លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​គ្រិស្ដ​សាសនិក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ជោគ​ជ័យ​ក្នុង​អាពាហ៍ពិពាហ៍?

តើ​គ្រិស្ដ​សាសនិក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​ជោគ​ជ័យ​ក្នុង​អាពាហ៍ពិពាហ៍?

​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក ឯ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»។—អេភេសូរ ៥:៣៣

ចម្រៀង​លេខ: ៣៦,

១​. ទោះ​ជា​តាម​ធម្មតា​អាពាហ៍ពិពាហ៍​ចាប់​ផ្ដើម​ដោយ​អំណរ តើ​ពួក​អ្នក​ដែល​រៀប​ការ​អាច​រំពឹង​ថា​ពួក​គាត់​នឹង​មាន​អ្វី? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

ពេល​កូន​កំលោះ​ឃើញ​កូន​ក្រមុំ​ដ៏​ស្អាត​របស់​គាត់​ជា​លើក​ដំបូង​នៅ​ថ្ងៃ​អាពាហ៍ពិពាហ៍ ពួក​គាត់​មាន​អំណរ​ក្រៃ​លែង។ កាល​ដែល​ពួក​គាត់​កំពុង​ស្វែង​យល់​ចិត្ដ​គ្នា ពួក​គាត់​ស្រឡាញ់​គ្នា​កាន់​តែ​ខ្លាំង​រហូត​ដល់​ពួក​គាត់​ចង់​រៀប​ការ ហើយ​សន្យា​ថា​នៅ​ស្មោះ​ត្រង់​នឹង​គ្នា។ ក្រោយ​ពី​ពិធី​មង្គល​ការ ពួក​គាត់​ចាប់​ផ្ដើម​ជីវិត​ថ្មី​ជា​មួយ​គ្នា ពួក​គាត់​នឹង​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ផ្សេង​ៗ​ដើម្បី​រក្សា​ឲ្យ​មាន​សាមគ្គី​ភាព។ ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​បង្កើត​អាពាហ៍ពិពាហ៍ ចង់​ឲ្យ​គូ​នីមួយ​ៗ​មាន​សុភមង្គល​និង​ជោគ​ជ័យ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ដូច្នេះ​លោក​បាន​ផ្ដល់​ឱវាទ​ដែល​ប្រកប​ដោយ​ប្រាជ្ញា​នៅ​ក្នុង​គម្ពីរ​ដែល​ជា​បណ្ដាំ​របស់​លោក។ (​សុភាសិត ១៨:២២​) ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គម្ពីរ​ប្រាប់​យើង​ថា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ​ដែល​រៀប​ការ​នឹង​មាន​បញ្ហា​ឬ​«​មាន​ការ​លំបាក​ផ្សេង​ៗ​ក្នុង​ជីវិត​»។ (​កូរិនថូស​ទី១ ៧:២៨​) តើ​គូ​អាពាហ៍ពិពាហ៍​អាច​កាត់​បន្ថយ​បញ្ហា​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច? ម្យ៉ាង​ទៀត តើ​តាម​របៀប​ណា​គ្រិស្ដ​សាសនិក​អាច​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ទទួល​បាន​ជោគ​ជ័យ?

២​. តើ​គូ​អាពាហ៍ពិពាហ៍​គួរ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ប្រភេទ​ណា​ខ្លះ?

គម្ពីរ​បង្រៀន​ថា​សេចក្ដី​ស្រឡាញ់​គឺ​ជា​គុណ​សម្បត្ដិ​ដ៏​សំខាន់។ ប៉ុន្ដែ គូ​អាពាហ៍ពិពាហ៍​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ប្រភេទ​ផ្សេង​ៗ​ក្នុង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់។ ជា​ឧទាហរណ៍ ពួក​គាត់​ត្រូវ​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​ស្នេហា ព្រម​ទាំង​មនោសញ្ចេតនា​យ៉ាង​ជ្រាល​ជ្រៅ។ ម្យ៉ាង​ទៀត បើ​ពួក​គាត់​មាន​កូន សេចក្ដី​ស្រឡាញ់​រវាង​សមាជិក​ក្រុម​គ្រួសារ​គឺ​កាន់​តែ​សំខាន់។ ប៉ុន្ដែ គឺ​សេចក្ដី​ស្រឡាញ់​ដែល​ផ្អែក​លើ​គោល​ការណ៍​គ្រិស្ដ​សាសនិក​ដែល​ធ្វើ​ឲ្យ​អាពាហ៍ពិពាហ៍​ទទួល​បាន​ជោគ​ជ័យ​ពិត​ប្រាកដ។ សាវ័ក​ប៉ូល​បាន​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​បែប​នេះ​ពេល​គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​អ្នក ឯ​ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ​»។—អេភេសូរ ៥:៣៣

ការ​ពិនិត្យ​មើល​ឲ្យ​បាន​ដិត​ដល់​អំពី​ភារកិច្ច​របស់​គូ​អាពាហ៍ពិពាហ៍

៣​. តើ​សេចក្ដី​ស្រឡាញ់​ក្នុង​អាពាហ៍ពិពាហ៍​គួរ​តែ​ខ្លាំង​ប៉ុណ្ណា?

ប៉ូល​បាន​សរសេរ​ថា​៖ ​«​ប្ដី​ទាំង​ឡាយ​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ជា​ដរាប ដូច​គ្រិស្ដ​បាន​ស្រឡាញ់​ក្រុម​ជំនុំ ហើយ​បាន​ប្រគល់​ខ្លួន​លោក​ដើម្បី​ក្រុម​ជំនុំ​»។ (​អេភេសូរ ៥:២៥​) នៅ​សព្វ​ថ្ងៃ​នេះ​គ្រិស្ដ​សាសនិក​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​ស្រឡាញ់​គ្នា​ដូច​លោក​យេស៊ូ​បាន​ស្រឡាញ់​អ្នក​កាន់​តាម​លោក។ (​សូម​អាន យ៉ូហាន ១៣:៣៤, ៣៥;  ១៥:១២, ១៣) ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​គួរ​ស្រឡាញ់​គ្នា​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​ពួក​គាត់​សុខ​ចិត្ដ​ស្លាប់​ដើម្បី​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្ដែ កាល​ណា​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​អាពាហ៍ពិពាហ៍ អ្នក​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ពួក​គាត់​មិន​មាន​សេចក្ដី​ស្រឡាញ់​ខ្លាំង​ទេ។ តើ​អ្វី​អាច​ជួយ​ពួក​គាត់? គឺ​សេចក្ដី​ស្រឡាញ់​ដែល​ផ្អែក​លើ​គោល​ការណ៍​គ្រិស្ដ​សាសនិក ដែល​«​អត់​ធន់​នឹង​អ្វី​ៗ​ទាំង​អស់ ជឿ​អ្វី​ៗ​ទាំង​អស់ សង្ឃឹម​លើ​អ្វី​ៗ​ទាំង​អស់ ស៊ូ​ទ្រាំ​នឹង​អ្វី​ៗ​ទាំង​អស់​»។ សេចក្ដី​ស្រឡាញ់​បែប​នេះ​«​មិន​ចេះ​សាប​សូន្យ​ឡើយ​»។ (​កូរិនថូស​ទី១ ១៣:៧, ៨​) គូ​អាពាហ៍ពិពាហ៍​ត្រូវ​ចាំ​ថា​ពួក​គាត់​បាន​ធ្វើ​សម្បថ។ ពួក​គាត់​បាន​សន្យា​ថា​នឹង​ស្រឡាញ់​គ្នា​និង​នៅ​ស្មោះ​ត្រង់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ការ​នឹក​ចាំ​អំពី​សម្បថ​នេះ​នឹង​ជំរុញ​ចិត្ដ​ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​ឲ្យ​ស្វែង​រក​ជំនួយ​ពី​ព្រះ​យេហូវ៉ា និង​សហការ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ណា​ដែល​ពួក​គាត់​មាន។

៤, ៥​. (​ក​) ក្នុង​នាម​ជា​ប្រមុខ​គ្រួសារ តើ​ប្ដី​មាន​ភារកិច្ច​អ្វី? (​ខ​) តើ​ប្រពន្ធ​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ប្រមុខ​ភាព? (​គ​) តើ​ប្ដី​ប្រពន្ធ​មួយ​គូ​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​អ្វី​ខ្លះ?

ប៉ូល​បាន​រៀប​រាប់​អំពី​ភារកិច្ច​របស់​គូ​អាពាហ៍ពិពាហ៍​ម្នាក់​ៗ​ពេល​គាត់​បាន​និយាយ​ថា​៖ ​«​ចូរ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី ដូច​ចុះ​ចូល​នឹង​លោក​ម្ចាស់ ពី​ព្រោះ​ប្ដី​ជា​ប្រមុខ​របស់​ប្រពន្ធ ដូច​គ្រិស្ដ​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ​»។ (​អេភេសូរ ៥:២២, ២៣​) នេះ​មិន​មាន​ន័យ​ថា​ប្ដី​គឺ​ល្អ​ប្រសើរ​ជាង​ប្រពន្ធ​របស់​គាត់​ទេ។ ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​តួនាទី​ដ៏​សំខាន់​របស់​ប្រពន្ធ​ពេល​លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​នេះ​នៅ​តែ​ម្នាក់​ឯង នោះ​មិន​ស្រួល​ទេ។ អញ​នឹង​ធ្វើ​ឲ្យ​មាន​ម្នាក់​ជា​ជំនួយ​សំ​រាប់​ជួយ​វា​»។ (​លោកុប្បត្ដិ ២:១៨​) ប្រពន្ធ​គួរ​ជួយ​ប្ដី​ឲ្យ​ធ្វើ​ជា​ប្រមុខ​គ្រួសារ​ដ៏​ល្អ។ ម្យ៉ាង​ទៀត ប្ដី​ត្រូវ​ធ្វើ​តាម​គំរូ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​លោក​យេស៊ូ ដែល​ជា​«​ប្រមុខ​នៃ​ក្រុម​ជំនុំ​»។ ពេល​ប្ដី​ធ្វើ​ដូច្នេះ ប្រពន្ធ​របស់​គាត់​មាន​ទំនុក​ចិត្ដ ហើយ​នាង​កាន់​តែ​ស្រួល​គោរព​និង​គាំ​ទ្រ​គាត់។

​«​យើង​បាន​ចូល​ទៅ​ជិត​គ្នា​កាន់​តែ​ខ្លាំង​ជា​ប្ដី​ប្រពន្ធ​ដោយ​ធ្វើ​តាម​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​»

បង​ស្រី​ខេតធី​ដែល​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ប្រុស​ហ្វ្រេដ សារភាព​ថា​៖ ​«​ពេល​ខ្ញុំ​នៅ​លីវ ខ្ញុំ​ធ្វើ​ការ​សម្រេច​ចិត្ដ​ដោយ​ខ្លួន​ឯង ហើយ​ក៏​ចិញ្ចឹម​ខ្លួន​ឯង​ដែរ។ ក្រោយ​ខ្ញុំ​រៀប​ការ ខ្ញុំ​ត្រូវ​តែ​កែ​ប្រែ ហើយ​រៀន​ឲ្យ​ចេះ​ពឹង​ផ្អែក​លើ​ប្ដី​របស់​ខ្ញុំ។ នេះ​មិន​តែង​តែ​ស្រួល​ទេ តែ​យើង​បាន​ចូល​ទៅ​ជិត​គ្នា​កាន់​តែ​ខ្លាំង​ជា​ប្ដី​ប្រពន្ធ​ដោយ​ធ្វើ​តាម​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​»។  [១] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​) បង​ហ្វ្រេដ​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​ដែល​ស្រួល​ធ្វើ​ការ​សម្រេច​ចិត្ដ​ទេ ហើយ​នេះ​កាន់​តែ​ពិបាក​ក្នុង​អាពាហ៍ពិពាហ៍ ដោយ​សារ​ខ្ញុំ​ត្រូវ​តែ​គិត​អំពី​យើង​ទាំង​ពីរ​នាក់។ ប៉ុន្ដែ ការ​ធ្វើ​ការ​សម្រេចចិត្ដ​គឺ​កាន់​តែ​ងាយ​ស្រួល​រាល់​ថ្ងៃ ដោយ​សារ​ខ្ញុំ​អធិដ្ឋាន​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា ហើយ​ស្តាប់​ទស្សនៈ​របស់​ប្រពន្ធ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់។ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​ទាំង​ពីរ​នាក់​សហការ​គ្នា​យ៉ាង​ល្អ!​»។

៦​. ពេល​មាន​បញ្ហា​ក្នុង​អាពាហ៍ពិពាហ៍ តើ​តាម​របៀប​ណា​សេចក្ដី​ស្រឡាញ់​គឺ​ជា​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»​?

ចំណង​អាពាហ៍ពិពាហ៍​អាច​នៅ​រឹង​មាំ​បាន បើ​ប្ដី​ប្រពន្ធ​បន្ដ​«​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ​»។ ដោយ​សារ​ពួក​គាត់​គឺ​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ពួក​គាត់​នឹង​ធ្វើ​ខុស។ ពេល​នេះ​កើត​ឡើង ពួក​គាត់​អាច​រៀន​ពី​កំហុស​របស់​ខ្លួន រៀន​ឲ្យ​ចេះ​អភ័យ​ទោស និង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មាន​មូលដ្ឋាន​លើ​គោល​ការណ៍​គម្ពីរ។ សេចក្ដី​ស្រឡាញ់​នេះ​គឺ​ជា​«​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»។ (​កូឡុស ៣:១៣, ១៤​) គូ​អាពាហ៍ពិពាហ៍​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ​ដោយ​មាន​ចិត្ដ​អត់​ធ្មត់​និង​សប្បុរស ហើយ​ដោយ​មិន‹ចាំ​ទុក​ក្នុង​ចិត្ដ​នូវ​អ្វី​ដែល​ធ្វើ​ឲ្យ​ឈឺ​ចិត្ដ›។ (​កូរិនថូស​ទី១ ១៣:៤, ៥​) ពេល​គូ​អាពាហ៍ពិពាហ៍​ខ្វែង​គំនិត​គ្នា ពួក​គាត់​គួរ​តែ​ព្យាយាម​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ក្នុង​ថ្ងៃ​នោះ​តែ​ម្ដង។ (​អេភេសូរ ៤:២៦, ២៧​) យើង​ត្រូវ​មាន​ចិត្ដ​រាប​ទាប​និង​ចិត្ដ​ក្លាហាន​ដើម្បី​និយាយ​ថា ​«​សុំ​ទោស​ដែល​ធ្វើ​ឲ្យ​អូន​ឬ​បង​ឈឺ​ចិត្ដ​»។ ប៉ុន្ដែ​ការ​ធ្វើ​ដូច្នេះ​ជួយ​ដោះ​ស្រាយ​បញ្ហា ហើយ​នាំ​ឲ្យ​គូ​អាពាហ៍ពិពាហ៍​ចូល​កាន់​តែ​ជិត​គ្នា។

សេចក្ដី​ត្រូវ​ការ​ដ៏​ពិសេស​ក្នុង​ការ​ថ្នាក់​ថ្នម

៧, ៨​. (​ក​) តើ​គម្ពីរ​ផ្ដល់​ឱវាទ​អ្វី​អំពី​ការ​រួម​ដំណេក​ក្នុង​អាពាហ៍ពិពាហ៍? (​ខ​) ហេតុ​អ្វី​គូ​អាពាហ៍ពិពាហ៍​ត្រូវ​បង្ហាញ​ការ​ថ្នាក់​ថ្នម?

គម្ពីរ​ផ្ដល់​ឱវាទ​ល្អ​ដែល​អាច​ជួយ​គូ​អាពាហ៍ពិពាហ៍​ឲ្យ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​ការ​រួម​ដំណេក។ (​សូម​អាន កូរិនថូស​ទី១ ៧:៣​-​៥) គឺ​សំខាន់​ចាំ​បាច់​ដែល​ប្ដី​និង​ប្រពន្ធ​គិត​អំពី​អារម្មណ៍​និង​សេចក្ដី​ត្រូវ​ការ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​ប្ដី​មិន​ចេះ​ថ្នាក់​ថ្នម​ប្រពន្ធ នាង​ប្រហែល​ជា​មិន​ចូល​ចិត្ដ​ការ​រួម​ដំណេក​ទេ។ ប្ដី​គួរ​ប្រព្រឹត្ដ​ចំពោះ​ប្រពន្ធ​«​ដោយ​ស្គាល់​ចិត្ដ​នាង​ច្បាស់​»។ (​ពេត្រុស​ទី១ ៣:៧​) គូ​អាពាហ៍ពិពាហ៍​មិន​គួរ​បង្ខំ​ឬ​ទាម​ទារ​ឲ្យ​គូ​របស់​ខ្លួន​រួម​ដំណេក​នោះ​ទេ តែ​គួរ​មក​ពី​ទាំង​ពីរ​នាក់​ពេញ​ចិត្ដ​ធ្វើ​ដូច្នេះ។ ស្ដ្រី​ច្រើន​តែ​ត្រូវ​ការ​ពេល​យូរ​ជាង​បុរស ទើប​មាន​ចំណង់​ផ្លូវ​ភេទ។ ដូច្នេះ ពេល​រួម​ដំណេក នោះ​គួរ​ជា​ពេល​ដែល​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​មាន​ចំណង់​ចិត្ដ​ដូច​គ្នា។

គម្ពីរ​មិន​ផ្ដល់​ច្បាប់​ជាក់​លាក់​អំពី​របៀប​បង្ហាញ​សេចក្ដី​ស្រឡាញ់​ឬ​អំពី​កម្រិត​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្ដី​ប្រពន្ធ​អាច​បង្ហាញ​ក្នុង​ការ​រួម​ភេទ​ទេ។ ប៉ុន្ដែ គម្ពីរ​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​បែប​នេះ។ (​បទ​ចម្រៀង​សាឡូម៉ូន ១:២; ២:៦​) ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​គួរ​ប្រព្រឹត្ដ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ថ្នាក់​ថ្នម។

៩​. ហេតុ​អ្វី​ការ​មាន​ចំណាប់​អារម្មណ៍​ខាង​ផ្លូវ​ភេទ​ចំពោះ​បុគ្គល​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​គឺ​ជា​ការ​ខុស?

ពេល​យើង​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​ព្រះ​និង​អ្នក​ជិត​ខាង យើង​នឹង​មិន​ឲ្យ​អ្នក​ណា​ឬ​អ្វី​ណា​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​យើង​ប្រេះ​ឆា​ឡើយ។ អ្នក​ខ្លះ​បាន​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍​របស់​ពួក​គាត់​ចុះ​ខ្សោយ ឬ​ថែម​ទាំង​បាន​បង្ខូច​ចំណង​អាពាហ៍ពិពាហ៍​ដោយ​ក្លាយ​ទៅ​ជា​អ្នក​ញៀន​មើល​រូប​អាសអាភាស។ យើង​ត្រូវ​ទប់​ទល់​នឹង​គំនិត​ណា​ដែល​នាំ​ឲ្យ​យើង​ចង់​មើល​រូប​អាសអាភាស ឬ​ចង់​មាន​ចំណង់​ផ្លូវ​ភេទ​ផ្សេង​ទៀត​ដែល​មិន​សម​ត្រឹម​ត្រូវ។ យើង​ក៏​ថែម​ទាំង​ត្រូវ​ជៀស​វាង​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​អាច​មើល​ទៅដូច​ជា​យើង​កំពុង​ចែ​ចង់​អ្នក​ដែល​មិន​មែន​ជា​គូ​អាពាហ៍ពិពាហ៍​របស់​យើង ដោយ​សារ​ការ​ធ្វើ​ដូច្នេះ​គឺ​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ទេ។ យើង​ត្រូវ​ចាំ​ថា​ព្រះ​ស្គាល់​គំនិត​និង​ការ​ប្រព្រឹត្ដ​ទាំង​អស់​របស់​យើង។ នេះ​នឹង​ជួយ​យើង​ឲ្យ​មាន​បំណង​ចិត្ដ​កាន់​តែ​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ ហើយ​ដើម្បី​រក្សា​ខ្លួន​ឲ្យ​នៅ​ស្មោះ​ត្រង់​នឹង​គូ​របស់​យើង។—សូម​អាន ម៉ាថាយ ៥:២៧, ២៨; ហេប្រឺ ៤:១៣

ពេល​មាន​បញ្ហា​ក្នុង​ចំណង​អាពាហ៍ពិពាហ៍

១០, ១១​. (​ក​) តើ​ការ​លែង​លះ​គ្នា​មាន​ច្រើន​យ៉ាង​ណា? (​ខ​) តើ​គម្ពីរ​ចែង​យ៉ាង​ណា​អំពី​ការ​បែក​បាក់​គ្នា? (​គ​) តើ​អ្វី​នឹង​ជួយ​គូ​អាពាហ៍ពិពាហ៍​មិន​ឲ្យ​ឆាប់​បែក​គ្នា?

១០ ពេល​គូ​អាពាហ៍ពិពាហ៍​មិន​ដោះ​ស្រាយ​បញ្ហា​ធ្ងន់​ធ្ងរ ពួក​គាត់​ខ្លះ​សម្រេច​ចិត្ដ​បែក​គ្នា ឬ​លែង​លះ​គ្នា។ នៅ​ប្រទេស​ខ្លះ ក្នុង​ចំណោម​អ្នក​រៀប​ការ មាន​ជាង​ពាក់​កណ្ដាល​ដែល​លែង​លះ​គ្នា។ ប៉ុន្ដែ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ដ​សាសនិក បញ្ហា​នេះ​មិន​កើត​ឡើង​ច្រើន​ដូច​នោះ​ទេ។ ក៏​ប៉ុន្ដែ ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​កាន់​តែ​ច្រើន​ឡើង​ៗ​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍។

១១ គម្ពីរ​ផ្ដល់​ការ​ណែនាំ​នេះ​ដែល​ថា​៖ ​«​ប្រពន្ធ​មិន​គួរ​ចុះ​ចោល​ប្ដី​ឡើយ។ ប៉ុន្ដែ​ប្រសិន​បើ​នាង​ចុះ​ចោល​ប្ដី​មែន នាង​មិន​ត្រូវ​រៀប​ការ​ទៀត​ឡើយ ឬ​មួយ​ក៏​នាង​ត្រូវ​រក​ជា​នឹង​ប្ដី​វិញ។ ឯ​ប្ដី​មិន​គួរ​ចុះ​ចោល​ប្រពន្ធ​ឡើយ​»។ (​កូរិនថូស​ទី១ ៧:១០, ១១​) គូ​អាពាហ៍ពិពាហ៍​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​បញ្ហា​របស់​ពួក​គាត់​គឺ​ធ្ងន់​ធ្ងរ​ដល់​ម៉្លេះ​បាន​ជា​ពួក​គាត់​ត្រូវ​តែ​បែក​គ្នា។ ប៉ុន្ដែ លោក​យេស៊ូ​បាន​បង្ហាញ​ថា​ការ​បែក​បាក់​គ្នា​មិន​មែន​ជា​រឿង​ស្រាល​ទេ ពេល​លោក​បាន​បញ្ជាក់​អំពី​ពាក្យ​ដើម​ដំបូង​របស់​ព្រះ​យេហូវ៉ា​ស្ដី​អំពី​អាពាហ៍ពិពាហ៍ ហើយ​បន្ទាប់​មក​លោក​បាន​បន្ថែម​ទៀត​ថា​៖ ​«​កុំ​ឲ្យ​អ្នក​ណា​ពង្រាត់​គូ​ដែល​ព្រះ​បាន​ផ្សំផ្គុំ​ឡើយ​»។ (​ម៉ាថាយ ១៩:៣​-​៦; លោកុប្បត្ដិ ២:២៤​) ដូច្នេះ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ប្ដី​ប្រពន្ធ​នៅ​ជា​មួយ​គ្នា​រហូត។ (​កូរិនថូស​ទី១ ៧:៣៩​) យើង​ទាំង​អស់​គ្នា​ត្រូវ​ចាំ​ថា​យើង​ត្រូវ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា​ស្ដី​អំពី​ការ​ប្រព្រឹត្ដ​របស់​យើង។ នេះ​អាច​ជួយ​យើង​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ភ្លាម​ៗ មុន​បញ្ហា​នោះ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ។

ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​អាច​រក​វិធី​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គាត់ ដោយ​សារ​ពួក​គាត់​ឲ្យ​ព្រះ​ដឹក​នាំ

១២​. តើ​អ្វី​ប្រហែល​ជា​នាំ​ឲ្យ​គូ​អាពាហ៍ពិពាហ៍​គិត​អំពី​ការ​បែក​បាក់​គ្នា?

១២ ហេតុ​អ្វី​គូ​អាពាហ៍ពិពាហ៍​ខ្លះ​មាន​បញ្ហា​ធ្ងន់​ធ្ងរ? ចំពោះ​អ្នក​ខ្លះ អាពាហ៍ពិពាហ៍​របស់​ពួក​គាត់​មិន​បាន​ដូច​អ្វី​ដែល​ពួក​គាត់​សង្ឃឹម​ទេ ហើយ​នេះ​នាំ​ឲ្យ​ពួក​គាត់​ខឹង​ឬ​ខក​ចិត្ដ។ បញ្ហា​ច្រើន​តែ​មក​ពី​របៀប​ដែល​មនុស្ស​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​គឺ​ខុស​ៗ​ពី​គ្នា ឬ​ប្រតិកម្ម​ដែល​ពួក​គាត់​មាន​គឺ​ផ្សេង​ៗ​ពី​គ្នា។ ការ​ពិបាក​ជា​មួយ​នឹង​សាច់​ថ្លៃ ការ​ខ្វែង​គំនិត​គ្នា​អំពី​របៀប​ចាយ​លុយ ឬ​របៀប​ចិញ្ចឹម​អប់រំ​កូន​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដែរ។ ប៉ុន្ដែ គឺ​ជា​ការ​ល្អ​ដែល​ប្ដី​ប្រពន្ធ​ភាគ​ច្រើន​ដែល​ជា​គ្រិស្ដ​សាសនិក​អាច​រក​វិធី​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គាត់ ដោយ​សារ​ពួក​គាត់​ឲ្យ​ព្រះ​ដឹក​នាំ។

១៣​. តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ប្ដី​ប្រពន្ធ​អាច​បែក​គ្នា?

១៣ ប្រហែល​ជា​អាច​មាន​មូលហេតុ​ដែល​គូ​អាពាហ៍ពិពាហ៍​សម្រេច​ចិត្ដ​បែក​គ្នា។ មូល​ហ​តុ​ដែល​អ្នក​ខ្លះ​បាន​សម្រេច​ចិត្ដ​ធ្វើ​ដូច្នេះ គឺ​ដោយ​សារ​ស្ថានភាព​ដែល​ពិបាក​ហួស​ហេតុ​ពេក​ដូច​ជា​ការ​មាន​ចេតនា​មិន​ទំនុក​បម្រុង​ក្រុម​គ្រួសារ អំពើ​ហិង្សា​ធ្ងន់​ធ្ងរ​លើ​រាង​កាយ និង​ស្ថានភាព​ដែល​នឹង​បណ្ដាល​ឲ្យ​គ្រិស្ដ​សាសនិក​ម្នាក់​បាត់​បង់​ចំណង​មិត្ដភាព​ជា​មួយ​នឹង​ព្រះ។ ពេល​គូ​អាពាហ៍ពិពាហ៍​មាន​បញ្ហា​ធ្ងន់​ធ្ងរ ពួក​គាត់​គួរ​សុំ​ជំនួយ​ពី​ពួក​អ្នក​ចាស់​ទុំ។ បុរស​ទាំង​នេះ​មាន​បទ​ពិសោធន៍​ជា​ច្រើន ហើយ​អាច​ជួយ​គូ​អាពាហ៍ពិពាហ៍​ឲ្យ​ធ្វើ​តាម​ឱវាទ​របស់​ព្រះ​ក្នុង​ជីវិត​របស់​ពួក​គាត់។ ម្យ៉ាង​ទៀត ពេល​ប្ដី​ប្រពន្ធ​សុំព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក នេះ​អាច​ជួយ​ពួក​គាត់​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ និង​បង្ហាញ​គុណ​សម្បត្ដិ​ជា​គ្រិស្ដ​សាសនិក  [២] (​សូម​មើល​កំណត់​នៅ​ចុង​អត្ថបទ​)។—កាឡាទី ៥:២២, ២៣

១៤​. តើ​គម្ពីរ​ចែង​យ៉ាង​ណា​ចំពោះ​គ្រិស្ដ​សាសនិក​ដែល​មាន​គូ​ដែល​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា?

១៤ គម្ពីរ​ផ្ដល់​មូលហេតុ​ល្អ​ឲ្យ​ប្ដី​ប្រពន្ធ​បន្ដ​នៅ​ជា​មួយ​គ្នា សូម្បី​តែ​នៅ​ពេល​គូ​ម្នាក់​មិន​មែន​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ក្ដី។ (​សូម​អាន កូរិនថូស​ទី១ ៧:១២​-​១៤) គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​បាន​ត្រូវ​«​ចាត់​ទុក​ជា​បរិសុទ្ធ​»​ដោយ​សារ​គាត់​បាន​រៀប​ការ​ជា​មួយ​នឹង​អ្នក​បម្រើ​ព្រះ។ កូន​តូច​ៗ​របស់​ពួក​គាត់​«​គឺ​បរិសុទ្ធ​»​ ហេតុ​នេះ​ហើយ កូន​នោះ​ទទួល​ការ​ការពារ​ពី​ព្រះ។ ប៉ូល​បាន​លើក​ទឹក​ចិត្ដ​គូ​អាពាហ៍ពិពាហ៍​ដែល​ជា​គ្រិស្ដ​សាសនិក​ថា​៖ ​«​ប្រពន្ធ​អើយ នាង​ប្រហែល​ជា​នឹង​សង្គ្រោះ​ប្ដី​ក៏​មិន​ដឹង ឬ​ប្ដី​អើយ អ្នក​ប្រហែល​ជា​នឹង​សង្គ្រោះ​ប្រពន្ធ​ក៏​មិន​ដឹង​»។ (​កូរិនថូស​ទី១ ៧:១៦​) មាន​គំរូ​ល្អ​ជា​ច្រើន​ស្ដី​អំពី​ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​ដែល​បាន​ជួយ​គូ​របស់​ពួក​គាត់​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។

១៥, ១៦​. (​ក​) តើ​គម្ពីរ​ផ្ដល់​ឱវាទ​អ្វី​ចំពោះ​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក​ដែល​មាន​ប្ដី​មិន​បម្រើ​ព្រះ? (​ខ​) តើ​គ្រិស្ដ​សាសនិក​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​«​ប្រសិន​បើ​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ចុះ​ចោល​»​?

១៥ សាវ័ក​ពេត្រុស​ផ្ដល់​ឱវាទ​ដល់​គ្រិស្ដ​សាសនិក​ដែល​ជា​ប្រពន្ធ​ឲ្យ​ចុះ​ចូល​នឹង​ប្ដី ​«​ដើម្បី​ឲ្យ​ប្ដី​ណា​ដែល​មិន​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ ក្លាយ​ទៅ​ជា​អ្នក​ដែល​ធ្វើ​តាម​វិញ តាម​រយៈ​ការ​ប្រព្រឹត្ដ​របស់​អ្នក​រាល់​គ្នា​ដែល​ជា​ប្រពន្ធ ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​រាល់​គ្នា​បញ្ចេញ​ពាក្យ​សម្ដី​មួយ​ម៉ាត់​ឡើយ ពី​ព្រោះ​ពួក​គេ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ប្រព្រឹត្ដ​ដ៏​បរិសុទ្ធ​របស់​អ្នក​រាល់​គ្នា គួប​ផ្សំ​ជា​មួយ​នឹង​ការ​គោរព​ដ៏​ជ្រាល​ជ្រៅ​»។ ជា​ជាង​និយាយ​អំពី​ជំនឿ​របស់​នាង​នៅ​គ្រប់​ពេល​វេលា ប្រពន្ធ​ទំនង​ជា​អាច​ជួយ​ប្ដី​ច្រើន​ជាង​ឲ្យ​ទទួល​សេចក្ដី​ពិត បើ​នាង​ប្រព្រឹត្ដ​ដោយ​«​ចិត្ដ​ស្ងៀម​ស្ងាត់​និង​ស្លូតបូត ជា​អ្វី​ដែល​មាន​តម្លៃ​ថ្លៃ​ណាស់​ចំពោះ​ព្រះ​»។—ពេត្រុស​ទី១ ៣:១​-​៤

១៦ ប៉ុន្ដែ ចុះ​យ៉ាង​ណា​បើ​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​សម្រេច​ចិត្ដ​បែក​គ្នា? គម្ពីរ​ចែង​ថា​៖ ​«​ប្រសិន​បើ​គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ចុះ​ចោល ឲ្យ​អ្នក​នោះ​ទៅ​ចុះ។ ក្នុង​ករណីនេះ បង​ប្រុស​ឬ​បង​ស្រី​នោះ​គ្មាន​កាតព្វកិច្ច​ចំពោះ​អ្នក​នោះ​ទេ តែ​ព្រះ​បាន​ផ្ដល់​សេចក្ដី​សុខ​សាន្ដ​ឲ្យ​អ្នក​រាល់​គ្នា​»។ (​កូរិនថូស​ទី១ ៧:១៥​) ទោះ​ជា​ការ​បែក​បាក់​គ្នា​ប្រហែល​ជា​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ដ​មួយ​កម្រិត​ក៏​ដោយ យោង​ទៅ​តាម​គម្ពីរ​គូ​ដែល​ជា​គ្រិស្ដ​សាសនិក​នោះ​មិន​មាន​សិទ្ធិ​រៀប​ការ​ជា​មួយ​អ្នក​ផ្សេង​ទៀត​ទេ។ ប៉ុន្ដែ​គាត់​មិន​ត្រូវ​ព្យាយាម​បង្ខំ​គូ​របស់​គាត់​ឲ្យ​បន្ដ​នៅ​ឡើយ។ នៅ​ទី​បំផុត គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ប្រហែល​ជា​នឹង​សម្រេច​ចិត្ដ​ត្រឡប់​មក​វិញ ដោយ​ចង់​ផ្សះ​ផ្សា​ចំណង​អាពាហ៍ពិពាហ៍​ឡើង​វិញ។ ម្យ៉ាង​ទៀត​នៅ​ពេល​អនាគត គូ​ដែល​មិន​មែន​ជា​អ្នក​ជឿ​ប្រហែល​ជា​នឹង​ថែម​ទាំង​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។

តើ​យើង​ចាត់​ទុក​អ្វី​ជា​សំខាន់​បំផុត​ក្នុង​ចំណង​អាពាហ៍ពិពាហ៍?

ពេល​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា យើង​កាន់​តែ​មាន​សុភមង្គល​ក្នុង​អាពាហ៍ពិពាហ៍ (​សូម​មើល​វគ្គ​១៧​)

១៧​. តើ​អ្វី​គួរ​សំខាន់​បំផុត​ចំពោះ​ប្ដី​ប្រពន្ធ​ដែល​ជា​គ្រិស្ដ​សាសនិក?

១៧ ដោយ​សារ​យើង​រស់​នៅ​ទី​បញ្ចប់​នៃ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​ យើង​«​លំបាក​ណាស់​»។ (​ធីម៉ូថេ​ទី២ ៣:១​-​៥​) នេះ​ជា​មូលហេតុ​ដែល​យើង​ត្រូវ​ការ​ការ​ការ​ពារ​ដែល​មក​ពី​ចំណង​មិត្ដភាព​រឹង​មាំ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា។ ប៉ូល​បាន​សរសេរ​ថា​៖ ​«​នៅ​សល់​ពេល​វេលា​តែ​បន្ដិច​ទេ។ ចាប់​ពី​ពេល​នេះ​ទៅ អ្នក​ដែល​មាន​ប្រពន្ធ​ត្រូវ​ដូច​ជា​អ្នក​គ្មាន​ប្រពន្ធ​វិញ . . . ឯ​អ្នក​ដែល​ប្រើ​អ្វី​ៗ​ពី​ពិភព​លោក​ត្រូវ​ដូច​ជា​អ្នក​ដែល​មិន​ប្រើ​ប្រាស់​ពេញ​លេញ​»។ (​កូរិនថូស​ទី១ ៧:២៩​-​៣១​) ប៉ូល​មិន​ចង់​មាន​ន័យ​ថា​គូ​អាពាហ៍ពិពាហ៍​មិន​គួរ​យក​ចិត្ដ​ទុក​ដាក់​នឹង​គូ​របស់​ខ្លួន​ទេ។ ប៉ុន្ដែ ដោយ​សារ​យើង​រស់​នៅ​ក្នុង​គ្រា​ចុង​ក្រោយ​បង្អស់ យើង​ត្រូវ​ចាត់​ទុក​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ជា​អ្វី​ដ៏​សំខាន់​បំផុត​វិញ។—ម៉ាថាយ ៦:៣៣

១៨​. ហេតុ​អ្វី​គ្រិស្ដ​សាសនិក​អាច​មាន​សុភមង្គល​និង​ទទួល​ជោគ​ជ័យ​ក្នុង​ចំណង​អាពាហ៍ពិពាហ៍?

១៨ ក្នុង​គ្រា​ដ៏​លំបាក​នេះ យើង​ឃើញ​អាពាហ៍ពិពាហ៍​ជា​ច្រើន​បរាជ័យ។ តើ​ចំណង​អាពាហ៍ពិពាហ៍​អាច​មាន​សុភមង្គល​និង​ទទួល​បាន​ជោគ​ជ័យ​ឬ​ទេ? គឺ​អាច​មាន​មែន បើ​យើង​រក្សា​ខ្លួន​ឲ្យ​នៅ​ជិត​ស្និទ្ធ​នឹង​ព្រះ​យេហូវ៉ា​និង​រាស្ដ្រ​របស់​លោក ធ្វើ​តាម​គោល​ការណ៍​គម្ពីរ ហើយ​ទទួល​យក​ការ​ណែនាំ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា។ ពេល​យើង​ធ្វើ​ដូច្នេះ យើង​លើក​កិត្ដិយស​អាពាហ៍ពិពាហ៍​«​ដែល​ព្រះ​បាន​ផ្សំផ្គុំ​»។—ម៉ាកុស ១០:៩

^ [​១​] (​វគ្គ​៥​) ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។

^ [​២​] (​វគ្គ​១៣​) សូម​មើល​សេចក្ដី​ពន្យល់​បន្ថែម​ដែល​មាន​ចំណង​ជើង​ថា​«​ការ​ណែនាំ​ក្នុង​គម្ពីរ​ស្ដី​អំពី​ការ​លែង​លះ​គ្នា​និង​ការ​បែក​លំនៅ​សង្វាស​»​ក្នុង​សៀវភៅ​«​ចូរ​រក្សា​ខ្លួន​ជា​មនុស្ស​ដែល​ព្រះ​ស្រឡាញ់​»។