តើអ្នកធ្វើការសម្រេចចិត្ដផ្ទាល់ខ្លួនយ៉ាងដូចម្ដេច?
«ចូរយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា»។—អេភេសូរ ៥:១៧
ចម្រៀងលេខ: ១១, ២២
១. តើគម្ពីរមានច្បាប់អ្វីខ្លះ ហើយតើយើងទទួលប្រយោជន៍អ្វីខ្លះពីការធ្វើតាមច្បាប់ទាំងនេះ?
នៅក្នុងគម្ពីរ ព្រះយេហូវ៉ាបានផ្ដល់ឲ្យយើងនូវច្បាប់ដែលចែងយ៉ាងច្បាស់អំពីអ្វីដែលលោកចង់ឲ្យយើងធ្វើ។ ជាឧទាហរណ៍ លោកប្រាប់យើងថាយើងមិនត្រូវគោរពបូជារូបព្រះ លួច ប្រមឹកស្រា ឬធ្វើអ្វីដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ។ (កូរិនថូសទី១ ៦:៩, ១០) ម្យ៉ាងទៀត លោកយេស៊ូដែលជាបុត្ររបស់ព្រះយេហូវ៉ាបានឲ្យបង្គាប់ជាក់លាក់ដល់អ្នកកាន់តាមលោកថា៖ «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ ហើយជ្រមុជទឹកឲ្យពួកគេ ក្នុងនាមបិតាដែលស្ថិតនៅស្ថានសួគ៌ ក្នុងនាមបុត្ររបស់លោក និងក្នុងនាមសកម្មពលបរិសុទ្ធរបស់លោក ហើយបង្រៀនពួកគេឲ្យកាន់តាមអ្វីៗទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថាយ ២៨:១៩, ២០) អ្វីៗទាំងអស់ដែលព្រះយេហូវ៉ានិងលោកយេស៊ូប្រាប់យើងឲ្យធ្វើគឺដើម្បីជាប្រយោជន៍ដល់យើង។ ច្បាប់របស់ព្រះយេហូវ៉ាបង្រៀនយើងអំពីរបៀបថែរក្សាក្រុមគ្រួសាររបស់យើងនិងខ្លួនយើង ហើយជួយយើងឲ្យសប្បាយរីករាយនិងមានសុខភាពល្អជាង។ សំខាន់ជាងនេះទៅទៀត ពេលយើងធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ា រួមទាំងបង្គាប់ដែលឲ្យយើងផ្សព្វផ្សាយ នោះលោកពេញចិត្ដនឹងយើង ហើយឲ្យពរយើង។
២, ៣. (ក) ហេតុអ្វីគម្ពីរមិនមានច្បាប់សម្រាប់គ្រប់ស្ថានភាពក្នុងជីវិត? (ខ) ក្នុងអត្ថបទនេះ តើយើងនឹងពិចារណាសំណួរអ្វីខ្លះ? (សូមមើលរូបភាពនៅដើមអត្ថបទ)
២ ប៉ុន្ដែ គម្ពីរមិនផ្ដល់ច្បាប់ឲ្យយើងចំពោះស្ថានភាពទាំងអស់ក្នុងជីវិតទេ។ ជាឧទាហរណ៍ គម្ពីរមិនមានការណែនាំជាក់លាក់អំពីអ្វីដែលយើងគួរស្លៀកពាក់ទេ។ នេះបង្ហាញថាព្រះយេហូវ៉ាពិតជាមានប្រាជ្ញា។ គម្ពីរមិនដែលហួសសម័យទេ ទោះជាម៉ូដសម្លៀកបំពាក់ពេញនិយមតែងតែផ្លាស់ប្ដូរ ហើយមនុស្សនៅទូទាំងពិភពលោកស្លៀកសម្លៀកបំពាក់ដែលមានស្ទីលផ្សេងៗពីគ្នាក្ដី។ ម្យ៉ាងទៀត គម្ពីរមិនមានច្បាប់ជាច្រើនស្ដីអំពីការងារឬការកម្សាន្ដដែលយើងគួរជ្រើសរើស ហើយក៏មិនប្រាប់យើងយ៉ាងជាក់លាក់អំពីអ្វីដែលយើងត្រូវធ្វើដើម្បីរក្សាសុខភាពដែរ។ ព្រះយេហូវ៉ាអនុញ្ញាតឲ្យយើងម្នាក់ៗនិងប្រមុខក្រុមគ្រួសារធ្វើការសម្រេចចិត្ដអំពីអ្វីៗទាំងនេះ។
៣ ដូច្នេះ ពេលយើងត្រូវធ្វើការសម្រេចចិត្ដដ៏សំខាន់ណាមួយដែលនឹងមានឥទ្ធិពលលើជីវិតរបស់យើង ហើយយើងមិនអាចរកឃើញច្បាប់អំពីរឿងនេះក្នុងគម្ពីរ យើងប្រហែលជាឆ្ងល់ថា ‹តើព្រះយេហូវ៉ាចាប់អារម្មណ៍នឹងការសម្រេចចិត្ដរបស់ខ្ញុំឬទេ? តើលោកនឹងពេញចិត្ដការសម្រេចចិត្ដណាក៏ដោយដែលខ្ញុំធ្វើ ឲ្យតែខ្ញុំមិនបំពានច្បាប់ក្នុងគម្ពីរឬទេ? តើតាមរបៀបណាខ្ញុំអាចធ្វើឲ្យប្រាកដថាលោកនឹងពេញចិត្ដចំពោះការសម្រេចចិត្ដដែលខ្ញុំធ្វើ?›។
ការសម្រេចចិត្ដរបស់យើងមានឥទ្ធិពលលើខ្លួនយើងនិងអ្នកឯទៀត
៤, ៥. តើការសម្រេចចិត្ដរបស់យើងអាចមានឥទ្ធិពលយ៉ាងណាទៅលើយើងនិងអ្នកឯទៀត?
៤ មនុស្សខ្លះគិតថាពួកគេអាចធ្វើអ្វីណាក៏បានដែលពួកគេចង់ធ្វើ។ ប៉ុន្ដែយើងចង់ធ្វើអ្វីដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ដ។ ដូច្នេះ មុនយើងធ្វើការសម្រេចចិត្ដណាមួយ យើងត្រូវគិតអំពីអ្វីដែលគម្ពីរចែង ហើយធ្វើតាម។ ជាឧទាហរណ៍ គម្ពីរប្រាប់យើងអំពីទស្សនៈរបស់ព្រះចំពោះឈាម ដូច្នេះយើងធ្វើតាមអ្វីដែលគម្ពីរចែង។ (លោកុប្បត្ដិ ៩:៤; សកម្មភាព ១៥:២៨, ២៩) យើងអាចអធិដ្ឋានសុំព្រះយេហូវ៉ាជួយយើងធ្វើការសម្រេចចិត្ដដែលនឹងនាំឲ្យលោកពេញចិត្ដ។
៥ ការសម្រេចចិត្ដរបស់យើងមានឥទ្ធិពលលើយើង។ ការសម្រេចចិត្ដល្អអាចជួយយើងចូលកាន់តែជិតព្រះយេហូវ៉ា។ ការសម្រេចចិត្ដមិនល្អអាចបង្ខូចចំណងមិត្ដភាពរបស់យើងជាមួយនឹងលោក។ ការសម្រេចចិត្ដរបស់យើងក៏អាចមានឥទ្ធិពលលើអ្នកឯទៀតដែរ។ យើងមិនចង់ធ្វើអ្វីណាក៏ដោយដែលអាចនាំឲ្យបងប្អូនយើងទើសចិត្ដ ឬធ្វើឲ្យជំនឿរបស់ពួកគាត់ចុះខ្សោយ។ យើងក៏មិនចង់ធ្វើឲ្យមានបញ្ហារវាងបងប្អូនក្នុងក្រុមជំនុំឡើយ។ ដូច្នេះគឺជាការសំខាន់ដែលយើងធ្វើការសម្រេចចិត្ដល្អ។—សូមអាន រ៉ូម ១៤:១៩; កាឡាទី ៦:៧
៦. ពេលយើងធ្វើការសម្រេចចិត្ដ តើយើងគួរគិតអំពីអ្វី?
៦ តើតាមរបៀបណាយើងអាចធ្វើការសម្រេចចិត្ដដ៏ល្អកាលណាគម្ពីរមិនប្រាប់យើងច្បាស់អំពីអ្វីដែលយើងគួរធ្វើ? ជាជាងធ្វើតែអ្វីដែលយើងចង់ធ្វើ យើងត្រូវគិតឲ្យបានដិតដល់អំពីស្ថានភាពរបស់យើង ហើយធ្វើការសម្រេចចិត្ដដែលនឹងនាំឲ្យព្រះយេហូវ៉ាពេញចិត្ដ។ យ៉ាងនេះ យើងអាចប្រាកដថាលោកនឹងជួយយើងឲ្យទទួលលទ្ធផលដ៏ល្អ។—សូមអាន ទំនុកតម្កើង ៣៧:៥
តើព្រះយេហូវ៉ាចង់ឲ្យខ្ញុំធ្វើអ្វី?
៧. កាលណាមិនមានច្បាប់ក្នុងគម្ពីរ តើតាមរបៀបណាយើងអាចដឹងអំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើក្នុងស្ថានភាពណាមួយ?
៧ ប៉ុន្ដែ តើតាមរបៀបណាយើងអាចដឹងអំពីអ្វីដែលនឹងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ? អេភេសូរ ៥:១៧ប្រាប់យើងថា៖ «ចូរយល់អំពីបំណងប្រាថ្នារបស់ព្រះយេហូវ៉ា»។ កាលណាមិនមានច្បាប់ជាក់លាក់ក្នុងគម្ពីរ យើងត្រូវស្វែង យល់អំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើក្នុងស្ថានភាពរបស់យើង។ តើយើងអាចធ្វើដូច្នេះយ៉ាងដូចម្ដេច? យើងត្រូវអធិដ្ឋានទៅលោក ហើយឲ្យសកម្មពលបរិសុទ្ធរបស់លោកដឹកនាំយើង។
៨. តើតាមរបៀបណាលោកយេស៊ូបានយល់អំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យលោកធ្វើ? សូមលើកឧទាហរណ៍មួយ។
៨ លោកយេស៊ូតែងតែយល់អំពីអ្វីដែលព្រះយេហូវ៉ាចង់ឲ្យលោកធ្វើ។ ជាឧទាហរណ៍ មានពេលពីរដងដែលបណ្ដាជនឃ្លាន នោះលោកយេស៊ូបានអធិដ្ឋាន ហើយបានផ្ដល់អាហារឲ្យពួកគេដោយធ្វើអព្ភូតហេតុ។ (ម៉ាថាយ ១៤:១៧-២០; ១៥:៣៤-៣៧) ប៉ុន្ដែ នៅតំបន់ស្ងាត់ជ្រងំ ពេលលោកយេស៊ូឃ្លាន ហើយមេកំណាចចង់ឲ្យលោកធ្វើឲ្យដុំថ្មក្លាយជានំប៉័ង លោកមិនព្រមធ្វើទេ។ (សូមអាន ម៉ាថាយ ៤:២-៤) លោកស្គាល់បិតារបស់លោកយ៉ាងច្បាស់ ដូច្នេះលោកបានដឹងថាព្រះយេហូវ៉ាមិនចង់ឲ្យលោកប្រើសកម្មពលបរិសុទ្ធដើម្បីបំពេញសេចក្ដីត្រូវការផ្ទាល់ខ្លួន។ លោកមានទំនុកចិត្ដថាបិតារបស់លោកនឹងណែនាំលោក ហើយផ្ដល់អាហារនៅពេលដែលលោកត្រូវការ។
៩, ១០. តើអ្វីនឹងជួយយើងឲ្យធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ? សូមលើកឧទាហរណ៍មួយ។
៩ ដូចលោកយេស៊ូ យើងអាចធ្វើការសម្រេចចិត្ដល្អបើយើងពឹងផ្អែកលើព្រះយេហូវ៉ាឲ្យដឹកនាំយើង។ គម្ពីរចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ដ កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។ កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ។ ចូរកោតខ្លាចដល់ព្រះយេហូវ៉ាវិញ ហើយចៀសចេញពីសេចក្ដីអាក្រក់ទៅ»។ (សុភាសិត ៣:៥-៧) ពេលយើងសិក្សាគម្ពីរនិងរៀនឲ្យស្គាល់ទស្សនៈរបស់ព្រះយេហូវ៉ា យើងនឹងយល់អំពីអ្វីដែលលោកចង់ឲ្យយើងធ្វើក្នុងស្ថានភាពណាមួយ។ ម្យ៉ាងទៀត កាលដែលយើងកាន់តែរៀនឲ្យស្គាល់ទស្សនៈរបស់ព្រះយេហូវ៉ា នោះយើងនឹងកាន់តែស្រួលធ្វើការសម្រេចចិត្ដដែលនឹងនាំឲ្យលោកពេញចិត្ដ។ យ៉ាងនេះ យើងនឹង«មានចិត្ដជាសាច់»ឬកាន់តែយល់អំពីរបៀបដែលព្រះកំពុងដឹកនាំយើង។—អេសេគាល ១១:១៩
១០ សូមស្រមៃគិតថាស្ដ្រីម្នាក់ដែលបានរៀបការកំពុងដើរផ្សារ ហើយនាងឃើញស្បែកជើងដ៏ស្អាតមួយគូដែលនាងចូលចិត្ដ។ ប៉ុន្ដែ ស្បែកជើងនោះថ្លៃណាស់។ ទោះជាប្ដីរបស់នាងមិននៅជាមួយនាងក៏ដោយ នាងដឹងអំពីគំនិតគាត់បើនាងចាយលុយច្រើនបែបនោះ។ ហេតុអ្វីនាងដឹង? នាងបានរៀបការជាមួយគាត់អស់មួយរយៈពេលហើយ ដូច្នេះនាងដឹងអំពីរបៀបដែលគាត់ចង់ឲ្យពួកគាត់ទាំងពីរនាក់ចំណាយលុយ។ ស្រដៀងគ្នាដែរ ពេលយើងរៀនឲ្យស្គាល់ទស្សនៈរបស់ព្រះយេហូវ៉ា និងអ្វីដែលលោកបានធ្វើនៅអតីតកាល យើងនឹងដឹងអំពីអ្វីដែលលោកចង់ឲ្យយើងធ្វើក្នុងស្ថានភាពផ្សេងៗ។
តើអ្នកអាចស្វែងយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១១. តើយើងអាចសួរខ្លួនយើងនូវសំណួរអ្វីខ្លះពេលយើងអានឬសិក្សាគម្ពីរ? (សូមមើលប្រអប់ដែលមានចំណងជើងថា « នៅពេលដែលអ្នកសិក្សាគម្ពីរ សូមសួរខ្លួនអ្នក»)
១១ តើយើងអាចស្វែងយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? អ្វីដ៏សំខាន់បំផុតដែលយើងអាចធ្វើគឺអាននិងសិក្សាគម្ពីរជាទៀងទាត់។ ពេលយើងធ្វើដូច្នេះ យើងអាចសួរខ្លួនយើងនូវសំណួរថា ‹តើនេះបង្រៀនខ្ញុំអ្វីអំពីទំនុកតម្កើង ២៥:៤, ៥) ពេលយើងរៀនអ្វីមួយអំពីព្រះយេហូវ៉ា យើងអាចគិតអំពីស្ថានភាពផ្សេងៗដែលយើងអាចប្រើព័ត៌មាននោះ។ តើយើងអាចប្រើព័ត៌មាននោះក្នុងក្រុមគ្រួសារ នៅកន្លែងធ្វើការ នៅសាលារៀន ឬក្នុងកិច្ចបម្រើផ្សាយឬទេ? ពេលយើងគិតអំពីស្ថានភាពណាមួយ យើងនឹងកាន់តែស្រួលដឹងអំពីរបៀបដែលព្រះយេហូវ៉ាចង់ឲ្យយើងប្រើព័ត៌មាននោះ។
ព្រះយេហូវ៉ា? ហេតុអ្វីលោកបានប្រព្រឹត្ដដូច្នេះ?›។ ម្យ៉ាងទៀត ដូចដាវីឌយើងក៏ត្រូវសុំព្រះយេហូវ៉ាជួយយើងឲ្យស្គាល់លោកកាន់តែច្បាស់។ ដាវីឌបានសរសេរថា៖ «ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់។ សូមនាំ ហើយបង្រៀនទូលបង្គំក្នុងសេចក្ដីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ។ ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ»។ (ដើម្បីស្វែងយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ា យើងគួរអាននិងសិក្សាគម្ពីរជាទៀងទាត់
១២. តើតាមរបៀបណាសៀវភៅនិងកិច្ចប្រជុំរបស់យើងអាចជួយយើងឲ្យស្គាល់ទស្សនៈរបស់ព្រះយេហូវ៉ាចំពោះរឿងផ្សេងៗ?
១២ វិធីមួយទៀតដែលយើងអាចកាន់តែស្គាល់ទស្សនៈរបស់ព្រះយេហូវ៉ាគឺដោយយកចិត្ដទុកដាក់យ៉ាងដិតដល់ចំពោះអ្វីដែលអង្គការរបស់លោកបង្រៀនយើងពីគម្ពីរ។ ជាឧទាហរណ៍ ពេលយើងត្រូវធ្វើការសម្រេចចិត្ដណាមួយ ជំនួយស្រាវជ្រាវសម្រាប់សាក្សីព្រះយេហូវ៉ានិងបណ្ណាល័យ
អ៊ីនធឺណិតរបស់ប៉មយាមអាចជួយយើងឲ្យស្វែងយល់អំពីទស្សនៈរបស់ព្រះយេហូវ៉ា។ យើងក៏អាចទទួលប្រយោជន៍ដែរពីកិច្ចប្រជុំជាគ្រិស្ដសាសនិកនៅពេលយើងស្តាប់ដោយយកចិត្ដទុកដាក់ ពេលយើងឆ្លើយ និងពេលយើងរំពឹងគិតអំពីអ្វីដែលយើងកំពុងរៀន។ នេះនឹងជួយយើងរៀនឲ្យមានទស្សនៈដូចព្រះយេហូវ៉ា។ ជាលទ្ធផល យើងអាចធ្វើការសម្រេចចិត្ដដែលនឹងនាំឲ្យលោកពេញចិត្ដ និងដែលនាំឲ្យទទួលពរពីលោក។ចូររំពឹងគិតអំពីទស្សនៈរបស់ព្រះយេហូវ៉ាមុនអ្នកធ្វើការសម្រេចចិត្ដណាមួយ
១៣. សូមលើកឧទាហរណ៍មួយអំពីរបៀបដែលយើងអាចធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃ ពេលយើងពិចារណាអំពីទស្សនៈរបស់ព្រះយេហូវ៉ា។
១៣ សូមយើងពិនិត្យមើលឧទាហរណ៍មួយស្ដីអំពីរបៀបដែលយើងអាចធ្វើការសម្រេចចិត្ដដ៏ឈ្លាសវៃពេលដែលយើងពិចារណាអំពីទស្សនៈរបស់ព្រះយេហូវ៉ា។ ប្រហែលជាអ្នកចង់ត្រួសត្រាយពេញពេល។ អ្នកប្រហែលជាបានធ្វើការផ្លាស់ប្ដូរខ្លះៗក្នុងជីវិតរបស់អ្នកដើម្បីអ្នកអាចចំណាយពេលច្រើនជាងក្នុងកិច្ចបម្រើផ្សាយ។ ប៉ុន្ដែអ្នកនៅតែមិនដឹងច្បាស់ថាអ្នកនឹងពិតជាស្កប់ចិត្ដពេលមានលុយនិងរបស់របរតិចជាងឬយ៉ាងណា។ គម្ពីរមិនប្រាប់ថាយើងត្រូវត្រួសត្រាយពេញពេលដើម្បីបម្រើព្រះយេហូវ៉ាទេ។ យើងអាចបន្ដបម្រើលោកយ៉ាងស្មោះត្រង់ជាអ្នកផ្សព្វផ្សាយ។ ប៉ុន្ដែ លោកយេស៊ូបានមានប្រសាសន៍ថាព្រះយេហូវ៉ាឲ្យពរដល់ពួកអ្នកដែលលះបង់ដើម្បីរាជាណាចក្រព្រះ។ (សូមអាន លូកា ១៨:២៩, ៣០) គម្ពីរក៏ចែងដែរថាព្រះយេហូវ៉ាពេញចិត្ដពេលយើងធ្វើអ្វីទាំងអស់ដែលយើងអាចធ្វើបានដើម្បីសរសើរលោក ហើយលោកចង់ឲ្យយើងសប្បាយក្នុងការបម្រើលោក។ (ទំនុកតម្កើង ១១៩:១០៨; កូរិនថូសទី២ ៩:៧) ដោយអធិដ្ឋាននិងរំពឹងគិតអំពីអ្វីៗទាំងអស់នេះ យើងអាចធ្វើការសម្រេចចិត្ដដ៏ល្អក្នុងស្ថានភាពណាមួយ និងដែលនាំឲ្យយើងទទួលពរពីព្រះយេហូវ៉ា។
១៤. តើអ្នកអាចដឹងយ៉ាងដូចម្ដេចថាស្ទីលសម្លៀកបំពាក់ណាមួយនាំឲ្យព្រះយេហូវ៉ាពេញចិត្ដ?
១៤ សូមពិចារណាឧទាហរណ៍មួយទៀត។ អ្នកចូលចិត្ដស្ទីលសម្លៀកបំពាក់ណាមួយ ប៉ុន្ដែអ្នកដឹងថាបងប្អូនខ្លះក្នុងក្រុមជំនុំប្រហែលជាទើសចិត្ដបើអ្នកស្លៀកពាក់បែបនោះ។ គម្ពីរមិនចែងអំពីស្ទីលសម្លៀកបំពាក់នោះទេ។ ដូច្នេះតើអ្នកអាចដឹងអំពីទស្សនៈរបស់ព្រះយេហូវ៉ាយ៉ាងដូចម្ដេច? សាវ័កប៉ូលបានសរសេរក្រោមការដឹកនាំរបស់ព្រះថា៖ «ខ្ញុំមិនចង់ឲ្យស្ដ្រីទាំងឡាយតែងខ្លួនដោយក្រងសក់របៀបពិសេស ដោយពាក់មាស ឬគជ់ខ្យង ឬសម្លៀកបំពាក់ថ្លៃក្រៃលែងឡើយ តែចង់ឲ្យតែងខ្លួនដោយសម្លៀកបំពាក់រៀបរយ បែបរមទម និងដោយមានគំនិតសមហេតុសមផល តាមរបៀបសមនឹងស្ដ្រីដែលអះអាងថាខ្លួនគោរពប្រណិប័តន៍ព្រះ ពោលគឺដោយធ្វើការល្អ»។ (ធីម៉ូថេទី១ ២:៩, ១០) អ្នកបម្រើទាំងអស់របស់ព្រះយេហូវ៉ារួមទាំងបងប្អូនប្រុសអាចទាញមេរៀនពីពាក្យនេះ។ ពេលយើងបង្ហាញភាពរមទម យើងគិតអំពីទស្សនៈដែលអ្នកឯទៀតអាចមានចំពោះសម្លៀកបំពាក់របស់យើង។ ម្យ៉ាងទៀត ដោយសារយើងស្រឡាញ់បងប្អូនរបស់យើង យើងជៀសវាងធ្វើឲ្យពួកគាត់អន់ចិត្ដឬទើសចិត្ដ។ (កូរិនថូសទី១ ១០:២៣, ២៤; ភីលីព ៣:១៧) បើយើងពិចារណាអ្វីដែលគម្ពីរចែងនិងទស្សនៈរបស់ព្រះយេហូវ៉ា យើងអាចធ្វើការសម្រេចចិត្ដដែលនឹងនាំឲ្យលោកពេញចិត្ដ។
១៥, ១៦. (ក) តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាបើយើងបន្ដគិតអំពីអ្វីដែលប្រាសចាកសីលធម៌ខាងផ្លូវភេទ? (ខ) ពេលយើងជ្រើសរើសការកម្សាន្ដ តើយើងអាចដឹងយ៉ាងដូចម្ដេចអំពីអ្វីដែលព្រះយេហូវ៉ាពេញចិត្ដ? (គ) តើយើងគួរធ្វើការសម្រេចចិត្ដដ៏សំខាន់តាមរបៀបណា?
១៥ យើងរៀនពីគម្ពីរថាព្រះយេហូវ៉ាឈឺចិត្ដយ៉ាងខ្លាំងពេលមនុស្សធ្វើអ្វីដ៏អាក្រក់និងពេលពួកគេគិតអំពីអ្វីទាំងនោះ។ (សូមអាន លោកុប្បត្ដិ ៦:៥, ៦) យើងអាចឃើញច្បាស់ថា ព្រះយេហូវ៉ាមិនចង់ឲ្យយើងស្រមើស្រមៃអំពីអ្វីៗ ដែលប្រាសចាកសីលធម៌ខាងផ្លូវភេទទេ។ តាមពិត បើយើងបន្ដគិតអំពីអ្វីៗទាំងនេះ យើងប្រហែលជានឹងប្រព្រឹត្ដដូច្នោះមែន។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាចង់ឲ្យយើងគិតអំពីអ្វីដែលល្អនិងបរិសុទ្ធ។ យ៉ាកុបដែលជាអ្នកកាន់តាមលោកយេស៊ូបានសរសេរអំពីប្រាជ្ញាពីព្រះយេហូវ៉ាថា៖ «ដំបូងបង្អស់គឺបរិសុទ្ធ រួចធ្វើឲ្យមានសន្ដិភាព សមហេតុផល រង់ចាំធ្វើតាមបង្គាប់ ពោរពេញទៅដោយសេចក្ដីមេត្ដាករុណានិងផលល្អ មិនលម្អៀង ហើយគ្មានពុតត្បុត»។ (យ៉ាកុប ៣:១៧) ដូច្នេះគម្ពីរបង្រៀនយើងថាយើងត្រូវជៀសវាងពីការកម្សាន្ដណាដែលអាចនាំឲ្យយើងស្រមើស្រមៃអំពីអ្វីដែលស្មោកគ្រោកនិងអ្វីដែលអាក្រក់ឬអាចនាំឲ្យយើងមានសេចក្ដីប៉ងប្រាថ្នាធ្វើអ្វីនោះ។ ម្យ៉ាងទៀត បើយើងយល់ច្បាស់អំពីអ្វីដែលព្រះយេហូវ៉ាស្រឡាញ់និងអ្វីដែលលោកស្អប់ នោះយើងនឹងងាយស្រួលជ្រើសរើសសៀវភៅ ភាពយន្ដ ឬហ្គេម។ យើងនឹងមិនចាំបាច់សួរអ្នកឯទៀតអំពីអ្វីដែលយើងគួរធ្វើទេ។
១៦ ពេលយើងត្រូវធ្វើការសម្រេចចិត្ដណាមួយ យើងច្រើនតែមានជម្រើសមួយចំនួនដែលអាចធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ដ។ ប៉ុន្ដែ ពេលយើងត្រូវធ្វើការសម្រេចចិត្ដដ៏សំខាន់ ប្រហែលជាការល្អដែលយើងសុំយោបល់ពីអ្នកចាស់ទុំឬបងប្អូនម្នាក់ទៀតដែលមានបទពិសោធន៍។ (ទីតុស ២:៣-៥; យ៉ាកុប ៥:១៣-១៥) នេះមិនមានន័យថាយើងគួរសុំគាត់ធ្វើការសម្រេចចិត្ដឲ្យយើងទេ។ ផ្ទុយទៅវិញ យើងត្រូវគិតឲ្យបានដិតដល់អំពីអ្វីដែលយើងដឹងពីគម្ពីរ ហើយបន្ទាប់មកធ្វើការសម្រេចចិត្ដដោយខ្លួនឯង។ (ហេប្រឺ ៥:១៤) សាវ័កប៉ូលបាននិយាយថា៖ «ម្នាក់ៗត្រូវទទួលភារៈរបស់ខ្លួន»។—កាឡាទី ៦:៥
១៧. ពេលយើងធ្វើការសម្រេចចិត្ដដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ដ តើយើងទទួលប្រយោជន៍យ៉ាងណា?
១៧ ពេលយើងធ្វើការសម្រេចចិត្ដដែលនាំឲ្យព្រះយេហូវ៉ាពេញចិត្ដ យើងចូលកាន់តែជិតលោក ហើយទទួលពរនិងការពេញចិត្ដពីលោក។ (យ៉ាកុប ៤:៨) នេះនឹងធ្វើឲ្យជំនឿរបស់យើងទៅលើព្រះយេហូវ៉ាកាន់តែមាំមួន។ ដូច្នេះ ចូរឲ្យយើងរំពឹងគិតអំពីអ្វីដែលយើងអានក្នុងគម្ពីរដើម្បីយើងអាចយល់អំពីទស្សនៈរបស់លោក។ យើងនឹងតែងតែមានអ្វីថ្មីដើម្បីរៀនអំពីព្រះយេហូវ៉ា។ (យ៉ូប ២៦:១៤) ប៉ុន្ដែ បើយើងខំរៀនអំពីលោកនៅឥឡូវនេះ យើងនឹងមានប្រាជ្ញា ហើយអាចធ្វើការសម្រេចចិត្ដដ៏ល្អ។ (សុភាសិត ២:១-៥) គម្រោងនិងយោបល់របស់មនុស្សតែងតែប្រែប្រួល ប៉ុន្ដែចំពោះព្រះយេហូវ៉ាវិញគឺមិនដូច្នេះទេ។ អ្នកតែងទំនុកតម្កើងបាននិយាយថា៖ «ដំបូន្មានផងព្រះយេហូវ៉ាវិញ នោះនៅជាប់ជានិច្ច ហើយដំរិះក្នុងព្រះហឫទ័យទ្រង់ក៏នៅជាដរាបដល់អស់ទាំងដំណតទៅ»។ (ទំនុកតម្កើង ៣៣:១១) យើងឃើញច្បាស់ថា យើងអាចធ្វើការសម្រេចចិត្ដដ៏ល្អបំផុតពេលយើងរៀនឲ្យមានទស្សនៈដូចព្រះយេហូវ៉ា ហើយបន្ទាប់មកធ្វើអ្វីដែលនាំឲ្យលោកពេញចិត្ដ។