លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ?

តើ​អ្នក​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ?

​«​ពេល​ដែល​អ្នក​រាល់​គ្នា​ទទួល​បណ្ដាំ​របស់​ព្រះ . . . អ្នក​រាល់​គ្នា . . . បាន​ទទួល​តាម​ភាព​ពិត​នៃ​បណ្ដាំ​នោះ ពោល​គឺ​ទទួល​ទុក​ជា​បណ្ដាំ​របស់​ព្រះ​»។—ថែស្សាឡូនិច​ទី១ ២:១៣

ចម្រៀង​លេខ: ៣៧, ៤៨

១​-​៣​. តើ​បញ្ហា​រវាង​អឺរ៉ូឌា​និង​ស៊ីនទីច​ប្រហែល​ជា​មក​ពី​រឿង​អ្វី? តើ​យើង​អាច​ជៀស​ពី​បញ្ហា​បែប​នេះ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

យើង​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​គម្ពីរ ដោយ​សារ​យើង​ដឹង​ថា​គម្ពីរ​គឺ​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ។ គម្ពីរ​មាន​ឱវាទ​ដែល​អាច​ជួយ​យើង​ឲ្យ​ជៀស​វាង​ពី​បញ្ហា​ផ្សេង​ៗ ហើយ​ក៏​អាច​ជួយ​កែ​តម្រង់​យើង​ពេល​យើង​ធ្វើ​ខុស​ដែរ។ ដូច្នេះ តើ​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ឱវាទ​ពី​គម្ពីរ? សូម​គិត​អំពី​ស្ដ្រី​ពីរ​នាក់​ឈ្មោះ​អឺរ៉ូឌា​និង​ស៊ីនទីច​ដែល​ជា​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​រស់​នៅ​សតវត្សរ៍​ទី១។ គម្ពីរ​ចែង​ថា​ពួក​គាត់​បាន​ឈ្លោះ​ប្រកែក​គ្នា ប៉ុន្ដែ​គម្ពីរ​មិន​បាន​ប្រាប់​អំពី​មូលហេតុ​ទេ។ សូម​យើង​ស្រមៃ​គិត​អំពី​អ្វី​ដែល​ប្រហែល​ជា​បាន​កើត​ឡើង​រវាង​ពួក​គាត់។

ប្រហែល​ជា​អឺរ៉ូឌា​បាន​អញ្ជើញ​បង​ប្អូន​ខ្លះ​ឲ្យ​មក​បរិភោគ​អាហារ​នៅ​ផ្ទះ​របស់​គាត់។ ប៉ុន្ដែ គាត់​មិន​បាន​អញ្ជើញ​ស៊ីនទីច​ទេ។ ក្រោយ​មក ពេល​ស៊ីនទីច​បាន​ឮ​អ្នក​ឯ​ទៀត​និយាយ​ថា​ពួក​គេ​សប្បាយ​ពេល​បរិភោគ​អាហារ​នៅ​ផ្ទះ​អឺរ៉ូឌា គាត់​ឈឺ​ចិត្ដ​ណាស់។ គាត់​ប្រហែល​ជា​គិត​ថា ‹ខ្ញុំ​មិន​ជឿ​សោះ​ថា​អឺរ៉ូឌា​មិន​អញ្ជើញ​ខ្ញុំ! ខ្ញុំ​គិត​ថា​យើង​ជា​មិត្ដ​ជិត​ស្និទ្ធ​នឹង​គ្នា›។ ស៊ីនទីច​មាន​អារម្មណ៍​ថា​អឺរ៉ូឌា​មិន​ចូល​ចិត្ដ​គាត់​ទេ ហើយ​ថា​អឺរ៉ូឌា​កំពុងគេច​វេះ​ពី​គាត់។ ដូច្នេះ​ស៊ីនទីច​បាន​អញ្ជើញ​បង​ប្អូន​ដដែល​ឲ្យ​មក​បរិភោគ​អាហារ​ជា​មួយ​គាត់ តែ​គាត់​មិន​អញ្ជើញ​អឺរ៉ូឌា​ទេ! ស្ថានភាព​នេះ​ក៏​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​ឈឺ​ចិត្ដ​ដែរ។ គម្ពីរ​បង្ហាញ​ថា​ប៉ូល​បាន​កែ​តម្រង់​បង​ស្រី​ពីរ​នាក់​នោះ ហើយ​បាន​លើក​ទឹក​ចិត្ដ​ពួក​គាត់​ឲ្យ​មាន​សន្ដិ​ភាព​ជា​មួយ​គ្នា។ ពួក​គាត់​ប្រហែល​ជា​បាន​ធ្វើ​តាម​ឱវាទ​របស់​ប៉ូល ហើយ​បាន​បន្ដ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​សប្បាយ​រីក​រាយ។—ភីលីព ៤:២, ៣

ក្នុង​ក្រុម​ជំនុំ​របស់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ជួន​កាល​យើង​ក៏​មាន​បញ្ហា​ជា​មួយ​នឹង​បង​ប្អូន​ណា​ម្នាក់​ដែរ។ ប៉ុន្ដែ បើ​យើង​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ យើង​អាច​ដោះ​ស្រាយ​បញ្ហា​បែប​នោះ​បាន។ តាម​ពិត យើង​ថែម​ទាំង​អាច​ជៀស​ពី​បញ្ហា​ទាំង​នោះ។ ម្យ៉ាង​ទៀត ពេល​យើង​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង យើង​បង្ហាញ​ថា​យើង​ពិត​ជា​ឲ្យ​តម្លៃ​ទៅ​លើ​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ​យេហូវ៉ា។—ទំនុក​តម្កើង ២៧:១១

គម្ពីរ​បង្រៀន​យើង​ឲ្យ​គ្រប់​គ្រង​អារម្មណ៍​របស់​យើង

៤, ៥​. តើ​បណ្ដាំ​របស់​ព្រះ​ផ្ដល់​ឱវាទ​អ្វី​ដល់​យើង​អំពី​ការ​គ្រប់​គ្រង​អារម្មណ៍?

យើង​មិន​តែង​តែ​ងាយ​ស្រួល​គ្រប់​គ្រង​អារម្មណ៍​របស់​យើង​ទេ។ យើង​ប្រហែល​ជា​ពិបាក​ចិត្ដ​ឬ​ខឹង បើ​អ្នក​ណា​ម្នាក់​និយាយ​មើល​ងាយ​យើង​ឬ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​យើង​ដោយ​សារ​វប្បធម៌ ពណ៌​សម្បុរ ឬ​អាការ​ក្រៅ​របស់​យើង។ ម្យ៉ាង​ទៀត យើង​កាន់​តែ​ពិបាក​ចិត្ដ បើ​មនុស្ស​ដែល​មើល​ងាយ​យើង​ឬ​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​យើង​គឺ​ជា​បង​ប្អូន​រួម​ជំនឿ។ តើ​មាន​ឱវាទ​អ្វី​ក្នុង​បណ្ដាំ​របស់​ព្រះ​ដែល​អាច​ជួយ​យើង?

ព្រះ​យេហូវ៉ា​ដឹង​អំពី​អ្វី​ដែល​អាច​កើត​ឡើង​ពេល​មនុស្ស​មិន​គ្រប់​គ្រង​អារម្មណ៍​របស់​ពួក​គេ។ ពេល​យើង​ឈឺ​ចិត្ដ​ឬ​ខឹង យើង​ប្រហែល​ជា​និយាយ​ឬ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​យើង​ស្តាយ​ក្រោយ។ ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​ណែនាំ​យើង​ឲ្យ​គ្រប់​គ្រង​កំហឹង​របស់​យើង ហើយ​ប្រាប់​យើង​ថា​៖ ​«​កុំ​ឲ្យ​មាន​ចិត្ដ​រហ័ស​ខឹង​ឡើយ​»។ សូម​គិត​ថា​យើង​អាច​ជៀស​វាង​បញ្ហា​ច្រើន​យ៉ាង​ណា​ពេល​ដែល​យើង​ធ្វើ​តាម​ឱវាទ​នោះ និង​មិន​ឆាប់​ឈឺ​ចិត្ដ។ (​សូម​អាន សាស្តា ៧:៩; សុភាសិត ១៦:៣២) គម្ពីរ​ក៏​ប្រាប់​យើង​ឲ្យ​អភ័យ​ទោស​អ្នក​ឯ​ទៀត​ដែរ។ តាម​ពិត លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​បើ​យើង​មិន​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត ព្រះ​យេហូវ៉ា​នឹង​មិន​អភ័យ​ទោស​ឲ្យ​យើង​ឡើយ។ (​ម៉ាថាយ ៦:១៤, ១៥​) តើ​អ្នក​ត្រូវ​មាន​ចិត្ដ​អត់​ធ្មត់​ជាង ហើយ​កាន់​តែ​ត្រូវ​ចេះ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត​ឬ​ទេ?

៦​. តើ​អ្វី​ប្រហែល​ជា​នឹង​កើត​ឡើង​បើ​យើង​មិន​គ្រប់​គ្រង​អារម្មណ៍​របស់​យើង?

បើ​យើង​មិន​គ្រប់​គ្រង​អារម្មណ៍​របស់​យើង​ទេ យើង​ប្រហែល​ជា​នៅ​តែ​ខឹង ហើយ​ថែម​ទាំង​ចាប់​ផ្ដើម​ស្អប់​បុគ្គល​ណា​ម្នាក់។ ឬ​យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​មាន​អារម្មណ៍​ដូច្នេះ​ដែរ។ ទោះ​ជា​យើង​ព្យាយាម​លាក់​កំហឹង​ឬ​ការ​ស្អប់​ដែល​យើង​មាន​ចំពោះ​បុគ្គល​នោះ​ក៏​ដោយ ក្រោយ​មក​អ្នក​ឯ​ទៀត​នឹង​ដឹង។ យ៉ាង​នេះ បង​ប្អូន​ប្រហែល​ជា​គេច​វេះ​ពី​យើង។ (​សុភាសិត ២៦:២៤​-​២៦​) អ្នក​ចាស់​ទុំ​នឹង​ប្រើ​គម្ពីរ​ដើម្បី​ព្យាយាម​ជួយ​យើង​ឲ្យ​បំបាត់​កំហឹង​និង​ការ​ស្អប់ ហើយ​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត។ (​លេវីវិន័យ ១៩:១៧, ១៨; រ៉ូម ៣:១១​-​១៨​) ពេល​ពួក​គាត់​ធ្វើ​ដូច្នេះ តើ​យើង​នឹង​ធ្វើ​តាម​ការ​ណែនាំ​ពី​គម្ពីរ​ដែល​ជា​សៀវភៅ​ដែល​មក​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ?

ព្រះ​យេហូវ៉ា​កំពុង​ដឹក​នាំ​យើង

៧, ៨​. (​ក​) តើ​ព្រះ​យេហូវ៉ា​ដឹក​នាំ​រាស្ដ្រ​របស់​លោក​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​គម្ពីរ​មាន​ការ​ណែនាំ​ណា​ខ្លះ ហើយ​ហេតុ​អ្វី​យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​ទាំង​នោះ?

សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​ដឹក​នាំ​ពួក​អ្នក​ដែល​ជា​សមាជិក​អង្គ​ការ​របស់​លោក​ផ្នែក​នៅ​ផែន​ដី ហើយ​បង្រៀន​ពួក​គេ។ តើ​តាម​របៀប​ណា? លោក​បាន​តែង​តាំង​គ្រិស្ដ​ឲ្យ​ធ្វើជា​«​ប្រមុខ​នៃ​ក្រុម​ជំនុំ​»​ ហើយ​គ្រិស្ដ​បាន​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ដើម្បី​បង្រៀន​និង​ដឹក​នាំ​រាស្ដ្រ​របស់​ព្រះ។ (​អេភេសូរ ៥:២៣; ម៉ាថាយ ២៤:៤៥​-​៤៧​) ដូច​គណៈ​អភិបាល​នៅ​សតវត្សរ៍​ទី១ ខ្ញុំ​បម្រើ​នេះ​ពិត​ជា​ឲ្យ​តម្លៃ​ទៅ​លើ​គម្ពីរ ដោយ​សារ​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ។ (​សូម​អាន ថែស្សាឡូនិច​ទី១ ២:១៣) តើ​គម្ពីរ​មាន​ការ​ណែនាំ​ណា​ខ្លះ?

គម្ពីរ​ណែនាំ​យើង​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ជា​ទៀង​ទាត់។ (​ហេប្រឺ ១០:២៤, ២៥​) គម្ពីរ​លើក​ទឹក​ចិត្ដ​យើង​ទាំង​អស់​គ្នា​ឲ្យ​ជឿ​លើ​សេចក្ដី​បង្រៀន​ដូច​គ្នា​ពី​បណ្ដាំ​របស់​ព្រះ។ (​កូរិនថូស​ទី១ ១:១០​) គម្ពីរ​ក៏​ប្រាប់​យើង​ឲ្យ​បន្ដ‹ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន›។ (​ម៉ាថាយ ៦:៣៣​) គម្ពីរ​ណែនាំ​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ជា​សាធារណៈ និង​នៅ​កន្លែង​ណា​ដែល​មាន​មនុស្ស។ (​ម៉ាថាយ ២៨:១៩, ២០; សកម្មភាព ៥:៤២; ១៧:១៧; ២០:២០​) គម្ពីរ​ណែនាំ​អ្នក​ចាស់​ទុំ​ឲ្យ​រក្សា​ភាព​ស្អាត​ស្អំ​នៃ​ក្រុម​ជំនុំ។ (​កូរិនថូស​ទី១ ៥:១​-​៥, ១៣; ធីម៉ូថេ​ទី១ ៥:១៩​-​២១​) ម្យ៉ាង​ទៀត គម្ពីរ​ប្រាប់​យើង​ថា​យើង​គួរ​រក្សា​រូប​កាយ​របស់​យើង​ឲ្យ​ស្អាត​បាត ហើយ​ជៀស​វាង​ពី​គំនិត​និង​ទម្លាប់​ដែល​ព្រះ​យេហូវ៉ា​ស្អប់។—កូរិនថូស​ទី២ ៧:១

‹តើ​ខ្ញុំ​នឹង​មាន​ភក្ដី​ភាព​ចំពោះ​លោក​យេស៊ូ ហើយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឬ​ទេ?›

៩​. តើ​លោក​យេស៊ូ​បាន​តែង​តាំង​អ្នក​ណា​ដើម្បី​ជួយ​យើង​ឲ្យ​យល់​បណ្ដាំ​របស់​ព្រះ?

អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​ត្រូវ​ការ​ឲ្យ​អ្នក​ណា​ពន្យល់​គម្ពីរ​ដល់​ពួក​គេ​ទេ។ ប៉ុន្ដែ តាំង​ពី​ឆ្នាំ​១៩១៩ លោក​យេស៊ូ​បាន​ប្រើ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ដើម្បី​ជួយ​រាស្ដ្រ​របស់​ព្រះ​ឲ្យ​យល់​សេចក្ដី​បង្រៀន​ពី​គម្ពីរ​និង​ធ្វើ​តាម​អ្វី​ដែល​គម្ពីរ​ចែង។ ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ យើង​រក្សា​សេចក្ដី​សុខ​សាន្ដ ភាព​ស្អាត​ស្អំ និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​នឹង​មាន​ភក្ដី​ភាព​ចំពោះ​លោក​យេស៊ូ ហើយ​ធ្វើ​តាម​ការ​ណែនាំ​ពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឬ​ទេ?›។

រទេះ​របស់​ព្រះ​យេហូវ៉ា កំពុង​ធ្វើ​ដំណើរ​យ៉ាង​លឿន!

១០​. តើ​សៀវភៅ​អេសេគាល​រៀប​រាប់​យ៉ាង​ណា​អំពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ផ្នែក​នៅ​ស្ថាន​សួគ៌?

១០ តាម​រយៈ​គម្ពីរ យើង​រៀន​ថា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​ក៏​មាន​របៀប​រៀប​រយ​ដែរ។ ជា​ឧទាហរណ៍ ក្នុង​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​គំនិត អេសេគាល​បាន​ឃើញ​ព្រះ​យេហូវ៉ា​កំពុង​ជិះ​រទេះ​ដែល​អាច​ដូរ​ទិស​ភ្លាម​តាម​បំណង​ចិត្ដ​របស់​លោក។ (​អេសេគាល ១:៤​-​២៨​) រទេះ​នោះ​ជា​តំណាង​អង្គ​ការ​របស់​ព្រះ​ផ្នែក​នៅ​ស្ថាន​សួគ៌ ដែល​ឆាប់​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក។ រទេះ​នោះ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​អង្គ​ការ​របស់​លោក​ផ្នែក​នៅ​ផែន​ដី។ សូម​គិត​អំពី​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​ក្នុង​អង្គ​ការ​របស់​ព្រះ​ក្នុង​អំឡុង​១០​ឆ្នាំ​កន្លង​ទៅ​នេះ។ សូម​ចាំ​ថា​ការ​ផ្លាស់​ប្ដូរ​បែប​នោះ​មក​ពី​ព្រះ​យេហូវ៉ា។ មិន​យូរ​ទៀត គ្រិស្ដ​និង​បណ្ដា​ទេវតា​នឹង​បំផ្លាញ​ពិភព​លោក​ដ៏​អាក្រក់​នេះ។ ពេល​នោះ​អ្នក​ដែល​បង្ខូច​កិត្ដិ​យស​ព្រះ​យេហូវ៉ា​និង​ដែល​បង្អាប់​នាម​របស់​លោក​ឬ​រិះ​គន់​របៀប​គ្រប់​គ្រង​របស់​លោក​នឹង​លែង​មាន​ទៀត!

យើង​ពិត​ជា​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​បង​ប្អូន​ស្ម័គ្រ​ចិត្ដ​ជា​ច្រើន​នាក់​ដែល​ខំ​ព្យាយាម​ក្នុង​កិច្ច​ការ​សាងសង់! (​សូម​មើល​វគ្គ​១១​)

១១, ១២​. តើ​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ?

១១ សូម​គិត​អំពី​អ្វី​ដែល​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ កិច្ច​ការ​សាងសង់: បង​ប្អូន​រាប់​រយ​នាក់​បាន​ខំ​ព្យាយាម​សង់​មន្ទីរ​ចាត់​ការ​ថ្មី​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​វ័រវិក រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាម៉េរិក។ អ្នក​ស្ម័គ្រ​ចិត្ដ​ឯ​ទៀត​រាប់​ពាន់​នាក់​ទូ​ទាំង​ពិភព​លោកកំពុង​សង់​សាល​ប្រជុំ​និង​ការិយាល័យ​សាខា។ អ្នក​ស្ម័គ្រ​ចិត្ដ​ទាំង​នេះ​ទទួល​ការ​ណែនាំ​ពី​ផ្នែក​រចនា​ប្លង់​និង​សាងសង់​ទូ​ទាំង​ពិភព​លោក។ យើង​ពិត​ជា​មាន​ចិត្ដ​កតញ្ញូ​ចំពោះ​បង​ប្អូន​ជា​ច្រើន​នាក់​ដែល​បាន​ខំ​ព្យាយាម​សង់​អគារ​ទាំង​នោះ! ម្យ៉ាង​ទៀត អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​គ្រប់​ទី​កន្លែង​ដាក់​វិភាគ​ទាន​តាម​សមត្ថភាព​របស់​ពួក​គេ​ដើម្បី​ជួយ​បង់​ថ្លៃ​សម្រាប់​សង់​កន្លែង​ទាំង​នោះ។ ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​រាស្ដ្រ​របស់​លោក​ចំពោះ​ចិត្ដ​រាប​ទាប​និង​ភក្ដី​ភាព​ដែល​ពួក​គេ​បង្ហាញ។—លូកា ២១:១​-​៤

១២ ការ​អប់រំ: ព្រះ​យេហូវ៉ា​ចូល​ចិត្ដ​អប់រំ​រាស្ដ្រ​របស់​លោក​ណាស់។ (​អេសាយ ២:២, ៣​) សូម​គិត​អំពី​សាលា​ផ្សេង​ៗ​ដែល​យើង​មាន​ដូច​ជា​៖ សាលា​សម្រាប់​អ្នក​ត្រួស​ត្រាយ សាលា​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ សាលា​គីលាត សាលា​បេតអែល​សម្រាប់​សមាជិក​ថ្មី សាលា​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​និង​ភរិយា សាលា​សម្រាប់​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ សាលា​កិច្ច​បម្រើ​រាជាណាចក្រ ហើយ​សាលា​សម្រាប់​សមាជិក​គណៈ​កម្មាធិការ​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​និង​ភរិយា។ ម្យ៉ាង​ទៀត​ក្នុង​គេហទំព័រ​របស់​យើង​jw.org​មាន​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​រាប់​រយ​ភាសា។ តើ​អ្នក​បាន​ប្រើ​គេហទំព័រ​jw.org​ក្នុង​កិច្ច​បម្រើ​ផ្សាយ​និង​ក្នុង​ការ​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ​ឬ​ទេ?

ចូរ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​គាំ​ទ្រ​អង្គ​ការ​របស់​លោក

១៣​. តើ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​មាន​ភារកិច្ច​អ្វី?

១៣ យើង​ពិត​ជា​មាន​កិត្ដិ​យស​ធ្វើ​ជា​សមាជិក​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា ហើយ​ស្គាល់​អ្វី​ដែល​លោក​តម្រូវ​ពី​យើង! ដោយ​សារ​យើង​ដឹង​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ដ យើង​មាន​ភារកិច្ច​ស្តាប់​បង្គាប់​លោក ហើយ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត ទោះ​ជា​មនុស្ស​ជា​ច្រើន​ចូល​ចិត្ដ​ធ្វើ​អាក្រក់​ក៏​ដោយ យើង​ត្រូវ​«​ស្អប់​ការ​អាក្រក់​»​ដូច​ព្រះ​យេហូវ៉ា​ស្អប់។ (​ទំនុក​តម្កើង ៩៧:១០​) យើង​មិន​ត្រូវ​ធ្វើ​ដូច​ពួក​អ្នក​ដែល​មាន​ទស្សនៈ​ថា​«​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ​»។ (​អេសាយ ៥:២០​) យើង​ចង់​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ ដូច្នេះ​យើង​តាំង​ចិត្ដ​រក្សា​ខ្លួន​ឲ្យ​ស្អាត​ស្អំ​ក្នុង​គ្រប់​ការ​ទាំង​អស់។ (​កូរិនថូស​ទី១ ៦:៩​-​១១​) អ្វី​ដែល​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ក្នុង​គម្ពីរ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង។ យើង​ស្រឡាញ់​លោក ហើយ​ចង់​មាន​ភក្ដី​ភាព​ចំពោះ​លោក។ នេះ​ជា​មូលហេតុ​ដែល​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​ពេល​យើង​នៅ​ផ្ទះ នៅ​ក្រុម​ជំនុំ នៅ​កន្លែង​ធ្វើ​ការ នៅ​សាលា ឬ​នៅ​កន្លែង​ណា​ក៏​ដោយ។ (​សុភាសិត ១៥:៣​) សូម​គិត​អំពី​ស្ថានភាព​ខ្លះ​ដែល​យើង​ត្រូវ​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ។

ឪ​ពុក​ម្ដាយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កូន​របស់​ពួក​គាត់​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក

១៤​. តើ​ឪ​ពុក​ម្ដាយ​អាច​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៤ របៀប​ដែល​យើង​បង្ហាត់​បង្រៀន​កូន។ ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ការ​ណែនាំ​ដល់​ឪ​ពុក​ម្ដាយ​ស្ដី​អំពី​របៀប​បង្ហាត់​បង្រៀន​កូន។ គ្រិស្ដ​សាសនិក​ត្រូវ​ប្រយ័ត្ន​មិន​ទទួល​ឥទ្ធិពល​ពី​របៀប​គិត​គូរ​ដែល​មាន​ជា​ទូ​ទៅ​ក្នុង​ពិភព​លោក​នេះ។ (​អេភេសូរ ២:២​) ជា​ឧទាហរណ៍ នៅ​ប្រទេស​ខ្លះ​ឪ​ពុក​ប្រហែល​ជា​គិត​ថា ‹នៅ​ប្រទេស​យើង ស្ដ្រី​ជា​អ្នក​បង្រៀន​កូន›។ ប៉ុន្ដែ គម្ពីរ​បង្គាប់​ឪ​ពុក​យ៉ាង​ច្បាស់​ថា​គាត់​ត្រូវ​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា។ (​អេភេសូរ ៦:៤​) ឪ​ពុក​ម្ដាយ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កូន​របស់​ពួក​គាត់​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក ដូច​ដែល​សាំយូអែល​មាន​ពេល​គាត់​នៅ​តូច។—សាំយូអែល​ទី១ ៣:១៩

១៥​. តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​ពេល​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​សំខាន់​ៗ​?

១៥ របៀប​ដែល​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ។ មុន​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​សំខាន់​ៗ​ក្នុង​ជីវិត យើង​ចង់​ស្វែង​យល់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ដើម្បី​យើង​អាច​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក។ គម្ពីរ​និង​អង្គ​ការ​របស់​លោក​អាច​ជួយ​យើង។ ជា​ឧទាហរណ៍ សព្វ​ថ្ងៃ​នេះ ឪ​ពុក​ម្ដាយ​ខ្លះ​ដែល​បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​ពួក​គេ​បាន​សម្រេច​ចិត្ដ​ផ្ញើ​កូន​ង៉ែត​របស់​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​នឹង​សាច់​ញាតិ​នៅ​ស្រុក​កំណើត។ យ៉ាង​នេះ ទាំង​ឪ​ពុក​ទាំង​ម្ដាយ​អាច​បន្ដ​ធ្វើ​ការ​រក​លុយ​បាន។ ពិត​មែន​តែ​នេះ​ជា​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន ប៉ុន្ដែ​ប្ដី​ប្រពន្ធ​គួរ​សួរ​ខ្លួន​ថា ‹តើ​ព្រះ​យេហូវ៉ា​នឹង​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​សម្រេច​ចិត្ដ​របស់​យើង?›។ (​សូម​អាន រ៉ូម ១៤:១២) មុន​យើង​ធ្វើ​ការ​សម្រេច​ចិត្ដ​សំខាន់​ៗ​ស្ដី​អំពី​ក្រុម​គ្រួសារ​និង​ការ​ងារ​របស់​យើង គឺ​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​គិត​អំពី​អ្វី​ដែល​គម្ពីរ​ចែង។ យើង​ត្រូវ​ការ​ជំនួយ​ពី​បិតា​របស់​យើង ដោយ​សារ​យើង​មិន​អាច​តម្រង់​ជំហាន​របស់​ខ្លួន​បាន​ទេ។—យេរេមា ១០:២៣

១៦​. ពេល​កូន​ប្រុស​របស់​ស្ដ្រី​ម្នាក់​បាន​កើត​មក តើ​នាង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ដ​អ្វី? តើ​អ្វី​បាន​ជួយ​នាង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ត្រឹម​ត្រូវ?

១៦ ក្រោយ​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​រើ​ទៅ​ប្រទេស​ផ្សេង ពួកគាត់​បាន​កើត​កូន​ប្រុស​ម្នាក់ ហើយ​ពួក​គាត់​មាន​គម្រោង​ផ្ញើ​កូន​ង៉ែត​នោះ​ឲ្យ​ទៅ​រស់​នៅ​ជា​មួយ​នឹង​ឪ​ពុក​ម្ដាយ​របស់​ពួក​គាត់​នៅ​ស្រុក​កំណើត។ ប៉ុន្ដែ​នៅ​ពេល​នោះ ប្រពន្ធ​នោះ​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា។ នាង​បាន​រៀន​ថា​នាង​មាន​ភារកិច្ច​បង្រៀន​កូន​ប្រុស​របស់​នាង​អំពី​ព្រះ​យេហូវ៉ា។ (​ទំនុក​តម្កើង ១២៧:៣; សុភាសិត ២២:៦​) ស្ដ្រី​វ័យ​ក្មេង​នោះ​បាន​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា ដូច​គម្ពីរ​ប្រាប់​យើង​ឲ្យ​ធ្វើ ហើយ​បាន​សុំ​អង្វរ​លោក​ឲ្យ​ជួយ​នាង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ (​ទំនុក​តម្កើង ៦២:៧, ៨​) នាង​ក៏​បាន​និយាយ​អំពី​បញ្ហា​របស់​នាង​ជា​មួយ​នឹង​បង​ស្រី​ដែល​បង្រៀន​គម្ពីរ​ដល់​នាង និង​ជា​មួយ​នឹង​បង​ប្អូន​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ។ ទោះ​ជា​សាច់​ញាតិ​និង​មិត្ដ​ភក្ដិ​របស់​នាង​ចេះ​តែ​ប្រាប់​នាង​ថា​នាង​គួរ​ផ្ញើ​កូន​ង៉ែត​ទៅ​ឪ​ពុក​ម្ដាយ​ក៏​ដោយ នាង​បាន​សម្រេច​ចិត្ដ​ថា​ការ​ធ្វើ​ដូច្នោះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ។ ប្ដី​របស់​នាង​បាន​ឃើញ​ថា​បង​ប្អូន​រួម​ជំនឿ​បាន​ជួយ​ប្រពន្ធ​និង​កូន​របស់​ពួក​គាត់​យ៉ាង​ច្រើន។ គាត់​បាន​កោត​ស្ងើច​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​គាត់​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ​និង​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់។ ស្ដ្រី​វ័យ​ក្មេង​នោះ​ដែល​ជា​ម្ដាយ​ច្បាស់​ជា​សប្បាយ​ចិត្ដ​ណាស់​ពេល​នាង​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​នាង!

១៧​. ពេល​យើង​បង្រៀន​គម្ពីរ​ដល់​អ្នក​ណា​ម្នាក់ តើ​យើង​គួរ​ធ្វើ​តាម​ការ​ណែនាំ​អ្វី?

១៧ របៀប​ដែល​យើង​ធ្វើ​តាម​ការ​ណែនាំ។ បើ​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ យើង​នឹង​ធ្វើ​តាម​ការ​ណែនាំ​ដែល​យើង​ទទួល​ពី​អង្គ​ការ​របស់​លោក។ ជា​ឧទាហរណ៍ សូម​គិត​អំពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​មិន​យូរ​ក្រោយ​ពី​យើង​ចាប់​ផ្ដើម​បង្រៀន​សៀវភៅ​តើ​គម្ពីរ​អាច​បង្រៀន​យើង​អំពី​អ្វី?ដល់​អ្នក​ណា​ម្នាក់។ យើង​បាន​ទទួល​ការ​ណែនាំ​ឲ្យ​ចំណាយ​ពេល​ប៉ុន្មាន​នាទី​ក្រោយ​ការ​សិក្សា​នីមួយ​ៗ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​កាន់​តែ​ច្រើន​អំពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ យើង​អាច​ប្រើ​វីដេអូ​តើ​មាន​កម្ម​វិធី​អ្វី​ខ្លះ​នៅ​សាល​ប្រជុំ​របស់​យើង?និង​សៀវភៅ​ស្ដើង​នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​កំពុង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា? ក្រោយ​រៀន​ចប់​សៀវភៅ​បង្រៀន​យើង យើង​អាច​ជួយ​សិស្ស​ឲ្យ​កាន់​តែ​«​មាំ​មួន​ឡើង​ក្នុង​ជំនឿ​»​ដោយ​សិក្សា​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»​ជា​មួយ​នឹង​គាត់ ទោះ​ជា​ក្នុង​អំឡុង​ពេល​នោះ​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​រួច​ហើយ​ក៏​ដោយ។ (​កូឡុស ២:៧​) តើ​អ្នក​កំពុង​ធ្វើ​តាម​ការ​ណែនាំ​នេះ​ពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?

១៨, ១៩​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​យើង​គួរ​ដឹង​គុណ​ព្រះ​យេហូវ៉ា?

១៨ មាន​មូលហេតុ​ជា​ច្រើន​ដែល​យើង​គួរ​ដឹង​គុណ​ព្រះ​យេហូវ៉ា! មូលហេតុ​មួយ​គឺ​«​ដោយ​សារ​លោក​ទើប​មាន​យើង ហើយ​គឺ​ដោយ​សារ​លោក ទើប​យើង​មាន​ជីវិត ក៏​អាច​ធ្វើ​ចលនា​ផង​»។ (​សកម្មភាព ១៧:២៧, ២៨​) លោក​ក៏​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សៀវភៅ​គម្ពីរ​ដែរ។ ដូច​គ្រិស្ដ​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច យើង​ឲ្យ​តម្លៃ​ចំពោះ​អំណោយ​នេះ ដោយ​សារ​នេះ​ជា​ដំណឹង​ដែល​មក​ពី​លោក។—ថែស្សាឡូនិច​ទី១ ២:១៣

១៩ គម្ពីរ​បាន​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា ហើយ​លោក​បាន​ចូល​មក​ជិត​យើង។ (​យ៉ាកុប ៤:៨​) យើង​មាន​ចិត្ដ​កតញ្ញូ​យ៉ាង​ខ្លាំង​ដែល​បិតា​របស់​យើង​បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ជា​សមាជិក​អង្គ​ការ​របស់​លោក។ យើង​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​បាន​សរសេរ​ថា​៖ ​«​ឱ​សូម​អរ​ព្រះ​គុណ​ដល់​ព្រះ​យេហូវ៉ា ដ្បិត​ទ្រង់​ល្អ សេចក្ដី​សប្បុរស[​ឬ​«​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​»​]របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប​»។ (​ទំនុក​តម្កើង ១៣៦:១; ព.ថ.​) អ្នក​តែង​ទំនុក​តម្កើង​បាន​សរសេរ​ពាក្យ​«​សេចក្ដី​សប្បុរស[​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​]របស់​ទ្រង់​ស្ថិតស្ថេរ​នៅ​ជា​ដរាប​»​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​គ្រប់​ខ​នៃ​ទំនុក​នោះ។ មែន​ហើយ បើ​យើង​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ធ្វើ​តាម​ការ​ណែនាំ​ដែល​លោក​ផ្ដល់​ឲ្យ​តាម​រយៈ​អង្គ​ការ​របស់​លោក លោក​នឹង​ឲ្យ​យើង​នូវ​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ហើយ​លោក​នឹង​នៅ​ស្មោះ​ត្រង់​នឹង​យើង​ជា​រៀង​រហូត!