លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរ​កុំ​ទទួល​យក​របៀប​គិត​គូរ​របស់​ពិភព​លោក

ចូរ​កុំ​ទទួល​យក​របៀប​គិត​គូរ​របស់​ពិភព​លោក

​«​ចូរ​ប្រយ័ត្ន ក្រែង​លោ​មាន​អ្នក​ណា​ចាប់​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ចំណី តាម​រយៈ​ទស្សនវិជ្ជា និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ . . . របស់​ពិភព​លោក​នេះ​»។—កូឡុស ២:៨

ចម្រៀង​លេខ: ៦០, ២៦

១​. តើ​សាវ័ក​ប៉ូល​បាន​សរសេរ​អំពី​អ្វី​ទៅ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូឡុស? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

សាវ័ក​ប៉ូល​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ដ​សាសនិក​នៅ​ក្រុង​កូឡុស ពេល​ដែល​គាត់​ជាប់​គុក​នៅ​ក្រុង​រ៉ូម​ប្រហែល​ជា​នៅ​ឆ្នាំ​៦០​ដល់​ឆ្នាំ​៦១ គ.ស.។ គាត់​បាន​ពន្យល់​ពួក​គេ​អំពី​មូលហេតុ​ដែល​ពួក​គេ​ត្រូវ​មាន‹ការ​យល់​ដឹង​ដែល​សកម្មពល​របស់​ព្រះ​ផ្ដល់​ឲ្យ› ពោល​គឺ​ការ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។ (​កូឡុស ១:៩​) ប៉ូល​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​និយាយ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ណា​បោក​បញ្ឆោត​អ្នក​រាល់​គ្នា​ដោយ​ការ​វែក​ញែក​ដែល​ស្តាប់​ទៅ​ដូច​ជា​គួរ​ឲ្យ​ជឿ។ ចូរ​ប្រយ័ត្ន ក្រែង​លោ​មាន​អ្នក​ណា​ចាប់​យក​អ្នក​រាល់​គ្នា​ធ្វើ​ជា​ចំណី តាម​រយៈ​ទស្សនវិជ្ជា​និង​ការ​បោក​បញ្ឆោត​អសារ​ឥត​ការ ដែល​មាន​មូលដ្ឋាន​លើ​ទំនៀម​ទម្លាប់​របស់​មនុស្ស និង​បឋម​សេចក្ដី​របស់​ពិភព​លោក​នេះ មិន​មែន​មាន​មូលដ្ឋាន​លើ​គ្រិស្ដ​ឡើយ​»។ (​កូឡុស ២:៤,​) បន្ទាប់​មក ប៉ូល​បាន​ពន្យល់​អំពី​មូលហេតុ​ដែល​ទស្សនៈ​ពេញ​និយម​មួយ​ចំនួន​គឺ​ខុស ហើយ​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​គាំ​ទ្រ​ទស្សនៈ​បែប​នោះ។ ជា​ឧទាហរណ៍ ពួក​គេ​ប្រហែល​ជា​គិត​ថា​ពួក​គេ​គឺ​ឆ្លាត​ជាង​ឬ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ដោយ​សារ​ពួក​គេ​គាំ​ទ្រ​ទស្សនៈ​ណា​មួយ​ដែល​គេ​ពេញ​និយម។ ដូច្នេះ ប៉ូល​បាន​សរសេរ​សំបុត្រ​នេះ​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​ឲ្យ​ជៀស​វាង​ពី​របៀប​គិត​គូរ​របស់​ពិភព​លោក ហើយ​មិន​ទទួល​យក​ការ​ប្រព្រឹត្ដ​ដែល​ខុស​ឆ្គង។—កូឡុស ២:១៦, ១៧, ២៣

២​. ហេតុ​អ្វី​យើង​នឹង​ពិចារណា​ឧទាហរណ៍​ផ្សេង​ៗ​អំពី​របៀប​គិត​គូរ​របស់​ពិភព​លោក?

មនុស្ស​ដែល​មាន​របៀប​គិត​គូរ​ដូច​ពិភព​លោក មិន​អើពើ​នឹង​គោល​ការណ៍​របស់​ព្រះយេហូវ៉ា​ទេ ហើយ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន របៀប​គិត​គូរ​របស់​ពួក​គេ​អាច​ធ្វើ​ឲ្យ​ទំនុក​ចិត្ដ​ដែល​យើង​មាន​ចំពោះ​ព្រះ​និង​ប្រាជ្ញា​របស់​លោក ចុះ​ខ្សោយ​បន្ដិច​ម្ដង​ៗ។ ទស្សនៈ​របស់​ពិភព​លោក​នេះ​អាច​មាន​ឥទ្ធិពល​លើ​យើង ពេល​យើង​មើល​ទូរទស្សន៍ ប្រើ​អ៊ីនធឺណិត ឬ​ពេល​យើង​នៅ​កន្លែង​ធ្វើ​ការ និង​នៅ​សាលា។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​កុំ​ឲ្យ​ចុះ​ចាញ់​នឹង​ឥទ្ធិពល​ដ៏​អាក្រក់​នេះ? ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ទស្សនៈ​ប្រាំ​យ៉ាង​របស់​ពិភព​លោក​នេះ ហើយ​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​មិន​ទទួល​យក​ទស្សនៈ​ទាំង​នោះ។

តើ​យើង​ចាំ​បាច់​ជឿ​ថា​មាន​ព្រះ​ឬ​ទេ?

៣​. តើ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​បែប​ណា ហើយ​ហេតុ​អ្វី?

មនុស្ស​ជា​ច្រើន​និយាយ​ថា ​«​ខ្ញុំ​អាច​ធ្វើ​ជា​មនុស្ស​ល្អ​ទោះ​ជា​ខ្ញុំ​មិន​ជឿ​ថា​មាន​ព្រះ​»។ សព្វ​ថ្ងៃ​នេះ ទស្សនៈ​បែប​នេះ​មាន​ជា​ទូ​ទៅ​នៅ​ប្រទេស​ជា​ច្រើន។ បុគ្គល​ដែល​និយាយ​ដូច្នេះ ប្រហែល​ជា​មិន​បាន​គិត​ដិត​ដល់​ថា​មាន​ព្រះ​ឬ​យ៉ាង​ណា​ទេ តែ​ពួក​គេ​ប្រហែល​ជា​សប្បាយ​នឹង​សេរី​ភាព​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ។ (​សូម​អាន ទំនុក​តម្កើង ១០:៤) អ្នក​ខ្លះ​ទៀត​គិត​ថា ការ​និយាយ​ថា ​«​ខ្ញុំ​អាច​មាន​សីលធម៌​ក្នុង​ខ្លួន​ទោះ​ជា​ខ្ញុំ​មិន​ជឿ​ថា​មាន​ព្រះ​ក្ដី​»​គឺ​ធ្វើ​ឲ្យ​ពួក​គេ​មើល​ទៅ​ដូច​ជា​មនុស្ស​ឈ្លាស​វៃ។

៤​. តើ​យើង​អាច​និយាយ​អ្វី​ដើម្បី​ជួយ​អ្នក​ដែល​ជឿ​ថា​គ្មាន​អ្នក​បង្កើត?

តើ​ការ​ជឿ​ថា​គ្មាន​អ្នក​បង្កើត​គឺ​សម​ហេតុ​ផល​ឬ​ទេ? មនុស្ស​ខ្លះ​បាន​ភាន់​ច្រឡំ​ពេល​ដែល​ពួក​គេ​ស្វែង​រក​ចម្លើយ​ពី​វិទ្យា​សាស្ដ្រ។ ប៉ុន្ដែ សេចក្ដី​ពិត​គឺ​ស្រួល​យល់។ តើ​ផ្ទះ​អាច​សង់​ឡើង​ដោយ​គ្មាន​អ្នក​សាងសង់​ឬ​ទេ? មិន​មែន​ទេ! ត្រូវ​មាន​អ្នក​សង់​វា​ឡើង។ ក៏​ប៉ុន្ដែ អ្វី​ៗ​ដែល​មាន​ជីវិត​គឺ​សាំញ៉ាំ​ជាង​ផ្ទះ​ទៅ​ទៀត។ សូម្បី​តែ​កោសិកា​សាមញ្ញ​បំផុត​ក៏​អាច​ចែក​ខ្លួន​ជា​កោសិកា​ពីរ​ម្ដង​ហើយ​ម្ដង​ទៀត​ដែល​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ តែ​ផ្ទះ​មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ។ នេះ​មាន​ន័យ​ថា​កោសិកា​អាច​ផ្ទុក​និង​ចម្លង​ព័ត៌មាន​ដល់​កោសិកា​ថ្មី ដើម្បី​កោសិកា​ថ្មី​នោះ​ក៏​អាច​ចែក​ខ្លួន​ដោយ​មាន​លក្ខណៈ​ដូច​គ្នា​បេះ​បិទ​ដែរ។ តើ​អ្នក​ណា​បាន​បង្កើត​កោសិកា​ឲ្យ​មាន​សមត្ថភាព​ធ្វើ​អ្វី​ៗ​ទាំង​នេះ? គម្ពីរ​ចែង​ថា​៖ ​«​ផ្ទះ​ទាំង​អស់​មាន​អ្នក​សង់ ប៉ុន្ដែ​អ្នក​ដែល​បាន​សង់​អ្វី​ៗ​ទាំង​អស់​គឺ​ព្រះ​»។—ហេប្រឺ ៣:៤

៥​. តើ​ទស្សនៈ​ថា​មនុស្ស​អាច​ដឹង​អំពី​អ្វី​ដែល​ល្អ​និង​ត្រឹម​ត្រូវ ទោះ​ជា​ពួក​គេ​មិន​ជឿ​ថា​មាន​ព្រះ​ក្ដី គឺ​ត្រឹម​ត្រូវ​ឬ​ទេ?

តើ​ទស្សនៈ​ថា​មនុស្ស​អាច​ដឹង​អំពី​អ្វី​ដែល​ល្អ​និង​ត្រឹម​ត្រូវ ទោះ​ជា​ពួក​គេ​មិន​ជឿ​ថា​មាន​ព្រះ​ក្ដី គឺ​ត្រឹម​ត្រូវ​ឬ​ទេ? បណ្ដាំ​របស់​ព្រះ​ចែង​ថា​សូម្បី​តែ​មនុស្ស​ដែល​មិន​ជឿ​ថា​មាន​ព្រះ ប្រហែល​ជា​នៅ​តែ​មាន​សីលធម៌​ក្នុង​ខ្លួន​មួយ​កម្រិត។ (​រ៉ូម ២:១៤, ១៥​) ជា​ឧទាហរណ៍ ប្រហែល​ជា​បុគ្គល​ណា​ម្នាក់​ស្រឡាញ់​និង​គោរព​ឪ​ពុក​ម្ដាយ​របស់​គាត់។ ប៉ុន្ដែ បើ​គាត់​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ​យេហូវ៉ា គាត់​នឹង​ធ្វើ​ការ​សម្រេច​ចិត្ដ​មិន​ល្អ។ (​អេសាយ ៣៣:២២​) សព្វ​ថ្ងៃ​នេះ មនុស្ស​ឈ្លាស​វៃ​ជា​ច្រើន​ជឿ​ជាក់​ថា​យើង​ត្រូវ​ការ​ជំនួយ​ពី​ព្រះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​ពិភព​លោក។ (​សូម​អាន យេរេមា ១០:២៣) ដូច្នេះ យើង​មិន​គួរ​គិត​សោះ​ថា​យើង​អាច​ដឹង​អំពី​អ្វី​ដែល​ល្អ​និង​ត្រឹម​ត្រូវ បើ​យើង​មិន​ជឿ​ថា​មាន​ព្រះ ហើយ​មិន​ធ្វើ​តាម​ខ្នាត​តម្រា​របស់​លោក​ឡើយ។—ទំនុក​តម្កើង ១៤៦:៣

តើ​យើង​ត្រូវ​ការ​សាសនា​ឬ​ទេ?

៦​. តើ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​សាសនា?

មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​ថា ​«​ទោះ​ជា​យើង​មិន​កាន់​សាសនា​ណា​មួយ​ក្ដី យើង​នៅ​តែ​អាច​សប្បាយ​បាន​»។ មនុស្ស​ជា​ច្រើន​គិត​ថា​សាសនា​គឺ​គ្មាន​ប្រយោជន៍​និង​គួរ​ឲ្យ​ធុញ​ទ្រាន់។ ម្យ៉ាង​ទៀត សាសនា​ជា​ច្រើន​បង្រៀន​អំពី​ភ្លើង​នរក គាំ​ទ្រ​អ្នក​នយោបាយ ឬ​តម្រូវ​ឲ្យ​គេ​ដាក់​វិភាគទាន។ គឺ​មិន​មែន​ជា​អ្វី​ដែល​ចម្លែក​ទេ ដែល​មនុស្ស​កាន់​តែ​ច្រើន​និយាយ​ថា​ពួក​គេ​សប្បាយ​ដោយ​មិន​កាន់​សាសនា! ពួក​គេ​ប្រហែល​ជា​និយាយ​ថា ​«​ខ្ញុំ​ចាប់​អារម្មណ៍​អំពី​ព្រះ តែ​ខ្ញុំ​មិន​ចង់​កាន់​សាសនា​ណា​មួយ​ទេ​»។

៧​. តើ​តាម​របៀប​ណា​ការ​គោរព​ប្រណិប័តន៍​ពិត​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ?

តើ​យើង​ពិត​ជា​អាច​មាន​ជីវិត​សប្បាយ​បើ​គ្មាន​សាសនា​ឬ​ទេ? ពិត​មែន​ថា មនុស្ស​អាច​មាន​ជីវិត​សប្បាយ​បើ​មិន​កាន់សាសនា​មិន​ពិត តែ​គ្មាន​អ្នក​ណា​អាច​មាន​ជីវិត​សប្បាយ​បាន​ទេ បើ​អ្នក​នោះ​មិន​មាន​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែល​ជា​«​ព្រះ​ដែល​មាន​សេចក្ដី​សប្បាយ​»។ (​ធីម៉ូថេ​ទី១ ១:១១​) អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​គឺ​មាន​ប្រយោជន៍​ចំពោះ​បុគ្គល​ឯ​ទៀត។ ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​លោក យើង​សប្បាយ​ចិត្ដ​ដោយ​សារ​យើង​ក៏​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ដែរ។ (​សកម្មភាព ២០:៣៥​) ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ដែល​ការ​គោរព​ប្រណិប័តន៍​ពិត​អាច​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុភមង្គល។ យើង​រៀន​ឲ្យ​ចេះ​បង្ហាញ​ការ​គោរព​និង​ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​គូ​អាពាហ៍​ពិពាហ៍ ចិញ្ចឹម​អប់រំ​កូន​ឲ្យ​មាន​សុជីវធម៌ ហើយ​យើង​ក៏​រៀន​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ចំពោះ​សមាជិក​ក្រុម​គ្រួសារ​របស់​យើង​ដែរ។ ការ​គោរព​ប្រណិប័តន៍​ពិត​ជួយ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​សហការ​គ្នា​ដោយ​សន្ដិ​ភាព​ក្នុង​ក្រុម​ជំនុំ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ។—សូម​អាន អេសាយ ៦៥:១៣, ១៤

៨​. ដើម្បី​យល់​អំពី​អ្វី​ដែល​ពិត​ជា​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ដ តើ​ម៉ាថាយ ៥:៣​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

ដូច្នេះ បើ​បុគ្គល​ណា​ម្នាក់​មិន​បម្រើ​ព្រះ តើ​គាត់​ពិត​ជា​អាច​មាន​ជីវិត​សប្បាយ​ឬ​ទេ? តើ​អ្វី​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​ចិត្ដ? អ្នក​ខ្លះ​ចូល​ចិត្ដ​អាជីព​របស់​ពួក​គេ ចូល​ចិត្ដ​លេង​កីឡា ឬ​ចូល​ចិត្ដ​ធ្វើ​អ្វី​ផ្សេង​ទៀត។ អ្នក​ខ្លះ​ទៀត សប្បាយ​ចិត្ដ​ពេល​ដែល​ពួក​គេ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ក្រុម​គ្រួសារ​និង​មិត្ដ​ភក្ដិ។ ទោះ​ជា​អ្វី​ៗ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ក្ដី នេះ​មិន​មែន​ជា​គោល​បំណង​នៃ​ជីវិត​របស់​យើង​ទេ។ យើង​ខុស​គ្នា​ពី​សត្វ ដូច្នេះ​យើង​អាច​ស្គាល់​អ្នក​បង្កើត​របស់​យើង​និង​គោរព​ប្រណិប័តន៍​លោក។ ដើម្បី​មាន​ចិត្ដ​សប្បាយ លោក​បាន​បង្កើត​យើង​ឲ្យ​មាន​សេចក្ដី​ត្រូវ​ការ​បែប​នេះ។ (​សូម​អាន ម៉ាថាយ ៥:៣) ជា​ឧទាហរណ៍ យើង​សប្បាយ​និង​ទទួល​ការ​លើក​ទឹក​ចិត្ដ ពេល​យើង​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​របស់​យើង​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ (​ទំនុក​តម្កើង ១៣៣:១​) យើង​ក៏​មាន​អំណរ​ដែរ ដោយ​សារ​យើង​មាន​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក របៀប​រស់​នៅ​ដ៏​ស្អាត​ស្អំ និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​សម្រាប់​ថ្ងៃ​អនាគត។

តើ​យើង​ត្រូវ​ការ​ខ្នាត​តម្រា​សីលធម៌​ឬ​ទេ?

៩​. (​ក​) តើ​មនុស្ស​ជា​ច្រើន​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​រួម​ភេទ? (​ខ​) ហេតុ​អ្វី​បណ្ដាំ​របស់​ព្រះ​ចែង​ថា​ការ​រួម​ដំណេក​ជា​មួយ​នឹង​អ្នក​ដែល​មិន​មែន​ជា​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​គឺ​ជា​ការ​ខុស?

មនុស្ស​ជា​ច្រើន​គិត​ថា ​«​ការ​រួម​ដំណេក​ជា​មួយ​នឹង​អ្នក​ដែល​មិន​មែន​ជា​គូ​អាពាហ៍​ពិពាហ៍​របស់​ខ្លួន​គឺ​មិន​ខុស​ទេ​»។ មនុស្ស​ខ្លះ​ប្រហែល​ជា​សួរ​ថា ​«​ហេតុ​អ្វី​ត្រូវ​តឹងរ៉ឹង​ម៉្លេះ? គ្រាន់​តែ​ធ្វើ​ឲ្យ​ជីវិត​សប្បាយ​ទៅ​បាន​ហើយ​»។ ប៉ុន្ដែ បណ្ដាំ​របស់​ព្រះ​ហាម​មិន​ឲ្យ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ * (​សូម​មើល​កំណត់​សម្គាល់​) (​សូម​អាន ថែស្សាឡូនិច​ទី១ ៤:៣​-​៨) ព្រះ​យេហូវ៉ា​មាន​សិទ្ធិ​ដាក់​ច្បាប់​សម្រាប់​យើង​ដោយ​សារ​លោក​បាន​បង្កើត​យើង។ លោក​បាន​មាន​ប្រសាសន៍​ថា​មាន​តែ​បុរស​និង​ស្ដ្រី​ដែល​បាន​រៀប​ការ​ជា​មួយ​គ្នា​ប៉ុណ្ណោះ​ដែល​អាច​រួម​ដំណេក​ជា​មួយ​គ្នា​បាន។ ព្រះ​យេហូវ៉ា​ផ្ដល់​ច្បាប់​ឲ្យ​យើង​ដោយ​សារ​លោក​ស្រឡាញ់​យើង។ លោក​ដឹង​ថា​បើ​យើង​ធ្វើ​តាម​ច្បាប់​ទាំង​នោះ យើង​នឹង​មាន​ជីវិត​ល្អ​ប្រសើរ​ជាង។ ក្រុម​គ្រួសារ​ដែល​ធ្វើ​តាម​ច្បាប់​របស់​ព្រះ​នឹង​មាន​សេចក្ដី​សុខ មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ចំពោះ​គ្នា ហើយ​កាន់​តែ​ចេះ​គោរព​គ្នា។ ប៉ុន្ដែ​ព្រះ​នឹង​ដាក់​ទោស​ចំពោះ​អ្នក​ដែល​ស្គាល់​ច្បាប់​របស់​លោក តែ​មិន​ធ្វើ​តាម។—ហេប្រឺ ១៣:៤

១០​. តើ​គ្រិស្ដ​សាសនិក​អាច​ជៀស​វាង​យ៉ាង​ដូច​ម្ដេច​ពី​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ?

១០ គម្ពីរ​បង្រៀន​យើង​អំពី​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្វី​ដែល​យើង​មើល។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​សម្លឹង​មើល​ស្រី​រហូត​ដល់កើត​មាន​ចិត្ដ​ស្រើប​ស្រាល អ្នក​នោះ​បាន​ផិត​ក្បត់​ជា​មួយ​នឹង​នាង​នៅ​ក្នុង​ចិត្ដ​រួច​ហើយ។ ដូច្នេះ ប្រសិន​បើ​ភ្នែក​ស្ដាំ​របស់​អ្នក បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល ចូរ​ខ្វេះ​វា​ចេញ ហើយ​បោះ​ចោល​ទៅ​»។ (​ម៉ាថាយ ៥:២៨, ២៩​) ដូច្នេះ យើង​ត្រូវ​ជៀស​វាង​ពី​ការ​មើល​រូប​អាសអាភាស​និង​ការ​ស្តាប់​បទ​ចម្រៀង​អំពី​អំពើ​ប្រាស​ចាក​សីលធម៌។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​ចូរ​រម្ងាប់​ភាព​ទោរ​ទន់​ដែល​មាន​នៅ​ក្នុង​អវយវៈ​រូប​កាយ​របស់​អ្នក​រាល់​គ្នា គឺ​ភាព​ទោរ​ទន់​ទៅ​រក​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។ (​កូឡុស ៣:៥​) យើង​ក៏​ត្រូវ​គ្រប់​គ្រង​គំនិត​និង​ពាក្យ​សម្ដី​របស់​យើង​ដែរ។—អេភេសូរ ៥:៣​-​៥

តើ​យើង​គួរ​ផ្ដោត​អារម្មណ៍​លើ​អាជីព​ក្នុង​ពិភព​លោក​ឬ​ទេ?

១១​. ហេតុ​អ្វី​អ្នក​ខ្លះ​ចង់​មាន​អាជីព​ល្អ?

១១ បុគ្គល​ជា​ច្រើន​នាក់​គិត​ថា ​«​អាជីព​ល្អ​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​»។ មនុស្ស​ប្រហែល​ជា​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​ប្រើ​ពេល​វេលា​និង​កម្លាំង​ដើម្បី​ផ្ដោត​អារម្មណ៍​លើ​អាជីព​ណា​មួយ​ក្នុង​ពិភព​លោក​នេះ ជា​ពិសេស​អាជីព​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ល្បី​ឈ្មោះ មាន​អំណាច ឬ​ទៅ​ជា​អ្នក​មាន។ ដោយ​សារ​មនុស្ស​ជា​ច្រើន​គិត​ថា​ការ​មាន​អាជីព​ល្អ​នឹង​នាំ​ឲ្យ​មាន​ជីវិត​សប្បាយ យើង​ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​មាន​ទស្សនៈ​ដូច​ពួក​គេ​ដែរ។

១២​. តើ​អាជីព​ល្អ​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ដ​ឬ​ទេ?

១២ តើ​ជា​ការ​ពិត​ឬ​ទេ ដែល​អាជីព​មួយ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អំណាច ឬ​មាន​ឈ្មោះ​ល្បី​នឹង​នាំ​ឲ្យ​យើង​សប្បាយ? មិន​មែន​ទេ។ សូម​គិត​អំពី​រឿង​នេះ សាថាន​ចង់​ល្បី​ឈ្មោះ​និង​មាន​អំណាច។ ក្នុង​ន័យ​ម្យ៉ាង វា​បាន​ទទួល​អ្វី​ដែល​វា​ចង់​បាន ប៉ុន្ដែ​វា​មាន​កំហឹង​និង​គ្មាន​សុភមង្គល​ទេ។ (​ម៉ាថាយ ៤:៨, ៩; ការ​បើក​បង្ហាញ ១២:១២​) ផ្ទុយ​ទៅ​វិញ សូម​គិត​អំពី​ពេល​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​និង​អនាគត​ដ៏​អស្ចារ្យ​ដែល​លោក​បាន​សន្យា នោះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ដ​ខ្លាំង​ណាស់។ គ្មាន​អាជីព​ណា​មួយ​ក្នុង​ពិភព​លោក​នេះ​ដែល​អាច​ឲ្យ​យើង​មាន​សុភមង្គល​បែប​នេះ​ទេ។ ម្យ៉ាង​ទៀត ដើម្បី​មាន​អាជីព​ល្អ មនុស្ស​ច្រើន​តែ​ប្រកួត​ប្រជែង​គ្នា ឈ្នានីស ហើយ​សុខ​ចិត្ដ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ​ឲ្យ​តែ​ខ្លួន​បាន​ជោគ​ជ័យ។ ប៉ុន្ដែ ពួក​គេ​នៅ​តែ​មាន​អារម្មណ៍​ថា​ជីវិត​ឥត​មាន​ន័យ។ គម្ពីរ​ចែង​ថា​ពួក​គេ​កំពុង​«​ដេញ​ចាប់​ខ្យល់​»។—សាស្តា ៤:៤; ខ.ស.

១៣​. (​ក​) តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ងារ? (​ខ​) តើ​អ្វី​បាន​នាំ​ឲ្យ​ប៉ូល​សប្បាយ​ចិត្ដ?

១៣ ពិត​មែន​ថា យើង​ត្រូវ​ចិញ្ចឹម​ជីវិត ហើយ​គឺ​មិន​ខុស​ទេ​ដែល​យើង​មាន​ការ​ងារ​ដែល​យើង​ចូល​ចិត្ដ តែ​ការ​ងារ​របស់​យើង​មិន​គួរ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង​ឡើយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​គ្មាន​អ្នក​ណា​អាច​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ ព្រោះ​អ្នក​នោះ​នឹង​ស្រឡាញ់​ម្ចាស់​មួយ​ហើយ​ស្អប់​ម្ចាស់​មួយ ឬ​ក៏​ស្មោះ​ត្រង់​នឹង​ម្ចាស់​មួយ​ហើយ​មើល​ងាយ​ម្ចាស់​មួយ។ អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ​»។ (​ម៉ាថាយ ៦:២៤​) ការ​បម្រើ​ព្រះ​យេហូវ៉ា​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​គម្ពីរ​នឹង​នាំ​ឲ្យ​យើង​មាន​អំណរ​ខ្លាំង​បំផុត។ សាវ័ក​ប៉ូល​ធ្លាប់​មាន​អំណរ​នេះ។ ពេល​គាត់​នៅ​ក្មេង គាត់​បានផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ទទួល​ជោគ​ជ័យ​ក្នុង​អាជីព​របស់​គាត់។ ក្រោយ​មក ពេល​គាត់​បាន​ឃើញ​របៀប​ដែល​ដំណឹង​ពី​បណ្ដាំ​របស់​ព្រះ​បាន​កែ​ប្រែ​ជីវិត​របស់​មនុស្ស​ដែល​គាត់​បាន​ផ្សព្វ​ផ្សាយ​ឲ្យ គាត់​ពិត​ជា​សប្បាយ។ (​សូម​អាន ថែស្សាឡូនិច​ទី១ ២:១៣, ១៩, ២០) គ្មាន​អាជីព​ណា​មួយ​ក្នុង​ពិភព​លោក​នេះ​ដែល​អាច​ធ្វើ​ឲ្យ​យើង​សប្បាយ​ដូច​ការ​បម្រើ​ព្រះ​យេហូវ៉ា​និង​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​លោក​ឡើយ!

ពេល​យើង​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ នោះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ដ (​សូម​មើល​វគ្គ​១២, ១៣​)

តើ​យើង​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ពិភព​លោក​នេះ​បាន​ឬ​ទេ?

១៤​. ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​គិត​ថា​មនុស្សជាតិ​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ពិភព​លោក​នេះ?

១៤ មនុស្ស​ជា​ច្រើន​និយាយ​ថា ​«​មនុស្ស​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ពិភព​លោក​នេះ​បាន​»។ មនុស្ស​ជា​ច្រើន​គាំ​ទ្រ​ទស្សនៈ​នេះ។ ហេតុ​អ្វី? បើ​នេះ​ជា​ការ​ពិត នេះ​មាន​ន័យ​ថា​យើង​មិន​ត្រូវ​ការកា​រណែ​នាំ​ពី​ព្រះ ហើយ​អាច​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​យើង​ចង់​ធ្វើ។ អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​គេ​និយាយ​ថា​បញ្ហា​ផ្សេង​ៗ​ដូច​ជា​សង្គ្រាម ឧក្រិដ្ឋកម្ម ជំងឺ និង​ភាព​ក្រី​ក្រ​មាន​កាន់​តែ​តិច​ទៅ​ៗ។ សេចក្ដី​រាយ​ការណ៍​មួយ​បាន​រៀប​រាប់​ថា​៖ ​«​មូលហេតុ​ដែល​សង្គម​មនុស្ស​កាន់​តែ​ប្រសើរ​ឡើង គឺ​ដោយ​សារ​មនុស្ស​ចង់​ធ្វើ​ឲ្យ​ពិភព​លោក​ល្អ​ប្រសើរ​ជាង​មុន​»។ តើ​នេះ​ជា​ការ​ពិត​ឬ​ទេ? តើ​មនុស្ស​បាន​រក​ឃើញ​របៀប​ដោះ​ស្រាយ​បញ្ហា​របស់​ពិភព​លោក​នេះ​ឬ​ទេ? សូម​យើង​ពិចារណា​អំពី​រឿង​នេះ។

១៥​. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​បញ្ហា​ពិភព​លោក​គឺ​ធ្ងន់​ធ្ងរ?

១៥ តើ​មនុស្ស​បាន​ធ្វើ​ឲ្យ​លែង​មាន​សង្គ្រាម​ឬ​ទេ? ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១​និង​ទី២ មនុស្ស​ជាង​៦០​លាន​នាក់​បាន​ស្លាប់។ ក្នុង​អំឡុង​តែ​ឆ្នាំ​២០១៥​ប៉ុណ្ណោះ មនុស្ស​១២​.​៤​លាន​នាក់​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​ឬ​ប្រទេស​របស់​ពួក​គេ​ដោយ​សារសង្គ្រាម​ឬ​ការ​បៀត​បៀន។ នេះ​នាំ​ឲ្យ​ចំនួន​សរុប​របស់​មនុស្ស​ដែល​បាន​ភៀស​ខ្លួន​មាន​ដល់​ទៅ​៦៥​លាន​នាក់។ ចុះ​យ៉ាង​ណា​អំពី​ឧក្រិដ្ឋកម្ម តើ​មនុស្ស​បាន​ធ្វើ​ឲ្យ​លែង​មាន​ឧក្រិដ្ឋកម្ម​ឬ​ទេ? នៅ​កន្លែង​មួយ​ចំនួន បទ​ឧក្រិដ្ឋ​ខ្លះ​បាន​ថយ​ចុះ។ ប៉ុន្ដែ នៅ​ដំណាល​គ្នា​នោះ​បទ​ឧក្រិដ្ឋ​ផ្សេង​ទៀត​ដូច​ជា ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត អំពើ​ហិង្សា​ក្នុង​ក្រុម​គ្រួសារ ភេ​វរ​កម្ម និង​អំពើ​ពុក​រលួយ​កំពុង​តែ​កើន​ឡើង។ ចុះ​យ៉ាង​ណា​ជំងឺ? ពិត​មែន​ថា មនុស្ស​បាន​រក​ឃើញ​វិធី​ព្យាបាល​ជំងឺ​មួយ​ចំនួន ប៉ុន្ដែ​នៅ​ឆ្នាំ​២០១៣ សេចក្ដី​រាយ​ការណ៍​មួយ​បាន​រៀប​រាប់​ថា រៀង​រាល់​ឆ្នាំ​មនុស្ស​៩​លាន​នាក់​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​មហា​រីក ជំងឺ​បេះ​ដូង ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​ទឹក​នោម​ផ្អែម។ ចុះ​យ៉ាង​ណា​អំពី​ភាព​ក្រី​ក្រ តើ​មនុស្ស​បាន​ធ្វើ​ឲ្យ​លែង​មាន​ភាព​ក្រី​ក្រ​ឬ​ទេ? ធនាគារ​ពិភព​លោក​បាន​រាយ​ការណ៍​ថា​ក្នុង​ទ្វីប​អាហ្វ្រិក​ប៉ុណ្ណោះ​ចំនួន​មនុស្ស​ដែល​រស់​នៅ​ក្នុង​ភាព​ក្រី​ក្រ​តោកយ៉ាក បាន​កើន​ឡើង​ពី​២៨០​លាន​នាក់​នៅ​ឆ្នាំ​១៩៩០​ទៅ​៣៣០​លាន​នាក់​នៅ​ឆ្នាំ​២០១២។

១៦​. (​ក​) ហេតុ​អ្វី​មាន​តែ​រាជាណាចក្រ​របស់​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ពិភព​លោក? (​ខ​) តើ​អេសាយ​និង​អ្នក​តែង​ទំនុក​តម្កើង​បាន​រៀប​រាប់​ថា​រាជាណាចក្រ​ព្រះ​នឹង​ធ្វើ​អ្វី?

១៦ ព័ត៌មាន​ទាំង​នេះ​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ។ សព្វ​ថ្ងៃ​នេះ ស្ថាប័ន​សេដ្ឋកិច្ច​និង​នយោបាយ​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ មនុស្ស​ទាំង​នេះ​មិន​អាច​ធ្វើ​ឲ្យ​លែង​មាន​សង្គ្រាម ឧក្រិដ្ឋកម្ម ជំងឺ និង​ភាព​ក្រី​ក្រ​បាន​ទេ។ មាន​តែ​រាជាណាចក្រ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ដូច្នេះ​បាន។ សូម​គិត​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​សម្រាប់​មនុស្សជាតិ។ រាជាណាចក្រ​របស់​លោក​នឹង​បំបាត់​ដើម​ហេតុ​ទាំង​អស់​ដែល​នាំ​ឲ្យ​មាន​សង្គ្រាម​ដូច​ជា​ស្នេហា​ជាតិ សាសនា​មិន​ពិត អំពើ​ពុក​រលួយ ការ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​សាថាន។ (​ទំនុក​តម្កើង ៤៦:៨, ៩​) រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​ឲ្យ​លែង​មាន​ឧក្រិដ្ឋកម្ម។ សូម្បី​តែ​សព្វ​ថ្ងៃ​នេះ​រាជាណាចក្រ​របស់​លោក​កំពុង​បង្រៀន​មនុស្ស​រាប់​លាន​នាក់​ឲ្យ​ស្រឡាញ់​និង​ទុក​ចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក។ គ្មាន​រដ្ឋាភិបាល​ណា​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ដូច្នេះ​បាន​ឡើយ។ (​អេសាយ ១១:៩​) មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​លែង​មាន​ជំងឺ ហើយ​លោក​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។ (​អេសាយ ៣៥:៥, ៦​) លោក​នឹង​បំបាត់​ភាព​ក្រី​ក្រ ហើយ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ជីវិត​សប្បាយ​និង​មាន​ភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក។ នេះ​មាន​តម្លៃ​ជាង​មាស​ប្រាក់​ទៅ​ទៀត។—ទំនុក​តម្កើង ៧២:១២, ១៣

​«​អ្នក​នឹង​ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ​»​

១៧​. តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​មិន​ទទួល​យក​របៀប​គិត​គូរ​របស់​ពិភព​លោក?

១៧ ដូច្នេះ បើ​អ្នក​ឮ​គេ​និយាយ​អំពី​ទស្សនៈ​ពេញ​និយម​ដែល​មិន​ស្រប​តាម​ជំនឿ​របស់​អ្នក សូម​ស្វែង​យល់​អំពី​អ្វី​ដែល​គម្ពីរ​ចែង​អំពី​រឿង​នោះ។ សូម​ពិភាក្សា​រឿង​នោះ​ជា​មួយ​នឹង​បង​ប្អូន​ដែល​មាន​ភាព​ចាស់​ទុំ។ សូម​គិត​អំពី​មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​គាំ​ទ្រ​ទស្សនៈ​នោះ មូលហេតុ​ដែល​ទស្សនៈ​នោះ​គឺ​មិន​ត្រឹម​ត្រូវ និង​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មិន​ទទួល​យក​ទស្សនៈ​នោះ។ យើង​អាច​ការពារ​ខ្លួន​ពី​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ ដោយ​ធ្វើ​តាម​អ្វី​ដែល​ប៉ូល​បាន​និយាយ ដែល​ថា​៖ ​«​ចូរ​បន្ដ​ប្រព្រឹត្ដ​ទៅ​លើ​អ្នក​ក្រៅ​ដោយ​ប្រាជ្ញា . . . [​ចូរ​]ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ​»។—កូឡុស ៤:៥, ៦

^ វគ្គ 9 សេចក្ដី​បក​ប្រែ​គម្ពីរ​ខ្លះ​មាន​បទ​គម្ពីរ​ពី​យ៉ូហាន ៧:៥៣​–​៨:១១ តែ​នេះ​មិន​មែន​ជា​ផ្នែក​នៃ​ឯកសារ​ដើម​របស់​គម្ពីរ​ទេ។ អ្នក​ខ្លះ​បាន​អាន​ខ​គម្ពីរ​នោះ ហើយ​យល់​ខុស​ថា​មាន​តែ​បុគ្គល​ដែល​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ​ដែល​អាច​វិនិច្ឆ័យ​ថា​អ្នក​ណា​ម្នាក់​បាន​ប្រព្រឹត្ដ​អំពើ​ផិត​ក្បត់។ ប៉ុន្ដែ តាម​ពិត​ច្បាប់​ដែល​ព្រះ​បាន​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចែង​ថា​៖ ​«​បើ​ដែល​ឃើញ​អ្នក​ណា​កំពុង​តែ​រួម​ដំណេក​នឹង​ស្ដ្រី​ដែល​មាន​ប្ដី​ហើយ នោះ​អ្នក​ទាំង​២​ត្រូវ​ស្លាប់​»។—ចោទិយកថា ២២:២២