លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៤៤

ចូរ​ពង្រឹង​ចំណង​មិត្តភាព​មុន​ទី​បញ្ចប់​មក​ដល់

ចូរ​ពង្រឹង​ចំណង​មិត្តភាព​មុន​ទី​បញ្ចប់​មក​ដល់

​«​មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា​»។—សុភ. ១៧:១៧

ចម្រៀង​លេខ​១០១ ចូរ​បម្រើ​ដោយ​សាមគ្គី​ភាព

សេចក្ដី​សង្ខេប *

យើង​នឹង​ត្រូវ​ការ​មិត្ត​សម្លាញ់​ក្នុង​អំឡុង​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​ (​សូម​មើល​វគ្គ​២​) *

១​-​២. យោង​ទៅ​តាម​ពេត្រុស​ទី១ ៤:៧, ៨ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​ពិបាក?

កាល​ដែល​យើង​ចូល​កាន់​តែ​ជិត​ដល់​ទី​បញ្ចប់​នៃ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ យើង​ប្រហែល​ជា​ជួប​ប្រទះ​នឹង​ទុក្ខ​លំបាក​ផ្សេង​ៗ។ (​២ធី. ៣:១​) ជា​ឧទាហរណ៍ ក្រោយ​ការ​បោះ​ឆ្នោត អំពើ​ហិង្សា​និង​ភាព​ជ្រួល​ច្របល់​បាន​កើត​ឡើង​ក្នុង​ប្រទេស​មួយ​នៅ​ទ្វីប​អាហ្វ្រិក​ភាគ​ខាង​លិច។ អស់​រយៈ​ពេល​ជាង​៦​ខែ បង​ប្អូន​របស់​យើង​មិន​អាច​ទៅ​ណា​ដោយ​សេរី​បាន​ទេ ដោយ​សារ​ពួក​គេ​ស្ថិត​ក្នុង​តំបន់​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា។ តើ​អ្វី​បាន​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​នឹង​ការ​លំបាក​បែប​នេះ? បង​ប្អូន​ខ្លះ​អាច​ស្នាក់​នៅ​ផ្ទះ​របស់​បង​ប្អូន​ក្នុង​តំបន់​ដែល​មាន​សុវត្ថិភាព​ជាង។ បង​ប្រុស​ម្នាក់​បាន​និយាយ​ថា​៖ ​«​ក្នុង​ស្ថានភាព​នោះ ខ្ញុំ​ធូរ​ចិត្ត​ដែល​ខ្ញុំ​មាន​មិត្ត​ភក្ដិ​នៅ​ជា​មួយ​ខ្ញុំ។ យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​»។

ពេល​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​ចាប់​ផ្ដើម យើង​នឹង​សប្បាយ​ចិត្ត​ដែល​យើង​មាន​មិត្ត​ភក្ដិ​ល្អ​ដែល​ស្រឡាញ់​យើង។ (​បប. ៧:១៤​) ដូច្នេះ​គឺ​ជា​ការ​សំខាន់​ដែល​យើង​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​បង​ប្អូន​យើង​នៅ​ឥឡូវ​នេះ។ (​សូម​អាន ពេត្រុស​ទី១ ៤:៧, ៨) យើង​អាច​រៀន​ច្រើន​ពី​បទ​ពិសោធន៍​របស់​យេរេមា ហើយ​ការ​ដែល​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​បាន​ជួយ​គាត់​ឲ្យ​រួច​ជីវិត​នៅ​គ្រា​មុន​ការ​បំផ្លាញ​ក្រុង​យេរូសាឡិម។ * តើ​យើង​អាច​យក​តម្រាប់​យេរេមា​យ៉ាង​ដូច​ម្ដេច?

ចូរ​រៀន​ពី​គំរូ​របស់​យេរេមា

៣. (​ក​) តើ​មាន​អ្វី​កើត​ឡើង​ដែល​អាច​ធ្វើ​ឲ្យ​យេរេមា​ផ្ដាច់​ខ្លួន​នៅ​តែ​ឯង? (​ខ​) តើ​យេរេមា​បាន​ប្រាប់​បារូក​អំពី​អ្វី​ខ្លះ ហើយ​តើ​នោះ​មាន​លទ្ធផល​យ៉ាង​ណា?

អស់​រយៈ​ពេល​ជាង​៤០​ឆ្នាំ យេរេមា​បាន​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​មិន​ស្មោះ​ត្រង់ ដែល​រួម​មាន​អ្នក​ជិត​ខាង និង​ប្រហែល​ជា​សាច់​ញាតិ​ខ្លះ​របស់​គាត់​ពី​ក្រុង​អាន៉ាថោត​ដែល​ជា​ស្រុក​កំណើត​គាត់។ (​យេ. ១១:២១; ១២:៦​) ប៉ុន្តែ គាត់​មិន​បាន​ផ្ដាច់​ខ្លួន​នៅ​តែ​ឯង​ទេ។ តាម​ពិត គាត់​បាន​ប្រាប់​អំពី​អារម្មណ៍​របស់​គាត់​ទៅ​បារូក​ដែល​ជា​លេខា​ដ៏​ស្មោះ​ត្រង់របស់​គាត់។ យើង​ក៏​ដឹង​អំពី​អារម្មណ៍​របស់​យេរេមា​ដែរ ដោយ​សារ​នោះ​បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ។ (​យេ. ៨:២១; ៩:១; ២០:១៤​-​១៨; ៤៥:១​) កាល​ដែល​បារូក​បាន​សរសេរ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​ចំពោះ​យេរេមា នោះ​ច្បាស់​ជា​នាំ​ឲ្យ​ពួក​គាត់​ទាំង​ពីរ​នាក់​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។—យេ. ២០:១, ២; ២៦:៧​-​១១

៤. តើ​ព្រះ​យេហូវ៉ា​បាន​សុំ​យេរេមា​ឲ្យ​ធ្វើ​អ្វី ហើយ​តើ​ភារកិច្ច​នេះ​បាន​ពង្រឹង​ចំណង​មិត្តភាព​រវាង​យេរេមា​និង​បារូក​យ៉ាង​ដូច​ម្ដេច?

អស់​ជា​ច្រើន​ឆ្នាំ យេរេមា​បាន​ព្រមាន​ជន​ជាតិ​អ៊ីស្រាអែល​ដោយ​ចិត្ត​ក្លាហាន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ក្រុង​យេរូសាឡិម។ (​យេ. ២៥:៣​) នៅ​លើក​មួយ​ដែល​ព្រះ​យេហូវ៉ា​លើក​ទឹក​ចិត្ត​បណ្ដា​ជន​ឲ្យ​ប្រែ​ចិត្ត លោក​បាន​សុំ​យេរេមា​ឲ្យ​សរសេរ​ការ​ព្រមាន​របស់​លោក​នៅ​លើ​រមូរ​មួយ។ (​យេ. ៣៦:១​-​៤​) អស់​រយៈ​ពេល​ប្រហែល​ជា​ច្រើន​ខែ កាល​ដែល​យេរេមា​និង​បារូក​បាន​សហការ​គ្នា​យ៉ាង​ល្អ​ដើម្បី​បំពេញ​ភារកិច្ច​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​នេះ ពួក​គាត់​ច្បាស់​ជា​បាន​និយាយ​គ្នា ហើយ​នោះ​បាន​ពង្រឹង​ជំនឿ​របស់​ពួក​គាត់។

៥. តើ​បារូក​បាន​បង្ហាញ​ថា​គាត់​គឺ​ជា​មិត្ត​ល្អ​របស់​យេរេមា​យ៉ាង​ដូច​ម្ដេច?

ក្រោយ​ពី​ពួក​គាត់​បាន​សរសេរ​រមូរ​នោះ​ចប់​ហើយ យេរេមា​បាន​ឲ្យ​បារូក​ដែល​ជា​មិត្ត​សម្លាញ់​របស់​គាត់​ប្រកាស​ដំណឹង​ក្នុង​រមូរ​នោះ។ នេះ​បង្ហាញ​ថា​យេរេមា​ត្រូវ​តែ​ទុក​ចិត្ត​បារូក។ (​យេ. ៣៦:៥, ៦​) ដោយ​ចិត្ត​ក្លាហាន បារូក​បាន​បំពេញ​ភារកិច្ច​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​នេះ។ តើ​អ្នក​អាច​ស្រមៃ​ឃើញ​ឬ​ទេ​ថា យេរេមា​ច្បាស់​ជា​មាន​មោទនភាព​យ៉ាង​ណា ពេល​ដែល​បារូក​បាន​ទៅ​ទី​ធ្លា​វិហារ ហើយ​បាន​ធ្វើ​អ្វី​ដែល​គាត់​បាន​ត្រូវ​សុំ​ឲ្យ​ធ្វើ? (​យេ. ៣៦:៨​-​១០​) ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា​បាន​ឮ​អំពី​អ្វី​ដែល​បារូក​បាន​ធ្វើ ហើយ​ពួក​គេ​បាន​បង្គាប់​គាត់​ឲ្យ​អាន​រមូរ​នោះ​ឮ​ៗ​ឲ្យ​ពួក​គេ​ស្ដាប់! (​យេ. ៣៦:១៤, ១៥​) ពួក​ចៅហ្វាយ​បាន​ប្រាប់​ស្តេច​យេហូយ៉ាគីម​នូវ​អ្វី​ដែល​យេរេមា​បាន​និយាយ។ ដោយ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បារូក ពួក​គេ​បាន​ប្រាប់​គាត់​ថា​៖ ​«​ចូរ​ឯង​នឹង​យេរេមា​ទៅ​ពួន​ខ្លួន​ទៅ កុំ​ឲ្យ​អ្នក​ណា​ដឹង​ជា​នៅ​ឯ​ណា​ឡើយ​»។ (​យេ. ៣៦:១៦​-​១៩​) នោះ​គឺ​ជា​ការ​ណែនាំ​ដ៏​ល្អ​មែន!

៦. តើ​យេរេមា​និង​បារូក​បាន​ធ្វើ​អ្វី​ពេល​ដែល​ពួក​គាត់​ជួប​ការ​ប្រឆាំង?

ពេល​ស្តេច​យេហូយ៉ាគីម​បាន​ឮ​ពាក្យ​ដែល​បាន​ត្រូវ​សរសេរ​ដោយ​យេរេមា គាត់​ខឹង​ខ្លាំង​ដល់​ម្ល៉េះ​បាន​ជា​គាត់​ដុត​រមូរ​នោះ ហើយ​បញ្ជា​គេ​ឲ្យ​ចាប់​ខ្លួន​យេរេមា​និង​បារូក។ ក៏​ប៉ុន្តែ យេរេមា​មិន​បាន​ភ័យ​ខ្លាច​ទេ។ គាត់​បាន​យក​រមូរ​មួយ​ទៀត រួច​ឲ្យ​ទៅ​បារូក ហើយ​កាល​ដែល​យេរេមា​ប្រាប់​បារូក​អំពី​ដំណឹង​ពី​ព្រះ​យេហូវ៉ា បារូក​បាន​«​សរសេរ​ទុក​អស់​ទាំង​ពាក្យ​នោះ​តាម​មាត់​យេរេមា ដូច​ជា​មាន​នៅ​ក្នុង​ក្រាំង​ដែល​យេហូយ៉ាគីម​ស្តេច​យូដា បាន​ដុត​ចោល​នោះ​»។—យេ. ៣៦:២៦​-​២៨, ៣២

៧. តើ​អ្វី​ទំនង​ជា​បាន​កើត​ឡើង​កាល​ដែល​យេរេមា​និង​បារូក​រួម​ធ្វើ​កិច្ច​ការ​ជា​មួយ​គ្នា?

មនុស្ស​ដែល​ឆ្លង​កាត់​ការ​លំបាក​ជា​មួយ​គ្នា ច្រើន​តែ​ទៅ​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ។ ដូច្នេះ​យើង​អាច​ស្រមៃ​ឃើញ​ថា កាល​ដែល​យេរេមា​និង​បារូក​រួម​សហការ​គ្នា​ដើម្បី​សរសេរ​រមូរ​មួយ​ទៀត​ជំនួស​រមូរ​ដែល​ស្តេច​យេហូយ៉ាគីម​បាន​បំផ្លាញ នោះ​ពួក​គាត់​ទាំង​ពីរ​កាន់​តែ​ឲ្យ​តម្លៃ​ចំពោះ​គុណ​សម្បត្ដិ​ដែល​គាត់​ម្នាក់​ៗ​មាន។ តើ​គំរូ​របស់​បុរស​ស្មោះ​ត្រង់​ទាំង​ពីរ​នាក់​នេះ​អាច​ជួយ​យើង​យ៉ាង​ណា?

ចូរ​និយាយ​គ្នា​ដោយ​អស់​ពី​ចិត្ត

៨. តើ​អ្វី​ប្រហែល​ជា​រា​រាំង​យើង​ពី​ការ​មាន​មិត្តភាព​ជិត​ស្និទ្ធ ហើយ​ហេតុ​អ្វី​យើង​មិន​គួរ​ឈប់​ព្យាយាម?

បើ​យើង​ធ្លាប់​មាន​ប្រវត្ដិ​ត្រូវ​គេ​ធ្វើ​ឲ្យ​ឈឺ​ចិត្ត យើង​ប្រហែល​ជា​ពិបាក​និយាយ​អស់​ពី​ចិត្ត​ដល់​អ្នក​ឯ​ទៀត។ (​សុភ. ១៨:១៩, ២៤​) ឬ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា​យើង​គ្មាន​ពេល​និង​កម្លាំង​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​អ្នក​ឯ​ទៀត​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី យើង​មិន​គួរ​ឈប់​ព្យាយាម​ទេ។ បើ​យើង​ចង់​ឲ្យ​បង​ប្អូន​គាំ​ទ្រ​យើង​ពេល​យើង​មាន​ទុក្ខ​លំបាក យើង​ត្រូវ​ព្យាយាម​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ពួក​គេ​នៅ​ឥឡូវ​នេះ។ របៀប​ដ៏​សំខាន់​មួយ​ដើម្បី​ធ្វើ​ដូច្នេះ​គឺ​ប្រាប់​ពួក​គេ​អំពី​គំនិត​និង​អារម្មណ៍​របស់​យើង។—១ពេ. ១:២២

៩. (​ក​) តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ទុក​ចិត្ត​មិត្ត​សម្លាញ់​របស់​លោក? (​ខ​) ហេតុ​អ្វី​ការ​ប្រាប់​អំពី​គំនិត​និង​អារម្មណ៍​របស់​អ្នក​អាច​ជួយ​អ្នក​ឲ្យ​មាន​មិត្ត​ជិត​ស្និទ្ធ? សូម​លើក​ឧទាហរណ៍​មួយ។

លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ទុក​ចិត្ត​មិត្ត​សម្លាញ់​របស់​លោក ដោយ​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​ពួក​គេ​ដោយ​ឥត​លាក់​លៀម។ (​យ៉ូន. ១៥:១៥​) យើង​អាច​យក​តម្រាប់​លោក​ដោយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អំណរ ការ​ព្រួយ​បារម្ភ និង​ការ​ខក​ចិត្ត​របស់​យើង។ ចូរ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​កាល​ដែល​អ្នក​ណា​ម្នាក់​និយាយ​មក​អ្នក យ៉ាង​នេះ​អ្នក​ប្រហែល​ជា​ឃើញ​ថា​គាត់​មាន​គំនិត អារម្មណ៍ និង​គោល​ដៅ​ជា​ច្រើន​ដែល​ដូច​អ្នក។ សូម​ពិចារណា​អំពី​គំរូ​របស់​បង​ស្រី​ស៊ីនឌី ដែល​មាន​អាយុ​ជិត​៣០​ឆ្នាំ។ គាត់​បាន​រាប់​អាន​បង​ស្រី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​ឈ្មោះ​មេរី ឡូអ៊ីស ដែល​មាន​អាយុ​៦៧​ឆ្នាំ។ បង​ស៊ីនឌី​និង​បង​មេរី ឡូអ៊ីស​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា​រៀង​រាល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ពួក​គាត់​និយាយ​គ្នា​ដោយ​ឥត​លាក់​លៀម​អំពី​រឿង​ផ្សេង​ៗ។ បង​ស៊ីនឌី​និយាយ​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​និយាយ​អំពី​រឿង​សំខាន់​ៗ​ជា​មួយ​មិត្ត​ភក្ដិ ដោយ​សារ​នេះ​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់​និង​យល់​អំពី​ពួក​គេ​ច្បាស់​ជាង​»។ ចំណង​មិត្តភាព​របស់​យើងនឹង​កាន់​តែ​មាំ​មួន បើ​យើង​ប្រាស្រ័យ​ទាក់​ទង​គ្នា​ដោយ​ឥត​លាក់​លៀម។ ដូច​បង​ស៊ីនឌី បើ​អ្នក​និយាយ​ប្រាប់​មិត្ត​សម្លាញ់​អ្នក​អំពី​គំនិត​និង​អារម្មណ៍​របស់​អ្នក ហើយ​ស្ដាប់​ពេល​ពួក​គេ​និយាយ នោះ​មិត្តភាព​របស់​អ្នក​កាន់​តែ​ជិត​ស្និទ្ធ។—សុភ. ២៧:៩

ចូរ​ផ្សព្វ​ផ្សាយ​ជា​មួយ​គ្នា

មិត្ត​សម្លាញ់​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​គ្នា (​សូម​មើល​វគ្គ​១០)

១០. យោង​ទៅ​តាម​សុភាសិត ២៧:១៧ តើ​មាន​លទ្ធផល​យ៉ាង​ណា​ពេល​យើង​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ?

១០ ស្រដៀង​នឹង​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​យេរេមា​និង​បារូក ពេល​យើង​រួម​ការ​ងារ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ហើយ​ឃើញ​គុណ​សម្បត្ដិ​របស់​ពួក​គេ នោះ​យើង​អាច​រៀន​ពី​ពួក​គេ​និង​កាន់​តែ​ជិត​ស្និទ្ធ​នឹង​គ្នា។ (​សូម​អាន សុភាសិត ២៧:១៧) ជា​ឧទាហរណ៍ ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ ពេល​អ្នក​ឮ​មិត្ត​របស់​អ្នក​និយាយ​ការ​ពារ​ជំនឿ​របស់​គាត់​ដោយ​ចិត្ត​ក្លាហាន ឬ​និយាយ​ដោយ​ការ​ជឿ​ជាក់​អំពី​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​លោក តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា? អ្នក​ទំនង​ជា​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​គាត់​ជាង​មុន​ទៅ​ទៀត។

១១​-​១២. សូម​លើក​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ការ​ផ្សព្វ​ផ្សាយ​ជា​មួយ​មិត្ត​សម្លាញ់​អាច​ជួយ​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង។

១១ សូម​ពិចារណា​អំពី​បទ​ពិសោធន៍​ពីរ​ដែល​បង្ហាញ​ថា​ការ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​គ្នា​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្រឡាញ់​គ្នា។ បង​ស្រី​អេដឺលីន​ដែល​មាន​អាយុ​២៣​ឆ្នាំ បាន​សុំ​មិត្ត​ភក្ដិ​របស់​គាត់​ឈ្មោះ​ខាន់ឌីស​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​គាត់​នៅ​តំបន់​ដែល​មិន​សូវ​មាន​អ្នក​ផ្សាយ។ បង​អេដឺលីន​និយាយ​ថា​៖ ​«​យើង​ចង់​ផ្សព្វ​ផ្សាយ​ដោយ​មាន​ចិត្ត​ខ្នះ​ខ្នែង​ជាង ហើយ​មាន​អំណរ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ យើង​ទាំង​ពីរ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​យើង​អាច​បន្ត​ជូន​អ្វី​ដែល​ល្អ​បំផុត​ដល់​ព្រះ​យេហូវ៉ា​»។ តើ​ពួក​គាត់​បាន​ទទួល​ប្រយោជន៍​យ៉ាង​ណា​ពី​ការ​បំពេញ​កិច្ច​បម្រើ​ផ្សាយ​ជា​មួយ​គ្នា? បង​អេដឺលីន​និយាយ​ថា​៖ ​«​រាល់​ថ្ងៃ​ក្រោយ​ឈប់​កិច្ច​បម្រើ​ផ្សាយ យើង​និយាយ​គ្នា​អំពី​អារម្មណ៍​របស់​យើង អ្វី​ដែល​លើក​ទឹក​ចិត្ត​យើង​អំពី​ការ​សន្ទនា​ជា​មួយ​ម្ចាស់​ផ្ទះ និង​របៀប​ដែល​យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​ណែនាំ​យើង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ពេល​យើង​និយាយ​គ្នា​ដូច​នេះ នោះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​និង​កាន់​តែ​ស្គាល់​គ្នា​»។

១២ បង​ស្រី​នៅ​លីវ​ពីរ​នាក់​ពី​ប្រទេស​បារាំង ឈ្មោះ​ឡេយ៉ាឡា​និង​ម៉ារីយ៉ាន់ បាន​ទៅ​ផ្សព្វ​ផ្សាយ​អស់​ប្រាំ​សប្ដាហ៍​នៅ​ក្រុង​បង់ហ្គី​ដែល​មាន​មនុស្ស​កក​កុញ។ ក្រុង​នោះ​ជា​រដ្ឋធានី​នៃ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល។ បង​ឡេយ៉ាឡា​នឹក​ចាំ​ថា​៖ ​«​ខ្ញុំ​និង​បង​ម៉ារីយ៉ាន់​មិន​សូវ​ស៊ី​គ្នា​ទេ ប៉ុន្តែ​ដោយ​សារ​យើង​មាន​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ ហើយ​បាន​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ល្អ នោះ​មិត្តភាព​របស់​ពួក​យើង​កាន់​តែ​មាំ​មួន។ កាល​ដែល​ខ្ញុំ​ឃើញ​ថា​បង​ម៉ារីយ៉ាន់​ឆាប់​សម្រប​ខ្លួន​នឹងកាលៈទេសៈ​ថ្មី ស្រឡាញ់​មនុស្ស​ដែល​នៅ​តំបន់​ផ្សាយ និង​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ផ្សាយ នោះ​ខ្ញុំ​កាន់​តែ​កោត​ស្ងើច​គាត់​»។ អ្នក​មិន​ចាំ​បាច់​រើ​ទៅ​ប្រទេស​ផ្សេង​ដើម្បី​ទទួល​ប្រយោជន៍​ទាំង​នេះ​ទេ។ រាល់​ដង​ដែល​អ្នក​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​បង​ប្អូន​ណា​ម្នាក់ អ្នក​មាន​ឱកាស​ដើម្បី​ស្គាល់​គាត់​ច្បាស់​ជាង និង​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​គ្នា។

ចូរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​និង​អភ័យ​ទោស​ឲ្យ​គ្នា

១៣. តើ​យើង​ប្រហែល​ជា​ឃើញ​អ្វី​ពេល​ដែល​យើង​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​សម្លាញ់​យើង?

១៣ ជួន​កាល ពេល​យើង​ជិត​ស្និទ្ធ​ជា​មួយ​មិត្ត​សម្លាញ់​របស់​យើង យើង​មិន​គ្រាន់​តែ​ឃើញ​គុណ​សម្បត្ដិ​របស់​គាត់​ប៉ុណ្ណោះ​ទេ តែ​ក៏​ឃើញ​ភាព​ទន់​ខ្សោយ​របស់​គាត់​ដែរ។ តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​នៅ​តែ​រាប់​អាន​គាត់ ទោះ​ជា​គាត់​មាន​កំហុស​ក្ដី? សូម​ពិចារណា​ម្ដង​ទៀត​អំពី​គំរូ​របស់​យេរេមា។ តើ​អ្វី​បាន​ជួយ​គាត់​ឲ្យ​ឃើញ​គុណ​សម្បត្ដិ​របស់​អ្នក​ឯ​ទៀត ហើយ​មិន​ផ្ដោត​ទៅ​លើ​ភាព​ទន់​ខ្សោយ​របស់​ពួក​គេ?

១៤. តើ​យេរេមា​បាន​រៀន​អ្វី​អំពី​ព្រះ​យេហូវ៉ា ហើយ​តើ​នេះ​បាន​ជួយ​គាត់​យ៉ាង​ដូច​ម្ដេច?

១៤ យេរេមា​បាន​សរសេរ​សៀវភៅ​យេរេមា ហើយ​គាត់​ក៏​ទំនង​ជា​បាន​សៀវភៅ​ពង្សាវតារ​ក្សត្រ​ទី១​និង​ទី២​ដែរ។ ភារកិច្ច​នេះ​ប្រាកដ​ជា​បាន​ជួយ​គាត់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ចិត្ត​មេត្ដា​ករុណា​ដ៏​ធំ​ធេង​របស់​ព្រះ​យេហូវ៉ា​ចំពោះ​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ជា​ឧទាហរណ៍ យេរេមា​បាន​ដឹង​ថា​ពេល​ស្តេច​អ័ហាប់​បាន​ប្រែ​ចិត្ត​ពី​អំពើ​អាក្រក់ ព្រះ​យេហូវ៉ា​មិន​ទាម​ទារ​ឲ្យ​គាត់​ឃើញ​ក្រុម​គ្រួសារ​ទាំង​អស់​របស់​គាត់​ត្រូវ​គេ​បំផ្លាញ​ទេ។ (​១ព. ២១:២៧​-​២៩​) យេរេមា​ក៏​បាន​ដឹង​ដែរ​ថា​អ្វី​ដែល​ម៉ាណាសេ​បាន​ធ្វើ​គឺ​អាក្រក់​ជាង​អ្វី​ដែល​អ័ហាប់​បាន​ធ្វើ​ទៅ​ទៀត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​ម៉ាណាសេ ដោយ​សារ​គាត់​បាន​ប្រែ​ចិត្ត។ (​២ព. ២១:១៦, ១៧; ២រប. ៣៣:១០​-​១៣​) កំណត់​ហេតុ​ទាំង​នេះ​ច្បាស់​ជា​បាន​ជួយ​យេរេមា​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់​និង​សេចក្ដី​មេត្ដា​ករុណា​ដូច​ព្រះ​យេហូវ៉ា ក្នុង​ការ​ប្រព្រឹត្ត​ចំពោះ​មិត្ត​សម្លាញ់​គាត់។—ទំនុក. ១០៣:៨, ៩

១៥. ពេល​ដែល​បារូក​ឈប់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភារកិច្ច​របស់​គាត់​អស់​មួយ​រយៈ​ពេល តើ​យេរេមា​មាន​ចិត្ត​អត់​ធ្មត់​ដូច​ព្រះ​យេហូវ៉ា​យ៉ាង​ដូច​ម្ដេច?

១៥ សូម​ពិចារណា​អំពី​របៀប​ដែល​យេរេមា​បាន​ជួយ​បារូក ពេល​ដែល​បារូក​ឈប់​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភារកិច្ច​របស់​គាត់​អស់​មួយ​រយៈ​ពេល។ ជា​ជាង​ឆាប់​គិត​ថា​បារូក​កែ​លែង​ឡើង យេរេមា​បាន​ជួយ​បារូក​ដោយ​ប្រាប់​គាត់​នូវ​ដំណឹង​ចំ​ៗ​ដែល​បង្ហាញ​អំពី​ចិត្ត​សប្បុរស​របស់​ព្រះ។ (​យេ. ៤៥:១​-​៥​) តើ​យើង​អាច​ទាញ​មេ​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ?

មិត្ត​សម្លាញ់​អភ័យ​ទោស​ឲ្យ​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ (​សូម​មើល​វគ្គ​១៦​)

១៦. ដូច​បាន​ត្រូវ​បង្ហាញ​នៅ​សុភាសិត ១៧:៩ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រក្សា​មិត្តភាព​របស់​យើង​ឲ្យ​នៅ​គង់​វង្ស?

១៦ យើង​មិន​អាច​តម្រូវ​ឲ្យ​បង​ប្អូន​យើង​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ ហេតុ​នេះ​ហើយ ពេល​ដែល​យើង​រាប់​អាន​អ្នក​ណា​ម្នាក់ យើង​ត្រូវ​ខំ​ព្យាយាម​រក្សា​មិត្តភាព​នោះ​ឲ្យ​នៅ​គង់​វង្ស។ បើ​មិត្ត​របស់​យើង​ធ្វើ​ខុស ដោយ​បង្ហាញ​ចិត្ត​សប្បុរស យើង​ប្រហែល​ជា​ត្រូវ​ឲ្យ​ឱវាទ​ចំ​ៗ​ដែល​មាន​មូលដ្ឋាន​ពី​បណ្ដាំ​របស់​ព្រះ។ (​ទំនុក. ១៤១:៥​) ម្យ៉ាង​ទៀត បើ​ពួក​គេ​ធ្វើ​ឲ្យ​យើង​ឈឺ​ចិត្ត យើង​ត្រូវ​អភ័យ​ទោស​ឲ្យ​ពួក​គេ។ កាល​ដែល​យើង​អភ័យ​ទោស​ឲ្យ​ពួក​គេ​រួច​ហើយ យើង​មិន​គួរ​លើក​រឿង​កន្លង​ហួស​នោះ​មក​និយាយ​ម្ដង​ទៀត​ប្រាប់​ពួក​គេ ឬ​អ្នក​ផ្សេង​ឡើយ។ សុភាសិត ១៧:៩ ពី​ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ ចែង​ថា​៖ ​«​អ្នក​ចង់​បាន​មិត្តភាព តែង​តែ​បំភ្លេច​កំហុស រីឯ​អ្នក​ដែល​រំឭក​កំហុស រមែង​ធ្វើ​អោយ​មិត្តភាព​រលាយ​»។ ក្នុង​អំឡុង​គ្រា​ដ៏​លំបាក​នេះ គឺ​ជា​ការ​សំខាន់​ណាស់​ដែល​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​របស់​បង​ប្អូន​យើង ជា​ជាង​ភាព​ទន់​ខ្សោយ​របស់​ពួក​គេ! បើ​យើង​ធ្វើ​ដូច្នេះ យើង​នឹង​មាន​ចំណង​មិត្តភាព​កាន់​តែ​មាំ​មួន​ជា​មួយ​នឹង​ពួក​គេ ហើយ​នេះ​ជា​អ្វី​ដែល​យើង​គួរ​ធ្វើ​នៅ​ឥឡូវ​នេះ ពី​ព្រោះ​យើង​នឹង​ត្រូវ​ការ​មិត្ត​សម្លាញ់​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។

ចូរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ

១៧. ហេតុ​អ្វី​យើង​អាច​និយាយ​ថា​យេរេមា​គឺ​ជា​មិត្ត​ពិត​ក្នុង​គ្រា​លំបាក?

១៧ យេរេមា​ដែល​ជា​អ្នក​ប្រកាស​ទំនាយ បាន​បង្ហាញ​ថា​គាត់​ជា​មិត្ត​ពិត​ក្នុង​គ្រា​លំបាក។ ជា​ឧទាហរណ៍ ក្រោយ​ពី​មន្ត្រី​អេបេឌមេលេក​បាន​ជួយ​សង្គ្រោះ​យេរេមា​ពី​អណ្ដូង​ដ៏​ជ្រៅ​ដែល​ពេញ​ដោយ​ភក់ អេបេឌមេលេក​ភ័យ​ខ្លាច​ថា​ពួក​ចៅហ្វាយ​នឹង​ធ្វើ​បាប​គាត់។ ពេល​ដែល​យេរេមា​បាន​ឮ​អំពី​រឿង​នេះ គាត់​មិន​បាន​នៅ​ស្ងៀម ដោយ​សង្ឃឹម​ថា​មិត្ត​របស់​គាត់​អាច​ស៊ូ​ទ្រាំ​ដោយ​ខ្លួន​ឯង​បាន​នោះ​ទេ។ ទោះ​ជា​យេរេមា​ជាប់​គុក​ក្ដី គាត់​បាន​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន​ដើម្បី​លើក​ទឹក​ចិត្ត​អេបេឌមេលេក ដោយ​ប្រាប់​អំពី​សេចក្ដី​សន្យា​ពី​ព្រះ​យេហូវ៉ា​ដែល​អាច​សម្រាល​ទុក្ខ។—យេ. ៣៨:៧​-​១៣; ៣៩:១៥​-​១៨

មិត្ត​សម្លាញ់​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ដែល​ត្រូវ​ការ (​សូម​មើល​វគ្គ​១៨​)

១៨. យោង​ទៅ​តាម​សុភាសិត ១៧:១៧ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ពេល​មិត្ត​របស់​យើង​ជួប​ទុក្ខ​លំបាក?

១៨ នៅ​សព្វ​ថ្ងៃ​នេះ បង​ប្អូន​របស់​យើង​មាន​បញ្ហា​ខុស​ៗ​គ្នា។ ជា​ឧទាហរណ៍ បង​ប្អូន​ជា​ច្រើន​រង​ទុក្ខ​ដោយ​សារ​សង្គ្រាម មហន្តរាយ​ធម្មជាតិ ឬ​បញ្ហា​ផ្សេង​ទៀត។ ពេល​ដែល​នេះ​កើត​ឡើង បង​ប្អូន​ខ្លះ​ប្រហែល​ជា​អាច​អញ្ជើញ​បង​ប្អូន​ទាំង​នេះ​ឲ្យ​ស្នាក់​នៅ​ផ្ទះ​របស់​ពួក​គេ។ បង​ប្អូន​ខ្លះ​ទៀត​ប្រហែល​ជា​អាច​ជួយ​ជា​លុយ។ ប៉ុន្តែ យើង​ទាំង​អស់​គ្នា​អាច​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​បង​ប្អូន​របស់​យើង។ បើ​យើង​ដឹង​ថា​បង​ប្អូន​ណា​ម្នាក់​ធ្លាក់​ទឹក​ចិត្ត យើង​ប្រហែល​ជា​មិន​ដឹង​គួរ​និយាយ​អ្វី ឬ​ប្រព្រឹត្ត​យ៉ាង​ណា​ទេ។ ក៏​ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​អាច​ជួយ​បាន។ ជា​ឧទាហរណ៍ យើង​អាច​ចំណាយ​ពេល​ជា​មួយ​នឹង​បង​ប្អូន​ទាំង​នោះ។ យើង​អាច​ស្ដាប់​ដោយ​បង្ហាញ​ការ​យល់​អារម្មណ៍​ពេល​គាត់​និយាយ។ មួយ​វិញ​ទៀត យើង​អាច​ប្រាប់​អំពី​បទ​គម្ពីរ​សម្រាល​ទុក្ខ​ដែល​យើង​ចូល​ចិត្ត។ (​អេ. ៥០:៤​) អ្វី​ដ៏​សំខាន់​បំផុត​គឺ​យើង​នៅ​ក្បែរ​មិត្ត​សម្លាញ់​របស់​យើង​ពេល​ដែល​ពួក​គេ​ត្រូវ​ការ​ជំនួយ​ពី​យើង។—សូម​អាន សុភាសិត ១៧:១៧

១៩. តើ​ការ​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​បង​ប្អូន​យើង​នៅ​ឥឡូវ​នេះ​នឹង​ជួយ​យើង​យ៉ាង​ណា​នៅ​ថ្ងៃ​អនាគត?

១៩ យើង​ត្រូវ​តាំង​ចិត្ត​រក្សា​និង​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​បង​ប្អូន​យើង​នៅ​ឥឡូវ​នេះ។ ហេតុ​អ្វី? ពី​ព្រោះ​សត្រូវ​របស់​យើង​នឹង​ព្យាយាម​បំបែក​បំបាក់​យើង ដោយ​ប្រើ​ពាក្យ​កុហក​និង​ព័ត៌មាន​មិន​ពិត។ ពួក​គេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យើង​លែង​ទុក​ចិត្ត​គ្នា​និង​គាំ​ទ្រ​គ្នា​ទៀត។ ប៉ុន្តែ​ការ​ព្យាយាម​របស់​ពួក​គេ​គឺ​គ្មាន​ប្រយោជន៍​ឡើយ។ ពួក​គេ​នឹង​មិន​អាច​ធ្វើ​ឲ្យ​យើង​ឈប់​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ទេ។ គ្មាន​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ដើម្បី​បំផ្លាញ​ចំណង​មិត្តភាព​របស់​យើង​បាន​ឡើយ។ តាម​ពិត យើង​មាន​មិត្តភាព​ជា​មួយ​នឹង​បង​ប្អូន​យើង​មិន​គ្រាន់​តែ​រហូត​ដល់​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​ទេ តែ​ជា​រៀង​រហូត!

ចម្រៀង​លេខ​២៤ ចូរ​ឡើង​ទៅ​ភ្នំ​របស់​ព្រះ​យេហូវ៉ា

^ វគ្គ 5 កាល​ដែល​ទី​បញ្ចប់​កាន់​តែ​ជិត​មក​ដល់ យើង​ទាំង​អស់​គ្នា​ត្រូវ​ពង្រឹង​ចំណង​មិត្តភាព​របស់​យើង​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​រៀន​ពី​បទ​ពិសោធន៍​របស់​យេរេមា។ យើង​ក៏​នឹង​ពិចារណា​អំពី​របៀប​ដែល​ការ​បណ្ដុះ​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​នៅ​ឥឡូវ​នេះ នឹង​ជួយ​យើង​ក្នុង​អំឡុង​គ្រា​លំបាក។

^ វគ្គ 2 ព្រឹត្ដិការណ៍​ក្នុង​សៀវភៅ​យេរេមា​មិន​បាន​ត្រូវ​រៀប​រាប់​តាម​លំដាប់​លំដោយ​ទេ។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: នេះ​បង្ហាញ​អំពី​អ្វី​ដែល​ប្រហែល​ជា​នឹង​កើត​ឡើង​ក្នុង​អំឡុង​«​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»។ បង​ប្អូន​ខ្លះ​ជួប​ជុំ​គ្នា​ដោយ​សុវត្ថិភាព​ក្នុង​បន្ទប់​នៅ​ដំបូល។ ដោយ​សារ​ពួក​គេ​ជា​មិត្ត​នឹង​គ្នា ពួក​គេ​អាច​សម្រាល​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អំឡុង​ពេល​លំបាក​នោះ។ រូប​ភាព​បន្ត​បន្ទាប់​ទាំង​បី​នេះ​បង្ហាញ​ថា​បង​ប្អូន​ដដែល​នោះ​បាន​បណ្ដុះ​ឲ្យ​មាន​ចំណង​មិត្តភាព​ដ៏​មាំ​មួន​ជា​មួយ​គ្នា​អស់​រយៈ​ពេល​ជា​យូរ​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម។