លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣២

ចូរ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង

ចូរ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង

​«​ខ្ញុំ​បន្ត​អធិដ្ឋាន​សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​»។ —ភី. ១:៩

ចម្រៀង​លេខ​១០៦ បណ្ដុះ​សេចក្ដី​ស្រឡាញ់

សេចក្ដី​សង្ខេប *

១. តើ​អ្នក​ណា​បាន​ជួយ​បង្កើត​ក្រុម​ជំនុំ​នៅ​ក្រុង​ភីលីព?

ពេល​សាវ័ក​ប៉ូល ស៊ីឡាស លូកា និង​ធីម៉ូថេ​បាន​ទៅ​ដល់​ក្រុង​ភីលីព​ដែល​នៅ​ក្រោម​អាណានិគម​រ៉ូម ពួក​គាត់​បាន​ជួប​មនុស្ស​ជា​ច្រើន​ដែល​ចាប់​អារម្មណ៍​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ។ បង​ប្រុស​ដ៏​ខ្នះ​ខ្នែង​ទាំង​បួន​នាក់​នេះ​បាន​ជួយ​បង្កើត​ក្រុម​ជំនុំ​នៅ​ទី​នោះ ហើយ​អ្នក​កាន់​តាម​ថ្មី​បាន​ចាប់​ផ្ដើម​ប្រជុំ​គ្នា។ ពួក​គេ​ទំនង​ជា​ប្រជុំ​គ្នា​នៅ​ផ្ទះ​របស់​បង​ស្រី​ម្នាក់​ឈ្មោះ​លីឌា​ដែល​ជា​អ្នក​ទទួល​អ្នក​ឯ​ទៀត​ដោយ​រាក់​ទាក់។—សកម្ម. ១៦:៤០

២. មិន​យូរ​ក្រោយ​មក តើ​ក្រុម​ជំនុំ​នៅ​ក្រុង​ភីលីព​បាន​ជួប​ប្រទះ​នឹង​ការ​ពិបាក​អ្វី?

មិន​យូរ​ក្រោយ​មក ក្រុម​ជំនុំ​ថ្មី​នោះ​ជួប​ប្រទះ​នឹង​ការ​ពិបាក​មួយ។ សាថាន​បាន​បណ្ដាល​ឲ្យ​សត្រូវ​នៃ​សេចក្ដី​ពិត​ប្រឆាំង​នឹង​កិច្ច​បម្រើ​ផ្សាយ​របស់​គ្រិស្ត​សាសនិក​ដ៏​ស្មោះ​ត្រង់​ទាំង​នេះ។ ប៉ូល​និង​ស៊ីឡាស​បាន​ត្រូវ​គេ​ចាប់​ខ្លួន វាយ​នឹង​ដំបង និង​ដាក់​គុក។ បន្ទាប់​ពី​ពួក​គាត់​បាន​ត្រូវ​ដោះ​លែង​ពី​គុក ពួក​គាត់​បាន​ទៅ​សួរ​សុខ​ទុក្ខ​ពួក​អ្នក​កាន់​តាម​ថ្មី ហើយ​លើក​ទឹក​ចិត្ត​ពួក​គេ។ ក្រោយ​មក ប៉ូល ស៊ីឡាស និង​ធីម៉ូថេ​បាន​ចាក​ចេញ​ពី​ក្រុង​នោះ តែ​តាម​មើល​ទៅ​លូកា​បាន​បន្ត​ស្នាក់​នៅ​ទី​នោះ។ តើ​អ្វី​បាន​កើត​ឡើង​ចំពោះ​ក្រុម​ជំនុំ​ថ្មី​នោះ? ដោយ​មាន​ជំនួយ​ពី​សកម្មពល​របស់​ព្រះ បង​ប្អូន​ថ្មី​ទាំង​នោះ​បាន​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ខ្នះ​ខ្នែង។ (​ភី. ២:១២​) មាន​មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​ប៉ូល​មាន​មោទនភាព​ចំពោះ​ពួក​គេ!

៣. ដូច​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ភីលីព ១:៩​-​១១ តើ​ប៉ូល​បាន​អធិដ្ឋាន​អំពី​អ្វី?

ប្រហែល​ជា​១០​ឆ្នាំ​ក្រោយ​មក ប៉ូល​បាន​សរសេរ​សំបុត្រ​មួយ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​ភីលីព។ ក្នុង​សំបុត្រ​នោះ យើង​ស្រួល​កត់​សម្គាល់​ថា​ប៉ូល​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​បង​ប្អូន​ទាំង​នោះ។ គាត់​សរសេរ​ថា​៖ ​«​ខ្ញុំ​ចង់​ជួប​អ្នក​រាល់​គ្នា​ខ្លាំង​ណាស់ ដោយ​មាន​មនោសញ្ចេតនា​ជ្រាល​ជ្រៅ​ដូច​គ្រិស្ត​យេស៊ូ​»។ (​ភី. ១:៨​) គាត់​បាន​សរសេរ​ថា គាត់​បន្ត​អធិដ្ឋាន​អំពី​ពួក​គេ។ គាត់​សុំ​ព្រះ​យេហូវ៉ា​ជួយ​ពួក​គេ​ឲ្យ​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង កុំ​ឲ្យ​មាន​កំហុស មិន​ធ្វើ​ឲ្យ​អ្នក​ណា​ជំពប់​ដួល និង​ពោរ​ពេញ​ទៅ​ដោយ​ផល​ដ៏សុចរិត។ អ្នក​ប្រាកដ​ជា​យល់​ស្រប​ថា យើង​ក៏​អាច​ទទួល​ប្រយោជន៍​ពី​ពាក្យ​សម្ដី​របស់​ប៉ូល​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ (​សូម​អាន ភីលីព ១:៩​-​១១) ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​ចំណុច​ដែល​គាត់​បាន​លើក​ឡើង និង​របៀប​ដែល​យើង​អាច​អនុវត្ត​ចំណុច​នីមួយ​ៗ។

ចូរ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង

៤. (​ក​) យោង​ទៅ​តាម​យ៉ូហាន​ទី១ ៤:៩, ១០ តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​គួរ​ស្រឡាញ់​ព្រះ​ខ្លាំង​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​បាន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​ចំពោះ​យើង ដោយ​ចាត់​បុត្រ​របស់​លោក​ឲ្យ​មក​ផែន​ដី​ដើម្បី​ស្លាប់​សម្រាប់​ការ​ខុស​ឆ្គង​របស់​យើង។ (​សូម​អាន យ៉ូហាន​ទី១ ៤:៩, ១០) សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​លោក។ (​រ៉ូម ៥:៨​) តើ​យើង​គួរ​ស្រឡាញ់​ព្រះ​ខ្លាំង​យ៉ាង​ណា? លោក​យេស៊ូ​បាន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នេះ​ពេល​លោក​ប្រាប់​ផារិស៊ី​ម្នាក់​ថា​៖ ​«​អ្នក​ត្រូវ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ឲ្យ​អស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​សមត្ថភាព​រិះ​គិត​»។ (​ម៉ាថ. ២២:៣៦, ៣៧​) យើង​ចង់​ស្រឡាញ់​ព្រះ​អស់​ពី​ចិត្ត ហើយ​យើង​ចង់​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​លោក​កាន់​តែ​ខ្លាំង​ឡើង​ៗ​ជា​រៀង​រាល់​ថ្ងៃ។ ប៉ូល​បាន​ប្រាប់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​ថា ពួក​គេ​គួរ​មាន​សេចក្ដី​ស្រឡាញ់​«​កាន់​តែ​ខ្លាំង​ឡើង​»។ តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ?

៥. តើ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​យ៉ាង​ដូច​ម្ដេច?

ដើម្បី​ស្រឡាញ់​ព្រះ យើង​ត្រូវ​ស្គាល់​លោក។ គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​គ្មាន​សេចក្ដី​ស្រឡាញ់ អ្នក​នោះ​មិន​ស្គាល់​ព្រះ​ទេ ពី​ព្រោះ​ព្រះ​គឺ​ជា​សេចក្ដី​ស្រឡាញ់​»។ (​១យ៉ូន. ៤:៨​) សាវ័ក​ប៉ូល​បញ្ជាក់​ថា យើង​នឹង​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​កាន់​តែ​ខ្លាំង​ឡើង កាល​ដែល​យើង​កាន់​តែ​មាន​«​ចំណេះ​ត្រឹម​ត្រូវ​និង​សមត្ថភាព​វែក​ញែក​ដ៏​ពេញ​លេញ​»​អំពី​លោក។ (​ភី. ១:៩​) ពេល​យើង​បាន​ចាប់​ផ្ដើម​រៀន​គម្ពីរ យើង​បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ទោះ​ជា​យើង​មិន​មាន​ចំណេះ​ច្រើន​អំពី​គុណ​សម្បត្ដិ​ដ៏​អស្ចារ្យ​របស់​លោក​ក្ដី។ ក្រោយ​មក ពេល​យើង​កាន់​តែ​រៀន​អំពី​ព្រះ​យេហូវ៉ា សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​លោក​មាន​កាន់​តែ​ខ្លាំង​ឡើង។ ហេតុ​នេះ យើង​ចាត់​ទុក​ថា​ការ​សិក្សា​គម្ពីរ​ជា​ទៀង​ទាត់​និង​ការ​រំពឹង​គិត​ទៅ​លើ​បណ្ដាំ​របស់​លោក​ជា​អ្វី​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ជីវិត​របស់​យើង!—ភី. ២:១៦

៦. យោង​ទៅ​តាម​យ៉ូហាន​ទី១ ៤:១១, ២០, ២១ តើ​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​តាម​របៀប​ណា?

សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង​របស់​ព្រះ​ចំពោះ​យើង នឹង​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្រឡាញ់​បង​ប្អូន។ (​សូម​អាន យ៉ូហាន​ទី១ ៤:១១, ២០, ២១) យើង​ប្រហែល​ជា​គិត​ថា​ការ​ស្រឡាញ់​បង​ប្អូន​របស់​យើង​គឺ​មិន​ពិបាក​ទេ ពី​ព្រោះ​យើង​ទាំង​អស់​គ្នា​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​ព្យាយាម​មាន​គុណ​សម្បត្ដិ​ដ៏​គួរ​ឲ្យ​សរសើរ​ដូច​លោក។ យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ ដែល​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង​រហូត​ដល់​លោក​បាន​ប្រគល់​ជីវិត​របស់​លោក​ដើម្បី​យើង។ ប៉ុន្តែ ជួន​កាល​យើង​ប្រហែល​ជា​មិន​ស្រួល​ធ្វើ​តាម​បង្គាប់​ដែល​ឲ្យ​យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ សូម​គិត​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្រុម​ជំនុំ​នា​ក្រុង​ភីលីព។

៧. តើ​យើង​រៀន​អ្វី​ពី​យោបល់​របស់​ប៉ូល​ទៅ​កាន់​អឺរ៉ូឌា​និង​ស៊ីនទីច?

បង​ស្រី​ដ៏​ខ្នះ​ខ្នែង​ពីរ​នាក់​ឈ្មោះ​អឺរ៉ូឌា​និង​ស៊ីនទីច​បាន​រួម​ធ្វើ​កិច្ច​ការ​ជា​មួយ​នឹង​សាវ័ក​ប៉ូល។ ប៉ុន្តែ ពួក​គាត់​ប្រហែល​ជា​បាន​អនុញ្ញាត​ឲ្យ​ការ​ខ្វែង​គំនិត​គ្នា​ធ្វើ​ឲ្យ​ពួក​គាត់​លែង​ជា​មិត្ត​ភក្ដិ។ ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​ភីលីព ដែល​ជា​ក្រុម​ជំនុំ​របស់​បង​ស្រី​ទាំង​ពីរ​នាក់​នោះ ប៉ូល​បាន​លើក​ឈ្មោះ​របស់​អឺរ៉ូឌា​និង​ស៊ីនទីច ហើយ​បាន​ដាស់​តឿន​ពួក​គាត់​ឲ្យ​«​មាន​គំនិត​ស្រប​គ្នា​»។ (​ភី. ៤:២, ៣​) ប៉ូល​ក៏​យល់​ថា​គឺ​សំខាន់​ចាំ​បាច់​ដែល​គាត់​ប្រាប់​ក្រុម​ជំនុំ​ទាំង​មូល​ថា​៖ ​«​ចូរ​បន្ត​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដោយ​មិន​ត្អូញត្អែរ​ឬ​ឈ្លោះ​គ្នា​ឡើយ​»។ (​ភី. ២:១៤​) យោបល់​របស់​ប៉ូល​ច្បាស់​ជា​មិន​គ្រាន់​តែ​បាន​ជួយ​បង​ស្រី​ដ៏​ស្មោះ​ត្រង់​ទាំង​ពីរ​នាក់​នេះ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ជួយ​ក្រុម​ជំនុំ​ទាំង​មូល​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

ហេតុ​អ្វី​យើង​ត្រូវ​បន្ត​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បង​ប្អូន​របស់​យើង? (​សូម​មើល​វគ្គ​៨​) *

៨. តើ​អ្វី​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ស្រឡាញ់​បង​ប្អូន​របស់​យើង ហើយ​តើ​យើង​អាច​យក​ឈ្នះ​បញ្ហា​នេះ​យ៉ាង​ដូច​ម្ដេច?

ជួន​កាល​យើង​ពិបាក​ស្រឡាញ់​បង​ប្អូន​របស់​យើង​ដោយ​សារ​ដូច​អឺរ៉ូឌា​និង​ស៊ីនទីច យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​កំហុស​របស់​បង​ប្អូន។ យើង​ទាំង​អស់​គ្នា​ធ្វើ​ខុស​ជា​រៀង​រាល់​ថ្ងៃ។ បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ខុស​ឆ្គង​របស់​អ្នក​ឯ​ទៀត សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ពួក​គេ​នឹង​ថយ​ទៅ។ ជា​ឧទាហរណ៍ បើ​បង​ប្រុស​ម្នាក់​ភ្លេច​ជួយ​យើង​សម្អាត​សាល​ប្រជុំ យើង​ប្រហែល​ជា​ខឹង​គាត់។ បើ​យើង​ចាប់​ផ្ដើម​គិត​អំពី​កំហុស​ទាំង​អស់​របស់​គាត់ យើង​នឹង​កាន់​តែ​ខឹង ហើយ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​គាត់​នឹង​កាន់​តែ​តិច​ទៅ​ៗ។ បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​នឹង​នេះ គឺ​ជា​ការ​ល្អ​ដែល​អ្នក​រំពឹង​គិត​អំពី​ចំណុច​នេះ​ថា ព្រះ​យេហូវ៉ា​ឃើញ​ភាព​មិន​ល្អ​ឥត​ខ្ចោះ​របស់​យើង​ផង​និង​របស់​បុគ្គល​នោះ​ផង​ដែរ។ ប៉ុន្តែ ទោះ​ជា​បុគ្គល​នោះ​មាន​កំហុស​ក្ដី លោក​នៅ​តែ​ស្រឡាញ់​បុគ្គល​នោះ ហើយ​ក៏​នៅ​តែ​ស្រឡាញ់​យើង​ដែរ។ ហេតុ​នេះ យើង​ត្រូវ​មាន​សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​យេហូវ៉ា ហើយ​បន្ត​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​បង​ប្អូន​របស់​យើង។ ពេល​យើង​ខំ​ព្យាយាម​ស្រឡាញ់​បង​ប្អូន​របស់​យើង យើង​កាន់​តែ​មាន​សាមគ្គី​ភាព​ជា​មួយ​នឹង​ពួក​គេ។—ភី. ២:១, ២

​«​ការ​អ្វី​ដែល​សំខាន់​ជាង​»​

៩. តើ​«​អ្វី​ដែល​សំខាន់​ជាង​»​ដែល​ប៉ូល​រៀប​រាប់​នៅ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​រួម​បញ្ចូល​អ្វី​ខ្លះ?

សកម្មពល​បរិសុទ្ធ​បាន​ដឹក​នាំ​ប៉ូល​ឲ្យ​ដាស់​តឿន​បង​ប្អូន​នៅ​ក្រុង​ភីលីព​និង​គ្រិស្ត​សាសនិក​ទាំង​អស់​ឲ្យ​«​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។ (​ភី. ១:១០​) អ្វី​ដែល​សំខាន់​ទាំង​នោះ​រួម​បញ្ចូល ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ ការ​សម្រេច​គោល​បំណង​របស់​លោក ព្រម​ទាំង​សេចក្ដី​សុខ​សាន្ត​និង​សាមគ្គី​ភាព​ក្នុង​ក្រុម​ជំនុំ។ (​ម៉ាថ. ៦:៩, ១០; យ៉ូន. ១៣:៣៥​) ពេល​យើង​ចាត់​ទុក​អ្វី​ទាំង​នោះ​ថា​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា។

១០. តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រាប់​ជា​មនុស្ស​ដែល​គ្មាន​កំហុស?

១០ ប៉ូល​ក៏​បាន​និយាយ​ថា កុំ​ឲ្យ​យើង​«​មាន​កំហុស​»។ នេះ​មិន​មាន​ន័យ​ថា​យើង​ត្រូវ​ធ្វើ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ​ទេ។ យើង​មិន​អាច​ធ្វើ​ជា​បុគ្គល​ដែល​គ្មាន​កំហុស​ដូច​ព្រះ​យេហូវ៉ា​ឡើយ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ចាត់​ទុក​ថា​យើង​ជា​មនុស្ស​ដែល​គ្មាន​កំហុស បើ​យើង​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង ហើយ​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង។ របៀប​មួយ​ដែល​យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​យើង គឺ​ដោយ​ខំ​ព្យាយាម​មិន​ធ្វើ​ឲ្យ​អ្នក​ណា​ជំពប់​ដួល​ឡើយ។

១១. ហេតុ​អ្វី​យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល?

១១ ការ​ណែនាំ​ដែល​ឲ្យ​យើង​ជៀស​វាង​ពី​ការ​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ជំពប់​ដួល​គឺ​ជា​រឿង​ដ៏​ធ្ងន់​ធ្ងរ។ តើ​អ្វី​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ជំពប់​ដួល? ការ​សម្រេច​ចិត្ត​របស់​យើង​អំពី​ការ​កម្សាន្ត របៀប​ស្លៀក​ពាក់ ឬ​ថែម​ទាំង​ការ​ងារ​ដែល​យើង​ជ្រើស​រើស អាច​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល។ ប្រហែល​ជា​អ្វី​ដែល​យើង​ធ្វើ​គឺ​មិន​ខុស​ទេ។ ប៉ុន្តែ គឺ​ជា​រឿង​ធ្ងន់​ធ្ងរ​មួយ បើ​ការ​សម្រេច​ចិត្ត​របស់​យើង​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​ទើស​ចិត្ត ហើយ​ជំពប់​ដួល ដោយ​សារ​សមត្ថភាព​វិនិច្ឆ័យ​របស់​គាត់​គឺ​ខុស​គ្នា​ពី​យើង។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា គឺ​មាន​ប្រយោជន៍​ជាង បើ​យក​ថ្ម​ធ្ងន់​មួយ​ចង​ជាប់​ក ហើយ​យក​ទៅ​ចោល​ក្នុង​សមុទ្រ ជា​ជាង​ធ្វើ​ឲ្យ​ចៀម​ណា​មួយ​របស់​លោក​ជំពប់​ដួល។—ម៉ាថ. ១៨:៦

១២. តើ​យើង​រៀន​អ្វី​ពី​គំរូ​របស់​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​ជា​អ្នក​ត្រួស​ត្រាយ?

១២ សូម​កត់​សម្គាល់​អំពី​របៀប​ដែល​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ធ្វើ​តាម​ការ​ព្រមាន​របស់​លោក​យេស៊ូ។ ពួក​គេ​បាន​បម្រើ​នៅ​ក្រុម​ជំនុំ​មួយ ដែល​មាន​ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ពេល​ថ្មី​ៗ​នោះ ហើយ​ដែល​បាន​ធំ​ឡើង​ក្នុង​ក្រុម​គ្រួសារ​ដែល​មាន​វិន័យ​តឹង​តែង។ បង​ប្អូន​ថ្មី​នោះ​បាន​គិត​ថា​គ្រិស្ត​សាសនិក​មិន​គួរ​ទៅ​មើល​កុន​ទេ សូម្បី​តែ​ដើម្បី​មើល​ភាពយន្ត​ដែល​សមរម្យ​ក្ដី។ ពួក​គេ​ទើស​ចិត្ត​ពេល​ឮ​ថា​ប្ដី​ប្រពន្ធ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នោះ​បាន​ទៅ​មើល​កុន។ ក្រោយ​មក ប្ដី​ប្រពន្ធ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នោះ​មិន​បាន​ទៅ​មើល​កុន​ទៀត​ទេ រហូត​ដល់​អ្នក​កាន់​តាម​ថ្មី​នោះ​បាន​បង្ហាត់​បង្រៀន​សមត្ថភាព​វិនិច្ឆ័យ​ខ្លួន​ឲ្យ​មាន​តុល្យភាព។ (​ហេ. ៥:១៤​) តាម​របៀប​នេះ ប្ដី​ប្រពន្ធ​ដែល​ជា​អ្នក​ត្រួស​ត្រាយ​នោះ​បាន​បង្ហាញ​ថា​ពួក​គេ​ស្រឡាញ់​បង​ប្អូន​ថ្មី​នោះ មិន​គ្រាន់​តែ​ដោយ​ពាក្យ​សម្ដី​ប៉ុណ្ណោះ​ទេ តែ​ដោយ​ការ​ប្រព្រឹត្ត​ផង​ដែរ។—រ៉ូម ១៤:១៩​-​២១; ១យ៉ូន. ៣:១៨

១៣. តើ​តាម​របៀប​ណា​យើង​ប្រហែល​ជា​នាំ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?

១៣ របៀប​មួយ​ទៀត​ដែល​យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​បង​ប្អូន​ណា​ម្នាក់ជំពប់​ដួល​គឺ​ដោយ​នាំ​ឲ្យ​គាត់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។ តើ​នេះ​អាច​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? សូម​គិត​អំពី​ឧទាហរណ៍​មួយ។ សិស្ស​គម្ពីរ​ម្នាក់​បាន​យក​ឈ្នះ​ការ​ញៀន​ស្រា ក្រោយ​ពី​គាត់​ខំ​ព្យាយាម​អស់​រយៈ​ពេល​យូរ។ តែ​គាត់​ស្គាល់​ខ្លួន​ឯង​ថា​គាត់​ត្រូវ​ឈប់​ពិសា​ស្រា​ទាំង​ស្រុង។ គាត់​បាន​ធ្វើ​ការ​កែ​ប្រែ​ជា​ច្រើន​ក្នុង​ជីវិត​គាត់ ហើយ​ទទួល​ការ​ជ្រមុជ​ទឹក។ ក្រោយ​មក គ្រិស្ត​សាសនិក​ម្នាក់​អញ្ជើញ​បង​ប្រុស​ថ្មី​នោះ​ឲ្យ​មក​ផ្ទះ​គាត់ ហើយ​លើក​ទឹក​ចិត្ត​បង​ប្រុស​នោះ​ឲ្យ​ពិសា​ស្រា ដោយ​និយាយ​ថា​៖ ​«​ឥឡូវ​នេះ បង​ជា​គ្រិស្ត​សាសនិក​ហើយ ដូច្នេះ​មាន​សកម្មពល​របស់​ព្រះ​ជួយ​បង ហើយ​ការ​ចេះ​ទប់​ចិត្ត​គឺ​ជា​គុណ​សម្បត្ដិ​មួយ​នៃ​ផល​ដែល​បង្កើត​ដោយ​សកម្មពល​បរិសុទ្ធ។ បើ​បង​ចេះ​ទប់​ចិត្ត បង​អាច​ពិសា​ស្រា​បន្ដិច​បន្តួច​បាន​»។ គឺ​គួរ​ឲ្យ​ស្ដាយ​ណាស់ បើ​បង​ប្រុស​ថ្មី​នោះ​ស្ដាប់​យោបល់​មិន​ត្រឹម​ត្រូវ​នោះ ហើយ​ចាប់​ផ្ដើម​ញៀន​ស្រា​ម្ដង​ទៀត។

១៤. តើ​កិច្ច​ប្រជុំ​របស់​យើង​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​នៅ​ភីលីព ១:១០​តាម​របៀប​ណា?

១៤ កិច្ច​ប្រជុំ​របស់​យើង​ជា​គ្រិស្ត​សាសនិក​ពិត ជួយ​យើង​ឲ្យ​ធ្វើ​តាម​ការ​ណែនាំ​នៅ​ភីលីព ១:១០​តាម​របៀប​ផ្សេង​ៗ។ ទី១ អ្វី​ដែល​យើង​ពិចារណា​នៅ​កិច្ច​ប្រជុំ​បង្ហាញ​យើង​អំពី​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​សំខាន់​បំផុត។ ទី២ យើង​រៀន​អំពី​របៀប​អនុវត្ត​អ្វី​ដែល​យើង​បាន​រៀន ដើម្បី​កុំ​ឲ្យ​យើង​មាន​កំហុស។ ទី៣ យើង​ត្រូវ​«​បំផុស​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​និង​ការ​ប្រព្រឹត្ត​ដែល​ល្អ​ប្រសើរ​»។ (​ហេ. ១០:២៤, ២៥​) កាល​ដែល​យើង​កាន់​តែ​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​របស់​យើង យើង​កាន់​តែ​មាន​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​និង​ចំពោះ​បង​ប្អូន។ ពេល​យើង​ស្រឡាញ់​ព្រះ​និង​បង​ប្អូន​អស់​ពី​ចិត្ត យើង​នឹង​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មិន​ធ្វើ​ឲ្យ​បង​ប្អូន​ជំពប់​ដួល​ឡើយ។

ចូរ​បន្ត​«​ពោរ​ពេញ​ទៅ​ដោយ​ផល​ដ៏​សុចរិត​»​

១៥. តើ​ការ​«​ពោរ​ពេញ​ទៅ​ដោយ​ផល​ដ៏​សុចរិត​»​មាន​ន័យ​យ៉ាង​ណា?

១៥ ប៉ូល​បាន​អធិដ្ឋាន​អស់​ពី​ចិត្ត​អំពី​បង​ប្អូន​នៅ​ក្រុង​ភីលីព​ឲ្យ​ពួក​គេ​«​ពោរ​ពេញ​ទៅ​ដោយ​ផល​ដ៏​សុចរិត​»។ (​ភី. ១:១១​) ​«​ផល​ដ៏​សុចរិត​»​នេះ ច្បាស់​ជា​រួម​បញ្ចូល​សេចក្ដី​ស្រឡាញ់​របស់​ពួក​គេ​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​រាស្ត្រ​របស់​លោក។ នេះ​ក៏​រួម​បញ្ចូល​ការ​ដែល​ពួក​គេ​និយាយ​ទៅ​កាន់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​ពួក​គេ​លើ​លោក​យេស៊ូ និង​សេចក្ដី​សង្ឃឹម​ដ៏​អស្ចារ្យ​ដែល​ពួក​គេ​មាន។ ប៉ូល​ប្រើ​ឧទាហរណ៍​មួយ​ទៀត​នៅ​ភីលីព ២:១៥ ពោល​គឺ​ពួក​គេ​«​ជា​ពន្លឺ​ដែល​កំពុង​ភ្លឺ​»​ នៅ​«​ក្នុង​ពិភព​លោក​នេះ​»។ នេះ​គឺ​សម​ត្រឹម​ត្រូវ ពី​ព្រោះ​លោក​យេស៊ូ​បាន​ហៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​«​ពន្លឺ​បំភ្លឺ​ពិភព​លោក​»។ (​ម៉ាថ. ៥:១៤​-​១៦​) លោក​ក៏​បាន​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ទៅ​បង្រៀន​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ខ្ញុំ​»​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​នឹង​«​ធ្វើ​ជា​សាក្សី​បញ្ជាក់ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី​»។ (​ម៉ាថ. ២៨:១៨​-​២០; សកម្ម. ១:៨​) យើង​បង្កើត​«​ផល​ដ៏​សុចរិត​»​ ពេល​យើង​ខំ​ព្យាយាម​ក្នុង​កិច្ច​ការ​ដ៏​សំខាន់​នេះ។

កាល​ដែល​ប៉ូល​បាន​ត្រូវ​ឃុំ​ក្នុង​ផ្ទះ​នៅ​ក្រុង​រ៉ូម គាត់​សរសេរ​សំបុត្រ​ទៅ​កាន់​ក្រុម​ជំនុំ​នៅ​ក្រុង​ភីលីព។ ក្នុង​អំឡុង​ពេល​នោះ ប៉ូល​ក៏​បាន​ប្រើ​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​អ្នក​យាម​និង​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​គាត់ (​សូម​មើល​វគ្គ​១៦​)

១៦. តើ​ភីលីព ១:១២​-​១៤​បង្ហាញ​យ៉ាង​ណា​ថា​យើង​អាច​បញ្ចេញ​ពន្លឺ ទោះ​ជា​យើង​មាន​កាលៈទេសៈ​ពិបាក​ក៏​ដោយ? (​សូម​មើល​រូប​ភាព​នៅ​ក្រប​)

១៦ ទោះ​ជា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង​អាច​បញ្ចេញ​ពន្លឺ។ ជួន​កាល អ្វី​ដែល​មើល​ទៅ​រា​រាំង​យើង​ពី​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ អាច​ជា​ឱកាស​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​វិញ។ ជា​ឧទាហរណ៍ សាវ័ក​ប៉ូល​បាន​ត្រូវ​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ​មួយ​នា​ក្រុង​រ៉ូម ពេល​ដែល​គាត់​បាន​សរសេរ​សំបុត្រ​របស់​គាត់​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​ភីលីព។ ប៉ុន្តែ ការ​ជាប់​ច្រវាក់​មិន​បាន​រា​រាំង​គាត់​ពី​ការ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​យាម​និង​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​គាត់​ទេ។ ទោះ​ជា​គាត់​ស្ថិត​ក្នុង​ស្ថានភាព​នេះ​ក៏​ដោយ ប៉ូល​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ខ្នះ​ខ្នែង ហើយ​នេះ​បាន​ជួយ​បង​ប្អូន​របស់​គាត់​មាន​ទំនុក​ចិត្ត​និង​ចិត្ត​ក្លាហាន​«​ដើម្បី​ប្រកាស​បណ្ដាំ​របស់​ព្រះ​ដោយ​ចិត្ត​អង់អាច​»។—សូម​អាន ភីលីព ១:១២​-​១៤; ៤:២២

ចូរ​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​បម្រើ​ផ្សាយ (​សូម​មើល​វគ្គ​១៧​) *

១៧. សូម​លើក​ឧទាហរណ៍​ពី​សព្វ​ថ្ងៃ​នេះ​អំពី​ការ​បង្កើត​ផល ទោះ​ជា​មាន​កាលៈទេសៈ​ពិបាក​ក៏​ដោយ។

១៧ បង​ប្អូន​ជា​ច្រើន​របស់​យើង​មាន​ឱកាស​ធ្វើ​តាម​គំរូ​របស់​ប៉ូល​ក្នុង​ការ​បង្ហាញ​ចិត្ត​ក្លាហាន។ ពួក​គេ​រស់​នៅ​ប្រទេស​ដែល​ដាក់​កម្រិត​លើ​កិច្ច​ការ​របស់​យើង ដូច្នេះ​ពួក​គេ​រក​វិធី​ផ្សេង​ទៀត​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​ម៉ាថ. ១០:១៦​-​២០​) នៅ​ប្រទេស​មួយ អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល​បាន​លើក​ទឹក​ចិត្ត​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​ៗ​ឲ្យ​ផ្សព្វ​ផ្សាយ​ដល់​សាច់​ញាតិ អ្នក​ជិត​ខាង សិស្ស​រួម​ថ្នាក់ អ្នក​រួម​ការ​ងារ និង​បុគ្គល​ឯ​ទៀត​ដែល​ពួក​គេ​ស្គាល់។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​បន្ទាប់​ពី​នោះ ចំនួន​ក្រុម​ជំនុំ​ក្នុង​មណ្ឌល​នោះ​បាន​កើន​ឡើង​ជា​ច្រើន។ យើង​ប្រហែល​ជា​មិន​រស់​នៅ​ប្រទេស​ដែល​ដាក់​កម្រិត​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​ទេ តែ​យើង​អាច​ទាញ​យក​មេ​រៀន​ដ៏​សំខាន់​ពី​បង​ប្អូន​ទាំង​នោះ​ថា ចូរ​ស្វែង​រក​វិធី​ផ្សេង​ៗ​ដើម្បី​រួម​ចំណែក​យ៉ាង​ពេញ​លេញ​ក្នុង​កិច្ច​បម្រើ​ផ្សាយ ដោយ​មាន​ការ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​កម្លាំង​ដែល​អ្នក​ត្រូវ​ការ​ដើម្បី​យក​ឈ្នះ​ឧបសគ្គ​ណា​ក៏​ដោយ​ដែល​អ្នក​ជួប​ប្រទះ។—ភី. ២:១៣

១៨. តើ​យើង​គួរ​តាំង​ចិត្ត​ធ្វើ​អ្វី?

១៨ នៅ​គ្រា​ដ៏​សំខាន់​នេះ សូម​យើង​តាំង​ចិត្ត​ធ្វើ​តាម​យោបល់​ក្នុង​សំបុត្រ​របស់​ប៉ូល​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព។ សូម​យើង​ពិចារណា​ឲ្យ​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង កុំ​ឲ្យ​យើង​មាន​កំហុស មិន​ធ្វើ​ឲ្យ​អ្នក​ណា​ជំពប់​ដួល និង​បង្កើត​ផល​ដ៏​សុចរិត។ យ៉ាង​នេះ យើង​នឹង​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង ហើយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​ទទួល​កិត្ដិយស។

ចម្រៀង​លេខ​១៧ ចូរ​បង្ហាញ​ចិត្ត​មេត្ដា​ដូច​គ្រិស្ត

^ វគ្គ 5 ឥឡូវ​ជាង​ពេល​មុន​ៗ​ទៅ​ទៀត យើង​ត្រូវ​ពង្រឹង​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​បង​ប្អូន។ សំបុត្រ​ដែល​បាន​ត្រូវ​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព ជួយ​យើង​ឲ្យ​យល់​អំពី​របៀប​ដែល​យើង​អាច​មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ខ្លាំង​ឡើង ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​បញ្ហា​ក្ដី។

^ វគ្គ 54 ការ​ពណ៌នា​អំពី​រូប​ភាព: ពេល​សម្អាត​សាល​ប្រជុំ បង​ប្រុស​ចូ ផ្អាក​ដើម្បី​និយាយ​ជា​មួយ​បង​ប្រុស​ម្នាក់​និង​កូន​ប្រុស​របស់​គាត់។ នេះ​ធ្វើ​ឲ្យ​បង​ម៉ៃក៍​ដែល​កំពុង​បូម​ធូលី​ខឹង​នឹង​គាត់។ បង​ម៉ៃក៍​គិត​ថា​បង​ចូ​គួរ​តែ​ជួយ​សម្អាត​មិន​មែន​និយាយ​គ្នា​លេង​ទេ។ ក្រោយ​មក បង​ម៉ៃក៍​បាន​សង្កេត​ឃើញ​បង​ចូ​ជួយ​បង​ស្រី​វ័យ​ចាស់​ម្នាក់។ នេះ​នាំ​ឲ្យ​បង​ម៉ៃក៍​យល់​ថា​គាត់​គួរ​ផ្ដោត​អារម្មណ៍​ទៅ​លើ​គុណ​សម្បត្ដិ​របស់​បង​ចូ។

^ វគ្គ 58 ការ​ពណ៌នា​អំពី​រូប​ភាព: ដោយ​សារ​បង​ប្រុស​ម្នាក់​នៅ​ប្រទេស​មួយ​ដែល​ដាក់​កម្រិត​លើ​កិច្ច​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា គាត់​ប្រាប់​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ព្រះ​ដល់​បុគ្គល​ដែល​គាត់​ស្គាល់ តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​កត់​សម្គាល់។ ក្រោយ​មក ពេល​បង​ប្រុស​នោះ​សម្រាក​ពី​ការ​ងារ គាត់​ផ្សព្វ​ផ្សាយ​ដល់​អ្នក​រួម​ការ​ងារ។