លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អនុស្សាវរីយ៍​ពី​សម័យ​មុន

​«​តើ​ពេល​ណា​យើង​នឹង​មាន​សន្និបាត​ម្ដង​ទៀត​»​

​«​តើ​ពេល​ណា​យើង​នឹង​មាន​សន្និបាត​ម្ដង​ទៀត​»​

នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​១៩៣២ នា​ក្រុង​ម៉ិកស៊ីកូ​ដែល​ជា​ក្រុង​ដែល​មាន​មនុស្ស​ច្រើន​កុះ​ករ មាន​មនុស្ស​រស់​នៅ​ជាង​១​លាន​នាក់។ មួយ​សប្ដាហ៍​មុន​ពេល​នោះ ភ្លើង​សញ្ញា​ចរាចរណ៍​បាន​ត្រូវ​ដាក់​នៅ​ក្នុង​ក្រុង​នោះ​ជា​លើក​ដំបូង។ ប៉ុន្ដែ មនុស្ស​នៅ​ទី​នោះ​គឺ​រំភើប​ចិត្ដ​អំពី​អ្វី​ផ្សេង​ទៅ​វិញ។ នៅ​ឯ​ស្ថានីយ​រថភ្លើង អ្នក​កាសែត​ដែល​បាន​ត្រៀម​ម៉ាស៊ីន​ថត​ជា​ស្រេច​កំពុង​រង់​ចាំ​ទទួល​ភ្ញៀវ​ពិសេស​ម្នាក់។ តើ​ភ្ញៀវ​នេះ​ជា​អ្នក​ណា? គឺ​បង​ចូសេហ្វ រ៉ូធើហ្វឺត​ដែល​ជា​ប្រធាន​សមាគម​ប៉ម​យាម។ សាក្សី​ព្រះ​យេហូវ៉ា​ដែល​រស់​នៅ​ក្រុង​នោះ​ក៏​រង់​ចាំ​ស្វាគមន៍​បង​រ៉ូធើហ្វឺត​ដែល​បាន​មក​ដើម្បី​ចូល​រួម​មហា​សន្និបាត​បី​ថ្ងៃ។

ទស្សនាវដ្ដី​សម័យ​រុង​រឿង (​The Golden Age​) បាន​រៀប​រាប់​ថា​៖ ​«​មហា​សន្និបាត​នេះ​ច្បាស់​ជា​នឹង​ត្រូវ​ចុះ​ជា​ព្រឹត្ដិការណ៍​មួយ​ដ៏​សំខាន់​ក្នុង​ប្រវត្ដិសាស្ដ្រ​»​ស្ដី​អំពី​ការ​ព្យាយាម​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​នៅ​ប្រទេស​ម៉ិកស៊ិក។ ប៉ុន្ដែ មហា​សន្និបាត​នេះ​គឺ​តូច មាន​តែ​មនុស្ស​ប្រហែល​ជា​១៥០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូល​រួម។ ដូច្នេះ​ហេតុ​អ្វី​មហា​សន្និបាត​នេះ​គឺ​សំខាន់​ម៉្លេះ?

មុន​មាន​មហា​សន្និបាត​នោះ សេចក្ដី​ពិត​មិន​បាន​ត្រូវ​ផ្សព្វ​ផ្សាយ​ច្រើន​នៅ​ប្រទេស​ម៉ិកស៊ិក​ទេ។ តាំង​ពី​ឆ្នាំ​១៩១៩ មាន​សន្និបាត​តូច​ៗ ប៉ុន្ដែ​ក្រោយ​ពី​ឆ្នាំ​នោះ ចំនួន​ក្រុម​ជំនុំ​បាន​ថយ​ចុះ។ ពេល​ដែល​ចាប់​ផ្ដើម​មាន​ការិយាល័យ​សាខា​នៅ​ក្រុង​ម៉ិកស៊ីកូ​នា​ឆ្នាំ​១៩២៩ មើល​ទៅ​ស្ថានភាព​នេះ​នឹង​ប្រសើរ​ឡើង ប៉ុន្ដែ​នៅ​តែ​មាន​បញ្ហា​ខ្លះ​ដែល​ត្រូវ​ដោះ​ស្រាយ។ អង្គ​ការ​យើង​បាន​ណែនាំ​អ្នក​ត្រួស​ត្រាយ​មិន​ឲ្យ​រក​ស៊ី​ពេល​កំពុង​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ អ្នក​ត្រួស​ត្រាយ​ម្នាក់​បាន​ខឹង​យ៉ាង​ខ្លាំង​អំពី​រឿង​នេះ​រហូត​ដល់​គាត់​បាន​ចេញ​ពី​សេចក្ដី​ពិត ហើយ​បាន​បង្កើត​ក្រុម​សិក្សា​គម្ពីរ​មួយ​ដោយ​ខ្លួន​ឯង។ ក្នុង​អំឡុង​ពេល​នោះ អ្នក​ត្រួត​ពិនិត្យ​ការិយាល័យ​សាខា​ក៏​បាន​ត្រូវ​ផ្លាស់​ប្ដូរ​ដោយ​សារ​គាត់​បាន​ប្រព្រឹត្ដ​អំពើ​ខុស​ឆ្គង។ ដូច្នេះ​សាក្សី​ស្មោះ​ត្រង់​នៅ​ប្រទេស​ម៉ិកស៊ិក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ដ។

ក្នុង​អំឡុង​ពេល​ដែល​បង​រ៉ូធើហ្វឺត​ធ្វើ​ទស្សនៈ​កិច្ច គាត់​បាន​លើក​ទឹក​ចិត្ដ​បង​ប្អូន​ស្មោះ​ត្រង់​ទាំង​នោះ​យ៉ាង​ខ្លាំង​តាម​រយៈ​សុន្ទរកថា​ពីរ​នៅ​មហា​សន្និបាត​និង​សុន្ទរកថា​ប្រាំ​ទៀត​ដែល​បាន​ត្រូវ​ផ្សាយ​តាម​វិទ្យុ។ នេះ​ជា​លើក​ដំបូង​ដែល​បង​ប្អូន​យើង​បាន​ប្រើ​ស្ថានីយ​វិទ្យុ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ទូ​ទាំង​ប្រទេស​ម៉ិកស៊ិក។ ក្រោយ​ពី​មហា​សន្និបាត​នោះ អ្នក​ត្រួត​ពិនិត្យ​ថ្មី​នៃ​ការិយាល័យ​សាខា​បាន​ត្រូវ​តែង​តាំង។ ពេល​នោះ សាក្សី​ពោរ​ពេញ​ទៅ​ដោយ​ចិត្ដ​ខ្នះ​ខ្នែង ហើយ​បាន​បន្ដ​ផ្សព្វ​ផ្សាយ​ដោយ​មាន​ការ​ពេញ​ចិត្ដ​ពី​ព្រះ​យេហូវ៉ា។

មហា​សន្និបាត​នៅ​ឆ្នាំ​១៩៤១ នា​ក្រុង​ម៉ិកស៊ីកូ

នៅ​ឆ្នាំ​១៩៣៣​ដែល​ជា​ឆ្នាំ​បន្ទាប់ មាន​មហា​សន្និបាត​ពីរ​នៅ​ប្រទេស​នោះ មួយ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​វីរ៉ាគ្រូស​និង​មួយ​ទៀត​នៅ​ក្រុង​ម៉ិកស៊ីកូ។ បង​ប្អូន​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ហើយ​ពួក​គេ​បាន​ទទួល​លទ្ធផល​ល្អ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩៣១​មាន​អ្នក​ផ្សព្វ​ផ្សាយ​៨២​នាក់ ប៉ុន្ដែ​នៅ​ឆ្នាំ​១៩៤១ ចំនួន​អ្នក​ផ្សព្វ​ផ្សាយ​បាន​កើន​ឡើង​១០​ដង! មនុស្ស​ប្រហែល​ជា​១.០០០​នាក់​បាន​មក​ក្រុង​ម៉ិកស៊ីកូ​ដើម្បី​ចូល​រួម​សន្និបាត​នៅ​ឆ្នាំ​១៩៤១។

​«​មនុស្ស​នៅ​ពេញ​ពាស​លើ​ផ្លូវ​»​

នៅ​ឆ្នាំ​១៩៤៣ សាក្សី​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​អំពី​សន្និបាត​ដែល​មាន​ចំណង​ជើង​ថា ​«​ប្រជា​ជាតិ​ដែល​មាន​សេរី​ភាព​»​ ដែល​ធ្វើ​ឡើង​នៅ​១២ក្រុង​នៃ​ប្រទេស​ម៉ិកស៊ិក។ * (​សូម​មើល​កំណត់​សម្គាល់​) ពួក​គេ​ធ្វើ​ដូច្នេះ​ដោយ​ពាក់​ស្លាក​ធំ​ៗ​ពីរ​ដែល​បាន​ត្រូវ​ចង​ភ្ជាប់​គ្នា ហើយ​ពួក​គេ​ពាក់​វា​ដោយ​មាន​ស្លាក​មួយ​នៅ​ខាង​មុខ​និង​មួយ​ទៀត​នៅ​ខាង​ក្រោយ។ សាក្សី​បាន​ប្រើ​ស្លាក​នេះ​តាំង​ពី​ឆ្នាំ​១៩៣៦​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​មហា​សន្និបាត។

រូប​ថត​ដែល​បាន​ត្រូវ​កាត់​ចេញ​ពី​ទស្សនាវដ្ដី​មួយ​នៅ​ឆ្នាំ​១៩៤៤​ដែល​បង្ហាញ​អំពី​បង​ប្អូន​ពេល​ពាក់​ស្លាក​ដើរ​ជា​ក្បួន​ដង្ហែ​រ​នៅ​ក្នុង​ក្រុង​ម៉ិកស៊ីកូ

ការ​ផ្សព្វ​ផ្សាយ​ដោយ​ពាក់​ស្លាក​ធំ​ៗ​បាន​ទទួល​ជោគ​ជ័យ​យ៉ាង​ខ្លាំង​នៅ​ក្រុង​ម៉ិកស៊ីកូ រហូត​ដល់​ទស្សនាវដ្ដី​មួយ​បាន​រៀប​រាប់​អំពី​សាក្សី​ដែល​បាន​ចូល​រួម​សន្និបាត​នោះ​ថា​៖ ​«​ថ្ងៃ​ដំបូង ពួក​គេ​បាន​ត្រូវ​សុំ​ឲ្យ​អញ្ជើញ​មនុស្ស​ជា​ច្រើន​ថែម​ទៀត។ នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​មាន​មនុស្ស​ច្រើន​រហូត​ដល់​គ្មាន​កន្លែង​អង្គុយ​»។ (​La Nación​) ពួក​អ្នក​កាន់​សាសនា​កាតូលិក​មិន​សប្បាយ​ចិត្ដ​អំពី​រឿង​នេះ​ទេ ដូច្នេះ​ពួក​គេ​បាន​ប្រឆាំង​នឹង​សាក្សី។ ប៉ុន្ដែ​បង​ប្អូន​របស់​យើង​មិន​បាន​ភ័យ​ខ្លាច​ឡើយ។ ពួក​គេ​បាន​បន្ដ​ផ្សព្វ​ផ្សាយ​អំពី​មហា​សន្និបាត​នោះ។ អត្ថបទ​ផ្សេង​ទៀត​ក្នុង​ទស្សនាវដ្ដី​នោះ​បាន​សរសេរ​ថា​៖ ​«​មនុស្ស​ទូ​ទាំង​ក្រុង​បាន​ឃើញ​ពួក​គេ​»​ ហើយ​ទស្សនាវដ្ដី​នោះ​ក៏​បាន​រៀប​រាប់​ថែម​ទៀត​ថា​បង​ប្អូន​របស់​យើង​បាន​«​ក្លាយ​ទៅ​ជា​ស្លាក​ផ្សព្វ​ផ្សាយ​»​អំពី​មហា​សន្និបាត។ អត្ថបទ​នោះ​ក៏​បង្ហាញ​រូប​ថត​របស់​បង​ប្អូន​យើង​នៅ​តាម​ផ្លូវ​នៃ​ក្រុង​ម៉ិកស៊ីកូ។ ខាង​ក្រោម​រូប​ថត​នោះ​បាន​ត្រូវ​អម​ដោយ​ពាក្យ​ថា​៖ ​«​មនុស្ស​នៅ​ពេញ​ពាស​លើ​ផ្លូវ​»។

គ្រែ​ដែល​«​ទន់​ជាង​និង​កក់​ក្ដៅ​ជាង​បេតុង​»​

នៅ​ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ សាក្សី​ភាគ​ច្រើន​បាន​ធ្វើ​ការ​លះ​បង់​ធំ​ដើម្បី​ចូល​រួម​មហា​សន្និបាត​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ប្រទេស​ម៉ិកស៊ិក។ បង​ប្អូន​ជា​ច្រើន​មក​ពី​ភូមិ​ឆ្ងាយ​ដាច់​ស្រយាល​ដែល​គ្មាន​ផ្លូវ​លំ ហើយ​សូម្បី​តែ​ខ្សែ​រថភ្លើង​ក៏​គ្មាន​ដែរ។ ក្រុម​ជំនុំ​មួយ​បាន​សរសេរ​ថា​៖ ​«​មាន​មួយ​ខ្សែ​នៅ​ជិត​នេះ​មែន តែ​មិន​មែន​ជា​ខ្សែ​រថភ្លើង​ទេ គឺ​ជា​ខ្សែ​ទូរលេខ​ប៉ុណ្ណោះ​»។ ដូច្នេះ អ្នក​ចូល​រួម​ត្រូវ​ជិះ​សត្វ​លា ឬ​ដើរ​អស់​ជា​ច្រើន​ថ្ងៃ​ដើម្បី​ទៅ​ដល់​កន្លែង​ជិះ​រថភ្លើង​ដែល​ទៅ​ក្រុង​ដែល​មាន​មហា​សន្និបាត។

នៅ​គ្រា​នោះ​សាក្សី​ភាគ​ច្រើន​គឺ​ក្រី​ក្រ ហើយ​សូម្បី​តែ​សោហ៊ុយ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​មហា​សន្និបាត ក៏​ពួក​គេ​មិន​សូវ​មាន​លុយ​គ្រប់​គ្រាន់​ដែរ។ ពេល​ដែល​ពួក​គេ​មក​ដល់​ទី​នោះ បង​ប្អូន​ជា​ច្រើន​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​សាក្សី​ដែល​រស់​នៅ​តំបន់​នោះ។ ពួក​គេ​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់ ហើយ​បាន​ទទួល​បង​ប្អូន​ទាំង​នោះ​ដោយ​រាក់​ទាក់។ បង​ប្អូន​ខ្លះ​ស្នាក់​នៅ​សាល​ប្រជុំ។ នៅ​ពេល​មួយ បង​ប្អូន​ប្រហែល​ជា​៩០​នាក់​បាន​ស្នាក់​នៅ​ឯ​ការិយាល័យ​សាខា ហើយ​ពួក​គេ​បាន​គេង​នៅ​លើ​ប្រអប់​សៀវភៅ។ សៀវភៅ​ប្រចាំ​ឆ្នាំ (​Yearbook​) បាន​ចែង​ថា​បង​ប្អូន​មាន​អំណរ​គុណ​ដោយ​សារ​ប្រអប់​ទាំង​នោះ​គឺ​«​ទន់​ជាង​និង​កក់​ក្ដៅ​ជាង​បេតុង​»។

ចំពោះ​សាក្សី​ទាំង​នោះ ពួក​គេ​មិន​ស្តាយ​ក្រោយ​អំពី​ការ​លះ​បង់​របស់​ពួក​គេ​ដើម្បី​ជួប​ជុំ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ​ទេ។ នៅ​សព្វ​ថ្ងៃ​នេះ មាន​សាក្សី​ជាង​៨៥០.០០០​នាក់​នៅ​ប្រទេស​ម៉ិកស៊ិក ហើយ​ពួក​គេ​មាន​ចិត្ដ​កតញ្ញូ​ដូច​បង​ប្អូន​នៅ​សម័យ​មុន​ដែរ។ * (​សូម​មើល​កំណត់​សម្គាល់​) សេចក្ដី​រាយ​ការណ៍​មួយ​នៅ​ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៤៩ (​1949 Yearbook​) បាន​រៀប​រាប់​ថា​ចិត្ដ​ខ្នះ​ខ្នែង​របស់​បង​ប្អូន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​មិន​បាន​ចុះ​ខ្សោយ​ដោយ​សារ​ការ​លះ​បង់​ដែល​ពួក​គេ​បាន​ធ្វើ​ឡើយ។ សន្និបាត​នីមួយ​ៗ​ដែល​ពួក​គេ​មាន បាន​ទៅ​ជា​«​ប្រធានបទ​ដ៏​សំខាន់​សម្រាប់​ការ​សន្ទនា​អស់​ជា​យូរ​»។ សំណួរ​ដែល​បង​ប្អូន​បាន​សួរ​ម្ដង​ហើយ​ម្ដង​ទៀត​គឺ​«​តើ​ពេល​ណា​យើង​នឹង​មាន​សន្និបាត​ម្ដង​ទៀត?​»​ (​ដក​ស្រង់​ចេញ​ពី​អនុស្សាវរីយ៍​ពី​សម័យ​មុន​នៅ​អាម៉េរិក​កណ្ដាល​)។

^ វគ្គ 9 យោង​ទៅ​តាម​សៀវភៅ​ប្រចាំ​ឆ្នាំ​១៩៤៤ (​1944 Yearbook​) សន្និបាត​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ប្រទេស​ម៉ិកស៊ិក​ស្គាល់​សាក្សី​ព្រះ​យេហូវ៉ា។

^ វគ្គ 14 នៅ​ឆ្នាំ​២០១៦​នា​ប្រទេស​ម៉ិកស៊ិក មនុស្ស​២.២៦២.៦៤៦​នាក់​បាន​ចូល​រួម​ពិធី​រំលឹក។