លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

របៀប​ដែល​យើង​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​បន្ដ​រក្សា​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ

របៀប​ដែល​យើង​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​បន្ដ​រក្សា​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ

​«​[​ចូរ​]បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​»។—កូឡុស ៣:១០

ចម្រៀង​លេខ: ៤៣, ២៧

១, ២​. (​ក​) តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​យើង​អាច​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី? (​ខ​) តើ​កូឡុស ៣:១០​-​១៤​បាន​រៀប​រាប់​អំពី​គុណ​សម្បត្ដិ​អ្វី​ខ្លះ?

នៅ​ក្នុង​គម្ពីរ​មាន​ពាក្យ​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ជា​ភាសា​ដើម ពីរ​ដង។ (​អេភេសូរ ៤:២៤; កូឡុស ៣:១០​) នេះ​សំដៅ​ទៅ​លើ​បុគ្គលិក​លក្ខណៈ​ដែល​បាន​ត្រូវ​«​បង្កើត​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​»។ តើ​យើង​អាច​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​នេះ​បាន​ឬ​ទេ? យើង​ពិត​ជា​អាច​ធ្វើ​បាន។ ព្រះ​យេហូវ៉ា​បាន​បង្កើត​មនុស្ស​ឲ្យ​មាន​ភាព​ដូច​លោក ដូច្នេះ​យើង​អាច​មាន​គុណ​សម្បត្ដិ​ដែល​គួរ​ឲ្យ​សរសើរ​ដូច​លោក។—លោកុប្បត្ដិ ១:២៦, ២៧; អេភេសូរ ៥:១

ជួន​កាល​យើង​ទាំង​អស់​គ្នា​មាន​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ត្រឹម​ត្រូវ ដោយ​សារ​យើង​បាន​ទទួល​ភាព​មិន​ល្អ​ឥត​ខ្ចោះ​ជា​មត៌ក។ យើង​ក៏​ទទួល​ឥទ្ធិពល​ពី​មជ្ឈដ្ឋាន​ដែល​យើង​រស់​នៅ​ដែរ។ ប៉ុន្ដែ ដោយ​មាន​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា យើង​អាច​ក្លាយ​ទៅ​ជា​មនុស្ស​ដែល​លោក​ចង់​ឲ្យ​យើង​ក្លាយ​ទៅ​ជា។ ដើម្បី​ជួយ​យើង​ឲ្យ​តាំង​ចិត្ដ​ធ្វើ​ដូច្នេះ សូម​យើង​ពិចារណា​គុណ​សម្បត្ដិ​ខ្លះ​ដែល​ជា​ផ្នែក​នៃ​បុគ្គលិក​លក្ខណៈ​ថ្មី។ (​សូម​អាន កូឡុស ៣:១០​-​១៤) បន្ទាប់​មក យើង​នឹង​ឃើញ​របៀប​ដែល​យើង​អាច​បង្ហាញ​គុណ​សម្បត្ដិ​ទាំង​នេះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។

«​អ្នក​រាល់​គ្នា​រួប​រួម​គ្នា​ហាក់​ដូច​ជា​បុគ្គល​តែ​មួយ​»

៣​. តើ​គុណ​សម្បត្ដិ​មួយ​នៃ​បុគ្គលិក​លក្ខណៈ​ថ្មី​គឺ​ជា​អ្វី?

ប៉ូល​បាន​ពន្យល់​ថា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​បុគ្គលិក​លក្ខណៈ​ថ្មី​គឺ​ការ​មិន​រើស​មុខ។ គាត់​បាន​និយាយ​ថា​៖ ​«​គ្មាន​ជន​ជាតិ​ក្រិច ឬ​ជន​ជាតិ​យូដា គ្មាន​ការ​កាត់​ចុង​ស្បែក ឬ​មិន​កាត់​ចុង​ស្បែក គ្មាន​ជន​បរទេស ជន​ជាតិ​ស៊ិទា ខ្ញុំ​បម្រើ ឬ​អ្នក​មាន​សេរី​ភាព​ឡើយ​»។ * (​សូម​មើល​កំណត់​សម្គាល់​) នៅ​ក្នុង​ក្រុម​ជំនុំ គ្មាន​អ្នក​ណា​ម្នាក់​គួរ​មាន​អារម្មណ៍​ថា​គាត់​ល្អ​ប្រសើរ​ជាង​អ្នក​ឯ​ទៀត​ដោយ​សារ​ពូជ​សាសន៍ សញ្ជាតិ ឬ​ឋានៈ​របស់​គាត់​ក្នុង​សង្គម​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ដ យើង​ទាំង​អស់​គ្នា​«​រួប​រួម​គ្នា​ហាក់​ដូច​ជា​បុគ្គល​តែ​មួយ​»។—កូឡុស ៣:១១; កាឡាទី ៣:២៨

យើង​មិន​រើស​មុខ​អ្នក​ណា​ម្នាក់​ដោយ​សារ​ពូជ​សាសន៍ ឬ​ឋានៈ​របស់​គាត់​ក្នុង​សង្គម​ឡើយ

៤​. (​ក​) តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​ប្រព្រឹត្ដ​យ៉ាង​ណា​ចំពោះ​អ្នក​ឯ​ទៀត? (​ខ​) តើ​ស្ថានភាព​អ្វី​ប្រហែល​ជា​នាំ​ឲ្យ​គ្រិស្ដ​សាសនិក​ពិបាក​មាន​សាមគ្គី​ភាព?

ពេល​យើង​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី យើង​ប្រព្រឹត្ដ​ទៅ​លើ​មនុស្ស​ទាំង​អស់​ដោយ​គោរព ហើយ​លើក​កិត្ដិ​យស​ពួក​គេ ទោះ​ជា​ពួក​គេ​មាន​ពូជ​សាសន៍​ឬ​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ។ (​រ៉ូម ២:១១​) នៅ​តំបន់​ខ្លះ​ក្នុង​ពិភព​លោក​នេះ​ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​ពិបាក​ណាស់។ ជា​ឧទាហរណ៍ នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង រដ្ឋាភិបាល​ធ្លាប់​បែង​ចែក​ពូជ​សាសន៍​ផ្សេង​ៗ​ឲ្យ​រស់​នៅ​កន្លែង​ផ្សេង​ពី​គ្នា។ មនុស្ស​ភាគ​ច្រើន​ដែល​រស់​នៅ​ប្រទេស​នោះ រួម​ទាំង​សាក្សី​ព្រះ​យេហូវ៉ា នៅ​តែ​រស់​នៅ​ក្នុង​តំបន់​ទាំង​នោះ។ គណៈ​អភិបាល​ចង់​លើក​ទឹក​ចិត្ដ​បង​ប្អូន​របស់​យើង​ឲ្យ​«​បើក​ចិត្ដ​ឲ្យ​ទូលាយ​»។ ដូច្នេះ នៅ​ខែ​តុលា ឆ្នាំ​២០១៣ ពួក​គាត់​បាន​ធ្វើ​ការ​រៀប​ចំ​ដ៏​ពិសេស​មួយ​ដែល​ជួយ​បង​ប្អូន​ដែល​មាន​ពូជ​សាសន៍​ផ្សេង​ៗ​ឲ្យ​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ប្រសើរ​ជាង។—កូរិនថូស​ទី២ ៦:១៣

៥, ៦​. (​ក​) តើ​មាន​ការ​រៀប​ចំ​អ្វី​នៅ​ប្រទេស​មួយ​ដើម្បី​ជួយ​រាស្ដ្រ​របស់​ព្រះ​ឲ្យ​កាន់​តែ​មាន​សាមគ្គី​ភាព? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​) (​ខ​) តើ​នេះ​នាំ​ឲ្យ​មាន​លទ្ធផល​អ្វី?

នៅ​ចុង​សប្ដាហ៍​ខ្លះ មាន​ការ​រៀប​ចំ​មួយ​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​មក​ពី​ក្រុម​ជំនុំ​ពីរ​ដែល​និយាយ​ភាសា​ឬ​មាន​ពូជ​សាសន៍​ខុស​គ្នា អាច​សេពគប់​ជា​មួយ​គ្នា។ បង​ប្អូន​ដែល​មក​ពី​ក្រុម​ជំនុំ​ទាំង​ពីរ​នោះ​បាន​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ​និង​កិច្ច​ប្រជុំ​ជា​មួយ​គ្នា ហើយ​បាន​ទៅ​លេង​ផ្ទះ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្រុម​ជំនុំ​រាប់​រយ​បាន​ចូល​រួម​ក្នុង​ការ​រៀប​ចំ​នេះ ហើយ​ការិយាល័យ​សាខា​បាន​ទទួល​របាយការណ៍​ល្អ​ៗ​ជា​ច្រើន។ សូម្បី​តែ​មនុស្ស​ខ្លះ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ក៏​បាន​កោត​ស្ងើច​អំពី​ការ​រៀប​ចំ​នេះ​ដែរ។ ជា​ឧទាហរណ៍ គ្រូ​គង្វាល​ម្នាក់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទេ តែ​ខ្ញុំ​ឃើញ​ថា​ពួក​អ្នក​បាន​រៀប​ចំ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ល្អ​ប្រសើរ ហើយ​ក៏​មាន​សាមគ្គី​ភាព​រវាង​ពូជ​សាសន៍​ផ្សេង​ៗ​»។ តើ​បង​ប្អូន​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​រៀប​ចំ​នេះ?

ដំបូង​បង​ស្រី​ណូម៉ា​ដែល​និយាយ​ភាសា​ហូស៊ា​ភ័យ​ខ្លាំង​ពេល​គាត់​គិត​អំពី​ការ​អញ្ជើញ​សាក្សី​ដែល​មក​ពី​ក្រុម​ជំនុំ​ភាសា​អង់គ្លេស​ឲ្យ​មក​ផ្ទះ​ដ៏​សាមញ្ញ​របស់​គាត់។ ប៉ុន្ដែ ក្រោយ​ពី​គាត់​បាន​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​សាក្សី​ដែល​មាន​ស្បែក​ស ហើយ​បាន​ទៅ​លេង​ផ្ទះ​របស់​ពួក​គេ គាត់​មាន​អារម្មណ៍​ស្រួល​ជាង។ គាត់​បាន​និយាយ​ថា​៖ ​«​ពួក​គេ​ជា​មនុស្ស​ធម្មតា​ដូច​យើង​ដែរ!​»។ ដូច្នេះ ពេល​បង​ប្អូន​ដែល​មក​ពី​ក្រុម​ជំនុំ​ភាសា​អង់គ្លេស​បាន​មក​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ក្រុម​ជំនុំ​ភាសា​ហូស៊ា បង​ណូម៉ា​បាន​អញ្ជើញ​ពួក​គេ​ខ្លះ​ឲ្យ​មក​ផ្ទះ​របស់​គាត់​ដើម្បីបរិភោគ​អាហារ​ជា​មួយ​គ្នា។ គាត់​បាន​កោត​ស្ងើច នៅ​ពេល​ដែល​គាត់​បាន​ឃើញ​ថា​ភ្ញៀវ​ម្នាក់​ដែល​ជា​អ្នក​ចាស់​ទុំ​ដែល​មាន​ស្បែក​ស​រីក​រាយ​អង្គុយ​នៅ​លើ​ប្រអប់​ជ័រ​មួយ។ ដោយ​សារ​កម្ម​វិធី​នេះ​នៅ​តែ​បន្ដ បង​ប្អូន​ជា​ច្រើន​នាក់​មាន​មិត្ដ​ភក្ដិ​ថ្មី ហើយ​បន្ដ​ជួប​ពួក​អ្នក​ដែល​មាន​ប្រវត្ដិ​ផ្សេង​ៗ។

ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​មេត្ដា​ករុណា​និង​សេចក្ដី​សប្បុរស

៧​. ហេតុ​អ្វី​យើង​ត្រូវ​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ជា​និច្ច?

រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​នឹង​មាន​ទុក្ខ​លំបាក​រហូត​ដល់​ទី​បញ្ចប់​នៃ​ពិភព​លោក​របស់​សាថាន។ ការ​គ្មាន​ការ​ងារ​ធ្វើ ជំងឺ​ធ្ងន់​ធ្ងរ ការ​បៀត​បៀន មហន្ដរាយ​ធម្មជាតិ ការ​បាត់​បង់​ទ្រព្យ​សម្បត្ដិ​ដោយ​សារ​បទ​ឧក្រិដ្ឋ ឬ​ទុក្ខ​លំបាក​ផ្សេង​ទៀត​អាច​មាន​ឥទ្ធិពល​លើ​យើង​ទាំង​អស់​គ្នា។ ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​អំឡុង​ពេល​មាន​ទុក្ខ​លំបាក យើង​ត្រូវ​មាន​សេចក្ដី​មេត្ដា​ករុណា​ពិត​ប្រាកដ។ សេចក្ដី​អាណិត​មេត្ដា​នឹង​ជំរុញ​ចិត្ដ​យើង​ឲ្យ​ប្រព្រឹត្ដ​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​សប្បុរស។ (​អេភេសូរ ៤:៣២​) គុណ​សម្បត្ដិ​ទាំង​នេះ​ជា​ផ្នែក​នៃ​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​នឹង​ជួយ​យើង​ឲ្យ​យក​តម្រាប់​ព្រះ​និង​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត។—កូរិនថូស​ទី២ ១:៣, ៤

៨​. តើ​មាន​អ្វី​ល្អ​ខ្លះ​ដែល​អាច​កើត​ឡើង ពេល​យើង​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​និង​សេចក្ដី​សប្បុរស​ចំពោះ​បុគ្គល​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ? សូម​លើក​ឧទាហរណ៍​មួយ។

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​សេចក្ដី​សប្បុរស​កាន់​តែ​ខ្លាំង​ចំពោះ​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុម​ជំនុំ​របស់​យើង​ដែល​បាន​រើ​ពី​ប្រទេស​ផ្សេង​ឬ​ដែល​ជា​អ្នក​ក្រ? យើង​ចង់​ទទួល​ស្វាគមន៍​ពួក​គេ ធ្វើ​ជា​មិត្ដ​ភក្ដិ​របស់​ពួក​គេ ហើយ​ជួយ​ពួក​គេ​ឲ្យ​ដឹង​ថា​យើង​ត្រូវ​ការ​ពួក​គេ​ក្នុង​ក្រុម​ជំនុំ។ (​កូរិនថូស​ទី១ ១២:២២, ២៥​) ជា​ឧទាហរណ៍ សូម​ពិចារណា​អំពី​អ្វី​ដែល​បាន​កើត​ឡើង​ដល់​បង​ប្រុស​ដាន់នីខាល ដែល​បាន​រើ​ពី​ប្រទេស​ហ្វីលីពីន​ទៅ​ប្រទេស​ជប៉ុន។ ដោយ​សារ​គាត់​ជា​ជន​បរទេស នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់ គេ​មិន​បាន​ប្រព្រឹត្ដ​មក​លើ​គាត់​ដូច​បុគ្គលិក​ឯ​ទៀត​ទេ។ ក្រោយ​មក គាត់​បាន​ចូល​រួម​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ បង​ដាន់នីខាល​បាន​និយាយ​ថា​៖ ​«​អ្នក​ចូល​រួម​ស្ទើរតែ​ទាំង​អស់​គឺ​ជា​ជន​ជាតិ​ជប៉ុន តែ​ពួក​គេ​បាន​ទទួល​ស្វាគមន៍​ខ្ញុំ​យ៉ាង​កក់​ក្ដៅ ហាក់​ដូច​ជា​ពួក​គេ​ធ្លាប់​ស្គាល់​ខ្ញុំ​យូរ​មក​ហើយ​»។ សេចក្ដី​សប្បុរស​របស់​បង​ប្អូន​បាន​បន្ដ​ជួយ​គាត់​ឲ្យ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា។ ក្រោយ​មក បង​ដាន់នីខាល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​សព្វ​ថ្ងៃ​នេះ​គាត់​បម្រើ​ជា​អ្នក​ចាស់​ទុំ។ អ្នក​ចាស់​ទុំ​ឯ​ទៀត​ក្នុង​ក្រុម​ជំនុំ​របស់​គាត់​សប្បាយ​ចិត្ដ​ដែល​បង​ដាន់នីខាល​និង​បង​ជេនអេហ្វឺ​ដែល​ជា​ប្រពន្ធ​របស់​គាត់​គឺ​ជា​សមាជិក​ក្រុម​ជំនុំ​នោះ ហើយ​ក៏​និយាយ​ថា​៖ ​«​ពួក​គាត់​មាន​ជីវិត​សាមញ្ញ​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ទុក​គំរូ​ល្អ​ស្ដី​អំពី​ការ​ស្វែង​រក​រាជាណាចក្រ​របស់​ព្រះ​ជា​មុន​»។—លូកា ១២:៣១

៩, ១០​. សូម​លើក​ឧទាហរណ៍​ស្ដី​អំពី​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​បង្ហាញ​ចិត្ដ​អាណិត​មេត្ដា​ក្នុង​កិច្ច​បម្រើ​ផ្សាយ។

យើង​មាន​ឱកាស​ដើម្បី​ធ្វើ​«​ល្អ​ដល់​មនុស្ស​ទាំង​អស់​»​ ពេល​យើង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។ (​កាឡាទី ៦:១០​) សាក្សី​ជា​ច្រើន​នាក់​មាន​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​ជន​អន្ដោប្រវេសន៍ ហើយ​ព្យាយាម​រៀន​ភាសា​របស់​ពួក​គេ។ (​កូរិនថូស​ទី១ ៩:២៣​) ការ​ខំ​ប្រឹង​របស់​សាក្សី​ទាំង​នោះ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ។ ជា​ឧទាហរណ៍ បង​ស្រី​ធីហ្វានី​ដែល​ជា​អ្នក​ត្រួស​ត្រាយ​ម្នាក់​នៅ​ប្រទេស​អូស្ត្រាលី បាន​រៀន​ភាសា​ស្វាហីលី​ដើម្បី​ជួយ​ក្រុម​ជំនុំ​ភាសា​ស្វាហីលី​នៅ​ក្រុង​ប៊ី្រស្បិន។ ទោះ​ជា​ការ​រៀន​ភាសា​នោះ​គឺ​ពិបាក​ក្ដី នោះ​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​គាត់​កាន់​តែ​មាន​ន័យ​ខ្លឹម​សារ។ បង​ធីហ្វានី​និយាយ​ថា​៖ ​«​បើ​អ្នក​ចង់​រំភើប​ចិត្ដ​ក្នុង​កិច្ច​បម្រើ​ផ្សាយ អ្នក​គួរ​បម្រើ​ក្នុង​ក្រុម​ជំនុំ​ដែល​និយាយ​ភាសា​បរទេស។ នេះ​គឺ​ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ដោយ​មិន​ចាំ​បាច់​ចាក​ចេញ​ពី​ក្រុង​របស់​យើង​ឡើយ។ យើង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា​យើង​មាន​បង​ប្អូន​រួម​ជំនឿ​ទូ​ទាំង​ពិភព​លោក ហើយ​ក៏​ឃើញ​នូវ​សាមគ្គី​ភាព​ដ៏​អស្ចារ្យ​របស់​យើង​»។

តើ​អ្វី​ជំរុញ​ចិត្ដ​គ្រិស្ដ​សាសនិក​ឲ្យ​ជួយ​ជន​អន្ដោប្រវេសន៍? (​សូម​មើល​វគ្គ​១០​)

១០ នៅ​ប្រទេស​ជប៉ុន ក្រុម​គ្រួសារ​មួយ​បាន​ធ្វើ​អ្វី​ដែល​ស្រដៀង​នឹង​នេះ។ សាគីកូ​ដែល​ជា​កូន​ស្រី​និយាយ​ថា​៖ ​«​ពេល​យើង​ផ្សព្វ​ផ្សាយ​យើង​ច្រើន​តែ​បាន​ជួប​ជន​អន្ដោប្រវេសន៍​ដែល​ជា​ជន​ជាតិ​ប្រេស៊ីល។ ពេល​យើង​បាន​បង្ហាញ​ពួក​គេ​នូវ​បទ​គម្ពីរ​ដូច​ជា ការ​បើក​បង្ហាញ ២១:៣, ៤ ឬ​ទំនុក​តម្កើង ៣៧:១០, ១១, ២៩ ពី​គម្ពីរ​របស់​ពួក​គេ​ជា​ភាសា​ព័រទុយហ្គាល់ ពួក​គេ​បាន​យក​ចិត្ដ​ទុក​ដាក់​ស្តាប់ ហើយ​ពេល​ខ្លះ​ពួក​គេ​ថែម​ទាំង​បាន​ស្រក់​ទឹក​ភ្នែក​ទៀត​ផង​»។ ក្រុម​គ្រួសារ​នោះ​មាន​ចិត្ដ​អាណិត​មេត្ដា​ចំពោះ​ជន​អន្ដោប្រវេសន៍​ទាំង​នោះ ហើយ​ចង់​ជួយ​ពួក​គេ​ឲ្យ​រៀន​សេចក្ដី​ពិត ដូច្នេះ​ក្រុម​គ្រួសារ​នោះ​បាន​ចាប់​ផ្ដើម​រៀន​ភាសា​ព័រទុយហ្គាល់។ ក្រោយ​មក ក្រុម​គ្រួសារ​នោះ​បាន​ជួយ​ក្នុង​ការ​បង្កើត​ក្រុម​ជំនុំ​ភាសា​ព័រទុយហ្គាល់។ អស់​ជា​ច្រើន​ឆ្នាំ ពួក​គេ​បាន​ជួយ​ជន​អន្ដោប្រវេសន៍​ជា​ច្រើន​នាក់​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​យេហូវ៉ា។ បង​សាគីកូ​និយាយ​ថា​៖ ​«​ការ​ខំ​ប្រឹង​រៀន​ភាសា​ព័រទុយហ្គាល់​គឺ​ពិបាក​ណាស់ តែ​ពរ​ដែល​យើង​ទទួល​គឺ​ច្រើន​ជាង​ការ​ខំ​ប្រឹង​នោះ។ យើង​អរគុណ​ព្រះ​យេហូវ៉ា​ខ្លាំង​ណាស់​»។—សូម​អាន សកម្មភាព ១០:៣៤, ៣៥

ចូរ​បំពាក់​ខ្លួន​ដោយ​ចិត្ដ​រាប​ទាប

១១, ១២​. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​មាន​បំណង​ចិត្ដ​ត្រឹម​ត្រូវ​ក្នុង​ការ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី? (​ខ​) តើ​អ្វី​ខ្លះ​នឹង​ជួយ​យើង​ឲ្យ​រក្សា​ចិត្ដ​រាប​ទាប?

១១ ការ​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី​ត្រូវ​ចេញ​ពី​បំណង​ចិត្ដ​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្ដិ​យស មិន​មែន​ដើម្បី​ទទួល​ការ​សរសើរ​ពី​អ្នក​ឯ​ទៀត​ទេ។ សូម​ចាំ​ថា សូម្បី​តែ​ទេវតា​មួយ​រូប​ដែល​ជា​បុគ្គល​ដ៏​ល្អ​ឥត​ខ្ចោះ​ក៏​បាន​ក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​អំណួត ហើយ​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង។ (​សូម​ពិនិត្យ​បន្ថែម អេសេគាល ២៨:១៧​) យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​គឺ​កាន់​តែ​ពិបាក​ឲ្យ​យើង​ជៀស​វាង​ពី​ការ​មាន​អំណួត។ ក៏​ប៉ុន្ដែ យើង​អាច​បំពាក់​ខ្លួន​ដោយ​ចិត្ដ​រាប​ទាប​បាន។ តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​ដូច្នេះ?

១២ អ្វី​មួយ​ដែល​នឹង​ជួយ​យើង​ឲ្យ​មាន​ចិត្ដ​រាប​ទាប​គឺ​ការ​អាន​បណ្ដាំ​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន។ (​ចោទិយកថា ១៧:១៨​-​២០​) ជា​ពិសេស​យើង​ត្រូវ​រំពឹង​គិត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​យើង ហើយ​អំពី​គំរូ​ដ៏​អស្ចារ្យ​របស់​លោក​ស្ដី​អំពី​ចិត្ដ​រាប​ទាប។ (​ម៉ាថាយ ២០:២៨​) លោក​យេស៊ូ​មាន​ចិត្ដ​រាប​ទាប​ខ្លាំង​ដល់​ម៉្លេះ​បាន​ជា​លោក​បាន​លាង​ជើង​ឲ្យ​ពួក​សាវ័ក​របស់​លោក។ (​យ៉ូហាន ១៣:១២​-​១៧​) អ្វី​មួយ​ទៀត​ដែល​យើង​អាច​ធ្វើ​គឺ​អធិដ្ឋាន​សុំ​សកម្មពល​របស់​ព្រះ​យេហូវ៉ា។ សកម្មពល​របស់​លោក​អាច​ជួយ​យើង​ឲ្យ​តយុទ្ធ​នឹង​ទំនោរ​ចិត្ដ​ណា​ក៏​ដោយ​ដែល​ធ្វើ​ឲ្យ​យើង​គិត​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត។—កាឡាទី ៦:៣, ៤; ភីលីព ២:៣

ពេល​យើង​មាន​ចិត្ដ​រាប​ទាប ក្រុម​ជំនុំ​នឹង​កាន់​តែ​មាន​សេចក្ដី​សុខ​សាន្ដ​និង​មាន​សាមគ្គី​ភាព

១៣​. តើ​ចិត្ដ​រាប​ទាប​នាំ​ឲ្យ​ទទួល​ពរ​អ្វី​ខ្លះ?

១៣ សូម​អាន សុភាសិត ២២:៤ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ចិត្ដ​រាប​ទាប។ ចិត្ដ​រាប​ទាប​នាំ​ឲ្យ​យើង​ទទួល​ពរ​ជាច្រើន។ ពេល​យើង​មាន​ចិត្ដ​រាប​ទាប ក្រុម​ជំនុំ​នឹង​កាន់​តែ​មាន​សេចក្ដី​សុខ​សាន្ដ​និង​មាន​សាមគ្គី​ភាព។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។ សាវ័ក​ពេត្រុស​បាន​និយាយ​ថា​៖ ​«​ចូរ​អ្នក​ទាំង​អស់​គ្នា​ក្រវាត់​ខ្លួន​ដោយ​ចិត្ដ​រាប​ទាប​ក្នុង​របៀប​ដែល​ប្រព្រឹត្ដ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ព្រះ​ប្រឆាំង​មនុស្ស​ក្រអឺត​ក្រទម តែ​លោក​ឲ្យ​គុណ​ដ៏​វិសេស​លើស​លប់​ដល់​មនុស្ស​ដែល​មាន​ចិត្ដ​រាប​ទាប​»។—ពេត្រុស​ទី១ ៥:៥

ចូរ​បំពាក់​ខ្លួន​ដោយ​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់

១៤​. តើ​អ្នក​ណា​ជា​គំរូ​ដ៏​ល្អ​បំផុត​ស្ដី​អំពី​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់?

១៤ នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ បើ​បុគ្គល​ណា​ម្នាក់​មាន​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់ អ្នក​ឯ​ទៀត​ច្រើន​តែ​គិត​ថា​គាត់​គឺ​ជា​មនុស្ស​ទន់​ខ្សោយ។ ប៉ុន្ដែ នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ គុណ​សម្បត្ដិ​ទាំង​នេះ​មក​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​បុគ្គល​ដ៏​ខ្លាំង​ក្លា​បំផុត​លើ​សកល​លោក។ លោក​គឺ​ជា​គំរូ​ដ៏​ល្អ​បំផុត​ស្ដី​អំពី​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់។ (​ពេត្រុស​ទី២ ៣:៩​) ជា​ឧទាហរណ៍ សូម​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ដ​អត់​ធ្មត់​នៅ​ពេល​ដែល​លោក​បាន​ឆ្លើយ​តប​តាម​រយៈ​ទេវតា​របស់​លោក​ទៅ​កាន់​អាប្រាហាំ​និង​ឡុត។ (​លោកុប្បត្ដិ ១៨:២២​-​៣៣; ១៩:១៨​-​២១​) ម្យ៉ាង​ទៀត សូម​គិត​ដែរ​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចិត្ដ​អត់​ធ្មត់​អស់​ជាង​១.៥០០​ឆ្នាំ​ចំពោះ​ប្រជា​ជាតិ​អ៊ីស្រាអែល​ដែល​មិន​បាន​ស្តាប់​បង្គាប់​លោក។—អេសេគាល ៣៣:១១

១៥​. តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ក្នុង​ការ​បង្ហាញ​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់?

១៥ លោក​យេស៊ូ​គឺ​ជា​បុគ្គល​ម្នាក់​ដែល​«​ស្លូត​»។ (​ម៉ាថាយ ១១:២៩​) លោក​មាន​ចិត្ដ​អត់​ធ្មត់​ខ្លាំង​ណាស់​ចំពោះ​ភាព​ទន់​ខ្សោយ​នៃ​ពួក​សាវ័ក​របស់​លោក។ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​នៅ​ផែន​ដី លោក​ច្រើន​តែ​បាន​ត្រូវ​គេ​រិះ​គន់​និង​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ តែ​លោក​មាន​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់​រហូត​ដល់​លោក​ស្លាប់។ ពេល​លោក​យេស៊ូ​ឈឺ​ចាប់​យ៉ាង​ខ្លាំង​នៅ​លើ​បង្គោល​ទារុណកម្ម លោក​បាន​សុំ​បិតា​របស់​លោក​ឲ្យ​អភ័យ​ទោស​ឲ្យ​មនុស្ស​ដែល​នឹង​សម្លាប់​លោក។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​មិន​ដឹង​ថា​ខ្លួន​កំពុង​ធ្វើ​អ្វី​ឡើយ​»។ (​លូកា ២៣:៣៤​) សូម្បី​តែ​នៅ​ពេល​ដែល​លោក​យេស៊ូ​តាន​តឹង​ចិត្ដ​ឬ​ឈឺ​ចាប់​ក្ដី លោក​បាន​រក្សា​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់។—សូម​អាន ពេត្រុស​ទី១ ២:២១​-​២៣

១៦​. តើ​យើង​អាច​បង្ហាញ​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់​យ៉ាង​ដូច​ម្ដេច?

១៦ ប៉ូល​បាន​រៀប​រាប់​អំពី​របៀប​មួយ​ដែល​យើង​អាច​បង្ហាញ​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់ ពេល​ដែល​គាត់​បាន​សរសេរ​ថា​៖ ​«​ចូរ​ទ្រាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អភ័យ​ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ បើ​អ្នក​ណា​មាន​ហេតុ​ត្អូញត្អែរ​អំពី​អ្នក​ណា​ម្នាក់។ ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ ម៉្លោះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នោះ​ដែរ​»។ (​កូឡុស ៣:១៣​) ដើម្បី​អភ័យ​ទោស​ឲ្យ​អ្នក​ឯ​ទៀត យើង​ត្រូវ​មាន​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់។ នេះ​នឹង​នាំ​ឲ្យ​មាន​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។

១៧​. ហេតុ​អ្វី​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់​គឺ​សំខាន់?

១៧ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​មាន​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់​ចំពោះ​អ្នក​ឯ​ទៀត។ គុណ​សម្បត្ដិ​ទាំង​នេះ​គឺ​សំខាន់​ចាំ​បាច់​បើ​យើង​ចង់​រស់​នៅ​ក្នុង​ពិភព​លោក​ថ្មី​របស់​លោក។ (​ម៉ាថាយ ៥:៥; យ៉ាកុប ១:២១​) ពេល​យើង​មាន​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់​ធ្មត់ យើង​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា ហើយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ។—កាឡាទី ៦:១; ធីម៉ូថេ​ទី២ ២:២៤, ២៥

ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់

១៨​. តើ​សេចក្ដី​ស្រឡាញ់​និង​ការ​មិន​រើស​មុខ​ជាប់​ទាក់​ទង​គ្នា​យ៉ាង​ណា?

១៨ គុណ​សម្បត្ដិ​ទាំង​អស់​ដែល​យើង​បាន​ពិចារណា​ជាប់​ទាក់​ទង​នឹង​សេចក្ដី​ស្រឡាញ់។ ជា​ឧទាហរណ៍ យ៉ាកុប​ដែល​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​ត្រូវ​ផ្ដល់​ឱវាទ​ដល់​បង​ប្អូន​រួម​ជំនឿ​របស់​គាត់ ដោយ​សារ​ពួក​គេ​បាន​ចាត់​ទុក​អ្នក​មាន​ថា​ប្រសើរ​ជាង​អ្នក​ក្រ។ គាត់​បាន​ពន្យល់​ថា​នេះ​គឺ​ប្រឆាំង​នឹង​បញ្ញត្ដិ​របស់​ព្រះ​ដែល​ឲ្យ​«​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ស្រឡាញ់​ខ្លួន​អ្នក​»។ បន្ទាប់​មក គាត់​បាន​បន្ថែម​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ចេះ​តែ​រើស​មុខ នោះ​អ្នក​រាល់​គ្នា​កំពុង​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង​ហើយ​»។ (​យ៉ាកុប ២:៨, ៩​) បើ​យើង​ស្រឡាញ់​មនុស្ស​ឯ​ទៀត យើង​នឹង​មិន​រើស​អើង​បុគ្គល​ណា​ម្នាក់​ដោយ​សារ​ការ​អប់រំ ពូជ​សាសន៍ ឬ​ឋានៈ​របស់​គាត់​ក្នុង​សង្គម​ឡើយ។ យើង​មិន​គ្រាន់​តែ​បង្ហាញ​ថា​យើង​មិន​រើស​មុខ​ប៉ុណ្ណោះ​ទេ តែ​យើង​ធ្វើ​ដូច្នេះ​ដោយ​ស្មោះ​អស់​ពី​ចិត្ដ។

១៩​. ហេតុ​អ្វី​គឺ​សំខាន់​ដែល​យើង​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់?

១៩ សេចក្ដី​ស្រឡាញ់​ក៏‹មាន​ចិត្ដ​ធ្ងន់​និង​សប្បុរស› ហើយ​«​មិន​ចេះ​ក្រអឺតក្រអោង​»។ (​កូរិនថូស​ទី១ ១៣:៤​) ដើម្បី​បន្ដ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ជិត​ខាង​របស់​យើង យើង​ត្រូវ​មាន​ចិត្ដ​អត់​ធ្មត់ ចិត្ដ​សប្បុរស និង​ចិត្ដ​រាប​ទាប។ (​ម៉ាថាយ ២៨:១៩​) គុណ​សម្បត្ដិ​ទាំង​នេះ​ក៏​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្រួល​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​នឹង​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ។ ពេល​យើង​ទាំង​អស់​គ្នា​បង្ហាញ​សេចក្ដី​ស្រឡាញ់​បែប​នេះ ក្រុម​ជំនុំ​របស់​យើង​នឹង​មាន​សាមគ្គី​ភាព ហើយ​នឹង​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ។ អ្នក​ឯ​ទៀត​នឹង​ឃើញ​សាមគ្គី​ភាព​នេះ ហើយ​នឹង​ចូល​មក​ឯ​សេចក្ដី​ពិត។ គឺ​សម​ត្រឹម​ត្រូវ​ដែល​ការ​រៀប​រាប់​ក្នុង​គម្ពីរ​អំពី​បុគ្គលិក​លក្ខណៈ​ថ្មី​បាន​បញ្ចប់​ដោយ​ថា​៖ ​«​ក្រៅ​ពី​ការ​ទាំង​នេះ ចូរ​បំពាក់​ខ្លួន​ដោយ​សេចក្ដី​ស្រឡាញ់ ព្រោះ​នោះ​ជា​ចំណង​ដែល​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ល្អ​ឥត​ខ្ចោះ​»។—កូឡុស ៣:១៤

‹ចូរ​បន្ដ​កែ​ប្រែ​ឲ្យ​ថ្មី​ឡើង›

២០​. (​ក​) តើ​យើង​គួរ​សួរ​ខ្លួន​យើង​នូវ​សំណួរ​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី? (​ខ​) តើ​យើង​អាច​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​អស្ចារ្យ​អ្វី?

២០ យើង​ទាំង​អស់​គ្នា​គួរ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ទៀត​ដើម្បី​ដោះ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ​ចាស់ ហើយ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ខ្ញុំ​លែង​មាន​បុគ្គលិក​លក្ខណៈ​នោះ​ឡើង​វិញ?›។ យើង​ត្រូវ​អធិដ្ឋាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ​យើង។ យើង​ត្រូវ​ខំ​ប្រឹង​កែ​ប្រែ​គំនិត​ឬ​ការ​ប្រព្រឹត្ដ​ដែល​មិន​ត្រឹម​ត្រូវ ដើម្បី​យើង​អាច​«​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក​»។ (​កាឡាទី ៥:១៩​-​២១​) យើង​ក៏​ត្រូវ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​បន្ដ​កែ​ប្រែ​របៀប​គិត​គូរ​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ដ​ឬ​ទេ?›។ (​អេភេសូរ ៤:២៣, ២៤​) យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ដូច្នេះ​យើង​ត្រូវ​បន្ដ​ខំ​ប្រឹង​ដើម្បី​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​ដើម្បី​បន្ដ​រក្សា​បុគ្គលិក​លក្ខណៈ​ថ្មី​នោះ។ នេះ​គឺ​ជា​អ្វី​មួយ​ដែល​បន្ដ​ជា​និច្ច។ នៅ​ពេល​ដែល​បុគ្គល​គ្រប់​រូប​បំពាក់​ខ្លួន​ដោយ​បុគ្គលិក​លក្ខណៈ​ថ្មី ហើយ​មាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​នូវ​គុណ​សម្បត្ដិ​ដូច​ព្រះ​យេហូវ៉ា ជីវិត​នឹង​សប្បាយ​អស្ចារ្យ​មែន!

^ វគ្គ 3 នៅ​សម័យ​គម្ពីរ មនុស្ស​បាន​គិត​ថា​ជន​ជាតិ​ស៊ិទា​គ្មាន​ការ​អប់រំ ដូច្នេះ​ពួក​គេ​បាន​ស្អប់ខ្ពើម​ជន​ជាតិ​នោះ។