បងប្រុសៗដែលបានត្រូវតែងតាំង ចូររៀនពីគំរូរបស់ធីម៉ូថេ
នៅឆ្នាំមុន បងប្រុសរាប់ពាន់នាក់នៅទូទាំងផែនដីបានត្រូវតែងតាំងជាអ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើ។ បើអ្នកនៅក្នុងចំណោមបងប្អូនទាំងនេះ អ្នកច្បាស់ជាសប្បាយចិត្ដដែលអ្នកអាចបម្រើព្រះយេហូវ៉ានិងបងប្អូនរបស់អ្នកតាមរបៀបថ្មីនេះ។
ប៉ុន្ដែបើអ្នកក៏មានការបារម្ភខ្លះៗ នេះជាការធម្មតាទេ។ បងប្រុសចេសិនដែលជាអ្នកចាស់ទុំវ័យក្មេងម្នាក់និយាយថា៖ «នៅដំបូង ពេលខ្ញុំបានត្រូវតែងតាំង ខ្ញុំមានអារម្មណ៍ថាភារកិច្ចថ្មីគឺហួសពីសមត្ថភាពរបស់ខ្ញុំ»។ ពេលម៉ូសេនិងយេរេមាបានទទួលភារកិច្ចថ្មីពីព្រះយេហូវ៉ា ពួកគាត់មានអារម្មណ៍ថាពួកគាត់គ្មានគុណសម្បត្ដិគ្រប់គ្រាន់ទេ។ (និក្ខមនំ ៤:១០; យេរេមា ១:៦) បើអ្នកមានអារម្មណ៍ដូចពួកគាត់ តើអ្នកអាចធ្វើអ្វីដើម្បីពង្រឹងទំនុកចិត្ដរបស់អ្នក ហើយបន្ដជឿនទៅមុខ? អ្នកអាចរៀនច្រើនពីគំរូរបស់ធីម៉ូថេ។—សកម្មភាព ១៦:១-៣
ចូរធ្វើតាមគំរូរបស់ធីម៉ូថេ
ធីម៉ូថេប្រហែលជាមានអាយុ២០ឆ្នាំពេលគាត់ចាប់ផ្ដើមធ្វើដំណើរជាមួយនឹងសាវ័កប៉ូល។ ដំបូងពេលធីម៉ូថេបានទទួលភារកិច្ចនោះ គាត់ប្រហែលជាមានអារម្មណ៍ថាគាត់មិនមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីបង្រៀនអ្នកឯទៀតនិងផ្ដល់ឱវាទឲ្យពួកគេទេ ដោយសារគាត់នៅវ័យក្មេង។ (ធីម៉ូថេទី១ ៤:១១, ១២; ធីម៉ូថេទី២ ១:១, ២, ៧) ប៉ុន្ដែគាត់បានបន្ដរីកចម្រើន ហើយ១០ឆ្នាំក្រោយមក ប៉ូលបានប្រាប់គ្រិស្ដសាសនិកនៅក្រុងភីលីពថា៖ «ខ្ញុំសង្ឃឹមលើលោកម្ចាស់យេស៊ូថា បន្ដិចទៀត ខ្ញុំអាចចាត់ធីម៉ូថេឲ្យមកឯអ្នករាល់គ្នា»។ ហេតុអ្វីប៉ូលនិយាយដូច្នេះ? គាត់ពន្យល់ថា៖ «ខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្ដគំនិតដូចគាត់»។—ភីលីព ២:១៩, ២០
ហេតុអ្វីធីម៉ូថេគឺជាគំរូល្អសម្រាប់ពួកអ្នកចាស់ទុំ? សូមពិចារណាអំពីមូលហេតុ៦។
១. គាត់យកចិត្ដទុកដាក់យ៉ាងស្មោះចំពោះមនុស្ស។ ប៉ូលបានប្រាប់បងប្អូននៅក្រុងភីលីពថា ធីម៉ូថេ«ពិតជានឹងយកចិត្ដទុកដាក់ចំពោះ»ពួកគេ។ (ភីលីព ២:២០) ធីម៉ូថេចង់ឲ្យបងប្អូនបន្ដនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា ហើយគាត់សប្បាយចិត្ដប្រើពេលវេលានិងកម្លាំងរបស់គាត់ដើម្បីជួយពួកគេឲ្យធ្វើដូច្នេះ។
បងប្រុសវីល្លាមដែលបានបម្រើជាអ្នកចាស់ទុំជាង២០ឆ្នាំហើយ មានទម្លាប់ប្រាប់អ្នកចាស់ទុំថ្មីថា៖ «សូមស្រឡាញ់បងប្អូន។ សូមផ្ដោតអារម្មណ៍ទៅលើសេចក្ដីត្រូវការរបស់ពួកគេ ជាជាងការចាត់ចែងកិច្ចការផ្សេងៗ»។ សូមកុំប្រព្រឹត្ដដូចតៃកុងឡានដែលគិតតែអំពីការទៅដល់ចំណតឡានទាន់ពេល ជាជាងឲ្យអ្នកជិះឡើងឡាន។
២. គាត់ចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាថាសំខាន់បំផុត។ ប៉ូលបាននិយាយថាធីម៉ូថេគឺខុសពីពួកអ្នកដែល«កំពុងរកអ្វីដែលផ្ដល់ផលប្រយោជន៍សម្រាប់ខ្លួនគេ មិនមែនរកអ្វីដែលជាផលប្រយោជន៍ដល់គ្រិស្ដទេ»។ (ភីលីព ២:២១) ប៉ូលបានកត់សម្គាល់ថាបងប្អូនប្រុសនៅជុំវិញគាត់បានផ្ដោតអារម្មណ៍ខ្លាំងពេកទៅលើជីវិតរបស់ខ្លួន។ ជួនកាល ពួកគេបានចាត់ទុកការរកប្រយោជន៍ផ្ទាល់ខ្លួនថាសំខាន់ជាងកិច្ចបម្រើព្រះយេហូវ៉ា។ ប៉ុន្ដែធីម៉ូថេមិនបានធ្វើដូច្នេះទេ! នៅពេលដែលគាត់មានឱកាសបម្រើព្រះច្រើនជាង គាត់មានប្រតិកម្មដូចអេសាយដែលបាននិយាយថា៖ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ!»។—អេសាយ ៦:៨
តើតាមរបៀបណាអ្នកអាចមានតុល្យភាពរវាងការបំពេញសេចក្ដីត្រូវការរបស់ខ្លួននិងសេចក្ដីត្រូវការរបស់ក្រុមជំនុំ? ទី១ សូមធ្វើតាមយោបល់របស់ប៉ូលដែលថា៖ «[ចូរ]ពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង»។ (ភីលីព ១:១០) ចូរចាត់ទុកកិច្ចបម្រើព្រះយេហូវ៉ាថាសំខាន់បំផុត។ ទី២ សូមជៀសវាងពីសកម្មភាពណាដែលនឹងតម្រូវឲ្យអ្នកចំណាយពេលនិងកម្លាំងច្រើនពេក។ ប៉ូលបានប្រាប់ធីម៉ូថេថា៖ «ចូររត់ចេញពីសេចក្ដីប៉ងប្រាថ្នាដែលកើតមានក្នុងភាពជាយុវវ័យ តែចូរស្វែងរកសេចក្ដីសុចរិត ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ដ»។—ធីម៉ូថេទី២ ២:២២
៣. គាត់បានខំប្រឹងក្នុងកិច្ចបម្រើព្រះយេហូវ៉ា។ ប៉ូលបានសរសេរអំពីធីម៉ូថេថា៖ «ដូចកូនធ្វើការជាមួយនឹងឪពុក គាត់បានរួមធ្វើការជាមួយនឹងខ្ញុំដូចខ្ញុំបម្រើ ក្នុងការធ្វើឲ្យដំណឹងល្អជឿនទៅមុខ»។ (ភីលីព ២:២២) ធីម៉ូថេមិនមែនខ្ជិលទេ។ គាត់ខំប្រឹងធ្វើកិច្ចការផ្សេងៗជាមួយនឹងប៉ូល ហើយនេះបានពង្រឹងចំណងមិត្ដភាពរបស់ពួកគាត់។
នៅសព្វថ្ងៃនេះ មានកិច្ចការជាច្រើនក្នុងអង្គការរបស់ព្រះយេហូវ៉ា។ កិច្ចការទាំងនេះធ្វើឲ្យស្កប់ចិត្ដ ហើយក៏នឹងជួយអ្នកឲ្យកាន់តែមានភាពជិតស្និទ្ធជាមួយនឹងបងប្អូន។ ដូច្នេះ សូមធ្វើឲ្យប្រាកដថាអ្នក«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។—៤. គាត់ធ្វើតាមអ្វីដែលគាត់បានរៀន។ ប៉ូលបានសរសេរទៅកាន់ធីម៉ូថេថា៖ «អ្នកបានយកចិត្ដទុកដាក់យ៉ាងដិតដល់នឹងសេចក្ដីបង្រៀនរបស់ខ្ញុំ របៀបរស់នៅ គោលបំណង ជំនឿ ចិត្ដធ្ងន់ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ»។ (ធីម៉ូថេទី២ ៣:១០) ធីម៉ូថេធ្វើតាមអ្វីដែលគាត់បានរៀន ដូច្នេះគាត់បានទទួលភារកិច្ចថែមទៀត។—កូរិនថូសទី១ ៤:១៧
សូមរកអ្នកចាស់ទុំណាម្នាក់ដែលមានបទពិសោធន៍ច្រើនដើម្បីធ្វើជាគំរូសម្រាប់អ្នក។ បងប្រុសថំដែលបានបម្រើជាអ្នកចាស់ទុំអស់ជាច្រើនឆ្នាំ ចាំថាអ្នកចាស់ទុំម្នាក់ដែលមានបទពិសោធន៍ច្រើនបានយកចិត្ដទុកដាក់ចំពោះគាត់ ហើយបានបង្ហាត់បង្រៀនគាត់យ៉ាងល្អ។ បងថំនិយាយថា៖ «ជារឿយៗ ខ្ញុំបានសុំយោបល់ពីគាត់ ហើយបានអនុវត្ដយោបល់នោះ។ នេះបានជួយខ្ញុំឲ្យកាន់តែមានទំនុកចិត្ដ»។
៥. គាត់បន្ដបង្ហាត់បង្រៀនខ្លួន។ ប៉ូលបានប្រាប់ធីម៉ូថេថា៖ «ចូរបង្ហាត់បង្រៀនខ្លួនអ្នកក្នុងគោលដៅរក្សាភក្ដីភាពចំពោះព្រះ»។ (ធីម៉ូថេទី១ ៤:៧) ទោះជាកីឡាករម្នាក់មានគ្រូបង្វឹកក៏ដោយ គាត់នៅតែត្រូវធ្វើការហ្វឹកហាត់ដោយខ្លួនឯង។ ប៉ូលបានលើកទឹកចិត្ដធីម៉ូថេឲ្យ«បន្ដព្យាយាមក្នុងការអានឲ្យអ្នកឯទៀតស្តាប់ ការបំផុសទឹកចិត្ដ និងការបង្រៀន . . . ចូរសញ្ជឹងគិតអំពីការទាំងនេះ ចូរជក់ចិត្ដគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកមានជំនឿន»។—ធីម៉ូថេទី១ ៤:១៣-១៥
អ្នកក៏ត្រូវបន្ដបង្កើនសមត្ថភាពរបស់អ្នកដែរ។ ចូរសិក្សាគម្ពីរយ៉ាងខ្នះខ្នែង ហើយតាមឲ្យទាន់ការណែនាំថ្មីបំផុតពីអង្គការរបស់ព្រះ។ សូមកុំទុកចិត្ដលើខ្លួនឯងហួសហេតុពេក។ ការគិតថាយើងមានបទពិសោធន៍ច្រើន ហើយអាចដោះស្រាយបញ្ហាណាក៏ដោយ ដោយមិនចាំបាច់ធ្វើការស្រាវជ្រាវយ៉ាងយកចិត្ដទុកដាក់ គឺជាការខុស។ ដូចធីម៉ូថេ «ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក»។—ធីម៉ូថេទី១ ៤:១៦
៦. គាត់បានពឹងផ្អែកទៅលើសកម្មពលរបស់ព្រះយេហូវ៉ា។ ពេលប៉ូលនិយាយអំពីកិច្ចបម្រើរបស់ធីម៉ូថេ គាត់បានរំលឹកធីម៉ូថេថា៖ «ចូររក្សាការពារបញ្ញើដ៏ល្អប្រសើរនេះតាមរយៈសកម្មពលបរិសុទ្ធដែលស្ថិតនៅក្នុងយើង»។ (ធីម៉ូថេទី២ ១:១៤) ធីម៉ូថេត្រូវពឹងផ្អែកលើសកម្មពលរបស់ព្រះ។
បងប្រុសដាណឺលដែលបានបម្រើជាអ្នកចាស់ទុំអស់ជាច្រើនឆ្នាំហើយ និយាយថា៖ «បុរសដែលបានត្រូវតែងតាំង ត្រូវឲ្យតម្លៃខ្លាំងទៅលើចំណងមិត្ដភាពរបស់ពួកគេជាមួយនឹងព្រះ។ ពួកអ្នកដែលធ្វើបែបនេះនឹង‹មានកំឡាំងខ្លាំងឡើង›។ បើពួកគេអធិដ្ឋានសុំសកម្មពលរបស់ព្រះ ហើយបង្កើនផលដែលបង្កើតដោយសកម្មពលនោះ ពួកគេពិតជានឹងទៅជាពរមួយសម្រាប់បងប្អូនឯទៀត»។—ទំនុកតម្កើង ៨៤:៧; ពេត្រុសទី១ ៤:១១
ចូរឲ្យតម្លៃទៅលើភារកិច្ចរបស់អ្នក
ពេលយើងឃើញអ្នកចាស់ទុំថ្មីនិងជំនួយការខាងកិច្ចបម្រើថ្មីដូចអ្នក ដែលបន្ដមានជំនឿនក្នុងកិច្ចបម្រើព្រះយេហូវ៉ា នេះពិតជាលើកទឹកចិត្ដយើង។ បងចេសិនដែលបានត្រូវរៀបរាប់នៅខាងលើនិយាយថា៖ «ក្នុងអំឡុងពេលដែលខ្ញុំបានបម្រើជាអ្នកចាស់ទុំ ខ្ញុំបានរៀនច្រើន ហើយខ្ញុំក៏កាន់តែមានទំនុកចិត្ដដែរ។ ឥឡូវខ្ញុំពិតជាចូលចិត្ដភារកិច្ចរបស់ខ្ញុំ ហើយចាត់ទុកភារកិច្ចនេះជាឯកសិទ្ធិដ៏អស្ចារ្យមួយ!»។
តើអ្នកនឹងបន្ដមានជំនឿនឬទេ? បើអ្នកធ្វើតាមគំរូរបស់ធីម៉ូថេ អ្នកក៏អាចទៅជាពរមួយសម្រាប់បងប្អូនផងដែរ។