រព្រឹត្ត​សប្បុរស​ចំពោះ​គាត់។

ចូរ​ស្គាល់​បង​ប្អូន​របស់​អ្នក​ឲ្យ​បាន​ច្បាស់​ជាង (​សូម​មើល​វគ្គ​១០​-​១២​) *

១០. តើ​យើង​អាច​ធ្វើ​ដូច​ម្ដេច​ដើម្បី​ស្គាល់​បង​ប្អូន​របស់​យើង​ឲ្យ​បាន​ច្បាស់​ជាង?

១០ យើង​អាច​យក​តម្រាប់​ព្រះ​យេហូវ៉ា ដោយ​ព្យាយាម​យល់​អំពី​គ្នា​ទៅ​វិញ​ទៅ​មក។ ចូរ​ព្យាយាម​ស្គាល់​បង​ប្អូន​របស់​អ្នកឲ្យ​បាន​ច្បាស់​ជាង។ សូម​និយាយ​ជា​មួយ​នឹង​ពួក​គេ​មុន​និង​ក្រោយ​កិច្ច​ប្រជុំ ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ពួក​គេ ហើយ​បើ​អាច​ធ្វើ​បាន សូម​អញ្ជើញ​ពួក​គេ​មក​បរិភោគ​អាហារ។ ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​ប្រហែល​ជា​ឃើញ​ថា​បង​ស្រី​ដែល​មើល​ទៅ​មិន​រួស​រាយ​តាម​ពិត​គឺ​ជា​មនុស្ស​អៀន​ខ្មាស បង​ប្រុស​ដែល​អ្នក​គិត​ថា​ជា​មនុស្ស​វត្ថុ​និយម​គឺ​ជា​មនុស្ស​ដែល​ចេះ​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់ ឬ​ក៏​ក្រុម​គ្រួសារ​ដែល​ច្រើន​តែ​មក​កិច្ច​ប្រជុំ​យឺត​កំពុង​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង។ (​យ៉ូប ៦:២៩​) ពិត​មែន​ហើយ យើង​មិន​គួរ​«​ជ្រៀត​ជ្រែក​ក្នុង​រឿង​អ្នក​ដទៃ​»​ឡើយ។ (​១ធី. ៥:១៣​) ក៏​ប៉ុន្តែ គឺ​ជា​ការ​ល្អ​ដែល​យើង​ស្គាល់​អ្វី​ខ្លះ​ៗ​អំពី​បង​ប្អូន​របស់​យើង​និង​អំពី​កាលៈទេសៈ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ពួក​គេ​មាន​បុគ្គលិក​លក្ខណៈ​បែប​នេះ។

១១. ហេតុ​អ្វី​គឺ​សំខាន់​ដែល​អ្នក​ចាស់​ទុំ​ស្គាល់​ចៀម​ឲ្យ​បាន​ច្បាស់?

១១ ជា​ពិសេស ពួក​អ្នក​ចាស់​ទុំ​ត្រូវ​ស្គាល់​ប្រវត្តិ​របស់​បង​ប្អូន​ដែល​ពួក​គេ​ថែ​រក្សា។ សូម​ពិចារណា​គំរូ​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​អាថឺ​ដែល​បម្រើ​ជា​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល។ គាត់​និង​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត​បាន​ទៅ​សួរ​សុខ​ទុក្ខ​បង​ស្រី​ម្នាក់​ដែល​មើល​ទៅ​ជា​មនុស្ស​អៀន​ខ្មាស ហើយ​មិន​សូវ​និយាយ​ស្ដី​ទេ។ បង​អាថឺ​និយាយ​ថា​៖ ​«​ក្រោយ​មក យើង​ដឹង​ថា​ប្ដី​របស់​គាត់​បាន​ស្លាប់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពី​ពួក​គាត់​បាន​រៀប​ការ។ ទោះ​ជា​គាត់​មាន​ការ​ពិបាក​ក្ដី គាត់​បាន​ខំ​អប់រំ​កូន​ស្រី​ពីរ​នាក់​របស់​គាត់​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​បាន​ទៅ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក។ តែ​ថ្មី​ៗ​នេះ ភ្នែក​របស់​គាត់​ចាប់​ផ្ដើម​មើល​មិន​សូវ​ច្បាស់ ហើយ​គាត់​មាន​ជំងឺ​ផ្លូវ​ចិត្ត។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គាត់​នៅ​តែ​ស្រឡាញ់​ព្រះ​យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​មាន​ជំនឿ​មាំ​មួន​ទៅ​លើ​លោក។ យើង​ទទួល​ស្គាល់​ថា​មាន​អ្វី​ជា​ច្រើន​ដែល​យើង​អាច​រៀន​ពី​គំរូ​ដ៏​ល្អ​របស់​បង​ស្រី​នេះ​»។ (​ភី. ២:៣​) អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​នេះ​បាន​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេហូវ៉ា។ ព្រះ​យេហូវ៉ា​ស្គាល់​ចៀម​របស់​លោក និង​ការ​ឈឺ​ចាប់​របស់​ពួក​គេ។ (​និក្ខ. ៣:៧​) អ្នក​ចាស់​ទុំ​ដែល​ស្គាល់​ចៀម​យ៉ាង​ច្បាស់​អាច​ជួយ​ពួក​គេ​បាន​ប្រសើរ​ជាង។

១២. តើ​បង​យី​ប​យី​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​ស្គាល់​បង​ស្រី​ម្នាក់​ក្នុង​ក្រុម​ជំនុំ?

១២ ពេល​យើង​ចាប់​ផ្ដើម​ស្គាល់​ប្រវត្តិ​របស់​បង​ប្អូន​ដែល​យើង​ទើស​ចិត្ត យើង​ទំនង​ជា​កាន់​តែ​ចេះ​យល់​អារម្មណ៍​របស់​បង​ប្អូន​នោះ។ សូម​គិត​អំពី​ឧទាហរណ៍​មួយ។ បង​ស្រី​យី​ប​យី​ដែល​រស់​នៅ​ទ្វីប​អាស៊ី​និយាយ​ថា​៖ ​«​បង​ស្រី​ម្នាក់​ក្នុង​ក្រុម​ជំនុំ​ខ្ញុំ​និយាយ​ឮ​ៗ​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​បង​ស្រី​នោះ​គ្មាន​សុជីវធម៌​សោះ។ ប៉ុន្តែ ពេល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ជា​មួយ​គាត់ ខ្ញុំ​ដឹង​ថា​គាត់​ធ្លាប់​ជួយ​ឪ​ពុក​ម្ដាយ​របស់​គាត់​លក់​ត្រី​នៅ​ផ្សារ។ គាត់​ត្រូវ​និយាយ​ឮ​ៗ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​»។ បង​យី​ប​យី​និយាយ​បន្ត​ទៀត​ថា​៖ ​«​ឥឡូវ ខ្ញុំ​យល់​ថា​ដើម្បី​ស្គាល់​បង​ប្អូន​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​ស្គាល់​ប្រវត្តិ​របស់​ពួក​គាត់​»។ យើង​ត្រូវ​ខំ​ប្រឹង​ដើម្បី​ស្គាល់​បង​ប្អូន​របស់​យើង​ច្បាស់​ជាង។ ប៉ុន្តែ ពេល​យើង​ធ្វើ​តាម​យោបល់​ពី​គម្ពីរ​ដែល​ឲ្យ​បើក​ចិត្ត​ឲ្យ​ទូលាយ នោះ​យើង​យក​តម្រាប់​ព្រះ​យេហូវ៉ា​ដែល​ស្រឡាញ់​«​មនុស្ស​គ្រប់​ប្រភេទ​»។—១ធី. ២:៣, ៤; ២កូ. ៦:១១​-​១៣

ចូរ​បង្ហាញ​សេចក្ដី​អាណិត​មេត្តា

១៣. ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​លោកុប្បត្តិ ១៩:១៥, ១៦ តើ​ទេវតា​បាន​ធ្វើ​អ្វី​ពេល​ឡុត​នៅ​បង្អែ​បង្អង់ ហើយ​ហេតុ​អ្វី?

១៣ នៅ​ពេល​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​ឡុត គាត់​នៅ​រ៉ែរ៉​ក្នុង​ការ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា។ ទេវតា​ពីរ​រូប​បាន​ទៅ​ជួប​ឡុត ហើយ​បាន​ប្រាប់​គាត់​ឲ្យ​នាំ​ក្រុម​គ្រួសារ​របស់​គាត់​ចេញ​ពី​ក្រុង​សូដុម។ ហេតុ​អ្វី? ទេវតា​ទាំង​នោះ​បាន​និយាយ​ថា​៖ ​«​យើង​នឹង​បំផ្លាញ​ទី​នេះ​»។ (​លោ. ១៩:១២, ១៣​) លុះ​ព្រឹក​ស្អែក ឡុត​និង​ក្រុម​គ្រួសារ​របស់​គាត់​នៅ​តែ​នៅ​ផ្ទះ។ ដូច្នេះ ទេវតា​ទាំង​នោះ​បាន​ព្រមាន​ឡុត​ម្ដង​ទៀត។ ប៉ុន្តែ ​«​គាត់​នៅ​បង្អែ​បង្អង់​»។ តាម​ទស្សនៈ​របស់​យើង យើង​ប្រហែល​ជា​គិត​ថា​ឡុត​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ឲ្យ​ធ្វើ ឬ​ក៏​ថា​គាត់​ជា​មនុស្ស​មិន​ស្ដាប់​បង្គាប់។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​ឈប់​ព្យាយាម​សង្គ្រោះ​គាត់​ឡើយ។ ដោយ​សារ​«​ព្រះ​យេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់​»​ លោក​បាន​ប្រើ​ទេវតា​ទាំង​នោះ​ឲ្យ​ចាប់​ដៃ​ក្រុម​គ្រួសារ​ឡុត ហើយ​នាំ​ចេញ​ទៅ​ក្រៅ​ក្រុង។—សូម​អាន លោកុប្បត្តិ ១៩:១៥, ១៦

១៤. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ឡុត?

១៤ ព្រះ​យេហូវ៉ា​ប្រហែល​ជា​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​ឡុត​ដោយ​សារ​មូលហេតុ​មួយ​ចំនួន។ ឡុត​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ចេញ​ពី​ផ្ទះ​គាត់ ដោយ​សារ​គាត់​ភ័យ​ខ្លាច​ចំពោះ​មនុស្ស​នៅ​ខាង​ក្រៅ​ក្រុង​នោះ។ នៅ​ទី​នោះ ក៏​មាន​គ្រោះ​ថ្នាក់​ផ្សេង​ទៀត​ដែរ។ ឡុត​ទំនង​ជា​បាន​ដឹង​ថា​មាន​ស្ដេច​ពីរ​រូប​បាន​ធ្លាក់​ក្នុង​រណ្ដៅ​ជ័រ​នៅ​ជ្រលង​ភ្នំ​ជិត​នោះ។ (​លោ. ១៤:៨​-​១២​) ក្នុង​នាម​ជា​ប្ដី​និង​ឪ​ពុក ឡុត​ច្បាស់​ជា​បាន​ព្រួយ​បារម្ភ​អំពី​ក្រុម​គ្រួសារ​របស់​គាត់។ លើស​ពី​នេះ​ទៅ​ទៀត ឡុត​ជា​អ្នក​មាន ដូច្នេះ​គាត់​ប្រហែល​ជា​មាន​ផ្ទះ​ស្អាត​នៅ​ក្រុង​សូដុម។ (​លោ. ១៣:៥, ៦​) ទោះ​ជា​យ៉ាង​នេះ​ក្ដី អ្វី​ទាំង​នោះ​មិន​មែន​ជា​មូលហេតុ​ត្រឹម​ត្រូវ​ដែល​ឲ្យ​ឡុត​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ភ្លាម​ៗ​នោះ​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​ឡុត​ទេ តែ​បាន​ចាត់​ទុក​គាត់​ជា​«​មនុស្ស​សុចរិត​»។—២ពេ. ២:៧, ៨

ពេល​យើង​ស្ដាប់​អ្នក​ឯ​ទៀត យើង​ប្រហែល​ជា​ស្គាល់​អំពី​របៀប​ដែល​យើង​អាច​បង្ហាញ​សេចក្ដី​អាណិត​មេត្តា (​សូម​មើល​វគ្គ​១៥​-​១៦​) *

១៥. ជា​ជាង​វិនិច្ឆ័យ​បុគ្គល​ឯ​ទៀត​តាម​ការ​ប្រព្រឹត្ត​របស់​គាត់ តើ​យើង​គួរ​ធ្វើ​អ្វី?

១៥ ជា​ជាង​វិនិច្ឆ័យ​បុគ្គល​ឯ​ទៀត​តាម​ការ​ប្រព្រឹត្ត​របស់​គាត់ សូម​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​យល់​អារម្មណ៍​របស់​គាត់។ បង​ស្រី​វឺរ៉ូនីកា​ដែល​រស់​នៅ​ទ្វីប​អឺរ៉ុប បាន​ព្យាយាម​ធ្វើ​ដូច្នេះ។ គាត់​និយាយ​ថា​៖ ​«​បង​ស្រី​ម្នាក់​មើល​ទៅ​តែង​តែ​មាន​អារម្មណ៍​មិន​ល្អ។ គាត់​ចេះ​តែ​ផ្ដាច់​ខ្លួន​ចេញ​ពី​អ្នក​ឯ​ទៀត។ ជួន​កាល ខ្ញុំ​មិន​ហ៊ាន​និយាយ​ជា​មួយ​គាត់​ទេ។ ប៉ុន្តែ ខ្ញុំ​បាន​គិត​ថា ‹បើ​ខ្ញុំ​ស្ថិត​ក្នុង​ស្ថានភាព​របស់​គាត់ ខ្ញុំ​ត្រូវ​ការ​មិត្ត​ភក្ដិ›។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ត​សួរ​គាត់​អំពី​អារម្មណ៍​របស់​គាត់ ហើយ​គាត់​ចាប់​ផ្ដើម​បើក​ចិត្ត​ប្រាប់​អំពី​អារម្មណ៍! ឥឡូវ ខ្ញុំ​យល់​ច្រើន​ជាង​អំពី​គាត់​»។

១៦. ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​សុំ​ជំនួយ​ដើម្បី​បណ្ដុះ​ឲ្យ​មាន​ចិត្ត​អាណិត​មេត្តា?

១៦ មាន​បុគ្គល​តែ​មួយ​គត់​ដែល​យល់​ទាំង​ស្រុង​អំពី​យើង គឺ​ព្រះ​យេហូវ៉ា។ (​សុភ. ១៥:១១​) ដូច្នេះ សូម​សុំ​ជំនួយ​ពី​លោក​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​អ្នក​ឯ​ទៀត ហើយ​ឲ្យ​យល់​អំពី​របៀប​បង្ហាញ​សេចក្ដី​អាណិត​មេត្តាចំពោះ​ពួក​គេ។ សេចក្ដី​អធិដ្ឋាន​បាន​ជួយ​បង​ស្រី​ម្នាក់​ឈ្មោះ​អាន់ស៊ីឡា​ឲ្យ​កាន់​តែ​ចេះ​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត។ បង​ស្រី​ម្នាក់​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​គាត់​ពិបាក​ចុះ​សម្រុង​នឹង​អ្នក​ឯ​ទៀត។ បង​អាន់ស៊ីឡា​សារភាព​ថា​៖ ​«​គឺ​ងាយ​ស្រួល​ឲ្យ​រិះ​គន់​បង​ស្រី​នោះ​និង​គេច​ពី​គាត់។ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​ខ្ញុំ​មាន​ចិត្ត​អាណិត​មេត្តា​ចំពោះ​គាត់​»។ តើ​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​បង​អាន់ស៊ីឡា​ឬ​ទេ? គាត់​និយាយ​បន្ត​ទៀត​ថា​៖ ​«​យើង​បាន​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា ហើយ​ក្រោយ​មក​បាន​និយាយ​គ្នា​អស់​ជា​ច្រើន​ម៉ោង។ ខ្ញុំ​បាន​ស្ដាប់​គាត់​ដោយ​មាន​ចិត្ត​អាណិត​មេត្តា។ ឥឡូវ ខ្ញុំ​កាន់​តែ​ស្រឡាញ់​គាត់ ហើយ​ខ្ញុំ​តាំង​ចិត្ត​ជួយ​គាត់​»។

១៧. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៧ អ្នក​មិន​អាច​ជ្រើស​រើស​បង​ប្អូន​ណា​ដែល​សម​នឹង​ទទួល​សេចក្ដី​អាណិត​មេត្តា​ពី​អ្នក​ឡើយ។ បង​ប្អូន​ទាំង​អស់​របស់​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ដូច​យ៉ូណាស អេលីយ៉ា ហាកា និង​ឡុត។ ក្នុងករណី​ខ្លះ បញ្ហា​របស់​ពួក​គេ​កើត​ឡើង​ដោយ​សារ​ពួក​គេ​ខ្លួន​ឯង​បាន​បង្ក​ឡើង។ តាម​ការ​ពិត យើង​ទាំង​អស់​គ្នា​ក៏​ធ្លាប់​ធ្វើដូចនេះ​ដែរ។ ដូច្នេះ គឺ​សម​ហេតុ​សម​ផល​ដែល​ព្រះ​យេហូវ៉ា​សុំ​យើង​ឲ្យ​កើត​ទុក្ខ​ជា​មួយ​គ្នា​ឬ​យល់​អារម្មណ៍​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ (​១ពេ. ៣:៨​) ពេល​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​ពង្រឹង​សាមគ្គី​ភាព​នៃ​ក្រុម​គ្រួសារ​ដ៏​អស្ចារ្យ​របស់​យើង​នៅ​ទូ​ទាំង​ពិភព​លោក។ ដូច្នេះ ពេល​យើង​ប្រព្រឹត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក សូម​យើង​តាំង​ចិត្ត​ស្ដាប់ ស្វែង​យល់ និង​បង្ហាញ​សេចក្ដី​អាណិត​មេត្តា។

ចម្រៀង​លេខ​៨៧ ចូរ​មក​ទទួល​កម្លាំង​ចិត្ត​ឡើង​វិញ!

^ វគ្គ 5 ដោយ​សារ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ យើង​ច្រើន​តែ​ឆាប់​វិនិច្ឆ័យ​មនុស្ស​និង​បំណង​ចិត្ត​របស់​ពួក​គេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​«​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ​»។ (​១សាំ. ១៦:៧​) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​លោក​បាន​ជួយ​យ៉ូណាស អេលីយ៉ា ហាកា និង​ឡុត។ អត្ថបទ​នេះ​ក៏​នឹង​ជួយ​យើង​ឲ្យ​យក​តម្រាប់​ព្រះ​យេហូវ៉ា ក្នុង​ការ​ប្រព្រឹត្ត​របស់​យើង​ចំពោះ​បង​ប្អូន​រួម​ជំនឿ។

^ វគ្គ 52 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​វ័យ​ចាស់​ម្នាក់​ទើស​ចិត្ត​នឹង​បង​ប្រុស​វ័យ​ក្មេង​ដែល​មក​កិច្ច​ប្រជុំ​យឺត ប៉ុន្តែ​ក្រោយ​មក គាត់​ដឹង​ថា​បង​ប្រុស​នោះ​មក​យឺត​ដោយ​សារ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: ទោះ​ជា​នៅ​ដើម​ដំបូង​អ្នក​ត្រួត​ពិនិត្យ​ក្រុម​ផ្សព្វ​ផ្សាយ​បាន​គិត​ថា​បង​ស្រី​ម្នាក់​មិន​រួស​រាយ​ក្ដី ក្រោយ​មក​គាត់​ដឹង​ថា​បង​ស្រី​នោះ​គ្រាន់​តែ​ជា​មនុស្ស​អៀន​ខ្មាស ហើយ​មាន​អារម្មណ៍​មិន​ស្រួល​ពេល​នៅ​ក្នុង​ចំណោម​មនុស្ស​ដែល​គាត់​មិន​សូវ​ស្គាល់។

^ វគ្គ 56 ការ​ពណ៌នា​អំពី​រូប​ភាព: ពេល​បង​ស្រី​ម្នាក់​ចំណាយ​ពេល​ដើម្បី​ស្គាល់​បង​ស្រី​ម្នាក់​ទៀត គាត់​ឃើញ​ថា​បង​ស្រី​នោះ​មិន​មែន​ជា​មនុស្ស​សោះ​អង្គើយ​និង​មិន​ខ្វល់​ពី​អ្នក​ឯ​ទៀត ដូច​ដែល​គាត់​ធ្លាប់​គិត​ពេល​ដែល​ពួក​គេ​បាន​ជួប​គ្នា​ជា​លើក​ដំបូង​នៅ​សាល​ប្រជុំ​ឡើយ។