លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​យល់​ថា​អ្នក​ត្រូវ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ឬ​ទេ?

តើ​អ្នក​យល់​ថា​អ្នក​ត្រូវ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ឬ​ទេ?

​«​ចូរ​បន្ដ​ព្យាយាម​ក្នុង​ការ​អាន​ឲ្យ​អ្នក​ឯ​ទៀត​ស្តាប់ ការ​បំផុស​ទឹក​ចិត្ដ និង​ការ​បង្រៀន​»។—ធីម៉ូថេ​ទី១ ៤:១៣

ចម្រៀង​លេខ: ៤៥, ៤២

១, ២​. (​ក​) តើ​អេសាយ ៦០:២២​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត​យ៉ាង​ដូច​ម្ដេច​នៅ​គ្រា​ចុង​បញ្ចប់​នេះ? (​ខ​) នៅ​សព្វ​ថ្ងៃ​នេះ តើ​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​ផ្នែក​នៅ​ផែន​ដី​មាន​សេចក្ដី​ត្រូវ​ការ​អ្វី​ខ្លះ?

​«​អ្នក​តូច​បំផុត​នឹង​ត្រឡប់​ជា​មនុស្ស​១​ពាន់ ហើយ​ពួក​មាន​គ្នា​តិច​នឹង​ត្រឡប់​ទៅ​ជា​សាសន៍​១​យ៉ាង​ពូកែ​»។ (​អេសាយ ៦០:២២​) នៅ​ឥឡូវ​នេះ​ក្នុង​គ្រា​ចុង​បញ្ចប់ ពាក្យ​ទាំង​នេះ​កំពុង​ក្លាយ​ទៅ​ជា​ការ​ពិត។ ក្នុង​អំឡុង​ឆ្នាំ​២០១៥ មាន​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ចំនួន​៨.២២០.១០៥​នាក់ ដែល​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​នៅ​ទូ​ទាំង​ពិភព​លោក! ព្រះ​បាន​មាន​ប្រសាសន៍​អំពី​ការ​កើន​ឡើង​ក្នុង​ចំណោម​រាស្ដ្រ​របស់​លោក​ថា​៖ ​«​អញ​នេះ​គឺ​ព្រះ​យេហូវ៉ា អញ​នឹង​បញ្ជឿន​ឲ្យ​ការ​នេះ​ឆាប់​កើត​ឡើង​នៅ​ពេល​កំណត់​»។ ដូច្នេះ កាល​ដែល​ពេល​វេលា​កន្លង​ទៅ យើង​ទាំង​អស់​គ្នា​នឹង​មាន​កិច្ច​ការ​កាន់​តែ​ច្រើន​ឡើង។ សព្វ​ថ្ងៃ​នេះ តើ​យើង​កំពុង​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វ​ផ្សាយ​និង​បង្រៀន​មនុស្ស​អំពី​ដំណឹង​ល្អ​ឬ​ទេ? បង​ប្អូន​ជា​ច្រើន​នាក់​កំពុង​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​ឬ​ត្រួស​ត្រាយ​ជំនួយ។ បង​ប្អូន​ខ្លះ​បាន​រើ​ទៅ​កន្លែង​ផ្សេង​ទៀត​ដើម្បី​ជួយ​កិច្ច​ការ​ផ្សព្វ​ផ្សាយ ហើយ​បង​ប្អូន​ខ្លះ​ទៀត​កំពុង​ខំ​ប្រឹង​សង់​សាល​ប្រជុំ។

ជា​រៀង​រាល់​ឆ្នាំ ក្រុម​ជំនុំ​ថ្មី​ប្រហែល​ជា​២.០០០​បាន​ត្រូវ​បង្កើត​ឡើង។ ក្រុម​ជំនុំ​ទាំង​នោះ​ត្រូវ​ការ​អ្នក​ចាស់​ទុំ​និង​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ រាល់​ឆ្នាំ ជំនួយ​ការ​ខាងកិច្ច​បម្រើ​រាប់​ពាន់​នាក់​នឹង​ត្រូវ​តែង​តាំង​ជា​អ្នក​ចាស់​ទុំ ហើយ​បង​ប្អូន​ប្រុស​រាប់​ពាន់​នាក់​ទៀត​នឹង​ត្រូវ​តែង​តាំង​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ យើង​ឃើញ​ច្បាស់​ថា យើង​ពិត​ជា​មាន​«​កិច្ច​ការ​ដ៏​ច្រើន​របស់​លោក​ម្ចាស់​»​ ហើយ​នោះ​មិន​គ្រាន់​តែ​សម្រាប់​បង​ប្អូន​ប្រុស​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​បង​ប្អូន​ស្រី​ដែរ។—កូរិនថូស​ទី១ ១៥:៥៨

តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ?

៣, ៤​. តើ​អ្នក​អាច​មាន​គោល​ដៅ​អ្វី​ខ្លះ​ក្នុង​ការ​បម្រើ​ព្រះ?

សូម​អាន ធីម៉ូថេ​ទី១ ៣:១សាវ័ក​ប៉ូល​បាន​សរសើរ​បង​ប្អូន​ប្រុស​ដែល​«​កំពុង​ព្យាយាម​ឲ្យ​បាន​មុខ​ងារ​ជា​អ្នក​ត្រួត​ពិនិត្យ​»។ ដើម្បី​ចាប់​អ្វី​មួយ​ដែល​នៅ​ឆ្ងាយ បុគ្គល​ម្នាក់​ត្រូវ​ខំ​ប្រឹង ហើយ​ប្រហែល​ជា​ត្រូវ​ឈោង​ចាប់​យក​អ្វី​នោះ។ ឥឡូវ​នេះ សូម​ស្រមៃ​គិត​ថា បង​ប្រុស​ម្នាក់​ចង់​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ។ គាត់​ទទួល​ស្គាល់​ថា​គាត់​ត្រូវ​ខំ​ប្រឹង​ដើម្បី​មាន​គុណ​សម្បត្ដិ​ជា​គ្រិស្ដ​សាសនិក​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ក្រោយ​គាត់​ចាប់​ផ្ដើម​បម្រើ​ជា​ជំនួយ​ការ​ខាង​កិច្ច​បម្រើ គាត់​បន្ដ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​គាត់​អាច​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​ទៅ​ជា​អ្នក​ត្រួត​ពិនិត្យ។

បង​ប្អូន​ប្រុស​ស្រី​ខ្លះ​បាន​ធ្វើ​ការ​កែ​ប្រែ​ក្នុង​របៀប​រស់​នៅ​របស់​ពួក​គាត់ ដោយ​សារ​ពួក​គាត់​ចង់​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពួក​គាត់​ប្រហែល​ជា​ចង់​ត្រួស​ត្រាយ ធ្វើ​ការ​នៅ​បេតអែល ឬ​ជួយ​សង់​សាល​ប្រជុំ​ជា​ដើម។ សូម​យើង​ពិចារណា​អំពី​របៀប​ដែល​គម្ពីរ​អាច​ជួយ​យើង​ទាំង​អស់​គ្នា​ឲ្យ​បន្ដ​រីក​ចម្រើន។

ចូរ​បន្ដ​រីក​ចម្រើន​ខាង​ការ​គោរព​ប្រណិប័តន៍​ព្រះ

៥​. តើ​តាម​បៀ​ប​ណា​ប្អូន​ៗ​វ័យ​ក្មេង​អាច​ប្រើ​កម្លាំង​របស់​ពួក​គេ​ក្នុង​កិច្ច​បម្រើ​រាជាណាចក្រ​ព្រះ?

ប្អូន​ៗ​វ័យ​ក្មេង​អាច​ធ្វើ​ច្រើន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ដោយ​សារ​ពួក​គាត់​មាន​កម្លាំង​និង​សុខភាព​ល្អ។ (​សូម​អាន សុភាសិត ២០:២៩) នៅ​បេតអែល​ប្អូន​ៗ​វ័យ​ក្មេង​ខ្លះ​ជួយ​បោះ​ពុម្ព​និង​ចង​ក្រង​គម្ពីរ​និង​សៀវភៅ​ផ្សេង​ៗ។ ប្អូន​ប្រុស​ស្រី​វ័យ​ក្មេង​ជា​ច្រើន​នាក់​ជួយ​សង់​ឬ​ជួស​ជុល​សាល​ប្រជុំ។ ប្អូន​ៗ​ខ្លះ​ស្ម័គ្រ​ចិត្ដ​ជួយ ពេល​មាន​គ្រោះ​មហន្ដរាយ​ធម្មជាតិ។ ម្យ៉ាង​ទៀត ប្អូន​ៗ​វ័យ​ក្មេង​ជា​ច្រើន​នាក់​ដែល​ជា​អ្នក​ត្រួស​ត្រាយ​រៀន​ភាសា​ផ្សេង ឬ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេង​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។

៦​-​៨​. (​ក​) តើ​បុរស​វ័យ​ក្មេង​ម្នាក់​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​របស់​គាត់​យ៉ាង​ដូច​ម្ដេច​ចំពោះ​កិច្ច​បម្រើ​ព្រះ ហើយ​តើ​មាន​លទ្ធផល​អ្វី? (​ខ​) តើ​តាម​របៀប​ណា​យើង​អាច​«​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​»​?

យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​ជូន​លោក​នូវ​អ្វី​ដ៏​ល្អ​បំផុត។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ស្រដៀង​នឹង​បង​ប្រុស​អេរ៉ុន។ គាត់​ចង់​ចូល​ចិត្ដ​បម្រើ​ព្រះ តែ​គាត់​មិន​សប្បាយ​ទេ។ ទោះ​ជា​បង​អេរ៉ុន​បាន​ចូល​រួម​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​តាំង​ពី​គាត់​នៅ​ក្មេង​ក៏​ដោយ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​គិត​ថា​កិច្ច​ប្រជុំ​និង​កិច្ច​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដែល​ធុញ​ទ្រាន់​»។ ដូច្នេះ តើ​គាត់​បាន​ធ្វើ​អ្វី?

បង​អេរ៉ុន​បាន​ខំ​ប្រឹង​អាន​គម្ពីរ​ជា​ទៀង​ទាត់ ហើយ​រៀប​ចំ​និង​ឆ្លើយ​នៅ​កិច្ច​ប្រជុំ។ គាត់​ក៏​បាន​ចាប់​ផ្ដើម​អធិដ្ឋាន​ញឹក​ញាប់​ជាង​មុន​ដែរ។ អ្វី​ទាំង​អស់​នេះ​បាន​ជួយ​គាត់​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ គាត់​បាន​ស្គាល់​ព្រះ​យេហូវ៉ា​ច្បាស់​ជាង ហើយ​ចាប់​ផ្ដើម​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង។ ជា​លទ្ធផល បង​អេរ៉ុន​មាន​អារម្មណ៍​សប្បាយ​ជាង។ គាត់​បាន​ទៅ​ជា​អ្នក​ត្រួស​ត្រាយ បាន​ជួយ​បង​ប្អូន​ឯ​ទៀត​ពេល​មាន​គ្រោះ​មហន្ដរាយ​ធម្មជាតិ និង​បាន​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ប្រទេស​ផ្សេង។ សព្វ​ថ្ងៃ​នេះ គាត់​ជា​អ្នក​ចាស់​ទុំ ហើយ​បម្រើ​នៅ​បេតអែល។ តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ជីវិត​របស់​គាត់? បង​អេរ៉ុន​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​បាន‹ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​គឺ​ល្អ›។ ដោយ​សារ​ពរ​ពី​លោក ខ្ញុំ​ដឹង​គុណ​លោក និង​ចង់​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​លោក ហើយ​នេះ​នាំ​ឲ្យ​ខ្ញុំ​ទទួល​ពរ​កាន់​តែ​ច្រើន​»។

អ្នក​តែង​ទំនុក​តម្កើង​បាន​និយាយ​ថា​៖ ​«​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ​យេហូវ៉ា​ទ្រង់​ល្អ​ចុះ​»។ គាត់​បាន​បន្ថែម​ទៀត​ថា​៖ ​«​អស់​អ្នក​ដែល​ស្វែង​រក​ព្រះ​យេហូវ៉ា នោះ​នឹង​មិន​ខ្វះ​អ្វី​ដែល​ល្អ​ឡើយ​»។ (​សូម​អាន ទំនុក​តម្កើង ៣៤:៨​-​១០) ពិត​មែន ពេល​យើង​ជូន​ព្រះ​យេហូវ៉ា​នូវ​អ្វី​ដ៏​ល្អ​បំផុត យើង​ពិត​ជា​សប្បាយ ដោយ​សារ​យើង​ដឹង​ថា​យើង​កំពុង​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ដ។ ម្យ៉ាង​ទៀត លោក​នឹង​រក្សា​សេចក្ដី​សន្យា​របស់​លោក​ដើម្បី​មើល​ថែ​រក្សា​យើង។

ចូរ​កុំ​ឈប់​ព្យាយាម​ឡើយ

៩, ១០​. ហេតុ​អ្វី​គឺ​សំខាន់​ដែល​អ្នក​«​រង់​ចាំ​»​ដោយ​ចិត្ដ​អត់​ធ្មត់?

យើង​ប្រហែល​ជា​ចង់​ធ្វើ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ​ចុះ​យ៉ាង​ណា​បើ​យើង​បាន​រង់​ចាំ​អស់​រយៈ​ពេល​យូរ​ដើម្បី​ទទួល​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ ឬ​ដើម្បី​ឲ្យ​ស្ថានភាព​របស់​យើង​ផ្លាស់​ប្ដូរ? យើង​ប្រហែល​ជា​ត្រូវ​រង់​ចាំ​ដោយ​ចិត្ដ​អត់​ធ្មត់។ (​មីកា ៧:៧​) ម្យ៉ាង​ទៀត ទោះ​ជា​ព្រះ​យេហូវ៉ា​ប្រហែល​ជា​អនុញ្ញាត​ឲ្យ​ស្ថានភាព​របស់​យើង​បន្ដ​មាន​ទៀត​ក៏​ដោយ យើង​អាច​ប្រាកដ​ថា​លោក​នឹង​តែង​តែ​គាំ​ទ្រ​យើង។ យើង​អាច​រៀន​ពី​គំរូ​របស់​អាប្រាហាំ។ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​គាត់​ថា​គាត់​នឹង​មាន​កូន​ប្រុស​ម្នាក់ ប៉ុន្ដែ​គាត់​ត្រូវ​រង់​ចាំ​អស់​ជា​ច្រើន​ឆ្នាំ​រហូត​ដល់​អ៊ីសាក​កើត។ ក្នុង​អំឡុង​ពេល​នោះ អាប្រាហាំ​មាន​ចិត្ដ​អត់​ធ្មត់ ហើយ​មិន​បាន​បាត់​បង់​ជំនឿ​ទៅ​លើ​ព្រះ​យេហូវ៉ា។—លោកុប្បត្ដិ ១៥:៣, ៤; ២១:៥; ហេប្រឺ ៦:១២​-​១៥

១០ ពិត​មែន ការ​រង់​ចាំ​គឺ​មិន​ងាយ​ស្រួល​ទេ។ (​សុភាសិត ១៣:១២​) ប៉ុន្ដែ បើ​យើង​បន្ដ​គិត​អំពី​ស្ថានភាព​របស់​យើង​និង​អំពី​ការ​ខក​ចិត្ដ​ដ៏​ខ្លាំង​របស់​យើង នោះ​យើង​នឹង​ធ្លាក់​ទឹក​ចិត្ដ​យ៉ាង​ខ្លាំង។ ផ្ទុយ​ទៅ​វិញ យើង​អាច​ប្រើ​ពេល​វេលា​នោះ​ដើម្បី​បង្កើន​គុណ​សម្បត្ដិ​ដែល​យើង​នឹង​ត្រូវ​ការ​ដើម្បី​បំពេញ​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ។

ដោយ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន​ក្នុង​គម្ពីរ យើង​រៀន​ឲ្យ​មាន​ប្រាជ្ញា ហើយ​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ

១១​. តើ​យើង​អាច​បង្កើន​គុណ​សម្បត្ដិ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី​គុណ​សម្បត្ដិ​ទាំង​នោះ​គឺ​សំខាន់?

១១ ចូរ​បង្កើន​គុណ​សម្បត្ដិ​និង​សមត្ថភាព​ដែល​អ្នក​នឹង​ត្រូវ​ការ។ ដោយ​អាន​គម្ពីរ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​អ្នក​អាន អ្នក​អាច​រៀន​ឲ្យ​មាន​ប្រាជ្ញា គិត​និង​វែក​ញែក​យ៉ាង​ច្បាស់​លាស់ ហើយ​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ។ តាម​ពិត បង​ប្អូន​ប្រុស​ត្រូវ​មាន​គុណ​សម្បត្ដិ​និង​សមត្ថភាព​ដូច​នេះ​ដើម្បី​ថែ​រក្សា​ក្រុម​ជំនុំ។ (​សុភាសិត ១:១​-​៤; ទីតុស ១:៧​-​៩​) ពេល​យើង​សិក្សា​គម្ពីរ យើង​អាច​យល់​អំពី​ទស្សនៈ​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រឿង​ជា​ច្រើន។ យ៉ាង​នេះ ជា​រៀង​រាល់​ថ្ងៃ​យើង​អាច​ប្រើ​អ្វី​ដែល​យើង​រៀន​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ដ​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ។ ជា​ឧទាហរណ៍ យើង​នឹង​ដឹង​អំពី​របៀប​ប្រព្រឹត្ដ​ចំពោះ​អ្នក​ឯ​ទៀត របៀប​ប្រើ​លុយ ព្រម​ទាំង​របៀប​ជ្រើស​រើស​ការ​កម្សាន្ដ​និង​សម្លៀក​បំពាក់។

១២​. តើ​សមាជិក​ក្រុម​ជំនុំ​អាច​បង្ហាញ​យ៉ាង​ណា​ថា​ខ្លួន​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ?

១២ ចូរ​ខំ​ប្រឹង​ព្យាយាម​ដើម្បី​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​អ្នក​ទទួល។ ពេល​រាស្ដ្រ​របស់​ព្រះ​បាន​សង់​វិហារ​ឡើង​វិញ នេហេមា​ត្រូវ​ការ​បុរស​ដើម្បី​បំពេញ​ភារកិច្ច​ផ្សេង​ៗ។ គាត់​បាន​ជ្រើស​រើស​ពួក​អ្នក​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ។ គាត់​ដឹង​ថា​បុរស​ទាំង​នោះ​ស្រឡាញ់​ព្រះ ហើយ​ថា​ពួក​គាត់​នឹង​ខំ​ប្រឹង​ព្យាយាម​ដើម្បី​បំពេញ​ភារកិច្ច​ណា​ក៏​ដោយ​ដែល​ពួក​គាត់​ទទួល។ (​នេហេមា ៧:២; ១៣:១២, ១៣​) ស្រដៀង​គ្នាដែរ សព្វ​ថ្ងៃ​នេះ​ពួក​អ្នក​ដែល​ស្មោះ​ត្រង់​និង​ដែល​ខំ​ព្យាយាម នឹង​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ ហើយ​ប្រហែល​ជា​នឹង​ទទួល​ភារកិច្ច​កាន់​តែ​ច្រើន​ទៀត។ (​កូរិនថូស​ទី១ ៤:២​) ដូច្នេះ មិន​ថា​យើង​ជា​ប្រុស​ឬ​ស្រី​ទេ យើង​គួរ​ខំ​អស់​ពី​សមត្ថភាព​ជា​និច្ច​ដើម្បី​បំពេញ​កិច្ច​ការ​ណា​ក៏​ដោយ​ដែល​យើង​ទទួល។—សូម​អាន ធីម៉ូថេ​ទី១ ៥:២៥

១៣​. បើ​អ្នក​ឯ​ទៀត​បាន​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​អ្នក តើ​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​យ៉ូសែប​យ៉ាង​ដូច​ម្ដេច?

១៣ ចូរ​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ បើ​អ្នក​ឯ​ទៀត​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​អ្នក តើ​អ្នក​អាច​ធ្វើ​អ្វី? អ្នក​ប្រហែល​ជា​អាច​ពន្យល់​ពួក​គេ​អំពី​អារម្មណ៍​របស់​អ្នក។ ប៉ុន្ដែ បើ​អ្នក​ចេះ​តែ​និយាយ​ការពារ​ខ្លួន​ឯង ហើយ​ប្រកែក​ថា​អ្នក​ត្រឹម​ត្រូវ អ្នក​អាច​បង្ក​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធំ។ យើង​អាច​រៀន​ច្រើន​ពី​គំរូ​របស់​យ៉ូសែប។ បង​ប្រុស​ៗ​របស់​គាត់​បាន​ប្រព្រឹត្ដ​យ៉ាង​អាក្រក់​ទៅ​លើ​គាត់។ មនុស្ស​បាន​និយាយ​កុហក​អំពី​គាត់ ហើយ​គាត់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក​ចំពោះ​អ្វី​ដែល​គាត់​មិន​បាន​ធ្វើ។ ប៉ុន្ដែ យ៉ូសែប​បាន​ពឹង​ផ្អែក​លើ​ព្រះ​យេហូវ៉ា។ គាត់​បាន​គិត​អំពី​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា ហើយ​គាត់​បាន​រក្សា​ភាព​ស្មោះ​ត្រង់។ ក្នុង​គ្រា​ដ៏​ពិបាក​ទាំង​នោះ គាត់​បាន​បណ្ដុះ​ឲ្យ​មាន​គុណ​សម្បត្ដិ​ជា​ច្រើន​ដែល​បាន​ជួយ​គាត់​ក្រោយ​មក ពេល​គាត់​ទទួល​ភារកិច្ច​ដ៏​សំខាន់។ (​លោកុប្បត្ដិ ៤១:៣៧​-​៤៤; ៤៥:៤​-​៨​) បើ​អ្នក​ឯ​ទៀត​បាន​ប្រព្រឹត្ដ​ដោយ​អយុត្ដិធម៌​ចំពោះ​អ្នក ចូរ​អធិដ្ឋាន​សុំ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា។ លោក​នឹង​ជួយ​អ្នក​ឲ្យ​មាន​ចិត្ដ​ស្ងប់ ហើយ​ប្រព្រឹត្ដ​និង​និយាយ​ដោយ​សប្បុរស​ចំពោះ​ពួក​គេ។—សូម​អាន ពេត្រុស​ទី១ ៥:១០

ចូរ​រីក​ចម្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ

១៤, ១៥​. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​«​ប្រុង​ប្រយ័ត្ន​ជា​និច្ច​»​ចំពោះ​របៀប​ដែល​យើង​ផ្សព្វ​ផ្សាយ? (​ខ​) តើ​អ្នក​អាច​កែ​ប្រែ​តាម​កាលៈទេសៈ​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ និង​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ តើ​អ្នក​សុខ​ចិត្ដ​សាកល្បង​វិធី​ផ្សេង​ទៀត​ឬ​ទេ?​»​)

១៤ ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​បន្ដ​រីក​ចម្រើន​ក្នុង​ការ​ពន្យល់​បទ​គម្ពីរ។ ប៉ូល​បាន​និយាយ​ថា​៖ ​«​ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ខ្លួន​អ្នក និង​សេចក្ដី​បង្រៀន​របស់​អ្នក​»។ (​ធីម៉ូថេ​ទី១ ៤:១៣, ១៦​) ធីម៉ូថេ​បាន​ផ្សព្វ​ផ្សាយ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច្នេះ ហេតុ​អ្វី​គាត់​ត្រូវ​បន្ដ​រីក​ចម្រើន? ធីម៉ូថេ​បាន​ដឹង​ថា​មនុស្ស​និង​កាលៈទេសៈ​ប្រែ​ប្រួល។ គាត់​ចង់​ឲ្យ​មនុស្ស​បន្ដ​ស្តាប់​គាត់ ដូច្នេះ​គាត់​ត្រូវ​បន្ដ​រីក​ចម្រើន​និង​កែ​ប្រែ​របៀប​ដែល​គាត់​បង្រៀន​ពួក​គេ។ សព្វ​ថ្ងៃ​នេះ​កាល​ដែល​យើង​ផ្សព្វ​ផ្សាយ យើង​ក៏​ត្រូវ​ធ្វើ​ដូច្នេះ​ដែរ។

១៥ នៅ​កន្លែង​ខ្លះ ពេល​យើង​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ យើង​ឃើញ​ថា​មនុស្ស​ជា​ច្រើន​មិន​នៅ​ផ្ទះ​ទេ។ នៅ​កន្លែង​ខ្លះ​ទៀត មនុស្ស​ប្រហែល​ជា​នៅ​ផ្ទះ ប៉ុន្ដែ​យើង​មិន​អាច​ចូល​មាត់​ទ្វារ​ផ្ទះ​របស់​ពួក​គេ​បាន​ទេ ប្រហែល​ជា​ដោយ​សារ​យើង​មិន​អាច​ចូល​អគារ​ដែល​ពួក​គេ​រស់​នៅ។ បើ​នៅ​តំបន់​ផ្សាយ​របស់​អ្នក​គឺ​ដូច្នេះ តើ​អ្នក​អាច​ព្យាយាម​រក​វិធី​ផ្សេង​ទៀត​ដើម្បី​ជួប​មនុស្ស​ឬ​ទេ?

១៦​. តើ​តាម​របៀប​ណា​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​អាច​មាន​ប្រសិទ្ធភាព?

១៦ បង​ប្អូន​ជា​ច្រើន​នាក់​ចូល​ចិត្ដ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។ ជា​ឧទាហរណ៍ ពួក​គាត់​ទៅ​ស្ថានីយ​រថភ្លើង បេន​ឡាន​ក្រុង ផ្សារ និង​សួន​សាធារណៈ​ដើម្បី​រក​មនុស្ស​និយាយ​ជា​មួយ។ សាក្សី​ម្នាក់​ប្រហែល​ជា​ចាប់​ផ្ដើម​សន្ទនា​ជា​មួយ​នឹង​បុគ្គល​ម្នាក់​អំពី​ព័ត៌មាន​ថ្មី​ៗ​ដែល​គេ​ចេញ​ផ្សាយ ឬ​សាក្សី​នោះ​ប្រហែល​ជា​និយាយ​អ្វី​មួយ​ល្អ​អំពី​កូន​របស់​គាត់​ឬ​សួរ​អំពី​ការ​ងារ​របស់​គាត់។ បើ​បុគ្គល​នោះ​មើល​ទៅ​ដូច​ជា​ចូល​ចិត្ដ​ការ​សន្ទនា​នោះ អ្នក​ផ្សាយ​ប្រហែល​ជា​លើក​ចំណុច​មួយ​ពី​គម្ពីរ ហើយ​សួរ​អំពី​ទស្សនៈ​របស់​គាត់។ ជា​ច្រើន​ដង មនុស្ស​ចង់​ដឹង​ថែម​ទៀត​អំពី​គម្ពីរ។

១៧, ១៨​. (​ក​) តើ​តាម​របៀប​ណា​អ្នក​អាច​មាន​ទំនុក​ចិត្ដ​ច្រើន​ជាង​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ? (​ខ​) កាល​ដែល​អ្នក​ផ្សព្វ​ផ្សាយ ហេតុ​អ្វី​ចិត្ដ​គំនិត​របស់​ដាវីឌ​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា​មាន​តម្លៃ​ចំពោះ​អ្នក?

១៧ អ្នក​ប្រហែល​ជា​ពិបាក​ចាប់​ផ្ដើម​ការ​សន្ទនា​តាម​ផ្លូវ​ជា​មួយ​នឹង​មនុស្ស​ដែល​អ្នក​មិន​ស្គាល់។ បង​ប្រុស​អេឌី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​នៅ​ក្រុង​ញូវយ៉ក​មាន​អារម្មណ៍​ដូច្នេះ។ ប៉ុន្ដែ គាត់​រក​ឃើញ​អ្វី​ដែល​បាន​ជួយ​គាត់​ឲ្យ​មាន​ទំនុក​ចិត្ដ​ច្រើន​ជាង។ គាត់​និយាយ​ថា​៖ ​«​ក្នុង​អំឡុង​ពេល​គោរព​ប្រណិប័តន៍​ជា​ក្រុម​គ្រួសារ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ដើម្បី​ចេះ​ឆ្លើយ​ពេល​មនុស្ស​ជំទាស់​និង​ពេល​ពួក​គេ​ប្រាប់​អំពី​មតិ​របស់​ខ្លួន។ យើង​ក៏​សុំ​យោបល់​ពី​សាក្សី​ឯ​ទៀត​ដែរ​»។ ឥឡូវ​នេះ បង​អេឌី​ទន្ទឹង​រង់​ចាំ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។

១៨ ពេល​យើង​ចូល​ចិត្ដ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង​ច្រើន​ជាង ហើយ​រីក​ចម្រើន​ក្នុង​របៀប​ដែល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ នោះ​អ្នក​ឯ​ទៀត​នឹង​ឃើញ​ថា​យើង​មាន​ជំនឿន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។ (​សូម​អាន ធីម៉ូថេ​ទី១ ៤:១៥) ម្យ៉ាង​ទៀត យើង​ប្រហែល​ជា​ថែម​ទាំង​ជួយ​បុគ្គល​ម្នាក់​ឲ្យ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ ដាវីឌ​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​នឹង​លើក​សរសើរ​ដល់​ព្រះ​យេហូវ៉ា​គ្រប់​ពេល​វេលា សេចក្ដី​សរសើរ​ពី​ទ្រង់​នឹង​នៅ​ក្នុង​មាត់​ខ្ញុំ​ជា​និច្ច។ ព្រលឹង​របស់​ខ្ញុំ​នឹង​អួត​តែ​ពី​ព្រះ​យេហូវ៉ា មនុស្ស​រាប​ទាប​នឹង​ឮ ហើយ​នឹង​មាន​សេចក្ដី​អំណរ​ដែរ​»។—ទំនុក​តម្កើង ៣៤:១, ២

ចូរ​បន្ដ​សរសើរ​ព្រះ​យេហូវ៉ា​ដោយ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ

១៩​. ហេតុ​អ្វី​អ្នក​បម្រើ​ដែល​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​គួរ​សប្បាយ​រីក​រាយ ទោះ​ជា​គាត់​នៅ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ណាស់​ក្ដី?

១៩ ដាវីឌ​ក៏​បាន​និយាយ​ដែរ​ថា​៖ ​«​ឱ​ព្រះ​យេហូវ៉ា​អើយ អស់​ទាំង​ស្នា​ដៃ​របស់​ទ្រង់​នឹង​អរ​ព្រះ​គុណ​ដល់​ទ្រង់ ហើយពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់​នឹង​សូម​ឲ្យ​ទ្រង់​បាន​ប្រកប​ដោយ​ព្រះ​ពរ។ គេ​នឹង​ថ្លែង​ពី​សិរី​ល្អ​នៃ​នគរ​ទ្រង់ នឹង​ពី​តេជានុភាព​របស់​ទ្រង់ ប្រយោជន៍​ឲ្យ​ពួក​មនុស្សជាតិ​បាន​ស្គាល់​អស់​ទាំង​ការ​ឥទ្ធិ​ឫទ្ធិ​របស់​ទ្រង់ ហើយ​នឹង​សិរី​ល្អ​នៃ​ឫទ្ធានុភាព​របស់​រាជ្យ​ទ្រង់​»។ (​ទំនុក​តម្កើង ១៤៥:១០​-​១២​) អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក មាន​បំណង​ចិត្ដ​យ៉ាង​ខ្លាំង​ដើម្បី​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក។ ប៉ុន្ដែ ចុះ​យ៉ាង​ណា​ដោយ​សារ​អ្នក​មាន​ជំងឺ​ឬ​មាន​វ័យ​ចាស់ អ្នក​មិន​អាច​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដូច​ដែល​អ្នក​ចង់​ធ្វើ? សូម​ចាំ​ជា​និច្ច​ថា អ្នក​កំពុង​សរសើរ​ព្រះ​យេហូវ៉ា​រាល់​ដង​ដែល​អ្នក​និយាយ​អំពី​លោក​ដល់​ពួក​អ្នក​ដែល​នៅ​ជុំ​វិញ​អ្នក​ដូច​ជា​គិលានុបដ្ឋាក​ឬ​គ្រូ​ពេទ្យ​ជា​ដើម។ បើ​អ្នក​ជាប់​គុក​ដោយ​សារ​ជំនឿ​របស់​អ្នក អ្នក​ប្រហែល​ជា​នៅ​តែ​អាច​និយាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ព្រះ​យេហូវ៉ា ហើយ​នេះ​ធ្វើ​ឲ្យ​ចិត្ដ​របស់​លោក​រីក​រាយ។ (​សុភាសិត ២៧:១១​) លោក​ក៏​សប្បាយ​រីក​រាយ​ណាស់​ដែរ បើ​អ្នក​កំពុង​បម្រើ​លោក ទោះ​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​អ្នក​មិន​បម្រើ​លោក​ក៏​ដោយ។ (​ពេត្រុស​ទី១ ៣:១​-​៤​) សូម្បី​តែ​ក្នុង​ស្ថានភាព​ដ៏​ពិបាក​ណាស់​ក្ដី អ្នក​អាច​សរសើរ​ព្រះ​យេហូវ៉ា បន្ដ​ចូល​កាន់​តែ​ជិត​លោក ហើយ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។

២០, ២១​. បើ​អ្នក​ទទួល​ភារកិច្ច​ច្រើន​ជាង​ក្នុង​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​ឯ​ទៀត?

២០ ព្រះ​យេហូវ៉ា​ប្រាកដ​ជា​នឹង​ឲ្យ​ពរ​ដល់​អ្នក បើ​អ្នក​បន្ដ​ចូល​កាន់​តែ​ជិត​លោក ហើយ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​បម្រើ​លោក។ ដោយ​ធ្វើ​ការ​កែ​ប្រែ​ខ្លះ​ក្នុង​កាល​វិភាគ ឬ​របៀប​រស់​នៅ​របស់​អ្នក អ្នក​ប្រហែល​ជា​នឹង​មាន​ឱកាស​កាន់​តែ​ច្រើន​ដើម្បី​ជួយ​មនុស្ស​ឲ្យ​រៀន​អំពី​សេចក្ដី​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះ។ អ្នក​ក៏​ប្រហែល​ជា​អាច​ជួយ​បង​ប្អូន​របស់​អ្នក​កាន់​តែ​ច្រើន។ ម្យ៉ាង​ទៀត សូម​គិត​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ខ្លាំង​ដែល​បង​ប្អូន​នឹង​មាន​ចំពោះ​អ្នក ពេល​ពួក​គាត់​ឃើញ​អ្នក​កំពុង​ខំ​ប្រឹង​ព្យាយាម​ធ្វើ​កិច្ច​ការ​ក្នុង​ក្រុម​ជំនុំ។

២១ ទោះ​ជា​យើង​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក្ដី យើង​ទាំង​អស់​គ្នា​អាច​បន្ដ​ចូល​កាន់​តែ​ជិត​លោក​និង​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​លោក។ នៅ​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​អាច​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។