លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

អត្ថបទ​សិក្សា ៣១

​«​យើង​មិន​ឈប់​តស៊ូ​ឡើយ​»​!

​«​យើង​មិន​ឈប់​តស៊ូ​ឡើយ​»​!

​«​ហេតុ​នេះ យើង​មិន​ឈប់​តស៊ូ​ឡើយ​»។—២កូ. ៤:១៦

ចម្រៀង​លេខ​១២៨ ចូរ​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់

សេចក្ដី​សង្ខេប *

១. តើ​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​នៃ​ការ​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត?

គ្រិស្ត​សាសនិក​ពិត​កំពុង​រត់​ប្រណាំង​ដើម្បី​បាន​ជីវិត។ ទោះ​ជា​យើង​ទើប​តែ​ចាប់​ផ្ដើម​រត់​ឬ​យើង​បាន​រត់​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្ដី យើង​ត្រូវ​បន្ត​រត់​រហូត​ដល់​ទី​ផ្ដាច់​ព្រ័ត្រ។ យោបល់​ដែល​សាវ័ក​ប៉ូល​បាន​ឲ្យ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​អាច​លើក​ទឹក​ចិត្ត​យើង​ឲ្យ​រត់​ដល់​ទី​បញ្ចប់។ បង​ប្អូន​ខ្លះ​ក្នុង​ក្រុម​ជំនុំ​នោះ​នា​សតវត្សរ៍​ទី១​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ពេល​ពួក​គេ​ទទួល​សំបុត្រ​របស់​ប៉ូល។ ពួក​គេ​បាន​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់​រួច​ហើយ តែ​ប៉ូល​បាន​រំលឹក​ពួក​គេ​អំពី​សារៈសំខាន់​នៃ​ការ​បន្ត​ស៊ូ​ទ្រាំ​ក្នុង​ការ​រត់​ប្រណាំង។ គាត់​ចង់​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​តាម​គំរូ​របស់​គាត់​ក្នុង​ការ​«​រត់​ដោយ​មាន​គោល​ដៅ​»។—ភី. ៣:១៤

២. ហេតុ​អ្វី​យោបល់​ដែល​ប៉ូល​ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​គឺ​ចំ​ពេល?

យោបល់​ដែល​ប៉ូល​បាន​ជូន​ចំពោះ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​គឺ​ចំ​ពេល។ ក្រុម​ជំនុំ​នៅ​ក្រុង​នោះ​បាន​ទទួល​ការ​បៀត​បៀន​តាំង​ពី​ក្រុម​ជំនុំ​នោះ​បាន​ត្រូវ​បង្កើត​ឡើង។ នៅ​ឆ្នាំ​៥០ គ.ស. ប៉ូល​និង​ស៊ីឡាស​បាន​ធ្វើ​តាម​ការ​អញ្ជើញ​ពី​ព្រះ​ដែល​ឲ្យ​ពួក​គាត់​«​ឆ្លង​មក​ស្រុក​ម៉ាសេដូន​»។ ដូច្នេះ ពួក​គាត់​បាន​ទៅ​ក្រុង​ភីលីព​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ (​សកម្ម. ១៦:៩​) នៅ​ទី​នោះ ពួក​គាត់​បាន​ជួប​ស្ត្រី​ម្នាក់​ឈ្មោះ​លីឌា។ នាង​«​កំពុង​ស្ដាប់ ហើយ​ព្រះ​យេហូវ៉ា​បាន​បើក​ចិត្ត​នាង​ទាំង​ស្រុង​»​ឲ្យ​ទទួល​យក​ដំណឹង​ល្អ។ (​សកម្ម. ១៦:១៤​) មិន​យូរ​ក្រោយ​មក នាង​និង​ពួក​អ្នក​ផ្ទះ​របស់​នាង​បាន​ទទួល​ការ​ជ្រមុជ​ទឹក។ ប៉ុន្តែ មេ​កំណាច​ចាប់​ផ្ដើម​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​ពួក​គេ។ បុរស​ពី​ក្រុង​នោះ​បាន​ចាប់​ប៉ូល​និង​ស៊ីឡាស ហើយ​អូស​យក​ទៅ​ពួក​អាជ្ញាធរ​ស៊ី​វិល ដោយ​ចោទ​ប្រកាន់​មិន​ពិត​ថា ពួក​គាត់​កំពុង​រំខាន​ក្រុង​នោះ​ខ្លាំង​ណាស់។ ជា​លទ្ធផល ប៉ូល​និង​ស៊ីឡាស​បាន​ត្រូវ​គេ​វាយ​នឹង​ដំបង ដាក់​គុក ហើយ​ក្រោយ​មក​បាន​ត្រូវ​គេ​សុំ​ឲ្យ​ចេញ​ពី​ក្រុង​នោះ។ (​សកម្ម. ១៦:១៦​-​៤០​) តើ​ពួក​គាត់​បាន​ឈប់​ព្យាយាម​ឬ​ទេ? មិន​មែន​ទេ។ ចុះ​យ៉ាង​ណា​បង​ប្អូន​នៅ​ក្រុម​ជំនុំ​ថ្មី​នោះ តើ​ពួក​គេ​បាន​ធ្វើ​អ្វី? ពួក​គេ​ក៏​បាន​ស៊ូ​ទ្រាំ​ដែរ! ពួក​គេ​ច្បាស់​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​គំរូ​ល្អ​របស់​ប៉ូល​និង​ស៊ីឡាស។

៣. តើ​ប៉ូល​ដឹង​អំពី​អ្វី ហើយ​តើ​យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

ប៉ូល​តាំង​ចិត្ត​មិន​ឈប់​តស៊ូ​ឡើយ។ (​២កូ. ៤:១៦​) ប៉ុន្តែ គាត់​ដឹង​ថា​ដើម្បី​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ គាត់​ត្រូវ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​របស់​គាត់។ តើ​យើង​អាច​រៀន​អ្វី​ពី​គំរូរបស់​ប៉ូល? តើ​គំរូ​របស់​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​ណា​ខ្លះ​នៅ​សព្វ​ថ្ងៃ​នេះ​បង្ហាញ​ថា​យើង​អាច​ស៊ូ​ទ្រាំ ទោះ​ជា​មាន​បញ្ហា​ណា​ក៏​ដោយ? តើ​សេចក្ដី​សង្ឃឹម​របស់​យើង​ចំពោះ​ថ្ងៃ​អនាគត​អាច​ជួយ​យើង​យ៉ាង​ណា​ឲ្យ​តាំង​ចិត្ត​មិន​ឈប់​ព្យាយាម? យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នេះ​ក្នុង​អត្ថបទ​នេះ។

ប្រយោជន៍​ដែល​យើង​អាច​ទទួល ពី​គំរូ​របស់​ប៉ូល

៤. ទោះ​ជា​ប៉ូល​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ តើ​គាត់​បាន​បន្ត​ជាប់​រវល់​ក្នុង​ការ​ធ្វើ​អ្វី​ខ្លះ?

សូម​គិត​អំពី​ការ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​របស់​ប៉ូល​ពេល​ដែល​គាត់​បាន​សរសេរ​សំបុត្រ​ទៅ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព។ គាត់​បាន​ត្រូវ​គេ​ឃុំ​នៅ​ផ្ទះ​នា​ក្រុង​រ៉ូម ហើយ​មិន​អាច​ចេញ​ទៅ​ក្រៅ​ដើម្បី​ផ្សព្វ​ផ្សាយ​បាន​ឡើយ។ ប៉ុន្តែ គាត់​បាន​បន្ត​ជាប់​រវល់​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ ដោយ​ផ្សព្វ​ផ្សាយ​ដល់​ពួក​អ្នក​ដែល​មក​ផ្ទះ​របស់​គាត់ និង​ដោយ​សរសេរ​សំបុត្រ​ទៅ​ក្រុម​ជំនុំ​ផ្សេង​ៗ​ដែល​នៅ​ឆ្ងាយ។ ស្រដៀង​គ្នា​ដែរ​នៅ​សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ជា​ច្រើន​ដែល​មិន​អាច​ចេញ​ពី​ផ្ទះ​ដោយ​សារភាព​ចាស់​ជរា​ឬ​ជំងឺ ប្រើ​គ្រប់​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​ពួក​អ្នក​ដែល​មក​ផ្ទះ​របស់​ពួក​គេ។ ពួក​គេ​ក៏​សរសេរ​សំបុត្រ​ដ៏​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​សម្រាប់​ម្ចាស់​ផ្ទះ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​មិន​អាច​ជួប​ដោយ​ផ្ទាល់​នៅ​ផ្ទះ​របស់​ពួក​គេ។

៥. យោង​ទៅ​តាម​ពាក្យ​របស់​ប៉ូល​នៅ​ភីលីព ៣:១២​-​១៤ តើ​អ្វី​បាន​ជួយ​ប៉ូល​ឲ្យ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​របស់​គាត់?

ប៉ូល​មិន​បាន​ឲ្យ​សមិទ្ធិ​ផល​ឬ​អ្វី​ដែល​គាត់​ធ្លាប់​ធ្វើ​ខុស បំបែរ​អារម្មណ៍​របស់​គាត់​ទេ។ តាម​ការ​ពិត គាត់​និយាយ​ថា​៖ ​«​[​ការ​]បំភ្លេច​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ​»​ គឺ​សំខាន់​ចាំ​បាច់​ដើម្បី​«​ប្រឹង​រត់​សំដៅ​ទៅ​អ្វី​ៗ​នៅ​ខាង​មុខ​»​ ពោល​គឺ​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​ដោយ​ជោគ​ជ័យ។ (​សូម​អាន ភីលីព ៣:១២​-​១៤) តើ​មាន​អ្វី​ខ្លះ​ដែល​អាច​បំបែរ​អារម្មណ៍​របស់​ប៉ូល? ទី១ គាត់​ធ្លាប់​សម្រេច​អ្វី​ៗ​ជា​ច្រើន​ក្នុង​សាសនា​យូដា។ ប៉ុន្តែ គាត់​ចាត់​ទុក​អ្វី​ៗ​ទាំង​នោះ​ថា​ជា​«​សំរាម​»។ (​ភី. ៣:៣​-​៨​) ទី២ ទោះ​ជា​គាត់​ប្រហែល​ជា​បន្ទោស​ខ្លួន​ចំពោះ​ការ​ធ្លាប់​ជា​អ្នក​បៀត​បៀន​គ្រិស្ត​សាសនិក​ក្ដី គាត់​មិន​បាន​អនុញ្ញាត​ឲ្យ​អារម្មណ៍​បែប​នោះ បញ្ឈប់​គាត់​ពី​ការ​បម្រើ​ព្រះ​យេហូវ៉ា​ឡើយ។ ទី៣ គាត់​មិន​បាន​គិត​ថា​អ្វី​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា​គឺ​គ្រប់​គ្រាន់​ហើយ​នោះ​ទេ។ ប៉ូល​បាន​សម្រេច​កិច្ច​ការ​ជា​ច្រើន​ក្នុង​កិច្ច​បម្រើ​ផ្សាយ ទោះ​ជា​គាត់​ត្រូវ​គេ​ចាប់​ដាក់​គុក វាយ​ដំ គប់​នឹង​ដុំ​ថ្ម លិច​សំពៅ ព្រម​ទាំង​មិន​មាន​អាហារ​និង​សម្លៀក​បំពាក់​គ្រប់​គ្រាន់​ក៏​ដោយ។ (​២កូ. ១១:២៣​-​២៧​) ប៉ុន្តែ មិន​ថា​គាត់​បាន​សម្រេច​អ្វី​ឬ​រង​ទុក្ខ​វេទនា​យ៉ាង​ណា​ក្ដី ប៉ូល​បាន​ដឹង​ថា​គាត់​ត្រូវ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា។ យើង​ក៏​ត្រូវ​ធ្វើ​ដូច​គាត់​ដែរ។

៦. តើ​យើង​ប្រហែល​ជា​ត្រូវ​បំភ្លេច​អ្វី​ខ្លះ​«​ដែល​នៅ​ខាង​ក្រោយ​»​?

តើ​យើង​អាច​យក​តម្រាប់​ប៉ូល​យ៉ាង​ដូច​ម្ដេច​ស្តី​អំពី​ការ​«​បំភ្លេច​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ​»​? បង​ប្អូន​ខ្លះ​ប្រហែល​ជា​ត្រូវ​យក​ឈ្នះ​អារម្មណ៍​បន្ទោស​ខ្លួន​ដោយ​សារ​កំហុស​នៅ​អតីតកាល។ បើ​យើង​មាន​អារម្មណ៍​បែប​នេះ សូម​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​អំពី​គ្រឿង​បូជា​លោះ​របស់​គ្រិស្ត។ បើ​យើង​សិក្សា រំពឹង​គិត និង​អធិដ្ឋាន​អំពី​ប្រធានបទ​នេះ​ដែល​អាច​ពង្រឹង​កម្លាំង​ចិត្ត​របស់​យើង នេះ​ប្រហែល​ជា​ជួយ​យើង​ឲ្យ​មិន​បន្ទោស​ខ្លួន​ហួស​ហេតុ​ពេក ឬ​ថែម​ទាំង​ឈប់​បន្ទោស​ខ្លួន​តែ​ម្ដង​ចំពោះ​អំពើ​ខុស​ឆ្គង​ដែល​ព្រះ​យេហូវ៉ា​បាន​អភ័យ​ទោស​ឲ្យ​យើង​រួច​ហើយ។ សូម​ពិចារណា​អំពី​មេ​រៀន​មួយ​ទៀត​ដែល​យើង​អាច​រៀន​ពី​គំរូ​របស់​ប៉ូល។ ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង បង​ប្អូន​ខ្លះ​បាន​បោះ​បង់​អាជីព​ដែល​អាច​នាំ​ឲ្យ​ទទួល​ប្រាក់​ខែ​ច្រើន។ បើ​យើង​បាន​ធ្វើ​ដូច្នេះ តើ​យើង​អាច​បំភ្លេច​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ ដោយ​មិន​ព្រម​នឹក​ស្ដាយ​អំពី​លុយ​ឬ​ទ្រព្យ​សម្បត្ដិ​ដែល​យើង​អាច​មាន​ឬ​ទេ? (​ជន. ១១:៤​-​៦; សាស្ដ. ៧:១០​) ​«​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ​»​ប្រហែល​ជា​រួម​បញ្ចូល​អ្វី​ដែល​យើង​បាន​សម្រេច ឬ​ទុក្ខ​លំបាក​ដែល​យើង​បាន​ស៊ូ​ទ្រាំ​នៅ​អតីតកាល។ ពិត​មែន​ថា ការ​គិត​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ពរ​និង​បាន​ជួយ​យើង​នៅ​អតីតកាល អាច​ធ្វើ​ឲ្យ​យើង​ចូល​កាន់​តែ​ជិត​បិតា​របស់​យើង ប៉ុន្តែ​យើង​មិន​ចង់​គិត​ថា​អ្វី​ដែល​យើង​បាន​ធ្វើ​ដើម្បី​ព្រះ​យេហូវ៉ា​គឺ​គ្រប់​គ្រាន់​ហើយ​នោះ​ទេ។—១កូ. ១៥:៥៨

ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​បាន​ជីវិត យើង​ត្រូវ​ជៀស​វាង​ពី​អ្វី​ដែល​អាច​បំបែរ​អារម្មណ៍ ហើយ​បន្ត​ផ្ដោត​អារម្មណ៍​លើ​គោល​ដៅ​របស់​យើង (​សូម​មើល​វគ្គ​៧​)

៧. យោង​ទៅ​តាម​កូរិនថូស​ទី១ ៩:២៤​-​២៧ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​រត់​ប្រណាំង​ឲ្យ​បាន​ជីវិត? សូម​ឲ្យ​ឧទាហរណ៍។

ប៉ូល​យល់​ច្បាស់​អំពី​ពាក្យ​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​ខំ​ប្រឹង​ឲ្យ​ខ្លាំង​»។ (​លូក. ១៣:២៣, ២៤​) ប៉ូល​ដឹង​ថា ដូច​ដែលគ្រិស្ត​បាន​ធ្វើ គាត់​ក៏​ត្រូវ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​រហូត​ដល់​ទី​បញ្ចប់។ ដូច្នេះ គាត់​បាន​ប្រៀប​ប្រដូច​ជីវិត​ជា​គ្រិស្ត​សាសនិក​ទៅ​នឹង​ការ​រត់​ប្រណាំង។ (​សូម​អាន កូរិនថូស​ទី១ ៩:២៤​-​២៧) ជា​ធម្មតា អ្នក​រត់​ប្រណាំង​ផ្ដោត​អារម្មណ៍​ទៅ​លើ​ទី​ផ្ដាច់​ព្រ័ត្រ និង​ជៀស​វាង​ពី​អ្វី​ដែល​អាច​បំបែរ​អារម្មណ៍។ ជា​ឧទាហរណ៍ អ្នក​រត់​ប្រណាំង​ដែល​រត់​នៅ​ក្នុង​ក្រុង ត្រូវ​រត់​តាម​ផ្លូវ​ដែល​មាន​ហាង​ទំនិញ ឬ​អ្វី​ផ្សេង​ទៀត​ដែល​អាច​បំបែរ​អារម្មណ៍​គាត់។ តើ​អ្នក​គិត​ថា​អ្នក​ដែល​កំពុង​រត់​ប្រណាំង​នឹង​ឈប់​ដើម្បី​មើល​អ្វី​ដែល​មាន​នៅ​ក្នុង​ហាង​ទំនិញ​ឬ​ទេ? គាត់​ប្រាកដ​ជា​មិន​ធ្វើ​បែប​នោះ​ទេ បើ​គាត់​ចង់​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត! ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​ឲ្យ​បាន​ជីវិត យើង​ក៏​ត្រូវ​ជៀស​វាង​ពី​អ្វី​ដែល​អាច​បំបែរ​អារម្មណ៍​យើង​ដែរ។ បើ​យើង​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​គោល​ដៅ​របស់​យើង ហើយ​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដូច​ប៉ូល យើង​នឹង​ទទួល​រង្វាន់!

របៀប​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​ទោះ​ជា​មាន​បញ្ហា​ក្ដី

៨. តើ​យើង​នឹង​ពិចារណា​ការ​ពិបាក​បី​យ៉ាង​អ្វី?

សូម​ឲ្យ​យើង​ពិចារណា​អំពី​អ្វី​បី​យ៉ាង​ដែល​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត ពោល​គឺ​អ្វី​ដែល​យើង​រំពឹង​ទុក​មិន​កើត​ឡើង​តាម​ពេល​ដែល​យើង​នឹក​ស្មាន កម្លាំង​កាយ​ចុះ​ខ្សោយ ឬ​យើង​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​អស់​រយៈ​ពេល​យូរ។ យើង​អាច​ទទួល​ប្រយោជន៍​ពី​ការ​រៀន​អំពី​របៀប​ដែល​អ្នក​ឯ​ទៀត​បាន​យក​ឈ្នះ​ការ​ពិបាក​ទាំង​នេះ។—ភី. ៣:១៧

៩. ពេល​អ្វី​ដែល​យើង​បាន​រំពឹង​ទុក​មិន​បាន​កើត​ឡើង​តាម​ពេល​ដែល​យើង​នឹក​ស្មាន តើ​នេះ​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​យើង?

អ្វី​ដែល​យើង​រំពឹង​ទុក​មិន​កើត​ឡើង​តាម​ពេល​ដែល​យើង​នឹក​ស្មាន។ គឺ​ជា​ការ​ធម្មតា​ទេ ដែល​យើង​ចង់​ទទួល​អ្វី​ល្អ​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា។ តាម​ការ​ពិត ពេល​ហាបាគុក​ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា បាន​និយាយ​អំពី​ការ​ដែល​គាត់​ចង់​ឲ្យ​ព្រះ​យេហូវ៉ា​លុប​បំបាត់​អំពើ​អាក្រក់​នៅ​ស្រុក​យូដា ព្រះ​យេហូវ៉ា​បាន​ប្រាប់​គាត់​ថា​៖ ​«​ចូរ​រង់​ចាំ​ចុះ​»។ (​ហាប. ២:៣​) ប៉ុន្តែ ពេល​អ្វី​ដែល​យើង​រង់​ចាំ​មិន​បាន​កើត​ឡើង​តាម​ពេល​ដែល​យើង​នឹក​ស្មាន នោះ​អាច​ធ្វើ​ឲ្យ​យើង​មិន​សូវ​ខ្នះ​ខ្នែង ហើយ​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​ទៀត​ផង។ (​សុភ. ១៣:១២​) នេះ​បាន​កើត​ឡើង​នៅ​ដើម​សតវត្សរ៍​ទី​២០។ នៅ​ពេល​នោះ គ្រិស្ត​សាសនិក​ជា​ច្រើន​នាក់​ដែល​បាន​ត្រូវ​រើស​តាំង​បាន​រំពឹង​ថា​ពួក​គេ​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​នៅ​ឆ្នាំ​១៩១៤។ ប៉ុន្តែ ពេល​នោះ​មិន​បាន​កើត​ឡើង​តាម​ពេល​ដែល​ពួក​គេ​បាន​នឹក​ស្មាន តើ​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​បាន​ធ្វើ​អ្វី?

បង​រ៉ូយ៉ាល់​និង​បង​ភើល ស្ប៉ាត​មិន​បាន​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ពួក​គាត់​បាន​សម្រេច​នៅ​ឆ្នាំ​១៩១៤​ទេ ប៉ុន្តែ​ពួក​គាត់​បាន​បន្ត​រក្សា​ភាព​ស្មោះ​ត្រង់​អស់​រាប់​សិប​ឆ្នាំ (​សូម​មើល​វគ្គ​១០​)

១០. តើ​ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ធ្វើ​អ្វី​ពេល​អ្វី​ដែល​ពួក​គាត់​បាន​រំពឹង​ទុក​មិន​កើត​ឡើង​តាម​ពេល​ដែល​ពួក​គាត់​នឹក​ស្មាន?

១០ សូម​ពិចារណា​អំពី​គំរូ​របស់​បង​ប្អូន​ដ៏​ស្មោះ​ត្រង់​ពីរ​នាក់​ដែល​បាន​ប្រឈម​មុខ​នឹង​បញ្ហា​នេះ។ បង​ប្រុស​រ៉ូយ៉ាល់ ស្ប៉ាត​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩០៨ ពេល​គាត់​មាន​អាយុ​២០​ឆ្នាំ។ គាត់​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា មិន​យូរ​ទៀត​គាត់​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌។ តាម​ការ​ពិត ពេល​ដែល​គាត់​ភ្ជាប់​ពាក្យ​នឹង​បង​ស្រី​ម្នាក់​ឈ្មោះ​ភើល​នៅ​ឆ្នាំ​១៩១១ គាត់​ប្រាប់​បង​ស្រី​នោះ​ថា​៖ ​«​អូន​ដឹង​ហើយ​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​១៩១៤។ បើ​យើង​នឹង​រៀប​ការ​ជា​មួយ​គ្នា គឺ​ល្អ​ឲ្យ​យើង​រៀប​ការ​ឆាប់​ៗ​នេះ!​»។ តើ​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​បោះ​បង់​ចោល​ការ​រត់​ប្រណាំង​ដើម្បី​បាន​ជីវិត ពេល​ពួក​គាត់​មិន​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​នៅ​ឆ្នាំ​១៩១៤​ឬ​ទេ? មិន​មែន​ទេ ដោយ​សារ​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​ពួក​គាត់ គឺ​ការ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យ៉ាង​ស្មោះ​ត្រង់ មិន​មែន​ការ​ទទួល​រង្វាន់​ទេ។ ពួក​គាត់​បាន​តាំង​ចិត្ត​រត់​ដោយ​ស៊ូ​ទ្រាំ​ក្នុង​ទី​ប្រណាំង។ បង​រ៉ូយ៉ាល់​និង​បង​ភើល​បាន​រក្សា​ភាព​ស្មោះ​ត្រង់​និង​បន្ត​មាន​សកម្មភាព​ក្នុង​កិច្ច​បម្រើ​រហូត​ដល់​ពួក​គាត់​បាន​បញ្ចប់​កិច្ច​បម្រើ​នៅ​ផែន​ដី​ច្រើន​ទសវត្សរ៍​ក្រោយ​មក។ អ្នក​ច្បាស់​ជា​កំពុង​ទន្ទឹង​រង់​ចាំ​ពេល​ដែល​ព្រះ​យេហូវ៉ា​នឹង​ជម្រះ​អស់​ទាំង​ការ​តិះ​ដៀល​ចំពោះ​នាម​របស់​លោក និង​បង្ហាញ​ថា​លោក​មាន​សិទ្ធិ​គ្រប់​គ្រង ហើយ​ថា​របៀប​គ្រប់​គ្រង​របស់​លោក​គឺ​ល្អ​បំផុត។ អ្នក​ក៏​ច្បាស់​ជា​ទន្ទឹង​រង់​ចាំ​គ្រា​ដែល​លោក​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក​បាន​សម្រេច។ សូម​ជឿ​ជាក់​ថា​អ្វី​ៗ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា។ តែ​ទម្រាំ​ដល់​ពេល​នោះ សូម​ឲ្យ​យើង​បន្ត​ជាប់​រវល់​ក្នុង​ការ​បម្រើ​ព្រះ​របស់​យើង ហើយ​កុំ​អនុញ្ញាត​ឲ្យ​អ្វី​ដែល​មិន​បាន​កើត​ឡើង​តាម​ពេល​ដែល​យើង​នឹក​ស្មាន ធ្វើ​ឲ្យ​យើង​ធ្លាក់​ទឹក​ចិត្ត​ឡើយ។

ទោះ​ជា​បង​អាថឺ ស៊ីឃោដ មាន​វ័យ​ចាស់​ក៏​ដោយ គាត់​ចង់​បន្ត​រីក​ចម្រើន (​សូម​មើល​វគ្គ​១១​)

១១​-​១២. ហេតុ​អ្វី​យើង​អាច​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​កម្លាំង​កាយ​របស់​យើង​ចុះ​ខ្សោយ​ក្ដី? សូម​លើក​ឧទាហរណ៍​មួយ។

១១ ពេល​កម្លាំង​កាយ​ចុះ​ខ្សោយ។ ខុស​ពី​បុគ្គល​ដែល​រត់​ប្រណាំង អ្នក​មិន​ចាំ​បាច់​មាន​កម្លាំង​មាំ​មួន​ដើម្បី​កាន់​តែ​មាន​ជំនឿ​និង​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​កិច្ច​បម្រើ​ព្រះ​ទេ។ តាម​ពិត បង​ប្អូន​ជា​ច្រើន​ដែល​មាន​កម្លាំង​ខ្សោយ​ជាង​មុន នៅ​តែ​បន្ត​តាំង​ចិត្ត​រីក​ចម្រើន​ខាង​ជំនឿ។ (​២កូ. ៤:១៦​) ជា​ឧទាហរណ៍ ពេល​បង​ប្រុស​អាថឺ ស៊ីឃោដ​មាន​អាយុ​៨៨​ឆ្នាំ​និង​បាន​បម្រើ​នៅ​បេតអែល​អស់​រយៈ​ពេល​៥៥​ឆ្នាំ គាត់​មាន​កម្លាំង​ខ្សោយ។ នៅ​ថ្ងៃ​មួយ​ពេល​គាត់​គេង​នៅ​លើ​គ្រែ គិលានុបដ្ឋាយិកា​ម្នាក់​បាន​មក​ជិត​គាត់​ដើម្បី​ថែ​ទាំ​គាត់។ នាង​បាន​សម្លឹង​មើល​គាត់ ហើយ​បាន​និយាយ​ដោយ​សេចក្ដី​ស្រឡាញ់​ថា​៖ ​«​បង​អាថឺ បង​បាន​ធ្វើ​អ្វី​ៗ​ជា​ច្រើន​ដើម្បី​ព្រះ​យេហូវ៉ា​»។ ប៉ុន្តែ បង​អាថឺ​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​គាត់​បាន​ធ្វើ​នៅ​អតីតកាល​ទេ។ គាត់​បាន​មើល​មុខ​គិលានុបដ្ឋាយិកា​នោះ​ដោយ​ញញឹម និង​ឆ្លើយ​តប​ថា​៖ ​«​បាទ គឺ​ពិត​មែន។ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ធ្វើ​គឺ​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់​គឺ​យើង​បន្ត​រក្សា​ភាព​ស្មោះ​ត្រង់​នៅ​ឥឡូវ​នេះ​»។

១២ អ្នក​ប្រហែល​ជា​បាន​បម្រើ​ព្រះ​យេហូវ៉ា​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ឥឡូវ​ដោយ​សារ​បញ្ហា​សុខភាព​អ្នក​មិន​អាច​ធ្វើ​ច្រើន​ដូច​ដែល​អ្នក​ធ្លាប់​ធ្វើ​ទេ។ បើ​ដូច្នេះ សូម​កុំ​ធ្លាក់​ទឹក​ចិត្ត​ឡើយ។ សូម​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​និង​មិន​ភ្លេច​កិច្ច​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​អ្នក​ទេ។ (​ហេ. ៦:១០​) ម្យ៉ាង​ទៀត​នៅ​គ្រា​នេះ សូម​ចាំ​ថា​ការ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​គឺ​មិន​ស​ឲ្យ​ឃើញ​តាម​រយៈ​ការ​ដែល​យើង​ធ្វើ​ច្រើន​យ៉ាង​ណា​ក្នុង​កិច្ច​បម្រើ​លោក​ទេ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​រក្សា​អំណរ​និង​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​ដោយ​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​លោក។ (​កូឡ. ៣:២៣​) ព្រះ​យេហូវ៉ា​យល់​អំពី​កម្រិត​សមត្ថភាព​របស់​យើង ហើយ​លោក​មិន​តម្រូវ​ឲ្យ​យើង​ធ្វើ​ហួស​ពី​អ្វី​ដែល​យើង​អាច​ធ្វើ​នោះ​ទេ។—ម៉ាក. ១២:៤៣, ៤៤

បង​អាណាតូលី​និង​បង​លីឌីយ៉ា ម៉ែលនីក​បាន​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ក្ដី (​សូម​មើល​វគ្គ​១៣​)

១៣. តើ​តាម​របៀប​ណា​បទ​ពិសោធន៍​របស់​បង​អាណាតូលី​និង​បង​លីឌីយ៉ា​លើក​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​បម្រើ​ព្រះ ទោះ​ជា​មាន​ទុក្ខ​លំបាក​ជា​ច្រើន​ក្ដី?

១៣ ពេល​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​អស់​រយៈ​ពេល​យូរ។ អ្នក​បម្រើ​ខ្លះ​របស់​ព្រះ​យេហូវ៉ា​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​និង​ការ​បៀត​បៀន​អស់​រាប់​សិប​ឆ្នាំ។ ជា​ឧទាហរណ៍ ពេល​បង​ប្រុស​អាណាតូលី ម៉ែលនីក​មាន​អាយុ​១២​ឆ្នាំ ឪ​ពុក​របស់​គាត់​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក ហើយ​បាន​ត្រូវ​បញ្ជូន​ទៅ​តំបន់​ស៊ីបេរី​ដែល​មាន​ចម្ងាយ​ជាង​៧.០០០​គីឡូ​ម៉ែត្រ​ពី​ប្រទេស​ម៉ុលដាវី​ដែល​ជា​កន្លែង​ដែល​ប្រពន្ធ​និង​កូន​របស់​គាត់​រស់​នៅ។ មួយ​ឆ្នាំ​ក្រោយ​មក បង​អាណាតូលី ម្ដាយ​របស់​គាត់ និង​យាយ​តា​របស់​គាត់​ក៏​បាន​ត្រូវ​គេ​បញ្ជូន​ទៅ​តំបន់​ស៊ីបេរី​ដែរ។ មួយ​រយៈ​ពេល​ក្រោយ​មក ពួក​គេ​អាច​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ភូមិ​ផ្សេង តែ​ពួក​គេ​ត្រូវ​ដើរ​អស់​៣០​គីឡូ​ម៉ែត្រ​កាត់​ព្រឹល ក្នុង​អាកាសធាតុ​ក្រោម​សូន្យ។ ក្រោយ​មក បង​អាណាតូលី​បាន​ជាប់​គុក​អស់​រយៈ​ពេល​បី​ឆ្នាំ។ គាត់​ត្រូវ​ព្រាត់​ពី​បង​លីឌីយ៉ា​ដែល​ជា​ប្រពន្ធ​របស់​គាត់ ហើយ​ពី​កូន​ស្រី​របស់​គាត់​ដែល​មាន​អាយុ​១​ខួប។ ទោះ​ជា​បង​អាណាតូលី​ត្រូវ​ប្រឈម​មុខ​នឹង​ទុក្ខ​លំបាក​អស់​ជា​ច្រើន​ឆ្នាំ​ក្ដី គាត់​និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​បន្ត​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់។ ឥឡូវ​បង​អាណាតូលី​មាន​អាយុ​៨២​ឆ្នាំ​ហើយ និង​បម្រើ​ជា​សមាជិក​គណៈ​កម្មាធិការ​ការិយាល័យ​សាខា​មួយ​នា​ទ្វីប​អាស៊ី​កណ្ដាល។ ដូច​បង​អាណាតូលី​និង​បង​លីឌីយ៉ា សូម​យើង​ខំ​អស់​ពី​សមត្ថភាព​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា ហើយ​បន្ត​ស៊ូ​ទ្រាំ​ដូច​ដែល​យើង​បាន​ធ្វើ​នៅ​អតីតកាល។—កាឡ. ៦:៩

ចូរ​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ សេចក្ដី​សង្ឃឹម​អំពី​ថ្ងៃ​អនាគត

១៤. តើ​ប៉ូល​ដឹង​ថា​គាត់​ត្រូវ​ធ្វើ​អ្វី​ដើម្បី​សម្រេច​គោល​ដៅ​របស់​គាត់?

១៤ ប៉ូល​បាន​ជឿ​ជាក់​ថា​គាត់​នឹង​រត់​ដល់​ទី​ផ្ដាច់​ព្រ័ត្រ ហើយ​សម្រេច​គោល​ដៅ​របស់​គាត់។ ជា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង គាត់​ទន្ទឹង​រង់​ចាំ​ពេល​ដែល​គាត់​ទទួល​«​រង្វាន់ ពោល​គឺ ព្រះ​បាន​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​»។ ប៉ុន្តែ ដើម្បី​សម្រេច​គោល​ដៅ​នោះ គាត់​ដឹង​ថា​គាត់​ត្រូវ​បន្ត​«​រត់​»​ត​ទៅ​ទៀត។ (​ភី. ៣:១៤​) ប៉ូល​បាន​ប្រើ​ការ​ប្រៀប​ប្រដូច​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ ដើម្បី​ជួយ​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​ឲ្យ​បន្ត​ផ្ដោត​អារម្មណ៍​លើ​គោល​ដៅ​របស់​ពួក​គេ។

១៥. តើ​ប៉ូល​បាន​ប្រើ​ការ​ប្រៀប​ប្រដូច​អំពី​ពលរដ្ឋ​យ៉ាង​ដូច​ម្ដេច ដើម្បី​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​ឲ្យ​បន្ត​«​រត់​»​ត​ទៅ​ទៀត?

១៥ ប៉ូល​បាន​រំលឹក​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​ថា​ពួក​គេ​ជា​ពលរដ្ឋ​ស្ថាន​សួគ៌។ (​ភី. ៣:២០​) ហេតុ​អ្វី? ពី​ព្រោះ​នៅ​សម័យ​នោះ មនុស្ស​ពិត​ជា​ចង់​ចូល​សញ្ជាតិ​រ៉ូម ដោយ​សារ​នោះ​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​ពួក​គេ។ * ប៉ុន្តែ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​បាន​ចូល​សញ្ជាតិ​មួយ​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ជាង​នោះ​ទៅ​ទៀត​ដល់​ពួក​គេ។ បើ​ប្រៀប​ធៀប​ការ​ធ្វើ​ជា​ពលរដ្ឋ​នៃ​រដ្ឋាភិបាល​ស្ថាន​សួគ៌​ទៅ​នឹង​ការ​ធ្វើ​ជា​ពលរដ្ឋ​រ៉ូម ការ​ធ្វើ​ជា​ពលរដ្ឋ​រ៉ូម​គឺ​មាន​តម្លៃ​តិច​តួច​ណាស់! ហេតុ​នេះ​ហើយ ប៉ូល​បាន​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​នៅ​ក្រុង​ភីលីព​ថា​៖ ​«​ចូរ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ដំណឹង​ល្អ​អំពី​គ្រិស្ត​»។ ពាក្យ​«​ប្រព្រឹត្ត​»​ក្នុង​ខ​នេះ​មាន​ន័យ​ថា​«​រួម​ចំណែក​ក្នុង​សកម្មភាព​របស់​ពលរដ្ឋ​»​ឬ​ប្រព្រឹត្ត​ជា​ពលរដ្ឋ។ (​ភី. ១:២៧​) គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នៅ​សព្វ​ថ្ងៃ​នេះ បាន​ទុក​គំរូ​ដ៏​ល្អ​ប្រសើរ​ក្នុង​ការ​រត់​ដោយ​មាន​គោល​ដៅ​ឲ្យ​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌។

១៦. ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​រស់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ក្ដី តើ​យើង​ត្រូវ​បន្ត​ធ្វើ​អ្វី​ស្រប​តាម​ភីលីព ៤:៦, ៧?

១៦ ទោះ​ជា​យើង​មាន​សេចក្ដី​សង្ឃឹម​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​នៅ​ស្ថាន​សួគ៌​ឬ​នៅ​ផែន​ដី​ជា​សួន​ឧទ្យាន​ក្ដី យើង​ត្រូវ​បន្ត​រត់​ដោយ​មាន​គោល​ដៅ។ មិន​ថា​យើង​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ យើង​មិន​ត្រូវ​សម្លឹង​មើល​អ្វី​ៗ​ដែល​នៅ​ខាង​ក្រោយ ហើយ​ក៏​មិន​គួរ​អនុញ្ញាត​ឲ្យ​អ្វី​ណា​ក៏​ដោយ​បញ្ឈប់​យើង​ពី​ការ​ជឿន​ទៅ​មុខ​ឡើយ។ (​ភី. ៣:១៦​) អ្វី​ដែល​យើង​រំពឹង​ទុក ប្រហែល​ជា​មើល​ទៅ​មិន​ទាន់​កើត​ឡើង​តាម​ពេល​ដែល​យើង​នឹក​ស្មាន ឬ​កម្លាំង​កាយ​របស់​យើង​ប្រហែល​ជា​ចុះ​ខ្សោយ ឬ​ក៏​យើង​ប្រហែល​ជា​បាន​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​និង​ការ​បៀត​បៀន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ សូម​«​កុំ​ខ្វល់​ចិត្ត​អំពី​អ្វី​ឡើយ​»។ ផ្ទុយ​ទៅ​វិញ សូម​ជម្រាប​ព្រះ​អំពី​សំណូម​ពរ​និង​ការ​អង្វរ​សុំ​របស់​អ្នក ហើយ​លោក​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​សេចក្ដី​សុខ​សាន្ត​ដែល​ហួស​ពី​ការ​នឹក​ស្មាន។—សូម​អាន ភីលីព ៤:៦, ៧

១៧. តើ​យើង​នឹង​ពិចារណា​អ្វី​នៅ​អត្ថបទ​បន្ទាប់?

១៧ ដូច​អ្នក​រត់​ប្រណាំង​ដែល​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ពេល​គាត់​រត់​ជិត​ដល់​ទី​ផ្ដាច់​ព្រ័ត្រ សូម​យើង​បន្ត​ផ្ដោត​អារម្មណ៍​យ៉ាង​ពេញ​លេញ​ទៅ​លើ​គោល​ដៅ​របស់​យើង​ក្នុង​ការ​រត់​ដល់​ទី​បញ្ចប់​នៃ​ការ​រត់​ប្រណាំង​ដើម្បី​ឲ្យ​បាន​ជីវិត។ សូម​យើង​ខំ​ប្រឹង​ជឿន​ទៅ​មុខ​តាម​កម្លាំង​និង​កាលៈទេសៈ​របស់​យើង ដើម្បី​ឆ្ពោះ​ទៅ​កាន់​អនាគត​ដ៏​អស្ចារ្យ។ តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រត់​តាម​ទិស​ដៅ​ត្រឹម​ត្រូវ និង​តាម​ល្បឿន​ដែល​យើង​អាច​បន្ត​រត់​រហូត​ដល់​ទី​ផ្ដាច់​ព្រ័ត្រ​បាន? អត្ថបទ​បន្ទាប់​នឹង​ជួយ​យើង​ឲ្យ​«​ដឹង​ប្រាកដ​ថា​ការ​អ្វី​ដែល​សំខាន់​ជាង​»។—ភី. ១:៩, ១០

ចម្រៀង​លេខ​៧៩ ចូរ​បង្រៀន​ពួក​គេ​ឲ្យ​កាន់​ជំហរ​មាំ​មួន

^ វគ្គ 5 ទោះ​ជា​យើង​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​យ៉ាង​ណា​ក៏​ដោយ យើង​ចង់​បន្ត​រីក​ចម្រើន​និង​ធ្វើ​ជា​គ្រិស្ត​សាសនិក​ល្អ​ប្រសើរ​ជាង។ សាវ័ក​ប៉ូល​បាន​លើក​ទឹក​ចិត្ត​បង​ប្អូន​រួម​ជំនឿ​ឲ្យ​មិន​ឈប់​ព្យាយាម! នៅ​ក្នុង​សំបុត្រ​របស់​គាត់​ទៅ​កាន់​គ្រិស្ត​សាសនិក​នា​ក្រុង​ភីលីព មាន​ការ​លើក​ទឹក​ចិត្ត​ដែល​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ​ក្នុង​ការ​រត់​ប្រណាំង​ដើម្បី​បាន​ជីវិត។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ឃើញ​អំពី​របៀប​ដែល​យើង​អាច​ធ្វើ​តាម​ពាក្យ​របស់​ប៉ូល​ដែល​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ។

^ វគ្គ 15 ដោយ​សារ​ក្រុង​ភីលីព​នៅ​ក្រោម​អាណានិគម​របស់​រ៉ូម មនុស្ស​ដែល​រស់​នៅ​ក្រុង​នោះ​មាន​សិទ្ធិ​ខ្លះ​ៗ​ដែល​ពលរដ្ឋ​រ៉ូម​មាន។ ដូច្នេះ បង​ប្អូន​ដែល​នៅ​ក្រុង​ភីលីព​អាច​យល់​អំពី​ការ​ប្រៀប​ប្រដូច​ដែល​ប៉ូល​បាន​លើក​ឡើង។