លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើ​អ្នក​មាន​ព័ត៌មាន​ពិត​ឬ​ទេ?

តើ​អ្នក​មាន​ព័ត៌មាន​ពិត​ឬ​ទេ?

​«​អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចំ​កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង​»។—សុភាសិត ១៨:១៣

ចម្រៀង​លេខ: ១២៦, ៩៥

១, ២. (​ក​) តើ​យើង​ត្រូវ​បង្កើន​សមត្ថភាព​ដ៏​សំខាន់​អ្វី ហើយ​ហេតុ​អ្វី? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​ក្នុង​អត្ថបទ​នេះ?

យើង​ទាំង​អស់​គ្នា​ត្រូវ​រៀន​ឲ្យ​ចេះ​វិភាគ​ព័ត៌មាន ហើយ​ប្រើ​ព័ត៌មាន​នោះ​ដើម្បី​សន្និដ្ឋាន​ត្រឹម​ត្រូវ។ (​សុភាសិត ៣:២១​-​២៣; ៨:៤, ៥​) បើ​យើង​មិន​ធ្វើ​ដូច្នេះ​ទេ សាថាន​និង​ពិភព​លោក​របស់​វា​ងាយ​ស្រួល​ធ្វើ​ឲ្យ​យើង​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ។ (​អេភេសូរ ៥:៦; កូឡុស ២:៨​) ដើម្បី​សន្និដ្ឋាន​ត្រឹម​ត្រូវ យើង​ត្រូវ​តែ​ស្វែង​យល់​ព័ត៌មាន​ពិត។ សុភាសិត ១៨:១៣​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ឆ្លើយ​មុន​ដែល​បាន​ស្តាប់​រឿង នោះ​រាប់​ជា​ការ​ចំ​កួត​ហើយ ក៏​ជា​សេចក្ដី​ខ្មាស​ដល់​ខ្លួន​ផង​»។

ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ទទួល​ព័ត៌មាន​ពិត​និង​ធ្វើ​ការ​សន្និដ្ឋាន​ត្រឹម​ត្រូវ។ យើង​ក៏​នឹង​រៀន​អំពី​គោល​ការណ៍​គម្ពីរ​និង​គំរូ​ដែល​ជួយ​យើង​ឲ្យ​ចេះ​វិភាគ​ព័ត៌មាន។

កុំ​ជឿ​«​គ្រប់​ពាក្យ​ទាំង​អស់​»​

៣. ហេតុ​អ្វី​យើង​ត្រូវ​ធ្វើ​តាម​គោល​ការណ៍​គម្ពីរ​នៅ​សុភាសិត ១៤:១៥? (​សូម​មើល​រូប​ភាព​នៅ​ដើម​អត្ថបទ​)

សព្វ​ថ្ងៃ​នេះ យើង​ទទួល​ព័ត៌មាន​ពី​គ្រប់​ទិស​ទី ដូច​ជា​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​ផ្សេង​ទៀត។ យើង​ក៏​ប្រហែល​ជា​ទទួល​ព័ត៌មាន​ជា​ច្រើន​តាម​រយៈ​អ៊ីមែល សារ និង​តាម​រយៈ​មិត្ដ​ភក្ដិ​របស់​យើង។ ពេល​ខ្លះ​មើល​ទៅ​ដូច​ជា​ព័ត៌មាន​ទាំង​អស់​នោះ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទេ។ ដូច្នេះ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន។ ទោះ​ជា​មិត្ដ​ភក្ដិ​របស់​យើង​ទំនង​ជា​មាន​បំណង​ល្អ​ក៏​ដោយ មាន​អ្នក​ផ្សេង​ទៀត​ដែល​ឃោសនា​ព័ត៌មាន​មិន​ពិត​ឬ​បង្ខុស​ការ​ពិត​ដោយ​ចេតនា។ តើ​គោល​ការណ៍​គម្ពីរ​អ្វី​អាច​ជួយ​យើង​ឲ្យ​ចេះ​វិភាគ​អំពី​អ្វី​ដែល​យើង​ឮ? សុភាសិត ១៤:១៥​ចែង​ថា​៖ ​«​មនុស្ស​ឆោត​ល្ងង់​គេ​ជឿ​គ្រប់​ពាក្យ​ទាំង​អស់ តែ​មនុស្ស​មាន​គំនិត​វាង​វៃ​រមែង​មើល​ផ្លូវ​ខ្លួន​ដោយ​ប្រយ័ត​»។

៤. តើ​ភីលីព ៤:៨, ៩​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច​ឲ្យ​ជ្រើស​រើស​អ្វី​ដែល​យើង​អាន ហើយ​ហេតុ​អ្វី​ការ​ចេះ​វិភាគ​ព័ត៌មាន​គឺ​សំខាន់​ម៉្លេះ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ អ្វី​មួយ​ចំនួន​ដែល​ជួយ​យើង​ឲ្យ​ទទួល​ព័ត៌មាន​ពិត​»​)

ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ដ​ល្អ យើង​ត្រូវ​ការ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ។ ម៉្លោះ​ហើយ យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​យ៉ាង​ខ្លាំង​ពេល​យើង​ជ្រើស​រើស​អ្វី​ដែល​យើង​អាន។ (​សូម​អាន ភីលីព ៤:៨, ៩) យើង​មិន​គួរ​ខ្ជះ​ខ្ជាយ​ពេល​វេលា​របស់​យើង​ដោយ​មើល​គេហទំព័រ​ដែល​ផ្សាយ​ព័ត៌មាន​តាម​អ៊ីនធឺណិត​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ដ ឬ​ដោយ​អាន​អ៊ីមែល​ដែល​ផ្សព្វ​ផ្សាយ​ពាក្យ​ចចាម​អារ៉ាម។ ជា​ពិសេស​គឺ​សំខាន់​ណាស់​ដែល​យើង​ជៀស​វាង​ពី​គេហទំព័រ​ដែល​ពួក​អ្នក​ក្បត់​ជំនឿ​លើក​ស្ទួយ​គំនិត​ឬ​ទស្សនៈ​របស់​ពួក​គេ។ ពួក​គេ​ចង់​ធ្វើ​ឲ្យ​ជំនឿ​របស់​រាស្ដ្រ​ព្រះ​ចុះ​ខ្សោយ ហើយ​ចង់​បង្ខុស​សេចក្ដី​ពិត។ ព័ត៌មាន​ដែល​មិន​គួរ​ឲ្យ​ទុក​ចិត្ដ​នាំ​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ដ​មិន​ត្រឹម​ត្រូវ។ សូម​កុំ​គិត​ឲ្យ​សោះ​ថា​ព័ត៌មាន​មិន​ពិត​នឹង​មិន​អាច​មាន​ឥទ្ធិពល​លើ​អ្នក​ឡើយ។—ធីម៉ូថេ​ទី១ ៦:២០, ២១

៥. តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ឮ​រឿង​មិន​ពិត​អ្វី ហើយ​តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​គេ?

ព័ត៌មាន​មិន​ពិត​អាច​នាំ​ឲ្យ​មាន​លទ្ធផល​អាក្រក់។ នៅ​សម័យ​ម៉ូសេ អ្នក​ស៊ើបការណ៍​១២​នាក់​បាន​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ​បាន​សន្យា។ ពេល​ត្រឡប់​មក​វិញ អ្នក​ស៊ើបការណ៍​១០​នាក់​បាន​និយាយ​មិន​ល្អ​អំពី​ស្រុក​នោះ។ (​ជន​គណនា ១៣:២៥​-​៣៣​) ពួក​គេ​និយាយ​បំផ្លើស​ការ​ពិត ហើយ​នេះ​បាន​ធ្វើ​ឲ្យ​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា​ភ័យ​ខ្លាច​និង​ធ្លាក់​ទឹក​ចិត្ដ។ (​ជន​គណនា ១៤:១​-​៤​) ហេតុ​អ្វី​បណ្ដា​ជន​មាន​ប្រតិកម្ម​បែប​នេះ? ប្រហែល​ជា​ពួក​គេ​បាន​គិត​ថា​នោះ​ជា​ការ​ពិត ពី​ព្រោះ​អ្នក​ស៊ើបការណ៍​ភាគ​ច្រើន​បាន​និយាយ​ដូច​គ្នា​អំពី​រឿង​នោះ។ ដូច្នេះ ពួក​គេ​មិន​ព្រម​ស្តាប់​អ្វី​ល្អ​ៗ​ដែល​អ្នក​ស៊ើបការណ៍​ពីរ​នាក់​ទៀត​បាន​និយាយ​អំពី​ស្រុក​ដែល​ព្រះ​បាន​សន្យា​ទេ។ (​ជន​គណនា ១៤:៦​-​១០​) ជា​ជាង​ស្វែង​រក​ការ​ពិត ហើយ​ទុក​ចិត្ដ​លើ​ព្រះ​យេហូវ៉ា បណ្ដា​ជន​បាន​ជឿ​អ្វី​មិន​ល្អ​ដែល​ពួក​គេ​បាន​ឮ។ នេះ​ជា​អ្វី​ដ៏​ឆោត​ល្ងង់!

៦. ហេតុ​អ្វី​យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ពេល​យើង​ឮ​គេ​និយាយ​អ្វី​ដ៏​គួរ​ឲ្យ​តក់​ស្លុត​អំពី​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា?

យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​ពេល​យើង​ឮ​រឿង​ដែល​ទាក់​ទង​នឹង​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា។ សូម​ចាំ​ថា​សាថាន​ដែលជា​សត្រូវ​របស់​យើង​បាន​ត្រូវ​ហៅ​ថា ​«​អ្នក​ដែល​ចោទ​ប្រកាន់​បង​ប្អូន​របស់​យើង​»។ (​ការ​បើក​បង្ហាញ ១២:១០​) លោក​យេស៊ូ​បាន​ព្រមាន​ថា​អ្នក​ប្រឆាំង​នឹង​«​និយាយ​រឿង​អាក្រក់​គ្រប់​បែប​យ៉ាង​»​ដើម្បី​បង្កាច់​បង្ខូច​យើង។ (​ម៉ាថាយ ៥:១១​) បើ​យើង​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​នេះ យើង​នឹង​មិន​តក់​ស្លុត​ទេ​ពេល​យើង​ឮ​គេ​និយាយ​អ្វី​ៗ​ដ៏​ចម្លែក​អំពី​រាស្ដ្រ​របស់​ព្រះ​យេហូវ៉ា។

៧. មុន​យើង​ផ្ញើ​សារ​ឬ​អ៊ីមែល តើ​យើង​គួរ​សួរ​ខ្លួន​នូវ​សំណួរ​អ្វី​ខ្លះ?

តើ​អ្នក​ចូល​ចិត្ដ​ផ្ញើ​សារ​ឬ​អ៊ីមែល​ទៅ​មិត្ដ​ភក្ដិ​របស់​អ្នក​ឬ​ទេ? ពេល​អ្នក​ឃើញ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន ឬ​ឮ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​ណា​មួយ តើ​អ្នក​មាន​អារម្មណ៍​ដូច​អ្នក​កាសែត​ដែល​ចង់​ចែក​ចាយ​ព័ត៌មាន​នោះ​ភ្លាម​ៗ​ឬ​ទេ? មុន​អ្នក​ផ្ញើ​សារ​ឬ​អ៊ីមែល សូម​សួរ​ខ្លួន​អ្នក​ថា ‹តើ​ខ្ញុំ​ដឹង​ប្រាកដ​ថា​រឿង​នោះ​គឺ​ជា​រឿង​ពិត​ឬ​ទេ? តើ​ខ្ញុំ​ពិត​ជា​មាន​ព័ត៌មាន​ពិត​ឬ?›។ បើ​អ្នក​មិន​ប្រាកដ​ទេ អ្នក​ប្រហែល​ជា​នឹង​ផ្សព្វ​ផ្សាយ​ពាក្យ​កុហក។ ដូច្នេះ បើ​អ្នក​មិន​ដឹង​ថា​ព័ត៌មាន​នោះ​ជា​ការ​ពិត​ទេ សូម​កុំ​ផ្ញើ​ទៅ​អ្នក​ឯ​ទៀត ហើយ​លុប​វា​ចោល!

៨. នៅ​ប្រទេស​ខ្លះ តើ​អ្នក​ប្រឆាំង​បាន​ធ្វើ​អ្វី? តើ​តាម​របៀប​ណា​យើង​អាច​ជួយ​ពួក​គេ​ដោយ​មិន​ដឹង​ខ្លួន?

មាន​មូលហេតុ​មួយ​ទៀត​ដែល​ការ​ផ្ញើ​អ៊ីមែល​ឬ​សារ​ដោយ​មិន​គិត​ពិចារណា គឺ​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់។ ប្រទេស​ខ្លះ​បាន​ដាក់​កម្រិត​ឬ​ថែម​ទាំង​បាន​ដាក់​បម្រាម​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។ អ្នក​ប្រឆាំង​យើង​នៅ​ប្រទេស​ទាំង​នោះ ប្រហែល​ជា​ផ្សាយ​រឿង​មិន​ពិត​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ភ័យ​ខ្លាច​ឬ​សង្ស័យ​គ្នា​ទៅ​វិញ​ទៅ​មក។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អតីត​សហភាព​សូវៀត។ ប៉ូលិស​សម្ងាត់(​KGB​) បាន​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា​បង​ប្អូន​មួយ​ចំនួន​ដែល​មាន​ភារកិច្ច​ជា​ច្រើន​ក្នុង​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា បាន​ក្បត់​រាស្ដ្រ​របស់​លោក។ គួរ​ឲ្យ​ស្តាយ​ណាស់ បង​ប្អូន​ជា​ច្រើន​នាក់​បាន​ជឿ​ព័ត៌មាន​មិន​ពិត​នោះ ហើយ​បាន​ចាក​ចេញ​ពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា។ ទោះ​ជា​បង​ប្អូន​ទាំង​នោះ​ជា​ច្រើន​នាក់​បាន​ត្រឡប់​មក​វិញ​នៅ​ពេល​ក្រោយ​មក​ក្ដី មាន​អ្នក​ខ្លះ​មិន​បាន​មក​វិញ​ទេ។ ពួក​គេ​បាន​អនុញ្ញាត​ឲ្យ​ព័ត៌មាន​មិន​ពិត​នោះ​បង្ខូច​ជំនឿ​របស់​ពួក​គេ។ (​ធីម៉ូថេ​ទី១ ១:១៩​) តើ​យើង​អាច​ជៀស​វាង​ពី​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច? ដោយ​មិន​ចែក​ចាយ​រឿង​អាក្រក់​អំពី​អ្នក​ឯ​ទៀត ឬ​រឿង​ដែល​យើង​មិន​ដឹង​ប្រាកដ​ថា​ជា​រឿង​ពិត​ឡើយ។ កុំ​ជឿ​គ្រប់​ទាំង​ពាក្យ​ដែល​អ្នក​ឮ។ ផ្ទុយ​ទៅ​វិញ សូម​ប្រាកដ​ថា​អ្នក​ដឹង​ព័ត៌មាន​ពិត។

ពេល​មិន​ដឹង​ព័ត៌មាន​គ្រប់​គ្រាន់

៩. តើ​មាន​បញ្ហា​អ្វី​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​ទទួល​ព័ត៌មាន​ពិត?

ជួន​កាល​យើង​ឮ​រឿង​ខ្លះ​ដែល​មាន​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​ដែល​ជា​ការ​ពិត ហើយ​នេះ​ធ្វើ​ឲ្យ​យើង​ភាន់​ច្រឡំ។ រឿង​ខ្លះ​ទៀត​គេ​មិន​ប្រាប់​ព័ត៌មាន​គ្រប់​គ្រាន់​ទេ។ នេះ​ធ្វើ​ឲ្យ​យើង​ពិបាក​សន្និដ្ឋាន​ត្រឹម​ត្រូវ។ យើង​មិន​អាច​ទុក​ចិត្ដ​រឿង​ណាដែល​ពិត​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ​ទេ! តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​មិន​ឲ្យ​គេ​ប្រើ​រឿង​បែប​នេះ​បោក​បញ្ឆោត​យើង?—អេភេសូរ ៤:១៤

១០. ហេតុ​អ្វី​ជន​ជាតិ​អ៊ីស្រាអែល​មួយ​ចំនួន​ហៀបនឹង​ច្បាំង​ជា​មួយ​នឹង​បង​ប្អូន​របស់​ពួក​គេ ហើយ​តើ​អ្វី​បាន​ជួយ​ពួក​គេ​ឲ្យ​ជៀស​វាង​ពី​ការ​ធ្វើ​ដូច្នេះ?

១០ យើង​អាច​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​ត្រើយ​ខាង​លិច​នៃ​ទន្លេ​យ៉ូដាន់ នា​សម័យ​របស់​យ៉ូស្វេ។ (​យ៉ូស្វេ ២២:៩​-​៣៤​) ពួក​គេ​បាន​ឮ​ថា​ជន​ជាតិ​អ៊ីស្រាអែល​ដែល​រស់​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ៉ូដាន់​បាន​សង់​ទី​បូជា​ដ៏​ធំ​មួយ​ជិត​ទន្លេ​នោះ។ នេះ​ជា​ការ​ពិត ប៉ុន្ដែ​នេះ​មិន​មែន​ជា​ព័ត៌មាន​ទាំង​អស់​ទេ ហើយ​នេះ​បាន​បណ្ដាល​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​ត្រើយ​ខាង​លិច​គិត​ថា​បង​ប្អូន​នៅ​ត្រើយ​ខាង​កើត​បាន​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​យេហូវ៉ា។ ដូច្នេះ​ពួក​គេ​បាន​ជួប​ជុំ​គ្នា​ដើម្បី​ទៅ​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​ត្រើយ​ខាង​កើត។ (​សូម​អាន យ៉ូស្វេ ២២:៩​-​១២) ប៉ុន្ដែ មុន​ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​ត្រើយ​ខាង​លិច​ទៅ​វាយ​ប្រហារ ពួក​គេ​បាន​ចាត់​បុរស​មួយ​ចំនួន​ឲ្យ​ទៅ​ស្វែង​រក​ការ​ពិត។ តើ​បុរស​ទាំង​នោះ​បាន​រក​ឃើញ​ថា​ការ​ពិត​គឺ​យ៉ាង​ណា? ជន​ជាតិ​អ៊ីស្រាអែល​ដែល​នៅ​ត្រើយ​ខាង​កើត​មិន​បាន​សង់​ទី​បូជា​ដើម្បី​ជូន​គ្រឿង​បូជា​ទៅ​ព្រះ​មិន​ពិត​ទេ។ ពួក​គេ​បាន​សង់​ទី​បូជា​នោះ​ជា​ទី​រំលឹក​ដើម្បី​ឲ្យ​គ្រប់​គ្នា​ដឹង​ថា​ពួក​គេ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ជន​ជាតិ​អ៊ីស្រាអែល​ច្បាស់​ជា​សប្បាយ​ចិត្ដ​ជា​ខ្លាំង​ដែល​ពួក​គេ​មិន​បាន​ធ្វើ​សង្គ្រាម​ជា​មួយ​នឹង​បង​ប្អូន​របស់​ពួក​គេ ប៉ុន្ដែ​ពួក​គេ​បាន​ចំណាយ​ពេល​ដើម្បី​ស្វែង​យល់​ការ​ពិត​ទាំង​អស់។

១១. (​ក​) តើ​មភីបូសែត​បាន​រង​អំពើ​អយុត្ដិធម៌​អ្វី? (​ខ​) តើ​ដាវីឌ​គួរ​តែ​ធ្វើ​អ្វី​ដើម្បី​មិន​ឲ្យ​មភីបូសែត​រង​អំពើ​អយុត្ដិធម៌​នោះ?

១១ ប្រហែល​ជា​នឹង​មាន​ពេល​ដែល​យើង​ឈឺ​ចិត្ដ​ដោយ​សារ​មនុស្ស​និយាយ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ភាន់​ច្រឡំ​អំពី​យើង។ នេះ​បាន​កើត​ឡើង​ដល់​មភីបូសែត។ ដោយ​ចិត្ដ​ទូលាយ ស្ដេច​ដាវីឌ​បាន​ឲ្យ​មភីបូសែត​នូវ​ទឹក​ដី​ទាំង​អស់​របស់​សុល​ដែល​ជា​ជីតា​របស់​មភីបូសែត។ (​សាំយូអែល​ទី២ ៩:៦, ៧​) ប៉ុន្ដែ​ក្រោយ​មក ដាវីឌ​បាន​ឮ​រឿង​អាក្រក់​មួយ​អំពី​មភីបូសែត។ ដាវីឌ​មិន​បាន​ស្វែង​យល់​ការ​ពិត​ទេ ហើយ​គាត់​បាន​ដក​ហូត​ទឹក​ដី​នោះ​ពី​មភីបូសែត​វិញ។ (​សាំយូអែល​ទី២ ១៦:១​-​៤​) ពេល​ដាវីឌ​និយាយ​ជា​មួយ​នឹង​មភីបូសែត​នៅ​ពេល​ក្រោយ​មក ទើប​ដាវីឌ​ដឹង​ថា​ខ្លួន​បាន​ធ្វើ​ខុស។ បន្ទាប់​មក គាត់​បាន​ឲ្យ​ទឹក​ដី​នោះ​ខ្លះ​ៗ​ទៅ​មភីបូសែត​ម្ដង​ទៀត។ (​សាំយូអែល​ទី២ ១៩:២៤​-​២៩​) បើ​ដាវីឌ​បាន​ចំណាយ​ពេល​ដើម្បី​ស្វែង​យល់​ការ​ពិត ជា​ជាង​ធ្វើ​ការ​សម្រេច​ចិត្ដ​ភ្លាម​ៗ​ដោយ​គ្មាន​ព័ត៌មាន​គ្រប់​គ្រាន់ នោះ​មភីបូសែត​នឹង​មិន​បាន​រង​អំពើ​អយុត្ដិធម៌​នេះ​ទេ។

១២, ១៣. (​ក​) តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ពេល​មនុស្ស​និយាយ​បង្កាច់​បង្ខូច​លោក? (​ខ​) តើ​យើង​អាច​ធ្វើ​អ្វី​បើ​បុគ្គល​ណា​ម្នាក់​និយាយ​បង្កាច់​បង្ខូច​យើង?

១២ តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​ណា​ម្នាក់​និយាយ​បង្កាច់​បង្ខូច​អ្នក? លោក​យេស៊ូ​និង​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ក៏​មាន​បញ្ហា​នេះ​ដែរ។ (​សូម​អាន ម៉ាថាយ ១១:១៨, ១៩) តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី? លោក​មិន​បាន​ប្រើ​ពេល​វេលា​និង​កម្លាំង​របស់​លោក​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជឿ​ជាក់​ថា​រឿង​នោះ​គឺ​មិន​ពិត​ទេ។ ផ្ទុយ​ទៅ​វិញ លោក​បាន​លើក​ទឹក​ចិត្ដ​បណ្ដា​ជន​ឲ្យ​ស្វែង​យល់​អ្វី​ដែល​ជា​ការ​ពិត។ លោក​ចង់​ឲ្យ​ពួក​គេ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​បង្រៀន​និង​ការ​ប្រព្រឹត្ដ​របស់​លោក។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អំពើ​សុចរិត​ដែល​មនុស្ស​ម្នាក់​ធ្វើ បង្ហាញ​ថា​អ្នក​នោះ​មាន​ប្រាជ្ញា​»។

១៣ យើង​អាច​ទាញ​យក​មេ​រៀន​ដ៏​សំខាន់​ពី​លោក​យេស៊ូ។ ជួន​កាល មនុស្ស​ប្រហែល​ជា​និយាយ​មិន​ល្អ​ឬ​និយាយ​អ្វី​ដែល​អយុត្ដិធម៌​អំពី​យើង ហើយ​យើង​ប្រហែល​ជា​បារម្ភ​ថា​នេះ​អាច​បង្ខូច​កេរ្ដិ៍​ឈ្មោះ​របស់​យើង។ ប៉ុន្ដែ របៀប​រស់​នៅ​របស់​យើង​អាច​បង្ហាញ​អ្នក​ឯ​ទៀត​ថា​តាម​ពិត​យើង​ជា​មនុស្ស​បែប​ណា។ ដូច​ដែល​យើង​បាន​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ ការ​ប្រព្រឹត្ដ​ល្អ​របស់​យើង​អាច​បង្ហាញ​ថា​អ្វី​ដែល​គេ​ចោទ​ប្រកាន់មិន​ពិត​និង​អ្វី​ដែល​គេ​និយាយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ភាន់​ច្រឡំ​អំពី​យើង មិន​មែន​ជា​ការ​ពិត​ទេ។

តើ​អ្នក​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន​ឬ​ទេ?

១៤, ១៥. ហេតុ​អ្វី​យើង​មិន​គួរ​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន?

១៤ ក្នុង​អត្ថបទ​នេះ​យើង​បាន​ឃើញ​ថា ការ​ទទួល​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ទុក​ចិត្ដ​គឺ​មិន​ស្រួល​ទេ ហើយ​ក៏​មាន​បញ្ហា​មួយ​ទៀត​ដែរ ពោល​គឺ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង។ យើង​ប្រហែល​ជា​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ហើយ​មាន​ប្រាជ្ញា​មួយ​កម្រិត។ អ្នក​ឯ​ទៀត​ក៏​ប្រហែល​ជា​គោរព​យើង ដោយ​សារ​យើង​ចេះ​គិត​ពិចារណា​បាន​វែង​ឆ្ងាយ។ តើ​អ្វី​ទាំង​នេះ​អាច​ក្លាយ​ទៅ​ជា​បញ្ហា​សម្រាប់​យើង​ឬ​ទេ?

គម្ពីរ​ព្រមាន​យើង​ថា យើង​មិន​គួរ​ពឹង​ផ្អែក​លើ​យោបល់​ឬ​ការ​យល់​ដឹង​របស់​ខ្លួន​ឡើយ

១៥ នេះ​អាច​ក្លាយ​ទៅ​ជា​បញ្ហា​សម្រាប់​យើង​មែន។ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ពឹង​ផ្អែក​លើ​ការ​យល់​ដឹង​របស់​ខ្លួន ហើយ​ប្រហែល​ជា​ឲ្យ​ទស្សនៈ​និង​អារម្មណ៍​របស់​យើង​គ្រប់​គ្រង​លើ​របៀប​គិត​គូរ​របស់​យើង។ យើង​ក៏​ប្រហែល​ជា​ចាប់​ផ្ដើម​ជឿ​ជាក់​ថា​យើង​យល់​ស្ថានភាព​ណា​មួយ ទោះ​ជា​យើង​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​រឿង​នោះ​ក្ដី។ នេះ​គឺ​មាន​គ្រោះ​ថ្នាក់​ណាស់! គម្ពីរ​ព្រមាន​យើង​យ៉ាង​ច្បាស់​ថា យើង​មិន​គួរ​ពឹង​ផ្អែក​លើ​យោបល់​ឬ​ការ​យល់​ដឹង​របស់​ខ្លួន​ឡើយ។—សុភាសិត ៣:៥, ៦; ២៨:២៦

១៦. ក្នុង​ឧទាហរណ៍​នេះ តើ​អ្វី​បាន​កើត​ឡើង​នៅ​ភោជនីយដ្ឋាន​មួយ ហើយ​តើ​បង​សុខ​បាន​គិត​យ៉ាង​ណា?

១៦ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​នៅ​ល្ងាច​មួយ បង​ប្រុស​សុខ​ដែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ច្រើន​បាន​ទៅ​ភោជនីយដ្ឋាន​មួយ ហើយ​នៅ​ទី​នោះ​គាត់​បាន​ឃើញ​បង​សៅរ៍​ដែល​ជា​អ្នក​ចាស់​ទុំ​ម្នាក់​ទៀត កំពុង​អង្គុយ​ជា​មួយ​នឹង​ស្ដ្រី​ម្នាក់​ដែល​មិន​មែន​ជា​ប្រពន្ធ​របស់​គាត់។ មើល​ទៅ​ពួក​គេ​កំពុង​ជជែក​គ្នា​យ៉ាង​សប្បាយ​រីក​រាយ។ បង​សុខ​បាន​ឃើញ​ពួក​គេ​សើច​ក្អាក​ក្អាយ​ជា​មួយ​គ្នា ហើយ​ថែម​ទាំង​ឱប​គ្នា។ នេះ​ធ្វើ​ឲ្យ​គាត់​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ហើយ​ឆ្ងល់​ថា ‹តើ​បង​សៅរ៍​និង​ប្រពន្ធ​របស់​គាត់​នឹង​លែង​លះ​គ្នា​ឬ​ទេ? ចុះ​យ៉ាង​ណាកូន​របស់​ពួក​គេ?›។ បង​សុខ​ធ្លាប់​ឃើញ​រឿង​បែប​នេះ​កើត​ឡើង​ពី​មុន។ បើ​អ្នក​ជា​បង​សុខ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?

១៧. នៅ​ក្នុង​ឧទាហរណ៍​នេះ តើ​បង​សុខ​បាន​រក​ឃើញ​ថា​អ្វី​ជា​ការ​ពិត ហើយ​តើ​យើង​អាច​រៀន​អ្វី​ពី​ឧទាហរណ៍​នេះ?

១៧ ប៉ុន្ដែ ឈប់​សិន! ទោះ​ជា​បង​សុខ​សន្និដ្ឋាន​ថា​បង​សៅរ៍​មិន​ស្មោះ​ត្រង់​នឹង​ប្រពន្ធ​របស់​គាត់​ក្ដី តើ​បង​សុខ​មាន​ព័ត៌មាន​គ្រប់​គ្រាន់​ឬ​ទេ? នៅ​ល្ងាច​ដដែល​នោះ​នា​ពេល​ក្រោយ​មក បង​សុខ​បាន​ទូរស័ព្ទ​ទៅ​បង​សៅរ៍ ហើយ​បង​សៅរ៍​ប្រាប់​គាត់​ថា​ស្ដ្រី​នោះ​ជា​ប្អូន​ស្រី​របស់​គាត់​ដែល​មក​ពី​ឆ្ងាយ។ បង​សៅរ៍​និង​ប្អូន​ស្រី​គាត់​ខាន​ជួប​គ្នា​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ដោយ​សារ​ប្អូន​ស្រី​គាត់​មក​លេង​បាន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បង​សៅរ៍​ត្រូវ​ទៅ​ជួប​គាត់​នៅ​ភោជនីយដ្ឋាន​មួយ​ដើម្បី​ញ៉ាំ​បាយ​ជា​មួយ​គ្នា។ ប្រពន្ធ​របស់​គាត់​មិន​បាន​មក​ចូល​រួម​ជា​មួយ​នឹង​ពួក​គាត់​ទេ។ បង​សុខ​សប្បាយ​ចិត្ដ​ណាស់​ដែល​គាត់​មិន​បាន​ប្រាប់​អ្នក​ណា​អំពី​អ្វី​ដែល​គាត់​បាន​សន្និដ្ឋាន! តើ​យើង​រៀន​អ្វី​ពី​ឧទាហរណ៍​នេះ? ទោះ​ជា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក៏​ដោយ យើង​នៅ​តែ​ត្រូវ​ស្វែង​យល់​ព័ត៌មាន​ពិត​មុន​យើង​អាច​ធ្វើ​ការ​សន្និដ្ឋាន​ត្រឹម​ត្រូវ។

១៨. តើ​អ្វី​អាច​បណ្ដាល​ឲ្យ​យើង​ជឿ​អ្វី​មិន​ល្អ​អំពី​បង​ប្អូន​របស់​យើង?

១៨ យើង​ក៏​ប្រហែល​ជា​ពិបាក​វិភាគ​យ៉ាង​ត្រឹម​ត្រូវ​អំពី​ស្ថានភាព​ណា​មួយ ពេល​ស្ថានភាព​នោះ​ពាក់​ព័ន្ធ​នឹង​បង​ប្អូន​ណា​ម្នាក់​ដែល​យើង​មិន​សូវ​ចុះ​សម្រុង​ជា​មួយ។ បើ​យើង​បន្ដ​គិត​អំពី​បញ្ហា​ដែល​យើង​មាន​ជា​មួយ​នឹង​គាត់ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​សង្ស័យ​គាត់។ យ៉ាង​នេះ បើ​យើង​ឮ​អ្វី​មិន​ល្អ​អំពី​គាត់ យើង​ប្រហែល​ជា​ចង់​ជឿ​ពាក្យ​នោះ ទោះ​ជា​គ្មាន​ភ័ស្ដុតាង​បញ្ជាក់​ថា​នេះ​ជា​ការ​ពិត​ក៏​ដោយ។ តើ​យើង​អាច​ទាញ​យក​មេ​រៀន​អ្វី? បើ​យើង​បណ្ដោយ​ឲ្យ​ខ្លួន​យើង​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ចំពោះ​បង​ប្អូន​របស់​យើង នេះ​អាច​បណ្ដាល​ឲ្យ​យើង​ធ្វើ​ការ​សន្និដ្ឋាន​ខុស ដោយ​សារ​នេះ​គ្មាន​មូលដ្ឋាន​លើ​ការ​ពិត។ (​ធីម៉ូថេ​ទី១ ៦:៤, ៥​) យើង​មិន​គួរ​ទុក​ក្នុង​ចិត្ដ​នូវ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​ដូច​ជា​ការ​ច្រណែន​ចំពោះ​បង​ប្អូន​របស់​យើង​ជា​ដើម។ សូម​កុំ​ភ្លេច​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្រឡាញ់​បង​ប្អូន​របស់​យើង ហើយ​អភ័យ​ទោស​ឲ្យ​ពួក​គេ​ដោយ​អស់​ពី​ចិត្ដ។—សូម​អាន កូឡុស ៣:១២​-​១៤

គោល​ការណ៍​គម្ពីរ​នឹង​ការពារ​យើង

១៩, ២០. (​ក​) តើ​គោល​ការណ៍​គម្ពីរ​ណា​ខ្លះ​នឹង​ជួយ​យើង​ឲ្យ​វិភាគ​ព័ត៌មាន​យ៉ាង​ត្រឹម​ត្រូវ? (​ខ​) តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៩ នៅ​សព្វ​ថ្ងៃ​នេះ គឺ​ពិបាក​ណាស់​ឲ្យ​យើង​ទទួល​បាន​នូវ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ ហើយ​ឲ្យ​ចេះ​វិភាគ​ព័ត៌មាន​ទាំង​នោះ​យ៉ាង​ត្រឹម​ត្រូវ។ ហេតុ​អ្វី? ពី​ព្រោះ​ក្នុង​ពិភព​លោក​នេះ​គេ​ច្រើន​តែ​ប្រាប់​យើង​នូវ​ព័ត៌មាន​មិន​គ្រប់​គ្រាន់ ឬ​ព័ត៌មាន​ដែល​ធ្វើ​ឲ្យ​យើង​ភាន់​ច្រឡំ។ បញ្ហា​មួយ​ទៀត​គឺ​យើង​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ តើ​អ្វី​អាច​ជួយ​យើង? គឺ​គោល​ការណ៍​ដែល​មាន​ក្នុង​បណ្ដាំ​របស់​ព្រះ! ជា​ឧទាហរណ៍ គោល​ការណ៍​មួយ​ជួយ​យើង​ឲ្យ​ដឹង​ថា​ការ​ឆ្លើយ​មុន​ស្តាប់​រឿង​នោះ​ទាំង​អស់​គឺ​ជា​ការ​ឆោត​ល្ងង់។ (​សុភាសិត ១៨:១៣​) គោល​ការណ៍​មួយ​ទៀត​ជួយ​យើង​ឲ្យ​ដឹង​ថា​យើង​មិន​គួរ​ជឿ​គ្រប់​ទាំង​ពាក្យ​ដែល​យើង​បាន​ឮ ដោយ​មិន​ស្វែង​យល់​ថា​នោះ​ជា​ការ​ពិត​ទេ។ (​សុភាសិត ១៤:១៥​) ទោះ​ជា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក្ដី យើង​មិន​អាច​ទុក​ចិត្ដ​លើ​ការ​យល់​ដឹង​របស់​ខ្លួន​បាន​ឡើយ។ (​សុភាសិត ៣:៥, ៦​) បើ​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា​យើង​ប្រើ​ព័ត៌មាន​ដែល​គួរ​ឲ្យ​ទុក​ចិត្ដ នោះ​គោល​ការណ៍​គម្ពីរ​នឹង​ការពារ​យើង​ដោយ​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សន្និដ្ឋាន​ត្រឹម​ត្រូវ​និង​ធ្វើ​ការ​សម្រេច​ចិត្ដ​ដ៏​ឈ្លាស​វៃ។

២០ ប៉ុន្ដែ មាន​មូលហេតុ​មួយ​ទៀត​ដែល​យើង​ប្រហែល​ជា​ពិបាក​ដឹង​ការ​ពិត​អំពី​ស្ថានភាព​ណា​មួយ។ ដោយ​សារ​យើង​ជា​មនុស្សជាតិ យើង​ឆាប់​វិនិច្ឆ័យ​រឿង​តាម​អ្វី​ដែល​យើង​មើល​ឃើញ។ ក្នុង​អត្ថបទ​បន្ទាប់ យើង​នឹង​ពិចារណា​អំពី​ស្ថានភាព​ខ្លះ​ដែល​អាច​បណ្ដាល​ឲ្យ​យើង​ធ្វើ​ដូច្នេះ ហើយ​របៀប​ដែល​យើង​អាច​ជៀស​វាង​ពី​បញ្ហា​នេះ។