លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​ណា​កំពុង​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ​របស់​អ្នក?

តើ​អ្នក​ណា​កំពុង​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ​របស់​អ្នក?

​«​ឈប់​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ​»។—រ៉ូម ១២:២

ចម្រៀង​លេខ: ៨៨, ៤៥

១, ២. (​ក​) តើ​លោក​យេស៊ូ​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ពេត្រុស​ប្រាប់​លោក​ឲ្យ​អាណិត​ខ្លួន? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) ហេតុ​អ្វី​លោក​យេស៊ូ​បាន​មាន​ប្រតិកម្ម​បែប​នេះ?

អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ភ្ញាក់​ផ្អើល! ពួក​គេ​បាន​គិត​ថា​លោក​យេស៊ូ​នឹង​តាំង​ឡើង​វិញ​នូវ​រាជាណាចក្រ​អ៊ីស្រាអែល ប៉ុន្ដែ​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​មិន​យូរ​ទៀត លោក​នឹង​រង​ទុក្ខ​និង​ស្លាប់។ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ ​«​លោក​ម្ចាស់ សូម​អាណិត​ខ្លួន​ផង ការ​នេះ​នឹង​មិន​កើត​ឡើង​ដល់​លោក​ឡើយ​»។ លោក​យេស៊ូ​បាន​តប​ឆ្លើយ​ថា​៖ ​«​នែ! សាថាន ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ! អ្នក​កំពុង​ដាក់​ឧបសគ្គ​ដែល​អាច​នាំ​ឲ្យ​ខ្ញុំ​ជំពប់​ដួល ពី​ព្រោះ​អ្នក​មិន​គិត​តាម​គំនិត​របស់​ព្រះ​ទេ តែ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ​»។—ម៉ាថាយ ១៦:២១​-​២៣; សកម្មភាព ១:៦

ដោយ​មាន​ប្រសាសន៍​ដូច្នេះ លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា គំនិត​របស់​ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​ពី​គំនិត​របស់​ពិភព​លោក​នេះ​ដែល​នៅ​ក្រោម​អំណាច​របស់​សាថាន។ (​យ៉ូហាន​ទី១ ៥:១៩​) ពេត្រុស​បាន​លើក​ទឹក​ចិត្ដ​លោក​យេស៊ូ​ឲ្យ​មាន​ចិត្ដ​គំនិត​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដែល​មនុស្ស​ជា​ច្រើន​មាន​ក្នុង​ពិភព​លោក​នេះ។ ប៉ុន្ដែ លោក​យេស៊ូ​បាន​ដឹងថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​លោក​ត្រៀម​ខ្លួន​សម្រាប់​ការ​រង​ទុក្ខ​និង​សេចក្ដី​ស្លាប់​ដែល​មិន​យូរ​ទៀត​លោក​នឹង​ជួប​ប្រទះ។ ចម្លើយ​របស់​លោក​យេស៊ូ​បង្ហាញ​ច្បាស់​ថា​លោក​បាន​ទទួល​យក​គំនិត​របស់​ព្រះ​យេហូវ៉ា ហើយ​មិន​ព្រម​ទទួល​គំនិត​របស់​ពិភព​លោក​ទេ។

៣. ហេតុ​អ្វី​ការ​ទទួល​យក​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា និង​ការ​មិន​ទទួល​យក​ទស្សនៈ​របស់​ពិភព​លោក​គឺ​ពិបាក?

ចុះ​យើង​វិញ តើ​យើង​មាន​គំនិត​ដូច​ព្រះ​យេហូវ៉ា​ឬ​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ? ក្នុង​នាម​ជា​គ្រិស្ដ​សាសនិក​ពិត យើង​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​ប្រព្រឹត្ដ​របស់​យើង​នាំ​ឲ្យ​ព្រះ​ពេញ​ចិត្ដ។ ប៉ុន្ដែ ចុះ​យ៉ាង​ណា​អំពី​របៀប​គិត​គូរ​របស់​យើង? តើ​យើង​ខំ​ព្យាយាម​មាន​គំនិត​ដូច​ព្រះ​យេហូវ៉ា ពោល​គឺ​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​រឿង​ផ្សេង​ៗ​ឬ​ទេ? ការ​ធ្វើ​ដូច្នេះ​ត្រូវ​ការ​ការ​ខំ​ព្យាយាម។ ប៉ុន្ដែ គឺ​ងាយ​ស្រួល​ណាស់​ឲ្យ​យើង​មាន​គំនិត​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ ដោយ​សារ​ចិត្ដ​គំនិត​របស់​ពិភព​លោក​នៅ​ជុំ​វិញ​យើង។ (​អេភេសូរ ២:២​) ម្យ៉ាង​ទៀត មនុស្ស​ក្នុង​ពិភព​លោក​ច្រើន​តែ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ខ្លួន​ឯង ហើយ​យើង​ប្រហែល​ជា​មាន​ចិត្ដ​ចង់​ធ្វើ​ដូច​ពួក​គេ។ ពិត​មែន ការ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​គឺ​ពិបាក តែ​ការ​មាន​ទស្សនៈ​ដូច​មនុស្ស​ក្នុង​ពិភព​លោក​នេះ​គឺ​ស្រួល​ណាស់។

៤. (​ក​) តើ​អ្វី​នឹង​កើត​ឡើង បើ​យើង​អនុញ្ញាត​ឲ្យ​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ​របស់​យើង? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​អត្ថបទ​នេះ?

បើ​យើង​អនុញ្ញាត​ឲ្យ​ពិភព​លោក​នេះ​មាន​ឥទ្ធិពល​មក​លើ​របៀប​គិត​គូរ​របស់​យើង យើង​នឹង​ទំនង​ជា​ទៅ​ជា​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ចង់​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង​អំពី​អ្វី​ដែល​ខុស​និង​អ្វី​ដែល​ត្រូវ។ (​ម៉ាកុស ៧:២១, ២២​) ដូច្នេះ គឺ​សំខាន់​ចាំ​បាច់​ដែល​យើង​រៀន​ឲ្យ​«​គិត​តាម​គំនិត​របស់​ព្រះ​»​ មិន​មែន​«​គំនិត​របស់​មនុស្ស​»។ អត្ថបទ​នេះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ។ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​ការ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ​គឺ​មិន​ដាក់​កម្រិត​ច្រើន​ពេក​លើ​យើង​ទេ តែ​មាន​ប្រយោជន៍​ចំពោះ​យើង​វិញ។ យើង​ក៏​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​មិន​ទទួល​ឥទ្ធិពល​ពី​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​ដឹង​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ ហើយ​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​ដូច​លោក។

របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​គឺ​មាន​ប្រយោជន៍

៥. ហេតុ​អ្វី​អ្នក​ខ្លះ​មិន​ចង់​ទទួល​ឥទ្ធិពល​ពី​អ្នក​ឯ​ទៀត?

មនុស្ស​ខ្លះ​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ​របស់​ពួក​គេ​ទេ។ ពួក​គេ​និយាយ​ថា ​«​ខ្ញុំ​អាច​គិត​ខ្លួន​ឯង​បាន​»។ ពួក​គេ​ទំនង​ជា​មាន​ន័យ​ថា​ពួក​គេ​ចង់​ធ្វើ​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន ហើយ​ថា​ពួក​គេ​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ។ ពួក​គេ​មិន​ចង់​ឲ្យ​អ្នក​ឯ​ទៀត​មាន​អំណាច​លើ​ពួក​គេ ឬ​បង្ខំ​ឲ្យ​ពួក​គេ​ប្រព្រឹត្ដ​ដូច​មនុស្ស​ឯ​ទៀត​ឡើយ * (​សូម​មើល​កំណត់​សម្គាល់​)។

៦. (​ក​) តើ​ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​សេរី​ភាព​បែប​ណា? (​ខ​) តើ​សេរី​ភាព​នេះ​គ្មាន​កម្រិត​ឬ​ទេ?

ទោះ​ជា​យើង​ទទួល​យក​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​ក្ដី យើង​នៅ​តែ​អាច​មាន​មតិ​រៀង​ៗ​ខ្លួន​បាន។ កូរិនថូស​ទី២ ៣:១៧​ចែង​ថា​៖ ​«​កន្លែង​ណា​ដែល​មាន​សកម្មពល​របស់​ព្រះ​យេហូវ៉ា កន្លែង​នោះ​មាន​សេរី​ភាព​»។ ព្រះ​យេហូវ៉ា​ឲ្យ​យើង​នូវ​សេរី​ភាព​សម្រេច​ចិត្ដ​ថា​យើង​ចង់​ធ្វើ​ជា​មនុស្ស​បែប​ណា។ យើង​អាច​មាន​ចំណង់​ចំណូល​ចិត្ដ​រៀង​ៗ​ខ្លួន ហើយ​ជ្រើស​រើស​អ្វី​ដែល​យើង​ចាប់​អារម្មណ៍​ធ្វើ។ ព្រះ​យេហូវ៉ា​បាន​បង្កើត​យើង​ឲ្យ​មាន​លក្ខណៈ​បែប​នេះ។ ប៉ុន្ដែ នេះ​មិន​មាន​ន័យ​ថា​យើង​មាន​សេរី​ភាព​ដែល​គ្មាន​កម្រិត​ទេ។ (​សូម​អាន ពេត្រុស​ទី១ ២:១៦) ពេល​យើង​ត្រូវ​ដឹង​អំពី​អ្វី​ដែល​ខុស​ឬ​អ្វី​ដែល​ត្រូវ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ប្រើ​បណ្ដាំ​របស់​លោក​ដើម្បី​ណែនាំ​យើង។ តើ​ការធ្វើ​ដូច្នេះ​ដាក់​កម្រិត​ច្រើន​ពេក​លើ​យើង ឬ​មាន​ប្រយោជន៍​សម្រាប់​យើង?

៧, ៨. តើ​ការ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ ដាក់​កម្រិត​ច្រើន​ពេក​លើ​យើង​ឬ​ទេ? សូម​លើក​ឧទាហរណ៍​មួយ។

យើង​អាច​គិត​អំពី​ឧទាហរណ៍​នេះ។ ឪ​ពុក​ម្ដាយ​ព្យាយាម​បង្រៀន​កូន​ៗ​របស់​ពួក​គេ​ឲ្យ​កាន់​តាម​ខ្នាត​តម្រា​ល្អ។ ពួក​គេ​ប្រហែល​ជា​បង្រៀន​កូន​ឲ្យ​ប្រព្រឹត្ដ​ដោយ​ទៀង​ត្រង់ ខំ​ធ្វើ​ការ និង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​អ្នក​ឯ​ទៀត។ ការ​ធ្វើ​ដូច្នេះ​គឺ​មិន​ដាក់​កម្រិត​ច្រើន​ពេក​លើ​កូន​ទេ។ ឪ​ពុក​ម្ដាយ​ធ្វើ​ដូច្នេះ​ដោយ​សារ​ចង់​ឲ្យ​កូន​មាន​គុណ​សម្បត្ដិ​ដែល​នឹង​ជួយ​ពួក​គេ​ឲ្យ​មាន​ជោគ​ជ័យ​ក្នុង​ជីវិត។ កាល​ដែល​កូន​ធំ​ហើយ និង​ចាក​ចេញ​ពី​ផ្ទះ ពួក​គេ​នឹង​មាន​សេរី​ភាព​ធ្វើ​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួន។ បើ​ពួក​គេ​សម្រេច​ចិត្ដ​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ដ៏​ល្អ​ដែល​ឪ​ពុក​ម្ដាយ​បាន​បង្រៀន​ពួក​គេ នោះ​ពួក​គេ​ទំនង​ជា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ ហើយ​ជៀស​វាង​ពី​ការ​ខ្វល់​ខ្វាយ ការ​មាន​អារម្មណ៍​ស្តាយ​ក្រោយ និង​បញ្ហា​ជា​ច្រើន។

ព្រះ​យេហូវ៉ា​អញ្ជើញ​យើង​ឲ្យ​រៀន​អំពី​របៀប​ដែល​យើង​អាច​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​រឿង​ផ្សេង​ៗ ហើយ​ឲ្យ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក

ដូច​ឪ​ពុក​ម្ដាយ​ដ៏​ល្អ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​កូន​ៗ​របស់​លោក​មាន​ជីវិត​ដែល​នាំ​ឲ្យ​ពួក​គេ​ស្កប់​ចិត្ដ​បំផុត។ (​អេសាយ ៤៨:១៧, ១៨​) ដូច្នេះ លោក​បង្រៀន​យើង​អំពី​គោល​ការណ៍​ដែល​យើង​អាច​ប្រើ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ដ​អំពី​សីលធម៌​និង​របៀប​ដែល​យើង​គួរ​ប្រព្រឹត្ដ​ចំពោះ​អ្នក​ឯ​ទៀត។ លោក​អញ្ជើញ​យើង​ឲ្យ​រៀន​អំពី​របៀប​ដែល​យើង​អាច​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​រឿង​ផ្សេង​ៗ ហើយ​ឲ្យ​រស់​នៅ​សម​ស្រប​តាម​ខ្នាត​តម្រា​របស់​លោក។ ការ​ធ្វើ​ដូច្នេះ​មិន​ដាក់​កម្រិត​ច្រើន​ពេក​លើ​យើង​ទេ។ ផ្ទុយ​ទៅ​វិញ នេះ​ធ្វើ​ឲ្យ​យើង​មាន​ប្រាជ្ញា​ច្រើន​ជាង និង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ល្អ​ប្រសើរ​ជាង។ (​ទំនុក​តម្កើង ៩២:៥; សុភាសិត ២:១​-​៥; អេសាយ ៥៥:៩​) យើង​នៅ​តែ​អាច​ធ្វើ​តាម​ចំណង់​ចំណូល​ចិត្ដ​ផ្ទាល់​ខ្លួន ប៉ុន្ដែ​យើង​នឹង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​នឹង​នាំ​ឲ្យ​យើង​សប្បាយ។ (​ទំនុក​តម្កើង ១:២, ៣​) យើង​ទទួល​ប្រយោជន៍​ជា​ច្រើន ពេល​យើង​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា!

របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​គឺ​ប្រសើរ​ជាង​គេ

៩, ១០. តើ​អ្វី​បង្ហាញ​ថា​គំនិត​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ប្រសើរ​ជាង​គំនិត​របស់​ពិភព​លោក​នេះ?

មូលហេតុ​មួយ​ទៀត​ដែល​យើង​ចង់​មាន​គំនិត​ដូច​ព្រះ​យេហូវ៉ា​គឺ​ដោយ​សារ​របៀប​គិត​គូរ​របស់​លោក​គឺ​ល្អ​ប្រសើរ​ជាង​របៀប​គិត​គូរ​របស់​ពិភព​លោក​នេះ​ឆ្ងាយ​ណាស់។ ពិភព​លោក​នេះ​ឲ្យ​យោបល់​អំពី​ខ្នាត​តម្រា​សីលធម៌ របៀប​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ និង​របៀប​មាន​អាជីព​ដ៏​ល្អ​ជា​ដើម។ ប៉ុន្ដែ យោបល់​ទាំង​នេះ​ភាគ​ច្រើន​គឺ​មិន​សម​ស្រប​នឹង​គំនិត​របស់​ព្រះ​យេហូវ៉ា​ទេ។ ជា​ឧទាហរណ៍ ពិភព​លោក​នេះ​ច្រើន​តែ​លើក​ទឹក​ចិត្ដ​មនុស្ស​ឲ្យ​ស្វែង​រក​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​ចាត់​ទុក​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​អ្វី​ដែល​ធម្មតា។ ម្យ៉ាង​ទៀត ជួន​កាល​ពិភព​លោក​នេះ​ឲ្យ​យោបល់​ថា​ប្ដី​ប្រពន្ធ​គួរ​រស់​នៅ​បែក​ពី​គ្នា​ឬ​លែង​លះ​គ្នា​សម្រាប់​រឿង​តូច​តាច បើ​ពួក​គេ​គិត​ថា​ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​ពួក​គេ​សប្បាយ​ជាង។ យោបល់​នេះ​ប្រឆាំង​នឹង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ ប៉ុន្ដែ​នៅ​សព្វ​ថ្ងៃ​នេះ តើ​យោបល់​របស់​ពិភព​លោក​នេះ​មាន​ប្រយោជន៍​ច្រើន​ជាង​យោបល់​ពី​គម្ពីរ​ឬ​ទេ?

១០ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អំពើ​សុចរិត​ដែល​មនុស្ស​ម្នាក់​ធ្វើ បង្ហាញ​ថា​អ្នក​នោះ​មាន​ប្រាជ្ញា​»។ (​ម៉ាថាយ ១១:១៩​) ទោះ​ជា​ពិភព​លោក​នេះ​បាន​រីក​ចម្រើន​ខាង​បច្ចេកវិទ្យា​ក្ដី វា​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ធំ​ៗ​ដូច​ជា​សង្គ្រាម ការប្រកាន់​ពូជ​សាសន៍ និង​ឧក្រិដ្ឋកម្ម​ឡើយ។ ដោយ​សារ​បញ្ហា​ទាំង​នេះ​យើង​មិន​អាច​មាន​សុភមង្គល​បាន​ទេ។ ម្យ៉ាង​ទៀត ពិភព​លោក​នេះ​ចាត់​ទុក​ថា​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​ជា​រឿង​ធម្មតា។ ប៉ុន្ដែ មនុស្ស​ជា​ច្រើន​យល់​ថា​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​បំផ្លាញ​ក្រុម​គ្រួសារ នាំ​ឲ្យ​មាន​បញ្ហា​សុខភាព ហើយ​មាន​ផល​ពិបាក​ផ្សេង​ទៀត។ ចុះ​យ៉ាង​ណា​អំពី​យោបល់​របស់​ព្រះ​យេហូវ៉ា? គ្រិស្ដ​សាសនិក​ដែល​បាន​ទទួល​យក​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​នេះ មាន​សុភមង្គល​ច្រើន​ជាង​ក្នុង​ក្រុម​គ្រួសារ មាន​សុខភាព​ល្អ​ជាង និង​មាន​សន្ដិ​ភាព​ជា​មួយ​នឹង​បង​ប្អូន​របស់​ពួក​គេ​នៅ​ទូ​ទាំង​ពិភព​លោក។ (​អេសាយ ២:៤; សកម្មភាព ១០:៣៤, ៣៥; កូរិនថូស​ទី១ ៦:៩​-​១១​) នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​គំនិត​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ប្រសើរ​ជាង​គំនិត​របស់​ពិភព​លោក។

១១. តើ​ម៉ូសេ​បាន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ណែនាំ​គំនិត​គាត់ ហើយ​តើ​នោះ​មាន​លទ្ធផល​អ្វី?

១១ អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នៅ​អតីតកាល​បាន​ដឹង​ថា​គំនិត​របស់​ព្រះ​យេហូវ៉ា​គឺ​ល្អ​ប្រសើរ​ជាង​គេ។ ជា​ឧទាហរណ៍ ទោះ​ជា​ម៉ូសេ​បាន​ត្រូវ​អប់រំ​«​ទៅ​តាម​អស់​ទាំង​ចំណេះ​វិជ្ជា[​ឬ​«​ប្រាជ្ញា​»​]របស់​ជន​ជាតិ​អេស៊ីប​»​ក្ដី គាត់​ដឹង​ថា​ប្រាជ្ញា​ដ៏​ពិត​ប្រាកដ​គឺ​មក​ពី​ព្រះ​យេហូវ៉ា។ (​សកម្មភាព ៧:២២; កំ.ស.; ទំនុក​តម្កើង ៩០:១២​) ដូច្នេះ គាត់​បាន​សុំ​ព្រះ​យេហូវ៉ា​ថា​៖ ​«​សូម​សំ​ដែង​បង្ហាញ​អស់​ទាំង​ផ្លូវ​របស់​ទ្រង់​ដល់​ទូល​បង្គំ​ផង​»។ (​និក្ខមនំ ៣៣:១៣​) ដោយ​សារ​ម៉ូសេ​បាន​ឲ្យ​ព្រះ​យេហូវ៉ា​ដឹក​នាំ​គំនិត​របស់​គាត់ ព្រះ​យេហូវ៉ា​បាន​ប្រើ​គាត់​តាម​របៀប​ដ៏​អស្ចារ្យ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក ហើយ​លោក​បាន​លើក​កិត្ដិយស​ម៉ូសេ​ដោយ​មាន​ប្រសាសន៍​ថា​គាត់​ជា​បុរស​ដែល​មាន​ជំនឿ​ខ្លាំង។—ហេប្រឺ ១១:២៤​-​២៧

១២. តើ​ការ​សម្រេច​ចិត្ដ​របស់​ប៉ូល​មាន​មូលដ្ឋាន​លើ​អ្វី?

១២ សាវ័ក​ប៉ូល​ជា​មនុស្ស​ឆ្លាត​និង​បាន​ទទួល​ការ​អប់រំ​ខ្ពស់ ហើយ​គាត់​ចេះ​និយាយ​យ៉ាង​ហោច​ណាស់​ពីរ​ភាសា។ (​សកម្មភាព ៥:៣៤; ២១:៣៧, ៣៩; ២២:២, ៣​) ទោះ​ជា​យ៉ាង​នោះ​ក្ដី គាត់​មិន​ព្រម​ទទួល​ប្រាជ្ញា​របស់​ពិភព​លោក​ទេ តែ​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ។ (​សូម​អាន សកម្មភាព ១៧:២; កូរិនថូស​ទី១ ២:៦, ៧, ១៣) ជា​លទ្ធផល គាត់​ទទួល​ជោគ​ជ័យ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ហើយ​ទន្ទឹង​រង់​ចាំ​ទទួល​រង្វាន់​ដែល​នឹង​ស្ថិតស្ថេរ​ជា​រៀង​រហូត។—ធីម៉ូថេ​ទី២ ៤:៨

១៣. តើ​អ្នក​ណា​ត្រូវ​កែ​តម្រង់​របៀប​គិត​គូរ​របស់​យើង​ដើម្បី​ឲ្យ​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា?

១៣ យើង​អាច​ឃើញ​ច្បាស់​ថា របៀប​គិត​គូរ​របស់​ព្រះ​គឺ​ប្រសើរ​ជាង​របៀប​គិត​គូរ​របស់​ពិភព​លោក​ឆ្ងាយ​ណាស់។ បើ​យើង​ធ្វើ​តាម​ខ្នាត​តម្រា​របស់​ព្រះ យើង​នឹង​ទទួល​ជោគ​ជ័យ​និង​មាន​សុភមង្គល​ពិត​ប្រាកដ។ ប៉ុន្ដែ ព្រះ​យេហូវ៉ា​មិន​បង្ខំ​យើង​ឲ្យ​មាន​គំនិត​ដូច​លោក​ទេ។ ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​មិន​គ្រប់​គ្រង​លើ​គំនិត​របស់​យើង ហើយ​ពួក​អ្នក​ចាស់​ទុំ​ក៏​មិន​ធ្វើ​ដូច្នេះ​ដែរ។ (​ម៉ាថាយ ២៤:៤៥; កូរិនថូស​ទី២ ១:២៤​) យើង​ម្នាក់​ៗ​ត្រូវ​កែ​តម្រង់​របៀប​គិត​គូរ​របស់​ខ្លួន ដើម្បី​ឲ្យ​យើង​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ។ តើ​យើង​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ចូរ​កុំ​ឲ្យ​ពិភព​លោក​នេះ​ជះ​ឥទ្ធិពល​មក​លើ​អ្នក

១៤, ១៥. (​ក​) តើ​យើង​ត្រូវ​រំពឹង​គិត​អំពី​អ្វី​ដើម្បី​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា? (​ខ​) ហេតុ​អ្វី​យើង​មិន​ត្រូវ​ឲ្យ​ទស្សនៈ​របស់​ពិភព​លោក​នេះ​ចូល​ទៅ​ក្នុង​គំនិត​របស់​យើង? សូម​លើក​ឧទាហរណ៍​មួយ។

១៤ រ៉ូម ១២:២​ចែង​ថា​៖ ​«​ឈប់​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ តែ​ចូរ​ទទួល​ការ​កែ​ប្រែ​ទាំង​ស្រុង ដោយ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ពិសោធ​មើល​ដោយ​ខ្លួន​អ្នក​ឲ្យ​ដឹង​នូវ​បំណង​ប្រាថ្នា​ដ៏​ប្រសើរ សម​រម្យ និង​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​»។ យើង​រៀន​ពី​បទ​គម្ពីរ​នេះ​ថា ទោះ​ជា​មាន​អ្វី​ដែល​បាន​ដឹក​នាំ​គំនិត​របស់​យើង​មុន​ដែល​យើង​បាន​រៀន​សេចក្ដី​ពិត​ក្ដី យើង​អាច​ផ្លាស់​ប្ដូរ​របៀប​គិត​គូរ​របស់​យើង ហើយ​មាន​របៀប​គិត​គូរ​ដូច​ព្រះ​វិញ។ បទ​ពិសោធន៍​និង​លក្ខណៈ​ដែល​យើង​មាន​ពី​កំណើត​មាន​ឥទ្ធិពលមួយ​កម្រិត​ទៅ​លើ​របៀប​គិត​គូរ​របស់​យើង ប៉ុន្ដែ​របៀប​គិត​គូរ​របស់​យើង​អាច​ផ្លាស់​ប្ដូរ​ជា​និច្ច។ របៀប​គិត​គូរ​របស់​យើង​នឹង​ផ្លាស់​ប្ដូរ​តាម​អ្វី​ដែល​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​គិត​ពិចារណា។ បើ​យើង​រំពឹង​គិត​អំពី​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា យើង​នឹង​ពិសោធ​មើល​ដោយ​ខ្លួន​យើង​ថា​ទស្សនៈ​របស់​លោក​គឺ​តែង​តែ​ត្រឹម​ត្រូវ។ យ៉ាង​នេះ យើង​នឹង​ចង់​មាន​ទស្សនៈ​ដូច​លោក​ចំពោះ​រឿង​ផ្សេង​ៗ។

១៥ ប៉ុន្ដែ ការ​ផ្លាស់​ប្ដូរ​ជា​ថ្មី​នូវ​របៀប​គិត​គូរ​របស់​យើង ដើម្បី​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា តម្រូវ​ឲ្យ​យើង​«​ឈប់​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ​»។ នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ឈប់​មើល អាន និង​ស្តាប់​អ្វី​ណា​ក៏​ដោយ​ដែល​ប្រឆាំង​នឹង​គំនិត​របស់​ព្រះ។ ដើម្បី​ជួយ​យើង​ឲ្យ​យល់​ថា​នេះ​សំខាន់​យ៉ាង​ណា សូម​គិត​អំពី​ឧទាហរណ៍​មួយ​ស្ដី​អំពី​ម្ហូប​អាហារ។ បុគ្គល​ដែល​ចង់​មាន​សុខភាព​ល្អ​ជាង ប្រហែល​ជា​នឹង​សម្រេច​ចិត្ដ​បរិភោគ​អាហារ​ដែល​មាន​ជីវជាតិ។ ប៉ុន្ដែ ការ​ព្យាយាម​របស់​គាត់​នឹង​គ្មាន​ប្រយោជន៍​ទេ បើ​គាត់​នៅ​តែ​បរិភោគ​ម្ហូប​អាហារ​ដែល​ខូច​ជា​ទៀង​ទាត់! ស្រដៀង​គ្នា​ដែរ ការ​ខំ​ព្យាយាម​របស់​យើង​ដើម្បី​រៀន​អំពី​របៀប​គិត​គូរ​របស់​ព្រះ​យេហូវ៉ា​នឹង​គ្មាន​ប្រយោជន៍ បើ​យើង​អនុញ្ញាត​ឲ្យ​ទស្សនៈ​របស់​ពិភព​លោក​នេះ​ចូល​ទៅ​ក្នុង​គំនិត​របស់​យើង។

១៦. តើ​យើង​ត្រូវ​ការ​ពារ​ខ្លួន​ពី​អ្វី?

១៦ តើ​យើង​អាច​មិន​ទទួល​សោះ​នូវ​គំនិត​របស់​ពិភព​លោក​នេះ​ឬ​ទេ? មិន​មែន​ទេ។ យើង​នឹង​ដឹង​អំពី​ទស្សនៈ​ខ្លះ​ៗ​របស់​ពិភព​លោក ដោយ​សារ​យើង​មិន​អាច​ចាក​ចេញ​ពី​ពិភព​លោក​នេះ​បាន​ទេ។ (​កូរិនថូស​ទី១ ៥:៩, ១០​) សូម្បី​តែ​ពេល​យើង​ផ្សព្វ​ផ្សាយ ក៏​យើង​នឹង​ឮ​មនុស្ស​និយាយ​អំពី​ទស្សនៈ​មិន​ត្រឹម​ត្រូវ​និង​ជំនឿ​មិន​ពិត។ ប៉ុន្ដែ ទោះ​ជា​យើង​មិន​អាច​ចៀស​ផុត​ទាំង​ស្រុង​ពី​ទស្សនៈ​មិន​ត្រឹម​ត្រូវ​របស់​មនុស្ស​ក្នុង​ពិភព​លោក​នេះ​ក្ដី យើង​មិន​ត្រូវ​បន្ដ​គិត​ឬ​ទទួល​យក​ទស្សនៈ​នោះ​ទេ។ ដូច​លោក​យេស៊ូ យើង​គួរ​បដិសេធ​ភ្លាម​ៗ​នូវ​គំនិត​ណា​ដែល​សាថាន​ចង់​ឲ្យ​យើង​មាន។ ម្យ៉ាង​ទៀត យើង​អាច​ការ​ពារ​ខ្លួន​ដោយ​មិន​អាន មើល និង​ស្តាប់​អ្វី​ដែល​មិន​ចាំ​បាច់​ដែល​នាំ​ឲ្យ​យើង​ទទួល​ឥទ្ធិពល​ពី​ពិភព​លោក​នេះ។—សូម​អាន សុភាសិត ៤:២៣

១៧. តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជៀស​វាង​ពី​គំនិត​របស់​ពិភព​លោក​នេះ?

១៧ ជា​ឧទាហរណ៍ យើង​គួរ​ជ្រើស​រើស​មិត្ដ​ភក្ដិ​ដោយ​ប្រុង​ប្រយ័ត្ន។ គម្ពីរ​ព្រមាន​ថា បើ​យើង​មាន​មិត្ដ​ជិត​ស្និទ្ធ​ដែល​មិន​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា យើង​នឹង​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​ដូច​ពួក​គេ។ (​សុភាសិត ១៣:២០; កូរិនថូស​ទី១ ១៥:១២, ៣២, ៣៣​) យើង​ក៏​គួរ​ធ្វើ​ការ​សម្រេច​ចិត្ដ​អំពី​ការ​កម្សាន្ដ​ដោយ​ប្រុង​ប្រយ័ត្ន​ដែរ។ ពេល​យើង​មិន​ទទួល​យក​ការ​កម្សាន្ដ​ណា​ដែល​លើក​ស្ទួយ​ទ្រឹស្ដី​នៃ​ការ​វិវត្ដន៍ អំពើ​ឃោរ​ឃៅ ឬ​អំពើ​ប្រាស​ចាក​សីលធម៌ យើង​មិន​បង្ខូច​គំនិត​របស់​យើង​ដោយ​អ្វី​ៗ​ដែល​«​ប្រឆាំង​ចំណេះ​អំពី​ព្រះ​»។—កូរិនថូស​ទី២ ១០:៥

តើ​តាម​របៀប​ណា​យើង​អាច​ជួយ​កូន​របស់​យើង​ឲ្យ​មិន​ទទួល​យក​ការ​កម្សាន្ដ​មិន​ល្អ? (​សូម​មើល​វគ្គ​១៨, ១៩​)

១៨, ១៩. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​គំនិត​របស់​ពិភព​លោក​នេះ​ដែល​មិន​សូវ​ស្រួល​កត់​សម្គាល់? (​ខ​) តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

១៨ យើង​ក៏​ត្រូវ​ចេះ​សម្គាល់​និង​មិន​ទទួល​យក​គំនិត​របស់​ពិភព​លោក​នេះ​ដែល​មិន​សូវ​ស្រួល​កត់​សម្គាល់។ ជា​ឧទាហរណ៍ ពេល​ខ្លះ​ការ​ផ្សាយ​ព័ត៌មាន​បាន​ត្រូវ​រៀប​ចំ​ឡើង​ដើម្បី​គាំ​ទ្រ​ទស្សនៈ​របស់​អ្នក​នយោបាយ​មួយ​ចំនួន។ ម្យ៉ាង​ទៀត ជួន​កាល​គេ​ផ្សាយ​ព័ត៌មាន​ដែល​លើក​ស្ទួយ​គោល​ដៅ​ដែល​មនុស្ស​ស្ងើច​សរសើរ​ក្នុង​ពិភព​លោក​នេះ។ ភាពយន្ដ​និង​សៀវភៅ​ខ្លះ លើក​ស្ទួយ​គំនិត​ដែល​ថា​ខ្លួន​និង​ក្រុម​គ្រួសារ​របស់​ខ្លួន​គឺ​សំខាន់​ជាង​គេ ហើយ​ធ្វើ​ឲ្យ​គំនិត​នេះ​មើល​ទៅ​សម​ហេតុ​ផល ត្រឹម​ត្រូវ និង​គួរ​ឲ្យ​ចង់​ធ្វើ​តាម។ ប៉ុន្ដែ ទស្សនៈ​ទាំង​នេះ​មិន​សម​ស្រប​នឹង​គម្ពីរ​ទេ។ គម្ពីរ​ចែង​ថា​យើង​និង​ក្រុម​គ្រួសារ​របស់​យើង​នឹង​មាន​សុភមង្គល​ពិត​ប្រាកដ​ពេល​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ច្រើន​ជាង​អ្វី​ទាំង​អស់។ (​ម៉ាថាយ ២២:៣៦​-​៣៩​) ម្យ៉ាង​ទៀត ទោះ​ជា​ភាគ​ច្រើន​រឿង​សម្រាប់​កូន​ក្មេង​ប្រហែល​ជា​មិន​អាក្រក់​ក៏​ដោយ រឿង​ខ្លះ​អាច​ធ្វើ​ឲ្យ​កូន​ក្មេង​គិត​ថា​ការ​ប្រព្រឹត្ដ​អំពើ​ប្រាស​ចាក​សីលធម៌​គឺ​ជា​រឿង​ធម្មតា។

១៩ នេះ​មិន​មាន​ន័យ​ថា​ការ​កម្សាន្ដ​ទាំង​អស់​គឺ​ខុស​នោះ​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា​ការ​មើល ស្តាប់ ឬ​អាន​អ្វី​ផ្សេង​ៗ​ជា​ការ​កម្សាន្ដ​គឺ​ខុស​ឡើយ។ ប៉ុន្ដែ​យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​កត់​សម្គាល់​គំនិត​របស់​ពិភព​លោក​នេះ​ឬ​ទេ ទោះ​ជា​វា​មិន​លើក​ស្ទួយ​ចំ​ៗ​ក៏​ដោយ? តើ​ខ្ញុំ​ការ​ពារ​ខ្លួន​និង​កូន​ៗ​ពី​ការ​អាន​សៀវភៅ​ខ្លះ​និង​ការ​មើល​កម្ម​វិធី​ផ្សេង​ៗ​តាម​ទូរទស្សន៍​ឬ​ទេ? តើ​ខ្ញុំ​ជួយ​កូន​របស់​ខ្ញុំ​ឲ្យ​មាន​ទស្សនៈ​ដូច​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ផ្សេង​ៗ​ដើម្បី​មិន​ឲ្យ​ពួក​គេ​ទទួល​ឥទ្ធិពល​ពី​ទស្សនៈ​របស់​ពិភព​លោក​នេះ តាម​រយៈ​អ្វី​ដែល​ពួក​គេ​ស្តាប់​ឮ និង​មើល​ឃើញ​ឬ​ទេ?›។ បើ​យើង​កត់​សម្គាល់​ភាព​ខុស​គ្នា​រវាង​គំនិត​របស់​ព្រះ​និង​គំនិត​របស់​ពិភព​លោក​នេះ យើង​អាច​ជៀស​វាង​ពី​ការ​«​យក​តម្រាប់​តាម​របៀប​របប​ពិភព​លោក​នេះ​»។

តើ​អ្នក​ណា​កំពុង​មាន​ឥទ្ធិពល​មក​លើ​អ្នក​នៅ​សព្វ​ថ្ងៃ​នេះ?

២០. តើ​ការ​ទទួល​គំនិត​របស់​ព្រះ​ឬ​របស់​សាថាន​អាស្រ័យ​ទៅ​លើ​អ្វី?

២០ យើង​ត្រូវ​ចាំ​ថា​មាន​តែ​ប្រភព​ព័ត៌មាន​ពីរ​ប៉ុណ្ណោះ។ មួយ​គឺ​ព្រះ​យេហូវ៉ា និង​មួយ​ទៀត​គឺ​សាថាន​និង​ពិភព​លោក​របស់​វា។ តើ​អ្នក​កំពុង​ទទួល​ឥទ្ធិពល​ពី​អ្នក​ណា? ចម្លើយ​គឺ មួយ​ដែល​អ្នក​ប្រើ​ជា​ប្រភព​ព័ត៌មាន។ បើ​យើង​ទទួល​យក​ទស្សនៈ​របស់​ពិភព​លោក ពិភព​លោក​នេះ​នឹង​មាន​ឥទ្ធិពល​លើ​របៀប​គិត​គូរ​របស់​យើង ហើយ​យើង​នឹង​គិត​និង​ប្រព្រឹត្ដ​ដោយ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ដូច្នេះ គឺ​សំខាន់​ណាស់​ដែល​យើង​ប្រុង​ប្រយ័ត្ន​ពេល​ជ្រើស​រើស​អ្វី​ដែល​យើង​នឹង​មើល អាន ស្តាប់ និង​គិត​ពិចារណា។

២១. តើ​យើង​នឹង​រៀន​អ្វី​ក្នុង​អត្ថបទ​បន្ទាប់?

២១ ក្នុង​អត្ថបទ​នេះ​យើង​បាន​រៀន​ថា​ដើម្បី​មាន​របៀប​គិត​គូរ​ដូច​ព្រះ​យេហូវ៉ា យើង​ត្រូវ​ជៀស​វាង​ពី​ទស្សនៈ​របស់​ពិភព​លោក។ យើង​ក៏​ត្រូវ​រំពឹង​គិត​អំពី​គំនិត​របស់​ព្រះ​ដើម្បី​ឲ្យ​យើង​កាន់​តែ​មាន​គំនិត​ដូច​លោក។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​រៀន​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​ដូច្នេះ។

^ វគ្គ 5 តាម​ការ​ពិត សូម្បី​តែ​មនុស្ស​ដែល​មិន​ត្រូវ​ការ​យោបល់​ពី​អ្នក​ឯ​ទៀត​សោះ ក៏​ទទួល​ឥទ្ធិពល​ពី​មនុស្ស​ឯ​ទៀត​ដែរ។ ជា​ឧទាហរណ៍ ស្ដី​អំពី​ដើម​កំណើត​នៃ​ជីវិត ឬ​អំពី​សម្លៀក​បំពាក់​របស់​យើង យើង​ទទួល​ឥទ្ធិពល​ពី​អ្នក​ឯ​ទៀត យ៉ាង​ហោច​ណាស់​បន្ដិច​បន្ដួច។ ប៉ុន្ដែ​យើង​អាច​ធ្វើ​ការ​សម្រេច​ចិត្ដ​ថា​យើង​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ណា​មាន​ឥទ្ធិពល​មក​លើ​យើង។