លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជីវប្រវត្ដិ

របៀប​ដែល​ខ្ញុំ​បាន​រក​ឃើញ​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​គេ

របៀប​ដែល​ខ្ញុំ​បាន​រក​ឃើញ​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​គេ

ពេល​ខ្ញុំ​មាន​អាយុ​១២​ឆ្នាំ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​ខ្ញុំ​មាន​អ្វី​ដ៏​មាន​តម្លៃ​ដែល​ខ្ញុំ​អាច​ឲ្យ​អ្នក​ឯ​ទៀត។ ក្នុង​អំឡុង​សន្និបាត​មួយ បង​ប្រុស​ម្នាក់​បាន​សួរ​ខ្ញុំ​ថា​ខ្ញុំ​ចង់​ផ្សព្វ​ផ្សាយ​ឬ​យ៉ាង​ណា។ ទោះ​ជា​ខ្ញុំ​មិន​ដែល​ផ្សព្វ​ផ្សាយ​ពី​មុន​ក្ដី ខ្ញុំ​បាន​យល់​ព្រម។ យើង​បាន​ទៅ​តំបន់​ផ្សាយ ហើយ​គាត់​បាន​ឲ្យ​កូន​សៀវភៅ​ខ្លះ​អំពី​រាជាណាចក្រ​ព្រះ​ដល់​ខ្ញុំ។ ក្រោយ​មក​គាត់​បាន​និយាយ​ថា​៖ ​«​ប្អូន​ទៅ​ជួប​មនុស្ស​នៅ​ខាង​នោះ ហើយ​បង​នឹង​ទៅ​ខាង​នេះ​»។ ខ្ញុំ​ភ័យ​ខ្លាច ប៉ុន្ដែ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ពេល​មិន​យូរ​ក្រោយ​មក​ខ្ញុំ​បាន​ចែក​ជូន​កូន​សៀវភៅ​នោះ​ទាំង​អស់។ មនុស្ស​ជា​ច្រើន​ច្បាស់​ជា​ចង់​ទទួល​អ្វី​ដែល​ខ្ញុំ​មាន។

ខ្ញុំ​បាន​កើត​នៅ​ឆ្នាំ​១៩២៣​នា​ក្រុង​ឆាតថាំ ស្រុក​ខេន ប្រទេស​អង់គ្លេស។ ក្នុង​អំឡុង​ឆ្នាំ​ទាំង​ប៉ុន្មាន​ក្រោយ​សង្គ្រាម​លោក​លើក​ទី១ មនុស្ស​បាន​សង្ឃឹម​ថា​ពិភព​លោក​នឹង​ប្រសើរ​ជាង។ ប៉ុន្ដែ ពេល​ដែល​នោះ​មិន​បាន​កើត​ឡើង មនុស្ស​ជា​ច្រើន​បាន​ខក​ចិត្ដ រួម​ទាំង​ឪ​ពុក​ម្ដាយ​របស់​ខ្ញុំ​ផង​ដែរ។ ពួក​គាត់​ក៏​បាន​ខក​ចិត្ដ​នឹង​ពួក​បព្វជិត​នៃ​និកាយ​បាទីស្ទ​ដែល​គិត​ខ្លាំង​ពេក​អំពី​ការ​ចង់​ទទួល​ឋានៈ​ខ្ពស់​ជាង​ក្នុង​វិហារ។ ពេល​ខ្ញុំ​មាន​អាយុ​ប្រហែល​ជា​៩​ឆ្នាំ ម្ដាយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​ទៅ​សាល​នៃ​សមាគម​និស្សិត​គម្ពីរ​អន្ដរជាតិ ជា​កន្លែង​ដែល​សាក្សី​ព្រះ​យេហូវ៉ា​មាន​កិច្ច​ប្រជុំ។ បង​ស្រី​ក្នុង​ចំណោម​បង​ស្រី​ដែល​នៅ​ទី​នោះ​បាន​បង្រៀន​យើង​ដែល​ជា​ក្មេង ដោយ​ប្រើ​គម្ពីរ​និង​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ពិណ​របស់​ព្រះ (​The Harp of God​)។ ខ្ញុំ​ចូល​ចិត្ដ​អ្វី​ដែល​ខ្ញុំ​រៀន។

ការ​រៀន​ពី​បង​ប្រុស​ៗ​ឯ​ទៀត

កាល​ដែល​ខ្ញុំ​នៅ​វ័យ​ជំទង់ ខ្ញុំ​ចូល​ចិត្ដ​ផ្ដល់​សេចក្ដី​សង្ឃឹម​ពី​បណ្ដាំ​របស់​ព្រះ​ដល់​មនុស្ស​ឯ​ទៀត។ ខ្ញុំ​ច្រើន​តែ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ម្នាក់​ឯង ប៉ុន្ដែ​ពេល​ខ្ញុំ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត ខ្ញុំ​បាន​រៀន​ច្រើន។ ជា​ឧទាហរណ៍ ថ្ងៃ​មួយ​កាល​ដែល​ខ្ញុំ​និង​បង​ប្រុស​ម្នាក់​ទៅ​តំបន់​ផ្សាយ យើង​បាន​ជិះ​កាត់​បព្វជិត​ម្នាក់ ហើយ​ខ្ញុំ​បាន​និយាយ​ថា​៖ ​«​គាត់​នោះ​គឺ​ជា​ពពែ​»។ បង​ប្រុស​នោះ​បាន​ឈប់​កង់ ហើយ​បាន​សុំ​ឲ្យ​ខ្ញុំ​អង្គុយ​ចុះ​ជា​មួយ​គាត់​នៅ​លើ​ឈើ​មួយ។ គាត់​បាន​និយាយ​ថា​៖ ​«​តើ​អ្នក​ណា​ឲ្យ​អំណាច​ប្អូន​ដើម្បី​វិនិច្ឆ័យ​ថា​អ្នក​ណា​ជា​ពពែ? សូម​យើង​គ្រាន់​តែ​សប្បាយ​ប្រាប់​មនុស្ស​នូវ​ដំណឹង​ល្អ ហើយ​ទុក​ឲ្យ​ព្រះ​យេហូវ៉ា​ជា​អ្នក​វិនិច្ឆ័យ​»។ នៅ​គ្រា​នោះ ខ្ញុំ​បាន​រៀន​ច្រើន​អំពី​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​គេ។—ម៉ាថាយ ២៥:៣១​-​៣៣; សកម្មភាព ២០:៣៥

បង​ប្រុស​ម្នាក់​ទៀត​បាន​បង្រៀន​ខ្ញុំ​ថា​ដើម្បី​រក​សុភមង្គល​ដែល​មក​ពី​ការ​ឲ្យ​គេ ជួន​កាល​យើង​ត្រូវ​ស៊ូ​ទ្រាំ​ដោយ​ចិត្ដ​អត់​ធ្មត់។ ប្រពន្ធ​របស់​គាត់​មិន​ចូល​ចិត្ដ​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ មាន​ពេល​មួយ គាត់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​មក​ផ្ទះ​របស់​គាត់​ដើម្បី​ញ៉ាំ​អាហារ​សម្រន់។ ប្រពន្ធ​របស់​គាត់​បាន​ខឹង​យ៉ាង​ខ្លាំង​ដោយ​សារ​គាត់​បាន​ចេញ​ទៅ​ផ្សព្វ​ផ្សាយ ដូច្នេះ​នាង​បាន​ចាប់​ផ្ដើម​គប់​កញ្ចប់​តែ​មក​យើង។ ជា​ជាង​ខឹង​នឹង​នាង គាត់​សប្បាយ​ដាក់​កញ្ចប់​តែ​នោះ​ទៅ​កន្លែង​ដើម​វិញ។ ច្រើន​ឆ្នាំ​ក្រោយ​មក ចិត្ដ​អត់​ធ្មត់​របស់​គាត់​បាន​ទទួល​លទ្ធផល​ដ៏​ល្អ ពេល​ដែល​ប្រពន្ធ​របស់​គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។

នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩ ពេល​ខ្ញុំ​មាន​អាយុ​១៦​ឆ្នាំ ប្រទេស​អង់គ្លេស​បាន​ប្រកាស​សង្គ្រាម​ជា​មួយ​នឹង​ប្រទេស​អាល្លឺម៉ង់។ នៅ​ខែ​មីនា ឆ្នាំ​១៩៤០ ខ្ញុំ​និង​ម្ដាយ​ខ្ញុំ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ក្រុង​ដវឺ។ នៅ​ខែ​មិថុនា ឆ្នាំ​១៩៤០ ខ្ញុំ​បាន​មើល​ពី​ខាង​មុខ​មាត់​ទ្វារ​ផ្ទះ​របស់​ខ្ញុំ កាល​ដែល​ទាហាន​រាប់​ពាន់​នាក់​បាន​ជិះ​ឡាន​ធំ​ៗ​ឆ្លង​កាត់។ ពួក​គេ​បាន​រួច​ជីវិត​ពី​សង្គ្រាម​នៅ​ក្រុង​ដាន់ខឺក។ ខ្ញុំ​បាន​ឃើញ​ថា​ពួក​គេ​កើត​ទុក្ខ ហើយ​គ្មាន​សេចក្ដី​សង្ឃឹម​ឡើយ។ ខ្ញុំ​ពិត​ជា​ចង់​ប្រាប់​ពួក​គេ​អំពី​រាជាណាចក្រ​ព្រះ ហើយ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​សេចក្ដី​សង្ឃឹម​សម្រាប់​អនាគត។ ក្រោយ​មក​នៅ​ឆ្នាំ​ដដែល​នោះ ប្រទេស​អាល្លឺម៉ង់​បាន​ចាប់​ផ្ដើម​ទម្លាក់​គ្រាប់​បែក​នៅ​ប្រទេស​អង់គ្លេស។ រាល់​យប់ អ្នក​ទម្លាក់​គ្រាប់​បែក​ជន​ជាតិ​អាល្លឺម៉ង់​បាន​ហោះ​លើ​តំបន់​របស់​យើង។ យើង​ភ័យ​ខ្លាច​ពេល​ដែល​ឮ​សំឡេង​ទម្លាក់​គ្រាប់​បែក​ដែល​ប្រៀប​ដូច​ជា​សំឡេង​ខ្យល់​ហួច។ នៅ​ព្រឹក​បន្ទាប់ យើង​ឃើញ​ថា​នៅ​តំបន់​ខ្លះ​ផ្ទះ​បាន​ខ្ទេច​ខ្ទី​អស់។ បទ​ពិសោធន៍​ទាំង​នេះ​បាន​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ស្គាល់​កាន់​តែ​ខ្លាំង​ថា​រាជាណាចក្រ​ព្រះ​គឺ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​ខ្ញុំ​សម្រាប់​អនាគត។

ការ​ចាប់​ផ្ដើម​ជីវិត​ជា​អ្នក​ឲ្យ​គេ

នៅ​ឆ្នាំ​១៩៤១ ខ្ញុំ​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល ដែល​ជា​ទី​ចាប់​ផ្ដើម​នៃ​របៀប​រស់​នៅ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីក​រាយ​ណាស់។ ខ្ញុំ​បាន​ធ្វើ​ការ​នៅ​កន្លែង​សង់​នាវា​របស់​រដ្ឋាភិបាល​នា​ក្រុង​ឆាតថាំ ហើយ​រៀន​អំពី​របៀប​សង់​កប៉ាល់។ មនុស្ស​ជា​ច្រើន​នាក់​ចង់​បាន​ការ​ងារ​នេះ ហើយ​ការ​ងារ​នេះ​ផ្ដល់​ប្រយោជន៍​ផ្សេង​ៗ។ ប៉ុន្ដែ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ដឹង​រួច​ហើយ​ថា​គ្រិស្ដ​សាសនិក​មិន​គួរ​ប្រយុទ្ធ​ដើម្បី​ប្រជា​ជាតិ​ណា​មួយ​ឡើយ។ ម្យ៉ាង​ទៀត មក​ដល់​ឆ្នាំ​១៩៤១ យើង​ក៏​បាន​យល់​ដែរ​ថា​យើង​មិន​គួរ​គាំ​ទ្រ​ការ​ផលិត​អាវុធ​ឡើយ។ (​យ៉ូហាន ១៨:៣៦​) កន្លែង​សង់​នាវា​នោះ​ធ្វើ​នាវា​មុជ​ទឹក ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ដ​ថា​នោះ​គឺ​ជា​ពេល​ដែល​ខ្ញុំ​គួរ​លា​ឈប់​ពី​ការ​ងារ​នោះ ហើយ​ចាប់​ផ្ដើម​កិច្ច​បម្រើ​ពេញ​ពេល។ ភារកិច្ច​ទី១​របស់​ខ្ញុំ​គឺ​នៅ​ក្រុង​សាយរិនស៊ីស្ទើរ ដែល​ជា​ក្រុង​ដ៏​ស្អាត​មួយ​ក្នុង​តំបន់​ខូតស្វូដ។

ពេល​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ ខ្ញុំ​បាន​ចូល​គុក​អស់​៩​ខែ​ដោយ​សារ​ខ្ញុំ​មិន​ព្រម​បំពេញ​កាតព្វកិច្ច​យោធា។ ខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​សោះ​ពេល​ដែល​គេ​ខ្ទប់​ទ្វារ​បន្ទប់​គុក​របស់​ខ្ញុំ ហើយ​ទុក​ខ្ញុំ​ចោល​តែ​ម្នាក់​ឯង។ ប៉ុន្ដែ មិន​យូរ​ក្រោយ​មក អ្នក​យាម​និង​អ្នក​ឯ​ទៀត​ដែល​ជាប់​គុក​បាន​ចាប់​ផ្ដើម​សួរ​អំពី​មូលហេតុ​ដែល​ខ្ញុំ​នៅ​ទី​នោះ ហើយ​ខ្ញុំ​សប្បាយ​ពន្យល់​អំពី​ជំនឿ​របស់​ខ្ញុំ​ដល់​ពួក​គេ។

ក្រោយ​ពី​ខ្ញុំ​បាន​ចេញ​ពី​គុក ខ្ញុំ​និង​បង​ប្រុស​ឡេនណឺត ស្មីត * បាន​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ផ្សេង​ៗ​ក្នុង​ស្រុក​ខេន ដែល​ជា​ស្រុក​កំណើត​របស់​យើង។ ដើម្បី​ទម្លាក់​គ្រាប់​បែក​នៅ​ក្រុង​ឡុងដ៍ យន្ដ​ហោះ​របស់​ពួក​ណាត្ស៊ី​ត្រូវ​ហោះ​នៅ​លើ​ស្រុក​ខេន។ ចាប់​ពី​ឆ្នាំ​១៩៤៤ គ្រាប់​បែក​ជាង​១.០០០​គ្រាប់​ដែល​បាន​ត្រូវ​ហៅ​ថា​ឌូដលបាក់ បាន​ធ្លាក់​មក​លើ​ស្រុក​ខេន។ តាម​ពិត គ្រាប់​បែក​ទាំង​នោះ​គឺ​ជា​យន្ដ​ហោះ​ម្យ៉ាង​ដែល​គ្មាន​អ្នក​បើក ហើយ​ដែល​ពេញ​ដោយ​គ្រឿង​ផ្ទុះ។ ពេល​យើង​ឮ​សំឡេង​ម៉ាស៊ីន​ឈប់ យើង​ដឹង​ថា​ប៉ុន្មាន​វិនាទី​ក្រោយ​មក​យន្ដ​ហោះ​នឹង​ធ្លាក់​មក ហើយ​ផ្ទុះ។ គ្រប់​គ្នា​ភ័យ​ខ្លាចណាស់។ ក្នុង​អំឡុង​ពេល​នោះ យើង​មាន​ការ​សិក្សា​ជា​មួយ​នឹង​ក្រុម​គ្រួសារ​មួយ​ដែល​មាន​សមាជិក​ប្រាំ​នាក់។ ពេល​ខ្លះ យើង​អង្គុយ​នៅ​ក្រោម​តុ​ដែក​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ការពារ​យើង បើ​សិន​ជា​ផ្ទះ​រលំ។ នៅ​ទី​បំផុត ក្រុម​គ្រួសារ​ទាំង​មូល​នោះ​បាន​ទទួល​ការ​ជ្រមុជ​ទឹក។

ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ប្រទេស​ផ្សេង

ការ​ផ្សាយ​អំពី​មហា​សន្និបាត កាល​ដែល​ខ្ញុំ​កំពុង​ត្រួស​ត្រាយ​នៅ​ប្រទេស​អៀរឡង់

ក្រោយ​សង្គ្រាម​នោះ ខ្ញុំ​បាន​ត្រួស​ត្រាយ​ពីរ​ឆ្នាំ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អៀរឡង់។ យើង​បាន​ទៅ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដោយ​និយាយ​ថា​យើង​គឺ​ជា​សាសនទូត ហើយ​យើង​បាន​សុំ​កន្លែង​ស្នាក់​នៅ។ យើង​បាន​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​របស់​យើង​នៅ​តាម​ផ្លូវ។ ប៉ុន្ដែ ប្រទេស​អៀរឡង់​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ប្រទេស​អង់គ្លេស។ មនុស្ស​ភាគ​ច្រើន​មាន​អារម្មណ៍​ថា យើង​ល្ងង់​ណាស់​ដែល​គិត​ថា​មនុស្ស​នឹង​មាន​ប្រតិកម្ម​ល្អ​ចំពោះ​យើង​នៅ​ក្នុង​ប្រទេស​ដែល​គេ​កាន់​សាសនា​កាតូលិក! ពេល​បុរស​ម្នាក់​បាន​គំរាម​ធ្វើ​បាប​យើង ខ្ញុំ​បាន​ប្រាប់​ប៉ូលិស ប៉ុន្ដែ​ប៉ូលិស​នោះ​បាន​និយាយ​ថា​៖ ​«​វា​ត្រូវ​តែ​អ៊ីចឹង មាន​អី​ប្លែក​ទៅ​»។ ពេល​នោះ​យើង​មិន​បាន​ដឹង​ថា​ពួក​បូជា​ចារ្យ​មាន​អំណាច​ខ្លាំង​យ៉ាង​ណា​ទេ។ មនុស្ស​នឹង​បាត់​បង់​ការ​ងារ​បើ​ពួក​គេ​ទទួល​សៀវភៅ​របស់​យើង។ ម្យ៉ាង​ទៀត យើង​បាន​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​កន្លែង​ដែល​យើង​កំពុង​រស់​នៅ។

មិន​យូរ​ក្រោយ​មក យើង​បាន​យល់​ថា​ពេល​យើង​មក​ដល់​តំបន់​ថ្មី គឺ​ល្អ​បំផុត​ដែល​យើង​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​ដែល​បូជា​ចារ្យ​មិន​ស្គាល់​យើង។ ដូច្នេះ យើង​ត្រូវ​ទៅ​ឆ្ងាយ​ពី​កន្លែង​ដែល​យើង​ស្នាក់​នៅ ហើយ​ទៅ​ជួប​មនុស្ស​ដែល​រស់​នៅ​កន្លែង​ទាំង​នោះ​សិន។ ក្រោយ​មក យើង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​នៅ​ជិត​កន្លែង​យើង​ស្នាក់​នៅ។ នៅ​ក្រុង​ឃីលខេននី យើង​បាន​សិក្សា​ជា​មួយ​នឹង​បុរស​វ័យ​ក្មេង​ម្នាក់​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ទោះ​ជា​មនុស្ស​មួយ​ក្រុម​ដ៏​ឃោរ​ឃៅ​បាន​គំរាម​កំហែង​យើង​ក៏​ដោយ។ ដោយ​សារ​ខ្ញុំ​ពិត​ជា​ចូល​ចិត្ដ​បង្រៀន​គម្ពីរ ខ្ញុំ​ចង់​ទទួល​ការ​បង្ហាត់​បង្រៀន​ជា​សាសនទូត។ ដូច្នេះ ខ្ញុំ​បាន​សម្រេច​ចិត្ដ​ដាក់​ពាក្យ​សុំ​ចូល​សាលា​គម្ពីរ​គីលាត​នៃ​សមាគម​ប៉ម​យាម។

ទូក​ក្ដោង​ស៊ីបៀ​គឺ​ជា​ផ្ទះ​សាសនទូត​របស់​យើង​ចាប់​ពី​ឆ្នាំ​១៩៤៨​ដល់​១៩៥៣

ក្រោយ​ពី​សិក្សា​នៅ​រដ្ឋ​ញូវយ៉ក​បាន​ប្រាំ​ខែ យើង​បួន​នាក់​ដែល​បាន​បញ្ចប់​វគ្គ​សិក្សា​នៅ​សាលា​គីលាត​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​កោះ​តូច​ៗ​នៃ​សមុទ្រ​ការីប។ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៤៨ យើង​បាន​ចេញ​ពី​ក្រុង​ញូវយ៉ក​ដោយ​ជិះ​ទូក​ក្ដោង​ដែល​មាន​ប្រវែង​១៨​ម៉ែត្រ (​៥៩​ហ្វីត​) ដែល​មាន​ឈ្មោះ​ស៊ីបៀ។ ខ្ញុំ​មិន​ដែល​បើក​ទូក​ក្ដោង​ពី​មុន​មក​ទេ ដូច្នេះ​ខ្ញុំ​រំភើប​ចិត្ដ​ណាស់។ បង​ប្រុស​ហ្គាស ម៉ាឃី​ដែល​ជា​ម្នាក់​ក្នុង​ចំណោម​យើង​បួន​នាក់​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​គីលាត ធ្លាប់​ធ្វើ​ជា​មេ​បញ្ជាការ​នាវា។ គាត់​បាន​បង្រៀន​យើង​នូវ​មូលដ្ឋាន​ខ្លះ​នៃ​ការ​បើក​ទូក​ក្ដោង ដូច​ជា​របៀប​ដំឡើង​និង​ទម្លាក់​ក្ដោង របៀប​ធ្វើ​ដំណើរ​ដោយ​ប្រើ​ត្រី​វិស័យ និង​របៀប​ទាញ​ក្ដោង​ដើម្បី​ទៅ​បញ្ច្រាស​ខ្យល់។ អស់​រយៈ​ពេល​៣០​ថ្ងៃ បង​ហ្គាស​ពូកែ​បញ្ជា​ទូក​របស់​យើង​ឆ្លង​កាត់​ព្យុះ​សង្ឃរាជា​ច្រើន​រហូត​ដល់​យើង​ទៅ​ដល់​ប្រជុំ​កោះ​បាហាម៉ា។

‹ចូរ​ថ្លែង​ប្រាប់​ដល់​ពួក​កោះ›

ក្រោយ​ពី​ផ្សព្វ​ផ្សាយ​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​នៅ​លើ​កោះ​តូច​ៗ​នា​ប្រជុំ​កោះ​បាហាម៉ា យើង​បាន​ជិះ​ទូក​ក្ដោង​ទៅ​ប្រជុំ​កោះ​លីវិដ​និង​វីនវិដ។ ប្រជុំ​កោះ​ទាំង​ពីរ​នោះ​នៅ​ចន្លោះ​ប្រជុំ​កោះ​វីជីន​និង​កោះ​ទ្រីនីដាដ ហើយ​ពី​កោះ​ចុង​ម្ខាង​នៃ​ប្រជុំ​កោះ​លីវិដ​ទៅ​កោះ​ចុង​ម្ខាង​ទៀត​នៃ​ប្រជុំ​កោះ​វីនវិដ​មាន​ចម្ងាយ​ជិត​៨០០​គីឡូ​ម៉ែត្រ (​៥០០​ម៉ៃល៍​)។ អស់​ប្រាំ​ឆ្នាំ យើង​បាន​ផ្សព្វ​ផ្សាយ​ភាគ​ច្រើន​នៅ​លើ​កោះ​ដាច់​ស្រយាល​ដែល​គ្មាន​សាក្សី។ ជួន​កាល យើង​មិន​អាច​ផ្ញើ​ឬ​ទទួល​សំបុត្រ​អស់​ជា​ច្រើន​សប្ដាហ៍។ ប៉ុន្ដែ យើង​សប្បាយ​រីក​រាយ​ផ្សព្វ​ផ្សាយ​អំពី​ព្រះ​យេហូវ៉ា​«​ដល់​ពួក​កោះ​»​!—យេរេមា ៣១:១០

សាសនទូត​ពេល​ដែល​នៅ​លើ​ទូក​ស៊ីបៀ (​ពី​ឆ្វេង​ទៅ​ស្ដាំ​): បង​រ៉ន ផាខិន, បង​ឌីក រ៉ែដ, បង​ហ្គាស ម៉ាឃី, និង​បង​ស្ទេនលី ខរថឺរ

ពេល​យើង​ទម្លាក់​យុថ្កា​នៅ​ឆក​សមុទ្រ អ្នក​ភូមិ​នៅ​ទី​នោះ​រំភើប​ចិត្ដ ហើយ​នាំ​គ្នា​មក​ចំណត​ទូក​ដើម្បី​មើល​ថា​យើង​ជា​អ្នក​ណា។ អ្នក​ខ្លះ​មិន​ដែល​ឃើញ​ទូក​ដូច​ទូក​របស់​យើង ឬ​មនុស្ស​ស្បែក​ស​ពី​មុន​មក​ទេ។ អ្នក​នៅ​កោះ​នោះ​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់​ដែល​ស្គាល់​គម្ពីរ​យ៉ាង​ច្បាស់។ ជា​ច្រើន​ដង ពួក​គេ​បាន​ឲ្យ​យើង​ត្រី​ស្រស់​ៗ ផ្លែ​ប័រ និង​សណ្ដែក​ដី។ ទោះ​ជា​ទូក​យើង​មិន​សូវ​មាន​កន្លែង​ច្រើន​ក៏​ដោយ យើង​អាច​ចម្អិន​អាហារ សម្រាន្ដ និង​បោក​សម្លៀក​បំពាក់​របស់​យើង។

យើង​បាន​ចេញ​ពី​ទូក ហើយ​ទៅ​ជួប​មនុស្ស​ពេញ​មួយ​ថ្ងៃ។ យើង​បាន​ប្រាប់​ពួក​គេ​ថា​នឹង​មាន​សុន្ទរកថា​ពី​គម្ពីរ។ ក្រោយ​ថ្ងៃ​លិច​យើង​បាន​អង្រន់​កណ្ដឹង​ទូក។ ពេល​ឃើញ​មនុស្ស​មក​ដល់ នោះ​គឺ​អស្ចារ្យ​ណាស់។ ពន្លឺ​ចង្កៀង​របស់​ពួក​គេ​មើល​ទៅ​ដូច​ជា​ពន្លឺ​ផ្កាយ​ដែល​កំពុង​ចុះ​មក​ពី​ភ្នំ។ ពេល​ខ្លះ​មនុស្ស​មួយ​រយ​នាក់​បាន​មក ហើយ​ពួក​គេ​បាន​សួរ​សំណួរ​ផ្សេង​ៗ​រហូត​ដល់​យប់​ជ្រៅ។ ពួក​គេ​ចូល​ចិត្ដ​ច្រៀង ដូច្នេះ​យើង​បាន​ប្រើ​ម៉ាស៊ីន​អង្គុលីលេខ​ដើម្បី​សរសេរ​ចម្រៀង​រាជាណាចក្រ​ខ្លះ​សម្រាប់​ពួក​គេ។ យើង​បួន​នាក់​បាន​ខំ​ច្រៀង​យ៉ាង​អស់​ពី​សមត្ថភាព។ ក្រោយ​មក មនុស្ស​បាន​ចាប់​ផ្ដើម​ច្រៀង​ជា​មួយ​យើង ហើយ​សំឡេង​របស់​ពួក​គេ​ពីរោះ​ណាស់។ នោះ​គឺ​ជា​ពេល​ដ៏​សប្បាយ!

ក្រោយ​ការ​សិក្សា​គម្ពីរ​មួយ សិស្ស​គម្ពីរ​ខ្លះ​បាន​ដើរ​ជា​មួយ​យើង​ទៅ​ក្រុម​គ្រួសារ​ដែល​យើង​ទៅ​ជួប​បន្ទាប់​ពី​ពួក​គេ​ដើម្បី​ចូល​រួម​ការ​សិក្សា​នោះ​ដែរ។ ក្រោយ​ពី​ចំណាយ​ពេល​អស់​ប៉ុន្មាន​សប្ដាហ៍​នៅ​កន្លែង​ណា​មួយ យើង​ត្រូវ​ចាក​ចេញ។ ប៉ុន្ដែ យើង​ច្រើន​តែ​បាន​សុំ​មនុស្ស​ដែល​ចាប់​អារម្មណ៍​ជាង​គេ​ឲ្យ​បន្ដ​បង្រៀន​សិស្ស​គម្ពីរ​ឯ​ទៀត​រហូត​ដល់​ពេល​យើង​ត្រឡប់​មក​វិញ។ គឺ​ល្អ​ណាស់​ពេល​ឃើញ​ថា​ពួក​គេ​ខ្លះ​យក​ចិត្ដ​ទុក​ដាក់​នឹង​ភារកិច្ច​របស់​ខ្លួន។

សព្វ​ថ្ងៃ​នេះ កោះ​ជា​ច្រើន​ទាំង​នោះ​គឺ​សម្បូរ​ទៅ​ដោយ​ទេសចរ ប៉ុន្ដែ​នៅ​សម័យ​នោះ​កោះ​ទាំង​នោះ​ជា​កន្លែង​ដ៏​ស្ងប់​ស្ងាត់​ដែល​មាន​តែ​បឹង​ទឹក​ប្រៃ​ពណ៌​បៃតង​លាយ​ខៀវ ឆ្នេរ​ខ្សាច់ និង​ដើម​ដូង។ តាម​ធម្មតា យើង​បាន​ជិះ​ទូក​ក្ដោង​ពី​កោះ​មួយ​ទៅ​កោះ​មួយ​នៅ​ពេល​យប់។ ត្រី​ផ្សោត​សមុទ្រ​បាន​ហែល​ទឹក​យ៉ាង​សប្បាយ​រីក​រាយ​នៅ​ក្បែរ​ទូក​របស់​យើង ហើយ​យើង​អាច​ឮ​សំឡេង​ទូក​យើង​បុក​ជា​មួយ​ទឹក។ ពន្លឺ​ព្រះ​ចន្ទ​នៅ​សមុទ្រ​មើល​ទៅ​ដូច​ជា​ផ្លូវ​ដែល​ភ្លឺ​ដូច​ប្រាក់​ដែល​ទៅ​ដល់​ជើង​មេឃ។

ក្រោយ​ផ្សព្វ​ផ្សាយ​នៅ​លើ​កោះ​បាន​ប្រាំ​ឆ្នាំ យើង​បាន​ជិះ​ទូក​ក្ដោង​ទៅ​ប្រទេស​ព័រតូរីកូ​ដើម្បី​ទទួល​ទូក​ថ្មី​មួយ​ដែល​មាន​ម៉ាស៊ីន។ ពេល​យើង​ទៅ​ដល់ ខ្ញុំ​បាន​ជួប​បង​ស្រី​សាសនទូត​ដ៏​ស្រស់​ស្អាត​ម្នាក់​ឈ្មោះ​ម៉ាកស៊ីន បូអ៊ីដ ហើយ​បាន​ចាប់​ចិត្ដ​ស្រឡាញ់​គាត់។ គាត់​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដ៏​ខ្នះ​ខ្នែង តាំង​ពី​គាត់​នៅ​ក្មេង។ ក្រោយ​មក គាត់​បាន​បម្រើ​ជា​សាសនទូត​នៅ​សាធារណរដ្ឋ​ដូមីនីក​រហូត​ដល់​ឆ្នាំ​១៩៥០ ពេល​ដែល​រដ្ឋាភិបាល​សាសនា​កាតូលិក​បាន​បង្ខំ​គាត់​ឲ្យ​ចាក​ចេញ។ ដោយ​សារ​ខ្ញុំ​ជា​សមាជិក​នៃ​អ្នក​ស្នាក់​នៅ​លើ​ទូក ខ្ញុំ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ប្រទេស​ព័រតូរីកូ​សម្រាប់​រយៈ​ពេល​មួយ​ខែ​ប៉ុណ្ណោះ។ ក្រោយ​មក ខ្ញុំ​នឹង​ជិះ​ទូក​ក្ដោង​ទៅ​កោះ​ផ្សេង​ៗ ហើយ​នៅ​ទី​នោះ​សម្រាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ។ ដូច្នេះ ខ្ញុំ​បាន​និយាយ​ដាក់​ខ្លួន​ឯង​ថា ‹រ៉ូណាល់ បើ​ឯង​ចង់​បាន​នារី​នេះ ត្រូវ​តែ​ធ្វើ​អី​មួយ​ឲ្យ​លឿន›។ បី​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​សុំ​គាត់​រៀប​ការ ហើយ​៦​សប្ដាហ៍​ក្រោយ​យើង​បាន​រៀប​ការ។ ខ្ញុំ​និង​ម៉ាកស៊ីន​បាន​ត្រូវ​តែង​តាំង​ជា​សាសនទូត​នៅ​ប្រទេស​ព័រតូរីកូ ដូច្នេះ​ខ្ញុំ​មិន​ដែល​ជិះ​ទូក​ថ្មី​ឡើយ។

នៅ​ឆ្នាំ​១៩៥៦ យើង​បាន​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​ត្រួត​ពិនិត្យ​មណ្ឌល ហើយ​យើង​ចូល​ចិត្ដ​ទៅ​ជួប​បង​ប្អូន​ខ្លាំង​ណាស់។ ពួក​គាត់​ជា​ច្រើន​នាក់​ក្រី​ក្រ។ ជា​ឧទាហរណ៍ នៅ​ភូមិ​ផូថាឡា ផាស្ទីលយ៉ូ មាន​ក្រុម​គ្រួសារ​ពីរ​ដែល​ជា​សាក្សី​ដែល​មាន​កូន​ជា​ច្រើន ហើយ​ខ្ញុំ​ធ្លាប់​ផ្លុំ​ខ្លុយ​ឲ្យ​ពួក​គេ។ ខ្ញុំ​បាន​សួរ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​អ៊ីលដា​ថា​នាង​ចង់​មក​ផ្សព្វ​ផ្សាយ​ជា​មួយ​យើង​ទេ។ នាង​បាន​និយាយ​៖ ​«​ខ្ញុំ​ចង់​ទៅ ប៉ុន្ដែ​ខ្ញុំ​ទៅ​អត់​បាន។ ខ្ញុំ​អត់​មាន​ស្បែក​ជើង​ផង​»។ យើង​បាន​ទិញ​ស្បែក​ជើង​ឲ្យ​នាង ហើយ​នាង​បាន​មក​ផ្សព្វ​ផ្សាយ​ជា​មួយ​យើង។ ច្រើន​ឆ្នាំ​ក្រោយ​មក នៅ​ឆ្នាំ​១៩៧២​ពេល​ខ្ញុំ​និង​ម៉ាកស៊ីន​បាន​មក​លេង​បេតអែល​តំបន់​ប៊្រុគ្លីន ប្អូន​ស្រី​ម្នាក់​ដែល​ទើប​តែ​បញ្ចប់​វគ្គ​សិក្សា​សាលា​គីលាត​បាន​មក​និយាយ​ជា​មួយ​យើង។ នាង​ហៀបនឹង​ចាក​ចេញ​ទៅ​បំពេញ​ភារកិច្ច​នៅ​ប្រទេស​អេក្វាទ័រ ហើយ​នាង​បាន​និយាយ​ថា​៖ ​«​ពូ​មីង​មិន​ចាំ​ខ្ញុំ មែន​ទេ? ខ្ញុំ​គឺ​ជា​ក្មេង​ស្រី​ពី​ភូមិ​ផាស្ទីលយ៉ូ​ដែល​គ្មាន​ស្បែក​ជើង​»។ នោះ​គឺ​ក្មួយ​អ៊ីលដា! យើង​សប្បាយ​ចិត្ដ​ខ្លាំង​មែន​ទែន រហូត​ដល់​យំ!

នៅ​ឆ្នាំ​១៩៦០ យើង​បាន​ចាប់​ផ្ដើម​បម្រើ​នៅ​ការិយាល័យ​សាខា​ព័រតូរីកូ​ដែល​នៅ​ក្នុង​ផ្ទះ​តូច​មួយ​នា​តំបន់​សានថឹសស៊ីស ក្រុង​សាំង​ហ្សង់។ ដំបូង ខ្ញុំ​និង​បង​ប្រុស​ឡេនណាត ចនសុន​បាន​ធ្វើ​កិច្ច​ការ​ភាគ​ច្រើន​នៅ​ការិយាល័យ​សាខា​នោះ។ គាត់​និង​ប្រពន្ធ​គាត់​គឺ​ជា​សាក្សី​ដំបូង​នៅ​សាធារណរដ្ឋ​ដូមីនីក ហើយ​នៅ​ឆ្នាំ​១៩៥៧ ពួក​គាត់​បាន​រើ​ទៅ​ប្រទេស​ព័រតូរីកូ។ ក្រោយ​មក ម៉ាកស៊ីន​បាន​ផ្ញើ​ទស្សនាវដ្ដី​ទៅ​អ្នក​ដែល​បាន​ជាវ​ជា​ប្រចាំ។ គាត់​បាន​ផ្ញើ​ទស្សនាវដ្ដី​ទាំង​នោះ​ជាង​មួយ​ពាន់​ក្បាល​ជា​រៀង​រាល់​សប្ដាហ៍។ គាត់​ចូល​ចិត្ដ​ធ្វើ​កិច្ច​ការ​នេះ ដោយ​សារ​គាត់​គិត​អំពី​មនុស្ស​ទាំង​អស់​នោះ​ដែល​អាច​រៀន​អំពី​ព្រះ​យេហូវ៉ា​ពី​ទស្សនាវដ្ដី​នោះ។

ខ្ញុំ​ចូល​ចិត្ដ​ធ្វើ​ការ​នៅ​បេតអែល ដោយ​សារ​កិច្ច​ការ​នោះ​ឲ្យ​ខ្ញុំ​ប្រើ​កម្លាំង​របស់​ខ្ញុំ​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា។ ប៉ុន្ដែ កិច្ច​បម្រើ​បេតអែល​មិន​តែង​តែ​ងាយ​ស្រួល​ទេ។ ជា​ឧទាហរណ៍ ក្នុង​អំឡុង​សន្និបាត​អន្ដរជាតិ​ដំបូង​នា​ប្រទេស​ព័រតូរីកូ​នៅ​ឆ្នាំ​១៩៦៧ ខ្ញុំ​ព្រួយ​ចិត្ដ​អំពី​អ្វី​ៗ​ទាំង​អស់​ដែល​ខ្ញុំ​ត្រូវ​រៀប​ចំ។ បង​ប្រុស​ណេថិន ន័រ​ដែល​ជា​អ្នក​នាំ​មុខ​សាក្សី​ព្រះ​យេហូវ៉ា​បាន​មក​ប្រទេស​ព័រតូរីកូ។ គាត់​បាន​គិត​ថា​ខ្ញុំ​មិន​បាន​រៀប​ចំ​យាន​ជំនិះ​សម្រាប់​សាសនទូត​ដែល​មក​លេង​ប្រទេស​នោះ​ទេ ទោះ​ជា​តាម​ពិត​ខ្ញុំ​បាន​រៀប​ចំ​ក៏​ដោយ។ ក្រោយ​មក គាត់​ឲ្យ​ឱវាទ​ខ្ញុំ​យ៉ាង​ម៉ឺង​ម៉ាត់​អំពី​ការ​មាន​របៀប​រៀប​រយ ហើយ​បាន​និយាយ​ថា​គាត់​ខក​ចិត្ដ​នឹង​ខ្ញុំ។ ខ្ញុំ​មិន​ចង់​ប្រកែក​ជា​មួយ​គាត់​ទេ ប៉ុន្ដែ​ខ្ញុំ​មាន​អារម្មណ៍​ថា​គាត់​បាន​ប្រព្រឹត្ដ​មក​លើ​ខ្ញុំ​ដោយ​អយុត្ដិធម៌ ហើយ​អស់​មួយ​រយៈ​ពេល​ខ្ញុំ​ពិបាក​ចិត្ដ។ ប៉ុន្ដែ ក្រោយ​មក​ពេលខ្ញុំ​និង​ម៉ាកស៊ីន​បាន​ជួប​បង​ន័រ គាត់​បាន​អញ្ជើញ​យើង​ឲ្យ​ទៅ​បន្ទប់​របស់​គាត់ ហើយ​បាន​ធ្វើ​ម្ហូប​ដើម្បី​ពិសា​រ​ជា​មួយ​គ្នា។

យើង​បាន​ទៅ​លេង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​នៅ​ប្រទេស​អង់គ្លេស​អស់​ប៉ុន្មាន​ដង។ ឪ​ពុក​របស់​ខ្ញុំ​មិន​បាន​ទទួល​យក​សេចក្ដី​ពិត​ទេ ពេល​ដែល​ខ្ញុំ​និង​ម្ដាយ​ខ្ញុំ​បាន​ទទួល​យក។ ប៉ុន្ដែ ពេល​បង​ប្អូន​ប្រុស​ពី​បេតអែល​បាន​ទៅ​តំបន់​របស់​ឪ​ពុក​ម្ដាយ​ខ្ញុំ ម្ដាយ​ខ្ញុំ​ច្រើន​តែ​ឲ្យ​ពួក​គាត់​ស្នាក់​នៅ​ផ្ទះ​របស់​យើង។ ឪ​ពុក​ខ្ញុំ​បាន​ឃើញ​ថា​អ្នក​ត្រួត​ពិនិត្យ​ទាំង​នោះ​ដែល​នៅ​បេតអែល​មាន​ចិត្ដ​រាប​ទាប។ ពួក​គាត់​គឺ​ខុស​គ្នា​ឆ្ងាយ​ពី​ពួក​បព្វជិត​ដែល​ធ្វើ​ឲ្យ​គាត់​ជិន​ឆ្អន់​អស់​ជា​ច្រើន​ឆ្នាំ​មុន។ នៅ​ទី​បំផុត នៅ​ឆ្នាំ​១៩៦២ គាត់​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។

ខ្ញុំ​ជា​មួយ​នឹង​ម៉ាកស៊ីន​នៅ​ប្រទេស​ព័រតូរីកូ​មិន​យូរ​ក្រោយ​ពី​យើង​បាន​រៀប​ការ ហើយ​នៅ​ខួប​អាពាហ៍ពិពាហ៍​៥០​ឆ្នាំ​របស់​យើង​នៅ​ឆ្នាំ​២០០៣

ម៉ាកស៊ីន​ដែល​ជា​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​បាន​ស្លាប់​នៅ​ឆ្នាំ​២០១១។ ខ្ញុំ​ពិត​ជា​ទន្ទឹង​រង់​ចាំ​ជួប​គាត់​ម្ដង​ទៀត​ពេល​ដែល​មនុស្ស​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ការ​គិត​អំពី​រឿង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់! ក្នុង​អំឡុង​រយៈ​ពេល​៥៨​ឆ្នាំ​ដែល​យើង​បាន​រៀប​ការ យើង​បាន​ឃើញ​ចំនួន​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ព័រតូរីកូ​បាន​កើន​ឡើង​ពី​៦៥០​នាក់​ដល់​២៦.០០០​នាក់! នៅ​ឆ្នាំ​២០១៣ ការិយាល័យ​សាខា​ព័រតូរីកូ​បាន​បញ្ចូល​គ្នា​ជា​មួយ​នឹង​ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក ហើយ​ខ្ញុំ​បាន​ត្រូវ​សុំ​ឲ្យ​បម្រើ​នៅ​បេតអែល​ក្រុង​វ៉លឃីល រដ្ឋ​ញូវយ៉ក។ ក្រោយ​ពី​ខ្ញុំ​បាន​នៅ​ប្រទេស​ព័រតូរីកូ​ដែល​ជា​កោះ​មួយ​អស់​៦០​ឆ្នាំ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​គឺ​ជា​អ្នក​ស្រុក​ព័រតូរីកូ ដូច​ជា​សត្វ​ខូឃី​ដែល​ជា​កង្កែប​តូច​ម្យ៉ាង​ដ៏​ល្បី​ដែល​រស់​នៅ​ប្រទេស​នោះ។ ខ្ញុំ​សប្បាយ​នៅ​ប្រទេស​ព័រតូរីកូ ប៉ុន្ដែ​ខ្ញុំ​យល់​ថា​ឥឡូវ​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ។

«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ដ​សប្បាយ​»

ខ្ញុំ​នៅ​តែ​ចូល​ចិត្ដ​បម្រើ​ព្រះ​នៅ​បេតអែល។ ឥឡូវ​ខ្ញុំ​មាន​អាយុ​ជាង​៩០​ឆ្នាំ ហើយ​ការ​ងារ​របស់​ខ្ញុំ​គឺ​លើក​ទឹក​ចិត្ដ​សមាជិក​ក្រុម​គ្រួសារ​បេតអែល។ តាំង​ពី​ខ្ញុំ​មក​បេតអែល​ក្រុង​វ៉លឃីល ខ្ញុំ​បាន​ទៅ​ជួប​បង​ប្អូន​ជាង​៦០០​នាក់។ បង​ប្អូន​ខ្លះ​ដែល​មក​ជួប​ខ្ញុំ​ចង់​ពិភាក្សា​អំពី​បញ្ហា​ផ្ទាល់​ខ្លួន​ឬ​ក្រុម​គ្រួសារ។ បង​ប្អូន​ខ្លះ​ទៀត​ចង់​ទទួល​ឱវាទ​អំពី​របៀប​បម្រើ​នៅ​បេតអែល​ដោយ​មាន​ជោគ​ជ័យ។ បង​ប្អូន​ឯ​ទៀត​ចង់​ទទួល​ឱវាទ ដោយ​សារ​ពួក​គេ​ទើប​តែ​រៀប​ការ ឬ​ក៏​ពួក​គេ​បាន​ត្រូវ​ប្ដូរ​ឲ្យ​ទៅ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​វិញ។ ខ្ញុំ​ស្តាប់​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ ហើយ​ពេល​ដែល​សម​ត្រឹម​ត្រូវ ខ្ញុំ​ច្រើន​តែ​ប្រាប់​ពួក​គេ​ថា​៖ ​«​‹ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ដ​សប្បាយ›។ ដូច្នេះ សូម​សប្បាយ​ក្នុង​កិច្ច​ការ​របស់​ខ្លួន។ កិច្ច​ការ​នោះ​គឺ​សម្រាប់​ព្រះ​យេហូវ៉ា​»។—កូរិនថូស​ទី២ ៩:៧

បើ​អ្នក​ចង់​សប្បាយ​នៅ​បេតអែល ឬ​នៅ​កន្លែង​ផ្សេង​ទៀត អ្នក​ត្រូវ​ផ្ដោត​អារម្មណ៍​ទៅ​លើ​មូលហេតុ​ដែល​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​គឺ​សំខាន់។ អ្វី​ទាំង​អស់​ដែល​យើង​ធ្វើ​នៅ​បេតអែល​គឺ​ជា​កិច្ច​បម្រើ​ដ៏​ពិសិដ្ឋ។ កិច្ច​ការ​នៅ​បេតអែល​ជួយ​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​ដល់​បង​ប្អូន​នៅ​ទូ​ទាំង​ពិភព​លោក។ (​ម៉ាថាយ ២៤:៤៥​) ទោះ​ជា​យើង​បម្រើ​ព្រះ​យេហូវ៉ា​នៅ​កន្លែង​ណា​ក៏​ដោយ យើង​មាន​ឱកាស​ដើម្បី​សរសើរ​លោក។ សូម​យើង​សប្បាយ​ចិត្ដ​នឹង​អ្វី​ណា​ក៏​ដោយ​ដែល​លោក​សុំ​យើង​ឲ្យ​ធ្វើ ដោយ​សារ​«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ដ​សប្បាយ​»។

^ វគ្គ 13 ជីវប្រវត្ដិ​របស់​បង​ឡេនណឺត ស្មីត​មាន​នៅ​ក្នុងទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១២