លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ពួក​គាត់​បាន​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត

ពួក​គាត់​បាន​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត

​«​រាស្ដ្រ​ខ្ញុំ​អើយ ចូរ​ចេញ​ពី​ក្រុង​នោះ​មក​»។—ការ​បើក​បង្ហាញ ១៨:៤

ចម្រៀង​លេខ: ១០, ៤៥

១​. តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​រាស្ដ្រ​របស់​ព្រះ​នឹង​ត្រូវ​រំដោះ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា ហើយ​តើ​យើង​នឹង​ឆ្លើយ​សំណួរ​អ្វី​ខ្លះ?

នៅ​អត្ថបទ​មុន យើង​បាន​រៀន​ថា​គ្រិស្ដ​សាសនិក​ស្មោះ​ត្រង់​បាន​ធ្វើ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ ដំណឹង​ល្អ​គឺ​ថា​ពួក​គាត់​នឹង​មិន​នៅ​ជា​ឈ្លើយ​រហូត​ទេ។ យើង​ដឹង​ដូច្នេះ​ដោយ​សារ​ក្នុង​គម្ពីរ ព្រះ​បង្គាប់​ឲ្យ​រាស្ដ្រ​របស់​លោក​«​ចេញ​ពី​»​សាសនា​មិន​ពិត​ទាំង​ឡាយ​ទូ​ទាំង​ពិភព​លោក។ (​សូម​អាន ការ​បើក​បង្ហាញ ១៨:៤) នេះ​បង្ហាញ​ថា​គ្រិស្ដ​សាសនិក​នឹង​ត្រូវ​រំដោះ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ ដូច្នេះ យើង​ចង់​ដឹង​យ៉ាង​ខ្លាំង​ថា​ពេល​ណា​ដែល​ពួក​គាត់​បាន​ត្រូវ​រំដោះ! ប៉ុន្ដែ​មុន​ដំបូង យើង​ត្រូវ​ឆ្លើយ​សំណួរ​ដូច​ត​ទៅ​នេះ​៖ សូម្បី​តែ​មុន​ឆ្នាំ​១៩១៤ តើ​និស្សិត​គម្ពីរ​បាន​តាំង​ចិត្ដ​ធ្វើ​អ្វី​ស្ដី​អំពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា? ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ តើ​បង​ប្អូន​របស់​យើង​មាន​ចិត្ដ​ខ្នះ​ខ្នែង​យ៉ាង​ណា​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ? តើ​រាស្ដ្រ​របស់​ព្រះ​បាន​ធ្វើ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ក្នុង​អំឡុង​ពេល​នោះ​ដោយ​សារ​ពួក​គាត់​ត្រូវ​ការ​ការ​កែ​តម្រង់​ឬ?

«​ការ​រលំ​នៃ​បាប៊ីឡូន​»

២​. តើ​និស្សិត​គម្ពីរ​នៅ​សម័យ​មុន​បាន​សម្រេច​ចិត្ដ​ធ្វើ​អ្វី​សូម្បី​តែ​មុន​សង្គ្រាម​លោក​លើក​ទី១?

ច្រើន​ឆ្នាំ​មុន​សង្គ្រាម​លោក​លើក​ទី១ (​ឆ្នាំ​១៩១៤​ដល់​ឆ្នាំ​១៩១៨​) បង​ប្រុស​ឆាល ថេស រ៉ាសិល​និង​និស្សិត​គម្ពីរ​ឯ​ទៀត​បាន​ទទួល​ស្គាល់​ថា​ពិភព​គ្រិស្ដ​សាសនា​មិន​បង្រៀនសេចក្ដី​ពិត​ពី​គម្ពីរ​ទេ។ ដូច្នេះ ពួក​គាត់​មិន​ចង់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​សាសនា​មិន​ពិត​ឡើយ។ សូម្បី​តែ​នៅ​ឆ្នាំ​១៨៧៩ ទស្សនាវដ្ដី​ប៉ម​យាម​នៃ​ភ្នំ​ស៊ីយ៉ូន​បាន​រៀប​រាប់​ថា​គ្រិស្ដ​សាសនា​ទាំង​អស់​ដែល​អះអាង​ថា​ខ្លួន​ជា​កូន​ក្រមុំ​ដែល​មាន​ភក្ដី​ភាព​ចំពោះ​គ្រិស្ដ តែ​តាម​ពិត​គាំ​ទ្រ​រដ្ឋាភិបាល​មនុស្ស គឺ​ជា​ផ្នែក​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ដែល​គម្ពីរ​ហៅ​ថា​ស្ដ្រី​ពេស្យា។—សូម​អាន ការ​បើក​បង្ហាញ ១៧:១, ២

៣​. តើ​និស្សិត​គម្ពីរ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​ពួក​គាត់​លែង​ធ្វើ​ជា​សមាជិក​នៃ​សាសនា​មិន​ពិត​ទៀត? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

បុរស​ស្ដ្រី​ដ៏​ស្មោះ​ត្រង់​បាន​ដឹង​ថា​បើ​ពួក​គាត់​បន្ដ​គាំ​ទ្រ​សាសនា​មិន​ពិត ព្រះ​នឹង​មិន​ឲ្យ​ពរ​ពួក​គាត់​ឡើយ។ ដូច្នេះ ពួក​គាត់​ជា​ច្រើន​នាក់​បាន​ផ្ញើ​សំបុត្រ​ទៅ​វិហារ​របស់​ពួក​គាត់​ដោយ​សរសេរ​ថា​ពួក​គាត់​មិន​ចង់​ធ្វើ​ជា​សមាជិក​វិហារ​ទៀត​ទេ។ ពួក​គាត់​ខ្លះ​ថែម​ទាំង​អាន​សំបុត្រ​របស់​ពួក​គាត់​ឮ​ៗ​ឲ្យ​សមាជិក​ទាំង​អស់​នៅ​វិហារ​ស្តាប់។ បើ​ពួក​គាត់​មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដូច្នេះ នោះ​ពួក​គាត់​បាន​ផ្ញើ​សំបុត្រ​ទៅ​សមាជិក​នីមួយ​ៗ​នៃ​វិហារ។ និស្សិត​គម្ពីរ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួក​គាត់​មិន​ចង់​ពាក់​ព័ន្ធ​ជា​មួយ​នឹង​សាសនា​មិន​ពិត​ឡើយ! ច្រើន​ឆ្នាំ​មុន​នោះ ពួក​គាត់​អាច​ត្រូវ​គេ​សម្លាប់​បើ​ពួក​គាត់​ធ្វើ​ដូច្នេះ។ ប៉ុន្ដែ​ចាប់​ពី​ឆ្នាំ​១៨៧០ រដ្ឋាភិបាល​នៅ​ប្រទេស​ជា​ច្រើន​មិន​សូវ​គាំ​ទ្រ​វិហារ​ផ្សេង​ៗ​ដូច​ដែល​ពួក​គេ​ធ្លាប់​ធ្វើ​ទេ។ ដូច្នេះ​ពេល​នោះ​មនុស្ស​អាច​និយាយ​អំពី​គម្ពីរ​ដោយ​សេរី ហើយ​ថែម​ទាំង​អាច​មិន​យល់​ស្រប​នឹង​អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា។

៤​. ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ តើ​និស្សិត​គម្ពីរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា? សូម​ពន្យល់។

និស្សិត​គម្ពីរ​បាន​យល់​ថា​គឺ​មិន​គ្រប់​គ្រាន់​ទេ​បើ​ពួក​គាត់​គ្រាន់​តែ​ប្រាប់​ក្រុម​គ្រួសារ មិត្ដ​ជិត​ស្និទ្ធ និង​សមាជិក​វិហារ​ថា​ពួក​គាត់​លែង​គាំ​ទ្រ​សាសនា​មិន​ពិត។ ពួក​គាត់​ចង់​ឲ្យ​ពិភព​លោក​ទាំង​មូល​ដឹង​ថា​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​គឺ​ជា​ស្ដ្រី​ពេស្យា! ដូច្នេះ រវាង​ខែ​ធ្នូ ឆ្នាំ​១៩១៧​និង​ដើម​ឆ្នាំ​១៩១៨ និស្សិត​គម្ពីរ​ប៉ុន្មាន​ពាន់​នាក់​បាន​ខ្នះ​ខ្នែង​ចែក​ចាយ​ខិត្ដប័ណ្ណ​ដែល​មាន​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​ការ​រលំ​នៃ​បាប៊ីឡូន​»​ អស់​ចំនួន​១០​លាន​ច្បាប់។ ខិត្ដប័ណ្ណ​នោះ​បាន​បក​អាក្រាត​សេចក្ដី​បង្រៀន​របស់​ពិភព​គ្រិស្ដ​សាសនា។ អ្នក​អាច​ស្រមៃ​ឃើញ​ថា អ្នក​ដឹក​នាំ​វិហារ​ច្បាស់​ជា​ខឹង​ខ្លាំង​ណាស់! ប៉ុន្ដែ​និស្សិត​គម្ពីរ​មិន​បាន​ឈប់​ទេ។ ពួក​គាត់​បាន​តាំង​ចិត្ដ​បន្ដ​ផ្សព្វ​ផ្សាយ​និង​ស្តាប់​បង្គាប់​«​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។ (​សកម្មភាព ៥:២៩​) តើ​នេះ​បង្ហាញ​អ្វី? នេះ​បង្ហាញ​ថា​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ បុរស​ស្ដ្រី​ដែល​ជា​គ្រិស្ដ​សាសនិក​ទាំង​នេះ​មិន​បាន​ធ្វើ​ជា​ឈ្លើយ​ទេ ផ្ទុយ​ទៅ​វិញ​ពួក​គាត់​កំពុង​ញែក​ខ្លួន​ចេញ​ពី​សាសនា​មិន​ពិត ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។

ចិត្ដ​ខ្នះ​ខ្នែង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១

៥​. ហេតុ​អ្វី​យើង​និយាយ​ថា​បង​ប្អូន​មាន​ចិត្ដ​ខ្នះ​ខ្នែង​យ៉ាង​ខ្លាំង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១?

កាល​ពី​មុន យើង​ធ្លាប់​និយាយ​ថា​រាស្ដ្រ​របស់​ព្រះ​មិន​បាន​ទទួល​ការ​ពេញ​ចិត្ដ​ពី​លោក​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១​ទេ ដោយ​សារ​ពួក​គាត់​មិន​បាន​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ដ​ខ្នះ​ខ្នែង។ ដោយ​ហេតុ​នេះ យើង​បាន​ជឿ​ថា​ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​ចាប់​ពួក​គាត់​ធ្វើ​ជា​ឈ្លើយ​អស់​មួយ​រយៈ​ពេល​ខ្លី។ ប៉ុន្ដែ បង​ប្អូន​ស្មោះ​ត្រង់​ដែល​បាន​បម្រើ​ព្រះ​រវាង​ឆ្នាំ​១៩១៤​និង​ឆ្នាំ​១៩១៨ បានពន្យល់​ក្រោយ​មក​ថា​ពួក​គាត់​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បន្ដ​ផ្សព្វ​ផ្សាយ។ ការ​យល់​ដឹង​ច្បាស់​ជាង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​និស្សិត​គម្ពីរ​ក្នុង​អំឡុង​ពេល​នោះ​ជួយ​យើង​ឲ្យ​យល់​អំពី​ព្រឹត្ដិការណ៍​មួយ​ចំនួន​ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ។

បង​ប្អូន​ស្មោះ​ត្រង់​ដែល​បាន​បម្រើ​ព្រះ រវាង​ឆ្នាំ​១៩១៤​និង​ឆ្នាំ​១៩១៨ បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បន្ដ​ផ្សព្វ​ផ្សាយ

៦, ៧​. (​ក​) តើ​និស្សិត​គម្ពីរ​មាន​ការ​ពិបាក​អ្វី​ខ្លះ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១? (​ខ​) តើ​អ្វី​បង្ហាញ​ថា​និស្សិត​គម្ពីរ​មាន​ចិត្ដ​ខ្នះ​ខ្នែង?

តាម​ពិត ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ និស្សិត​គម្ពីរ​បាន​ជាប់​រវល់​យ៉ាង​ខ្លាំង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ប៉ុន្ដែ ពួក​គាត់​ក៏​មាន​ការ​ពិបាក​ខ្លះ​ៗ​ដែរ។ សូម​យើង​ពិចារណា​ការ​ពិបាក​ពីរ​ក្នុង​ចំណោម​ការ​ពិបាក​ទាំង​នោះ។ ការ​ពិបាក​ទី១ និស្សិត​គម្ពីរ​មិន​បាន​រៀន​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​តែ​គម្ពីរ​ទេ។ ពួក​គាត់​ធ្លាប់​ចែក​ចាយ​សៀវភៅ​ផ្សេង​ៗ​របស់​យើង ហើយ​ទុក​ឲ្យ​ម្ចាស់​ផ្ទះ​អាន​ដើម្បី​យល់​សេចក្ដី​ពិត។ ដូច្នេះ ពេល​សៀវភៅ​ការ​បញ្ចប់​សេចក្ដី​អាថ៌​កំបាំង (​The F​in​ished Mystery​) បាន​ត្រូវ​រដ្ឋាភិបាល​ដាក់​បម្រាម​នៅ​ដើម​ឆ្នាំ​១៩១៨ នេះ​ធ្វើ​ឲ្យ​បង​ប្អូន​ជា​ច្រើន​ពិបាក​ផ្សព្វ​ផ្សាយ។ ការ​ពិបាក​ទី២ រោគ​ផ្ដាសាយ​ធ្ងន់​អេស្ប៉ាញ​បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ឆ្នាំ​ដដែល​នោះ។ ជំងឺ​ដ៏​សាហាវ​នេះ​ងាយ​ឆ្លង​រាល​ដាល​ណាស់ ហើយ​ធ្វើ​ឲ្យ​បង​ប្អូន​ពិបាក​ធ្វើ​ដំណើរ​និង​ផ្សព្វ​ផ្សាយ។ ទោះ​ជា​មាន​ការ​ពិបាក​ទាំង​នោះ​ក៏​ដោយ និស្សិត​គម្ពីរ​បាន​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បន្ដ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។

និស្សិត​គម្ពីរ​ទាំង​នេះ​មាន​ចិត្ដ​ខ្នះ​ខ្នែង​ណាស់! (​សូម​មើល​វគ្គ​៦, ៧​)

នៅ​ឆ្នាំ​១៩១៤ និស្សិត​គម្ពីរ​ដែល​ជា​ក្រុម​តូច​បាន​បញ្ចាំង​«​ល្ខោន​រូប​ភាព​នៃ​ការ​បង្កើត​»។ ​«​ល្ខោន​រូប​ភាព​»​នោះ​បាន​បញ្ចូល​ភាពយន្ដ​ដែល​មាន​សំឡេង​និង​បន្ទះ​កញ្ចក់​តូច​ៗ​ដែល​មាន​រូប​ភាព​ពណ៌​ជា​មួយ​នឹង​សំឡេង នេះ​គឺ​ជា​អ្វី​ដែល​ថ្មី​នៅ​ពេល​នោះ។ ​«​ល្ខោន​រូប​ភាព​»​នោះ​បញ្ចាំង​អំពី​រឿង​មនុស្សជាតិ​ពី​ការ​បង្កើត​អាដាម​រហូត​ដល់​ទី​បញ្ចប់​នៃ​ការ​គ្រប់​គ្រង​របស់​គ្រិស្ដ។ ឆ្នាំ​១៩១៤​គឺ​ជា​ឆ្នាំ​ដំបូង​ដែល​ល្ខោន​រូប​ភាព​នោះ​បាន​ត្រូវ​បញ្ចាំង ហើយ​នៅ​ឆ្នាំ​នោះ​មនុស្ស​ជាង​៩​លាន​នាក់​បាន​ទស្សនា។ សូម​គិត ចំនួន​នេះ​គឺ​ច្រើន​ជាង​ចំនួន​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ទូ​ទាំង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ! សេចក្ដី​រាយ​ការណ៍​ឯ​ទៀត​បង្ហាញ​ថា​នៅ​ឆ្នាំ១៩១៦ មនុស្ស​ជាង​៨០៩.០០០​នាក់​បាន​ចូល​រួម​កិច្ច​ប្រជុំ​ជា​សាធារណៈ​នៅ​សហរដ្ឋ​អាម៉េរិក ហើយ​នៅ​ឆ្នាំ​១៩១៨ ចំនួន​នោះ​បាន​កើន​ឡើង​ដល់​ជិត​៩៥០.០០០​នាក់។ និស្សិត​គម្ពីរ​ទាំង​នោះ​មាន​ចិត្ដ​ខ្នះ​ខ្នែង​ណាស់!

បង​ប្រុស​ៗ​ដែល​នាំ​មុខ​បាន​ខំ​ព្យាយាម​ដើម្បី​ផ្ដល់​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​និង​ការ​លើក​ទឹក​ចិត្ដ​ដល់​និស្សិត​គម្ពីរ​ទាំង​អស់

៨​. តើ​បង​ប្រុស​ៗ​ដែល​នាំ​មុខ​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ពង្រឹង​កម្លាំង​ចិត្ដ​និស្សិត​គម្ពីរ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១?

ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ បង​ប្រុស​ៗ​ដែល​នាំ​មុខ​បាន​ខំ​ព្យាយាម​ដើម្បី​ផ្ដល់​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ​និង​ការ​លើក​ទឹក​ចិត្ដ​ដល់​និស្សិត​គម្ពីរ​ទាំង​អស់។ ការ​គាំ​ទ្រ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​នេះ​បាន​ពង្រឹង​កម្លាំង​ចិត្ដ​និស្សិត​គម្ពីរ​ឲ្យ​បន្ដ​ផ្សព្វ​ផ្សាយ។ បង​ប្រុស​រីឆឺដ បាបឺ​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង​ក្នុង​អំឡុង​ពេល​នោះ បាន​និយាយ​ថា​៖ ​«​យើង​បាន​ជួយ​គាំ​ទ្រ​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​ខ្លះ​ឲ្យ​បន្ដ​ភារកិច្ច​របស់​ពួក​គាត់ ហើយ​បន្ដ​បោះ​ពុម្ព​ទស្សនាវដ្ដី​ប៉ម​យាម ព្រម​ទាំង​បញ្ជូន​ទស្សនាវដ្ដី​នោះ​ទៅ​ប្រទេស​កាណាដា​ដែល​បាន​ដាក់​បម្រាម​លើ​ទស្សនាវដ្ដី​របស់​យើង​»។ គាត់​បាន​បន្ដ​ទៀត​ថា​៖ ​«​ខ្ញុំ​មាន​ឯកសិទ្ធិ​ផ្ញើ​សៀវភៅ​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ឲ្យ​តូច​ដែល​មាន​ចំណង​ជើង​ថា​ការ​បញ្ចប់​សេចក្ដី​អាថ៌​កំបាំង​ដល់​មិត្ដ​ភក្ដិ​មួយ​ចំនួន​ដោយ​សារ​សៀវភៅ​របស់​ពួក​គាត់​បាន​ត្រូវ​គេ​រឹប​អូស​យក។ បង​រ៉ូធើហ្វឺត​បាន​ស្នើ​សុំ​យើង​ឲ្យ​រៀប​ចំ​មហា​សន្និបាត​នៅ​ក្រុង​មួយ​ចំនួន​នា​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាម៉េរិក ហើយ​បាន​ឲ្យ​យើង​ចាត់​អ្នក​ថ្លែង​សុន្ទរកថា​ឲ្យ​ទៅ​ផ្ដល់​ការ​លើក​ទឹក​ចិត្ដ​ឲ្យ​បាន​ច្រើន​បំផុត​ដល់​បង​ប្អូន​រួម​ជំនឿ​»។

ត្រូវ​ការ​ការ​កែ​តម្រង់

៩​. (​ក​) រវាង​ឆ្នាំ​១៩១៤​និង​ឆ្នាំ​១៩១៩ ហេតុ​អ្វី​រាស្ដ្រ​របស់​ព្រះ​ត្រូវ​ការ​ការ​កែ​តម្រង់? (​ខ​) ទោះ​ជា​ពួក​គាត់​ត្រូវ​ការ​ការ​កែ​តម្រង់​ក្ដី តើ​ការ​សន្និដ្ឋាន​បែប​ណា​គឺ​ជា​ការ​ខុស?

និស្សិត​គម្ពីរ​នៅ​តែ​ត្រូវ​កែ​តម្រូវ​ការ​យល់​ដឹង​របស់​ពួក​គាត់។ ពួក​គាត់​មិន​យល់​ទាំង​ស្រុង​អំពី​អត្ថន័យ​នៃ​ពាក្យ​របស់​ព្រះ​យេហូវ៉ា​ដែល​ឲ្យ​ស្តាប់​បង្គាប់​រដ្ឋាភិបាល​ទេ។ (​រ៉ូម ១៣:១​) នេះ​ជា​មូលហេតុ​ដែល​ពួក​គាត់​ជា​ក្រុម​មិន​តែង​តែ​កាន់​ជំហរ​អព្យាក្រឹត​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១។ ជា​ឧទាហរណ៍ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​១៩១៨ ពេល​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​បាន​សុំ​ប្រជាជន​ឲ្យ​អធិដ្ឋាន​ដើម្បី​សន្ដិ​ភាព ទស្សនាវដ្ដី​ប៉ម​យាម​បាន​លើក​ទឹក​ចិត្ដ​និស្សិត​គម្ពីរ​ឲ្យ​អធិដ្ឋាន​ដែរ។ បង​ប្អូន​ខ្លះ​បាន​ផ្ដល់​លុយ​កាក់​ដើម្បី​គាំ​ទ្រ​សង្គ្រាម ហើយ​ពួក​គាត់​ប៉ុន្មាន​នាក់​ថែម​ទាំង​បាន​ធ្វើ​ជា​ទាហាន​និង​បាន​ចូល​ទៅ​ប្រយុទ្ធ។ ទោះ​ជា​ពួក​គាត់​ត្រូវ​ការ​ការ​កែ​តម្រង់​ក្ដី គឺ​ជា​ការ​ខុស​បើ​យើង​សន្និដ្ឋាន​ថា​នេះ​ជា​មូលហេតុ​ដែល​ពួក​គាត់​បាន​ត្រូវ​ចាប់​ធ្វើ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ តាម​ពិត ក្នុង​សង្គ្រាម​លោក​លើក​ទី១​ពួក​គាត់​ជិត​ញែក​ខ្លួន​ចេញ​ទាំង​ស្រុង​ពី​សាសនា​មិន​ពិត​ទាំង​ឡាយ​ទូ​ទាំង​ពិភព​លោក។—សូម​អាន លូកា ១២:៤៧, ៤៨

និស្សិត​គម្ពីរ​មិន​បាន​យល់​ទាំង​ស្រុង​អំពី​ការ​កាន់​ជំហរ​អព្យាក្រឹត​ជា​គ្រិស្ដ​សាសនិក ប៉ុន្ដែ​ពួក​គាត់​ដឹង​ថា​ការ​សម្លាប់​អ្នក​ឯ​ទៀត​គឺ​ជា​ការ​ខុស

១០​. តើ​និស្សិត​គម្ពីរ​បាន​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គាត់​គោរព​ជីវិត?

១០ ពិត​មែន​តែ​និស្សិត​គម្ពីរ​មិន​បាន​យល់​ទាំង​ស្រុង​អំពី​ការ​កាន់​ជំហរ​អព្យាក្រឹត​ជា​គ្រិស្ដ​សាសនិក ប៉ុន្ដែ​ពួក​គាត់​ដឹង​ថា​ការ​សម្លាប់​អ្នក​ឯ​ទៀត​គឺ​ជា​ការ​ខុស។ ដូច្នេះ សូម្បី​តែ​បង​ប្អូន​ប៉ុន្មាន​នាក់​ដែល​បាន​ទៅ​ជា​ទាហាន​និង​កាន់​អាវុធ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ក៏​មិន​ព្រម​ប្រើ​អាវុធ​ទាំង​នោះ​ដើម្បី​សម្លាប់​មនុស្ស​ឯ​ទៀត​ឡើយ។ បង​ប្អូន​ខ្លះ​ដែលមិន​ព្រម​សម្លាប់​អ្នក​ឯ​ទៀត​បាន​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​ជួរ​មុខ​សមរភូមិ​ដើម្បី​ឲ្យ​ពួក​គាត់​នឹង​ត្រូវ​គេ​សម្លាប់។

១១​. តើ​រដ្ឋាភិបាល​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​និស្សិត​គម្ពីរ​បដិសេធ​មិន​ព្រម​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម?

១១ មេ​កំណាច​ខឹង​ដោយ​សារ​បង​ប្អូន​បាន​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ។ ជា​លទ្ធផល វា​បាន​«​បង្កើត​ការ​ប្រទូសរ៉ាយ ដោយ​អាង​មាត្រា​ច្បាប់​»។ (​ទំនុក​តម្កើង ៩៤:២០​) ជេម ហ្វ្រេងឃ្លីន បេល​ដែល​ជា​ឧត្ដមសេនីយ៍​សហរដ្ឋ​អាម៉េរិក បាន​ប្រាប់​បង​រ៉ូធើហ្វឺត​និង​បង​វ៉េនអេមបឺក​ថា​រដ្ឋាភិបាល​បាន​ព្យាយាម​បង្កើត​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​អ្នក​ណា​ដែល​បដិសេធ​មិន​ព្រម​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម។ ជា​ពិសេស​គាត់​សំដៅ​ទៅ​លើ​និស្សិត​គម្ពីរ។ ឧត្ដមសេនីយ៍​នោះ​បាន​និយាយ​ទាំង​កំហឹង​ទៅ​បង​រ៉ូធើហ្វឺត​ថា​ច្បាប់​នោះ​មិន​បាន​ត្រូវ​បង្កើត​ឡើង​ដោយ​សារ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​មិន​បាន​អនុញ្ញាត​ឲ្យ។ ក្រោយ​មក ឧត្ដមសេនីយ៍​នោះ​បាន​និយាយ​ថា​៖ ​«​ប៉ុន្ដែ យើង​ដឹង​វិធី​ដើម្បី​ចាត់​ការ​អ្នក អ៊ីចឹង​យើង​នឹង​ធ្វើ​ជា​មិន​ខាន!​»។

១២, ១៣​. (​ក​) ហេតុ​អ្វី​បង​ប្រុស​៨​នាក់​បាន​ត្រូវ​ដាក់​ទោស​ឲ្យ​ជាប់​គុក​រយៈ​ពេល​យូរ? (​ខ​) តើ​ការ​ជាប់​គុក​ធ្វើ​ឲ្យ​បង​ប្រុស​ទាំង​នោះ​បាត់​បង់​ការ​តាំង​ចិត្ដ​ដើម្បី​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឬ​ទេ? សូម​ពន្យល់។

១២ នៅ​ទី​បំផុត រដ្ឋាភិបាល​បាន​រក​ឃើញ​វិធី​ដើម្បី​ដាក់​ទោស​និស្សិត​គម្ពីរ។ បង​រ៉ូធើហ្វឺត​និង​បង​វ៉េនអេមបឺក រួម​ទាំង​បង​ប្អូន​៦​នាក់​ទៀត​ដែល​បាន​ធ្វើ​ជា​តំណាង​នៃ​សមាគម​ប៉ម​យាម​ដែរ បាន​ត្រូវ​គេ​ចាប់​ខ្លួន។ ចៅ​ក្រម​ដែល​កាត់​ក្ដី​ក្នុង​រឿង​នេះ​បាន​និយាយ​ថា​បង​ប្រុស​ទាំង​នេះ​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជាង​ទាហាន​អាល្លឺម៉ង់​មួយ​ក្រុម​ធំ​ទៅ​ទៀត។ ចៅ​ក្រម​នោះ​បាន​និយាយ​ថា​ពួក​គាត់​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល យោធា និង​អ្នក​ដឹក​នាំ​គ្រិស្ដ​សាសនា​ទាំង​អស់​ខឹង ហើយ​ថា​ពួក​គាត់​គួរ​ទទួល​ទោស​យ៉ាង​ធ្ងន់​ធ្ងរ។ ដូច្នេះ និស្សិត​គម្ពីរ​៨​នាក់​នោះ​បាន​ត្រូវ​ដាក់​ទោស​ឲ្យ​ជាប់​គុក​រយៈ​ពេល​យូរ​នៅ​ក្រុង​អាត្លង់តា រដ្ឋ​ចចចៀ។ ប៉ុន្ដែ ពេល​សង្គ្រាម​បាន​ចប់ ពួក​គាត់​បាន​ត្រូវ​ដោះ​លែង​ពី​គុក ហើយ​រឿង​ក្ដី​របស់​ពួក​គាត់​បាន​ត្រូវ​បញ្ចប់។

១៣ ទោះ​ជា​ពេល​ពួក​គាត់​នៅ​ក្នុង​គុក​ក្ដី បុរស​ទាំង​៨​នាក់​នេះ​បាន​តាំង​ចិត្ដ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។ តើ​យើង​ដឹង​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? ពួក​គាត់​បាន​សរសេរ​សំបុត្រ​ទៅ​ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក​ដើម្បី​សុំ​ការ​ដោះ​លែង​ចេញ​ពីគុក។ ក្នុង​សំបុត្រ​នោះ ពួក​គាត់​បាន​រៀប​រាប់​ថា​គម្ពីរ​ប្រាប់​យើង​ថា​យើង​មិន​ត្រូវ​សម្លាប់​អ្នក​ឯ​ទៀត​ទេ ដូច្នេះ​អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​និង​ដែល​មិន​ស្តាប់​បង្គាប់​លោក​ដោយ​ចេតនា​នឹង​លែង​ទទួល​ការ​ពេញ​ចិត្ដ​ពី​លោក ហើយ​នឹង​ត្រូវ​បំផ្លាញ​ចោល។ ពួក​គាត់​បាន​ពន្យល់​ថា​នេះ​ជា​មូលហេតុ​ដែល​ពួក​គាត់​មិន​អាច​សម្លាប់​អ្នក​ឯ​ទៀត ហើយ​ពួក​គាត់​នឹង​មិន​ធ្វើ​ដូច្នេះ​ដែរ។ ពួក​គាត់​ពិត​ជា​មាន​ចិត្ដ​ក្លាហាន​មែន​ដែល​សរសេរ​សំបុត្រ​នេះ​ទៅ​ប្រធានាធិបតី! នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​បង​ប្រុស​ៗ​ទាំង​នោះ​នឹង​មិន​បោះ​បង់​ការ​តាំង​ចិត្ដ​របស់​ពួក​គាត់​ដើម្បី​ស្តាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឡើយ។

នៅ​ទី​បំផុត​រាស្ដ្រ​របស់​ព្រះ​មាន​សេរី​ភាព!

១៤​. សូម​រៀប​រាប់​បទ​គម្ពីរ​ដែល​ចែង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ពី​ឆ្នាំ​១៩១៤​ដល់​ឆ្នាំ​១៩១៩។

១៤ ម៉ាឡាគី ៣:១​-​៣ (​សូម​អាន​) ពន្យល់​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​និស្សិត​គម្ពីរ​រវាង​ឆ្នាំ​១៩១៤​និង​ដើម​ឆ្នាំ​១៩១៩។ ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​អម្ចាស់​»​ និង​លោក​យេស៊ូ​គ្រិស្ដ​ដែល​ជា​«​ទូត​ដែល​នាំ​សេចក្ដី​សញ្ញា​មក​»​បាន​ត្រួត​ពិនិត្យ​«​ពួក​កូន​ចៅ​លេវី​»​ដែល​ជា​តំណាង​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។ ក្រោយ​ព្រះ​យេហូវ៉ា​កែ​តម្រង់​និង​សម្អាត​ពួក​គាត់ ពួក​គាត់​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ភារកិច្ច​ថ្មី។ នៅ​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ ហើយ​ពួក​គាត់​បាន​ទទួល​ភារកិច្ច​ដឹក​នាំ​និង​ណែនាំ​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ។ (​ម៉ាថាយ ២៤:៤៥​) នៅ​ទី​បំផុត រាស្ដ្រ​របស់​ព្រះ​មាន​សេរី​ភាព​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ តាំង​ពី​ពេល​នោះ​មក ពួក​គាត់​រៀន​កាន់​តែ​ច្រើន​អំពី​គោល​បំណង​របស់​ព្រះ ហើយ​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គាត់​មាន​ចំពោះ​លោក​កាន់​តែ​ជ្រាល​ជ្រៅ។ ពួក​គាត់​មាន​ចិត្ដ​កតញ្ញូ​យ៉ាង​ខ្លាំង​ចំពោះ​ពរ​ពី​លោក  [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​)។

១៥​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ណា​ថា​យើង​មាន​ចិត្ដ​កតញ្ញូ​ដែល​យើង​បាន​ត្រូវ​រំដោះ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា?

១៥ យើង​មាន​ចិត្ដ​កតញ្ញូ​យ៉ាង​ខ្លាំង​ដែល​យើង​បាន​ត្រូវ​រំដោះ​ចេញ​ពី​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា។ សាថាន​មិន​អាច​បំផ្លាញ​ការ​គោរព​ប្រណិប័តន៍​ពិត​បាន​ឡើយ។ វា​បាន​បរាជ័យ! ប៉ុន្ដែ យើង​ត្រូវ​ចាំ​អំពី​មូលហេតុ​ដែល​ព្រះ​យេហូវ៉ា​បាន​រំដោះ​យើង។ គោល​បំណង​របស់​លោក​គឺ​ឲ្យ​មនុស្ស​ទាំង​អស់​ទទួល​សេចក្ដី​សង្គ្រោះ។ (​កូរិនថូស​ទី២ ៦:១​) ក៏​ប៉ុន្ដែ សាសនា​មិន​ពិត​នៅ​តែ​មាន​អំណាច​លើ​មនុស្ស​ដែល​មាន​ចិត្ដ​ស្មោះ​រាប់​លាន​នាក់ ហើយ​មនុស្ស​ទាំង​នោះ​ត្រូវ​ការ​ជំនួយ​ពី​យើង! សូម​យើង​ខំ​ប្រឹង​យក​តម្រាប់​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​របស់​យើង ដោយ​ជួយ​មនុស្ស​ឯ​ទៀត​ឲ្យ​មាន​សេរី​ភាព។

^ [​១​] (​វគ្គ​១៤​) មាន​ភាព​ស្រដៀង​គ្នា​ជា​ច្រើន​រវាង​ការ​ដែល​ជន​ជាតិ​យូដា​ធ្វើ​ជា​ឈ្លើយ​នៃ​បាប៊ីឡូន និង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គ្រិស្ដ​សាសនិក​ក្រោយ​ពី​ការ​ក្បត់​ជំនឿ​បាន​ចាប់​ផ្ដើម។ ប៉ុន្ដែ យើង​មិន​អាច​និយាយ​ថា​ការ​ដែល​ជន​ជាតិ​យូដា​ធ្វើ​ជា​ឈ្លើយ​ជា​តំណាង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ឡើយ។ ដូច្នេះ​យើង​មិន​គួរ​ព្យាយាម​រក​ចំណុច​ល្អិត​ល្អន់ ហើយ​ថា​នេះ​ជា​តំណាង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គ្រិស្ដ​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​ទេ។ មាន​អ្វី​ខ្លះ​ដែល​ខុស​គ្នា។ ឧទាហរណ៍​មួយ​គឺ​ថា​ជន​ជាតិ​យូដា​បាន​ធ្វើ​ជា​ឈ្លើយ​សឹក​អស់​រយៈ​ពេល​៧០​ឆ្នាំ ប៉ុន្ដែ​គ្រិស្ដ​សាសនិក​បាន​ធ្វើ​ជា​ឈ្លើយ​អស់​រយៈ​ពេល​យូរ​ជាង​នេះ។