លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ

កុំឲ្យសេចក្ដីស្រឡាញ់របស់អ្នករសាយទៅ

«ដោយសារការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ»។—ម៉ាថាយ ២៤:១២

ចម្រៀងលេខ: ៦០, ២៤

១, ២. () នៅមុនបង្អស់ តើពាក្យរបស់លោកយេស៊ូនៅម៉ាថាយ ២៤:១២សំដៅលើអ្នកណា? () តើសៀវភៅសកម្មភាពបង្ហាញយ៉ាងណាថាគ្រិស្ដសាសនិកភាគច្រើននៅសម័យដើមបានរក្សាសេចក្ដីស្រឡាញ់របស់ពួកគេឲ្យមាំមួន? (សូមមើលរូបភាពនៅដើមអត្ថបទ)

ពេលលោកយេស៊ូនៅផែនដី លោកបានពន្យល់អំពីរបៀបដែលមនុស្សនឹងសម្គាល់នូវ«គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ ក្នុងចំណោមអ្វីដែលលោកបានប្រាប់ទុកជាមុនអំពីគ្រានោះ លោកបានមានប្រសាសន៍ថា«សេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ»។ (ម៉ាថាយ ២៤:៣, ១២) ជនជាតិយូដានៅសតវត្សរ៍ទី១បានអះអាងថាពួកគេគឺជារាស្ដ្ររបស់ព្រះ តែពួកគេបានអនុញ្ញាតឲ្យសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះរសាយទៅ។

ក៏ប៉ុន្ដែ គ្រិស្ដសាសនិកភាគច្រើននៅសម័យនោះ មានចិត្ដគំនិតខុសគ្នា។ ពួកគេបានផ្សព្វផ្សាយយ៉ាងខ្នះខ្នែងនូវ‹ដំណឹងល្អអំពីលោកយេស៊ូ ដែលជាគ្រិស្ដ› ហើយពួកគេបានបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ ចំពោះបងប្អូនរួមជំនឿ និងថែមទាំងចំពោះពួកអ្នកដែលមិនទាន់ស្គាល់សេចក្ដីពិត។ គ្រិស្ដសាសនិកទាំងនោះ បានរក្សាសេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះឲ្យមាំមួន។ (សកម្មភាព ២:៤៤-៤៧; ៥:៤២) ប៉ុន្ដែ គួរឲ្យស្តាយណាស់ សេចក្ដីស្រឡាញ់របស់គ្រិស្ដសាសនិកខ្លះនៅសម័យដើមបានរសាយទៅ។ តើយើងដឹងដូច្នេះយ៉ាងដូចម្ដេច?

. តើអ្វីប្រហែលជាបានធ្វើឲ្យសេចក្ដីស្រឡាញ់របស់គ្រិស្ដសាសនិកខ្លះរសាយទៅ?

លោកយេស៊ូបានប្រាប់គ្រិស្ដសាសនិកនៅសម័យដើមដែលបានរស់នៅក្រុងអេភេសូរថា«អ្នកបានបាត់បង់សេចក្ដីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង»។ (ការបើកបង្ហាញ ២:៤) គ្រិស្ដសាសនិកនៅក្រុងអេភេសូរប្រហែលជាបានទទួលឥទ្ធិពលពីមនុស្សដែលនៅជុំវិញពួកគេដែលច្រើនតែចង់បំពេញចិត្ដខ្លួនឯង។ (អេភេសូរ ២:២, ៣) ក្រុងអេភេសូរគឺជាក្រុងអ្នកមានដែលមនុស្សយកចិត្ដទុកដាក់ចំពោះការមានជីវិតស្រណុកសុខស្រួលនិងការមានរបស់របរថ្លៃច្រើនជាងអ្វីផ្សេងទៀត។ មនុស្សជាច្រើននៅក្រុងអេភេសូរក៏បានប្រព្រឹត្ដអំពើប្រាសចាកសីលធម៌ជាច្រើន ហើយមិនបានបង្ហាញការគោរពចំពោះច្បាប់របស់ព្រះឡើយ។ ពួកគេបានយកចិត្ដទុកដាក់ចំពោះការសប្បាយជាជាងយកចិត្ដទុកដាក់ចំពោះការបង្ហាញសេចក្ដីស្រឡាញ់ដែលមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនចំពោះព្រះនិងចំពោះអ្នកទៀត។

. () នៅសព្វថ្ងៃនេះ តើសេចក្ដីស្រឡាញ់របស់មនុស្សទៅជាយ៉ាងណា? () តើយើងត្រូវរក្សាសេចក្ដីស្រឡាញ់របស់យើងឲ្យមាំមួនចំពោះអ្វីខ្លះ?

ពាក្យរបស់លោកយេស៊ូស្ដីអំពីសេចក្ដីស្រឡាញ់ដែលរសាយទៅក៏ជាប់ទាក់ទងនឹងសម័យរបស់យើងដែរ។ សព្វថ្ងៃនេះ សេចក្ដីស្រឡាញ់របស់មនុស្សចំពោះព្រះកាន់តែតិចទៅៗ។ ជាជាងពឹងផ្អែកលើព្រះឲ្យដោះស្រាយបញ្ហាក្នុងពិភពលោក មនុស្សរាប់លាននាក់ពឹងផ្អែកលើអង្គការរបស់មនុស្សឲ្យធ្វើដូច្នេះ។ សេចក្ដីស្រឡាញ់របស់ពួកគេបន្ដរសាយទៅ។ សូម្បីតែសេចក្ដីស្រឡាញ់របស់អ្នកបម្រើព្រះយេហូវ៉ាអាចរសាយទៅដូចដែលបានកើតឡើងក្នុងក្រុមជំនុំនៅក្រុងអេភេសូរនាសម័យបុរាណដែរ។ ដូច្នេះ សូមឲ្យយើងពិចារណាថា យើងត្រូវរក្សាសេចក្ដីស្រឡាញ់របស់យើងឲ្យមាំមួនចំពោះអ្វីបីយ៉ាងគឺ៖ () សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា () សេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតក្នុងគម្ពីរ និង () សេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ។

សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា

. ហេតុអ្វីយើងត្រូវស្រឡាញ់ព្រះ?

តើយើងគួរស្រឡាញ់អ្នកណាខ្លាំងជាងគេ? លោកយេស៊ូបានមានប្រសាសន៍ថា«‹អ្នកត្រូវស្រឡាញ់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ឲ្យអស់ពីដួងចិត្ដ អស់ពីព្រលឹង ហើយអស់ពីសមត្ថភាពរិះគិត›។ នេះជាបញ្ញត្ដិទីមួយ ហើយជាបញ្ញត្ដិសំខាន់ជាងគេ»។ (ម៉ាថាយ ២២:៣៧, ៣៨) សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះជួយយើងឲ្យធ្វើតាមបញ្ញត្ដិរបស់លោក ឲ្យស៊ូទ្រាំ និងឲ្យស្អប់អ្វីដែលអាក្រក់។ (សូមអាន ទំនុកតម្កើង ៩៧:១០) ប៉ុន្ដែ សាថាននិងពិភពលោករបស់វា ព្យាយាមធ្វើឲ្យសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះចុះខ្សោយ ហើយបំផ្លាញសេចក្ដីស្រឡាញ់នោះ។

. តើមានអ្វីកើតឡើងពេលមនុស្សបាត់បង់សេចក្ដីស្រឡាញ់របស់ពួកគេចំពោះព្រះ?

មនុស្សក្នុងពិភពលោកមានទស្សនៈមិនត្រឹមត្រូវចំពោះសេចក្ដីស្រឡាញ់។ ជាជាងស្រឡាញ់ព្រះ មនុស្សជាច្រើន«ស្រឡាញ់តែខ្លួនឯង»។ (ធីម៉ូថេទី២ ៣:២) ពួកគេផ្ដោតអារម្មណ៍ទៅលើ«សេចក្ដីប៉ងប្រាថ្នាខុសឆ្គង ការចង់បានអ្វីដែលទាក់ទាញភ្នែក និងការអួតសម្ញែងភាពមានបានរបស់ខ្លួន»។ (យ៉ូហានទី១ ២:១៦) សាវ័កប៉ូលបានព្រមានអំពីអ្វីដែលអាចកើតឡើង បើយើងផ្ដោតអារម្មណ៍ទៅលើការបំពេញចិត្ដខ្លួន។ គាត់បាននិយាយថា«ការផ្ដោតគំនិតទៅលើសេចក្ដីប៉ងប្រាថ្នានៃរូបកាយនាំឲ្យស្លាប់»។ ហេតុអ្វី? ពីព្រោះពួកអ្នកដែលធ្វើដូច្នេះទៅជាសត្រូវរបស់ព្រះ។ (រ៉ូម ៨:៦, ៧) មនុស្សដែលផ្ដោតអារម្មណ៍ទៅលើការរកលុយ ឬការបំពេញចំណង់ផ្លូវភេទ ទីបំផុតនឹងខកចិត្ដយ៉ាងខ្លាំង។—កូរិនថូសទី១ ៦:១៨; ធីម៉ូថេទី១ ៦:៩, ១០

. តើទស្សនៈមិនត្រឹមត្រូវអ្វីខ្លះអាចមានឥទ្ធិពលទៅលើគ្រិស្ដសាសនិកនៅសព្វថ្ងៃនេះ?

មនុស្សជាច្រើនដែលជឿថាគ្មានព្រះនិងមនុស្សដែលជឿលើការវិវត្ដន៍ ព្យាយាមធ្វើឲ្យអ្នកទៀតជឿថាមិនគួរស្រឡាញ់ព្រះថែមទាំងជឿថាគ្មានព្រះទេ។ ពួកគេធ្វើឲ្យអ្នកទៀតយល់ថាបុគ្គលដែលជឿថាមានព្រះដែលជាអ្នកបង្កើត ជាមនុស្សល្ងង់ខ្លៅ ឬជាអ្នកដែលមិនបានទទួលការអប់រំ។ បន្ថែមទៅទៀត មនុស្សជាច្រើនគោរពអ្នកវិទ្យាសាស្ដ្រច្រើនជាងព្រះដែលជាអ្នកបង្កើត។ (រ៉ូម ១:២៥) សូម្បីតែគ្រិស្ដសាសនិកក៏អាចទទួលឥទ្ធិពលពីទស្សនៈទាំងនេះដែរ។ ចំណងមិត្ដភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ាអាចចុះខ្សោយ ហើយសេចក្ដីស្រឡាញ់របស់យើងអាចរសាយទៅ។—ហេប្រឺ ៣:១២

. () តើស្ថានភាពអ្វីខ្លះអាចធ្វើឲ្យរាស្ដ្ររបស់ព្រះយេហូវ៉ាធ្លាក់ទឹកចិត្ដ? () តើតាមរបៀបណាទំនុកតម្កើង ១៣៦ អាចសម្រាលទុក្ខយើង?

ដោយសារយើងកំពុងរស់នៅក្នុងរបៀបរបបពិភពលោកដ៏អាក្រក់របស់សាថាន មានស្ថានភាពជាច្រើនដែលអាចធ្វើឲ្យយើងធ្លាក់ទឹកចិត្ដ។ (យ៉ូហានទី១ ៥:១៩) ប៉ុន្ដែ បើយើងអនុញ្ញាតឲ្យខ្លួនយើងធ្លាក់ទឹកចិត្ដខ្លាំងហួសហេតុពេក ជំនឿរបស់យើងអាចចុះខ្សោយ ហើយសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអាចរសាយទៅ។ ជាឧទាហរណ៍ យើងប្រហែលជាប្រឈមមុខនឹងបញ្ហាផ្សេងដោយសារយើងកាន់តែចាស់ទៅៗ មានសុខភាពមិនល្អ ឬមានបញ្ហាលុយកាក់។ ឬយើងប្រហែលជាពិបាកចិត្ដដោយសារយើងមិនអាចធ្វើអ្វីដូចដែលចិត្ដយើងចង់ធ្វើ។ យើងប្រហែលជាខកចិត្ដដោយសារអ្វីមួយចំនួនក្នុងជីវិតមិនបានកើតឡើងដូចដែលយើងបានសង្ឃឹមទុក។ ទោះជាយើងប្រឈមមុខនឹងការពិបាកណាក៏ដោយ យើងមិនគួរគិតថាព្រះយេហូវ៉ាបោះបង់ចោលយើងឡើយ។ សូមគិតអំពីពាក្យដែលសម្រាលទុក្ខយើងនៅទំនុកតម្កើង ១៣៦:២៣ ដែលថា ព្រះយេហូវ៉ា«ជាព្រះដែលបាននឹកចាំពីយើងខ្ញុំក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប»។ យើងអាចជឿជាក់ថាព្រះយេហូវ៉ាស្តាប់‹ពាក្យអង្វរ›របស់យើង ហើយលោកនឹងតបឆ្លើយចំពោះពាក្យអង្វរទាំងនោះ។—ទំនុកតម្កើង ១១៦:១; ១៣៦:២៤-២៦

. តើអ្វីបានជួយប៉ូលឲ្យមានកម្លាំងចិត្ដដើម្បីរក្សាសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះឲ្យមាំមួន?

សាវ័កប៉ូលគឺជាអ្នកបម្រើព្រះដែលបានគិតយ៉ាងជ្រាលជ្រៅអំពីរបៀបដែលព្រះយេហូវ៉ាបានគាំទ្រគាត់ ហើយនេះបានជួយគាត់ឲ្យមានកម្លាំងចិត្ដ។ គាត់បានសរសេរថា«ព្រះយេហូវ៉ាជាអ្នកជួយខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ។ តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំ?»។ (ហេប្រឺ ១៣:៦) ទំនុកចិត្ដរបស់ប៉ូលទៅលើព្រះយេហូវ៉ាបានជួយគាត់ឲ្យប្រឈមមុខនឹងការពិបាកក្នុងជីវិត។ ពេលប៉ូលមានស្ថានភាពពិបាក គាត់មិនបានបាត់បង់ទំនុកចិត្ដរបស់គាត់ទៅលើព្រះយេហូវ៉ាទេ។ សូម្បីតែពេលគាត់បានជាប់គុកក្ដី គាត់បានជួយបងប្អូនគ្រិស្ដសាសនិកដោយសរសេរសំបុត្រដើម្បីលើកទឹកចិត្ដក្រុមជំនុំនានា។ (អេភេសូរ ៤:១; ភីលីព ១:៧; ភីលេម៉ូន ១) ទោះជាប៉ូលបានប្រឈមមុខនឹងបញ្ហាអ្វីក៏ដោយ គាត់បានរក្សាសេចក្ដីស្រឡាញ់របស់គាត់ចំពោះព្រះយេហូវ៉ាឲ្យមាំមួន។ គាត់បានពឹងផ្អែកលើ«ព្រះនៃការសម្រាលទុក្ខគ្រប់យ៉ាង។ លោកសម្រាលទុក្ខយើងពីសេចក្ដីវេទនាសព្វបែបយ៉ាង»។ (កូរិនថូសទី២ ១:៣, ៤) តើយើងអាចយកតម្រាប់ប៉ូលយ៉ាងដូចម្ដេច?

ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា (សូមមើលវគ្គ១០)

១០. តើតាមរបៀបណាយើងអាចរក្សាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាឲ្យមាំមួន?

១០ ប៉ូលបានពន្យល់អំពីរបៀបមួយដែលយើងអាចរក្សាសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះឲ្យមាំមួនពេលគាត់បានសរសេរថា«ចូរអធិដ្ឋានឥតឈប់»។ គាត់ក៏បានសរសេរក្រោយមកថា«ចូរតស៊ូក្នុងការអធិដ្ឋាន»។ (ថែស្សាឡូនិចទី១ ៥:១៧; រ៉ូម ១២:១២) ហេតុអ្វីសេចក្ដីអធិដ្ឋាននាំឲ្យយើងចូលទៅជិតព្រះ? ពេលយើងអធិដ្ឋាន យើងប្រាស្រ័យទាក់ទងជាមួយនឹងព្រះយេហូវ៉ា។ នេះផ្ដល់ឱកាសឲ្យយើងមានចំណងមិត្ដភាពជាមួយនឹងលោក។ (ទំនុកតម្កើង ៨៦:៣) ពេលយើងប្រាប់បិតារបស់យើងនៅស្ថានសួគ៌អំពីគំនិតនិងអារម្មណ៍កប់ជ្រៅក្នុងចិត្ដរបស់យើង នោះយើងចូលទៅជិតលោក។ (ទំនុកតម្កើង ៦៥:២) ម្យ៉ាងទៀត សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ាមានកាន់តែខ្លាំងឡើងកាលដែលយើងឃើញរបៀបដែលលោកតបឆ្លើយចំពោះសេចក្ដីអធិដ្ឋានរបស់យើង។ យើងមានទំនុកចិត្ដថា«ព្រះយេហូវ៉ាទ្រង់គង់នៅជិតនឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់»។ (ទំនុកតម្កើង ១៤៥:១៨) ទំនុកចិត្ដរបស់យើងទៅលើសេចក្ដីស្រឡាញ់និងការគាំទ្រពីព្រះយេហូវ៉ានឹងជួយយើងឲ្យប្រឈមមុខនឹងបញ្ហាណាក៏ដោយដែលយើងកំពុងជួបប្រទះនៅឥឡូវនេះនិងនៅពេលអនាគត។

សេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតក្នុងគម្ពីរ

១១, ១២. តើតាមរបៀបណាយើងអាចមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះសេចក្ដីពិតក្នុងគម្ពីរ?

១១ ក្នុងនាមជាគ្រិស្ដសាសនិក យើងស្រឡាញ់សេចក្ដីពិត។ យើងរកឃើញសេចក្ដីពិតក្នុងបណ្ដាំរបស់ព្រះ។ លោកយេស៊ូបានប្រាប់បិតារបស់លោកថា«បណ្ដាំរបស់លោកជាសេចក្ដីពិត»។ (យ៉ូហាន ១៧:១៧) ដើម្បីស្រឡាញ់សេចក្ដីពិតក្នុងគម្ពីរ យើងត្រូវដឹងអំពីអ្វីដែលបានត្រូវកត់ទុកក្នុងគម្ពីរ។ (កូឡុស ១:១០) ប៉ុន្ដែ យើងត្រូវធ្វើលើសពីនេះទៅទៀត។ សូមកត់សម្គាល់អំពីរបៀបដែលអ្នកតែងទំនុកតម្កើង ១១៩ ជួយយើងឲ្យយល់អំពីអ្វីដែលយើងត្រូវធ្វើ។ (សូមអាន ទំនុកតម្កើង ១១៩:៩៧-១០០) ច្រើនដងជារៀងរាល់ថ្ងៃ យើងត្រូវពិចារណាគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងអានក្នុងគម្ពីរ។ កាលដែលយើងរំពឹងគិតអំពីរបៀបដែលយើងទទួលប្រយោជន៍ពីការធ្វើតាមសេចក្ដីពិតពីគម្ពីរក្នុងជីវិតរបស់យើង យើងនឹងកាន់តែស្រឡាញ់សេចក្ដីពិតនោះខ្លាំងឡើងៗ។

១២ អ្នកតែងទំនុកតម្កើងក៏បាននិយាយថា«ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្ដាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត!»។ (ទំនុកតម្កើង ១១៩:១០៣) សៀវភៅផ្សេងដែលមានមូលដ្ឋានលើគម្ពីរដែលអង្គការរបស់ព្រះបានរៀបចំគឺប្រៀបដូចជាអាហារដ៏ឈ្ងុយឆ្ងាញ់។ ពេលយើងបរិភោគអាហារលឿនពេកដោយលេបចូលតែម្ដង នោះយើងនឹងមិនដឹងរសជាតិ ហើយក៏មិនដឹងថាឆ្ងាញ់ដែរ។ ស្រដៀងគ្នាដែរ ពេលយើងសិក្សាគម្ពីរ យើងមិនចង់ប្រញាប់ប្រញាល់នោះទេ។ យ៉ាងនេះ យើងពិតជានឹងមានអំណរចំពោះ«ពាក្យពីរោះ»ដែលជាពាក្យដ៏ពិត ហើយយើងនឹងស្រួលចាំជាងនូវអ្វីដែលយើងអាន ហើយប្រើអ្វីដែលយើងបានអាននោះដើម្បីជួយអ្នកទៀត។—សាស្តា ១២:១០

១៣. តើអ្វីបានជួយយេរេមាឲ្យស្រឡាញ់បណ្ដាំរបស់ព្រះ? តើនេះមានឥទ្ធិពលយ៉ាងណាទៅលើគាត់?

១៣ យេរេមាដែលជាអ្នកប្រកាសទំនាយស្រឡាញ់បណ្ដាំរបស់ព្រះ។ គាត់បាននិយាយថា«ទូលបង្គំបានឃើញព្រះបន្ទូលទ្រង់ ទូលបង្គំក៏បានទទួលទានលេបចូលអស់ហើយ ព្រះបន្ទូលរបស់ទ្រង់ជាសេចក្ដីអំណរ ហើយជាទីរីករាយចិត្ដដល់ទូលបង្គំ ដ្បិតព្រះយេហូវ៉ាជាព្រះនៃពួកពលបរិវារអើយ ទូលបង្គំបានហៅតាមព្រះនាមទ្រង់»។ (យេរេមា ១៥:១៦) យេរេមាបានគិតយ៉ាងស៊ីជម្រៅអំពីពាក្យដ៏វិសេសរបស់ព្រះ ហើយគាត់ស្រឡាញ់ពាក្យទាំងនោះ។ គាត់បានឲ្យតម្លៃចំពោះការធ្វើជាតំណាងរបស់ព្រះយេហូវ៉ានិងចំពោះការប្រកាសបណ្ដាំរបស់លោក។ បើយើងស្រឡាញ់សេចក្ដីពិតក្នុងគម្ពីរ យើងនឹងទទួលស្គាល់ថាយើងមានឯកសិទ្ធិដ៏អស្ចារ្យដើម្បីធ្វើជាសាក្សីព្រះយេហូវ៉ានិងដើម្បីផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះនៅគ្រាចុងក្រោយបង្អស់នេះ។

ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិតក្នុងគម្ពីរ (សូមមើលវគ្គ១៤)

១៤. តើយើងអាចធ្វើអ្វីទៀតដើម្បីកាន់តែស្រឡាញ់សេចក្ដីពិតក្នុងគម្ពីរ?

១៤ តើអ្វីទៀតនឹងជួយយើងឲ្យកាន់តែស្រឡាញ់សេចក្ដីពិតក្នុងគម្ពីរ? យើងត្រូវចូលរួមកិច្ចប្រជុំក្រុមជំនុំជាទៀងទាត់ដោយសារនៅទីនោះយើងទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ា។ ការសិក្សាគម្ពីរដោយប្រើទស្សនាវដ្ដីប៉មយាមជារៀងរាល់សប្ដាហ៍គឺជាវិធីដ៏សំខាន់មួយដែលយើងទទួលការបង្ហាត់បង្រៀន។ បើយើងចង់ទទួលប្រយោជន៍យ៉ាងពេញលេញពីកិច្ចប្រជុំនោះ យើងត្រូវរៀបចំទុកជាមុន។ ជាឧទាហរណ៍ យើងអាចបើកមើលបទគម្ពីរនីមួយដែលមិនបានត្រូវដកស្រង់។ សព្វថ្ងៃនេះ យើងងាយស្រួលអានថតចម្លងទស្សនាវដ្ដីប៉មយាមតាមប្រព័ន្ធអេឡិចត្រូនិកដោយសារទស្សនាវដ្ដីនេះមានជាច្រើនភាសាតាមគេហទំព័រjw.org និងតាមកម្មវិធី JWបណ្ណាល័យ។ ឯកសារអេឡិចត្រូនិកខ្លះបានត្រូវរៀបចំឲ្យយើងអាចឃើញភ្លាមនូវបទគម្ពីរដែលមិនបានត្រូវដកស្រង់។ ទោះជាយើងប្រើវិធីណាក៏ដោយដើម្បីសិក្សាអត្ថបទនីមួយៗ ពេលយើងអានបទគម្ពីរដោយយកចិត្ដទុកដាក់ ហើយគិតយ៉ាងជ្រាលជ្រៅអំពីបទគម្ពីរទាំងនោះ នោះយើងនឹងកាន់តែស្រឡាញ់សេចក្ដីពិតក្នុងគម្ពីរ។—សូមអាន ទំនុកតម្កើង ១:២

សេចក្ដីស្រឡាញ់ចំពោះបងប្អូនរួមជំនឿ

១៥, ១៦. () យោងទៅតាមយ៉ូហាន ១៣:៣៤, ៣៥ តើលោកយេស៊ូបានឲ្យយើងនូវបញ្ញត្ដិអ្វី? () តើសេចក្ដីស្រឡាញ់របស់យើងចំពោះព្រះនិងចំពោះគម្ពីរជាប់ទាក់ទងយ៉ាងណានឹងសេចក្ដីស្រឡាញ់របស់យើងចំពោះបងប្អូនយើង?

១៥ នៅយប់ចុងក្រោយនៃជីវិតរបស់លោកយេស៊ូនៅផែនដី លោកបានមានប្រសាសន៍ទៅអ្នកកាន់តាមលោកថា«ខ្ញុំឲ្យបញ្ញត្ដិថ្មីមួយដល់អ្នករាល់គ្នា គឺអ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក។ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នាដែរ។ យ៉ាងនេះ មនុស្សគ្រប់គ្នានឹងដឹងថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ បើអ្នករាល់គ្នាស្រឡាញ់គ្នា»។—យ៉ូហាន ១៣:៣៤, ៣៥

១៦ សេចក្ដីស្រឡាញ់ចំពោះបងប្អូនជាប់ទាក់ទងនឹងសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ា។ បើយើងមិនស្រឡាញ់ព្រះ យើងមិនអាចស្រឡាញ់បងប្អូនរបស់យើងបានឡើយ។ ម្យ៉ាងទៀត បើយើងមិនស្រឡាញ់បងប្អូនរបស់យើង យើងមិនអាចស្រឡាញ់ព្រះបានទេ។ សាវ័កយ៉ូហានបានសរសេរថា«អ្នកណាដែលមិនស្រឡាញ់បងប្អូនដែលខ្លួនមើលឃើញ អ្នកនោះមិនអាចស្រឡាញ់ព្រះដែលខ្លួនមើលមិនឃើញឡើយ»។ (យ៉ូហានទី១ ៤:២០) សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះយេហូវ៉ានិងចំពោះបងប្អូនរបស់យើងក៏ជាប់ទាក់ទងនឹងសេចក្ដីស្រឡាញ់របស់យើងចំពោះគម្ពីរដែរ។ ហេតុអ្វី? ពីព្រោះបើយើងស្រឡាញ់អ្វីដែលយើងរៀនពីគម្ពីរ យើងនឹងចង់ធ្វើតាមបញ្ញត្ដិដែលមានក្នុងគម្ពីរដែលឲ្យយើងស្រឡាញ់ព្រះនិងបងប្អូនរបស់យើង។—ពេត្រុសទី១ ១:២២; យ៉ូហានទី១ ៤:២១

ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះបងប្អូន (សូមមើលវគ្គ១៧)

១៧. តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់តាមរបៀបណាខ្លះ?

១៧ សូមអាន ថែស្សាឡូនិចទី១ ៤:៩, ១០តើតាមរបៀបណាយើងអាចបង្ហាញថាយើងស្រឡាញ់បងប្អូនក្នុងក្រុមជំនុំរបស់យើង? បងប្អូនវ័យចាស់ប្រហែលជាត្រូវការជំនួយដើម្បីធ្វើដំណើរទៅកិច្ចប្រជុំនិងត្រឡប់ទៅផ្ទះវិញ។ ស្ដ្រីមេម៉ាយប្រហែលជាត្រូវការជំនួយដើម្បីជួសជុលអ្វីមួយក្នុងផ្ទះរបស់គាត់។ (យ៉ាកុប ១:២៧) បងប្អូនដែលធ្លាក់ទឹកចិត្ដ តានតឹងចិត្ដ ឬកំពុងប្រឈមមុខនឹងបញ្ហាទៀត ត្រូវការការយកចិត្ដទុកដាក់ ការលើកទឹកចិត្ដ និងការសម្រាលទុក្ខពីយើង។ (សុភាសិត ១២:២៥; កូឡុស ៤:១១) យើងបង្ហាញថាយើងស្រឡាញ់«បងប្អូនរួមជំនឿរបស់យើង»តាមរយៈពាក្យសម្ដីនិងការប្រព្រឹត្ដ។—កាឡាទី ៦:១០

១៨. តើអ្វីនឹងជួយយើងឲ្យដោះស្រាយការខ្វែងគំនិតជាមួយនឹងបងប្អូនរបស់យើង?

១៨ គម្ពីរចែងថានៅ«គ្រាចុងក្រោយបង្អស់»នៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ មនុស្សជាច្រើននឹងគិតតែប្រយោជន៍ផ្ទាល់ខ្លួននិងជាអ្នកលោភលន់។ (ធីម៉ូថេទី២ ៣:១, ២) ក្នុងនាមជាគ្រិស្ដសាសនិក យើងត្រូវខំប្រឹងដើម្បីមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេហូវ៉ា ចំពោះបណ្ដាំរបស់លោក និងចំពោះគ្នាទៅវិញទៅមក។ ដោយសារយើងជាមនុស្សមិនល្អឥតខ្ចោះ ជួនកាលយើងប្រហែលជាខ្វែងគំនិតគ្នាតិចតួចជាមួយនឹងបងប្អូនរបស់យើង។ ប៉ុន្ដែ ដោយសារយើងស្រឡាញ់គ្នាទៅវិញទៅមក យើងនឹងព្យាយាមដោះស្រាយការខ្វែងគំនិតណាក៏ដោយដែលយើងមានឲ្យបានឆាប់បំផុតនិងដោយសប្បុរស។ (អេភេសូរ ៤:៣២; កូឡុស ៣:១៤) សូមកុំឲ្យសេចក្ដីស្រឡាញ់របស់យើងរសាយទៅឡើយ! ផ្ទុយទៅវិញ សូមឲ្យយើងបន្ដមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងចំពោះព្រះយេហូវ៉ា បណ្ដាំរបស់លោក និងបងប្អូនរបស់យើង។