លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ជា​គំរូ​ល្អ​ស្តី​អំពី​ការ​រក្សា​អំណរ

យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក ជា​គំរូ​ល្អ​ស្តី​អំពី​ការ​រក្សា​អំណរ

តើ​អ្នក​ពិត​ជា​ចង់​ទទួល​ភារកិច្ច​ណា​មួយ​ក្នុង​ក្រុម​ជំនុំ តែ​មិន​ទាន់​បាន​ទទួល​ឬ​ទេ? ប្រហែល​ជា​ភារកិច្ច​នោះ​ជា​អ្វី​ដែល​បុគ្គល​ម្នាក់​ទៀត​មាន ឬ​ក៏​នោះ​ប្រហែល​ជា​ភារកិច្ច​ក្នុង​កិច្ច​បម្រើ​ព្រះ​ឬ​ជា​ឯកសិទ្ធិ​ដែល​អ្នក​ធ្លាប់​មាន។ ប៉ុន្តែ ដោយ​សារ​បញ្ហា​សុខភាព អាយុ សេដ្ឋកិច្ច ឬ​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ អ្នក​មិន​អាច​ធ្វើ​ច្រើន​ដូច​ដែល​អ្នក​ចង់​ធ្វើ​ទេ។ ម្យ៉ាង​ទៀត អ្នក​ប្រហែល​ជា​ត្រូវ​ឈប់​ពី​ភារកិច្ច​ដែល​អ្នក​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​សារ​ការ​ផ្លាស់​ប្ដូរ​ក្នុង​អង្គ​ការ​យើង។ ទោះ​ជា​មាន​មូលហេតុ​ណា​ក៏​ដោយ អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​ថា​អ្នក​មិន​ធ្វើ​ល្អ​ដូច​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ក្នុង​កិច្ច​បម្រើ​ព្រះ​ទេ។ ក្នុង​ស្ថានភាព​បែប​នេះ គឺ​សម​ហេតុ​ផល​ដែល​ជួន​កាល​អ្នក​ខក​ចិត្ត។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​លះ​ចោល​ចិត្ត​គំនិត​មិន​ត្រឹម​ត្រូ​វ ដូច​ជា​ការ​ធ្លាក់​ទឹក​ចិត្ត ការ​ខក​ចិត្ត ឬ​ការ​តូច​ចិត្ត​ជា​ដើម? តើ​អ្នក​អាច​រក្សា​អំណរ​យ៉ាង​ដូច​ម្ដេច?

ស្តី​អំពី​ការ​រក្សា​អំណរ យើង​អាច​ទាញ​យក​មេ​រៀន​ពី​គំរូ​របស់​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក។ យ៉ូហាន​មាន​ឯកសិទ្ធិ​ពិសេស ដូច្នេះ​គាត់​ទំនង​ជា​បាន​រំពឹង​ថា​ជីវិត​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​នឹង​ខុស​ពី​អ្វី​ដែល​បាន​កើត​ឡើង។ គាត់​ប្រហែល​ជា​មិន​បាន​គិត​ថា​គាត់​នឹង​ជាប់​គុក​យូរ​ជាង​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​នោះ​ទេ។ ប៉ុន្តែ យ៉ូហាន​នៅ​តែ​បន្ត​មាន​អំណរ ហើយ​គាត់​បាន​រក្សា​ចិត្ត​គំនិត​បែប​នេះ​ពេញ​មួយ​ជីវិត​របស់​គាត់។ តើ​អ្វី​បាន​ជួយ​គាត់? តើ​យើង​អាច​រក្សា​អំណរ​យ៉ាង​ដូច​ម្ដេច ទោះ​ជា​យើង​ប្រឈម​មុខ​នឹង​ការ​ខក​ចិត្ត​ក្ដី?

ភារកិច្ច​ដែល​នាំ​ឲ្យ​មាន​អំណរ

នៅ​ឆ្នាំ​២៩ គ.ស. យ៉ូហាន​បាន​ចាប់​ផ្ដើម​បំពេញ​ភារកិច្ច​របស់​គាត់​ជា​អ្នក​រៀប​ចំ​ផ្លូវ​សម្រាប់​ការ​មក​ដល់​របស់​មេស្ស៊ី។ គាត់​និយាយ​ថា​៖ ​«​ចូរ​ប្រែ​ចិត្ត ពី​ព្រោះ​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។ (​ម៉ាថ. ៣:២; លូក. ១:១២​-​១៧​) មនុស្ស​ជា​ច្រើន​បាន​ស្ដាប់​តាម​គាត់។ មាន​ក្រុម​មនុស្ស​មក​ពី​កន្លែង​ឆ្ងាយ​ដើម្បី​ស្ដាប់​ដំណឹង​ដែល​គាត់​ផ្សាយ ហើយ​មនុស្ស​ជា​ច្រើន​បាន​ប្រែ​ចិត្ត និង​ទទួល​ការ​ជ្រមុជ​ទឹក។ ដោយ​ចិត្ត​ក្លាហាន យ៉ូហាន​ក៏​បាន​ព្រមាន​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សុចរិត​ថា ពួក​គេ​នឹង​ទទួល​ការ​ផ្ដន្ទា​ទោស បើ​ពួក​គេ​មិន​ប្រែ​ចិត្ត។ (​ម៉ាថ. ៣:៥​-​១២​) នៅ​៦​ខែ​ក្រោយ​ពី​គាត់​បាន​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​គាត់ គាត់​បាន​ធ្វើ​អ្វី​ដែល​សំខាន់​បំផុត ពេល​គាត់​បាន​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ។ ចាប់​ពី​ពេល​នោះ​មក យ៉ូហាន​បាន​ណែនាំ​អ្នក​ឯ​ទៀត​ឲ្យ​ទៅ​តាម​លោក​យេស៊ូ​ដែល​ជា​មេស្ស៊ី​ដែល​ព្រះ​បាន​សន្យា។—យ៉ូន. ១:៣២​-​៣៧

ពេល​គិត​អំពី​តួនាទី​ពិសេស​របស់​យ៉ូហាន លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដែល​ធ្លាប់​រស់​នៅ គ្មាន​អ្នក​ណា​លេច​មក​ដែល​ធំ​ជាង​យ៉ូហាន ជា​អ្នក​ជ្រមុជ​ទឹកឡើយ​»។ (​ម៉ាថ. ១១:១១​) យ៉ូហាន​ច្បាស់​ជា​មាន​អំណរ​ចំពោះ​ពរ​ជា​ច្រើន​ដែល​គាត់​បាន​ទទួល។ ដូច​យ៉ូហាន បង​ប្អូន​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ​បាន​ទទួល​ពរ​ជា​ច្រើន។ សូម​គិត​អំពី​គំរូ​របស់​បង​ប្រុស​ម្នាក់​ឈ្មោះ​ធែរី។ គាត់​និង​បង​សាន់ដ្រា​ដែល​ជា​ប្រពន្ធ​របស់​គាត់​បាន​បម្រើ​ពេញ​ពេល​អស់​ជាង​៥០​ឆ្នាំ។ បង​ធែរី​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ទទួល​ឯកសិទ្ធិ​ជា​ច្រើន។ ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ សមាជិក​បេតអែល អ្នក​ត្រួស​ត្រាយ​ពិសេស អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​មណ្ឌល អ្នក​ត្រួត​ពិនិត្យ​ប្រចាំ​តំបន់ ហើយ​ឥឡូវ​ខ្ញុំ​បម្រើ​ជា​អ្នក​ត្រួស​ត្រាយ​ពិសេស​ម្ដង​ទៀត​»។ ការ​ទទួល​ឯកសិទ្ធិ​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​ព្រះ គឺ​ជា​អ្វី​ដែល​នាំ​ឲ្យ​មាន​អំណរ ប៉ុន្តែ​ដូច​ដែល​យើង​នឹង​រៀន​ពី​គំរូ​របស់​យ៉ូហាន ការ​រក្សា​អំណរ​ពេល​ស្ថានភាព​របស់​យើង​ផ្លាស់​ប្ដូរ តម្រូវ​ឲ្យ​យើង​ខំ​ព្យាយាម។

ចូរ​បន្ត​មាន​ចិត្ត​កតញ្ញូ

មូលហេតុ​សំខាន់​ដែល​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​រក្សា​អំណរ គឺ​ដោយ​សារ​គាត់​បន្ត​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ដែល​គាត់​មាន។ ជា​ឧទាហរណ៍ ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក កិច្ច​បម្រើ​ផ្សាយ​របស់​យ៉ូហាន​ចាប់​ផ្ដើម​ថយ​ចុះ ហើយ​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​ចាប់​ផ្ដើម​កើន​ឡើង។ អ្នក​កាន់​តាម​យ៉ូហាន​បាន​បារម្ភ​អំពី​រឿង​នេះ ដូច្នេះ​ពួក​គេ​បាន​មក​ឯ​គាត់ ហើយ​បាន​និយាយ​ថា​៖ ​«​សូម​មើល! លោក​កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ ហើយ​មនុស្ស​ទាំង​អស់​កំពុង​ទៅ​ឯ​លោក​»។ (​យ៉ូន. ៣:២៦​) យ៉ូហាន​ឆ្លើយ​តប​ថា​៖ ​«​កូន​ក្រមុំ​នៅ​ជា​មួយ​នឹង​អ្នក​ណា អ្នក​នោះ​ជា​កូន​កំលោះ​ហើយ។ ក៏​ប៉ុន្តែ មិត្ត​ភក្ដិ​របស់​កូន​កំលោះ​ក៏​ត្រេក​អរ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឮ​សំឡេង​របស់​កូន​កំលោះ។ ដូច្នេះ អំណរ​របស់​ខ្ញុំ​បាន​ពេញ​ខ្នាត​ហើយ​»។ (​យ៉ូន. ៣:២៩​) យ៉ូហាន​មិន​បាន​ប្រកួត​ប្រជែង​ជា​មួយ​នឹង​លោក​យេស៊ូ​ទេ ហើយ​គាត់​ក៏​មិន​បាន​គិត​ថា​ដោយ​សារ​កិច្ច​ការ​របស់​លោក​យេស៊ូ​គឺ​សំខាន់​ជាង នោះ​កិច្ច​ការ​របស់​គាត់​គឺ​មិន​សូវ​មាន​តម្លៃ​ទេ។ ផ្ទុយ​ទៅ​វិញ យ៉ូហាន​បាន​រក្សា​អំណរ​ដោយ​សារ​គាត់​បាន​ឲ្យ​តម្លៃ​ចំពោះ​ឯកសិទ្ធិ​ធ្វើ​ជា​«​មិត្ត​ភក្ដិ​របស់​កូន​កំលោះ​»។

ដោយ​សារ​យ៉ូហាន​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ នោះ​បាន​ជួយ​គាត់​ឲ្យ​រក្សា​អំណរ ទោះ​ជា​ភារកិច្ច​ដែល​គាត់​មាន​គឺ​មិន​ស្រួល​ក្ដី។ ជា​ឧទាហរណ៍ យ៉ូហាន​ជា​ន៉ាសារីត​ម្នាក់​តាំង​ពី​គាត់​កើត​មក ហេតុ​នេះ​ហើយ​គាត់​បាន​ត្រូវ​ហាម​មិន​ឲ្យ​ពិសា​ស្រា។ (​លូក. ១:១៥​) ពេល​និយាយ​អំពី​របៀប​រស់​នៅ​ដ៏​សាមញ្ញ​របស់​យ៉ូហាន លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​យ៉ូហាន​មក គាត់​មិន​បាន​ពិសា​អាហារ ពិសា​ស្រា​»​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​លោក​មិន​ចាំ​បាច់​បំពេញ​តម្រូវ​ការ​ដូច​យ៉ូហាន​ទេ ហើយ​អាច​មាន​ជីវិត​ដូច​មនុស្ស​ធម្មតា។ (​ម៉ាថ. ១១:១៨, ១៩​) ម្យ៉ាង​ទៀត យ៉ូហាន​មិន​បាន​ធ្វើ​អព្ភូតហេតុ​ទេ តែ​គាត់​ដឹង​ថា​អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​រួម​ទាំង​អ្នក​ដែល​ធ្លាប់​កាន់​តាម​គាត់ បាន​ទទួល​ឫទ្ធា​នុភាព​ដើម្បី​ធ្វើ​អព្ភូតហេតុ។ (​ម៉ាថ. ១០:១; យ៉ូន. ១០:៤១​) ជា​ជាង​អនុញ្ញាត​ឲ្យ​អ្វី​ទាំង​នោះ​បង្វែរ​អារម្មណ៍​គាត់ យ៉ូហាន​បន្ត​បំពេញ​ភារកិច្ច​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​គាត់​ដោយ​ចិត្ត​ខ្នះ​ខ្នែង។

បើ​យើង​ក៏​ឲ្យ​តម្លៃ​ចំពោះ​ភារកិច្ច​ដែល​យើង​មាន​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា​នៅ​ឥឡូវ​នេះ​ដែរ យើង​អាច​រក្សា​អំណរ។ បង​ធែរី​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ខាង​លើ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ភារកិច្ច​នីមួយ​ៗ​ដែល​ខ្ញុំ​បាន​ទទួល​»។ ពេល​គាត់​គិត​ឡើង​វិញ​អំពី​ជីវិត​របស់​គាត់​ក្នុង​កិច្ច​បម្រើ​ពេញ​ពេល គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​មិន​បាន​ស្ដាយ​ក្រោយ​ទេ ផ្ទុយ​ទៅ​វិញ​ខ្ញុំ​មាន​តែ​អនុស្សាវរីយ៍​ល្អ​ៗ​»។

យើង​អាច​មាន​អំណរ​ច្រើន​ជាង​ក្នុង​កិច្ច​បម្រើ​ព្រះ ដោយ​រំពឹង​គិត​អំពី​មូលហេតុ​ដែល​ភារកិច្ច​ឬ​ឯកសិទ្ធិ​របស់​យើង​ពិត​ជា​មាន​តម្លៃ។ ការ​ធ្វើ​«​ជា​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​ព្រះ​»​គឺ​ជា​ឯកសិទ្ធិ។ (​១កូ. ៣:៩​) ដូច​ការ​ជូត​វត្ថុ​ទ្រព្យ​ដែល​ជា​កេរ្ដិ៍​ដំណែល​ពី​ដូន​តា​ដើម្បី​ធ្វើ​ឲ្យ​វា​នៅ​តែ​ភ្លឺ​រលោង ការ​រំពឹង​គិត​អំពី​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ដែល​យើង​មាន​ដើម្បី​បម្រើ​ព្រះ អាច​ការ​ពារ​យើង​ពី​ការ​មាន​ទស្សនៈ​មិន​ត្រឹម​ត្រូវ ហើយ​ជួយ​យើង​បន្ត​មាន​អំណរ។ យើង​នឹង​មិន​ប្រៀប​ធៀប​ការ​លះ​បង់​របស់​យើង​ទៅ​នឹង​ការ​លះ​បង់​របស់​អ្នក​ឯ​ទៀត​ក្នុង​កិច្ច​បម្រើ​ព្រះ​ឡើយ។ យើង​នឹង​មិន​ចាត់​ទុក​ថា​ឯកសិទ្ធិ​ដែល​យើង​មាន​គឺ​មិន​សូវ​មាន​តម្លៃ ដោយ​សារ​ឯកសិទ្ធិ​ដែល​អ្នក​ឯ​ទៀត​មាន​នោះ​ទេ។—កាឡ. ៦:៤

ចូរ​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ

យ៉ូហាន​ប្រហែល​ជា​បាន​ដឹង​ថា​កិច្ច​បម្រើ​ផ្សាយ​របស់​គាត់​នឹង​មិន​បន្ត​អស់​រយៈ​ពេល​យូរ​ទេ ប៉ុន្តែ​គាត់​ប្រហែល​ជា​មិន​បាន​នឹក​ស្មានថា​នោះ​នឹង​បញ្ចប់​មួយ​រំពេច​នោះ​ឡើយ។ (​យ៉ូន. ៣:៣០​) នៅ​ឆ្នាំ​៣០ គ.ស. ប្រហែល​ជា​៦​ខែ​ក្រោយ​ពី​គាត់​បាន​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ យ៉ូហាន​បាន​ត្រូវ​ស្តេច​ហេរ៉ូឌ​ចាប់​ដាក់​គុក។ ប៉ុន្តែ យ៉ូហាន​នៅ​តែ​ធ្វើ​អ្វី​ដែល​គាត់​អាច​ធ្វើ​ដើម្បី​បន្ត​ផ្សព្វ​ផ្សាយ។ (​ម៉ាក. ៦:១៧​-​២០​) តើ​អ្វី​ជួយ​គាត់​ឲ្យ​រក្សា​អំណរ ទោះ​ជា​មាន​ការ​ផ្លាស់​ប្ដូរ​ទាំង​នោះ​ក្ដី? គាត់​បន្ត​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ។

ពេល​យ៉ូហាន​នៅ​ក្នុង​គុក គាត់​បាន​ឮ​ថា​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ​កំពុង​កើន​ឡើង។ (​ម៉ាថ. ១១:២; លូក. ៧:១៨​) យ៉ូហាន​បាន​ជឿ​ជាក់​ថា​លោក​យេស៊ូ​គឺ​ជា​មេស្ស៊ី។ ប៉ុន្តែ​គាត់​ប្រហែល​ជា​ឆ្ងល់​ថា​តើ​តាម​របៀប​ណា​លោក​យេស៊ូ​នឹង​ធ្វើ​ឲ្យ​បទ​គម្ពីរ​ទាំង​អស់​ដែល​រៀប​រាប់​អំពី​មេស្ស៊ី​បាន​សម្រេច? ដោយសារ​មេស្ស៊ី​នឹង​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច តើ​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ឆាប់​ៗ​នោះ​ឬ? តើ​នេះ​នឹង​នាំ​ឲ្យ​យ៉ូហាន​បាន​ត្រូវ​ដោះ​លែង​ពី​គុក​ឬ​ទេ? ដោយ​ចង់​យល់​កាន់​តែ​ច្បាស់​អំពី​តួនាទី​របស់​លោក​យេស៊ូ យ៉ូហាន​បាន​ចាត់​អ្នក​កាន់​តាម​ពីរ​នាក់​ឲ្យ​ទៅ​សួរ​លោក​យេស៊ូ​ថា​៖ ​«​តើ​លោក​ជា​អ្នក​ដែល​ត្រូវ​មក​ឬ? ឬ​ក៏​តើ​យើង​ត្រូវ​រង់​ចាំ​អ្នក​មួយ​ទៀត?​»។ (​លូក. ៧:១៩​) ពេល​ពួក​គេ​ត្រឡប់​មក​វិញ យ៉ូហាន​ប្រាកដ​ជា​បាន​ស្ដាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​កាល​ដែល​ពួក​គេ​រៀប​រាប់​ថា​លោក​យេស៊ូ​បាន​ធ្វើ​អព្ភូតហេតុ​ដោយ​ប្រោស​មនុស្ស​ឲ្យ​ជា​សះ​ស្បើយ ហើយ​ក្រោយ​មក​បាន​ចាត់​ពួក​គេ​ឲ្យ​មក​ប្រាប់​យ៉ូហាន​វិញ​ថា​៖ ​«​មនុស្ស​ងងឹត​ភ្នែក​កំពុង​មើល​ឃើញ មនុស្ស​ខ្វិន​កំពុង​ដើរ មនុស្ស​កើត​ឃ្លង់​បាន​ជា​ស្អាត មនុស្ស​ថ្លង់​កំពុង​ស្ដាប់​ឮ មនុស្ស​ស្លាប់​កំពុង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​ដំណឹង​ល្អ​កំពុង​ត្រូវ​ប្រាប់​ដល់​មនុស្ស​ក្រី​ក្រ​»។—លូក. ៧:២០​-​២២

យ៉ូហាន​ប្រាកដ​ជា​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពេល​ឮ​ដំណឹង​នោះ។ នេះ​បញ្ជាក់​ថា​លោក​យេស៊ូ​កំពុង​សម្រេច​ទំនាយ​អំពី​មេស្ស៊ី។ ទោះ​ជា​ការ​លេច​មក​របស់​លោក​យេស៊ូ​មិន​បាន​ធ្វើ​ឲ្យ​យ៉ូហាន​រួច​ពី​គុក​ក្ដី យ៉ូហាន​ដឹង​ថា​កិច្ច​បម្រើ​របស់​គាត់​មិន​មែន​ឥត​ប្រយោជន៍​ទេ។ គាត់​មាន​មូលហេតុ​ឲ្យ​មាន​អំណរ ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​នោះ​ក៏​ដោយ។

ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​រាយ​ការណ៍​ល្អ​ៗ​អំពី​កិច្ច​ការ​ផ្សព្វ​ផ្សាយ​របស់​យើង​នៅ​ទូ​ទាំង​ពិភព​លោក អាច​ជួយ​យើង​ឲ្យ​រក្សា​អំណរ

ដូច​យ៉ូហាន បើ​យើង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍ យើង​អាច​ស៊ូ​ទ្រាំ​ដោយ​អំណរ​និង​ដោយ​ចិត្ត​ធ្ងន់។ (​កូឡ. ១:៩​-​១១​) យើង​អាច​ធ្វើ​ដូច្នេះ តាម​រយៈ​ការ​អាន​គម្ពីរ​និង​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​អាន ហើយ​នេះ​នឹង​រំលឹក​យើង​ថា​កិច្ច​ការ​របស់​យើង​ក្នុង​កិច្ច​បម្រើ​ព្រះ​គឺ​មិន​មែន​ឥត​ប្រយោជន៍​ទេ។ (​១កូ. ១៥:៥៨​) បង​សាន់ដ្រា​និយាយ​ថា​៖ ​«​ការ​អាន​គម្ពីរ​មួយ​ថ្ងៃ​មួយ​ជំពូក​បាន​ជួយ​ខ្ញុំ​ឲ្យ​ចូល​កាន់​តែ​ជិត​ព្រះ​យេហូវ៉ា។ នេះ​ជួយ​ខ្ញុំ​ឲ្យ​ផ្ដោត​អារម្មណ៍​លើ​លោក មិន​មែន​ខ្លួន​ឯង​ទេ​»។ យើង​ក៏​អាច​ផ្ដោត​អារម្មណ៍​លើ​សេចក្ដី​រាយ​ការណ៍​អំពី​កិច្ច​ការ​រាជាណាចក្រ ដែល​អាច​ជួយ​យើង​មិន​ឲ្យ​គិត​តែ​អំពី​កាលៈទេសៈ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ជួយ​យើង​ឲ្យ​ផ្ដោត​អារម្មណ៍​លើ​អ្វី​ដែល​ព្រះ​យេហូវ៉ា​កំពុង​សម្រេច។ បង​សាន់ដ្រា​និយាយ​ថា​៖ ​«​កម្ម​វិធី​JW​ទូរទស្សន៍​ប្រចាំ​ខែ ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​ជិត​ស្និទ្ធ​នឹង​អង្គ​ការ​យើង ហើយ​ក៏​ជួយ​យើង​ឲ្យ​រក្សា​អំណរ​ក្នុង​ភារកិច្ច​របស់​យើង​ដែរ​»។

យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​បំពេញ​កិច្ច​បម្រើ​ផ្សាយ​អស់​មួយ​រយៈ​ពេល​ខ្លី ​«​ដោយ​មាន​ចិត្ត​ខ្នះ​ខ្នែង​និង​មាន​ឫទ្ធា​នុភាព​ដូច​អេលីយ៉ា​»​ ហើយ​ដូច​អេលីយ៉ា​គាត់​«​ចេះ​មាន​អារម្មណ៍​ដូច​យើង​ដែរ​»។ (​លូក. ១:១៧; យ៉ា. ៥:១៧​) បើ​យើង​យក​តម្រាប់​គាត់​ដោយ​ឲ្យ​តម្លៃ​ទៅ​លើ​ភារកិច្ច​របស់​យើង​និង​ផ្ដោត​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍ យើង​ក៏​អាច​រក្សា​អំណរ​ក្នុង​កិច្ច​ការ​រាជាណាចក្រ ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ។