លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ​»​

​«​ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ​»​

​«​ចូរ​ទិញ​សេចក្ដី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ អើ​ទាំង​ប្រាជ្ញា សេចក្ដី​ដំបូន្មាន នឹង​យោបល់​ផង​»។—សុភាសិត ២៣:២៣

ចម្រៀង​លេខ: ៩៤, ៩៦

១, ២. (​ក​) តើ​អ្វី​មាន​តម្លៃ​ខ្ពស់​បំផុត​ក្នុង​ជីវិត​របស់​អ្នក? (​ខ​) តើ​សេចក្ដី​បង្រៀន​អ្វី​ខ្លះ​មាន​តម្លៃ​ចំពោះ​យើង ហើយ​ហេតុ​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ក្នុង​ជីវិត​របស់​អ្នក តើ​អ្វី​មាន​តម្លៃ​ខ្ពស់​បំផុត? ក្នុង​នាម​ជា​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា អ្វី​ដ៏​មាន​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​យើង​គឺ​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​លោក។ យើង​នឹង​មិន​ដូរ​ចំណង​មិត្ដភាព​នេះ​ទៅ​នឹង​អ្វី​ផ្សេង​ទៀត​ទេ។ សេចក្ដី​ពិត​ពី​គម្ពីរ​ក៏​មាន​តម្លៃ​ចំពោះ​យើង ដោយ​សារ​នេះ​នាំ​ឲ្យ​យើង​ទៅ​ជា​មិត្ដ​សម្លាញ់​របស់​ព្រះ​យេហូវ៉ា។—កូឡុស ១:៩, ១០

ព្រះ​យេហូវ៉ា​ជា​គ្រូ​បង្រៀន​ដ៏​ឧត្ដម ហើយ​លោក​បង្រៀន​យើង​នូវ​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ក្នុង​បណ្ដាំ​របស់​លោក ពោល​គឺ​គម្ពីរ។ លោក​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​នាម​របស់​លោក និង​ប្រាប់​យើង​អំពី​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ​របស់​លោក។ លោក​ប្រាប់​យើង​ថា លោក​ស្រឡាញ់​យើង​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​លោក​បាន​ឲ្យ​ជីវិត​របស់​បុត្រ​ជា​ទី​ស្រឡាញ់​របស់​លោក​សម្រាប់​យើង។ ព្រះ​យេហូវ៉ា​បង្រៀន​យើង​អំពី​រាជាណាចក្រ​របស់​មេស្ស៊ី។ លោក​ឲ្យ​យើង​នូវ​សេចក្ដី​សង្ឃឹម​សម្រាប់​ថ្ងៃ​អនាគត ពោល​គឺ​ជីវិត​នៅ​ស្ថាន​សួគ៌​សម្រាប់​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង ឬ​ក៏​ជីវិត​នៅ​ផែន​ដី​ដែល​ជា​សួន​ឧទ្យាន​សម្រាប់​«​ចៀម​ឯ​ទៀត​»។ (​យ៉ូហាន ១០:១៦​) ព្រះ​យេហូវ៉ា​បង្រៀន​យើង​អំពី​របៀប​រស់​នៅ​ដែល​យើង​គួរ​មាន។ សេចក្ដី​បង្រៀន​ទាំង​អស់​នេះ​មាន​តម្លៃ​ចំពោះ​យើង ដោយ​សារ​វា​ជួយ​យើង​ឲ្យ​ចូល​ទៅ​ជិត​អ្នក​បង្កើត​របស់​យើង ហើយ​ក៏​ជួយ​យើង​ឲ្យ​មាន​គោល​បំណង​ក្នុង​ជីវិត។

៣. តើ​ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​បង់​ថ្លៃ​ដើម្បី​រៀន​សេចក្ដី​ពិត​ឬ​ទេ?

ព្រះ​យេហូវ៉ា​គឺ​ជា​ព្រះ​ដែល​មាន​ចិត្ដ​ទូលាយ។ លោក​មាន​ចិត្ដ​ទូលាយ​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​លោក​ផ្ដល់​ជីវិត​បុត្រ​លោក​ជា​គ្រឿង​បូជា​សម្រាប់​យើង។ ពេល​ព្រះ​យេហូវ៉ា​ឃើញ​បុគ្គល​ណា​ម្នាក់​កំពុង​ស្វែង​រក​សេចក្ដី​ពិត លោក​ជួយ​បុគ្គល​នោះ​ឲ្យ​រក​ឃើញ​សេចក្ដី​ពិត​នោះ។ លោក​មិន​តម្រូវ​ឲ្យ​យើង​បង់​ថ្លៃ​ដើម្បី​រៀន​សេចក្ដី​ពិត​ទេ។ នៅ​ពេល​មួយ បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​បាន​ស្នើ​សុំ​ឲ្យ​លុយ​ដល់​សាវ័ក​ពេត្រុស​ដើម្បី​មាន​សមត្ថភាព​ផ្ដល់​សកម្មពល​បរិសុទ្ធ​ដល់​អ្នក​ឯ​ទៀត។ ពេត្រុស​បាន​ពន្យល់​ថា​ទស្សនៈ​របស់​ស៊ីម៉ូន​គឺ​ខុស ដោយ​និយាយ​ថា​៖ ​«​ចូរ​ឲ្យ​ប្រាក់​របស់​អ្នក​វិនាស​ទៅ​ជា​មួយ​នឹង​អ្នក​ចុះ ពី​ព្រោះ​អ្នក​នឹក​ស្មានថា​អាច​យក​ប្រាក់​មក​ដើម្បី​ទទួល​អំណោយ​ទាន​របស់​ព្រះ​»។ (​សកម្មភាព ៨:១៨​-​២០​) ដូច្នេះ តើ​ការ​«​ទិញ​សេចក្ដី​ពិត​»​មាន​ន័យ​យ៉ាង​ណា?

តើ​ការ​«​ទិញ​សេចក្ដី​ពិត​»​មាន​ន័យ​យ៉ាង​ណា?

៤. ក្នុង​អត្ថបទ​នេះ តើ​យើង​នឹង​រៀន​អ្វី​អំពី​សេចក្ដី​ពិត?

សូម​អាន សុភាសិត ២៣:២៣ការ​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ​គឺ​ត្រូវ​ការ​ការ​ខំ​ព្យាយាម។ យើង​ក៏​ត្រូវ​លះ​បង់​អ្វី​ផ្សេង​ៗ​ដើម្បី​បាន​សេចក្ដី​ពិត​នេះ​ដែរ។ ម្យ៉ាង​ទៀត ក្រោយ​ពី​យើង​«​ទិញ​សេចក្ដី​ពិត​»​ពោល​គឺ​រៀន​សេចក្ដី​ពិត នោះ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ថា​យើង​មិន​«​លក់​»​សេចក្ដី​ពិត​នោះ​ទៅ​វិញ ពោល​គឺ​មិន​បោះ​បង់​សេចក្ដី​ពិត​នោះ​ចោល​ទេ។ តើ​យើង​«​ទិញ​»​សេចក្ដី​ពិត​ក្នុង​គម្ពីរ​យ៉ាង​ដូច​ម្ដេច? តើ​សេចក្ដី​ពិត​នោះ​មាន​តម្លៃ​ថ្លៃ​ប៉ុណ្ណា? ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​នឹង​ជួយ​យើង​ឲ្យ​តម្លៃ​ថែម​ទៀត​ចំពោះ​សេចក្ដី​ពិត ហើយ​ក៏​នឹង​ជួយ​យើង​ឲ្យ​កាន់​តែ​តាំង​ចិត្ដ​មិន​បោះ​បង់​សេចក្ដី​ពិត​នេះ​ចោល។ យើង​នឹង​យល់​អំពី​មូលហេតុ​ដែល​សេចក្ដី​ពិត​ពី​ព្រះ​យេហូវ៉ា​មាន​តម្លៃ​ច្រើន​ជាង​អ្វី​ៗ​ទាំង​អស់​ទៀត។

៥, ៦. (​ក​) តើ​យើង​អាច​ទិញ​សេចក្ដី​ពិត​ដោយ​មិន​ចាំ​បាច់​បង់​លុយ​យ៉ាង​ដូច​ម្ដេច? សូម​ពន្យល់។ (​ខ​) តើ​សេចក្ដី​ពិត​មាន​ប្រយោជន៍​យ៉ាង​ណា​ចំពោះ​យើង?

ទោះ​ជា​អ្វី​មួយ​គឺ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ​ក៏​ដោយ នេះ​មិន​មាន​ន័យ​ថា​យើង​មិន​ចាំ​បាច់​ធ្វើ​អ្វី​សោះ​ដើម្បី​បាន​អ្វី​នោះ​ទេ។ ពាក្យ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ទិញ​»​នៅ​សុភាសិត ២៣:២៣ ក៏​អាច​មាន​អត្ថន័យ​ថា​«​បាន​អ្វី​មួយ​»។ ពាក្យ​ទាំង​នេះ​បង្កប់​អត្ថន័យ​ថា បុគ្គល​ម្នាក់​ត្រូវ​ធ្វើ​អ្វី​មួយ​ឬ​លះ​ចោល​អ្វី​មួយ​ដើម្បី​ទទួល​អ្វី​ដែល​មាន​តម្លៃ​ចំពោះ​គាត់។ ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​យើង​អាច​ទិញ​សេចក្ដី​ពិត សូម​ស្រមៃ​គិត​ថា ផ្សារ​មួយ​មាន​ផ្លែ​ចេក​ដែល​គេ​ឲ្យ​ដោយ​ឥត​គិត​ថ្លៃ។ បើ​យើង​មិន​ទៅ​ផ្សារ​ដើម្បី​យក​ផ្លែ​ចេក​នោះ​មក​ផ្ទះ តើ​យើង​រំពឹង​ថា​វា​អាច​លេច​មក​លើ​តុ​របស់​យើង​ឬ​ទេ? មិន​មែន​ទេ។ ដូច្នេះ ទោះ​ជា​គេ​ឲ្យ​ផ្លែ​ចេក​នោះ​ដោយ​ឥត​គិត​ថ្លៃ​ក្ដី យើង​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​បាន​វា។ ស្រដៀង​គ្នា​ដែរ យើង​មិន​ចាំ​បាច់​បង់​លុយ​ដើម្បី​រៀន​សេចក្ដី​ពិត​ទេ ប៉ុន្ដែ​យើង​ត្រូវ​ខំ​ប្រឹង​និង​សុខ​ចិត្ដ​ធ្វើ​ការ​លះ​បង់។

សូម​អាន អេសាយ ៥៥:១​-​៣ប្រសាសន៍​របស់​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​យល់​អំពី​អត្ថន័យ​នៃ​ពាក្យ​ទិញ​សេចក្ដី​ពិត។ ក្នុង​ខ​ទាំង​នេះ ព្រះ​យេហូវ៉ា​ប្រដូច​បណ្ដាំ​របស់​លោក​ដែល​ជា​សេចក្ដី​ពិត ទៅ​នឹង​ទឹក ទឹក​ដោះ និង​ស្រា​ទំពាំង​បាយ​ជូរ។ ដូច​ដែល​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​អ្នក​ស្រេក​ទឹក​មាន​កម្លាំង​ឡើង​វិញ នោះ​សេចក្ដី​ពិត​ក៏​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ដ​ឡើង​វិញ​ដែរ។ ម្យ៉ាង​ទៀត ដូច​ទឹក​ដោះ​ជួយ​កូន​ឲ្យ​លូត​លាស់​រឹង​មាំ នោះ​សេចក្ដី​ពិត​ពី​គម្ពីរ​ក៏​ជួយ​ពង្រឹង​ចំណង​មិត្ដភាព​របស់​យើង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ដែរ។ ព្រះ​យេហូវ៉ា​ក៏​ប្រដូច​បណ្ដាំ​របស់​លោក​ទៅ​នឹង​ស្រា​ទំពាំង​បាយ​ជូរ។ ហេតុ​អ្វី? គម្ពីរ​ចែង​ថា ស្រា​ទំពាំង​បាយ​ជូរ​ធ្វើ​ឲ្យ​មនុស្ស​សប្បាយ​រីក​រាយ។ (​ទំនុក​តម្កើង ១០៤:១៥​) ដូច្នេះ ពេល​ព្រះ​យេហូវ៉ា​ប្រាប់​យើង​ឲ្យ​«​ទិញ​ស្រា​ទំពាំង​បាយ​ជូរ​»​ លោក​ចង់​ឲ្យ​យើង​ដឹង​ថា ពេល​យើង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក​ក្នុង​ជីវិត យើង​នឹង​មាន​ចិត្ដ​សប្បាយ​រីក​រាយ។ (​ទំនុក​តម្កើង ១៩:៨​) ព្រះ​យេហូវ៉ា​ប្រើ​ការ​ប្រៀប​ប្រដូច​ទាំង​នេះ ដើម្បី​ជួយ​យើង​ឲ្យ​យល់​អំពី​ប្រយោជន៍​ដែល​យើង​ទទួល​ពេល​យើង​រៀន​សេចក្ដី​ពិត​និង​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន។ សូម​យើង​ពិចារណា​អំពី​អ្វី​ប្រាំ​យ៉ាង​ដែល​យើង​ប្រហែល​ជា​នឹង​ត្រូវ​លះ​បង់​ដើម្បី​ទិញ​សេចក្ដី​ពិត។

តើ​អ្នក​បាន​លះ​បង់​អ្វី​ខ្លះ​ដើម្បី​ទិញ​សេចក្ដី​ពិត?

៧, ៨. (​ក​) ហេតុ​អ្វី​ការ​រៀន​សេចក្ដី​ពិត​ត្រូវ​ការ​ពេល​វេលា? (​ខ​) តើ​បង​ស្រី​វ័យ​ក្មេង​ម្នាក់​បាន​ធ្វើ​ការ​លះ​បង់​អ្វី ហើយ​តើ​នេះ​មាន​លទ្ធផល​យ៉ាង​ណា?

ពេល​វេលា: គឺ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឲ្យ​មនុស្ស​ស្តាប់​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ អាន​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ សិក្សា​គម្ពីរ​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា ព្រម​ទាំង​រៀប​ចំ​និង​ចូល​រួម​កិច្ច​ប្រជុំ​របស់​យើង។ ដើម្បី​ធ្វើ​អ្វី​ៗ​ទាំង​អស់​នេះ យើង​ត្រូវ​យក​ពេល​វេលា​ពី​ការ​ធ្វើ​អ្វី​ដែល​មិន​សូវ​សំខាន់។ (​សូម​អាន អេភេសូរ ៥:១៥, ១៦ និង​កំណត់​សម្គាល់​) តើ​ការ​រៀន​សេចក្ដី​ពិត​បឋម​ៗ​ពី​គម្ពីរ​ត្រូវ​ការ​ពេល​យូរ​ប៉ុណ្ណា? នេះ​អាស្រ័យ​លើ​បុគ្គល​ម្នាក់​ៗ។ ការ​រៀន​អំពី​ប្រាជ្ញា ផ្លូវ​របស់​ព្រះ​យេហូវ៉ា និង​អ្វី​ៗ​ដែល​លោក​បាន​ធ្វើ​គឺ​មិន​ចេះ​ចប់​ទេ។ (​រ៉ូម ១១:៣៣​) ទស្សនាវដ្ដី​ប៉ម​យាម​ដែល​បាន​ចេញ​ជា​លេខ​ដំបូង បាន​ប្រៀប​ប្រដូច​សេចក្ដី​ពិត​ទៅ​នឹង​«​ផ្កា​តូច​មួយ​»​ ហើយ​បាន​រៀប​រាប់​ថា​៖ ​«​ចូរ​កុំ​ស្កប់​ចិត្ដ​តែ​នឹង​ផ្កា​មួយ​នៃ​សេចក្ដី​ពិត​ប៉ុណ្ណោះ​ទេ។ បើ​ផ្កា​តែ​មួយ​គឺ​គ្រប់​គ្រាន់ នោះ​ព្រះ​មិន​ចាំ​បាច់​បង្កើត​ផ្កា​ឯ​ទៀត​ឡើយ។ ចូរ​ខំ​ប្រមូល​យក ចូរ​ខំ​ស្វែង​រក​ឲ្យ​បាន​ច្រើន​ទៀត​»។ ដូច្នេះ យើង​អាច​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​បាន​រៀន​ច្រើន​យ៉ាង​ណា​អំពី​ព្រះ​យេហូវ៉ា?›។ ទោះ​ជា​យើង​រស់​ជា​រៀង​រហូត​ក្ដី យើង​នឹង​តែង​តែ​មាន​អ្វី​ថែម​ទៀត​ដែល​យើង​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ នៅ​សព្វ​ថ្ងៃ​នេះ​គឺ​សំខាន់​ដែល​យើង​ប្រើ​ពេល​វេលា​ដែល​យើង​មាន ដើម្បី​រៀន​ឲ្យ​បាន​ច្រើន​បំផុត​អំពី​ព្រះ​យេហូវ៉ា។ សូម​គិត​អំពី​បុគ្គល​ម្នាក់​ដែល​បាន​ធ្វើ​ដូច្នេះ។

គឺ​សំខាន់​ដែល​យើង​ប្រើ​ពេល​វេលា​ដែល​យើង​មាន ដើម្បី​រៀន​ឲ្យ​បាន​ច្រើន​បំផុត​អំពី​ព្រះ​យេហូវ៉ា

នារី​វ័យ​ក្មេង​ជន​ជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ម៉ារីកូ * (​សូម​មើល​កំណត់​សម្គាល់​) បាន​រើ​ទៅ​សហរដ្ឋ​អាម៉េរិក​ដើម្បី​ចូល​សាលា​មួយ​នៅ​ក្រុង​ញូវយ៉ក។ នៅ​ថ្ងៃ​មួយ បង​ស្រី​ម្នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​បង​ម៉ារីកូ​នៅ​ផ្ទះ​របស់​គាត់។ បង​ម៉ារីកូ​មាន​សាសនា​ផ្ទាល់​ខ្លួន​ហើយ ប៉ុន្ដែ​គាត់​ចាប់​ផ្ដើម​សិក្សា​គម្ពីរ​ជា​មួយ​នឹង​បង​ស្រី​នោះ។ គាត់​ចូល​ចិត្ដ​អ្វី​ដែល​គាត់​រៀន​ខ្លាំង​ណាស់ ដូច្នេះ​គាត់​បាន​សុំ​រៀន​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។ ទោះ​ជា​បង​ម៉ារីកូ​ជាប់​រវល់​ទៅ​រៀន​ផង​និង​ធ្វើ​ការ​មិន​ពេញ​ពេល​ផង​ក៏​ដោយ គាត់​ចាប់​ផ្ដើម​ចូល​រួម​កិច្ច​ប្រជុំ​ភ្លាម​ៗ។ គាត់​កាត់​បន្ថយ​ការ​កម្សាន្ដ​ដើម្បី​គាត់​អាច​មាន​ពេល​ច្រើន​ជាង​ដើម្បី​រៀន​សេចក្ដី​ពិត។ ដោយ​ធ្វើ​ការ​លះ​បង់​ទាំង​នេះ បង​ម៉ារីកូ​បាន​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា ហើយ​មិន​ដល់​មួយ​ឆ្នាំ​ផង គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប្រាំ​មួយ​ខែ​ក្រោយ​មក​នៅ​ឆ្នាំ​២០០៦ គាត់​ចាប់​ផ្ដើម​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​គាត់​នៅ​តែ​ត្រួស​ត្រាយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

៩, ១០. (​ក​) តើ​ការ​រៀន​សេចក្ដី​ពិត​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ទស្សនៈ​របស់​យើង​ចំពោះ​ទ្រព្យ​សម្បត្ដិ? (​ខ​) តើ​បង​ស្រី​ម្នាក់​បាន​លះ​បង់​អ្វី ហើយ​តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា?

ទ្រព្យ​សម្បត្ដិ: ដើម្បី​រៀន​សេចក្ដី​ពិត​យើង​ប្រហែល​ជា​ត្រូវ​បោះ​បង់​ចោល​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ច្រើន​ឬ​អាជីព​ល្អ​ក្នុង​ពិភព​លោក​នេះ។ ជា​ឧទាហរណ៍ ពេត្រុស​និង​អនទ្រេ​ជា​អ្នក​នេសាទ ប៉ុន្ដែ​ពេល​លោក​យេស៊ូ​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក ពួក​គាត់​បាន​លះ​បង់​មុខ​របរ​របស់​ពួក​គាត់។ (​ម៉ាថាយ ៤:១៨​-​២០​) នេះ​មិន​មាន​ន័យ​ថា ពេល​អ្នក​រៀន​សេចក្ដី​ពិត អ្នក​ត្រូវ​លះ​បង់​ការ​ងារ​របស់​អ្នក​ទេ។ យើង​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​ការ​និង​ចិញ្ចឹម​ក្រុម​គ្រួសារ។ (​ធីម៉ូថេ​ទី១ ៥:៨​) ប៉ុន្ដែ ពេល​យើង​រៀន​សេចក្ដី​ពិត យើង​ចាប់​ផ្ដើម​មាន​ទស្សនៈ​ផ្សេង​ចំពោះ​ទ្រព្យ​សម្បត្ដិ។ យើង​ដឹង​អំពី​អ្វី​ដែល​ពិត​ជា​សំខាន់​ក្នុង​ជីវិត។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ឈប់​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​នៅ​ផែន​ដី​»។ តែ​លោក​បាន​លើក​ទឹក​ចិត្ដ​យើង​ឲ្យ​«​ប្រមូល​ទ្រព្យ​សម្បត្ដិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថាន​សួគ៌​វិញ​»។ (​ម៉ាថាយ ៦:១៩, ២០​) បង​ស្រី​វ័យ​ក្មេង​ម្នាក់​ឈ្មោះ​ម៉ារៀ​បាន​ធ្វើ​ដូច្នេះ។

១០ តាំង​ពី​បង​ម៉ារៀ​នៅ​តូច គាត់​ចូល​ចិត្ដ​លេង​កីឡា​វាយ​កូន​ហ្គោល។ នៅ​វិទ្យាល័យ គាត់​កាន់​តែ​ពូកែ​លេង​កីឡា​នោះ រហូត​ដល់​គាត់​បាន​ទទួល​អាហារ​រូបករណ៍​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​មួយ។ បង​ម៉ារៀ​មាន​គោល​ដៅ​ទៅ​ជា​អ្នក​លេង​កីឡា​វាយ​កូន​ហ្គោល​អាជីព និង​រក​លុយ​បាន​ច្រើន។ ប៉ុន្ដែ​ក្រោយ​មក​គាត់​ចាប់​ផ្ដើម​រៀន​គម្ពីរ។ គាត់​ចូល​ចិត្ដ​អ្វី​ដែល​គាត់​បាន​រៀន​ខ្លាំង​ណាស់ ហើយ​គាត់​ចាប់​ផ្ដើម​អនុវត្ដ​អ្វី​ទាំង​នោះ​ក្នុង​ជីវិត​របស់​គាត់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ដ កាល​ដែល​ខ្ញុំ​កាន់​តែ​មាន​ចិត្ដ​គំនិត​និង​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​»។ បង​ម៉ារៀ​បាន​ទទួល​ស្គាល់​ថា ក្នុង​ពេល​ដំណាល​គ្នា​គឺ​ពិបាក​ឲ្យ​គាត់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ចំណង​មិត្ដភាព​របស់​គាត់​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ផង និង​អាជីព​របស់​គាត់​ជា​កីឡា​ការិនី​ផង។ (​ម៉ាថាយ ៦:២៤​) ដូច្នេះ គាត់​បាន​លះ​បង់​គោល​ដៅ​របស់​គាត់​ក្នុង​ការ​ធ្វើ​ជា​អ្នក​លេង​កីឡា​វាយ​កូន​ហ្គោល​អាជីព ដើម្បី​បាន​អ្វី​មួយ​ដ៏​ប្រសើរ​ជាង។ នៅ​សព្វ​ថ្ងៃ​នេះ គាត់​គឺ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​គាត់​និយាយ​ថា​គាត់​មាន​«​ជីវិត​ដ៏​សប្បាយ​និង​ដែល​មាន​ន័យ​ខ្លឹម​សារ​បំផុត​»។

លោក​យេស៊ូ​បាន​សន្យា​ថា ទោះ​ជា​យើង​ធ្វើ​ការ​លះ​បង់​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ដើម្បី​សេចក្ដី​ពិត យើង​នឹង​ទទួល​ច្រើន​ជាង​នេះ​មក​វិញ

១១. ពេល​យើង​រៀន​សេចក្ដី​ពិត តើ​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ប្រហែល​ជា​នឹង​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច?

១១ ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត: ពេល​យើង​ចាប់​ផ្ដើម​ធ្វើ​តាម​អ្វី​ដែល​យើង​បាន​រៀន​ពី​គម្ពីរ ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​មិត្ដ​ភក្ដិ​និង​ក្រុម​គ្រួសារ​ប្រហែល​ជា​នឹង​ផ្លាស់​ប្ដូរ។ លោក​យេស៊ូ​បាន​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ដែល​នេះ​កើត​ឡើង ពេល​លោក​បាន​អធិដ្ឋាន​អំពី​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​សូម​ញែក​ពួក​គាត់​ចេញ​ជា​បរិសុទ្ធ ដោយ​សារ​សេចក្ដី​ពិត។ ឯ​បណ្ដាំ​របស់​លោក​ជា​សេចក្ដី​ពិត​»។ (​យ៉ូហាន ១៧:១៧​) ពេល​យើង​ចាប់​ផ្ដើម​ធ្វើ​តាម​សេចក្ដី​ពិត​ក្នុង​ជីវិត​របស់​យើង យើង​បាន​ត្រូវ​ញែក​ចេញ​ពី​ពិភព​លោក​នេះ ដោយ​សារ​យើង​ធ្វើ​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ។ ទោះ​ជា​យើង​ព្យាយាម​បន្ដ​មាន​ទំនាក់​ទំនង​ជា​មួយ​សាច់​ញាតិ​និង​មិត្ដ​ភក្ដិ​ក៏​ដោយ ពួក​គេ​ប្រហែល​ជា​នឹង​លែង​សូវ​ស្រឡាញ់​យើង ឬ​ថែម​ទាំង​ប្រឆាំង​នឹង​ជំនឿ​ថ្មី​របស់​យើង។ នេះ​មិន​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឡើយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​សត្រូវ​របស់​មនុស្ស នឹង​មក​ពី​ពួក​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយនឹង​ពួក​គេ​»។ (​ម៉ាថាយ ១០:៣៦​) ប៉ុន្ដែ លោក​យេស៊ូ​ក៏​បាន​សន្យា​ថា ទោះ​ជា​យើង​ធ្វើ​ការ​លះ​បង់​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ដើម្បី​សេចក្ដី​ពិត យើង​នឹង​ទទួល​ច្រើន​ជាង​នេះ​មក​វិញ!—សូម​អាន ម៉ាកុស ១០:២៨​-​៣០

១២. តើ​បុរស​ជន​ជាតិ​ជ្វីស​ម្នាក់​បាន​លះ​បង់​អ្វី​ដើម្បី​បាន​សេចក្ដី​ពិត?

១២ តាំង​ពី​នៅ​ក្មេង បង​ប្រុស​ជន​ជាតិ​ជ្វីស​ម្នាក់​ឈ្មោះ​អេរ៉ុន​បាន​ជឿ​ថា ការ​និយាយ​នាម​របស់​ព្រះ​គឺ​ជា​ការ​ខុស។ ប៉ុន្ដែ គាត់​ពិត​ជា​ចង់​ស្គាល់​សេចក្ដី​ពិត​អំពី​ព្រះ។ នៅ​ថ្ងៃ​មួយ សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​បាន​បង្ហាញ​គាត់​ថា បើ​គាត់​ដាក់​ស្រៈ​ភ្ជាប់​នឹង​ព្យញ្ជនៈ​ភាសា​ហេប្រឺ​ទាំង​បួន​តួ​នៃ​នាម​របស់​ព្រះ នោះ​អាច​ចេញ​សំឡេង​ថា ​«​យេហូវ៉ា​»។ បង​អេរ៉ុន​រំភើប​ចិត្ដ​ជា​ខ្លាំង​ពេល​រៀន​ចំណុច​នេះ ដូច្នេះ​គាត់​ទៅ​សាលា​ប្រជុំ​ដើម្បី​ប្រាប់​អ្នក​បង្រៀន​សាសនា​របស់​ជន​ជាតិ​ជ្វីស! គាត់​បាន​គិត​ថា​ពួក​គេ​សប្បាយ​រៀន​សេចក្ដី​ពិត​អំពី​នាម​របស់​ព្រះ ប៉ុន្ដែ​ពួក​គេ​មិន​មាន​អារម្មណ៍​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ស្ដោះ​ទឹក​មាត់​ដាក់​គាត់ ហើយ​គេ​បាន​បណ្ដេញ​គាត់​ចេញ​ពី​សាលា​ប្រជុំ។ ក្រុម​គ្រួសារ​របស់​បង​អេរ៉ុន​ក៏​បាន​ប្រឆាំង​គាត់​ដែរ។ ប៉ុន្ដែ គាត់​មិន​ឲ្យ​អ្វី​ៗ​ទាំង​នេះ​បញ្ឈប់​គាត់​ពី​ការ​រៀន​ថែម​ទៀត​អំពី​ព្រះ​យេហូវ៉ា​ទេ។ បង​អេរ៉ុន​បាន​ក្លាយ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​គាត់​ស្លាប់។ ពេល​យើង​រៀន​សេចក្ដី​ពិត យើង​ក៏​អាច​រំពឹង​ថា​ទំនាក់​ទំនង​របស់​យើង​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ប្រហែល​ជា​នឹង​ផ្លាស់​ប្ដូរ។

១៣, ១៤. តើ​យើង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ​ក្នុង​ការ​ប្រព្រឹត្ដ​និង​របៀប​គិត​គូរ​របស់​យើង​ពេល​យើង​រៀន​សេចក្ដី​ពិត? សូម​លើក​ឧទាហរណ៍​មួយ។

១៣ គំនិត​និង​ការ​ប្រព្រឹត្ដ​មិន​ស្អាត​ស្អំ: ពេល​យើង​រៀន​សេចក្ដី​ពិត ហើយ​ចាប់​ផ្ដើម​មាន​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ យើង​ត្រូវ​សុខ​ចិត្ដ​កែ​តម្រូវ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ដ​របស់​យើង។ សាវ័ក​ពេត្រុស​បាន​សរសេរ​ថា​៖ ​«​ក្នុង​នាម​ជា​កូន​ដែល​ស្តាប់​បង្គាប់ ចូរ​ឈប់​បណ្ដោយ​ខ្លួន​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​អ្នក​រាល់​គ្នា​ធ្លាប់​មាន​កាល​នៅ​ល្ងង់​នៅ​ឡើយ​»។ បន្ទាប់​មក​គាត់​បន្ថែម​ថា​៖ ​«​ចូរ​ក្លាយ​ទៅ​ជា​មនុស្ស​បរិសុទ្ធ​ក្នុង​ការ​ប្រព្រឹត្ដ​ទាំង​អស់​»។ (​ពេត្រុស​ទី១ ១:១៤, ១៥​) នៅ​ក្រុង​កូរិនថូស​សម័យ​បុរាណ មនុស្ស​ជា​ច្រើន​បាន​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌។ អ្នក​ក្រុង​នោះ​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​ដើម្បី​ក្លាយ​ជា​មនុស្ស​ស្អាត​ស្អំ​តាម​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា។ (​កូរិនថូស​ទី១ ៦:៩​-​១១​) សព្វ​ថ្ងៃ​នេះ មនុស្ស​ជា​ច្រើន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ស្រដៀង​នឹង​នេះ​ពេល​ពួក​គេ​រៀន​សេចក្ដី​ពិត។ ពេត្រុស​ក៏​បាន​រំលឹក​គ្រិស្ដ​សាសនិក​នៅ​សម័យ​របស់​គាត់​ថា​៖ ​«​វេលា​ដែល​អ្នក​រាល់​គ្នា​បាន​ចំណាយ​ក្នុង​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ពិភព​លោក​នេះ​គឺ​ល្មម​ហើយ ជា​វេលា​ដែល​អ្នក​រាល់​គ្នា​បាន​ដើរ​ក្នុង​ផ្លូវ​សីលធម៌​ធូរ​រលុង តណ្ហា​ក្រាស់ ការ​ផឹក​ស្រា​ច្រើន​ហួស​ប្រមាណ ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត ការ​ប្រកួត​គ្នា​ផឹក​ស្រា ហើយ​ការ​គោរព​បូជា​រូប​ព្រះ​ខុស​ច្បាប់​»។—ពេត្រុស​ទី១ ៤:៣

១៤ បុរស​ម្នាក់​ឈ្មោះ​ដេវីន​និង​ស្ដ្រី​ម្នាក់​ឈ្មោះ​ចាស្មីន​បាន​ប្រមឹក​ស្រា​អស់​ជា​ច្រើន​ឆ្នាំ។ ទោះ​ជា​បង​ដេវីន​ពូកែ​ខាង​គណនេយ្យ​ក៏​ដោយ គាត់​មិន​អាច​មាន​ការ​ងារ​ជាប់​លាប់​បាន​ទេ​ដោយ​សារ​គាត់​ប្រមឹក​ស្រា។ បង​ចាស្មីន​បាន​ត្រូវ​គេ​ស្គាល់​ថា​ជា​មនុស្ស​ឆាប់​ខឹង​និង​ប្រើ​អំពើ​ហិង្សា។ នៅ​ថ្ងៃ​មួយ ពេល​គាត់​ស្រវឹង​ស្រា គាត់​បាន​ជួប​សាសនទូត​ពីរ​នាក់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តាម​ផ្លូវ។ ពួក​គេ​បាន​ស្នើ​សុំ​បង្រៀន​គម្ពីរ​ដល់​គាត់។ ប៉ុន្ដែ ពេល​ដែល​ពួក​គេ​បាន​ទៅ​ដល់​ផ្ទះ​របស់​ពួក​គាត់​នៅ​សប្ដាហ៍​បន្ទាប់ បង​ចាស្មីន​និង​បង​ដេវីន​បាន​ស្រវឹង​ស្រា​ហើយ។ ពួក​គាត់​មិន​បាន​គិត​ថា​សាសនទូត​នោះ​នឹង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ពួក​គាត់ ហើយ​មក​ផ្ទះ​របស់​ពួក​គាត់​ទេ។ លើក​ក្រោយ​ពេល​ដែល​សាសនទូត​នោះ​បាន​ទៅ​ផ្ទះ​របស់​ពួក​គាត់​គឺ​មិន​មាន​ស្ថានភាព​ដូច​លើក​មុន​ទេ។ បង​ចាស្មីន​និង​បង​ដេវីន​ចង់​ចាប់​ផ្ដើម​រៀន​សេចក្ដី​ពិត​ពី​គម្ពីរ ហើយ​ពួក​គាត់​ឆាប់​ធ្វើ​តាម​អ្វី​ដែល​ពួក​គាត់​បាន​រៀន។ មិន​ដល់​បី​ខែ​ផង ពួក​គាត់​បាន​ឈប់​ប្រមឹក​ស្រា ហើយ​ក្រោយ​មក​ពួក​គាត់​បាន​រៀប​ការ​ស្រប​ច្បាប់។ មនុស្ស​ជា​ច្រើន​នៅ​ភូមិ​របស់​ពួក​គាត់បាន​កត់​សម្គាល់​អំពី​ការ​ផ្លាស់​ប្ដូរ​របស់​បង​ចាស្មីន​និង​បង​ដេវីន ហើយ​ពួក​គេ​ចាប់​ផ្ដើម​រៀន​គម្ពីរ​ដែរ។

១៥. តើ​អ្វី​ប្រហែល​ជា​ការ​ផ្លាស់​ប្ដូរ​ដ៏​ពិបាក​បំផុត​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​បាន​សេចក្ដី​ពិត ហើយ​ហេតុ​អ្វី?

១៥ ទំនៀម​ទម្លាប់​ដែល​ព្រះ​មិន​ពេញ​ចិត្ដ: អ្វី​មួយ​ដ៏​ពិបាក​បំផុត​ដែល​យើង​ត្រូវ​ផ្លាស់​ប្ដូរ​គឺ​យើង​លែង​ចូល​រួម​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ។ សូម្បី​តែ​ក្រោយ​ពី​អ្នក​ខ្លះ​រៀន​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្វី​ៗ​ទាំង​នេះ ក៏​ពួក​គេ​នៅ​តែ​ពិបាក​ឈប់​ចូល​រួម​ធ្វើ​អ្វី​ទាំង​នេះ។ ពួក​គេ​ខ្វល់​ថា​ក្រុម​គ្រួសារ អ្នក​រួម​ការ​ងារ ឬ​មិត្ដ​ភក្ដិ​នឹង​មាន​ប្រតិកម្ម​មិន​ល្អ។ ពួក​គេ​ដឹង​ថា​មនុស្ស​ច្រើន​តែ​មាន​អារម្មណ៍​និង​ទស្សនៈ​ខ្លាំង​ចំពោះ​ទំនៀម​ទម្លាប់​ផ្សេង​ៗ ដូច​ជា​ទំនៀម​ទម្លាប់​ដែល​ជាប់​ទាក់​ទង​នឹង​ការ​គោរព​ចំពោះ​មនុស្ស​ស្លាប់។ (​ចោទិយកថា ១៤:១​) ដូច្នេះ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ដ៏​ចាំ​បាច់? យើង​អាច​រៀន​ពី​គំរូ​ដ៏​ល្អ​របស់​ពួក​អ្នក​ដែល​បាន​រស់​នៅ​សម័យ​មុន​ដែល​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ពេល​ពួក​គេ​បាន​រៀន​សេចក្ដី​ពិត ដូច​ជា​គ្រិស្ដ​សាសនិក​នា​សម័យ​ដើម​នៅ​ក្រុង​អេភេសូរ។

១៦. តើ​គ្រិស្ដ​សាសនិក​ខ្លះ​នៅ​ក្រុង​អេភេសូរ​បាន​ធ្វើ​ការ​លះ​បង់​អ្វី?

១៦ នៅ​ក្រុង​អេភេសូរ​សម័យ​បុរាណ មនុស្ស​ជា​ច្រើន​បាន​ប្រើ​មន្ដអាគម។ តើ​មនុស្ស​ដែល​ធ្លាប់​ប្រើ​មន្ដអាគម​បាន​ធ្វើ​អ្វី​ពេល​ពួក​គេ​បាន​ទៅ​ជា​គ្រិស្ដ​សាសនិក? គម្ពីរ​ពន្យល់​ថា​៖ ​«​មនុស្ស​ជា​ច្រើន​ដែល​ចេះ​វេទមន្ដ​បាន​យក​សៀវភៅ​របស់​ពួក​គេ​មក​ដាក់​រួម​គ្នា រួច​ដុត​ចោល​នៅ​មុខ​គេ​ទាំង​អស់​គ្នា។ ហើយ​ពួក​គេ​សរុប​តម្លៃ​សៀវភៅ​ទាំង​នោះ​ឃើញ​ថា​មាន​តម្លៃ​ប្រាំ​ម៉ឺន​កាក់​ធ្វើ​ពី​ប្រាក់។ ដូច្នេះ បណ្ដាំ​របស់​ព្រះ​យេហូវ៉ា​បន្ដ​ដុះ​ដាល​ចម្រើន​ឡើង ហើយ​មាន​អំណាច​ខ្លាំង​ក្លា​»។ (​សកម្មភាព ១៩:១៩, ២០​) គ្រិស្ដ​សាសនិក​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ បាន​សុខ​ចិត្ដ​លះ​បង់​សៀវភៅ​ដែល​មាន​តម្លៃ​ថ្លៃ​ណាស់ ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពួក​គេ​ដោយ​សារ​ពួក​គេ​បាន​ធ្វើ​ដូច្នេះ។

តើ​អ្នក​បាន​លះ​បង់​អ្វី​ខ្លះ​ដើម្បី​រៀន​សេចក្ដី​ពិត?

១៧. (​ក​) តើ​យើង​ប្រហែល​ជា​បាន​លះ​បង់​អ្វី​ខ្លះ​ដើម្បី​សេចក្ដី​ពិត? (​ខ​) តើ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​បន្ទាប់?

១៧ តើ​អ្នក​បាន​លះ​បង់​អ្វី​ខ្លះ​ដើម្បី​រៀន​សេចក្ដី​ពិត? យើង​ទាំង​អស់​គ្នា​បាន​លះ​បង់​ពេល​វេលា។ យើង​ប្រហែល​ជា​បាន​លះ​បង់​ឱកាស​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​មាន។ ម្យ៉ាង​ទៀត ទំនាក់​ទំនង​ដែល​យើង​មាន​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​ប្រហែល​ជា​បាន​ផ្លាស់​ប្ដូរ។ យើង​ជា​ច្រើន​នាក់​បាន​កែ​ប្រែ​របៀប​គិត​គូរ​និង​ការ​ប្រព្រឹត្ដ​របស់​យើង ហើយ​បាន​ឈប់​ធ្វើ​តាម​ទំនៀម​ទម្លាប់​ដែល​ព្រះ​យេហូវ៉ា​មិន​ពេញ​ចិត្ដ។ ប៉ុន្ដែ​យើង​ជឿ​ជាក់​ថា សេចក្ដី​ពិត​ពី​គម្ពីរ​គឺ​មាន​តម្លៃ​ខ្ពស់​ជាង​អ្វី​ណា​ក៏​ដោយ​ដែល​យើង​បាន​លះ​បង់។ ដោយ​សារ​សេចក្ដី​ពិត​ក្នុង​គម្ពីរ យើង​អាច​មាន​ចំណង​មិត្ដភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ហើយ​នេះ​ជា​អ្វី​ដែល​មាន​តម្លៃ​បំផុត​ចំពោះ​យើង។ ពេល​យើង​គិត​អំពី​ពរ​ជា​ច្រើន​ដែល​យើង​បាន​ទទួល​ដោយ​សារ​យើង​ស្គាល់​សេចក្ដី​ពិត យើង​ពិបាក​យល់​អំពី​មូលហេតុ​ដែល​អ្នក​ខ្លះ​«​លក់​»​សេចក្ដី​ពិត​នោះ​ទៅ​វិញ។ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? តើ​តាម​របៀប​ណា​យើង​អាច​ជៀស​វាង​ពី​ការ​ធ្វើ​អ្វី​ដែល​ខុស​ធ្ងន់​ធ្ងរ​បែប​នោះ? យើង​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​អត្ថបទ​បន្ទាប់។

^ វគ្គ 8 ឈ្មោះ​ខ្លះ​ក្នុង​អត្ថបទ​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។