លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

ហេតុ​អ្វី​សត្រូវ​របស់​លោក​យេស៊ូ​ចង់​បង្ក​បញ្ហា​អំពី​ការ​លាង​ដៃ?

នេះ​គឺ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​ជា​ច្រើន​ដែល​សត្រូវ​របស់​លោក​យេស៊ូ​បាន​រិះ​គន់​លោក​និង​អ្នក​កាន់​តាម​លោក។ ច្បាប់​ម៉ូសេ​បាន​ពន្យល់​អំពី​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​មិន​ស្អាត ដូច​ជា​ការ​ធ្លាក់​ឈាម ជំងឺ​ឃ្លង់ ឬ​ការ​ប៉ះ​ពាល់​សាកសព​មនុស្ស​ឬ​សត្វ​ជា​ដើម។ ច្បាប់​នោះ​ក៏​បាន​ផ្ដល់​ការ​ណែនាំ​ស្ដី​អំពី​របៀប​ដែល​បុគ្គល​ម្នាក់​អាច​ទៅ​ជា​ស្អាត​ម្ដង​ទៀត។ នេះ​អាច​ធ្វើ​បាន​ដោយ​គ្រឿង​បូជា ការ​លាង ឬ​ការ​ប្រោះ។—លេវីវិន័យ ជំពូក​ទី​១១​ដល់​១៥; ជន​គណនា ជំពូក​ទី​១៩

អ្នក​បង្រៀន​សាសនា​យូដា​ដែល​ក៏​បាន​ត្រូវ​ហៅ​ដែរ​ថា​រ៉ាប៊ី បាន​បន្ថែម​ច្បាប់​ផ្សេង​ៗ​របស់​ពួក​គេ​ពី​លើ​ច្បាប់​ទាំង​នោះ។ ប្រភព​មួយ​បាន​ប្រាប់​ថា​ពួក​រ៉ាប៊ី​បាន​បន្ថែម​ច្បាប់ ឬ​ធ្វើ​ឲ្យ​ច្បាប់​នោះ​កាន់​តែ​ល្អិត​ល្អន់​ស្ដី​អំពី​អ្វី​ដែល​នឹង​ធ្វើ​ឲ្យ​បុគ្គល​ម្នាក់​ទៅ​ជា​មិន​ស្អាត និង​របៀប​ដែល​គាត់​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ទៅ​ជា​មិន​ស្អាត។ ពួក​រ៉ាប៊ី​ក៏​បាន​បង្កើត​ច្បាប់​ស្ដី​អំពី​ប្រភេទ​នៃ​ភាជនៈ​និង​វត្ថុ​ដែល​អាច​ឬ​មិន​អាច​ទៅ​ជា​មិន​ស្អាត ហើយ​ទំនៀម​ទម្លាប់​ដែល​មនុស្ស​ត្រូវ​ធ្វើ​តាម​ដើម្បី​ទៅ​ជា​ស្អាត​ម្ដង​ទៀត។

សត្រូវ​របស់​លោក​យេស៊ូ​បាន​សួរ​លោក​ថា​៖ ​«​ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​មិន​ប្រព្រឹត្ដ​តាម​ទំនៀម​ទម្លាប់​របស់​ពួក​បុរស​ពី​សម័យ​មុន ប៉ុន្ដែ​ពួក​គេ​បរិភោគ​អាហារ​ដោយ​ដៃ​មិន​ស្អាត​បរិសុទ្ធ​ដូច្នេះ?​»។ (​ម៉ាកុស ៧:៥​) ពួក​ផារិស៊ី​ទាំង​នោះ​មិន​បាន​សំដៅ​លើ​អនាម័យ​ល្អ ពោល​គឺ​ការ​លាង​ដៃ​មុន​បរិភោគ​អាហារ​ទេ។ ពួក​ផារិស៊ី​បាន​បង្កើត​ច្បាប់​ថា​មុន​បុគ្គល​ម្នាក់​បរិភោគ​អាហារ ត្រូវ​ចាក់​ទឹក​លើ​ដៃ​របស់​គាត់។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ទំនៀម​ទម្លាប់​របស់​ពួក​គេ។ ប្រភព​ខាង​លើ​នេះ​រៀប​រាប់​បន្ថែម​ថា​ពួក​រ៉ាប៊ី​«​ក៏​បាន​ជជែក​អំពី​ភាជនៈ​ណា​ដែល​គួរ​ប្រើ​សម្រាប់​ចាក់​ទឹក ទឹក​ប្រភេទ​ណា​ដែល​សមរម្យ អ្នក​ណា​ដែល​គួរ​ចាក់​ទឹក និង​ចាក់​ទឹក​លើ​ដៃ​ត្រឹម​ណា​ឬ​លូក​ដៃ​ចូល​ទឹក​ត្រឹម​ណា​»។

តើ​លោក​យេស៊ូ​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ច្បាប់​ទាំង​អស់​នេះ​ដែល​បាន​ត្រូវ​បន្ថែម​ដោយ​មនុស្ស? លោក​បាន​ប្រាប់​អ្នក​ដឹក​នាំ​សាសនា​យូដា​ថា​៖ ​«​នែ! មនុស្ស​លាក់​ពុត! គឺ​ត្រូវ​ណាស់ ដែល​អេសាយ​បាន​ប្រកាស​ទំនាយ​អំពី​អ្នក​រាល់​គ្នា ពេល​គាត់​សរសេរ​ថា​៖ ‹បណ្ដា​ជន​នេះ​គោរព​ខ្ញុំ​តែ​បបូរ​មាត់​ទេ តែ​ចិត្ដ​របស់​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ[​ព្រះ​យេហូវ៉ា​]។ គឺ​ជា​ការ​ឥត​ប្រយោជន៍​ទេ ដែល​ពួក​គេ​បន្ដ​គោរព​ប្រណិប័តន៍​ខ្ញុំ​នោះ ពី​ព្រោះ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ជា​បទ​បញ្ជា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ›។ អ្នក​រាល់​គ្នា​លះ​ចោល​បញ្ញត្ដិ​របស់​ព្រះ ហើយ​ប្រកាន់​ទំនៀម​ទម្លាប់​របស់​មនុស្ស​វិញ​»។—ម៉ាកុស ៧:៦​-​៨