លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំណួរ​ពី​អ្នក​អាន

សំណួរ​ពី​អ្នក​អាន

ហេតុ​អ្វី​កំណត់​ហេតុ​ក្នុង​សៀវភៅ​ម៉ាថាយ​និង​សៀវភៅ​លូកា​អំពី​កុមារភាព​របស់​លោក​យេស៊ូ​គឺ​ខុស​គ្នា?

កំណត់​ហេតុ​ក្នុង​សៀវភៅ​ម៉ាថាយ​អំពី​កំណើត​និង​កុមារភាព​របស់​លោក​យេស៊ូ​គឺ​ខុស​គ្នា​ពី​កំណត់​ហេតុ​ក្នុង​សៀវភៅ​លូកា ពី​ព្រោះ​ពួក​គាត់​ម្នាក់​ៗ​បាន​ផ្ដោត​ទៅ​លើ​គំនិត​និង​បទ​ពិសោធន៍​របស់​បុគ្គល​ផ្សេង​គ្នា។

កំណត់​ហេតុ​ក្នុង​សៀវភៅ​ម៉ាថាយ​ផ្ដោត​ទៅ​លើ​ព្រឹត្ដិការណ៍​ដែល​ទាក់​ទង​នឹង​យ៉ូសែប។ ម៉ាថាយ​រៀប​រាប់​អំពី​ប្រតិកម្ម​របស់​យ៉ូសែប​ពេល​គាត់​បាន​ដឹង​ថា​ម៉ារៀ​មាន​ផ្ទៃ​ពោះ ពេល​ដែល​ទេវតា​បាន​ពន្យល់​ក្នុង​សុបិន​របស់​គាត់​អំពី​ស្ថានភាព​នោះ ហើយ​របៀប​ដែល​គាត់​បាន​ធ្វើ​តាម​ការ​ណែនាំ​ពី​ទេវតា​នោះ។ (​ម៉ាថាយ ១:១៩​-​២៥​) សៀវភៅ​នោះ​ក៏​រៀប​រាប់​អំពី​របៀប​ដែល​ទេវតា​បាន​ព្រមាន​យ៉ូសែប​ក្នុង​សុបិន​មួយ​ដោយ​ឲ្យ​គាត់​រត់​ទៅ​ស្រុក​អេស៊ីប​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​គាត់ ហើយ​របៀប​ដែល​គាត់​បាន​ធ្វើ​តាម។ ម៉ាថាយ​ក៏​ប្រាប់​យើង​ដែរ​ថា ក្នុង​សុបិន​ទេវតា​បាន​ប្រាប់​យ៉ូសែប​ឲ្យ​ត្រឡប់​ទៅ​ស្រុក​អ៊ីស្រាអែល ហើយ​ថា​គាត់​បាន​ត្រឡប់​ទៅ​វិញ​និង​បាន​សម្រេច​ចិត្ដ​ទៅ​រស់​នៅ​ក្រុង​ណាសារ៉ែត។ (​ម៉ាថាយ ២:១៣, ១៤, ១៩​-​២៣​) នៅ​ក្នុង​ជំពូក​ទី១​និង​ទី២​នៃ​សៀវភៅ​ដំណឹង​ល្អ​ដែល​បាន​ត្រូវ​រៀប​រាប់​ដោយ​ម៉ាថាយ គាត់​បាន​ប្រើ​ឈ្មោះ​យ៉ូសែប​១៣​ដង ប៉ុន្ដែ​ឈ្មោះ​របស់​ម៉ារៀ​តែ​៦​ដង​ប៉ុណ្ណោះ។

ប៉ុន្ដែ កំណត់​ហេតុ​ក្នុង​សៀវភៅ​លូកា​ផ្ដោត​ទៅ​លើ​ម៉ារៀ។ សៀវភៅ​នោះ​រៀប​រាប់​អំពី​ពេល​ដែល​ទេវតា​ឈ្មោះ​កាព្រីយ៉ែល​បាន​លេច​មក​ជួប​ម៉ារៀ ពេល​គាត់​បាន​ទៅ​លេង​អេលីសាបិត​ដែល​ជា​សាច់​ញាតិ​របស់​គាត់ ហើយ​ពាក្យ​សរសើរ​របស់​គាត់​ចំពោះ​ព្រះ​យេហូវ៉ា។ (​លូកា ១:២៦​-​៥៦​) សៀវភៅ​នោះ​ក៏​រៀប​រាប់​អំពី​អ្វី​ដែល​ស៊ីម្មាន​បាន​ប្រាប់​ម៉ារៀ​ស្ដី​អំពី​ការ​ឈឺ​ចាប់​ដែល​លោក​យេស៊ូ​នឹង​ត្រូវ​ឆ្លង​កាត់​នៅ​ពេល​អនាគត។ បន្ទាប់​មក លូកា​រៀប​រាប់​អំពី​ពេល​ដែល​លោក​យេស៊ូ​បាន​ទៅ​វិហារ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​របស់​លោក​ពេល​លោក​មាន​អាយុ​១២​ឆ្នាំ។ សូម្បី​តែ​ក្នុង​កំណត់​ហេតុ​នេះ លូកា​ដក​ស្រង់​ពាក្យ​របស់​ម៉ារៀ​មិន​មែន​ពាក្យ​របស់​យ៉ូសែប ហើយ​ប្រាប់​ថា​ព្រឹត្ដិការណ៍​ទាំង​នេះ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ម៉ារៀ។ (​លូកា ២:១៩, ៣៤, ៣៥, ៤៨, ៥១​) នៅ​ក្នុង​ជំពូក​ពីរ​ដំបូង​នៃ​សៀវភៅ​ដំណឹង​ល្អ​ដែល​បាន​ត្រូវ​រៀប​រាប់​ដោយ​លូកា គាត់​ប្រើ​ឈ្មោះ​ម៉ារៀ​១៣​ដង ប៉ុន្ដែ​ឈ្មោះ​យ៉ូសែប​តែ​៤​ដង​ប៉ុណ្ណោះ។ ដូច្នេះ ម៉ាថាយ​ប្រាប់​យើង​ច្រើន​អំពី​គំនិត​និង​ការ​ប្រព្រឹត្ដ​របស់​យ៉ូសែប តែ​លូកា​ផ្ដោត​ទៅ​លើ​គំនិត​និង​បទ​ពិសោធន៍​របស់​ម៉ារៀ។

សៀវភៅ​ដំណឹង​ល្អ​ទាំង​ពីរ​នេះ រៀប​រាប់​អំពី​បញ្ជី​ពីរ​ផ្សេង​គ្នា​ស្ដី​អំពី​វង្ស​ត្រកូល​របស់​លោក​យេស៊ូ។ ម៉ាថាយ​សរសេរ​វង្ស​ត្រកូល​របស់​យ៉ូសែប ហើយ​បង្ហាញ​ថា​លោក​យេស៊ូ​ជា​កូន​ចិញ្ចឹម​របស់​យ៉ូសែប ដូច្នេះ​លោក​អាច​ស្នង​រាជ​របស់​ដាវីឌ​ដោយ​សារ​លោក​មាន​សិទ្ធិ​តាម​ច្បាប់។ ហេតុ​អ្វី? ពី​ព្រោះ​យ៉ូសែប​ជា​កូន​ចៅ​របស់​ស្ដេច​ដាវីឌ​តាម​រយៈ​សាឡូម៉ូន​ដែល​ជា​កូន​ប្រុស​របស់​ដាវីឌ។ (​ម៉ាថាយ ១:៦, ១៦​) ប៉ុន្ដែ លូកា​សរសេរ​វង្ស​ត្រកូល​របស់​ម៉ារៀ ហើយ​បង្ហាញ​ថា​លោក​យេស៊ូ​អាច​ស្នង​រាជ​របស់​ដាវីឌ​ដោយ​សារ​លោក​មាន​សិទ្ធិ​ជា​កូន​ចៅ​«​ពី​ពូជ​ពង្ស​របស់​ដាវីឌ​»។ (​រ៉ូម ១:៣​) ហេតុ​អ្វី? ដោយ​សារ​ម៉ារៀ​ជា​កូន​ចៅ​របស់​ស្ដេច​ដាវីឌ​តាម​រយៈ​ណាថាន់​ដែល​ជា​កូន​ប្រុស​របស់​ដាវីឌ។ (​លូកា ៣:៣១​) ប៉ុន្ដែ ហេតុ​អ្វី​លូកា​មិន​បាន​សរសេរ​ថា​ម៉ារៀ​ជា​កូន​ស្រី​របស់​ហេលី​ដែល​ជា​ឪ​ពុក​របស់​នាង? ពី​ព្រោះ​នៅ​ពេល​នោះ តាម​ធម្មតា​បញ្ជី​ជាតិ​ដាក់​បញ្ចូល​តែ​ឈ្មោះ​បុរស​ក្នុង​ក្រុម​គ្រួសារ​ប៉ុណ្ណោះ។ ដូច្នេះ ពេល​លូកា​សរសេរ​ថា​យ៉ូសែប​ជា​កូន​របស់​ហេលី មនុស្ស​បាន​យល់​ថា​យ៉ូសែប​គឺ​ជា​កូន​ប្រសា​របស់​ហេលី។—លូកា ៣:២៣

បញ្ជី​នៃ​វង្ស​ត្រកូល​របស់​លោក​យេស៊ូ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ដែល​បាន​ត្រូវ​រៀប​រាប់​ដោយ​ម៉ាថាយ​និង​លូកា បញ្ជាក់​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា។ ដោយ​សារ​បណ្ដា​ជន​ជា​ទូ​ទៅ​បាន​ដឹង​ថា​លោក​យេស៊ូ​ជា​កូន​ចៅ​របស់​ស្ដេច​ដាវីឌ សូម្បី​តែ​ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​មិន​អាច​ប្រកែក​ថា​នេះ​មិន​មែន​ជា​ការ​ពិត​ទេ។ អ្វី​ដែល​ម៉ាថាយ​និង​លូកា​បាន​រៀប​រាប់​អំពី​វង្ស​ត្រកូល​របស់​លោក​យេស៊ូ​ពង្រឹង​ជំនឿ​របស់​យើង ហើយ​នាំ​ឲ្យ​យើង​ជឿ​ជាក់​ថា​សេចក្ដី​សន្យា​ទាំង​អស់​ទៀត​របស់​ព្រះ​ពិត​ជា​នឹង​បាន​សម្រេច។