លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ១៥

តើអ្នកមានទស្សនៈយ៉ាងណាចំពោះវាលស្រូវ?

តើអ្នកមានទស្សនៈយ៉ាងណាចំពោះវាលស្រូវ?

​«​ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»។—យ៉ូន. ៤:៣៥

ចម្រៀង​លេខ​៦៤ ការ​ចូល​រួម​ប្រមូល​ផល​ដោយ​អំណរ

សេចក្ដី​សង្ខេប *

១​-​២. តើ​លោក​យេស៊ូ​ចង់​មាន​ន័យ​យ៉ាង​ណា​ពេល​លោក​មាន​ប្រសាសន៍​នៅ​យ៉ូហាន ៤:៣៥, ៣៦?

លោក​យេស៊ូ​បាន​ធ្វើ​ដំណើរ​កាត់​វាល​ស្រូវ ដែល​ទំនង​ជា​ទើប​តែ​ចេញ​ពន្លក។ (​យ៉ូន. ៤:៣​-​៦​) លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ងើយ​ភ្នែក​មើល​វាល​ស្រូវ ឃើញ​ថា​ស្រូវ​នោះ​ទុំ​ល្មម​ច្រូត​ហើយ​»។ ​(​សូម​អាន យ៉ូហាន ៤:៣៥, ៣៦)​ ស្ដាប់​ទៅ​ចម្លែក​ពេល​លោក​មាន​ប្រសាសន៍​នេះ ពី​ព្រោះ​ប្រហែល​ជា​នៅ​សល់​បួន​ខែ​ទៀត ទើប​ស្រូវ​នោះ​អាច​ច្រូត​កាត់​បាន។ ដូច្នេះ តើ​លោក​ចង់​មាន​ន័យ​យ៉ាង​ណា?

តាម​មើល​ទៅ លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ប្រមូល​មនុស្ស​មិន​មែន​ស្រូវ​ទេ។ សូម​គិត​អំពី​អ្វី​ដែល​ទើប​តែ​បាន​កើត​ឡើង​មុន​លោក​មាន​ប្រសាសន៍​នេះ។ ទោះ​ជា​តាម​ធម្មតា ជន​ជាតិ​យូដា​មិន​ទាក់​ទង​ជា​មួយ​នឹង​ជន​ជាតិ​សាម៉ារីក្ដី លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​ដល់​ស្ត្រី​ម្នាក់​ដែល​ជា​ជន​ជាតិ​សាម៉ារី ហើយ​គាត់​បាន​ស្ដាប់​លោក! តាម​ពិត​ទៅ កាល​ដែល​លោក​កំពុង​មាន​ប្រសាសន៍​អំពី​វាល​ស្រូវ​ដែល​«​ល្មម​ច្រូត​ហើយ​»​ នោះ​ជន​ជាតិ​សាម៉ារី​មួយ​ក្រុម​ដែល​បាន​ឮ​អំពី​លោក​យេស៊ូ​តាម​រយៈ​ស្ត្រី​នោះ កំពុង​មក​ជួប​លោក​ដើម្បី​រៀន​ថែម​ទៀត។ (​យ៉ូន. ៤:៩, ៣៩​-​៤២​) សៀវភៅ​មួយ​ដែល​ពន្យល់​អំពី​គម្ពីរ រៀប​រាប់​អំពី​កំណត់​ហេតុ​នេះ​ថា​៖ ​«​ចិត្ត​ខ្នះ​ខ្នែង​របស់​មនុស្ស​មួយ​ក្រុម​នោះ . . . បង្ហាញ​ថា​ពួក​គេ​គឺ​ប្រៀប​ដូច​ជា​ស្រូវ​ដែល​ទុំ​ល្មម​ច្រូត​»។

តើ​យើង​គួរ​ធ្វើ​អ្វី​បើ​យើង​មាន​អារម្មណ៍​ថា​វាល​ស្រូវ​របស់​យើង​«​ទុំ​ល្មម​ច្រូត​ហើយ​»​? (​សូម​មើល​វគ្គ​៣​)

៣. បើ​អ្នក​មាន​ទស្សនៈ​ដូច​លោក​យេស៊ូ​ចំពោះ​មនុស្ស តើ​អ្វី​នឹង​កើត​ឡើង?

ពេល​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត តើ​អ្នក​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ពួក​គេ? តើ​អ្នក​ចាត់​ទុក​ថា​ពួក​គេ​ប្រៀប​ដូច​ជា​ស្រូវ​ដែល​ទុំ​ល្មម​ច្រូត​ឬ​ទេ? បើ​អ្នក​មាន​ទស្សនៈ​នេះ អ្វី​បី​យ៉ាង​នឹង​កើត​ឡើង។ ទី១ អ្នក​នឹង​ផ្សព្វ​ផ្សាយ​កាន់​តែ​បន្ទាន់។ ហេតុ​អ្វី​យើង​និយាយ​ដូច្នេះ? រដូវ​ច្រូត​កាត់​គឺ​មាន​កំណត់ ហេតុ​នេះ​គ្មាន​ពេល​បង្អែ​បង្អង់​ឡើយ។ ទី២ អ្នក​នឹង​សប្បាយ​ចិត្ត​កាល​ដែល​អ្នក​ឃើញ​មនុស្ស​ឯ​ទៀត​ស្ដាប់​ដំណឹង​ល្អ។ គម្ពីរ​ចែង​ថា​៖ ​«​[​បណ្ដា​ជន​]​មាន​សេចក្ដី​អំណរ . . . ក្នុង​រដូវ​ចំ​រូត​»។ (​អេ. ៩:៣​) ទី៣ អ្នក​នឹង​មាន​ទស្សនៈ​ថា​បុគ្គល​ម្នាក់​ៗ​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ យ៉ាង​នេះ​អ្នក​នឹង​កែ​ប្រែ​ពាក្យ​ផ្សាយ​របស់​អ្នក​ទៅ​តាម​ចំណាប់​អារម្មណ៍​របស់​ពួក​គេ។

៤. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​រៀន​អ្វី​ពី​សាវ័ក​ប៉ូល?

អ្នក​កាន់​តាម​ខ្លះ​របស់​លោក​យេស៊ូ​ប្រហែល​ជា​បាន​គិត​ថា​ជន​ជាតិ​សាម៉ារីនឹង​មិន​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​ឡើយ ក៏​ប៉ុន្តែ​លោក​យេស៊ូ​មិន​បាន​គិត​ដូច្នេះ​ទេ។ លោក​បាន​យល់​ថា​ពួក​គេ​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​បាន។ យើង​ក៏​ត្រូវ​មាន​ទស្សនៈ​ថា​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​យើង​អាច​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត​ដែរ។ សាវ័ក​ប៉ូល​បាន​ទុក​គំរូ​ដ៏​ប្រសើរ​សម្រាប់​យើង។ តើ​យើង​អាច​រៀន​អ្វី​ពី​គាត់? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​គាត់ (​១​)​ ស្គាល់​ខ្លះ​ៗ​អំពី​ជំនឿ​របស់​ពួក​អ្នក​ដែល​គាត់​បាន​ផ្សព្វ​ផ្សាយ (​២​)​ ស្គាល់​ចំណាប់​អារម្មណ៍​របស់​ពួក​គេ និង​(​៣​)​ មាន​ទស្សនៈ​ថា​ពួក​គេ​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។

តើ​ពួក​គេ​ជឿ​អ្វី​ខ្លះ?

៥. ហេតុ​អ្វី​ប៉ូល​អាច​យល់​អំពី​ទស្សនៈ​របស់​អ្នក​ស្ដាប់​គាត់​នៅ​សាលា​ប្រជុំ?

ប៉ូល​ច្រើន​តែ​ផ្សព្វ​ផ្សាយ​នៅ​សាលា​ប្រជុំ​របស់​ជន​ជាតិ​យូដា។ ជា​ឧទាហរណ៍ នៅ​សាលា​ប្រជុំ​នា​ក្រុង​ថែស្សាឡូនិច គាត់​«​បាន​យក​បទ​គម្ពីរ​មក​ជជែក​វែក​ញែក​ជា​មួយ​នឹង​[​ជន​ជាតិ​យូដា​]​អស់​បី​ថ្ងៃ​ឈប់​សម្រាក​»។ (​សកម្ម. ១៧:១, ២​) ប៉ូល​ទំនង​ជា​មាន​អារម្មណ៍​ស្រួល​នៅ​សាលា​ប្រជុំ។ គាត់​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ក្នុង​សាសនា​យូដា។ (​សកម្ម. ២៦:៤, ៥​) ប៉ូល​យល់​អំពី​ទស្សនៈ​របស់​ជន​ជាតិ​យូដា ដូច្នេះ​គាត់​អាច​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​ដោយ​មាន​ទំនុក​ចិត្ត។—ភី. ៣:៤, ៥

៦. តើ​មនុស្ស​នៅ​ឯ​ផ្សារ​នា​ក្រុង​អាថែន​ខុស​គ្នា​យ៉ាង​ណា​ពី​ពួក​អ្នក​ដែល​ប៉ូល​បាន​ផ្សព្វ​ផ្សាយ​នៅ​សាលា​ប្រជុំ?

ក្រោយ​ពី​អ្នក​ប្រឆាំង​បាន​បង្ខំ​ប៉ូល​ឲ្យ​រត់​ភៀស​ខ្លួន​ទៅ​ក្រុង​ថែស្សាឡូនិច ហើយ​បន្ទាប់​មក​ក្រុង​បេរៀ គាត់​មក​ដល់​ក្រុង​អាថែន។ ម្ដង​នេះ​ទៀត ​«​គាត់​ចាប់​ផ្ដើម​ជជែក​វែក​ញែក​ជា​មួយ​នឹង​ជន​ជាតិ​យូដា​នៅ​សាលា​ប្រជុំ ជា​មួយ​នឹង​មនុស្ស​ឯ​ទៀត​ដែល​គោរព​ប្រណិប័តន៍​ព្រះ​»។ (​សកម្ម. ១៧:១៧​) ប៉ុន្តែ​ពេល​ប៉ូល​ផ្សព្វ​ផ្សាយ​នៅ​ឯ​ផ្សារ គាត់​បាន​ជួប​មនុស្ស​ប្រភេទ​ផ្សេង។ ក្នុង​ចំណោម​មនុស្ស​ដែល​ស្ដាប់​គាត់​នៅ​ទី​នោះ​មាន​ទស្សនវិទូ​និង​ជន​ជាតិ​ដទៃ​ឯ​ទៀត​ដែល​ចាត់​ទុក​ដំណឹង​របស់​ប៉ូល​ជា​«​សេចក្ដី​បង្រៀន​ថ្មី​»។ ពួក​គេ​បាន​និយាយ​ទៅ​កាន់​គាត់​ថា​៖ ​«​អ្នក​កំពុង​និយាយ​អំពី​រឿង​ចម្លែក​ណាស់​»។—សកម្ម. ១៧:១៨​-​២០

៧. យោង​ទៅ​តាម​សកម្មភាព ១៧:២២, ២៣ តើ​ប៉ូល​បាន​ផ្លាស់​ប្ដូរ​ពាក្យ​ផ្សាយ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

សូម​អាន សកម្មភាព ១៧:២២, ២៣របៀប​ដែល​ប៉ូល​បាន​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​ដទៃ​នៅ​ក្រុង​អាថែន​គឺ​ខុស​ពី​របៀប​ដែល​គាត់​ផ្សព្វ​ផ្សាយ​ដល់​ជន​ជាតិ​យូដា​នៅ​សាលា​ប្រជុំ។ ប៉ូល​ទំនង​ជា​បាន​សួរ​ខ្លួន​ថា ‹តើ​អ្នក​ក្រុង​អាថែន​នេះ​ជឿ​អ្វី?›។ គាត់​បាន​សង្កេត​មើល​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​គាត់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​កត់​សម្គាល់​អំពី​ទំនៀម​ទម្លាប់​សាសនា​របស់​បណ្ដា​ជន។ រួច​មក ប៉ូល​បាន​ស្វែង​រក​ចំណុច​យល់​ស្រប​អំពី​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​និង​សេចក្ដី​ពិត​ពី​បទ​គម្ពីរ។ អ្នក​អត្ថាធិប្បាយ​ខាង​គម្ពីរ​ម្នាក់​និយាយ​ថា​៖ ​«​ក្នុង​នាម​ជា​គ្រិស្ត​សាសនិកជន​ជាតិ​យូដា គាត់​ទទួល​ស្គាល់​ថា​បុគ្គល​ដែល​និយាយ​ភាសា​ក្រិច​មិន​គោរព​ប្រណិប័តន៍​ព្រះ​ពិត​របស់​សាសនា​យូដា​និង​គ្រិស្ត​សាសនិក​ទេ ប៉ុន្តែ​គាត់​ព្យាយាម​បង្ហាញ​ថា​ព្រះ​ដែល​គាត់​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ក្រុង​អាថែន មិន​មែន​ជា​ព្រះ​អាថ៌​កំបាំង​ឡើយ​»។ ដូច្នេះ ប៉ូល​សុខ​ចិត្ត​ផ្លាស់​ប្ដូរ​ពាក្យ​ផ្សាយ​របស់​គាត់។ គាត់​បាន​ប្រាប់​អ្នក​ក្រុង​អាថែន​ថា​ដំណឹង​ដែល​គាត់​ផ្សាយ​គឺ​មក​ពី​«​ព្រះ​ដែល​គេ​ពុំ​ស្គាល់​»​ ហើយ​ដែល​ពួក​គេ​កំពុង​ខំ​គោរព​ប្រណិប័តន៍។ ទោះ​ជា​ជន​ជាតិ​ដទៃ​មិន​ស្គាល់​បទ​គម្ពីរ​ក្ដី ប៉ូល​មិន​បាន​គិត​ថា​ពួក​គេ​នឹង​មិន​អាច​ទៅ​ជា​គ្រិស្ត​សាសនិក​ឡើយ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ចាត់​ទុក​ពួក​គេ​ដូច​ជា​ស្រូវ​ដែល​ទុំ​ល្មម​ច្រូត ហើយ​គាត់​បាន​កែ​ប្រែ​ពាក្យ​ផ្សាយ​របស់​គាត់​អំពី​ដំណឹង​ល្អ។

ចូរ​ធ្វើ​តាម​គំរូ​របស់​សាវ័ក​ប៉ូល ដោយ​ចេះ​សង្កេត​មើល ប្រែប្រួលពាក្យ​ផ្សាយ​របស់​អ្នក និង​មាន​ទស្សនៈ​ថា​មនុស្ស​ឯ​ទៀត​អាចទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ (​សូម​មើល​វគ្គ​៨, ១២, ១៨​) *

៨. (​ក​) តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​ជំនឿ​របស់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក? (​ខ​) បើ​មាន​អ្នក​ណា​ម្នាក់​និយាយ​ថា​គាត់​មាន​សាសនា​ផ្ទាល់​ខ្លួន​រួច​ហើយ តើ​អ្នក​អាច​ឆ្លើយ​តប​យ៉ាង​ណា?

ដូច​ប៉ូល ចូរ​ចេះ​សង្កេត​មើល។ សូម​ស្វែង​រក​អ្វី​ដែល​អាច​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​ជំនឿ​របស់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក។ ជា​ឧទាហរណ៍ តើ​ម្ចាស់​ផ្ទះ​តុបតែង​ផ្ទះ ឬ​យាន​ជំនិះ​របស់​គាត់​យ៉ាង​ដូច​ម្ដេច? តើ​ឈ្មោះ សម្លៀក​បំពាក់ ការ​សម្អិត​សម្អាង​ខ្លួន ឬ​សូម្បីតែ​របៀប​និយាយ​ស្ដី​របស់​គាត់​បង្ហាញ​អំពី​សាសនា​របស់​គាត់​ឬ​ទេ? ឬ​មួយ​ក៏​គាត់​ប្រហែល​ជា​ប្រាប់​អ្នក​ចំ​ៗ​ថា​គាត់​មាន​សាសនា​ផ្ទាល់​ខ្លួន​ហើយ។ ពេល​ម្ចាស់​ផ្ទះ​និយាយ​ដូច្នេះ​ទៅ​អ្នក​ត្រួស​ត្រាយ​ពិសេស​ម្នាក់​ឈ្មោះ​ហ្វូធូរ៉ា គាត់​តប​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​មក​ទី​នេះ​មិន​មែន​ដើម្បី​បង្ខំ​បង​ឲ្យ​មាន​ជំនឿ​ដូច​ខ្ញុំ​ទេ តែ​ដើម្បី​និយាយ​ជា​មួយ​បង​អំពី​ប្រធានបទ​នេះ . . . ​»។

៩. តើ​អ្នក​អាច​រក​ចំណុច​យល់​ស្រប​គ្នា​អ្វី​ខ្លះ​ដើម្បី​និយាយ​ជា​មួយ​នឹង​មនុស្ស​ដែល​កាន់​សាសនា?

តើ​អ្នក​អាច​ពិចារណា​ប្រធានបទ​អ្វី​ខ្លះ​ជា​មួយ​នឹង​មនុស្ស​ដែល​កាន់​សាសនា? សូម​ព្យាយាម​រក​ចំណុច​យល់​ស្រប។ ជា​ឧទាហរណ៍ គាត់​ប្រហែល​ជា​គោរព​ប្រណិប័តន៍​ព្រះ​តែ​មួយ ឬ​គាត់​ប្រហែល​ជា​ទទួល​ស្គាល់​ថា​លោក​យេស៊ូ​ជា​អ្នក​សង្គ្រោះ​មនុស្សជាតិ ឬ​ក៏​គាត់​ប្រហែល​ជា​ជឿ​ថា​យើង​កំពុង​រស់​នៅ​គ្រា​ដ៏​ទុច្ចរិត​ដែល​មិន​យូរ​ទៀត​នឹង​មក​ដល់​ទី​បញ្ចប់។ សូម​ប្រើ​ចំណុច​ដែល​អ្នក​និង​គាត់​យល់​ស្រប​គ្នា​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​គាត់​ចំពោះ​ដំណឹង​ក្នុង​គម្ពីរ។

១០. តើ​យើង​គួរ​ព្យាយាម​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១០ សូម​ចាំ​ថា​មនុស្ស​ឯ​ទៀត​ប្រហែល​ជា​មិន​ជឿ​អ្វី​ទាំង​អស់​ដែល​សាសនា​របស់​ពួក​គេ​បង្រៀន​នោះ​ទេ។ ដូច្នេះ​ទោះ​ជា​ក្រោយ​ពី​អ្នក​ស្គាល់​ថា​គាត់​កាន់​សាសនា​អ្វី​ក្ដី សូម​ព្យាយាម​ស្វែង​យល់​អំពី​អ្វី​ដែល​គាត់​ផ្ទាល់​ជឿ។ បង​ប្រុស​ដាវីឌ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​នៅ​ប្រទេស​អូស្ត្រាលី និយាយ​ថា​៖ ​«​សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​លាយ​ឡំ​ទស្សនវិជ្ជា​ជា​មួយ​នឹង​ជំនឿ​សាសនា​របស់​ពួក​គេ​»។ បង​ស្រី​ដូណាល់តា​នៅ​ប្រទេស​អាល់បានី និយាយ​ថា​៖ ​«​មនុស្ស​ខ្លះ​ដែល​យើង​ជួប និយាយ​ថា​ពួក​គេ​មាន​សាសនា​របស់​ខ្លួន​ហើយ តែ​ក្រោយ​មក​ពួក​គេ​សារភាព​ថា​ពួក​គេ​មិន​ជឿ​ថា​មាន​ព្រះ​ទេ​»។ មួយ​វិញ​ទៀត បង​ប្រុស​ម្នាក់​ដែល​ជា​សាសនទូត​នៅ​ប្រទេស​អាហ្សង់ទីន ឃើញ​ថា​មនុស្ស​ខ្លះ​និយាយ​ថា​ពួក​គេ​ជឿ​លើ​ព្រះ​បី​រួម​គ្នា​ជា​ព្រះ​តែ​មួយ ប៉ុន្តែ​តាម​ពិត​ទៅ ពួក​គេ​ប្រហែល​ជា​មិន​ជឿ​ថា​បិតា បុត្រា និង​សកម្មពល​បរិសុទ្ធ​ជា​ព្រះ​តែ​មួយ​ឡើយ។ គាត់​និយាយ​ថា​៖ ​«​ពេល​ដឹង​ដូច្នេះ ខ្ញុំ​ស្រួល​ស្វែង​រក​ចំណុច​យល់​ស្រប​រវាង​ខ្ញុំ​និង​បុគ្គល​នោះ​»។ ដូច្នេះ សូម​ព្យាយាម​ស្វែង​យល់​អំពី​អ្វី​ដែល​មនុស្ស​ពិត​ជា​ជឿ។ យ៉ាង​នេះ ដូច​ប៉ូល អ្នក​អាច​«​ធ្វើ​ដូច​មនុស្ស​គ្រប់​ប្រភេទ​»។—១កូ. ៩:១៩​-​២៣

តើ​ពួក​គេ​ចាប់​អារម្មណ៍​អ្វី?

១១. ដូច​បាន​ចែង​នៅ​សកម្មភាព ១៤:១៤​-​១៧ តើ​ប៉ូល​បាន​ធ្វើ​អ្វី​ដើម្បី​ទាក់​ទាញ​ចិត្ត​មនុស្ស​នៅ​ក្រុង​លីស្ដ្រា​ឲ្យ​ស្ដាប់​ដំណឹង​ដែល​គាត់​ផ្សព្វ​ផ្សាយ?

១១ សូម​អាន សកម្មភាព ១៤:១៤​-​១៧ប៉ូល​បាន​ស្វែង​យល់​អំពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ដែល​ស្ដាប់​គាត់ ក្រោយ​មក​គាត់​បាន​ប្រែ​ប្រួល​ពាក្យ​ផ្សាយ​របស់​គាត់។ ជា​ឧទាហរណ៍ គាត់​បាន​និយាយ​ជា​មួយ​មនុស្ស​មួយ​ក្រុម​នៅ​ក្រុង​លីស្ដ្រា។ ពួក​គេ​មិន​សូវ​ស្គាល់​បទ​គម្ពីរ​ឬ​មិន​ស្គាល់​សោះ។ ដូច្នេះ ប៉ូល​បាន​វែក​ញែក​តាម​របៀប​ដែល​ពួក​គេ​អាច​យល់។ គាត់​បាន​និយាយ​អំពី​រដូវ​សម្បូរ​ភោគ​ផល​និង​ការ​មាន​ជីវិត​សប្បាយ។ គាត់​បាន​ប្រើ​ពាក្យ​និង​ឧទាហរណ៍​ដែល​អ្នក​ស្ដាប់​អាច​ងាយ​យល់។

១២. តើ​តាម​របៀប​ណា​អ្នក​អាច​ស្វែង​យល់​អំពី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ម្នាក់ ហើយ​កែ​ប្រែ​ពាក្យ​ផ្សាយ​របស់​អ្នក?

១២ សូម​ប្រើ​ការ​យល់​ធ្លុះ​ជ្រៅ​ដើម្បីដឹង​អំពី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក ហើយ​កែ​ប្រែ​ពាក្យ​ផ្សាយ​របស់​អ្នក។ តើ​អ្នក​អាច​ស្វែង​យល់​យ៉ាង​ដូច​ម្ដេច​អំពី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ម្នាក់​កាល​ដែល​អ្នក​ទៅ​ជួប​គាត់ ឬ​ទៅ​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​គាត់? ម្ដង​ទៀត សូម​ចេះ​សង្កេត​មើល។ ប្រហែល​ជា​គាត់​កំពុង​ថែ​សួន អាន​សៀវភៅ ជួស​ជុល​យាន​ជំនិះ ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត។ បើ​សមរម្យ ប្រហែល​ជា​អ្នក​អាច​ចាប់​ផ្ដើម​ការ​សន្ទនា​ដោយ​និយាយ​អំពី​អ្វី​ដែល​គាត់​កំពុង​ធ្វើ។ (​យ៉ូន. ៤:៧​) សូម្បី​តែ​សម្លៀក​បំពាក់ ក៏​អាច​ប្រាប់​អំពី​ជន​ជាតិ ការ​ងារ ឬ​ក្រុម​កីឡា​ដែល​បុគ្គល​ម្នាក់​ៗ​ចូល​ចិត្ត។ បង​ប្រុស​ហ្គូស្តាវ៉ូ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ចាប់​ផ្ដើម​ការ​សន្ទនា​ជា​មួយ​នឹង​យុវជន​អាយុ​១៩​ឆ្នាំ​ម្នាក់ ដែល​ពាក់​អាវ​យឺត​រូប​តារា​ចម្រៀង​ល្បី​ម្នាក់។ ខ្ញុំ​បាន​សួរ​គាត់​អំពី​អាវ​របស់​គាត់ ហើយ​យុវជន​នោះ​បាន​ប្រាប់​ខ្ញុំ​អំពី​មូលហេតុ​ដែល​គាត់​ចូល​ចិត្ត​តារា​ចម្រៀង​នោះ។ ការ​សន្ទនា​នោះ​បាន​នាំ​ទៅ​ដល់​ការ​បង្រៀន​គម្ពីរ ហើយ​ឥឡូវ​គាត់​គឺ​ជា​បង​ប្អូន​រួម​ជំនឿ​ម្នាក់​របស់​យើង​ដែរ​»។

១៣. តើ​អ្នក​អាច​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់​តាម​របៀប​ដែល​ទាក់​ទាញ​ចិត្ត​យ៉ាង​ដូច​ម្ដេច?

១៣ ពេល​អ្នក​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់ សូម​បង្ហាញ​គាត់​អំពី​របៀប​ដែល​ការ​រៀន​គម្ពីរ​នឹង​ជួយ​គាត់។ ការ​ធ្វើ​ដូច្នេះ​អាច​ទាក់​ទាញ​ចិត្ត​គាត់​ឲ្យ​ចង់​រៀន។ (​យ៉ូន. ៤:១៣​-​១៥​) ជា​ឧទាហរណ៍ ស្ត្រី​ម្នាក់​ដែល​ចាប់​អារម្មណ៍​បាន​អញ្ជើញ​បង​ស្រី​ផុពីឲ្យ​ចូល​ក្នុង​ផ្ទះ​របស់​គាត់។ ពេល​បង​ផុពី​បាន​ឃើញ​វិញ្ញាបនបត្រ​នៅ​លើ​ជញ្ជាំង​ដែល​បញ្ជាក់​ថា​ស្ត្រី​នោះ​ជា​សាស្ត្រាចារ្យ​ផ្នែក​អប់រំ គាត់​បាន​លើក​ឡើង​ថា​យើង​ក៏​អប់រំ​មនុស្ស តាម​រយៈ​កម្ម​វិធី​បង្រៀន​គម្ពីរ​និង​កិច្ច​ប្រជុំ​របស់​យើង​ដែរ។ ស្ត្រី​នោះ​បាន​យល់​ព្រម​រៀន​គម្ពីរ បាន​ទៅ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ក៏​ចូល​រួម​សន្និបាត​ប្រចាំ​មណ្ឌល​មិន​យូរ​ក្រោយ​ពី​នោះ។ មួយ​ឆ្នាំ​ក្រោយ​មក គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​មនុស្ស​ដែល​ខ្ញុំ​ត្រឡប់​ទៅ​ជួប​ចាប់​អារម្មណ៍​អំពី​អ្វី? តើ​ខ្ញុំ​អាច​និយាយ​អំពី​កម្ម​វិធី​បង្រៀន​គម្ពីរ​របស់​យើង​តាម​របៀប​ដែល​អាច​ទាក់​ទាញ​ចិត្ត​ពួក​គេ​ឬ​ទេ?›។

១៤. តើ​អ្នក​អាច​ចេះ​បត់​បែន​របៀប​ដែល​អ្នក​បង្រៀន​ទៅ​តាម​សិស្ស​ម្នាក់​ៗ​យ៉ាង​ដូច​ម្ដេច?

១៤ ក្រោយ​ពី​អ្នក​ចាប់​ផ្ដើម​បង្រៀន​គម្ពីរ សូម​រៀប​ចំ​ការ​បង្រៀន​គម្ពីរ​នីមួយ​ៗ ហើយ​គិត​អំពី​ប្រវត្តិ​និង​ចំណាប់​អារម្មណ៍​របស់​សិស្ស​ម្នាក់​ៗ។ កាល​ដែល​អ្នក​រៀប​ចំ សូម​ជ្រើស​រើស​បទ​គម្ពីរ វីដេអូ និង​ឧទាហរណ៍​ដែល​អ្នក​ចង់​ប្រើ​ដើម្បី​ពន្យល់​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​អ្វី​នឹង​ទាក់​ទាញ​ចិត្ត ហើយ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​សិស្ស​ជាង​គេ?›។ (​សុភ. ១៦:២៣​) នៅ​ប្រទេស​អាល់បានី ស្ត្រី​ម្នាក់​ដែល​រៀន​គម្ពីរ​ជា​មួយ​នឹង​អ្នក​ត្រួស​ត្រាយ​ម្នាក់​ឈ្មោះ​ផ្លូរ៉ា បាន​និយាយ​យ៉ាង​ដាច់អហង្ការ​ថា​៖ ​«​ខ្ញុំ​មិន​អាច​ជឿ​សេចក្ដី​បង្រៀន​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​ទេ​»។ បង​ស្រី​ផ្លូរ៉ា​មិន​បាន​ព្យាយាម​បង្ខំ​ស្ត្រី​នោះ​ឲ្យ​ជឿ​ឡើយ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​គិត​ថា ដំបូង​គាត់​ត្រូវ​ស្គាល់​ព្រះ​ដែល​សន្យា​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ ចាប់​ពី​ពេល​នោះ​មក រាល់​ពេល​បង្រៀន​គម្ពីរ បង​ផ្លូរ៉ា​បាន​លើក​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា និង​ឫទ្ធានុភាព​របស់​ព្រះ​យេហូវ៉ា។ ក្រោយ​មក សិស្ស​គម្ពីរ​របស់​គាត់​មាន​ជំនឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ឥឡូវ គាត់​គឺ​ជា​សាក្សីព្រះ​យេហូវ៉ា​ដ៏​ខ្នះ​ខ្នែង​ម្នាក់។

ចូរ​មាន​ទស្សនៈ​ថា​ពួក​គេ​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

១៥. យោង​ទៅ​តាម​សកម្មភាព ១៧:១៦​-​១៨ តើ​អ្វី​ខ្លះ​នៅ​ស្រុក​ក្រិច​សម័យ​បុរាណ​ធ្វើ​ឲ្យ​ប៉ូល​ទើស​ចិត្ត ប៉ុន្តែ​ហេតុ​អ្វី​ប៉ូល​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ក្រុង​អាថែន?

១៥ សូម​អាន សកម្មភាព ១៧:១៦​-​១៨ទោះ​ជា​អ្នក​ក្រុង​អាថែន​គោរព​បូជា​រូប​ព្រះ ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​ជឿ​លើ​ទស្សនៈ​វិជ្ជា​ក្ដី ប៉ូល​មិន​បាន​គិត​ថា​ពួក​គេ​មិន​អាច​ទៅ​ជា​គ្រិស្ត​សាសនិក​ទេ។ ម្យ៉ាង​ទៀត ថ្វី​ដ្បិ​តតែ​ពួក​គេ​និយាយ​មើល​ងាយ​គាត់​ក៏​ដោយ គាត់​មិន​បាន​ឈប់​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ​ឡើយ។ ប៉ូល​ផ្ទាល់​បាន​ទៅ​ជា​គ្រិស្ត​សាសនិក ទោះ​ជា​គាត់​ធ្លាប់​ជា​«​អ្នក​ប្រមាថ​ព្រះ ជា​អ្នក​បៀត​បៀន​រាស្ត្រ​របស់​លោក និង​ជា​មនុស្ស​ព្រហើន​»​ក៏​ដោយ។ (​១ធី. ១:១៣​) ដូច​លោក​យេស៊ូ​ជឿ​ថា​ប៉ូល​អាច​ទៅ​ជា​អ្នក​កាន់​តាម​ម្នាក់​របស់​លោក នោះ​ប៉ូល​ជឿ​ថា​អ្នក​ក្រុង​អាថែន​ក៏​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែរ ហើយ​នោះ​មិន​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​ឡើយ។—សកម្ម. ៩:១៣​-​១៥; ១៧:៣៤

១៦​-​១៧. តើ​អ្វី​បង្ហាញ​ថា​មនុស្ស​គ្រប់​ប្រភេទ​អាច​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត? សូម​ឲ្យ​ឧទាហរណ៍។

១៦ នៅ​សតវត្សរ៍​ទី១ មនុស្ស​គ្រប់​ប្រភេទ​បាន​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ពេល​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិក​ដែល​នៅ​ក្រុង​កូរិនថូស​នា​ស្រុក​ក្រិច គាត់​បាន​និយាយ​ថា​អ្នក​ខ្លះ​ក្នុង​ក្រុម​ជំនុំ​នោះ​ធ្លាប់​ជា​ឧក្រិដ្ឋជន ឬ​មាន​របៀប​រស់​នៅ​ប្រាស​ចាក​សីលធម៌។ រួច​មក​គាត់​បាន​បន្ថែម​ថា​៖ ​«​អ្នក​រាល់​គ្នា​ខ្លះ​ធ្លាប់​ជា​មនុស្ស​បែប​នោះ។ តែ​អ្នក​រាល់​គ្នា​បាន​ត្រូវ​លាង​សម្អាត​»។ (​១កូ. ៦:៩​-​១១​) បើ​អ្នក​រស់​នៅ​សម័យ​នោះ តើ​អ្នក​នឹង​មាន​ទស្សនៈ​ថា​មនុស្ស​ទាំង​នោះ​អាច​កែ​ខ្លួន​បាន ហើយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ឬ​ទេ?

១៧ សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​សុខ​ចិត្ត​ធ្វើ​ការ​កែ​ប្រែ​ដែល​ចាំ​បាច់​ដើម្បី​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ ជា​ឧទាហរណ៍ នៅ​ប្រទេស​អូស្ត្រាលី បង​ស្រី​ម្នាក់​ឈ្មោះ​យូគី​ណា​បាន​ឃើញ​ថា​មនុស្ស​គ្រប់​ប្រភេទ​អាច​ស្ដាប់​ដំណឹង​ពី​គម្ពីរ។ ពេល​មួយ​នៅ​ការិយាល័យ​អចលនទ្រព្យ គាត់​បាន​កត់​សម្គាល់​ឃើញ​ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​មាន​សាក់​ជា​ច្រើន និង​ស្លៀក​ពាក់​រយីក​រយាក។ បង​យូគី​ណា​និយាយ​ថា​៖ ​«​ដំបូង ខ្ញុំ​ស្ទាក់​ស្ទើរ តែ​ក្រោយ​មក​ខ្ញុំ​ចាប់​ផ្ដើម​និយាយ​ជា​មួយ​នឹង​គាត់។ ខ្ញុំ​បាន​ឃើញ​ថា​ស្ត្រី​នោះ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​ចំពោះ​បទ​គម្ពីរ​រហូត​ដល់​គាត់​សាក់​ទំនុក​តម្កើង​ខ្លះ​លើ​រូប​កាយ​របស់​គាត់!​»។ ស្ត្រី​នោះ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ ហើយ​ចូល​រួម​កិច្ច​ប្រជុំ។ *

១៨. ហេតុ​អ្វី​យើង​មិន​គួរ​វិនិច្ឆ័យ​មនុស្ស​ឯ​ទៀត?

១៨ តើ​លោក​យេស៊ូ​បាន​គិត​ថា​វាល​ស្រូវ​ទុំ​ល្មម​ច្រូត ដោយ​សារ​លោក​បាន​រំពឹង​ថា​មនុស្ស​ភាគ​ច្រើន​នឹង​តាម​លោក​ឬ? មិន​មែន​ទេ។ គម្ពីរ​បាន​ប្រាប់​ទុក​ជា​មុន​ថា​មនុស្ស​មួយ​ចំនួន​តូច​នឹង​មាន​ជំនឿ​លើ​លោក។ (​យ៉ូន. ១២:៣៧, ៣៨​) ម្យ៉ាង​ទៀត លោក​យេស៊ូ​មាន​សមត្ថភាព​ដឹង​អំពី​ចិត្ត​មនុស្ស។ (​ម៉ាថ. ៩:៤​) ទោះ​ជា​លោក​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​មនុស្ស​មួយ​ចំនួន​តូច​ក្ដី លោក​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​ដល់​មនុស្ស​ទាំង​អស់។ ចុះ​ទម្រាំ​តែ​យើង​ដែល​មិន​អាច​ដឹង​អំពី​ចិត្ត​មនុស្ស យើង​ច្បាស់​ជា​មិន​គួរ​វិនិច្ឆ័យ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​ណា​មួយ​ឬ​បុគ្គល​ណា​ម្នាក់​ឡើយ! ផ្ទុយ​ទៅ​វិញ សូម​មាន​ទស្សនៈ​ថា​មនុស្ស​ឯ​ទៀត​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។ បង​ប្រុស​ម៉ាក​ដែល​ជា​សាសនទូត​នៅ​ប្រទេស​បួគីណា​ហ្វាសូ បាន​និយាយ​ថា​៖ ​«​មនុស្ស​ដែល​ខ្ញុំ​គិត​ថា​នឹង​រីក​ចម្រើន​ច្រើន​តែ​ឈប់​រៀន​គម្ពីរ។ តែ​មនុស្ស​ដែល​ខ្ញុំ​គិត​ថា​នឹង​មិន​រីក​ចម្រើន​បែរ​ជា​រីក​ចម្រើន​ទៅ​វិញ។ ដូច្នេះ​ខ្ញុំ​បាន​រៀន​ថា​គឺ​ល្អ​ជាង​ទុក​ឲ្យ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​ណែនាំ​យើង​»។

១៩. តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​មនុស្ស​ក្នុង​តំបន់​ផ្សាយ?

១៩ ដំបូង ប្រហែល​ជា​មើល​ទៅ​មិន​សូវ​មាន​មនុស្ស​ច្រើន​ក្នុង​តំបន់​ផ្សាយ​ដែល​ប្រៀប​ដូច​ជា​ស្រូវ​ដែល​ទុំ​ល្មម​ច្រូត​ទេ។ ប៉ុន្តែ​សូម​ចាំ​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​អ្នក​កាន់​តាម​លោក ដែល​ថា​វាល​ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។ មនុស្ស​អាច​កែ​ប្រែ ហើយ​ទៅ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​ក៏​ចាត់​ទុក​ពួក​គេ​ថា​ជា​«​ទី​គាប់​ចិត្ត​»។ (​ហាក. ២:៧​) បើ​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ យើង​នឹង​ស្វែង​យល់​អំពី​ប្រវត្តិ​និង​ចំណាប់​អារម្មណ៍​របស់​ពួក​គេ។ យ៉ាង​នេះ យើង​នឹង​មាន​ទស្សនៈ​ថា​ពួក​គេ​អាច​ទៅ​ជា​បង​ប្អូន​រួម​ជំនឿ​របស់​យើង​នៅ​ថ្ងៃ​ណា​មួយ។

ចម្រៀង​លេខ​៥៧ ចូរ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រភេទ

^ វគ្គ 5 តើ​ទស្សនៈ​របស់​យើង​ចំពោះ​មនុស្ស​ក្នុង​តំបន់​ផ្សាយ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​របៀប​ដែល​យើង​ផ្សព្វ​ផ្សាយ​និង​បង្រៀន? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ទស្សនៈ​របស់​លោក​យេស៊ូ​និង​សាវ័ក​ប៉ូល​ចំពោះ​អ្នក​ស្ដាប់ ព្រម​ទាំង​អំពី​របៀប​ដែល​យើង​អាច​យក​តម្រាប់​ពួក​គាត់​ដោយ​គិត​អំពី​ជំនឿ និង​ចំណាប់​អារម្មណ៍​របស់​ពួក​អ្នក​ដែល​យើង​ជួប ហើយ​យល់​ថា​មនុស្ស​ទាំង​នេះ​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។

^ វគ្គ 17 អត្ថបទ​ត​ភាគ​«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​រៀប​រាប់​ថែម​ទៀត​អំពី​បទ​ពិសោធន៍​របស់​មនុស្ស​ដែល​បាន​កែ​ប្រែ​ជីវិត។ មក​ដល់​ត្រឹម​ឆ្នាំ២០១៧ អត្ថបទ​ទាំង​នោះ​មាន​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ហើយ​ឥឡូវ​នៅ​តែ​បន្ត​ចេញ​ផ្សាយ​តាម​គេហទំព័រ jw.org®។ សូម​ចុច​«​អំពី​យើង​»​▸​«​បទ​ពិសោធន៍​»។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: កាល​ដែល​ប្ដី​ប្រពន្ធមួយ​គូផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ពួក​គេ​សង្កេត​ឃើញ (​១​) ផ្ទះ​មាន​របៀប​រៀប​រយ​និង​តុបតែង​ដោយ​ផ្កា (​២​)​ ផ្ទះ​របស់​ក្រុម​គ្រួសារដែលមាន​កូន​តូច (​៣​)​ ផ្ទះ​ដែល​មិន​មាន​របៀប​រៀប​រយ​ទាំងក្នុង​ទាំង​ក្រៅ ហើយ​(​៤​)​ ផ្ទះ​របស់​អ្នក​ដែល​កាន់​សាសនា។ ក្នុង​ចំណោម​ផ្ទះ​ទាំង​នេះ តើ​អ្នក​នឹង​រក​មនុស្ស​ដែល​អាច​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​នៅ​ឯ​ណា?