លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចិត្ដ​ធ្ងន់ គឺ​ជា​ការ​ស៊ូ​ទ្រាំ​ដោយ​មាន​សង្ឃឹម

ចិត្ដ​ធ្ងន់ គឺ​ជា​ការ​ស៊ូ​ទ្រាំ​ដោយ​មាន​សង្ឃឹម

នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នេះ ជីវិត​គឺ​លំបាក​ណាស់ ដូច្នេះ​យើង​ត្រូវ​មាន​ចិត្ដ​ធ្ងន់​ខ្លាំង​ជាង​ពេល​មុន​ទៅ​ទៀត។ (​ធីម៉ូថេ​ទី២ ៣:១​-​៥​) មនុស្ស​ជា​ច្រើន​នៅ​ជុំ​វិញ​យើង​មិន​មាន​ចិត្ដ​ធ្ងន់​ទេ។ ពួក​គេ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន ចូល​ចិត្ដ​ឈ្លោះ​ប្រកែក​គ្នា និង​មិន​ចេះ​ទប់​ចិត្ដ។ ដូច្នេះ យើង​ត្រូវ​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​គឺ​ដូច​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្ញុំ​ដែល​មិន​មាន​ចិត្ដ​ធ្ងន់​ឬ​ទេ? តើ​ចិត្ដ​ធ្ងន់​មាន​ន័យ​យ៉ាង​ណា? តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​មាន​ចិត្ដ​ធ្ងន់?›។

តើ​ចិត្ដ​ធ្ងន់​គឺ​ជា​អ្វី?

តើ​ពាក្យ​«​ចិត្ដ​ធ្ងន់​»​នៅ​ក្នុង​គម្ពីរ​មាន​ន័យ​យ៉ាង​ណា? នេះ​មិន​គ្រាន់​តែ​មាន​ន័យ​ថា​យើង​ទ្រាំ​ទ្រ​នឹង​បញ្ហា​ណា​មួយ​ប៉ុណ្ណោះ​ទេ។ បុគ្គល​ដែល​មាន​ចិត្ដ​ធ្ងន់​ស៊ូ​ទ្រាំ​ដោយ​សង្ឃឹម ពោល​គឺ​គាត់​សង្ឃឹម​ថា​អ្វី​ៗ​នឹង​ល្អ​ប្រសើរ។ គាត់​មិន​គ្រាន់​តែ​គិត​អំពី​ខ្លួន​គាត់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​អារម្មណ៍​របស់​ពួក​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ខឹង​ឬ​ដែល​បាន​ធ្វើ​បាប​គាត់ ក៏​គាត់​គិត​ដែរ។ គាត់​សង្ឃឹម​ជា​និច្ច​ថា​ចំណង​មិត្ដភាព​រវាង​គាត់​និង​ពួក​គេ​នឹង​ល្អ​ប្រសើរ​ឡើង។ គឺ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ដែល​គម្ពីរ​ចែង​ថា​ចិត្ដ​ធ្ងន់​មក​ពី​សេចក្ដី​ស្រឡាញ់។ * (​សូម​មើល​កំណត់​សម្គាល់​) (​កូរិនថូស​ទី១ ១៣:៤​) ចិត្ដ​ធ្ងន់​ក៏​ជា​គុណ​សម្បត្ដិ​ឬ​លក្ខណៈ​មួយ​នៃ​«​ផល​ដែល​បង្កើត​ដោយ​សកម្មពល​របស់​ព្រះ​»។ (​កាឡាទី ៥:២២, ២៣​) ដូច្នេះ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​មាន​ចិត្ដ​ធ្ងន់?

របៀប​មាន​ចិត្ដ​ធ្ងន់

ដើម្បី​មាន​ចិត្ដ​ធ្ងន់​យើង​ត្រូវ​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ផ្ដល់​ឲ្យ​យើង​នូវ​សកម្មពល​របស់​លោក។ លោក​ផ្ដល់​សកម្មពល​នេះ​ដល់​ពួក​អ្នក​ដែល​ទុក​ចិត្ដ​លើ​លោក។ (​លូកា ១១:១៣​) សកម្មពល​នេះ​មាន​ឫទ្ធា​នុភាព​ខ្លាំង​ក្លា ប៉ុន្ដែ​យើង​នៅ​តែ​ត្រូវ​ប្រព្រឹត្ដ​សម​ស្រប​តាម​សេចក្ដី​អធិដ្ឋាន​របស់​យើង។ (​ទំនុក​តម្កើង ៨៦:១០, ១១​) នេះ​មាន​ន័យ​ថា​យើង​ត្រូវ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ចិត្ដ​ធ្ងន់​ជា​រៀង​រាល់​ថ្ងៃ ហើយ​ធ្វើ​ឲ្យ​នេះ​ទៅ​ជា​បុគ្គលិក​លក្ខណៈ​របស់​យើង។ ប៉ុន្ដែ​ប្រហែល​ជា​ពេល​ខ្លះ​យើង​មិន​មាន​ចិត្ដ​ធ្ងន់​ទេ។ តើ​អ្វី​អាច​ជួយ​យើង?

យើង​ត្រូវ​សិក្សា​និង​រំពឹង​គិត​អំពី​គំរូ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​លោក​យេស៊ូ។ ពេល​ដែល​សាវ័ក​ប៉ូល​បាន​និយាយ​អំពី​«​បុគ្គលិក​លក្ខណៈ​ថ្មី​»​ដែល​រួម​បញ្ចូល​ចិត្ដ​ធ្ងន់ គាត់​លើក​ទឹក​ចិត្ដ​យើង​ថា​៖ ​«​ចូរ​ឲ្យ​សេចក្ដី​សុខ​សាន្ដ​របស់​គ្រិស្ដ​គ្រប់​គ្រង​ចិត្ដ​អ្នក​រាល់​គ្នា​»។ (​កូឡុស ៣:១០, ១២, ១៥​) ដើម្បី​ធ្វើ​ដូច្នេះ យើង​ត្រូវ​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ហើយ​មាន​ទំនុក​ចិត្ដ​ទាំង​ស្រុង​ថា​នៅ​ពេល​ត្រឹម​ត្រូវ​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​ដែល​យើង​មាន។ បើ​យើង​មាន​ទំនុក​ចិត្ដ​ដូច្នេះ យើង​នឹង​រក្សា​ឲ្យ​មាន​ចិត្ដ​ធ្ងន់ ទោះ​ជា​មាន​អ្វី​កើត​ឡើង​នៅ​ជុំ​វិញ​យើង​ក៏​ដោយ។—យ៉ូហាន ១៤:២៧; ១៦:៣៣

យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​ពិភព​លោក​ថ្មី​មក​ដល់​ឆាប់​ៗ។ ប៉ុន្ដែ យើង​រៀន​ឲ្យ​ចេះ​មាន​ចិត្ដ​អត់​ធ្មត់​ច្រើន​ជាង ពេល​យើង​គិត​អំពី​ចិត្ដ​ធ្ងន់​ឬ​ចិត្ដ​អត់​ធ្មត់​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ចំពោះ​យើង។ គម្ពីរ​ធានា​ថា​៖ ​«​ព្រះ​យេហូវ៉ា​មិន​យឺត​ក្នុង​ការ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក ដូច​មនុស្ស​ខ្លះ​គិត​ថា​យឺត​នោះ​ទេ ប៉ុន្ដែ​លោក​អត់​ធ្មត់​នឹង​យើង ពី​ព្រោះ​លោក​មិន​ចង់​ឲ្យ​អ្នក​ណា​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ដ​»។ (​ពេត្រុស​ទី២ ៣:៩​) ដូច្នេះ ពេល​យើង​គិត​អំពី​ចិត្ដ​អត់​ធ្មត់​ដែល​ព្រះ​យេហូវ៉ា​មាន​ចំពោះ​យើង យើង​ក៏​នឹង​កាន់​តែ​អត់​ធ្មត់​ចំពោះ​អ្នក​ឯ​ទៀត​ដែរ។ (​រ៉ូម ២:៤​) តើ​មាន​ស្ថានភាព​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ការ​ចិត្ដ​អត់​ធ្មត់?

ស្ថានភាព​ដែល​យើង​ត្រូវ​ការ​ចិត្ដ​អត់​ធ្មត់

ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​មាន​ស្ថានភាព​ជា​ច្រើន​ដែល​យើង​ត្រូវ​ការ​ចិត្ដ​អត់​ធ្មត់។ ជា​ឧទាហរណ៍ បើ​យើង​មាន​អារម្មណ៍​ថា​យើង​មាន​អ្វី​ដ៏​សំខាន់​ចង់​និយាយ យើង​ប្រហែល​ជា​ត្រូវ​អត់​ធ្មត់​ដើម្បី​មិន​និយាយ​កាត់​អ្នក​ឯ​ទៀត។ (​យ៉ាកុប ១:១៩​) យើង​ក៏ត្រូវ​អត់​ធ្មត់​ពេល​បុគ្គល​ណា​ម្នាក់​ធ្វើ​ឲ្យ​យើង​ខឹង​ដែរ។ ជា​ជាង​មាន​ប្រតិកម្ម​លឿន​ពេក ជា​ការ​ល្អ​ឲ្យ​យើង​ចាំ​អំពី​ប្រតិកម្ម​របស់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ចំពោះ​ចំណុច​ខ្សោយ​របស់​យើង។ លោក​ទាំង​ពីរ​មិន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​តិច​តួច​ដែល​យើង​ធ្វើ​ខុស​នោះ​ទេ ទោះ​ជា​យើង​ធ្វើ​ខុស​ជា​ច្រើន​ដង​ក្ដី។ ផ្ទុយ​ទៅ​វិញ លោក​ទាំង​ពីរ​កត់​សម្គាល់​គុណ​សម្បត្ដិ​របស់​យើង ហើយ​រង់​ចាំ​ដោយ​ចិត្ដ​អត់​ធ្មត់​ឲ្យ​យើង​រីក​ចម្រើន។—ធីម៉ូថេ​ទី១ ១:១៦; ពេត្រុស​ទី១ ៣:១២

យើង​ក៏​ត្រូវ​ការ​ចិត្ដ​ធ្ងន់​ពេល​បុគ្គល​ណា​ម្នាក់​ប្រាប់​យើង​ថា​យើង​បាន​និយាយ ឬ​ធ្វើ​អ្វី​ដែល​ខុស។ ពេល​នេះ​កើត​ឡើង ប្រហែល​ជា​ដំបូង​យើង​ឈឺ​ចិត្ដ ហើយ​និយាយ​ការពារ​ខ្លួន។ ប៉ុន្ដែ បណ្ដាំ​របស់​ព្រះ​ប្រាប់​យើង​ឲ្យ​មាន​ប្រតិកម្ម​ខុស​ពី​នេះ។ គម្ពីរ​ចែង​ថា​៖ ‹ចិត្ដ​អត់​ធ្មត់ នោះ​វិសេស​ជាង​មាន​ចិត្ដ​អំនួត។ កុំ​ឲ្យ​មាន​ចិត្ដ​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី​ល្ងើ​ទេ›។ (​សាស្តា ៧:៨, ៩​) ដូច្នេះ ទោះ​ជា​គេ​ចោទ​ប្រកាន់​មិន​ពិត​ទាំង​ស្រុង​អំពី​យើង​ក្ដី យើង​ត្រូវ​មាន​ចិត្ដ​ធ្ងន់​និង​គិត​យ៉ាង​ដិត​ដល់ មុន​ដែល​យើង​មាន​ប្រតិកម្ម។ នេះ​ជា​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ពេល​អ្នក​ឯ​ទៀត​ចោទ​ប្រកាន់​មិន​ពិត​អំពី​លោក។—ម៉ាថាយ ១១:១៩

ជា​ពិសេស​ឪ​ពុក​ម្ដាយ​ត្រូវ​ការ​ចិត្ដ​អត់​ធ្មត់​ពេល​ដែល​ពួក​គាត់​ត្រូវ​ជួយ​កូន​ៗ​ឲ្យ​កែ​តម្រង់​ចិត្ដ​គំនិត​របស់​ពួក​គេ ឬ​ឲ្យ​ជៀស​វាង​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​មិន​ល្អ។ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ម៉ាធាស ដែល​បម្រើ​នៅ​បេតអែល​នា​តំបន់​ស្កង់ឌីណាវី។ ពេល​បង​ម៉ាធាស​នៅ​វ័យ​ជំទង់ សិស្ស​រួម​ថ្នាក់​របស់​គាត់​បាន​សើច​ចំអក​គាត់​ដោយ​សារ​ជំនឿ​របស់​គាត់។ ដំបូង ឪ​ពុក​ម្ដាយ​របស់​គាត់​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ។ ប៉ុន្ដែ​ក្រោយ​មក ពួក​គេ​បាន​ឃើញ​ថា​គាត់​ចាប់​ផ្ដើម​សង្ស័យ​អំពី​ជំនឿ​របស់​គាត់។ បង​យីលីស​ដែល​ជា​ឪ​ពុក​របស់​បង​ម៉ាធាស​និយាយ​ថា​គាត់​និង​ប្រពន្ធ​របស់​គាត់​ពិត​ជា​ត្រូវ​ការ​ចិត្ដ​អត់​ធ្មត់​ក្នុង​ស្ថានភាព​នេះ។ បង​ម៉ាធាស​បាន​សួរ​សំណួរ​ដូច​ជា​៖ ​«​តើ​ព្រះ​ជា​អ្នក​ណា? ចុះ​បើ​គម្ពីរ​មិន​មែន​ជា​បណ្ដាំ​របស់​ព្រះ? ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​ពិត​ជា​ចង់​ឲ្យ​យើង​ធ្វើ​នេះ​ឬ​ធ្វើ​នោះ?​»។ គាត់​ក៏​បាន​សួរ​ឪ​ពុក​របស់​គាត់​ថា​៖ ​«​ប៉ា! ហេតុ​អ្វី​ខ្ញុំ​នឹង​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ បើ​ខ្ញុំ​មិន​មាន​ទស្សនៈ​និង​ជំនឿ​ដូច​ប៉ា​ផង​ហ្នឹង?​»។

បង​យីលីស​ពន្យល់​ថា​៖ ​«​ជួន​កាល កូន​យើង​សួរ​សំណួរ​ដោយ​កំហឹង មិន​មែន​ខឹង​ចំពោះ​ខ្ញុំ​ឬ​ម្ដាយ​របស់​គាត់​ទេ ប៉ុន្ដែ​ចំពោះ​សេចក្ដី​ពិត ដោយ​សារ​គាត់​គិត​ថា​សេចក្ដី​ពិត​បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ពិបាក​ណាស់​»។ តើ​បង​យីលីស​បាន​ជួយ​កូន​ប្រុស​របស់​គាត់យ៉ាង​ដូច​ម្ដេច? គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​និង​កូន​ខ្ញុំ​បាន​អង្គុយ​និយាយ​គ្នា​អស់​ជា​ច្រើន​ម៉ោង​»។ ជា​រឿយ​ៗ បង​យីលីស​គ្រាន់​តែ​ស្តាប់​បង​ម៉ាធាស ហើយ​សួរ​សំណួរ​ដើម្បី​យល់​អំពី​អារម្មណ៍​និង​ទស្សនៈ​របស់​កូន។ ពេល​ខ្លះ បង​យីលីស​បាន​ពន្យល់​បង​ម៉ាធាស​អំពី​អ្វី​មួយ រួច​មក​ប្រាប់​ថា​គាត់​នឹង​ទុក​ពេល​ឲ្យ​បង​ម៉ាធាស​គិត​អំពី​អ្វី​នោះ​មួយ​ថ្ងៃ​ឬ​ពីរ​ថ្ងៃ មុន​ពេល​ពួក​គាត់​និយាយ​អំពី​អ្វី​នោះ​ម្ដង​ទៀត។ នៅ​ពេល​ផ្សេង​ទៀត បង​យីលីស​និយាយ​ថា​គាត់​ត្រូវ​ការ​ប៉ុន្មាន​ថ្ងៃ​ដើម្បី​គិត​អំពី​អ្វី​ដែល​កូន​ប្រុស​របស់​គាត់​បាន​និយាយ។ តាម​រយៈ​ការ​សន្ទនា​ជា​ទៀង​ទាត់​ទាំង​នេះ បង​ម៉ាធាស​បាន​ចាប់​ផ្ដើម​យល់​អំពី​អត្ថន័យ​នៃ​ថ្លៃ​លោះ ហើយ​យល់​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង​និង​មាន​សិទ្ធិ​គ្រប់​គ្រង​លើ​យើង។ បង​យីលីស​និយាយ​ថា​៖ ​«​គឺ​ត្រូវ​ការ​ពេល​ដើម្បី​ជួយ​កូន ហើយ​គ្រា​នោះ​ច្រើន​តែ​ពិបាក ប៉ុន្ដែ​យូរ​ៗ​ទៅ សេចក្ដី​ស្រឡាញ់​ដែល​គាត់​មាន​ចំពោះ​ព្រះ​យេហូវ៉ា​មាន​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ចិត្ដ​របស់​គាត់។ ខ្ញុំ​និង​ប្រពន្ធ​ខ្ញុំ​សប្បាយ​ចិត្ដ​ណាស់ ដែល​យើង​បាន​ខំ​ជួយ​កូន​យ៉ាង​អត់​ធ្មត់​ក្នុង​អំឡុង​ពេល​ដែល​គាត់​នៅ​វ័យ​ជំទង់ ដោយ​សារ​នេះ​បាន​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ ពោល​គឺ​មាន​ឥទ្ធិពល​លើ​ចិត្ដ​របស់​គាត់​»។

កាល​ដែល​បង​យីលីស​និង​ប្រពន្ធ​របស់​គាត់​អត់​ធ្មត់​ជួយ​កូន​ប្រុស​របស់​ពួក​គាត់ ពួក​គាត់​មាន​ទំនុក​ចិត្ដ​ថា​ព្រះ​យេហូវ៉ា​នឹង​ជួយ​ពួក​គាត់។ បង​យីលីស​និយាយ​ថា​៖ ​«​ខ្ញុំ​ច្រើន​តែ​ប្រាប់​ម៉ាធាស​ថា សេចក្ដី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​ដែល​យើង​មាន​ចំពោះ​គាត់​ក្នុង​នាម​ជា​ឪ​ពុក​ម្ដាយ បាន​ជំរុញ​ចិត្ដ​យើង​ឲ្យ​កាន់​តែ​អធិដ្ឋាន​អស់​ពី​ចិត្ដ អង្វរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​គាត់​ឲ្យ​យល់​»។ ឪ​ពុក​ម្ដាយ​របស់​បង​ម៉ាធាស​ពិត​ជា​សប្បាយ​ចិត្ដ​ដែល​ពួក​គាត់​បាន​អត់​ធ្មត់ ហើយ​ក៏​មិន​បាន​ឈប់​ព្យាយាម​ដែរ!

យើង​ក៏​ត្រូវ​ការ​ចិត្ដ​អត់​ធ្មត់​ពេល​ដែល​យើង​ថែ​ទាំ​សមាជិក​ក្រុម​គ្រួសារ​ឬ​មិត្ដ​ភក្ដិ​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ។ សូម​គិត​អំពី​គំរូ​របស់​បង​ស្រី​អិលអិន * (​សូម​មើល​កំណត់​សម្គាល់​) ដែល​រស់​នៅ​តំបន់​ស្កង់ឌីណាវី។

ប្រហែល​ជា​៨​ឆ្នាំ​មុន ប្ដី​របស់​បង​អិលអិន​បាន​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​អស់​ពីរ​ដង ហើយ​នេះ​បាន​បង្ខូច​ខួរ​ក្បាល​របស់​គាត់។ ហេតុ​នេះ ប្ដី​របស់​គាត់​បាន​ទៅ​ជា​មនុស្ស​ដែល​លែង​មាន​អារម្មណ៍​សប្បាយ កើត​ទុក្ខ ឬ​អាណិត​អាសូរ​ទៀត។ ស្ថានភាព​នេះ​ធ្វើ​ឲ្យ​បង​អិលអិន​ពិបាក​ខ្លាំង​ណាស់។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ត្រូវ​ការ​ចិត្ដ​អត់​ធ្មត់​ច្រើន ហើយ​ក៏​អធិដ្ឋាន​ច្រើន​ដង​ដែរ​»។ គាត់​បន្ថែម​ថា​៖ ​«​បទ​គម្ពីរ​ដែល​សម្រាល​ទុក្ខ​ខ្ញុំ​និង​ដែល​ខ្ញុំ​ចូល​ចិត្ដ​ជាង​គេ​គឺ ភីលីព ៤:១៣​ដែល​ចែង​ថា​៖ ‹ខ្ញុំ​មាន​កម្លាំង​សម្រាប់​អ្វី​ៗ​ទាំង​អស់ ដោយ​សារ​លោក​ដែល​ផ្ដល់​កម្លាំង​ឲ្យ​ខ្ញុំ›​»។ ដោយ​ទទួល​ការ​គាំ​ទ្រ​និង​កម្លាំង​ពី​ព្រះ​យេហូវ៉ា បង​អិលអិន​បន្ដ​ស៊ូ​ទ្រាំ​យ៉ាង​អត់​ធ្មត់​នឹង​បញ្ហា​នោះ។—ទំនុក​តម្កើង ៦២:៥, ៦

ចូរ​មាន​ចិត្ដ​ធ្ងន់​ដូច​ព្រះ​យេហូវ៉ា

គំរូ​ដ៏​ល្អ​ប្រសើរ​បំផុត​អំពី​ការ​បង្ហាញ​ចិត្ដ​អត់​ធ្មត់​គឺ​ព្រះ​យេហូវ៉ា។ (​ពេត្រុស​ទី២ ៣:១៥​) ជា​ច្រើន​ដង​គម្ពីរ​ចែង​អំពី​ចិត្ដ​អត់​ធ្មត់​យ៉ាង​ខ្លាំង​របស់​ព្រះ​យេហូវ៉ា។ (​នេហេមា ៩:៣០; អេសាយ ៣០:១៨​) តើ​អ្នក​នឹក​ចាំ​ឬ​ទេ អំពី​ប្រតិកម្ម​របស់​ព្រះ​យេហូវ៉ា​ពេល​អាប្រាហាំ​បាន​សួរ​លោក​នូវ​សំណួរ​ជា​ច្រើន​អំពី​ការ​សម្រេច​ចិត្ដ​របស់​លោក​ក្នុង​ការ​បំផ្លាញ​ក្រុង​សូដុម? ព្រះ​យេហូវ៉ា​មិន​បាន​និយាយ​កាត់​អាប្រាហាំ​ទេ។ លោក​បាន​ស្តាប់​ដោយ​ចិត្ដ​អត់​ធ្មត់​នូវ​សំណួរ​នីមួយ​ៗ​និង​ការ​ព្រួយ​បារម្ភ​របស់​អាប្រាហាំ។ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា​លោក​បាន​ស្តាប់​ការ​ព្រួយ​បារម្ភ​របស់​អាប្រាហាំ ហើយ​លោក​បាន​ពង្រឹង​ទំនុក​ចិត្ដ​របស់​គាត់​ថា បើ​មនុស្ស​សុចរិត​នៅ​ក្រុង​សូដុម​មាន​ចំនួន​១០​នាក់​ឬ​ច្រើន​ជាង លោក​នឹង​មិន​បំផ្លាញ​ក្រុង​នោះ​ទេ។ (​លោកុប្បត្ដិ ១៨:២២​-​៣៣​) ព្រះ​យេហូវ៉ា​តែង​តែ​ស្តាប់​ដោយ​ចិត្ដ​អត់​ធ្មត់ ហើយ​លោក​មិន​ដែល​ច្រឡោត​ខឹង​ឡើយ!

ចិត្ដ​អត់​ធ្មត់​គឺ​ជា​គុណ​សម្បត្ដិ​ដ៏​សំខាន់​មួយ​នៃ​បុគ្គលិក​លក្ខណៈ​ថ្មី​ដែល​គ្រិស្ដ​សាសនិក​ទាំង​អស់​ត្រូវ​មាន។ បើ​យើង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មាន​ចិត្ដ​អត់​ធ្មត់ យើង​នឹង​លើក​កិត្ដិ​យស​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង​ដែល​មាន​ចិត្ដ​អត់​ធ្មត់ និង​ដែល​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​យើង។ យើង​ក៏​នឹង​នៅ​ក្នុង​ចំណោម​«​ពួក​អ្នក​ដែល​បាន​ទទួល​សេចក្ដី​សន្យា​ជា​មត៌ក​ដោយ​សារ​ជំនឿ​និង​ចិត្ដ​អត់​ធ្មត់​»។—ហេប្រឺ ៦:១០​-​១២

^ វគ្គ 4 យើង​បាន​ពិចារណា​អំពី​សេចក្ដី​ស្រឡាញ់​ក្នុង​អត្ថបទ​ទី១​នៃ​អត្ថបទ​ត​ភាគ​ទាំង​៩​នេះ អំពី​ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។

^ វគ្គ 15 ឈ្មោះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។