លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣៣

​«​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​»​នឹង​ត្រូវ​សង្គ្រោះ

​«​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​»​នឹង​ត្រូវ​សង្គ្រោះ

​«​ចូរ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ខ្លួន​អ្នក និង​សេចក្ដី​បង្រៀន​របស់​អ្នក។ ចូរ​កាន់​ខ្ជាប់​នឹង​ការ​ទាំង​នេះ ព្រោះ​ដោយ​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​»។—១ធី. ៤:១៦

ចម្រៀង​លេខ​៦៧ ចូរ​«​ប្រកាស​បណ្ដាំ​របស់​ព្រះ​»​

សេចក្ដី​សង្ខេប *

១. តើ​យើង​ទាំង​អស់​គ្នា​ចង់​ឲ្យ​សាច់​ញាតិ​របស់​យើង​ទទួល​អ្វី?

បង​ស្រី​ផល​លីន *និយាយ​ថា​៖ ​«​ចាប់​តាំង​ពី​ខ្ញុំ​រៀន​សេចក្ដី​ពិត ខ្ញុំ​ចង់​ឲ្យ​ក្រុម​គ្រួសារ​ខ្ញុំ​ទាំង​អស់​នៅ​ជា​មួយ​ខ្ញុំ​ក្នុង​សួន​ឧទ្យាន។ ជា​ពិសេស ខ្ញុំ​ចង់​ឲ្យ​បង​វ៉េន​ដែល​ជា​ប្ដី​របស់​ខ្ញុំ​និង​កូន​ប្រុស​វ័យ​ក្មេង​របស់​ខ្ញុំ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​ខ្ញុំ​»។ តើ​អ្នក​មាន​សាច់​ញាតិ​ដែល​មិន​ទាន់​ស្គាល់​និង​ស្រឡាញ់​ព្រះ​យេហូវ៉ា​ឬ​ទេ? បើ​ដូច្នេះ អ្នក​ទំនង​ជា​មាន​អារម្មណ៍​ដូច​ដែល​បង​ផល​លីន​មាន​ចំពោះ​ក្រុម​គ្រួសារ​របស់​គាត់។

២. តើ​យើង​នឹង​ពិចារណា​សំណួរ​អ្វី​ខ្លះ​ក្នុង​អត្ថបទ​នេះ?

យើង​មិន​អាច​បង្ខំ​សាច់​ញាតិ​របស់​យើង​ឲ្យ​ទទួល​យក​ដំណឹង​ល្អ​ទេ តែ​យើង​អាច​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​គិត​អំពី​ព័ត៌មាន​ក្នុង​គម្ពីរ ហើយ​ឲ្យ​ព័ត៌មាន​នោះ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​ពួក​គេ។ (​២ធី. ៣:១៤, ១៥​) ហេតុ​អ្វី​យើង​គួរ​ផ្សព្វ​ផ្សាយ​ដល់​សាច់​ញាតិ​របស់​យើង? ហេតុ​អ្វី​យើង​គួរ​ព្យាយាម​យល់​អំពី​អារម្មណ៍​របស់​ពួក​គេ? តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​សាច់​ញាតិ​របស់​យើង​ឲ្យ​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដូច​យើង? តើ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​របស់​យើង​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

ហេតុ​អ្វី​យើង​គួរ​ផ្សព្វ​ផ្សាយ​ដល់​សាច់​ញាតិ​របស់​យើង?

៣. យោង​ទៅ​តាម​ពេត្រុស​ទី២ ៣:៩ ហេតុ​អ្វី​យើង​គួរ​ផ្សព្វ​ផ្សាយ​ដល់​សាច់​ញាតិ​របស់​យើង?

មិន​យូរ​ទៀត ព្រះ​យេហូវ៉ា​នឹង​បំផ្លាញ​របៀប​របប​ពិភព​លោក​នេះ។ មាន​តែ​ពួក​អ្នក​ដែល​«​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​»​ប៉ុណ្ណោះ ដែល​នឹង​ទទួល​សេចក្ដី​សង្គ្រោះ។ (​សកម្ម. ១៣:៤៨​) យើង​ចំណាយ​ពេល​វេលា​និង​កម្លាំង​ជា​ច្រើន​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ដែល​យើង​មិន​ស្គាល់​ក្នុង​សហគមន៍​របស់​យើង ដូច្នេះ​គឺ​សម​ហេតុ​ផល​ដែល​យើង​ក៏​ចង់​ជួយ​សាច់​ញាតិ​របស់​យើង​ឲ្យ​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​យើង​ដែរ។ ព្រះ​យេហូ​វ៉ា​ដែល​ជា​បិតា​ដែល​ស្រឡាញ់​យើង ​«​មិន​ចង់​ឲ្យ​អ្នក​ណា​ត្រូវ​បំផ្លាញ​ចោល​ឡើយ តែ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​មាន​ឱកាស​ប្រែ​ចិត្ត​»។—សូម​អាន ពេត្រុស​ទី២ ៣:៩

៤. តើ​អ្វី​ជា​កំហុស​មួយ​ដែល​អាច​កើត​ឡើង ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​សាច់​ញាតិ?

យើង​ត្រូវ​ចាំ​ថា មាន​របៀប​ត្រឹម​ត្រូវ​និង​មិន​ត្រឹម​ត្រូវ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​សេចក្ដី​សង្គ្រោះ។ តាម​ធម្មតា​យើង​និយាយ​ដោយ​សប្បុរស​ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​យើង​មិន​ស្គាល់ តែ​យើង​ប្រហែល​ជា​និយាយ​ចំ​ៗ​ពេល​យើង​ផ្សព្វ​ផ្សាយ​ដល់​សាច់​ញាតិ​យើង។

៥. តើ​យើង​គួរ​ចាំ​អំពី​អ្វី​មុន​យើង​និយាយ​ជា​មួយ​នឹង​សាច់​ញាតិ​របស់​យើង?

យើង​ជា​ច្រើន​នាក់​ប្រហែល​ជា​ស្ដាយ​ក្រោយ ពេល​យើង​គិត​អំពី​របៀប​ដែល​យើង​បាន​ព្យាយាម​ផ្សព្វ​ផ្សាយ​ជា​លើក​ដំបូង​ដល់​សាច់​ញាតិ​របស់​យើង ហើយ​ស្ដាយ​ដែល​យើង​មិន​បាន​ផ្សព្វ​ផ្សាយ​តាម​របៀប​ដែល​ប្រសើរ​ជាង​នោះ។ សាវ័ក​ប៉ូល​ផ្ដល់​យោបល់​ដល់​គ្រិស្ត​សាសនិក​ថា​៖ ​«​ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស ប្រៀប​ដូច​ជា​បាន​ត្រូវ​បង់​អំបិល។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដឹង​ថា​គួរ​ឆ្លើយ​ដូច​ម្ដេច​ចំពោះ​មនុស្ស​ម្នាក់​ៗ​»។ (​កូឡ. ៤:៥, ៦​) គឺ​ជា​ការ​ល្អ​ដែល​យើង​ចាំ​អំពី​យោបល់​នេះ​ពេល​យើង​និយាយ​ជា​មួយ​នឹង​សាច់​ញាតិ​របស់​យើង។ ពុំ​នោះ​សោត យើង​ប្រហែល​ជា​ធ្វើ​ឲ្យ​ពួក​គេ​ទើស​ចិត្ត​ជា​ជាង​ជួយ​ពួក​គេ​ឲ្យ​ចង់​ស្ដាប់​យើង។

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​សាច់​ញាតិ​របស់​យើង?

ការ​ប្រព្រឹត្ត​របស់​អ្នក និង​ការ​ដែល​អ្នក​យល់​អារម្មណ៍​របស់​អ្នក​ឯ​ទៀត​អាច​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ល្អ​បំផុត (​សូម​មើល​វគ្គ​៦​-​៨​) *

៦​-​៧. សូម​លើក​ឧទាហរណ៍​មួយ​ដែល​បង្ហាញ​អំពី​សារៈសំខាន់​នៃ​ការ​យល់​អារម្មណ៍​របស់​គូ​ដែល​មិន​ជឿ។

ចូរ​ព្យាយាម​យល់​អារម្មណ៍​របស់​សាច់​ញាតិ។ បង​ផល​លីន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​មុន​ដំបូង ខ្ញុំ​ចង់​និយាយ​ជា​មួយ​ប្ដី​ខ្ញុំ​តែ​រឿង​ដែល​ទាក់​ទង​នឹង​ព្រះ​និង​គម្ពីរ​ប៉ុណ្ណោះ។ យើង​មិន​បាន​សន្ទនា​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​ទេ​»។ ប៉ុន្តែ បង​វ៉េន​ដែល​ជា​ប្ដី​របស់​បង​ផល​លីន​មិន​សូវ​ស្គាល់​គម្ពីរ​ទេ ហើយ​ក៏​មិន​យល់​អ្វី​ដែល​បង​ផល​លីន​និយាយ​ដែរ។ ចំពោះ​គាត់ មើល​ទៅ​បង​ផល​លីន​គិត​តែ​អំពី​សាសនា​របស់​នាង​ប៉ុណ្ណោះ។ គាត់​បារម្ភ​ថា នាង​ចូល​និកាយ​សាសនា​ដែល​បង្ក​គ្រោះ​ថ្នាក់ ហើយ​ក៏​ត្រូវ​គេ​បោក​បញ្ឆោត។

បង​ផល​លីន​សារភាព​ថា អស់​មួយ​រយៈ​ពេល​គាត់​ចំណាយ​ពេល​ជា​ច្រើន​នៅ​ពេល​ល្ងាច​និង​ថ្ងៃ​សៅរ៍​អាទិត្យ​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ ផ្សព្វ​ផ្សាយ និង​ក្នុង​ការ​ជួប​ជុំ​គ្នា​លេង​សប្បាយ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ។ បង​ផល​លីន​និយាយ​ថា​៖ ​«​ជួន​កាល​ពេល​បង​វ៉េន​មក​ផ្ទះ​វិញ គ្មាន​អ្នក​ណា​នៅ​ផ្ទះ​ទេ ហើយ​គាត់​មាន​អារម្មណ៍​ឯកោ​»។ បង​វ៉េន​ចង់​ឲ្យ​ប្រពន្ធ​និង​កូន​នៅ​ជា​មួយ​នឹង​គាត់។ គាត់​មិន​ស្គាល់​បង​ប្អូន​ទេ ហើយ​គាត់​គិត​ថា​បង​ផល​លីន​ចាត់​ទុក​មិត្ត​ភក្ដិ​ថ្មី ថា​សំខាន់​ជាង​គាត់។ ដូច្នេះ បង​វ៉េន​បាន​គំរាម​បង​ផល​លីន​ថា​នឹង​លែង​លះ​គាត់។ តើ​អ្នក​អាច​គិត​អំពី​របៀប​ណា​ខ្លះ​ដែល​បង​ផល​លីន​គួរ​បង្ហាញ​ថា​នាង​យល់​អារម្មណ៍​របស់​ប្ដី?

៨. យោង​ទៅ​តាម​ពេត្រុស​ទី១ ៣:១, ២ តើ​អ្វី​ទំនង​ជា​នឹង​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ទៅ​លើ​សាច់​ញាតិ​របស់​យើង?

ចូរ​ទុក​គំរូ​ល្អ។ អ្វី​ដែល​យើង​ធ្វើ​ច្រើន​តែ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​អ្វី​ដែល​យើង​និយាយ​ទៅ​កាន់​សាច់​ញាតិ។ (​សូម​អាន ពេត្រុស​ទី១ ៣:១, ២) បង​ផល​លីន​ទទួល​ស្គាល់​ចំណុច​នេះ​នៅ​ពេល​ក្រោយ​មក។ នាង​និយាយ​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​បង​វ៉េន​ស្រឡាញ់​យើង ហើយ​តាម​ពិត​គាត់​មិន​ចង់​លែង​លះ​ទេ។ ប៉ុន្តែ ការ​គំរាម​របស់​គាត់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​ខ្ញុំ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​តាម​យោបល់​ពី​ព្រះ​យេហូវ៉ា​អំពី​អាពាហ៍​ពិពាហ៍។ ជា​ជាង​និយាយ​ច្រើន ខ្ញុំ​ត្រូវ​ទុក​គំរូ​ល្អ​តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​ខ្ញុំ​»។ បង​ផល​លីន​ឈប់​ព្យាយាម​បង្ខំ​បង​វ៉េន​ឲ្យ​និយាយ​អំពី​គម្ពីរ​ជា​មួយ​នឹង​នាង​ទៀត ហើយ​ចាប់​ផ្ដើម​និយាយ​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​វិញ។ បង​វ៉េន​ឃើញ​ថា នាង​បាន​ខំ​ព្យាយាម​ធ្វើ​ឲ្យ​មាន​សន្ដិ​ភាព ហើយ​ឃើញ​ថា​កូន​ប្រុស​របស់​គាត់​ប្រព្រឹត្ត​យ៉ាង​ល្អ​ប្រសើរ​ជាង​មុន។ (​សុភ. ៣១:១៨, ២៧, ២៨​) ពេល​បង​វ៉េន​កត់​សម្គាល់​ថា ការ​ណែនាំ​ក្នុង​គម្ពីរ​មាន​ឥទ្ធិពល​ល្អ​លើ​ក្រុម​គ្រួសារ​របស់​គាត់ គាត់​ចាប់​ផ្ដើម​គិត​អំពី​ព័ត៌មាន​ក្នុង​បណ្ដាំ​របស់​ព្រះ ហើយ​ឲ្យ​ព័ត៌មាន​នោះ​មាន​ឥទ្ធិពល​លើ​ចិត្ត​របស់​គាត់។—១កូ. ៧:១២​-​១៤, ១៦

៩. ហេតុ​អ្វី​យើង​ត្រូវ​បន្ត​ព្យាយាម​ជួយ​សាច់​ញាតិ​របស់​យើង?

ចូរ​បន្ត​ព្យាយាម​ជួយ​សាច់​ញាតិ។ ព្រះ​យេហូវ៉ា​ទុក​គំរូ​សម្រាប់​យើង។ លោក​ផ្ដល់​ឱកាស​ម្ដង​ហើយ​ម្ដង​ទៀត ឲ្យ​មនុស្ស​ស្ដាប់​ដំណឹង​ល្អ ហើយ​ទទួល​ជីវិត គឺ​ប្រៀប​ដូច​ជា​លោក​«​ក្រោក​ពី​ព្រលឹម​ស្រាង​»​រាល់​ថ្ងៃ​ដើម្បី​ជួយ​ពួក​គេ។ (​យេ. ៤៤:៤​) ម្យ៉ាង​ទៀត សាវ័ក​ប៉ូល​បាន​ប្រាប់​ធីម៉ូថេ​ឲ្យ​បន្ត​ព្យាយាម​ក្នុង​ការ​ជួយ​អ្នក​ឯ​ទៀត។ ហេតុ​អ្វី? ពី​ព្រោះ​ដោយ​ធ្វើ​ដូច្នេះ គាត់​នឹង​សង្គ្រោះ​ទាំង​ខ្លួន​គាត់ ទាំង​ពួក​អ្នក​ដែល​ស្ដាប់​គាត់។ (​១ធី. ៤:១៦​) យើង​ស្រឡាញ់​សាច់​ញាតិ​របស់​យើង ដូច្នេះ​យើង​ចង់​ឲ្យ​ពួក​គេ​ស្គាល់​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ។ នៅ​ទី​បំផុត ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​បង​ផល​លីន​មាន​ឥទ្ធិពល​ល្អ​លើ​ក្រុម​គ្រួសារ​របស់​គាត់។ ឥឡូវ​គាត់​មាន​អំណរ​ដោយ​សារ​គាត់​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​ប្ដី​របស់​គាត់។ ពួក​គាត់​ទាំង​ពីរ​នាក់​ជា​អ្នក​ត្រួស​ត្រាយ ហើយ​បង​វ៉េន​បម្រើ​ជា​អ្នក​ចាស់​ទុំ។

១០. ហេតុ​អ្វី​យើង​ត្រូវ​មាន​ចិត្ត​អត់​ធ្មត់?

១០ ចូរ​មាន​ចិត្ត​អត់​ធ្មត់។ ពេល​យើង​កែ​ប្រែ​ជីវិត​ដើម្បី​មាន​របៀប​រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​របស់​ព្រះ សាច់​ញាតិ​របស់​យើង​ប្រហែល​ជា​ពិបាក​ទទួល​យក​ជំនឿ​និង​របៀប​រស់​នៅ​ថ្មី​របស់​យើង។ ច្រើន​ដង អ្វី​ដែល​ពួក​គេ​កត់​សម្គាល់​ដំបូង​បង្អស់ គឺ​ថា​យើង​លែង​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សាសនា និង​រឿង​នយោបាយ។ នៅ​ដើម​ដំបូង​សាច់​ញាតិ​ខ្លះ​ប្រហែល​ជា​ខឹង​យើង។ (​ម៉ាថ. ១០:៣៥, ៣៦​) ប៉ុន្តែ យើង​មិន​គួរ​ឈប់​ព្យាយាម​ជួយ​ពួក​គេ​ឡើយ។ បើ​យើង​ឈប់​ព្យាយាម​ជួយ​ពួក​គេ​ឲ្យ​យល់​អំពី​ជំនឿ​របស់​យើង គឺ​ហាក់​ដូច​ជា​យើង​បាន​វិនិច្ឆ័យ​ពួក​គេ​ថា​មិន​សម​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ព្រះ​យេហូវ៉ា​មិន​បាន​អនុញ្ញាត​ឲ្យ​យើង​វិនិច្ឆ័យ​អ្នក​ណា​ទេ នេះ​ជា​ភារកិច្ច​របស់​លោក​យេស៊ូ។ (​យ៉ូន. ៥:២២​) បើ​យើង​មាន​ចិត្ត​អត់​ធ្មត់ នៅ​ថ្ងៃ​ណា​មួយ​សាច់​ញាតិ​របស់​យើង​ប្រហែល​ជា​នឹង​សុខ​ចិត្ត​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា ​«​ ចូរ​ប្រើ​គេហទំព័រ​របស់​យើង​»​)។

១១​-​១៣. តើ​អ្នក​រៀន​អ្វី​ពី​របៀប​ដែល​បង​អាល្លីស​បាន​ប្រព្រឹត្ត​ចំពោះ​ឪ​ពុក​ម្ដាយ​គាត់?

១១ ចូរ​រក្សា​ជំហរ​រឹង​មាំ តែ​និយាយ​អ្វី​ដែល​មិន​ធ្វើ​ឲ្យ​ទើស​ចិត្ត។ (​សុភ. ១៥:២​) សូម​គិត​អំពី​គំរូ​របស់​បង​ស្រី​អាល្លីស។ គាត់​បាន​រៀន​អំពី​ព្រះ​យេហូវ៉ា​ពេល​គាត់​រស់​នៅ​ឆ្ងាយ​ពី​ឪ​ពុក​ម្ដាយ​របស់​គាត់ ដែល​ជា​បុគ្គល​ដែល​ប្រឡូក​ក្នុង​រឿង​នយោបាយ និង​មិន​ជឿ​ថា​មាន​ព្រះ។ គាត់​ទទួល​ស្គាល់​ថា គាត់​មិន​ត្រូវ​បង្អែ​បង្អង់​ក្នុង​ការ​ប្រាប់​ឪ​ពុក​ម្ដាយ​អំពី​អ្វី​ល្អ​ៗ​ដែល​គាត់​រៀន​ទេ។ បង​អាល្លីស​និយាយ​ថា​៖ ​«​បើ​យើង​ប្រាប់​ក្រុម​គ្រួសារ​របស់​យើង​យូរ​ពេក​ថា​យើង​ផ្លាស់​ប្ដូរ​ជំនឿ​និង​ការ​ប្រព្រឹត្ត​របស់​យើង ពួក​គាត់​នឹង​ភ្ញាក់​ផ្អើល​ខ្លាំង​ជាង​»។ គាត់​បាន​សរសេរ​សំបុត្រ​ទៅ​ឪ​ពុក​ម្ដាយ​របស់​គាត់ ហើយ​សួរ​មតិ​របស់​ពួក​គេ​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ​ដែល​គាត់​គិត​ថា​ពួក​គេ​ចាប់​អារម្មណ៍ ដូច​ជា​សេចក្ដី​ស្រឡាញ់​ជា​ដើម។ (​១កូ. ១៣:១​-​១៣​) ម្យ៉ាង​ទៀត គាត់​បាន​អរគុណ​ឪ​ពុក​ម្ដាយ​ចំពោះ​ការ​ចិញ្ចឹម​អប់រំ​និង​ការ​ថែ​រក្សា​គាត់ ហើយ​ក៏​បាន​ផ្ញើ​អំណោយ​ខ្លះ​ៗ​ឲ្យ​ពួក​គេ​ដែរ។ ពេល​គាត់​ទៅ​លេង​ឪ​ពុក​ម្ដាយ គាត់​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ម្ដាយ​របស់​គាត់​ធ្វើ​កិច្ច​ការ​ផ្ទះ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មុន​ដំបូង​ឪ​ពុក​ម្ដាយ​មិន​ពេញ​ចិត្ត​ពេល​បង​អាល្លីស​ប្រាប់​ពួក​គេ​អំពី​ជំនឿ​ថ្មី​របស់​គាត់​ទេ។

១២ បង​អាល្លីស​បន្ត​អាន​គម្ពីរ​ជា​រៀង​រាល់​ថ្ងៃ ពេល​គាត់​ទៅ​លេង​ឪ​ពុក​ម្ដាយ។ គាត់​និយាយ​ថា​៖ ​«​នេះ​បាន​ជួយ​ម្ដាយ​ខ្ញុំ​ឲ្យ​យល់​ថា​គម្ពីរ​មាន​តម្លៃ​ចំពោះ​ខ្ញុំ​»។ ឪ​ពុក​របស់​បង​អាល្លីស​សម្រេច​ចិត្ត​ស្វែង​យល់​អំពី​គម្ពីរ​ដើម្បី​យល់​មូលហេតុ​ដែល​កូន​ស្រី​របស់​គាត់​ចាប់​ផ្ដើម​មាន​របៀប​គិត​គូរ​ថ្មី ហើយ​គាត់​ក៏​ចង់​រក​កំហុស​ក្នុង​គម្ពីរ​ដែរ។ បង​អាល្លីស​និយាយ​ថា​៖ ​«​ខ្ញុំ​ឲ្យ​គម្ពីរ​មួយ​ក្បាល​ដល់​គាត់ ហើយ​បាន​សរសេរ​កំណត់​មួយ​ក្នុង​គម្ពីរ​ឲ្យ​គាត់​»។ តើ​នោះ​មាន​លទ្ធផល​អ្វី? ជា​ជាង​រក​កំហុស អ្វី​ដែល​ឪ​ពុក​របស់​បង​អាល្លីស​អាន​ក្នុង​បណ្ដាំ​របស់​ព្រះ​មាន​ឥទ្ធិពល​លើ​ចិត្ត​គាត់។

១៣ ទោះ​ជា​យើង​រង​ទុក្ខ​លំបាក​ក្ដី យើង​ត្រូវ​រក្សា​ជំហរ​រឹង​មាំ តែ​និយាយ​អ្វី​ដែល​មិន​ធ្វើ​ឲ្យ​ទើស​ចិត្ត។ (​១កូ. ៤:១២​ខ​) ជា​ឧទាហរណ៍ បង​អាល្លីស​ត្រូវ​ស៊ូ​ទ្រាំ​នឹង​ការ​ប្រឆាំង​ពី​ម្ដាយ​គាត់។ បង​អាល្លីស​និយាយ​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​ទទួល​ការ​ជ្រមុជ​ទឹក ម៉ាក់​ខ្ញុំ​ហៅ​ខ្ញុំ​ថា‹កូន​ស្រី​មិន​ល្អ›​»។ តើ​បង​អាល្លីស​មាន​ប្រតិកម្ម​យ៉ាង​ណា? គាត់​រៀប​រាប់​ថា​៖ ​«​ជា​ជាង​នៅ​ស្ងៀម​មិន​និយាយ​អំពី​សាសនា​ថ្មី​របស់​ខ្ញុំ ដោយ​ការ​គោរព​ខ្ញុំ​បាន​ពន្យល់​ថា​ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ជា​សាក្សីព្រះ​យេហូវ៉ា​រួច​ហើយ ហើយ​ខ្ញុំ​នឹង​មិន​ផ្លាស់​ប្ដូរ​ការ​សម្រេច​ចិត្ត​នោះ​ទេ។ ខ្ញុំ​ព្យាយាម​ពង្រឹង​ទំនុក​ចិត្ត​ម្ដាយ​ខ្ញុំ​ថា ខ្ញុំ​ពិត​ជា​ស្រឡាញ់​គាត់។ យើង​ទាំង​ពីរ​នាក់​បាន​យំ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​ធ្វើ​ម្ហូប​ឈ្ងុយ​ឆ្ងាញ់​ឲ្យ​គាត់​ពិសា។ ចាប់​ពី​ពេល​នោះ​មក ម៉ាក់​ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ស្គាល់​ថា​ដោយ​សារ​គម្ពីរ ខ្ញុំ​មាន​គុណ​សម្បត្ដិ​ល្អ​ប្រសើរ​ជាង​»។

១៤. ហេតុ​អ្វី​យើង​មិន​ត្រូវ​ចុះ​ចាញ់​ការ​បង្ខិត​បង្ខំ?

១៤ ប្រហែល​ជា​ត្រូវ​ការ​ពេល​មួយ​រយៈ មុន​ដែល​សាច់​ញាតិ​របស់​យើង​យល់​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​គឺ​សំខាន់​យ៉ាង​ណា​ចំពោះ​យើង។ ជា​ឧទាហរណ៍ ពេល​បង​អាល្លីស​សម្រេច​ចិត្ត​ត្រួស​ត្រាយ​ជា​ជាង​ទទួល​យក​អាជីព​ដែល​ឪ​ពុក​ម្ដាយ​ចង់​ឲ្យ​គាត់​មាន ម្ដាយ​របស់​គាត់​ក៏​យំ​ម្ដង​ទៀត។ ប៉ុន្តែ បង​អាល្លីស​មិន​បាន​ចុះ​ចាញ់​ការ​បង្ខិត​បង្ខំ​ទេ។ គាត់​និយាយ​ថា​៖ ​«​បើ​យើង​ចុះ​ចាញ់​ការ​បង្ខិត​បង្ខំ​ម្ដង ក្រុម​គ្រួសារ​នឹង​ទំនង​ជា​ព្យាយាម​បង្ខំ​យើង​ក្នុង​រឿង​ផ្សេង​ៗ​ដែរ។ តែ​បើ​យើង​និយាយ​ដោយ​សប្បុរស និង​រក្សា​ជំហរ​រឹង​មាំ​ជា​មួយ​នឹង​ក្រុម​គ្រួសារ ប្រហែល​ជា​ពួក​គេ​ខ្លះ​នឹង​ស្ដាប់​យើង​»។ នេះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​បង​អាល្លីស។ ឥឡូវ ឪ​ពុក​ម្ដាយ​របស់​គាត់​ជា​អ្នក​ត្រួស​ត្រាយ ហើយ​ឪ​ពុក​គាត់​ក៏​ជា​អ្នក​ចាស់​ទុំ​ដែរ។

តើ​បង​ប្អូន​ទាំង​អស់​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​យ៉ាង​ដូច​ម្ដេច?

តើ​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​អាច​ជួយ​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​មែន​ជា​សាក្សី​យ៉ាង​ដូច​ម្ដេច? (​សូម​មើល​វគ្គ​១៥​-​១៦​) *

១៥. យោង​ទៅ​តាម​ម៉ាថាយ ៥:១៤​-​១៦​និង​ពេត្រុស​ទី១ ២:១២ តើ​«​ការ​ល្អ​»​ដែល​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​អាច​ជួយ​សាច់​ញាតិ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

១៥ ព្រះ​យេហូវ៉ា​ទាញ​នាំ​មនុស្ស​មក​ឯ​លោក​តាម​រយៈ​«​ការ​ល្អ​»​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ប្រព្រឹត្ត។ (​សូម​អាន ម៉ាថាយ ៥:១៤​-​១៦; ពេត្រុស​ទី១ ២:១២) បើ​គូ​របស់​អ្នក​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា តើ​គាត់​បាន​ជួប​បង​ប្អូន​ក្នុង​ក្រុម​ជំនុំ​ហើយ​ឬ​នៅ? បង​ផល​លីន​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ បាន​អញ្ជើញ​បង​ប្អូន​ឲ្យ​មក​ផ្ទះ​គាត់ ដើម្បី​ឲ្យ​បង​វ៉េន​ដែល​ជា​ប្ដី​របស់​គាត់​ស្គាល់​ពួក​គេ។ បង​វ៉េន​នឹក​ចាំ​អំពី​របៀប​ដែល​បង​ប្រុស​ម្នាក់​បាន​ជួយ​គាត់​ឲ្យ​យល់​ថា​សាក្សី​ព្រះ​យេហូវ៉ា​ជា​មនុស្ស​បែប​ណា។ បង​វ៉េន​និយាយ​ថា បង​ប្រុស​នោះ​«​បាន​សុំ​ច្បាប់​ពី​កន្លែង​ធ្វើ​ការ​ដើម្បី​គាត់​អាច​មើល​កម្ម​វិធី​កីឡា​តាម​ទូរទស្សន៍​ជា​មួយ​ខ្ញុំ។ ពេល​នោះ​ខ្ញុំ​យល់​ថា​គាត់​ជា​មនុស្ស​ធម្មតា​ដូច​អ្នក​ឯ​ទៀត​ដែរ!​»។

១៦. ហេតុ​អ្វី​យើង​គួរ​អញ្ជើញ​សាច់​ញាតិ​របស់​យើង​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ?

១៦ របៀប​ដ៏​ល្អ​មួយ​ដើម្បី​ជួយ​សាច់​ញាតិ​របស់​យើង គឺ​ដោយ​អញ្ជើញ​ពួក​គេ​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​នឹង​យើង។ (​១កូ. ១៤:២៤, ២៥​) បង​វ៉េន​បាន​ចូល​រួម​ពិធី​រំលឹក​ដែល​ជា​កិច្ច​ប្រជុំ​ដំបូង​របស់​គាត់ ដោយ​សារ​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ម៉ោង​ធ្វើ​ការ ហើយ​កម្ម​វិធី​នោះ​មាន​រយៈ​ពេល​ខ្លី។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​យល់​ថា​សុន្ទរកថា​នោះ​និយាយ​អំពី​អ្វី​ទេ តែ​ខ្ញុំ​នឹក​ចាំ​មនុស្ស​នៅ​ទី​នោះ។ ពួក​គេ​បាន​មក​ស្វាគមន៍​ខ្ញុំ ហើយ​ចាប់​ដៃ​ខ្ញុំ​យ៉ាង​ណែន។ ខ្ញុំ​ដឹង​ថា​ពួក​គេ​មាន​ចិត្ត​ស្មោះ​»។ ជា​ពិសេស ប្ដី​ប្រពន្ធ​មួយ​គូ​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ចំពោះ​បង​ផល​លីន ដោយ​ជួយ​គាត់​និង​កូន​ប្រុស​របស់​គាត់​នៅ​កិច្ច​ប្រជុំ​និង​ក្នុង​កិច្ច​បម្រើ​ផ្សាយ។ ដូច្នេះ ពេល​បង​វ៉េន​បាន​សម្រេច​ចិត្ត​ថា​គាត់​ត្រូវ​យល់​ច្បាស់​ជាង​អំពី​ជំនឿ​ថ្មី​របស់​បង​ផល​លីន គាត់​បាន​សុំ​បង​ប្រុស​នោះ​ឲ្យ​បង្រៀន​គម្ពីរ​ដល់​គាត់។

១៧. តើ​យើង​មិន​គួរ​បន្ទោស​ខ្លួន​ចំពោះ​អ្វី ប៉ុន្តែ​ហេតុ​អ្វី​យើង​មិន​គួរ​ឈប់​ព្យាយាម​ជួយ​សាច់​ញាតិ​របស់​យើង?

១៧ យើង​សង្ឃឹម​ថា​សាច់​ញាតិ​ទាំង​អស់​របស់​យើង​នឹង​បម្រើ​ព្រះ​យេហូវ៉ា​ជា​មួយ​នឹង​យើង។ ប៉ុន្តែ ទោះ​ជា​យើង​ខំ​ប្រឹង​យ៉ាង​ណា​ក្នុង​ការ​ជួយ​ពួក​គេ​ឲ្យ​ទៅ​ជា​អ្នក​បម្រើ​ព្រះ​ក៏​ដោយ ពួក​គេ​ប្រហែល​ជា​មិន​ចូល​សេចក្ដី​ពិត​ទេ។ បើ​ដូច្នេះ យើង​មិន​គួរ​បន្ទោស​ខ្លួន​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ឡើយ។ យើង​មិន​អាច​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​មាន​ជំនឿ​ដូច​យើង​ទេ។ ប៉ុន្តែ សូម​កុំ​មើល​ស្រាល​ឥទ្ធិពល​ដែល​អ្នក​អាច​មាន​លើ​សាច់​ញាតិ​របស់​អ្នក ពេល​ដែល​ពួក​គេ​ឃើញ​ថា​អ្នក​សប្បាយ​ខ្លាំង​យ៉ាង​ណា​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា។ សូម​អធិដ្ឋាន​អំពី​ពួក​គេ។ សូម​និយាយ​អ្វី​ដែល​មិន​ធ្វើ​ឲ្យ​ពួក​គេ​ទើស​ចិត្ត។ សូម​កុំ​ឈប់​ព្យាយាម​ជួយ​ពួក​គេ! (​សកម្ម. ២០:២០​) ចូរ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ឲ្យ​ពរ​ទៅ​លើ​ការ​ខំ​ប្រឹង​របស់​អ្នក។ ម្យ៉ាង​ទៀត បើ​សាច់​ញាតិ​របស់​អ្នក​ស្ដាប់​អ្នក ពួក​គេ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ!

ចម្រៀង​លេខ​៥៧ ចូរ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​ប្រភេទ

^ វគ្គ 5 យើង​ចង់​ឲ្យ​សាច់​ញាតិ​របស់​យើង​ស្គាល់​ព្រះ​យេហូវ៉ា ប៉ុន្តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​ពួក​គេ​នឹង​បម្រើ​លោក​ឬ​មិន​បម្រើ​លោក។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ពិចារណា​អំពី​អ្វី​ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​សាច់​ញាតិ​ឲ្យ​ងាយ​ស្រួល​ស្ដាប់​ដំណឹង​ល្អ។

^ វគ្គ 1 ឈ្មោះ​ខ្លះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។ ក្នុង​អត្ថបទ​នេះ ពាក្យ​«​សាច់​ញាតិ​»​សំដៅ​លើ​សមាជិក​ក្រុម​គ្រួសារ​ដែល​មិន​ទាន់​បម្រើ​ព្រះ​យេហូវ៉ា។

^ វគ្គ 53 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ប្រុស​ម្នាក់​ជួយ​ជួស​ជុល​ឡាន​របស់​ឪ​ពុក​គាត់​ដែល​មិន​មែន​ជា​អ្នក​ជឿ។ នៅ​ពេល​សមរម្យ គាត់​បង្ហាញ​ឪ​ពុក​របស់​គាត់​នូវ​វីដេអូ​មួយ​ពី​គេហទំព័រ​jw.org®

^ វគ្គ 55 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​ម្នាក់​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ កាល​ដែល​ប្ដី​របស់​គាត់​ដែល​មិន​មែន​ជា​សាក្សី រៀប​រាប់​អំពី​អ្វី​ៗ​ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​នោះ។ ក្រោយ​មក គាត់​ចូល​រួម​ក្នុង​ការ​កម្សាន្ត​ជា​មួយ​នឹង​ក្រុម​គ្រួសារ។

^ វគ្គ 57 ការ​ពណ៌នា​អំពី​រូប​ភាព: បង​ស្រី​នោះ​បាន​អញ្ជើញ​បង​ប្អូន​ពី​ក្រុម​ជំនុំ​ឲ្យ​មក​ផ្ទះ​របស់​គាត់។ ពួក​គេ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ស្មោះ​ចំពោះ​ប្ដី​គាត់។ ក្រោយ​មក ប្ដី​នោះ​ចូល​រួម​ពិធី​រំលឹក​ជា​មួយ​នឹង​ប្រពន្ធ។